ជ័យជំនះនៃសេចក្ដីសង្ឃឹម
សេចក្តីសង្ឃឹមគឺជាអំណោយទានដែលមានជីវិត អំណោយទានដែលរីកដុះឡើងនៅពេលយើងបង្កើនសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ។
បងប្អូនប្រុសស្រីនៅជុំវិញពិភពលោក ពេលយើងចាប់ផ្តើមពេលវេលាដ៏ពិសេសនៃសន្និសីទទូទៅនេះ នោះទេវតានៃឋានសួគ៍ ពិតណាស់នឹងសម្លឹងមកលើយើងទាំងអស់គ្នា ។ យើងនឹងឮសំឡេងព្រះយេហូវ៉ាតាមរយៈពួកអ្នកបម្រើរបស់ទ្រង់ យើងនឹងទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធសម្រាប់ « ការណែនាំ ការដឹកនាំ [ និង ]ការលួងលោម » ហើយសេចក្តីជំនឿរបស់យើងនឹងត្រូវបានពង្រឹង ។
កាលពីបីឆ្នាំកន្លងទៅ ប្រធាន រ័សុល អិម ណិលសុន បានចាប់ផ្តើមសន្និសីទទូទៅដោយបានថ្លែងថា « វិវរណៈដ៏បរិសុទ្ធសម្រាប់សំណួរនៅក្នុងដួងចិត្តរបស់បងប្អូននឹងធ្វើឲ្យសន្និសីទនេះមានតម្លៃ និងមិនអាចបំភ្លេចបានឡើយ » ។ ប្រសិនបើបងប្អូនមិនទាន់បានស្វែងរកការផ្តល់ការងារបម្រើពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយបងប្អូនឲ្យស្តាប់ឮអ្វីដែលព្រះអម្ចាស់ចង់ឲ្យបងប្អូនស្តាប់នៅអំឡុងពេលពីរថ្ងៃនេះទេ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យធ្វើវាឥឡូវនេះ ។ សូមធ្វើឲ្យសន្និសីទនេះក្លាយជាពេលនៃការទទួលទានសារលិខិតមកពីព្រះអម្ចាស់តាមរយៈអ្នកបម្រើទាំងឡាយរបស់ទ្រង់ » ។
បទគម្ពីរចងភ្ជាប់ពាក្យបីនេះចូលគ្នាបានយ៉ាងមានឥទ្ធិពល ៖ សេចក្តីជំនឿ សេចក្តីសង្ឃឹម សេចក្ដីសប្បុរស ។ អំណោយនៃសេចក្តីសង្ឃឹមគឺជាអំណោយទានពិសិដ្ឋដ៏មានតម្លៃឥតគណនាមកពីព្រះ ។
ពាក្យថា សេចក្តីសង្ឃឹម គឺប្រើសម្រាប់រឿងជាច្រើនដែលយើងចង់ឲ្យកើតឡើង ។ ឧទាហរណ៍ « ខ្ញុំសង្ឃឹមថាវាមិនភ្លៀងទេ » ឬ « ខ្ញុំសង្ឃឹមថាក្រុមយើងឈ្នះ » ។ បំណងរបស់ខ្ញុំគឺចង់និយាយអំពីសេចក្តីសង្ឃឹមដ៏ពិសិដ្ឋ និងអស់កល្បរបស់យើង ដែលផ្តោតលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញ ព្រមទាំង « ការរំពឹងទុកដោយមានទំនុកចិត្តចំពោះ … ពរជ័យទាំងឡាយនៃសេចក្តីសុចរិតដែលបានសន្យា » ។
សេចក្តីសង្ឃឹមរបស់យើងចំពោះជីវិតដ៏នៅអស់កល្ប
