សន្និសីទទូទៅ
ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


10:50

ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់

នៅពេល​យើង​មិនអើពើ​នឹង​ការរំខាន​នៃ​ពិភពលោក ហើយ​ផ្តោត​លើ​ព្រះគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​ត្រូវបាន​ធានាថា​ទទួល​បាន​ជោគជ័យ ។

ក្នុងឆ្នាំ​១៩៩៦ ក្រុម​បាល់ទាត់​ផ្នែក​បុរស​របស់​ប្រទេស​នីហ្សេរីយ៉ា បានឈ្នះ​មេដាយមាស​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ ដែល​បានប្រកួត​នៅទីក្រុង​អាត្លង់តា សហរដ្ឋ​អាមេរិក ។ ​នៅពេល​វគ្គផ្តាច់​ព្រ័ត្រ​បាន​បញ្ចប់ ហ្វូង​មនុស្ស​ដ៏រីករាយ​បាន​ប្រញាប់ប្រញាល់​ទៅកាន់​ដងផ្លូវ​នៃ​ទីក្រុង​តូចធំ​នីមួយៗ​នៅក្នុង​ប្រទេស​នីហ្សេរីយ៉ា ។ ប្រទេស​ដែលមាន​ប្រជាជន ១១០ លាន​នាក់​ ​បាន​ប្រែក្លាយ​ទៅជា​ការប្រារព្ធ​មហា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយនៅម៉ោង ២ អធ្រាត្រ ! បរិយាយកាស​ពោរពេញ​ទៅដោយ​ក្តីរីករាយ សុភមង្គល និង​ក្តីរំភើប​នៅពេល​ប្រជាពលរដ្ឋ​បរិភោគ ច្រៀង និង​រាំកំសាន្ត ។ នៅគ្រានោះដែល​ប្រទេស​នីហ្សេរីយ៉ា​បានរួបរួមគ្នា ហើយ​ជនជាតិ​នីហ្សេរីយ៉ា​គ្រប់រូប​មាន​មោទនភាព​ក្នុងនាម​ជាជនជាតិ នីហ្សេរីយ៉ា ។

មុនពេល​ការប្រកួត​កម្មវិធី​អូឡាំពិក ក្រុមបាល់ទាត់នេះ​បានប្រឈម​មុខ​នឹង​បញ្ហា​​ជាច្រើន ។ នៅពេល​ការប្រកួត​ចាប់ផ្តើម ជំនួយគាំទ្រ​ផ្នែកហិរញ្ញវត្ថុ​របស់​ពួកគេ​​អស់រលីង ។ ក្រុមកីឡាករ​បាន​ប្រកួត​ដោយ​គ្មាន​សម្ភារកីឡា កន្លែង​ហ្វឹកហាត់ អាហារ​ និង​សេវាកម្ម​បោកអ៊ុត​ត្រឹមត្រូវ ។

ក្រុម​កីឡាករ​បាល់ទាត់នីហ្សេរីយ៉ា​ជាមួយនឹងមេដាយមាស

រូបថត​មកពី Jerome Prevost/Getty Images

មកដល់​ចំណុច​មួយ​ ពួក​គេ​នៅ​សល់​ពេល​ប៉ុន្មាន​នាទី​ចុងក្រោយពីការប្រកួត​ជម្រុះ​ ប៉ុន្តែ​ក្រុម​នីហ្សេរីយ៉ា បានយក​ជ័យជម្នះ​ទប់ទល់​នឹង​ក្រុម​ទាំងអស់ ។ ជ័យជម្នះ​ដ៏សំខាន់​នេះ​បានធ្វើ​ឲ្យ​កីឡាករ​ទាំងអស់​ផ្លាស់ប្តូរ​ទស្សនៈ​វិស័យ​ចំពោះ​ខ្លួនឯង ។ ជាមួយ​នឹង​ជំនឿ​ចិត្ត​ដែល​ទើប​រកឃើញ ក្នុងនាមជា​កីឡាករ​ម្នាក់ៗ និងជា​ក្រុម​ទាំងមូល ខិតខំយ៉ាងខ្លាំង មាន​សាមគ្គីភាព និង​ការប្តេជ្ញា​ចិត្ត​យ៉ាងមុតមាំ នោះ​ពួកគេ​បាន​រួបរួមគ្នា​មិន​អើពើ​នឹង​ការរំខាន​ជាច្រើន ហើយ​ផ្តោត​តែ​លើ​ជ័យជម្នះ ។ ការផ្តោត​អារម្មណ៍​នេះ​ធ្វើ​ឲ្យ​ពួកគេ​ឈ្នះ​មេដាយមាស ហើយ​ជនជាតិ​នីហ្សេរីយ៉ា​បានដាក់​រហ័សនាម​ក្រុម​ពួកគេ​ថា « Dream Team » ។ ក្រុម Dream Team នៅកីឡា​អូឡាំពិក ឆ្នាំ​១៩៩៦ នៅតែ​បន្ត​លើកឡើង​នៅក្នុង​វិស័យកីឡា​របស់​ប្រទេស​នីហ្សេរីយ៉ា ។

