ដើមឈើដ៏ល្អឥតខ្ចោះ
« គ្រាមួយព្រះយេស៊ូវកំសត់ ឥឡូវទ្រង់មកក្នុងសិទ្ធិល្អ » ( ទំនុកតម្កើង លេខ ១១៨ ) ។
« ម៉ាក់ មើលដើមមួយនេះ ! » យ៉ូស្វេ ចង្អុលទៅដើមគ្រីស្ទម៉ាស់ ។ វាខ្ពស់ហើយស្គម ខៀវពីចុងដល់គល់យ៉ាងឥតខ្ចោះ ។
ម៉ាក់បានឈប់ហើយមើលផ្លាកតម្លៃ ។ គាត់បានគ្រវីក្បាល ។ « ម៉ាក់មិនគិតដូច្នោះទេ » ។
យ៉ូស្វេ ដកដង្ហើមធំហើយបន្តដើរទៅមុខ ។ មនុស្សម្នាកកកុញក្នុងផ្សារជាមួយនឹងម្ហូបអាហារពេញធ្នើរ និងដើមគ្រីស្ទម៉ាស់ ។ វាអ៊ូអរ ដោយសារក្រុមគ្រួសារទិញដើមគ្រីស្ទម៉ាស់ និងគ្រឿងទេស ដើម្បីធ្វើអាហារដ៏ឆ្ងាញ់ពិសារ ដូចជា bûche de Noël ( នំដែលមើលទៅដូចគល់ឈើ ) ។ ម៉ា់ក់បាននាំយ៉ូស្វេទៅជាមួយ ដើម្បីទិញអាហារខ្លះៗប៉ុន្តែគាត់មិនអាចឈប់សម្លឹងមើលដើមគ្រីស្ទម៉ាស់បានទេ ។ ដើមមួយចំនួន ខ្ពស់ ហើយស្តើង ។ ខ្លះទៀតទាបហើយមូល ។ យ៉ូស្វេ ក៏បានឃើញមួយដើម កម្ពស់ប៉ុនគាត់ !
ម៉ាក់បាននិយាយថាពួកគាត់ពុំមានប្រាក់ច្រើនទេឆ្នាំនេះ ។ ពួកគេប្រហែលជាគ្មានលទ្ធិភាពទិញដើមគ្រីស្ទម៉ាស់ទេ ។ រឿងនេះធ្វើឲ្យយ៉ូស្វេសោកសៅបន្តិច ។ រាល់ពេលដែលគាត់ទៅផ្សារជាមួយម៉ាក់ គាត់តែងសម្លឹងមើល ដើមគ្រីស្ទម៉ាស់ដ៏ល្អឥតខ្ចោះនោះ ។ ប្រហែលជាពួកគេអាចគ្រាន់តែស្វែងរកដើមឈើមួយយកមកផ្ទះ ។
យ៉ូស្វេបានចាប់ដៃម៉ាក់ នៅពេលពួកគេដើរទៅជួរលក់ដើមឈើ ។ យ៉ូស្វេបានស្រែក ។ នោះគឺជា—ដើមឈើដ៏ល្អឥតខ្ចោះ !
