សន្និសីទទូទៅ
ការកប់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់យើង
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


13:12

ការកប់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់យើង

សូម​ឲ្យ​យើង​កប់—យ៉ាង​ជ្រៅ​បំផុត—​នូវ​ធាតុ​នៃ​ការបះបោរ​ប្រឆាំង​នឹង​ព្រះ​ក្នុង​ជីវិត​របស់​យើង ហើយ​ជំនួស​វា​ដោយ​ដួងចិត្ត និង​គំនិត​ដែល​ស្ម័គ្រតាម ។

ព្រះគម្ពីរ​មរមន​កត់ត្រា​ថា ប្រមាណជា ៩០ ឆ្នាំ​មុន​ពេល​ការប្រសូត​នៃ​ព្រះគ្រីស្ទ ពួកបុត្រា​នៃ​ស្តេច​ម៉ូសាយ​បានចាប់ផ្តើម​បេសកកម្ម​រយៈពេល ១៤ ឆ្នាំ​ទៅកាន់​ពួក​សាសន៍​លេមិន ។ កិច្ចខិតខំ​មិន​បាន​ជោគជ័យ​ត្រូវ​បានធ្វើ​អស់​ជាច្រើន​ជំនាន់​ដើម្បី​នាំ​ប្រជាជន​លេមិន​ឲ្យ​មាន​ជំនឿ​លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ ទោះជា​យ៉ាង​ណា លើក​នេះ តាមរយៈ​ការជ្រៀត​ចូលរួម​ដ៏​អព្ភូតហេតុ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ពួក​សាសន៍​លេមិន​រាប់​ពាន់​នាក់​បានប្រែចិត្ត​ជឿ ហើយ​បានក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

យើង​អាន​ថា « ហើយ​ប្រាកដ​ដូចជា​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះជន្ម​រស់នៅ ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ ឬ​ក៏​មនុស្ស​ជាច្រើន ដែល​ត្រូវ​បាន​នាំ​មក​ឲ្យ​ស្គាល់​សេចក្ដីពិត តាម​រយៈ​ការផ្សាយ​របស់​អាំម៉ូន និង​បងប្អូន​លោក ស្រប​តាម​វិញ្ញាណ​នៃ​វិវរណៈ និង​វិញ្ញាណ​នៃ​ការព្យាករណ៍ និង​ព្រះចេស្ដា​នៃ​ព្រះ ដែល​សម្ដែង​អព្ភូតហេតុ​នៅ​ក្នុង​ពួកគេ — មែន​ហើយ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ដរាបណា​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះជន្ម​រស់នៅ គឺ​ដរាបណា​មាន​ពួក​លេមិន​ជា​ច្រើន​បាន​ជឿ​តាម​ការផ្សាយ​របស់​គេ ហើយ​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ នោះ​ពួក​គេ​ពុំ​បោះបង់​ចោល​សាសនា​ឡើយ » ។

គន្លឹះ​ដើម្បី​កាន់ខ្ជាប់​នូវ​ការប្រែចិត្តជឿ​នៃ​ប្រជាជន​ទាំងនេះ​គឺ​មាន​នៅក្នុង​ខគម្ពីរ​បន្ទាប់ ៖ « ព្រោះ​ពួកគេ​បានក្លាយ​ទៅ​ជា​ប្រជាជន​មួយ​ដ៏​សុចរិត ពួកគេ​បាន​ដាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​គេ​ចុះ ដែល​កុំ​ឲ្យ​ពួកគេ​ប្រយុទ្ធ​នឹង​ព្រះ ឬ​តតាំង​នឹង​បងប្អូន​របស់​គេ​ទៀត​ឡើយ » ។

សេចក្តីយោង​ចំពោះ « គ្រឿង​សស្រ្តាវុធ​នៃ​ការបះបោរ » នេះ គឺទាំង​ន័យត្រង់ និង​ន័យធៀប ។ វា​មាន​ន័យ​ថា​ដាវ និង​គ្រឿង​សស្រ្តាវុធ​ពិជ័យ​សង្គ្រាម​ផ្សេងទៀត​របស់​ពួកគេ ប៉ុន្តែ​ក៏​តំណាង​ឲ្យ​ការ​មិន​គោរពប្រតិបត្តិ​របស់​ពួកគេ​ចំពោះ​ព្រះ និង​បទបញ្ញត្តិ​របស់​ទ្រង់​ផងដែរ ។

