បុណ្យគ្រីស្ទម៉ាស់ដ៏ភ្ញាក់ផ្អើល
អ្នកនិពន្ធរស់នៅក្នុងរដ្ឋខូឡូរ៉ាដូ ស.រ.អា. ។
« Have a happy family Christmas! … Wrap your hearts in love this year » ។ ( Children’s Songbook, ទំព័រ ៥១ ) ។
ពេលអាណាដើរចូលបន្ទប់ហើយឃើញដើមគ្រីស្ទម៉ាស់បេះដូងនាងញាប់ញ័រ ។ បំពង់ទឹកក្តៅក្នុងផ្ទះរបស់ពួកគេផ្ទុះ ហើយទឹកលិចគ្រប់កន្លែង ។ ប៉ាកំពុងព្យាយាមសម្អាតរបស់របររ៉ាយប៉ាយ ។ អំណោយក្រោមដើមគ្រីស្ទម៉ាស់ទទឹកជោកអស់ ។
អាណា និងប្អូនប្រុសរបស់នាងយកន្សែងពោះគោជូតសម្ងួតអំណោយ ។ ប៉ុន្តែមិនបានការទេ ។ វាខ្ទេចអស់ហើយ ។
គ្រួសាររបស់អាណា កំពុងឆ្លងកាត់គ្រាលំបាកមួយ ។ ប៉ារបស់នាងអត់មានការងារធ្វើទេពេលនេះ ។ ម្តាយរបស់នាងនឹងឆ្លងទន្លេឆាប់ៗ ហើយគាត់មិនសូវស្រួលខ្លួនទេ ។ ហើយឥឡូវពួកគេគ្មានអំណោយសម្រាប់បុណ្យគ្រីស្ទម៉ាស់ទេ ។
នៅយប់នោះពេលអាណារៀបចូលគេង នាងបានឮម៉ាក់ប៉ានាងនិយាយគ្នាក្នុងផ្ទះបាយ ។
ម៉ាក់បានសួរថា « តើយើងធ្វើយ៉ាងម៉េចទៅ ? » ឮសម្លេងដូចម៉ាក់កំពុងយំ ។ « យើងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃផ្ទះទេ ហើយពេលនេះយើងគ្មានអំណោយសម្រាប់កូនៗទៀត » ។ អាណាមានអារម្មណ៍ច្របូកច្របល់បុកពោះ ។
ប៉ាបានឆ្លើយថា « យើងនឹងរកមធ្យោបាយ » ។
អាណាបានដើរចូលផ្ទះបាយ ។ ម៉ាក់បានលូកដៃឱបនាង ។ ពេលដៃរបស់នាងប៉ះពោះម៉ាក់អាណាមានអារម្មណ៍ថាទារកកំពុងរើ ។ នាងបានញញឹម ។ « យើងកំពុងមានប្អូនតូចជិតកើតហើយ ។ ម៉ាក់តែងនិយាយថាទារកគឺជាអព្ភូតហេតុ » ។
ម៉ាក់ បានញញឹមដាក់នាងវិញ ។ « ត្រឹមត្រូវហើយ ។ យើងមានហេតុផលជាច្រើនដើម្បីមានអំណរគុណ » ។
ប៉ាបានឆ្លើយថា « យើងមានគ្នាទៅវិញទៅមក » ។ គាត់បានថើបក្បាលអាណា ។ « វាមិនអីទេ » ។
ពេលនាងដើរចូលបន្ទប់ អាណាបានឮសម្លេងប្អូនប្រុសនាងកំពុងយំ ។ នាងក៏បានអង្គុយលើគ្រែដេវីឌ ។
ដេវីឌ បាននិយាយខ្សឹបៗថា « អ្នកគ្រប់គ្នាពិតជាសោកសៅណាស់ » ។
រ៉ូប៊ី និយាយទាំងអួលដើមកថា « ហើយឥឡូវនេះយើងគ្មានអំណោយអ្វីសម្រាប់បុណ្យគ្រីស្ទម៉ាស់ទេ » ។
អាណា បានតបម្តងទៀតថា « វាមិនអីទេ » ។ « ប្អូននឹងឃើញ » ។
