ធ្វើឲ្យឆន្ទៈរបស់យើងស្របគ្នានឹងព្រះឆន្ទៈរបស់ទ្រង់
ការធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ក្នុងជីវិតរបស់យើង នឹងអាចឲ្យយើងរកឃើញកែវមុក្តាដ៏មានតម្លៃបំផុតក្នុងពិភពលោក—គឺនគរស្ថានសួគ៌ ។
នៅគ្រាមួយក្នុងរឿងប្រៀបប្រដូច ព្រះយេស៊ូវបានមានព្រះបន្ទូលអំពីអ្នកជំនួញម្នាក់ដែលកំពុងស្វែងរក « កែវមុក្តាយ៉ាងល្អ » ។ អំឡុងពេលស្វែងរករបស់អ្នកជំនួញ គាត់បានរកឃើញកែវមុក្តា « យ៉ាងល្អ » មួយ ។ ទោះជាយ៉ាងណា ដើម្បីទទួលបានកែវមុក្តាដ៏ល្អ បុរសរូបនេះត្រូវតែលក់ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ហើយគាត់បានលក់ភ្លាមៗ និងដោយរីករាយ ។
តាមរយៈរឿងប្រៀបប្រដូចដ៏ខ្លី និងដ៏គិតគូរនេះ ព្រះអង្គសង្រ្គោះបានបង្រៀនយ៉ាងល្អប្រពៃថា នគរស្ថានសួគ៌ ត្រូវបានគេប្រដូចទៅនឹងកែវមុក្តាដែលមានតម្លៃបំផុត ដែលពិតជាកំណប់ដ៏មានតម្លៃបំផុតដែលគួរប្រាថ្នាចង់បានលើសពីអ្វីៗទាំងអស់ ។ ការដែលអ្នកជំនួញបានលក់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ភ្លាមៗដើម្បីទទួលបានកែវមុក្តាដ៏មានតម្លៃនោះ បង្ហាញយ៉ាងច្បាស់ថា យើងគួរតែធ្វើឲ្យចិត្ត និងបំណងប្រាថ្នារបស់យើងស្របគ្នានិងព្រះហឫទ័យរបស់ព្រះអម្ចាស់ ហើយស្ម័គ្រចិត្តធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចនៅអំឡុងដំណើរនៃជីវិតរមែងស្លាប់របស់យើង ដើម្បីទទួលបានពរជ័យដ៏អស់កល្បជានិច្ចនៃនគររបស់ព្រះ ។
ដើម្បីមានភាពស័ក្ដិសមចំពោះរង្វាន់ដ៏អស្ចារ្យនេះ យើងពិតជាត្រូវខិតខំឲ្យអស់ពីសមត្ថភាពរបស់យើងក្នុងការទុកមួយអន្លើនូវការគិតតែពីខ្លួនឯង ហើយបោះបង់ចោលការស្មុគស្មាញណាមួយដែលរារាំងយើងពីការតាំងចិត្តពេញលេញចំពោះព្រះអម្ចាស់ និងចំពោះរបៀបកាន់តែខ្ពស់ និងកាន់តែបរិសុទ្ធរបស់ទ្រង់ ។ សាវកប៉ុលបានសំដៅលើការស្វែងរកការញែកជាបរិសុទ្ធទាំងនេះថាជា « [ ការ ] មានគំនិតជារបស់ផងព្រះគ្រីស្ទ » ។ ដូចដែលព្រះយេស៊ូវគ្រីស្ទបានធ្វើជាគំរូ ការណ៍នេះមានន័យថា « [ ការធ្វើ ] ការដែលគាប់ដល់ព្រះហឫទ័យ [ ព្រះអម្ចាស់ ] ជាដរាប » នៅក្នុងជីវិតរបស់យើង ឬដូចជាមនុស្សសម័យឥឡូវហៅថា នេះគឺជា « ការធ្វើអ្វីដែលត្រឹមត្រូវចំពោះព្រះអម្ចាស់ » ។