ស្តេច​នៃ​ពួក​សាសន៍​លេមិន​ដែល​បាន​ប្រែចិត្តជឿ​ទាំងនេះ បាន​ថ្លែងដូច​នេះ ៖ « ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​បងប្អូន​ទាំងឡាយ​របស់​យើង​អើយ ការណ៍​ទាំង​អស់​នេះ​ហើយ​ដែល​យើង​រាល់​គ្នា​អាច​ធ្វើ … ដើម្បី​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំងអស់​របស់​យើង និង​អំពើ​ឃាតកម្ម​ជា​ច្រើន ដែល​យើង​បាន​ប្រព្រឹត្ត ហើយ​ដើម្បី​សូម​ឲ្យ​ព្រះ ទ្រង់​ដក​យក​អំពើ​ទាំង​នោះ​ចេញ​ពី​ចិត្ត​របស់​យើងព្រោះ​មាន​តែ​ការណ៍​ទាំងនេះ ហើយ​ដែល​យើង​អាច​ធ្វើ ដើម្បី​ប្រែចិត្ត​ឲ្យ​បាន​ល្មម​គ្រប់គ្រាន់​ចំពោះ​ព្រះ ដើម្បី​ទ្រង់​នឹង ដក​ស្នាម​ប្រឡាក់​របស់​យើង​ចេញ » ។

សូម​កត់ចំណាំ​ព្រះ​បន្ទូល​របស់​ស្តេច—ការប្រែចិត្ត​ដោយ​ស្មោះសរ​របស់​ពួកគេ​មិន​ត្រឹមតែ​នាំ​ឲ្យ​មាន​ការអភ័យទោស​ដល់​អំពើបាប​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះ​ទ្រង់​ក៏​បាន​ដក​ស្នាមប្រឡាក់​នៃ​អំពើបាប​ទាំងនោះ និង​សូម្បីតែ​បំណងប្រាថ្នា​ចង់​ធ្វើ​បាប​ចេញពី​ដួងចិត្ត​ពួកគេ​ផងដែរ ។ ដូច​ដែល​អ្នក​បានដឹង​ហើយ​ថា ជាជាង​ប្រថុយ​នឹង​ការវិល​ត្រឡប់​ទៅកាន់​ស្ថានភាព​ពី​មុន​នៃ​ការបះបោរ​ប្រឆាំង​នឹង​ព្រះ នោះពួកគេ​បាន​កប់​ដាវ​របស់​ពួកគេ ។ ហើយ​នៅពេល​ពួកគេ​បាន​កប់​គ្រឿង​សស្ត្រាវុធ​ជាក់ស្តែង​របស់​ពួកគេ​ដោយ​នូវ​ដួងចិត្ត​ផ្លាស់ប្តូរ ពួកគេ​ក៏​លែង​មាន​បំណង​ចង់​ធ្វើ​អំពើបាប​ទៀត​ដែរ ។

យើង​អាច​សួរ​ខ្លួន​យើង​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ធ្វើ​តាម​លំនាំ​នេះ ក្នុងការ « ដាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ [ របស់យើង ] ចុះ » មិនថា​វា​ជា​អ្វី​នោះ​ទេ ហើយ​ក្លាយជា « ប្រែចិត្តជឿ​[ ដល់ ]​ព្រះអម្ចាស់ » ដើម្បី​ឲ្យ​ស្នាម​ប្រឡាក់​នៃ​អំពើបាប និង​បំណងប្រាថ្នា​ធ្វើ​អំពើបាប ត្រូវបាន​យកចេញ​ពី​ដួងចិត្ត​របស់​យើង ហើយ​យើង​នឹង​ពុំ​បោះបង់​ចោល​ឡើយ ។