សេចក្តីសង្ឃឹមរបស់យើងអំពីជីវិតដ៏អស់កល្បជានិច្ច គឺត្រូវបានធានាតាមរយៈព្រះគុណរបស់ព្រះគ្រីស្ទ និងការជ្រើសរើសរបស់យើងផ្ទាល់ ដែលអនុញ្ញាតឲ្យយើងទទួលបានពរជ័យដ៏អស្ចារ្យនៃការត្រឡប់ទៅផ្ទះសួគ៌ារបស់យើងវិញ ហើយរស់នៅជារៀងរហូតដោយមានក្តីសុខសាន្ត និងសុភមង្គលជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ ជាមួយគ្រួសារដ៏ស្មោះត្រង់ និងមិត្តជាទីស្រឡាញ់របស់យើង និងបុរស និងស្ត្រីសុចរិតទាំងឡាយមកពីគ្រប់ទ្វីប និងគ្រប់សតវត្សរ៍ ។
នៅលើផែនដី យើងដកពិសោធន៍នូវអំណរ និងទុក្ខព្រួយពេលយើងត្រូវបានសាកល្បង និងបានបង្ហាញឲ្យឃើញ ។ ជ័យជំនះរបស់យើងកើតឡើងតាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ពេលយើងយកឈ្នះលើអំពើបាប ការលំបាក ការល្បួង ភាពអយុត្តិធម៌ និងបញ្ហាប្រឈមមុខនៃជីវិតរមែងស្លាប់នេះរបស់យើង ។
ពេលយើងពង្រឹងសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ យើងមើលឃើញធ្លុះហួសពីការតស៊ូទាំងឡាយរបស់យើងទៅដល់ពរជ័យ និងការសន្យានៃភាពអស់កល្បជានិច្ច ។ ប្រៀបដូចជាពន្លឺមួយភ្លឺចែងចាំង នោះសេចក្តីសង្ឃឹមបំភ្លឺពិភពដ៏ងងឹតនេះ ហើយយើងមើលឃើញអនាគតដ៏រុងរឿងរបស់យើង ។
សេចក្តីសង្ឃឹមមកពីព្រះ
ចាប់តាំងពីដំបូងមក ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់បានប្រទានពរយ៉ាងយកចិត្តទុកដាក់ដល់ពួកអ្នកសុចរិតជាមួយនឹងអំណោយនៃសេចក្តីសង្ឃឹមដ៏មានតម្លៃ ។
ក្រោយចាកចេញពីសួនអេដែន លោកអ័ដាម និងនាងអេវ៉ាត្រូវបានបង្រៀនដោយទេវតាមួយអង្គនូវសេចក្តីសន្យានៃព្រះយេស៊ូវគ្រីស្ទ ។ អំណោយនៃសេចក្តីសង្ឃឹមបានបំភ្លឺជីវិតរបស់ពួកគេ ។ អ័ដាមបានប្រកាសថា « ភ្នែកខ្ញុំបានភ្លឺឡើង ហើយនៅក្នុងជីវិតនេះ ខ្ញុំនឹងមានសេចក្ដីអំណរ » ។ អេវ៉ាបាននិយាយពី « សេចក្ដីអំណរអំពីសេចក្ដីប្រោសលោះ [ របស់ពួកគេ ] និងជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះទ្រង់បានប្រទានដល់មនុស្សទាំងអស់ដែលគោរពតាមដែរ » ។
ដូចជាព្រះវិញ្ញាណបរិសុទ្ធបាននាំសេចក្តីសង្ឃឹមដល់លោកអ័ដាម នោះព្រះចេស្ដានៃព្រះវិញ្ញាណរបស់ព្រះអម្ចាស់បំភ្លឺដល់អ្នកស្មោះត្រង់សព្វថ្ងៃនេះ ដែលបំភ្លឺអំពីភាពពិតនៃជីវិតអស់កល្បជានិច្ច ។