មុនពេលអាណាចូលគេងនាងបានលុតជង្គង់ចុះ ហើយទូលសួរព្រះវបិតាសួគ៌នូវអ្វីដែលនាងអាចធ្វើសម្រាប់គ្រួសារនាង ។ នាងពុំមានប្រាក់សម្រាប់ទិញអំណោយទេ ប៉ុន្តែនាងមានអារម្មណ៍នៃភាពកក់ក្តៅ និងការលួងលោមក្នុងចិត្តនាង ។
ព្រឹកឡើងនាងគេងលើគ្រែ គិតពីរបីនាទីមុនពេលរៀបចំចេញទៅសាលារៀន ។ ស្រាប់តែមានគំនិតមួយបានផុសឡើង ! រសៀលថ្ងៃនោះនាងប្រញាប់មកផ្ទះ ហើយនាងបានធ្វើការងារផ្ទះ និងការងារសាលា ។ ហើយនាងបានរកឃើញក្រដាស ខ្សែ ហ្វឺតពីរបី និងក្រដាសបិទរូបដែលជាអំណោយថ្ងៃកំណើតនាង ។ នាងប្រមូលរបស់របរទាំងនោះចូលបន្ទប់គេង ហើយបិទទ្វារ ។
អាណាស្ទើរតែអស់សំណើច ពេលនាងគិតស្រមៃថាតើគ្រួសារនាងនឹងភ្ញាក់ផ្អើលយ៉ាងណា ។ ដំបូងនាងបត់ក្រដាសហើយចងវាភ្ជាប់គ្នាជាមួយខ្សែដើម្បីធ្វើកូនសៀវភៅបួនក្បាល ។ នាងនឹងយករូបផ្កាយរបស់នាងបិទលើកូនសៀវភៅរបស់ម៉ាក់ ហើយរូបភាពផែនដីបិទលើកូនសៀវភៅរបស់ប៉ា ។ នាងបិទរូបឆ្កែលើកូនសៀវភៅដេវីឌ និងកាំជ្រួចលើកូនសៀវភៅ រ៉ូប៊ី ។
បន្ទាប់មកអាណាចាប់ផ្តើមគូរគំនូរ ។ សម្រាប់ម៉ាក់នាងបានគូររូបខ្លួនឯងកំពុងបោសដី ។ នាងបានគូររូបខ្លួនឯងកំពុងចម្អិនអាហារជាមួយប៉ា មួយទៀតនាងកំពុងលេងបាល់ទាត់ជាមួយដេវីឌ និងរូបមួយទៀតនាងកំពុងអានសៀវភៅជាមួយរ៉ូប៊ី ។ នាងចំណាយពេលបីបួនថ្ងៃ ដើម្បីបញ្ចប់សៀវភៅមួយក្បាលៗព្រមជាមួយនឹងរូបភាព ។
នៅទីបំផុតល្ងាចយប់មុនថ្ងៃបុណ្យគ្រីស្ទម៉ាស់មកដល់ ហើយអាណាបានដាក់កូនសៀវភៅក្រោមដើមឈើដោយប្រុងប្រយ័ត្ន ។
ព្រឹកឡើងនាងឲ្យកូនសៀវភៅដល់សមាជិកគ្រួសារនាង ។ ប៉ាបាននិយាយថា « ប៉ាចូលចិត្តរូបនេះ » ។ « កូនចូលចិត្តលេងបាល់ទាត់ » ។
អាណាបានតបទាំងរលីងរលោងទឹកភ្នែកថា « ពួកវាមិនមែនត្រឹមតែរូបភាពប៉ុណ្ណោះទេ ។ វាគឺជាបណ្ណគូប៉ុង ! រូបភាពទាំងនោះបង្ហាញអំពីកិច្ចការដែលកូននិងធ្វើសម្រាប់ប៉ា » ។
ម៉ាក់បានតបថា « នេះគឺជាអំណោយដែលស្អាតជាងគេដែលកូនធ្វើឲ្យយើងទាំងអស់គ្នា ។ អាណា បានថ្លែងអំណរគុណដល់ព្រះវបិតាសួគ៌ដែលបានជួយនាងឲ្យគិតឃើញ ពីបណ្ណគូប៉ុងគ្រីស្ទម៉ាស់ ។ ទារកថ្មីនឹងកើតមក ហើយដោយមានជំនួយពីព្រះវរបីតាសួគ៌ គ្រប់យ៉ាងនឹងមិនអី ។ ●