ក្រុម​​កីឡាករ Dream Team នីហ្សេរីយ៉ា

រូបថត​មកពី David Cannon/Allsport/Getty Images

នៅពេល​ក្រុម​បាល់ទាត់​បាន​រៀន​ពីការ​មិនអើពើ​នឹង​ការរំខាន​នានា​ដែល​ពួកគេ​ប្រឈមមុខ ហើយ​ផ្តោត​លើគោលដៅ​របស់​ពួកគេ នោះ​ពួកគេ​ទទួល​បាន​ជ័យជម្នះ លើសពី​ការរំពឹង​ទុក—ហើយ​ទទួល​បានបទពិសោធន៍​នៃអំណរ ។ ( ដូច​យើង​ទាំងអស់​គ្នា​នៅក្នុង​ប្រទេស​នីហ្សេរីយ៉ា​ដែរ ! )

តាម​របៀប​ស្រដៀង​គ្នា​នេះដែរ នៅពេល​យើង​មិនអើពើ​នឹង​ការរំខាន​នៃ​ពិភពលោក ហើយ​ផ្តោត​លើ​ព្រះគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​ត្រូវបាន​ធានាថា​ទទួល​បាន​ជោគជ័យ លើសពី​ការរំពឹង​ទុក—ហើយ​អាចមាន​អំណរ​ដ៏មហិមា ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ពេល​ជីវិត​របស់​យើង​ផ្តោត​លើ … ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អំណរ​មិនថា​មាន​អ្វី​កំពុង​កើត​ឡើង—ឬ​មិន​កើត​ឡើង—នៅក្នុង​ជីវិត​យើង​នោះ​ទេ » ។

ខ្ញុំ​សូម​អធិស្ឋាន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ម្នាក់ៗ​ឲ្យស្តាប់តាម​ការអញ្ជើញ​របស់​ប្រធាន ណិលសុន ដោយ​ផ្តោត​ជីវិត​របស់​យើង​លើ « ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ » ដើម្បី​យើង​អាច​ដក​បទពិសោធន៍​នៃ​អំណរ​នៅក្នុង​ព្រះគ្រីស្ទ « ដោយ​មិនគិត​ពីអ្វី​ដែល​កំពុង​កើត​ឡើង—ឬ​មិន​កើត​ឡើង—នៅក្នុង​ជីវិត​របស់យើង​នោះទេ ។ 

មាន​ដំណើររឿង​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ​មរមន​ពិពណ៌នា​អំពី​បុគ្គល​ទាំងឡាយ​ដែលបាន​ផ្លាស់ប្តូរ​ជីវិត​របស់​ពួកគេ​ដោយ​ផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