នៅក្នុងន័យនៃដំណឹងល្អ « [ ការធ្វើ ] ការដែលគាប់ដល់ព្រះហឫទ័យ [ ព្រះអម្ចាស់ ] ជាដរាប » ទាក់ទងនឹងការចុះចូលឆន្ទៈរបស់យើងនឹងព្រះឆន្ទៈរបស់ទ្រង់ ។ ព្រះអង្គសង្គ្រោះបានបង្រៀនដោយគិតគូរអំពីសារៈសំខាន់នៃគោលការណ៍នេះ ខណៈកំពុងផ្តល់ការណែនាំដល់សិស្សរបស់ទ្រង់ ៖
« ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញដែលទ្រង់ចាត់ឲ្យខ្ញុំមក ។
« ឯបំណងព្រះហឫទ័យនៃព្រះវរបិតាដែលចាត់ឲ្យខ្ញុំមកនោះ គឺមិនចង់ឲ្យខ្ញុំបាត់អ្នកណាក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើងនៅថ្ងៃចុងបំផុតវិញ ។
« នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុត » ។
ព្រះអង្គសង្គ្រោះសម្រេចបាននូវកម្រិតដ៏ល្អឥតខ្ចោះ និងដ៏ទេវភាពនៃការចុះចូលចំពោះព្រះវរបិតា ដោយអនុញ្ញាតឲ្យព្រះហឫទ័យរបស់ទ្រង់ ត្រូវលេបដណ្ដប់នៅក្នុងព្រះហឫទ័យនៃព្រះវរបិតា ។ ទ្រង់មានព្រះបន្ទូលថា « ព្រះអង្គនោះ ដែលចាត់ឲ្យខ្ញុំមក ក៏គង់ជាមួយនឹងខ្ញុំ ទ្រង់មិនទុកឲ្យខ្ញុំនៅតែឯងទេ ពីព្រោះខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប » ។ ក្នុងការបង្រៀនដល់ព្យាការី យ៉ូសែប ស្ម៊ីធ អំពីភាពតានតឹង និងការឈឺចាប់នៃដង្វាយធួន ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថា ៖
« ដ្បិតមើលចុះ យើងជាព្រះ បានរងទុក្ខនូវការទាំងនេះជំនួសមនុស្សទាំងអស់ ដើម្បីកុំឲ្យគេអាចរងទុក្ខ បើសិនជាពួកគេប្រែចិត្ត …
« គឺជាសេចក្ដីរងទុក្ខវេទនា ដែលបណ្ដាលឲ្យយើង គឺជាព្រះដែលមហិមាលើអ្វីៗទាំងអស់ ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស ហើយត្រូវរងទុក្ខ ព្រមទាំងរូបកាយ និងវិញ្ញាណផង—ហើយដើម្បីកុំឲ្យយើងត្រូវផឹកពែងល្វីង ហើយរួញខ្លាច—
« ទោះជាយ៉ាងណាក៏ដោយ សូមព្រះវរបិតាបានសិរីល្អ ហើយយើងបានទទួលទាន និងសម្រេចការរៀបចំរបស់យើងចំពោះកូនចៅមនុស្ស » ។