ការបះបោរ​អាចជា​ការប្រឆាំង​ដោយ​សកម្ម ឬ​ដោយ​អកម្ម ។ ឧទាហរណ៍​ពី​បុរាណ​នៃ​ការបះបោរ​ដោយ​ចេតនា​គឺ លូស៊ីហ្វើរ ដែល​នៅក្នុង​ពិភព​មុន​ឆាក​ជីវិត​នេះ បាន​ប្រឆាំង​នឹង​ផែនការ​នៃ​សេចក្ដីប្រោសលោះ​របស់​ព្រះវរបិតា ហើយ​បានប្រមូល​អ្នកដទៃ​ឲ្យ​ប្រឆាំង​នឹង​ផែនការ​នេះ​ផងដែរ « ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ជាច្រើន​បានដើរ​តាម​វា ។ វា​មិន​ពិបាក​ដឹង​ពី​ឥទ្ធិពល​នៃ​ការបះបោរ​ជាបន្ត​បន្ទាប់​របស់​វា​នៅក្នុង​ជំនាន់​យើង​ទេ ។

អ្នកប្រឆាំង​ព្រះគ្រីស្ទ​មិន​បរិសុទ្ធ​ទាំង​បី​នាក់​នៅក្នុង​ព្រះគម្ពីរ​មរមន—សេរេម, នីហូរ និង កូរីហូរ—ផ្ដល់​នូវ​ការសិក្សា​ដ៏​ប្រសើរ​នៃ​ការបះបោរ​ប្រឆាំង​នឹង​ព្រះ ។ គំនិត​ចម្បង​របស់​នីហូរ និង​កូរីហូរ គឺថា​គ្មាន​អំពើ​បាប​នោះ​ទេ ដូច្នេះ មិន​ចាំបាច់​មាន​ការប្រែចិត្ត ហើយ​ក៏​គ្មាន​ព្រះអង្គសង្គ្រោះ​ដែរ ។ « មនុស្ស​គ្រប់​រូប​បាន​ចម្រើន​ឡើង ស្រប​តាម​ការឈ្លាសវៃ​របស់​ខ្លួន ហើយ​មនុស្ស​គ្រប់​រូប​ដណ្ដើមយក ស្រប​តាម​កម្លាំង​របស់​ខ្លួន ហើយ​អ្វីៗ​ក៏​ដោយ ដែល​មនុស្ស​បាន​ប្រព្រឹត្ត​គឺ [ មិន ] មាន​ទោស​សោះ » ។ អ្នក​ប្រឆាំង​ព្រះគ្រីស្ទ​បដិសេធ​សិទ្ធិអំណាច​សាសនា ដោយ​កំណត់​លក្ខណៈ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ជា​ការសម្តែង « ដែល​ចែង​មក​ដោយ​ពួក​សង្ឃ​ពី​ដើម​ដើម្បី​ដណ្ដើម​អានុភាព និង​សិទ្ធិអំណាច » ។

វិលលាម ដ័បបុលយូ ហ្វែប្ស

ឧទាហរណ៍​នៅ​សម័យ​ចុងក្រោយ​នៃ​ការបះបោរ​ដោយចេតនា​ដែល​បញ្ចប់​ដោយ​រីករាយ គឺ​ដំណើររឿង​របស់ វិលលាម ដ័បបុលយូ ហ្វែប្ស ។ ហ្វែប្ស​បានចូលរួម​សាសនាចក្រ​ក្នុង​ឆ្នាំ​១៨៣១ ហើយ​ត្រូវបាន​តែងតាំង​ឲ្យ​ធ្វើ​ជា​អ្នក​បោះពុម្ព​របស់​សាសនាចក្រ ។ គាត់​បាន​កែសម្រួល​ការបោះពុម្ពផ្សាយ​របស់​សាសនាចក្រ​សម័យ​ដើម​ជាច្រើន បានសរសេរ​ទំនុកតម្កើង​ជាច្រើន ហើយ​បានបម្រើ​ជា​អ្នក​សរសេរ​ឲ្យ យ៉ូសែប ស្ម៊ីធ ។ គួរ​ឲ្យ​សោកស្ដាយ គាត់​បានប្រឆាំង​នឹង​សាសនាចក្រ និង​ព្យាការី រហូត​ដល់​ថ្នាក់​ផ្តល់​ទីបន្ទាល់​ក្លែងក្លាយ​ប្រឆាំង​នឹង យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​តុលាការ​រដ្ឋ​មិសសួរី ដែល​ជា​ចំណែក​នៅក្នុង​ការជាប់​គុក​របស់​ព្យាការី ។