សូមពិចារណា​អំពី​អាលម៉ា​ជា​កូន លោក​បាន​បះបោរ ហើយ​ប្រយុទ្ធ​ប្រឆាំង​នឹង​សាសនាចក្រ ។ អាលម៉ា​ជាឪពុក​របស់​លោក បាន​អធិស្ឋាន និង​តមអាហារ ។ ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ ហើយ​បាន​មាន​បន្ទូល​ប្រាប់​​ឲ្យ​អាលម៉ា​ជាកូន​ប្រែចិត្ត ។ ក្នុង​គ្រានោះ អាលម៉ា​បាន​ចាប់​ផ្តើម​រងទុក្ខ « ដោយ​ការ​ឈឺ​ចាប់​នៃ​ព្រលឹង​ដែល​ជាប់​ទោស » នៅក្នុង​គ្រា​ដ៏ងងឹត​ទាំងនេះរបស់​លោក នោះ​លោកបាន​ចងចាំ​ការបង្រៀន​របស់​ឪពុក​លោក ថា​ព្រះគ្រីស្ទ​នឹង​យាងមក​ដើម្បី​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើ​បាប​នៃ​ពិភពលោក​នេះ ។ ពេល​ចិត្តរបស់​លោក​នឹក​គិត​ទៅ​លើរឿងនេះ លោកបាន​ទូល​អង្វរ​ដល់​ព្រះ​សូម​សេចក្តី​មេត្តា ។ ជាលទ្ធផល​លោក​ទទួលបាន​អំណរ​មកវិញ ជាអំណរ​ដែល​លោក​បាន​ពិពណ៌នា​ថា​ល្អវិសេស​ណាស់ ! សេចក្តី​មេត្តាករុណា និង​អំណរ​ដែល​អាលម៉ា​បាន​ទទួល ដោយសារ​លោក​​ និងឪពុក​របស់​លោក​បានផ្តោត​លើ​ព្រះអង្គ​សង្គ្រោះ ។

សម្រាប់​ឪពុក​ម្តាយ​ដែលមាន​កូនៗ ដែល​បានដើរ​វង្វេង សូមយក​ចិត្ត​ទុកដាក់ ! ជំនួស​ឲ្យ​ការងឿងឆ្ងល់​ថា ហេតុ​អ្វីបាន​ជា​ទេវតា​មិនមក​ជួយ​កូន​របស់​បងប្អូន​ឲ្យ​ប្រែចិត្ត សូម​ជ្រាប​ថា​ព្រះអម្ចាស់​បានដាក់​ទេវតា​នៅលើ​ផ្លូវ​របស់​គាត់​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ៖ មាន​ដូចជា​ប៊ីស្សព អ្នកដឹកនាំ​ក្នុង​ព្រះវិហារ ឬ​បងប្អូន​ប្រុសស្រី​ដែលធ្វើ​ការងារ​បម្រើ​ផ្សេង​ទៀត ។ ប្រសិនបើ​បងប្អូន​បន្ត​តមអាហារ ហើយ​អធិស្ឋាន ។ ប្រសិនបើ​បងប្អូន​មិន​ព្យាយាម​កំណត់​ពេលវេលា ឬ​ដាក់កាលបរិច្ឆេទ​សម្រាប់​ព្រះ ហើយ​ប្រសិនបើ​បងប្អូនជឿជាក់​ថា ព្រះអម្ចាស់​កំពុង​លាត​ព្រះហស្ត​របស់​ទ្រង់​ដើម្បី​ជួយ​ដល់​កូន​របស់​បងប្អូន នោះ—មិនយូរ​មិនឆាប់​—បងប្អូន​នឹងមើល​ឃើញ​ឥទ្ធិពល​របស់​ព្រះ​ប៉ះដួង​ចិត្ត​កូន​របស់​បងប្អូន​មិន​ខានឡើយ នៅពេលកូន​របស់​បងប្អូន​ជ្រើស​រើស​ស្តាប់តាម ។ ការផ្លាស់ប្តូរ​ក្នុង​ដួងចិត្ត​នេះ​ដោយសារ​តែ​ព្រះគ្រីស្ទ​គឺជា​សេចក្តីអំណរ—ព្រះគ្រីស្ទ​គឺជា​ទីសង្ឃឹម ទ្រង់​ជា​សេចក្តី​សន្យា​ « ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក » ដូច្នេះ សូម​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​កូន​របស់​បងប្អូន ព្រោះ​ទ្រង់​ជាកម្លាំង​សម្រាប់​ឪពុក​ម្ដាយ​គ្រប់រូប និង​កូន​គ្រប់រូប ។

នៅពេល​លោក​បាន​ដកពិសោធន៍​នូវ​អំណរ​ក្នុង​ព្រះគ្រីស្ទ អាលម៉ា​ជាកូន​បាន​រស់នៅ​ក្នុង​អំណរ​នោះ ។ ប៉ុន្តែ​តើ​លោក​រក្សា​សេចក្តី​អំណរ​នេះ​ដោយរបៀបណា​ដើម្បី​ឆ្លងកាត់​ការលំបាក និង​ការសាកល្បង ? លោក​មាន​ប្រសាសន៍ ៖