ក្នុងអំឡុងពេលស្នាក់អាស្រ័យបណ្ដោះអាសន្នរបស់យើងក្នុងជីវិតរមែងស្លាប់ ជារឿយៗយើងពុះពារនឹងអ្វីដែលយើងគិតថាយើងដឹង អ្វីដែលយើងគិតថាល្អបំផុត និងអ្វីដែលយើងសន្មតថាដំណើរការសម្រាប់យើង ផ្ទុយទៅនឹងការយល់ដឹងពីអ្វីដែលព្រះវរបិតាសួគ៌ជ្រាបដឹងពិតប្រាកដ អ្វីដែលល្អបំផុតដល់អស់កល្បជានិច្ច និងអ្វីដែលពិតជាដំណើរការសម្រាប់បុត្រាបុត្រីនៅក្នុងផែនការរបស់ទ្រង់ ។ ការពុះពារដ៏ធំនេះអាចក្លាយជាការដ៏ស្មុគស្មាញ ជាពិសេសគិតពិចារណាដល់ការព្យាករដែលមាននៅក្នុងបទគម្ពីរសម្រាប់សម័យរបស់យើង ៖ « ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ … មនុស្សនឹងស្រឡាញ់តែខ្លួនឯង … ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ » ។
សញ្ញាមួយដែលបង្ហាញពីការបំពេញនូវការព្យាករនេះគឺជានិន្នាការរីកចម្រើននាពេលបច្ចុប្បន្ននៅក្នុងពិភពលោកនេះ ដែលមនុស្សជាច្រើនបានធ្វើតាម មនុស្សរវល់នឹងខ្លួនពួកគេ ហើយប្រកាសឥតឈប់ឈរថា « មិនថាគេគិតយ៉ាងណានោះទេ ខ្ញុំរស់នៅតាមសេចក្តីពិតរបស់ខ្ញុំ ឬខ្ញុំធ្វើអ្វីដែលល្អសម្រាប់ខ្ញុំ » ។ ដូចជាប៉ុលបាននិយាយថា មនុស្សក្នុងលោកិយ « គេរកតែប្រយោជន៍ផ្ទាល់ខ្លួន មិនរកប្រយោជន៍ដល់ព្រះយេស៊ូវគ្រីស្ទទេ » ។ការគិតរបៀបនេះ ជាញឹកញាប់ត្រូវបានដោះសាថាជា« ការស្មោះត្រង់ » ដោយអ្នកទាំងឡាយណាដែលបណ្ដោយខ្លួនក្នុងការស្វែងរកនូវអ្វីដែលគិតតែពីខ្លួនឯង ផ្ដោតលើចំណូលចិត្តផ្ទាល់ខ្លួន ឬចង់បង្ហាញអំពីភាពត្រឹមត្រូវនៃអាកប្បកិរិយាមួយចំនួនដែលជារឿយៗមិនស្របនឹងផែនការដ៏ពេញដោយក្តីស្រឡាញ់របស់ព្រះ និងព្រះហឫទ័យរបស់ទ្រង់សម្រាប់ពួកគេឡើយ ។ ប្រសិនបើយើងអនុញ្ញាតឲ្យចិត្ត និងគំនិតរបស់យើងទទួលយករបៀបគិតបែបនេះ នោះយើងអាចបង្កើតថ្មជំពប់ដ៏ធំសម្រាប់ខ្លួនយើងក្នុងការទទួលបានកែវមុក្តាដ៏មានថ្លៃបំផុតដែលព្រះបានរៀបចំដោយក្ដីស្រឡាញ់សម្រាប់បុត្រាបុត្រីរបស់ទ្រង់—គឺជីវិតអស់កល្បជានិច្ច ។
ខណៈដែលវាជាការពិតថា យើងម្នាក់ៗមានបទពិសោធន៍ក្នុងភាពជាសិស្សរៀងៗខ្លួននៅលើផ្លូវនៃសេចក្ដីសញ្ញា ដោយការព្យាយាមរក្សាចិត្ត និងគំនិតរបស់យើងផ្ដោតលើព្រះគ្រីស្ទយេស៊ូវ នោះយើងត្រូវតែយកចិត្តទុកដាក់ និងប្រយ័ត្នប្រយែងជានិច្ចដើម្បីកុំឲ្យអារក្សល្បួង ឲ្យទទួលយកទស្សនវិជ្ជាខាងលោកិយបែបនេះមកនៅក្នុងជីវិតរបស់យើងឡើយ ។ អែលឌើរ ឃ្វីនថិន អិល ឃុក បានមានប្រសាសន៍ថា « ការធ្វើឲ្យដូចព្រះគ្រីស្ទគឺជាគោលដៅកាន់តែសំខាន់ជាងការដែលស្មោះត្រង់ទៅទៀត » ។