ក្រោយមក ហ្វែប្ស​បាន​សរសេរ​ទៅ​​យ៉ូសែប សូម​ការអភ័យទោស ។ « ខ្ញុំ​ដឹង​ពី​ស្ថានភាព​របស់ខ្ញុំ លោក​ក៏​បានដឹង ហើយ​ព្រះ​ដឹង ហើយ​ខ្ញុំ​ចង់​បាន​ការសង្គ្រោះ បើ​មិត្តភក្តិ​របស់​ខ្ញុំ​នឹង​ជួយ​ខ្ញុំ » ។

នៅក្នុង​ការឆ្លើយតប​របស់​លោក ព្យាការី​បាន​ថ្លែងថា ៖ « ពិត​ណាស់ យើង​បាន​រងការ​ឈឺចាប់​យ៉ាង​ខ្លាំង​ដោយសារតែ​លទ្ធផល​នៃ​ទង្វើ​របស់​លោក ។… ប៉ុន្តែ ពែង​នោះ​ត្រូវ​បាន​ផឹក​ហើយ ព្រះទ័យ​របស់​ព្រះវរបិតា​ត្រូវ​បាន​សម្រេច ហើយ​ពួកយើង​នៅ​មាន​ជីវិត​នៅ​ឡើយ ។… បងជា​ទី​ស្រឡាញ់​អើយ សង្គ្រាម​បានកន្លង​ហួស​ទៅ​ហើយ មិត្តភក្ដិ​មួយ​ថ្ងៃ គឺ​មិត្តភក្ដិ​មួយ​ជីវិត » ។

ដោយ​បានប្រែចិត្ត​ដោយ​ស្មោះសរ វិលលាម ហ្វែប្ស បានកប់ « គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ » ហើយ​បាន​ទទួល​ការរាប់អាន​ទាំងស្រុង​ម្តងទៀត និង​មិន​ដែល​បោះបង់​ចោល​ម្តងទៀត​ឡើយ ។

ទោះ​ជា​យ៉ាង​ណា ប្រហែលជា​ទម្រង់​នៃ​ការបះបោរ​ប្រឆាំង​នឹង​ព្រះ​ដែល​អាក្រក់​ជាង​នេះ គឺជា​ទម្រង់​អកម្ម​នៃ​ការបះបោរ—ការ​មិន​ខ្វល់ខ្វាយ​នឹង​ព្រះឆន្ទៈ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង ។ មនុស្ស​ជាច្រើន​ដែល​មិន​ដែល​គិត​ពី​ការបះបោរ​ដ៏​សកម្ម ប្រហែលជា​នៅតែ​ប្រឆាំង​នឹង​ព្រះឆន្ទៈ និង​ព្រះបន្ទូល​របស់​ព្រះ ដោយ​ដើរ​តាម​ផ្លូវ​របស់​ពួកគេ​ដោយ​មិន​គិត​ពី​ការដឹកនាំ​ដ៏​ទេវភាព​ឡើយ ។ ខ្ញុំ​នឹកឃើញ​បទចម្រៀង​ដែល​ល្បី​ជាច្រើន​ឆ្នាំ​ហើយ​របស់​តារា​ចម្រៀង ហ្រ្វេង ស៊ីណាត្រា នូវ​ឃ្លា​ដ៏​គួរ​ឲ្យ​យក​មក​គិត « ខ្ញុំ​បាន​ធ្វើ​តាម​របៀប​របស់​ខ្ញុំ » ។ ប្រាកដណាស់ នៅក្នុង​ជីវិត​មាន​កន្លែង​ទំនេរ​ជាច្រើន​សម្រាប់​ចំណូលចិត្ត​ផ្ទាល់ខ្លួន និង​ជម្រើស​ផ្ទាល់ខ្លួន ប៉ុន្តែ​នៅពេល​និយាយ​អំពី​សេចក្ដីសង្គ្រោះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច បាវចនា​បទចម្រៀង​របស់​យើង​គួរតែ​បែប​នេះ « ខ្ញុំ​ធ្វើ​តាម​របៀប​របស់​ព្រះ » ពីព្រោះ​ច្បាស់​ណាស់​គ្មាន​របៀប​ណា​ផ្សេង​ទៀត​ឡើយ ។