ព្រះអង្គសង្រ្គោះបញ្ជូនមកឲ្យយើងនូវអង្គលួងលោម គឺព្រះវិញ្ញាណបរិសុទ្ធ ដែលជាគូកននាំមកនូវសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីសុខសាន្តដែល « មិនមែនដូចជាលោកីយ៍ឲ្យទេ » ។
ព្រះអង្គសង្គ្រោះបានមានបន្ទូលថា « នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង [ បន្តមានសេចក្តីសង្ឃឹម ] ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ » ។
នៅគ្រាជួបទុក្ខលំបាក យើងជ្រើសរើសជឿជាក់លើព្រះអម្ចាស់ដោយសេចក្តីជំនឿ ។ យើងអធិស្ឋានយ៉ាងស្ងៀមស្ងាត់ថា « កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឬទ័យទ្រង់វិញ » ។ យើងទទួលអារម្មណ៍ថាមានការយល់ព្រមពីព្រះអម្ចាស់ចំពោះឆន្ទៈស្លូតបូតរបស់យើង ហើយយើងរង់ចាំភាពសុខសាន្តដែលព្រះអម្ចាស់បានសន្យាថានឹងបញ្ជូនមក ទៅតាមពេលវេលាដែលបានជ្រើសរើសរបស់ទ្រង់ ។
សាវកប៉ុលបានបង្រៀនថា « ព្រះនៃសេចក្តីសង្ឃឹម [ នឹង ] ប្រទានឲ្យអ្នករាល់គ្នា … សេចក្ដីអំណរ និងសេចក្តីសុខសាន្តដ៏ពោរពេញ … ប្រយោជន៍ឲ្យបានសេចក្តីសង្ឃឹមជាបរិបូរ » « ចូរអរសប្បាយ ដោយមានសង្ឃឹម ចូរអត់ធន់ក្នុងសេចក្តីទុក្ខលំបាក » « ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ » ។
មេរៀននៃសេចក្ដីសង្ឃឹម
ព្យាការីមរ៉ូណៃបានដឹងមុនគេអំពីការមានសេចក្តីសង្ឃឹមលើព្រះគ្រីស្ទក្នុងគ្រាទុក្ខលំបាក ។ លោកបានពន្យល់ពីស្ថានភាពដ៏អាក្រក់របស់លោកថា ៖
« ដ្បិតមានតែខ្ញុំម្នាក់ឯង ។ … ខ្ញុំគ្មាន … ឬទីណាសម្រាប់ទៅឡើយ » ។
« ខ្ញុំពុំបានបង្ហាញខ្លួនឲ្យដឹងទេ … ខ្លាចក្រែងពួកគេនឹងបំផ្លាញរូបខ្ញុំចោល » ។
គួរឲ្យកត់សម្គាល់ នៅក្នុងពេលដ៏លំបាក និងឯកោនេះ មរ៉ូណៃបានកត់ត្រាពាក្យសម្តីនៃសេចក្តីសង្ឃឹមរបស់ឪពុកលោក ៖
« បើសិនជាមនុស្សណាមួយមានសេចក្ដីជំនឿ នោះគេត្រូវតែមានសេចក្ដីសង្ឃឹម ត្បិតអត់ពីសេចក្ដីជំនឿទៅ នោះពុំអាចមានសេចក្ដីសង្ឃឹមឡើយ » ។
« តើអ្វីទៅដែលអ្នករាល់គ្នាសង្ឃឹមចង់បាន ? … អ្នករាល់គ្នានឹងមានសេចក្តីសង្ឃឹមដោយតាមរយៈដង្វាយធួនរបស់ព្រះគ្រីស្ទ និងអំណាចនៃដំណើររស់ឡើងវិញរបស់ទ្រង់ ដើម្បីឲ្យបានប្រោសឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច » ។