មិត្តសម្លាញ់របស់ខ្ញុំអើយ នៅពេលយើងជ្រើសរើសអនុញ្ញាតឲ្យព្រះមានឥទ្ធិពលដ៏មានអានុភាពបំផុតនៅក្នុងជីវិតរបស់យើង ជំនួសឲ្យការស្វែងរកដែលគិតតែពីខ្លួនឯង នោះយើងអាចធ្វើឲ្យមានការរីកចម្រើនក្នុងភាពជាសិស្សរបស់យើង និងបង្កើនសមត្ថភាពរបស់យើងក្នុងការបង្រួបបង្រួមគំនិត និងដួងចិត្តរបស់យើងជាមួយព្រះអង្គសង្គ្រោះ ។ ផ្ទុយទៅវិញ នៅពេលដែលយើងមិនអនុញ្ញាតឲ្យការបង្រៀនរបស់ព្រះឈ្នះក្នុងជីវិតរបស់យើង នោះយើងត្រូវបានទុកឲ្យនៅតែឯង ហើយបើគ្មានការណែនាំដ៏បំផុសគំនិតពីព្រះអម្ចាស់ទេ នោះយើងអាចដោះសាថាសមហេតុផលស្ទើរតែគ្រប់អ្វីទាំងអស់ដែលយើងធ្វើ ឬយើងមិនធ្វើ ។ យើងក៏អាចដោះសាសម្រាប់ខ្លួនយើងដោយការធ្វើអ្វីៗតាមរបៀបរបស់យើង ដោយនិយាយការពារខ្លួនថា « ខ្ញុំគ្រាន់តែធ្វើរឿងតាមរបៀបរបស់ខ្ញុំប៉ុណ្ណោះ » ។
មានគ្រាមួយ ខណៈដែលព្រះអង្គសង្គ្រោះកំពុងប្រកាសអំពីគោលលទ្ធិរបស់ទ្រង់ មនុស្សមួយចំនួន ជាពិសេសពួកផារិស៊ីដែលគិតថាខ្លួនឯងសុចរិត បានបដិសេធសារលិខិតរបស់ទ្រង់ ហើយបានប្រកាសយ៉ាងក្លាហានថា ពួកគេជាកូនចៅរបស់អ័ប្រាហាំ ដោយបង្កប់ន័យថា ពូជពង្សរបស់ពួកគេនឹងផ្តល់ឲ្យពួកគេនូវឯកសិទ្ធិពិសេសនៅក្នុងព្រះនេត្ររបស់ព្រះ ។ គំនិតនោះបានដឹកនាំពួកគេឲ្យពឹងផ្អែកលើការយល់ដឹងរបស់ពួកគេផ្ទាល់ ហើយមិនជឿនូវអ្វីដែលព្រះអង្គសង្គ្រោះកំពុងបង្រៀនឡើយ ។ ប្រតិកម្មរបស់ពួកផារិស៊ីចំពោះព្រះយេស៊ូវគឺជាភស្ដុតាងយ៉ាងច្បាស់ថា អាកប្បកិរិយាដែលឥតកោតក្រែងរបស់ពួកគេ ធ្វើឲ្យចិត្តពួកគេមិនទទួលយកព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ និងការបង្រៀនរបស់ព្រះឡើយ ។ ជាការឆ្លើយតប ព្រះយេស៊ូវបានប្រកាសដោយព្រះប្រាជ្ញាញាណ និងដោយអង់អាចថា បើពួកគេជាកូនចៅពិតនៃសេចក្តីសញ្ញារបស់អ័ប្រាហាំ នោះពួកគេនឹងធ្វើកិច្ចការរបស់អ័ប្រាហាំ ជាពិសេសដោយពិចារណាថា ព្រះនៃអ័ប្រាហាំកំពុងឈរនៅចំពោះមុខពួកគេ ហើយបង្រៀនពួកគេនូវសេចក្តីពិតនៅពេលនោះ ។