សូម​យក​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ទាក់ទង​នឹង​ពិធីបុណ្យ​ជ្រមុជទឹក ។ ទ្រង់​បាន​ទទួល​យក​ពិធីបុណ្យ​ជ្រមុជទឹក ជា​ការបង្ហាញ​ពី​ភក្ដីភាព​ចំពោះ​ព្រះវរបិតា ហើយ​ជា​គំរូ​ដល់​យើង ៖

« ទ្រង់​បង្ហាញ​ដល់​កូន​ចៅ​មនុស្ស​ថា ស្រប​តាម​សាច់​ឈាម ទ្រង់​បន្ទាប​ខ្លួន​ចំពោះ​ព្រះ​វរបិតា ហើយ​ធ្វើ​បន្ទាល់​ដល់​ព្រះ​វរបិតា​ថា ទ្រង់​នឹង​គោរព​ព្រះ​អង្គ ដោយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ​អង្គ ។ …

« ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កូន​ចៅ​មនុស្ស​ថា ៖ ចូរ​អ្នក​រាល់​គ្នា​មក​តាម​យើង ។ ដោយ​ហេតុ​ដូច្នេះ​ហើយ ឱ ! បងប្អូន​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ តើ​ពួកយើង​អាច​ដើរតាម​ព្រះយេស៊ូវ​បាន​ទេ​លើកលែង​តែ​យើង​យល់ព្រម​កាន់តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​នៃ​ព្រះវបិតា​នោះ ? »

គ្មាន « របៀប​របស់​ខ្ញុំ » ទេ ប្រសិនបើ​យើង​ធ្វើតាម​គំរូ​របស់​ព្រះ​គ្រីស្ទ ។ ការព្យាយាម​ស្វែងរក​ផ្លូវ​ផ្សេង​ទៅកាន់​ស្ថានសួគ៌ គឺ​ដូចជា​ភាព​ឥត​ប្រយោជន៍​នៃ​ការធ្វើការ​នៅលើ​ប៉ម​បាបិល ជាជាង​ការមើល​ទៅ​ព្រះគ្រីស្ទ និង​សេចក្តីសង្រ្គោះ​របស់​ទ្រង់ ។

ដាវ និង​គ្រឿង​សស្ត្រាវុធ​ផ្សេងទៀត​ដែល​ពួក​សាសន៍​លេមិន​ប្រែចិត្តជឿ​បានកប់ គឺជា​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ ដោយសារ​របៀប​ដែល​ពួកគេ​បាន​ប្រើ​វា ។ គ្រឿង​សស្ត្រាវុធ​ប្រភេទ​ដូចគ្នា​ទាំងនោះ​នៅក្នុង​ដៃ​កូនប្រុស​របស់​ពួកគេ ដែល​ត្រូវ​បានប្រើ​ក្នុង​ការការពារ​គ្រួសារ និង​សេរីភាព មិន​មែន​ជា​គ្រឿង​សស្ត្រាវុធ​បះបោរ​ប្រឆាំង​នឹង​ព្រះ​នោះ​ឡើយ ។ ដូច​គ្នា​នេះ​គឺជា​សេចក្តីពិត​នៃ​គ្រឿង​សស្ត្រាវុធ​បែប​នោះ​ដែល​នៅក្នុង​ដៃ​របស់​ពួក​សាសន៍​នីហ្វៃ ៖ « គេ​មិន​បាន​ប្រយុទ្ធ​ដើម្បី​រាជាធិបតេយ្យ ឬ​ដើម្បី​អំណាច​ទេ ប៉ុន្តែ … ប្រយុទ្ធ​ដើម្បី​ផ្ទះ​សំបែង​របស់​គេ និង​សេរីភាព​របស់​គេ និង​ប្រពន្ធ​របស់​គេ និង​កូនចៅ​របស់​គេ និង​អ្វីៗ​ទាំងអស់​ដែល​គេ​មាន មែន​ហើយ ដើម្បី​ពិធី​ថ្វាយ​បង្គំ និង​សាសនាចក្រ​របស់​គេ » ។