គាត់បានរត់ទៅមុខហើយដាក់ដៃលើដើមឈើនោះ ។ វាមិនមានខៀវស្រងាត់ទេ ។ វាបាក់ចុងខ្លះៗ ។ វាមិនខ្ពស់ទេ ។ តាមពិតទៅវាកោង ដូចបុរសចំណាស់ច្រត់លើឈើច្រត់អញ្ចឹង ។
យ៉ូស្វេបាននិយាយថា « ម៉ាក់វាល្អឥតខ្ចោះ ! » « តើយើងអាចយកវាទៅផ្ទះបានទេ ? ណា ម៉ាក់ ? »
ម៉ាក់សម្លឹងមើលទៅតម្លៃវា ។ « មែនហើយកូន វាមិនសូវថ្លៃនោះទេ ។ ហើយម៉ាក់គិតថា យើងអាចដាក់ក្នុងឡានបាន » ។
យ៉ូស្វេ ស្ទើរតែពុំអាចរង់ចាំបាន ។ គាត់បន្តលេងជាមួយដៃអាវរងារបស់គាត់រង់ចាំម៉ាក់បង់ប្រាក់ថ្លៃដើមឈើ ។ បន្ទាប់មកបុរសដ៏ល្អម្នាក់បានជួយពួកគេលើកដើមឈើនោះដាក់ឡាន ។ ពេលពួកគេមកដល់ផ្ទះវិញ ប្អូនប្រុសចុងរបស់គាត់ ម៉ាធៀ និងប៉ា បានជួយដាក់ដើមឈើចុះពីលើឡាន ។ ពួកគេលើកដើមឈើចូលក្នុងផ្ទះ ដាក់នៅកាច់ជ្រុងនៃបន្ទប់ខាងមុខ ។
ម៉ាធៀ និយាយថា « ដំបូងយើងត្រូវការអំពូលភ្លើង » ។
ប៉ុន្តែវាពិបាកព្យួរអំពូលឡើងណាស់ ព្រោះដើមឈើកោងខ្លាំងពេក ។ ម៉ាធៀ ដាក់អំពូលពីលើកំពូលវិញ ។ យ៉ូស្វេ ដាក់អំពូលខាងក្រោម ។ បន្ទាប់មកពួកគេបានព្យួរគ្រឿងតុបតែងលម្អ ។ ចុងក្រោយ ប៉ាបានជួយ យ៉ូស្វេ ដាក់ផ្កាយពីលើកំពូល ។
ប៉ាបានដោតខ្សែរអំពូលភ្លើង ហើយគៀកស្មាម៉ាក់ ។ យ៉ូស្វេ ញញឹមដាក់ដើមគ្រីស្ទម៉ាស់ ។ ពន្លឺរបស់ដើមគ្រីស្ទម៉ាស់បានធ្វើឲ្យបន្ទប់ទាំងមូលទទួលអារម្មណ៍កក់ក្តៅ និងសុខស្រួល ។ គាត់អង្គុយក្រោមដើមគ្រីស្ទម៉ាស់ ហើយក្រឡេកមើលពន្លឺត្រចះត្រចង់នៃពណ៌របស់របរតែងលម្អ ។ ដើមឈើមើលទៅមិនកោង និងសោកសៅទេ ពេលនេះ ។ វាស្រស់ស្អាតណាស់ ! វាត្រូវរៀបចំយ៉ាងឥតខ្ចោះ ។
យ៉ូស្វេនិយាយថា « នោះគឺជាដើមឈើដ៏ឥតខ្ចោះនៃព្រះយេស៊ូវ » ។
ម៉ាក់បានសួរថា « តើកូនចង់មានន័យថាម៉េច ? »
យ៉ូស្វេ ឆ្លើយថា « ដើមឈើរបស់យើងគឺដូចជាព្រះយេស៊ូវ » ។ « ព្រះយេស៊ូវបានប្រសូតនៅកន្លែងក្រីក្រក្នុងស្នូកកខ្វក់ ។ ដើមឈើរបស់យើង កម្សត់ និងសោកសៅពេលនៅក្នុងផ្សារ ។ ប៉ុន្តែឥឡូវនេះដើមឈើរបស់យើងស្រស់ស្អាត ហើយអស្ចារ្យណាស់គឺដូចជាព្រះយេស៊ូវ បានប្រែក្លាយជាស្តេចយ៉ាងអស្ចារ្យ » ។
ប៉ា និយាយថា « ជាដើមឈើដ៏ឥតខ្ចោះនៃព្រះយេស៊ូវរបស់យើង » ។ យ៉ូស្វេបានញញឹម
« កូនពេញចិត្តណាស់ » ។ វានឹងក្លាយទៅជាថ្ងៃបុណ្យគ្រីស្ទម៉ាស់ដ៏ពិសេសបំផុត ។ ●