បងប្អូនប្រុសស្រី ដូចដែលបងប្អូនអាចមើលឃើញ ដោយការធ្វើតាមកាយសម្ព័ន្ធផ្លូវចិត្តទាំងនេះនៃការ « ធ្វើអ្វីដែលល្អសម្រាប់ខ្ញុំ » ធៀបនឹង « គាប់ដល់ព្រះហឫទ័យទ្រង់ » មិនមែនជានិន្នាការថ្មីដែលប្លែកសម្រាប់សម័យរបស់យើងនោះទេ ។ វាជាចិត្តគំនិតចាស់កំរិលដែលមនុស្សបានគិតបែបនេះរាប់សតវត្សរ៍មកហើយ ហើយជារឿយៗធ្វើឲ្យអ្នកដែលគិតថាខ្លួនឯងឈ្លាសវៃនោះពុំទទួលយកសេចក្តីពិតឡើយ ហើយធ្វើឲ្យបុត្រាបុត្រីរបស់ព្រះជាច្រើននាក់ច្របូកច្របល់ និងហត់នឿយ ។ តាមពិត គំនិតនេះគឺជាល្បិចចាស់របស់មារសត្រូវ វាគឺជាផ្លូវបញ្ឆោតដែលនាំបុត្រាបុត្រីរបស់ព្រះយ៉ាងប្រុងប្រយ័ត្នចេញពីផ្លូវនៃសេចក្តីសញ្ញាពិត និងស្មោះត្រង់ ។ ខណៈដែលកាលៈទេសៈផ្ទាល់ខ្លួនដូចជាហ្សែន ភូមិសាស្ត្រ និងឧបសគ្គខាងផ្លូវកាយ និងផ្លូវចិត្តមានឥទ្ធិពលលើដំណើររបស់យើងក៏ពិតមែន នៅក្នុងអ្វីៗដែលសំខាន់បំផុតនោះគឺយើងមានសមត្ថភាព និងសេរីភាពក្នុងការជ្រើសរើស ថាតើយើងនឹងសម្រេចចិត្តធ្វើតាមគំរូដែលព្រះអម្ចាស់បានរៀបចំសម្រាប់ជីវិតរបស់យើងឬអត់ ។ ពិតណាស់ « ទ្រង់បានគូសដាន ហើយដឹកនាំផ្លូវ ហើយទ្រង់បានបង្ហាញ [ ឲ្យរក ] » ។
ក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទ យើងចង់ដើរតាមផ្លូវដែលទ្រង់បានគូសដានសម្រាប់យើងក្នុងអំឡុងពេលនៃការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ។ យើងមិនត្រឹមតែចង់ធ្វើតាមព្រះហឫទ័យទ្រង់ និងអ្វីៗដែលគាប់ព្រះហឫទ័យទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែព្យាយមធ្វើឲ្យដូចជាទ្រង់ផងដែរ ។ នៅពេលយើងព្យាយាមដើម្បីពិតចំពោះគ្រប់សេចក្តីសញ្ញាដែលយើងបានចុះ និងរស់នៅតាម « គ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះ » យើងនឹងត្រូវបានការពារពីការធ្លាក់ខ្លួនជាជនរងគ្រោះនៃអំពើបាប និងកំហុសនៃពិភពលោក—កំហុសនៃទស្សនវិជ្ជា និងគោលលទ្ធិដែលនឹងនាំយើងចេញឆ្ងាយពីកែវមុក្តាដ៏មានតម្លៃបំផុតនោះ ។
ខ្ញុំត្រូវបានបំផុសគំនិតផ្ទាល់ខ្លួនដោយរបៀបដែលការចុះចូលខាងវិញ្ញាណចំពោះព្រះបានជះឥទ្ធិពលដល់ជីវិតរបស់សិស្សដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទ នៅពេលពួកគេបានជ្រើសរើសធ្វើកិច្ចការទាំងនោះដែលមានប្រយោជន៍ និងជាទីគាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់ ។ ខ្ញុំស្គាល់យុវជនម្នាក់ដែលមិនមានការតាំងចិត្តអំពីការទៅបំពេញបេសកកម្ម ប៉ុន្តែបានទទួលអារម្មណ៍បំផុសគំនិតឲ្យទៅបម្រើព្រះអម្ចាស់ នៅពេលគាត់បានស្តាប់អ្នកដឹកនាំរៀមច្បងនៃសាសនាចក្រចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនរបស់គាត់ និងបទពិសោធន៍ដ៏ពិសិដ្ឋនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។