បងប្អូនប្រុសស្រីខ្ញុំអើយ សេចក្តីសង្ឃឹមគឺជាអំណោយទានដែលមានជីវិត អំណោយទានដែលរីកដុះឡើងនៅពេលយើងបង្កើនសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ។ « សេចក្តីជំនឿជាសម្គាល់ពីការណ៍ដែលមើលមិនឃើញ » ។ យើងស្ថាបនាធាតុនេះ—ជាភស្ដុតាងនៃសេចក្តីជំនឿរបស់យើង—តាមរយៈការអធិស្ឋាន សេចក្តីសញ្ញាទាំងឡាយក្នុងព្រះវិហារបរិសុទ្ធ ការរក្សាបទបញ្ញត្តិ ការបន្តសិក្សាលើព្រះគម្ពីរ និងពាក្យសម្ដីរបស់ព្យាការីសម័យទំនើប ការទទួលទានសាក្រាម៉ង់ ការបម្រើអ្នកដទៃ និងការថ្វាយបង្គំរៀងរាល់សប្តាហ៍ជាមួយមិត្តពួកបរិសុទ្ធរបស់យើង ។
ដំណាក់នៃសេចក្តីសង្ឃឹម
ដើម្បីពង្រឹងសេចក្តីសង្ឃឹមរបស់យើងក្នុងពេលនៃអំពើទុច្ចរិតកំពុងកាន់តែកើនឡើង នោះព្រះអម្ចាស់ដឹកនាំព្យាការីរបស់ទ្រង់ឲ្យសាងសង់ព្រះវិហារបរិសុទ្ធនៅគ្រប់ទីកន្លែងនៅលើផែនដី ។
ពេលយើងចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ យើងទទួលអារម្មណ៍នៃព្រះវិញ្ញាណរបស់ព្រះបញ្ជាក់ពីសេចក្តីសង្ឃឹមរបស់យើង ។
ព្រះវិហារបរិសុទ្ធធ្វើទីបន្ទាល់អំពីផ្នូរទទេ និងថាជីវិតមានបន្តក្រោយពីជីវិតនេះសម្រាប់យើងទាំងអស់គ្នា ។
សម្រាប់អស់អ្នកទាំងឡាយដែលមិនមានដៃគូអស់កល្បជានិច្ច ពិធីបរិសុទ្ធបញ្ជាក់យ៉ាងមានឥទ្ធិពលថា មនុស្សសុចរិតគ្រប់រូបនឹងទទួលបានរាល់ពរជ័យដែលបានសន្យា ។
មានសេចក្តីសង្ឃឹមដ៏វិសេសវិសាល ពេលដែលគូស្វាមីភរិយាវ័យក្មេងមួយគូលុតជង្គង់ទល់មុខគ្នានៅអាសនាដើម្បីផ្សារភ្ជាប់ មិនត្រឹមតែសម្រាប់កាលវេលានេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ភាពអស់កល្បជានិច្ច ។
មានសេចក្តីសង្ឃឹមដ៏ធំសម្បើមសម្រាប់យើងនៅក្នុងការសន្យាដែលបានធ្វើឡើងចំពោះកូនចៅរបស់យើង ទោះបីពួកគេសិ្ថតក្នុងកាលៈទេសៈណាក៏ដោយនាពេលបច្ចុប្បន្ននេះ ។
គ្មានការឈឺចាប់ គ្មានជំងឺ គ្មានភាពអយុត្តិធម៌ គ្មានការរងទុក្ខ គ្មានអ្វីដែលអាចធ្វើឲ្យសេចក្តីសង្ឃឹមរបស់យើងចុះងងឹតបានឡើយ ពេលយើងជឿ ហើយកាន់យ៉ាងខ្ជាប់ខ្ជួននូវសេចក្តីសញ្ញារបស់យើងជាមួយនឹងព្រះនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ។ វាគឺជាព្រះដំណាក់នៃពន្លឺ ដំណាក់នៃសេចក្តីសង្ឃឹម ។
នៅពេលសេចក្តីសង្ឃឹមត្រូវបានបោះបង់ចោល
យើងស្រក់ទឹកភ្នែកដោយទុក្ខសោក ពេលយើងមើលឃើញភាពសោកសៅ និងភាពអស់សង្ឃឹមកើតឡើងចំពោះអ្នកដែលគ្មានសេចក្តីសង្ឃឹមលើព្រះគ្រីស្ទ ។