« មែន​ហើយ ចាប់​តាំង​ពី​ពេល​នោះ មក​ដល់​ពេល​ឥឡូវ​នេះ ឪពុក​បាន​ធ្វើ​ការ​មិន​ឈប់​ឈរ [ ដើម្បី ]​ឪពុក​អាច​នាំ​មនុស្ស​ឲ្យ​ប្រែ​ចិត្ត ដើម្បី​ឪពុក​អាច​នាំ​គេ​ឲ្យ​ភ្លក់​នូវ​សេចក្ដី​អំណរ​ដ៏​លើសលប់ ដូចដែល​ឪពុក​ធ្លាប់​បាន​ភ្លក់ ។ …

…មែនហើយ … ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ឲ្យ​ឪពុក​នូវ​សេចក្ដី​អំណរ​ដ៏​ធំ​លើសលប់ ដែល​ជា​លទ្ធផល​នៃ​ការងារ​ទាំង​ឡាយ​របស់​ឪពុក​ ។ …

ហើយ​ឪពុក​បាន​ទទួល​ការ​គាំទ្រ នៅក្នុងគ្រប់​ការ​សាកល្បង និង​វិបត្តិ​គ្រប់​ប្រការ » ។

សេចក្តី​អំណរ​ក្នុង​ព្រះគ្រីស្ទ​របស់​អាលម៉ា​បាន​ចាប់ផ្តើម នៅពេល​ដែល​លោក​បាន​អនុវត្ត​សេចក្តី​ជំនឿ​លើ​ទ្រង់ និង​បាន​អំពាវនាវ​សូម​សេចក្តី​មេត្តា ។ បន្ទាប់មក អាលម៉ា​បាន​អនុវត្ត​សេចក្តី​ជំនឿ​របស់​លោក​លើ​ព្រះគ្រីស្ទ​ដោយ​ខំ​ធ្វើការ​ ដើម្បី​ជួយ​អ្នកដទៃ​ភ្លក់​រសជាតិ​នៃ​អំណរ​នោះ​ដូចគ្នា ។ ការខំ​ធ្វើការ​ឥតឈប់ឈរ​ទាំងនេះ បាន​ធ្វើ​ឲ្យ​អាលម៉ា​មាន​សេចក្តី​អំណរ​ដ៏មហិមា សូម្បីតែ​នៅក្នុង​គ្រប់​ការ​សាកល្បង និង​វិបត្តិ​គ្រប់​ប្រការ ។ បងប្អូន​ឃើញទេ « ព្រះអម្ចាស់​សព្វព្រះទ័យ​នឹង​ការខិតខំ » ហើយ​ការខិតខំ​ដែល​បាន​ផ្តោត​លើទ្រង់​នាំមក​នូវ​ពរជ័យ ។ សូម្បី​តែ​ការសាកល្បង​ធ្ងន់ធ្ងរ​ក៏ « ត្រូវ​បាន​លេប​ទៅ​ក្នុង​សេចក្ដី​អំណរ​នៃ​ព្រះ​គ្រីស្ទ » ដែរ

មនុស្ស​មួយ​ក្រុម​ទៀត​នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​បាន​ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​ពួកគេ និង​បាន​រកឃើញ​សេចក្តី​អំណរ គឺជា​អ្នក​ដែលបាន​បង្កើត​ទីក្រុង​ហេឡាម—ជាកន្លែង​ដែល​ពួកគេ​អាច​ចិញ្ចឹមបីបាច់​កូនៗ​របស់​ពួកគេ ហើយ​រីករាយ​នឹង​សេរីភាព​ក្នុង​ការអនុវត្ត​តាម​សាសនា​របស់​ពួកគេ ។ ប៉ុន្តែ​មនុស្ស​សុចរិត​ដែល​រស់នៅ​ក្នុងជីវិត​ល្អ​នេះ ត្រូវ​បាន​ចាប់​ធ្វើ​ជា​ទាសករ​ដោយ​ពួកក្រុម​ដែល​បោកប្រាស់ ហើយ​បាន​ដកហូត​មូលដ្ឋានគ្រឹះ នៃ​សិទ្ធិ​សេរីភាព​ក្នុង​ការ​អនុវត្ត​តាម​សាសនា ។ ជួនកាល រឿង​អាក្រក់​កើតឡើង​ចំពោះ​មនុស្ស​ល្អ ។