តាមសម្ដីរបស់គាត់ យុវជនរូបនេះ ដែលឥឡូវជាអ្នកដែលត្រឡប់មកពីផ្សព្វផ្សាយសាសនាវិញ បាននិយាយថា ៖ « នៅពេលខ្ញុំបានស្តាប់ទីបន្ទាល់របស់សាវកនៃព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ខ្ញុំបានទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះខ្ញុំ ហើយខ្ញុំចង់ចែកចាយសេចក្ដីស្រឡាញ់នោះជាមួយអ្នកដទៃ ។ នៅពេលនោះ ខ្ញុំបានដឹងថាខ្ញុំគួរតែបម្រើបេសកកម្ម ទោះបីជាមានការភ័យខ្លាច ការសង្ស័យ និងកង្វល់ក៏ដោយ ។ ខ្ញុំមានអារម្មណ៍ជឿជាក់យ៉ាងខ្លាំងលើពរជ័យ និងការសន្យារបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ ថ្ងៃនេះខ្ញុំជាមនុស្សថ្មី ខ្ញុំមានទីបន្ទាល់ថាដំណឹងល្អនេះគឺពិត ហើយថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្ដារឡើងវិញនៅលើផែនដី » ។ យុវជនរូបនេះបានជ្រើសរើសផ្លូវរបស់ព្រះអម្ចាស់ ហើយបានក្លាយជាគំរូនៃសិស្សដ៏ពិតម្នាក់ក្នុងគ្រប់ទិដ្ឋភាព ។
យុវនារីដ៏ស្មោះត្រង់ម្នាក់បានសម្រេចចិត្តមិនបន្ទាបបទដ្ឋានរបស់នាង នៅពេលគេស្នើនាងឲ្យស្លៀកពាក់មិនសមរម្យដើម្បីតម្រូវតាមផ្នែកនៃអាជីវកម្មក្រុមហ៊ុនច្នៃម៉ូដសម្លៀកបំពាក់ដែលនាងបានបម្រើការនោះ ។ ដោយយល់ដឹងថា រូបកាយរបស់នាងគឺជាអំណោយទានដ៏ពិសិដ្ឋពីព្រះវរបិតាសួគ៌របស់យើង និងជាកន្លែងដែលព្រះវិញ្ញាណអាចគង់នៅ នោះនាងត្រូវបានជំរុញឲ្យរស់នៅតាមបទដ្ឋានដែលខ្ពស់ជាងបទដ្ឋានរបស់លោកិយ ។ នាងមិនត្រឹមតែទទួលបានទំនុកចិត្តពីអ្នកដែលបានឃើញនាងរស់នៅតាមសេចក្ដីពិតនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែនាងក៏បាននៅរក្សាការងារ ទោះជាមានការគំរាមកំហែងមួយរយៈពេលខ្លីក្តី . ឆន្ទៈរបស់នាងក្នុងការធ្វើអ្វីដែលគាប់ព្រះហឫទ័យចំពោះព្រះអម្ចាស់ ជាជាងអ្វីដែលពិភពលោកពេញចិត្ត បានផ្តល់ទំនុកចិត្តលើសេចក្តីសញ្ញារបស់នាងចំពេលត្រូវធ្វើការជ្រើសរើសដ៏លំបាក ។