កាលពីថ្មីៗនេះ ខ្ញុំបានសង្កេតមើលពីចម្ងាយ ទៅលើប្តីប្រពន្ធមួយគូដែលធ្លាប់មានសេចក្តីជំនឿលើព្រះគ្រីស្ទ ប៉ុន្តែក្រោយមកបានសម្រេចចិត្តបោះបង់សេចក្តីជំនឿរបស់ពួកគេចោល ។ ពួកគេបានទទួលជោគជ័យនៅក្នុងពិភពលោក ហើយពួកគេបានរកឃើញការរីករាយនៅក្នុងបញ្ញារបស់ពួកគេ និងការបដិសេធចោលសេចក្តីជំនឿរបស់ពួកគេ ។
អ្វីៗហាក់ដូចជាដំណើរការល្អប្រសើរណាស់រហូតដល់ប្តីវ័យក្មេង ពេញកម្លាំង ស្រាប់តែធ្លាក់ខ្លួនឈឺ ហើយស្លាប់ទៅ ។ ប្រៀបដូចជាសូរ្យគ្រាសនៃព្រះអាទិត្យ ពួកគេបានត្រូវបាំងចេញពីពន្លឺរបស់ ព្រះ រាជបុត្រាសំណប់របស់ព្រះ ហើយជាលទ្ធផលគឺជាសូរ្យគ្រាសនៃសេចក្តីសង្ឃឹម ។ ចំណែកភរិយាស្ថិតនៅក្នុងសភាពតក់ស្លុត និងមានអារម្មណ៍ឈឺចាប់ដោយមិនបានត្រៀមខ្លួនជាមុន ហើយអស់សង្ឃឹមក្នុងការលួងលោមកូនៗរបស់ខ្លួន ។ បញ្ញារបស់នាងបានប្រាប់នាងថា អ្វីៗក្នុងជីវិតរបស់នាងដំណើរការល្អឥតខ្ចោះ ប៉ុន្តែភ្លាមៗនោះនាងមិនអាចមើលឃើញថ្ងៃស្អែកឡើយ ។ ភាពអស់សង្ឃឹមរបស់នាងបាននាំមកនូវភាពងងឹត និងភាពច្របូកច្របល់ ។
សេចក្ដីសង្ឃឹមនៅក្នុងគ្រាឈឺចាប់ដ៏ខ្លោចផ្សា
សូមអនុញ្ញាតឲ្យខ្ញុំប្រៀបធៀបការអស់សង្ឃឹមដ៏ឈឺចាប់របស់នាង ជាមួយនឹងសេចក្តីសង្ឃឹមរបស់គ្រួសារមួយផ្សេងទៀតនៅក្នុងព្រះគ្រីស្ទ អំឡុងពេលដ៏សោកសៅមួយ ។
ម្ភៃមួយឆ្នាំមុន កូនប្រុសដែលទើបនឹងកើតមករបស់ក្មួយប្រុសខ្ញុំឈ្មោះ បេន អាន់ឌើរសិន និងភរិយារបស់គាត់ឈ្មោះ រ៉ូប៊ី ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រដើម្បីយកទៅសង្រ្គោះបន្ទាន់ពីសហគមន៍កសិកម្មនៃរដ្ឋអៃដាហូ ទៅកាន់ទីក្រុងសលត៍ លេក ។ ខ្ញុំបានទៅដល់មន្ទីរពេទ្យ ហើយបេនបានពន្យល់ពីស្ថានភាពធ្ងន់ធ្ងរនៃបេះដូង ដែលគំរាមកំហែងដល់អាយុជីវិតទារករបស់ពួកគេ ។ យើងបានដាក់ដៃរបស់ពួកយើងនៅលើក្បាលដ៏តូចរបស់ត្រេ ។ ព្រះអម្ចាស់បានប្រទានពរដល់គាត់ឲ្យមានជីវិតបន្ត ។
