២០២០
ការអធិស្ឋាន​សម្រាប់​មែកស៍
ខែ ធ្នូ ឆ្នាំ ២០២០


ការអធិស្ឋាន​សម្រាប់​មែកស៍

Praying for Max

នៅពេល​ខ្ញុំមាន​អាយុ​ប្រាំមួយ​ឆ្នាំ គូរស្វាមី​ភរិយា​ចំណាស់​មួយគូរ​នៅក្នុង​វួដ​របស់យើង ចង់​ស្វែង​រក​ផ្ទះ​ល្អ​មួយ​សម្រាប់​ឆ្កែ​របស់​ពួកគាត់​ឈោ្មះ​មែកស៍ ។ ពួកគាត់​បានដឹង​ថា​យើង​នឹង​ស្រឡាញ់​មែកស៍ ។ ដូច្នេះ​យើង​ទទួល​មែកស៍​មក​ចិញ្ចឹម !

ពីរបី​សប្ដាហ៍​ក្រោយ​មក មាន​មិត្ត​របស់​ខ្ញុំ​មួយ​ចំនួន​បាន​មក​ស្នាក់​នៅ​ជាមួយ​យើង​ពីរ​បីថ្ងៃ ។ ផ្ទះ​របស់​យើង ពេញ​ទៅដោយ​ក្មេងៗ​រត់គ្រប់​ទីកន្លែង ។

ប៉ុន្តែ មែកស៍ ទម្លាប់​នឹង​ផ្ទះ​ស្អាត ហើយ​ស្ងប់​ស្ងាត់ ។ ការនៅក្នុង​ផ្ទះ​ដែល​ពោរពេញ​ដោយ​សំឡេង​ក្មេង​ឡូឡា​ធ្វើ​ឲ្យ​វាភិតភ័យ ។ ថ្ងៃមួយ​ពេល​ដែល​យើង​កំពុង​លេង ហើយ​សើច​ក្អាកក្អាយ យើង​ចាប់ផ្តើម​ដឹង​ភ្លាមថា​មែកស៍​បានរត់​បាត់ !

យើង​បាន​ដើរ​រក មែកស៍​គ្រប់​ទីកន្លែង ។ ពេល​ដែល​ម្តាយ​ខ្ញុំ​បើក​ឡាន​ជូនខ្ញុំ​ដើរ​រក​ស្ទើរ​គ្រប់​សហគមន៍ ខ្ញុំ​ស្ទើរតែ​ស្រក់​ទឹក​ភ្នែក ។ យើង​បាន​ទៅរក​ម្ចាស់​ដើម​របស់​មែកស៍ ។ ប៉ុន្តែ​យើង​រក​វា​ពុំឃើញ​ទេ ។

ពេល​យើង​មក​ដល់​ផ្ទះវិញ មាន​មនុស្ស​ម្នាក់​និយាយ​ថា « ចូរ​អធិស្ឋាន​ឲ្យ​មែកស៍ ! » យើង​លុត​ជង្គង់​ចុះ ហើយ​ថ្លែង​ពាក្យ​អធិស្ឋាន​យ៉ាង​សាមញ្ញ ។ យើង​សូម​ព្រះវរបិតា​សួគ៌​ផ្តល់​គំនិត​ឲ្យ​យើង​ថា​ទៅរក​មែកស៍​ទីណា ។

ពេល​យើង​និយាយ​ពោល​ពាក្យ​ថា ​« អាម៉ែន » ស្រាប់​តែ​ឮសម្លេង​ព្រុស ចេញ​ពីក្នុង​ទូ ! វាគឺជា​មែកស៍ !

ព្រះវរបិតាសួគ៌​ជ្រាប​ដឹង​ពីយើង​ម្នាក់ៗ ហើយ​ទ្រង់ស្រឡាញ់​យើង ។ ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់យើង​មិន​តែង​តែ​បានមក​ភ្លាមៗ​នោះទេ ។ ហើយ​ព្រះវរបិតា​សួគ៌​អាចនឹង​ពុំ​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង​ជានិច្ច​ជាកាល​តាម​របៀប​ដែល​យើង​ពិត​ជា​ចង់​បាន​នោះទេ ។ ប៉ុន្តែ​នោះ​គឺជារបៀប​ដែល​សេចក្តី​ជំនឿ​ និងការ​អត់​ធ្មត់​របស់​យើង រីកចម្រើន ។

ប្រសិន​បើអ្នក​មាន​បញ្ហា​អ្វីមួយ ឬ​ក៏គ្រាន់​តែចង់​និយាយ​ជាមួយ​ព្រះ​វរ​បិតា​សួគ៌​នោះ​ទ្រង់​នឹង​តែង​តែ​ស្តាប់​អ្នក !