ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរមរមន
តើយើងអាចរៀនអ្វីចេញមកពីគម្ពីរមរ៉ូណៃ ?
( ថ្ងៃទី ៣០ ខែ វិច្ឆិកា–ថ្ងៃទី ៦ ខែ ធ្នូ )
មរ៉ូណៃរស់នៅក្នុងគ្រាដ៏លំបាក ។ លោកបានធ្វើជាសាក្សីចំពោះការបំផ្លិចបំផ្លាញចុងក្រោយរបស់សាសន៍នីហ្វៃ ឪពុករបស់លោកបានស្លាប់នៅក្នុងសង្គ្រាម ( សូមមើល មរមន ៨:៣ ) ហើយពួកសាសន៍នីហ្វៃណាដែលមិនព្រមបដិសេធ ព្រះយេស៊ូវ គ្រីស្ទ នឹងត្រូវសម្លាប់ចោល ( សូមមើល មរ៉ូណៃ ១:២ ) ។ មរ៉ូណៃ ក៏បានបដិសេធ « ពុំបដិសេធព្រះគ្រីស្ទ » ( មរ៉ូណៃ ១:៣ ) ។ លោកក៏បានរត់ភៀសខ្លួនដើម្បីសុវត្ថិភាព និងបានរស់នៅដោយការលាក់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ។
« ខ្ញុំសរសេរនូវការណ៍ខ្លះទៀត » ( មរ៉ូណៃ ១:៤ )
អំឡុងគ្រានោះ មរ៉ូណៃបានគិតថា ការសរសេររបស់លោកនៅលើផ្ទាំងចំណារគឺត្រូវបានបញ្ចប់ ប៉ុន្តែវាគឺជាឆន្ទៈរបស់ព្រះអម្ចាស់ដែលលោកត្រូវ « សរសេរនូវការណ៍ខ្លះទៀត ដែលប្រហែលជាអាចមានប្រយោជន៍ដល់ពួកបងប្អូនរបស់ខ្ញុំ… នៅថ្ងៃណាមួយក្នុងពេលអនាគត » ( មរ៉ូណៃ ១:៤ ) ។
តើលោកបានសរសេរអ្វីខ្លះ?
មរ៉ូណៃ បានបន្ថែម ជំពូកទី ៨ និង ៩ ចូលក្នុង គម្ពីរមរមន រួមទាំង សេចក្តីសង្ខេបរបស់លោកអំពីគម្ពីរអេធើរ និងបានបន្ថែមគម្ពីរលោកផ្ទាល់ ( គឺគម្ពីរមរ៉ូណៃ ) ទៅក្នុងផ្ទាំងចំណារមរមន ។
ការសរសេររបស់មរ៉ូណៃ មាននូវអ្វីៗជាច្រើនដែលមានតម្លៃសម្រាប់យើង ។ លោកបានសរសេរអំពីកិច្ចការនៃសាសនាចក្រ ( សូមមើល មរ៉ូណៃ ១–៦ ) រួមទាំងការបង្រៀន មកពីឪពុកលោកមរមន ( សូមមើល មរ៉ូណៃ ៧–៩ ) និងបានកត់ត្រាទីបន្ទាល់ចុងក្រោយរបស់លោក ( សូមមើល មរ៉ូណៃ ១០ ) ។
ហេតុអ្វីបានជាលោកសរសេរវា ?
ការដឹងអំពីគោលបំណងដ៏ទេវភាពនៃព្រះគម្ពីរមរមន មរ៉ូណៃបានជ្រើសរើសដោយយកចិត្តទុកដាក់អំពីអ្វីដែលលោកត្រូវសរសេរ ។ បន្ទាប់ពីការអានគម្ពីរមរ៉ូណៃ សូមពិចារណាសួរថាហេតុអ្វីមរ៉ូណៃ ជ្រើសរើសកត់ត្រានូវអ្វីដែលលោកបានកត់ត្រា ។ អ្វីដែលលោកបានទទួលអារម្មណ៍នោះគឺសំខាន់ណាស់ ។ តើទីបន្ទាល់ចុងក្រោយរបស់មរ៉ូណៃ មានឥទ្ធិពលលើអារម្មណ៍របស់បងប្អូនអំពីព្រះគម្ពីរមរមនយ៉ាងដូចម្តេច ?