« ព្រះ​អម្ចាស់​ទ្រង់​យល់​ឃើញ​ថា​ល្មម​ប្រដៅ​រាស្ត្រ​ទ្រង់ មែន​ហើយ ទ្រង់​បាន​សាកល្បង​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​របស់​ពួក​គេ ។

« ក៏​ប៉ុន្តែ—អស់​អ្នក​ណា​ដែល​ដាក់​ទី​ទុក​ចិត្ត​របស់​ខ្លួន​ទៅ​លើ​ទ្រង់ អ្នក​នោះ​ហើយ​ដែល​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ។ មែន​ហើយ ចំពោះ​រាស្ត្រ​នេះ គឺ​ដូច្នោះ​ឯង ។

តើ​ប្រជាជន​នេះ​ស៊ូទ្រាំ​ឆ្លងកាត់​ការសាកល្បង និង​ការរងទុក្ខ​របស់​ពួកគេ​ដោយ​របៀបណា ? ដោយ​តាមរយៈ​ការផ្តោត​លើ​ព្រះគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ បញ្ហា​របស់​ពួកគេ​មិន​បាន​រារាំង​ពួកគេ​ទេ ផ្ទុយទៅវិញ ពួកគេ​បែរ​ទៅរក​ព្រះ ដោយ​ទំនងជា​ពួកគេ​បាន​ស្គាល់​ខ្លួន​ពួកគេ​ថា ជាបុត្រ​របស់​ព្រះ គឺជា​បុត្រ​នៃ​សេចក្តី​សញ្ញា និង​ជាសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​ពួកគេ​ចងចាំ​ថា​ពួកគេ​ជានរណា ហើយ​បាន​អំពាវនាវ​ទូលសូម​ព្រះ នោះ​ពួកគេ​បាន​ទទួល​ភាពសុខសាន្ត កម្លាំង និង​អំណរ​ដ៏គ្មាន​ទីបញ្ចប់​នៅក្នុង​ព្រះគ្រីស្ទ ៖

« អាលម៉ា និង​ប្រជាជន​របស់​លោក … បាន​ថ្វាយ​ដួង​ចិត្ត​គេ​ដល់​[ ព្រះ ]​វិញ ហើយ​ទ្រង់​បាន​ជ្រាប​នូវ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​គេ ។

«ហើយ​ហេតុការណ៍​បាន​កើតឡើងថា សំឡេង​នៃ​ព្រះអម្ចាស់​បន្លឺ​មកគេ ក្នុង​សេចក្តី​វេទនា​របស់គេ​ថា ៖ ចូរ​ងើប​ក្បាល​ឡើង ហើយ​ចូរ​ក្សាន្ត​ចិត្ត​ចុះ ព្រោះ​យើង​ដឹងនូវ​សេចក្ដីសញ្ញា ដែល​អ្នករាល់គ្នា​បានធ្វើ​ជាមួយនឹង​យើង ហើយ​យើង​នឹងធ្វើ​សេចក្ដីសញ្ញា​ជាមួយនឹង​រាស្ត្រ​យើង ហើយ​នឹង​ដោះ​ពួកគេ​ឲ្យរួច​ផុតពី​សេវកភាព » ។

នៅក្នុង​ការឆ្លើយតប ព្រះអម្ចាស់​បាន « សម្រាល​បន្ទុក …​ទាំង​ឡាយ​ដែល​ដាក់​នៅ​លើ​ស្មា​[ របស់​ពួកគេ ]​ផង ។… មែនហើយ ព្រះអម្ចាស់​ទ្រង់​បាន​ចម្រើន​កម្លាំង​ឲ្យ​គេ ដើម្បី​ឲ្យ​គេ​អាច​ទ្រ​បន្ទុក​ទាំងឡាយ​របស់​គេ​បាន​ដោយ​ងាយ ហើយ​ពួកគេ​បាន​ធ្វើតាម អស់ទាំង​ព្រះហឫទ័យ​នៃ​ព្រះអម្ចាស់ ដោយ​ការរីករាយ និង​ដោយ​ការអត់ធន់ ។ សូម​កត់ចំណាំ​ថា ពួក​បរិសុទ្ធ​ទាំង​នេះ​ទុកឲ្យ​ទុក្ខលំបាក ការរងទុក្ខ និង​ការសាកល្បង​របស់​ពួកគេ​ត្រូវបាន​លេប​បាត់​នៅក្នុង​សេចក្តី​អំណរ​នៃ​ព្រះគ្រីស្ទ ! បន្ទាប់មក នៅពេល​កំណត់​មកដល់​ទ្រង់​បាន​បង្ហាញ​អាលម៉ា នូវ​វិធី​ដើម្បី​គេចចេញ ហើយ​អាលម៉ា—ដែល​ជាព្យាការី​នៃព្រះ—បាន​ដឹកនាំ​ពួកគេ​ទៅទី​សុវត្ថិភាព ។