បងប្អូនប្រុសស្រី យើងតែងតែប្រឈមមុខនឹងការសម្រេចចិត្តស្រដៀងគ្នានេះនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងជានិច្ច ។ វាត្រូវការដួងចិត្តដែលក្លាហាន និងពោរពេញដោយឆន្ទៈដើម្បីឈប់ ហើយធ្វើការវាយតម្លៃខ្លួនយើងដោយស្មោះត្រង់ និងស្លូតបូត ដើម្បីទទួលស្គាល់នូវភាពទន់ខ្សោយទាំងឡាយដែលអាចរារាំងការជ្រើសរើសដោយស្ម័គ្រស្មោះរបស់យើងក្នុងការចុះចូលចំពោះព្រះ ហើយនៅទីបំផុតសម្រេចចិត្តទទួលយករបៀបរបស់ទ្រង់ជាជាងរបៀបរបស់យើង ។ ការសាកល្បងចុងក្រោយនៃភាពជាសិស្សរបស់យើង គឺមាននៅក្នុងឆន្ទៈរបស់យើងក្នុងការលះបង់ និងការបំភ្លេចអតីតរបស់យើង ហើយដាក់ចិត្ត និងព្រលឹងរបស់យើងចំពោះព្រះ ដើម្បីឲ្យព្រះឆន្ទៈរបស់ទ្រង់ក្លាយជារបស់យើង ។
គ្រាដ៏រុងរឿងបំផុតមួយនៃជីវិតរមែងស្លាប់កើតឡើងនៅពេលយើងរកឃើញអំណរដែលកើតមាននៅពេលដែលយើងតែងតែធ្វើកិច្ចការទាំងឡាយដែល « ដំណើរការសម្រាប់ និងគាប់ព្រះហឫទ័យព្រះអម្ចាស់ » និង « អ្វីដែលដំណើរការសម្រាប់យើង » ក្លាយជាតែមួយ និងដូចគ្នា ! ដើម្បីធ្វើតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ដោយមិនបដិសេធ និងដោយគ្មានការសង្ស័យ តម្រូវឲ្យមានភាពជាសិស្សដ៏អស្ចារ្យ និងប្រកបដោយវីរភាព ! នៅពេលដ៏វិសេសវិសាលនោះ យើងប្រែក្លាយជាបរិសុទ្ធចំពោះព្រះអម្ចាស់ ហើយយើងលះបង់ឆន្ទៈរបស់យើងទាំងស្រុងថ្វាយទ្រង់ ។ ការចុះចូលខាងវិញ្ញាណបែបនេះ បើនិយាយទៅគឺស្រស់ស្អាត ពេញដោយឥទ្ធិពល និងការផ្លាស់ប្តូរ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ដល់បងប្អូនថា ការធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ក្នុងជីវិតរបស់យើង នឹងអាចឲ្យយើងរកឃើញកែវមុក្ដាដ៏មានតម្លៃបំផុតក្នុងពិភពលោក—គឺនគរស្ថានសួគ៌ ។ ខ្ញុំសូមអធិស្ឋានថា យើងម្នាក់ៗតាមពេលវេលា និងវេនរបស់យើង នឹងអាចប្រកាសដោយទំនុកចិត្តលើសេចក្តីសញ្ញាចំពោះព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទថា « អ្វីដែលដំណើរការសម្រាប់ទ្រង់ នឹងដំណើរការសម្រាប់ខ្ញុំ » ។ ខ្ញុំថ្លែងការណ៍ទាំងនេះ នៅក្នុងព្រះនាមនៃព្រះអង្គសង្រ្គោះ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។