ក្នុង​របៀប​ដូចគ្នា​នេះ​ដែរ មាន​របស់​ក្នុង​ជីវិត​របស់​យើង​ដែល​អាច​ជា​អព្យាក្រឹត ឬ​សូម្បី​តែ​ល្អ​ពី​ធម្មជាតិ ប៉ុន្តែ​ត្រូវបាន​ប្រើ​ក្នុង​ផ្លូវ​ខុស​ឲ្យ​ក្លាយ​ជា « គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ » ។ ឧទាហរណ៍ ពាក្យសម្ដី​របស់​យើង​អាច​ជួយ​ស្អាងឡើង ឬ​បង្កាច់បង្ខូច​ ។ ដូច​យ៉ាកុប​បាន​មាន​ប្រសាសន៍ ៖

« តែ​ឯ​អណ្តាត​វិញ​នោះ [ វា​ហាក់​ដូចជា ] គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ គឺជា​របស់​អាក្រក់​ដែល​ទប់​មិន​បាន​ក៏​មាន​ពេញ​ដោយ​ពិស​ដែល​នាំ​ឲ្យ​ស្លាប់ ។

« ដោយសារ​អណ្តាត នោះ​យើង​សរសើរ​តម្កើង​ដល់​ព្រះអម្ចាស់​ដ៏​ជា​ព្រះវរបិតា​ផង ហើយ​ដាក់​បណ្តាសា​ដល់​មនុស្ស ដែល​កើត​មក​តាម​រូប​អង្គ​ព្រះ​ផង ។

« មាន​ទាំង​ពាក្យ​សរសើរ និង​ពាក្យ​ប្រទេច​ផ្តាសា ចេញ​មក​ពី​មាត់​តែ១​នោះ​ឯង ។ បងប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ » ។

មាន​ការនិយាយ​ជា​សាធារណៈ និង​ផ្ទាល់​ខ្លួន​ជា​ច្រើន​នៅ​សព្វថ្ងៃ​នេះ ដែល​ជា​ការព្យាបាទ និង​ការគុំកួន ។ មាន​ការសន្ទនា​ជាច្រើន ដែលជា​ការប្រមាថ មើលងាយ សូម្បីតែ​ក្នុង​​ចំណោម​យុវវ័យ​ ។ ការនិយាយ​បែប​នេះ ​គឺជា « គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ » ប្រឆាំង​នឹង​ព្រះ « ក៏​មាន​ពេញ​ដោយ​ពិស​ដែល​នាំ​ឲ្យ​ស្លាប់ » ។

សូម​ពិចារណា​ឧទាហរណ៍​មួយ​ទៀត​នៃ​អ្វី​ដែល​សំខាន់​ចាំបាច់ ប៉ុន្តែ​វា​អាច​ប្រែ​ទៅ​ជា​ការ​ប្រឆាំង​នឹង​ការណែនាំ​ដ៏​ទេវភាព—អាជីព​របស់​បុគ្គល​ម្នាក់ ។ មនុស្ស​ម្នាក់​អាច​មាន​​ការពេញចិត្ត​យ៉ាងខ្លាំង​នៅក្នុង​វិជ្ជាជីវៈ មុខ​របរ ឬ​សេវាកម្ម ហើយ​យើង​ទាំងអស់​គ្នា​ទទួល​បាន​អត្ថប្រយោជន៍​ពី​សមិទ្ធិផល និង​ការបង្កើត​ឡើង​ក្នុង​វិស័យ​ជាច្រើន​របស់​មនុស្ស​ដែល​ពោរពេញ​ដោយ​ការលះបង់​និង​ទេពកោសល្យ ។