នៅពេល​យើង​ផ្តោត​លើ​ព្រះគ្រីស្ទ និង​ធ្វើតាម​ព្យាការី​របស់​ទ្រង់ នោះ​យើង​ក៏ត្រូវ​បាន​ដឹកនាំ​ទៅរក​ព្រះគ្រីស្ទ និង​ទៅរក​អំណរ​នៃ​ដំណឹងល្អ​របស់​ទ្រង់​ផងដែរ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀនថា « អំណរ​គឺជា​អំណាច ហើយ​ការផ្តោត​លើ​អំណរ​នោះ​នាំ​ព្រះចេស្តា​របស់​ព្រះ​ចូលមក​ក្នុង​ជីវិត​យើង ។ ដូច​នៅក្នុង​គ្រប់រឿង​ទាំងអស់ដែរ ព្រះយេស៊ូវ​គ្រីស្ទ​គឺជាគំរូ​ដ៏អស្ចារ្យ​បំផុត ‹ ដែល​ទ្រង់បានរង​ទ្រាំ​នៅឈើឆ្កាង › [ ហេព្រើរ ១២:២ ] »

ម្តាយ​របស់​អែលឌើរ អេហ្គបូ
អែលឌើរ អេហ្គបូ ជាមួយនឹង​ម្តាយ​របស់លោក

ម្តាយ​របស់​ខ្ញុំ​ទើប​តែ​បាន​ទទួល​មរណភាព នាពេល​ថ្មីៗ​នេះ​វាជា​ការ​តក់ស្លុត​ណាស់ ។ ខ្ញុំ​ស្រលាញ់​ម្តាយ​របស់ខ្ញុំ ហើយ​មិន​រំពឹង​ថា​បាត់​បង់​គាត់​ទាំង​នៅ​ក្មេង​ដូច្នេះ​ទេ ។ ប៉ុន្តែ​តាមរយៈ​មរណៈភាព​របស់​គាត់ គ្រួសារ​របស់​ខ្ញុំ និង​ខ្ញុំ​ទទួល​បានបទពិសោធន៍​ទាំង​ទុក្ខសោក និង​អំណរ​ផង ។ ខ្ញុំ​ដឹងថា ដោយសារ​ព្រះគ្រីស្ទ នោះ​គាត់​មិនបាន​ស្លាប់​ទេ—គាត់​នៅរស់ ! ហើយ​ខ្ញុំ​ដឹងថា ដោយសារ​ព្រះគ្រីស្ទ និង​កូនសោ​បព្វជិតភាព​ដែលបាន​ស្តារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ នោះ​ខ្ញុំ​នឹង​អាចនៅជាមួយ​គាត់​ម្តងទៀត ។ ទុក្ខសោក​នៃការ​បាត់បង់​ម្តាយ​របស់​ខ្ញុំ​ត្រូវ​បាន​លេបបាត់​ទៅក្នុង​សេចក្តីអំណរ​នៃ​ព្រះគ្រីស្ទ ! ខ្ញុំ​កំពុង​រៀនថា ដើម្បី « គិត​ដល់​សេឡេស្ទាល » និង​ដើម្បី « ទុក​ឲ្យ​ព្រះ​ឈ្នះ » មានរួមបញ្ចូល​ទាំង​ការផ្តោត​លើ​អំណរ​ដែលមាន​នៅក្នុង​ព្រះគ្រីស្ទ​ផងដែរ ។

ទ្រង់​អញ្ជើញ​ដោយក្តីស្រលាញ់ « អស់​អ្នក​ដែល​នឿយព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរមក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក » ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។