ត្រេបានធ្វើការវះកាត់បេះដូងនៅសប្តាហ៍ដំបូងនៃជីវិតរបស់គាត់ ហើយបានមានការវះកាត់ជាច្រើនបន្តបន្ទាប់ទៀតផងដែរ ។ ជាច្រើនឆ្នាំបានកន្លងទៅ ប្រាកដណាស់ថា ត្រេនឹងត្រូវការវះកាត់ប្តូរបេះដូង ។ ទោះបីជាសកម្មភាពខាងរាងកាយរបស់គាត់មានកម្រិតក៏ដោយ ក៏សេចក្តីជំនឿរបស់គាត់បានកើនឡើងដែរ ។ គាត់បានសរសេរថា « ខ្ញុំមិនដែលមានអារម្មណ៍សោកស្ដាយចំពោះខ្លួនឯងនោះទេ ដោយសារខ្ញុំតែងតែដឹងពីសារៈសំខាន់នៃការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងទីបន្ទាល់នៃផែនការនៃសេចក្ដីសង្គ្រោះ » ។
ត្រេ បានរក្សាទុកលើទូរសព្ទដៃរបស់គាត់នូវសម្រង់ពាក្យសម្ដីដ៏ពេញនិយមនេះមកពីប្រធាន ណិលសុន ៖ « អំណរដែលយើងមាននោះ វាមិនសូវទាក់ទងនឹងកាលៈទេសៈនៃជីវិតយើងទេ ប៉ុន្តែវាទាក់ទងយ៉ាងខ្លាំងលើអ្វីដែលយើងផ្តោតទៅលើនៅក្នុងជីវិតរបស់យើង » ។
ត្រេ បានសរសេរថា ៖ « ខ្ញុំតែងតែទន្ទឹងរង់ចាំដើម្បីទៅបម្រើបេសកកម្មពេញម៉ោង ប៉ុន្តែ… គ្រូពេទ្យរបស់ខ្ញុំនឹងមិនអនុញ្ញាតឲ្យខ្ញុំបម្រើបេសកកម្មរហូតដល់យ៉ាងហោចណាស់មួយឆ្នាំក្រោយពីការវះកាត់ប្តូរបេះដូងរបស់ខ្ញុំ ។… ខ្ញុំទុកសេចក្ដីជំនឿរបស់ខ្ញុំទៅលើព្រះយេស៊ូវគ្រីស្ទ » ។
ត្រេ រំភើបចិត្តដែលត្រូវបានទទួលឲ្យចូលរៀនផ្នែកគណនេយ្យនៅឯ ប៊ី.វ៉ាយ.យូ ដែលនៅដើមឆមាសនេះ ប៉ុន្តែកាន់តែរំភើបជាងនេះទៅទៀតនៅចុងខែកក្កដានោះ គឺពេលដែលគាត់ទទួលទូរសព្ទដែលបានទន្ទឹងរង់ចាំឲ្យទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់ប្តូរបេះដូងរបស់គាត់ ។
ត្រេ បាននិយាយថា « មួយឆ្នាំទៀត ខ្ញុំនឹងទៅបម្រើបេសកកម្មរបស់ខ្ញុំ » ។
មានការរំពឹងទុកដ៏អស្ចារ្យនៅពេលដែលគាត់បានចូលទៅក្នុងបន្ទប់វះកាត់ ។ ប៉ុន្តែ ក្នុងអំឡុងពេលនៃការវះកាត់ វាមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ហើយត្រេមិនបានដឹងខ្លួនឡើងវិញទេ ។
ម្តាយរបស់គាត់ រ៉ូប៊ី និយាយថា ៖ « ថ្ងៃសុក្រគឺជាថ្ងៃដ៏សោកសៅបំផុត … ដោយព្យាយាមគិតពីអ្វីដែលបានកើតឡើង ។ … ខ្ញុំបាននៅរហូតដល់យប់ជ្រៅ ដោយវិលវល់គិតពីរឿងគ្រប់យ៉ាង ។… ប៉ុន្តែថ្ងៃសៅរ៍ ខ្ញុំបានភ្ញាក់ពីដំណេកដោយមានអារម្មណ៍រីករាយ ។ ដ្បិតវាមិនមែនជាភាពស្ងប់សុខទេ តែវាក៏មិនថប់បារម្ភពេកដែរ ។ ខ្ញុំមានអារមណ៍នៃសេចក្តីអំណរសម្រាប់កូនប្រុសរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណរដែលធ្វើជាម្តាយរបស់គាត់ ។ … បេន បានក្រោកពីដំណេកយ៉ាងលឿនជាងខ្ញុំ ហើយទំរាំដល់ពេលដែលយើងមានឱកាសនិយាយគ្នានោះ បេនបានភ្ញាក់ឡើងដោយមានអារម្មណ៍ដូចគ្នាបេះបិទ » ។