ទោះ​យ៉ាង​ណាក្ដី វា​អាច​ទៅរួច​ដែល​ថា ការលះបង់​ចំពោះ​អាជីព​អាច​ក្លាយជា​ចំណុច​ផ្ដោត​សំខាន់​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់ ។ បន្ទាប់មក​អ្វីៗ​ផ្សេង​ទៀត​ក្លាយ​ទៅ​ជា​បន្ទាប់បន្សំ រួមទាំង​ការទាមទារ​ណា​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​តម្រូវ​ពី​ពេលវេលា និង​ទេពកោសល្យ​របស់​មនុស្ស​ម្នាក់ ។ សម្រាប់​ទាំង​បុរស និង​ស្ត្រី ការបោះបង់​ចោល​ឱកាស​ត្រឹមត្រូវ​តាម​ច្បាប់​សម្រាប់​អាពាហ៍ពិពាហ៍ ការមិន​នៅជាប់ និង​ការមិនលើកតម្កើង​ស្វាមី ឬភរិយា ការខកខាន​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន ឬ​សូម្បីតែការ​មាន​ចេតនា​ចៀសវាង​ពរជ័យ និង​ការទទួលខុសត្រូវ​ក្នុង​ការចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ដើម្បី​តែ​ភាពរីកចម្រើន​នៃ​អាជីព អាច​បំប្លែង​ការសម្រេចបាន​ដែល​គួរ​ឲ្យ​សរសើរ ទៅជា​ទម្រង់​នៃ​ការបះបោរ ។

ឧទាហរណ៍​មួយ​ទៀត​ទាក់ទង​នឹង​រូបរាងកាយ​របស់យើង ។ ប៉ុល​រំឭក​យើង​ថា យើង​ត្រូវ​សរសើរ​តម្កើង​ព្រះ​ទាំង​រូបកាយ និង​វិញ្ញាណ ហើយ​ថា​រូបកាយ​នេះ​គឺជា​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ « ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​ខ្លួន​ទេ » ។ ដូច្នេះហើយ យើង​មាន​ចំណាប់​អារម្មណ៍​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុង​ការចំណាយ​ពេលវេលា​ថែទាំ​រាងកាយ​របស់​យើង​អស់​ពី​លទ្ធភាព​របស់​យើង ។ ពួកយើង​មួយ​ចំនួន​តូច​នឹង​ឈាន​ដល់​កម្រិត​ល្អ​បំផុត​នៃ​ការសម្តែង​ដែល​យើង​បានឃើញ​នា​ពេល​ថ្មីៗ​នេះ​នៅក្នុង​ការសម្រេច​បាន​របស់​អត្តពលិក​អូឡាំពិក និង​ប៉ារ៉ាឡាំពិក ហើយ​ពួកយើង​ខ្លះ​កំពុង​ឆ្លងកាត់​ឥទ្ធិពល​នៃ​អាយុ ឬ​អ្វី​ដែល​ប្រធាន អិម រ័សុល បាឡឺដ ហៅថា « រលុង​មឹន » ។

យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ជឿ​ថា​អង្គបង្កបង្កើត​របស់​យើង​ពេញ​ព្រះទ័យ នៅ​ពេល​ដែល​យើង​ខិតខំ​អស់​ពី​សមត្ថភាព ដើម្បី​មើល​ថែ​អំណោយទាន​ដ៏​អស្ចារ្យ​របស់​ទ្រង់​ដែល​ជា​រូបកាយ ។ វា​នឹង​ជា​សញ្ញា​នៃ​ការបះបោរ​ក្នុងការ​បង្ខូច​រាងកាយ​មនុស្ស​ម្នាក់ ឬ​បំពាន​លើ​វា ឬ​បរាជ័យ​ក្នុងការ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន ដើម្បី​បន្ត​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ ។ ក្នុងពេល​ជាមួយ​គ្នា​នេះ ភាព​អំនួត និង​ការក្លាយ​ជា​ឈ្លក់​វង្វេង​នឹង​ខ្លួនឯង​ជាមួយនឹង​រូបរាងកាយ អាការៈ​ខាងក្រៅ ឬ​ការស្លៀកពាក់ អាច​ជា​ទម្រង់​នៃ​ការបះបោរ​ដែល​ផ្ទុយ​ស្រឡះ ដែល​នាំ​ឲ្យ​មនុស្ស​ម្នាក់​ថ្វាយ​បង្គំ​អំណោយទាន​របស់​ព្រះ​ជំនួស​ឲ្យ​ព្រះ​ទៅ​វិញ ។

នៅ​ទីបញ្ចប់ ការកប់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​ប្រឆាំង​នឹង​ព្រះ​មាន​ន័យ​សាមញ្ញ​ថា ការព្រម​ធ្វើតាម​សេចក្តីទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ សម្រាត​ភាពខាង​សាច់ឈាម​ចេញ ហើយ​ក្លាយ​ទៅ​ជា « អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។ វា​មាន​ន័យ​ថា ការដាក់​បញ្ញត្តិ​ទីមួយ​ជា​កត្តា​សំខាន់​ក្នុង​ជីវិត​របស់​យើង ។ វាមានន័យថា ទុក​ឲ្យ​ព្រះឈ្នះ ។ បើ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និង​ការប្តេជ្ញាចិត្ត​ដើម្បី​បម្រើ​ទ្រង់​ឲ្យ​អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​យើង ក្លាយជា​មាត្រដ្ឋាន​គំរូ​ដើម្បី​យើង​អាច​វិនិច្ឆ័យ​ហើយ​ធ្វើការ​សម្រេចចិត្ត​នានា​របស់​យើង នោះ​យើង​នឹង​កប់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​យើង​ហើយ ។ ដោយ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ ព្រះ​នឹង​អត់ទោស​ដល់​អំពើបាប​របស់យើង និង​ការបះបោរ​ពី​អតីតកាល ហើយ​នឹង​ដក​ស្នាមប្រឡាក់​នៃ​អំពើបាប និង​ការបះបោរ​ទាំងនោះ ចេញពី​ដួងចិត្ត​របស់​យើង​បាន ។ នៅ​ទីបំផុត ទ្រង់​នឹង​ដក​យក​ការចង់​ធ្វើ​អំពើ​អាក្រក់​របស់យើង ដូច​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​អ្នក​ប្រែចិត្ត​ជឿ​សាសន៍​លេមិន​ទាំង​នោះ​ពី​អតីតកាល​ដែរ ។ បន្ទាប់មក យើង​ផងដែរ « [ នឹង ] ពុំ​បោះបង់​ចោល​សាសនា​ឡើយ » ។

គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​យើង​នាំ​ទៅរក​ភាពរីករាយ​ដ៏​ពិសេស​មួយ ។ ជាមួយ​នឹង​អស់​អ្នក​ដែល​បានប្រែចិត្តជឿ​ចំពោះ​ព្រះអម្ចាស់ នោះ​យើង « បាននាំ​ឲ្យ​ច្រៀង​នូវ [ បទចម្រៀង​នៃ ] សេចក្ដី​ស្រឡាញ់​ដ៏​ប្រោសលោះ » ។ ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​ទ្រង់ ដែលជា​ព្រះប្រោសលោះ​របស់​យើង បានបញ្ជាក់​ពីការតាំង​ព្រះទ័យ​ដ៏​ឥតងាករេ​របស់​ទ្រង់ទាំងទ្វេ​ចំពោះ​សុភមង្គល​យូរអង្វែង​របស់យើង តាមរយៈ​សេចក្តី​ស្រឡាញ់ និង​ពលិកម្ម​ដ៏​ជ្រាលជ្រៅ​បំផុត ។ យើង​ដកពិសោធន៏​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ទាំងទ្វេ​ជា​រៀង​រាល់​ថ្ងៃ។ ប្រាកដ​ណាស់ យើង​អាច​តបស្នង​ដោយ​ក្ដី​ស្រឡាញ់​និង​ភក្ដីភាព​របស់​យើង​ផ្ទាល់។ សូម​ឲ្យ​យើង​កប់​ធាតុ​នៃ​ការបះបោរ​ប្រឆាំង​នឹង​ព្រះ​ក្នុង​ជីវិត​របស់​យើង ហើយ​ជំនួស​វា​ដោយ​ដួងចិត្ត និង​គំនិត​ដែល​ស្ម័គ្រតាម ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។