បេន បានពន្យល់ថា ៖ « ភាពភ្លឺស្វាងបានចូលមកដល់ព្រលឹងរបស់ខ្ញុំ ពេលដែលព្រះបានបង្រៀនខ្ញុំតាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ។ ខ្ញុំបានភ្ញាក់ពីដំណេកនៅម៉ោង ៤:០០ ព្រឹក ហើយបានពោរពេញទៅដោយសេចក្ដីសុខសាន្ត និងសេចក្ដីរីករាយដែលមិនអាចពិពណ៌នាបាន ។ តើរឿងនេះអាចទៅរួចដោយរបៀបណា ?… មរណភាពរបស់ ត្រេ គឺពិតជាឈឺចាប់ខ្លាំងណាស់ ហើយខ្ញុំនឹកគាត់ណាស់ ។ ប៉ុន្តែព្រះអម្ចាស់មិនទុកយើងចោលឲ្យនៅកំព្រានោះទេ ។ … ខ្ញុំទន្ទឹងរង់ចាំដល់ថ្ងៃដែលយើងជួបគ្នាដ៏រីករាយម្តងទៀត » ។
សេចក្តីសន្យានៃក្ដីសង្ឃឹម
ត្រេ បានកត់ត្រានៅក្នុងទិនានុប្បវត្តិរបស់គាត់នូវពាក្យទាំងនេះចេញពីសុន្ទរកថាសន្និសីទទូទៅរបស់ប្រធាន ណិលសុន ៖ « វាទំនងជាមិនអាចមានអំណរបានឡើយ ពេលកូនរបស់បងប្អូនរងទុក្ខដោយសារជំងឺដែលពុំអាចព្យាបាលបាន ឬពេលបងប្អូនបាត់បង់ការងារ ឬ ពេលស្វាមី ឬភរិយាបងប្អូនក្បត់ចិត្តបងប្អូននោះ ។ ប៉ុន្តែនោះគឺជាអំណរពិតប្រាកដដែលព្រះអង្គសង្គ្រោះប្រទានឲ្យ ។ សេចក្តីអំណររបស់ទ្រង់គឺស្ថិតស្ថេរ ដោយធានាដល់យើងថា « សេចក្ដីទុក្ខលំបាករបស់យើងនោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៧ ] ហើយត្រូវបានញែកជាប្រយោជន៍ដល់យើង » ។
បងប្អូនប្រុសស្រី សេចក្តីសុខសាន្តដែលបងប្អូនស្វែងរក អាចនឹងមិនបានមកលឿនតាមដែលបងប្អូនចង់បាននោះទេ ប៉ុន្តែខ្ញុំសូមសន្យានឹងបងប្អូនថា ពេលបងប្អូនទុកចិត្តលើព្រះអម្ចាស់ នោះសេចក្តីសុខសាន្តរបស់ទ្រង់នឹងមកដល់ ។
សូមឲ្យយើងចិញ្ចឹមបីបាច់ថែរក្សាសេចក្ដីជំនឿដ៏មានតម្លៃរបស់យើង ដោយដើរទៅមុខជាមួយនឹងពន្លឺនៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ។ ខ្ញុំថ្លែងទីបន្ទាល់ថា សេចក្តីសង្ឃឹមរបស់យើងគឺជាព្រះអង្គសង្រ្គោះរបស់យើង គឺ ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈទ្រង់ សេចក្តីប៉ងប្រាថ្នាដ៏សុចរិតទាំងអស់របស់យើងនឹងត្រូវបានសម្រេច។ ទ្រង់គឺជាព្រះនៃសេចក្ដីសង្ឃឹម—ទ្រង់ឈ្នះលើក្ដីសង្ឃឹម ។ ទ្រង់មានព្រះជន្មរស់ ហើយទ្រង់ស្រឡាញ់បងប្អូន ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។