សន្និសីទទូទៅ
ឱបក្រសោប​អំណោយទាន​នៃ​ការប្រែចិត្ត​របស់​ព្រះអម្ចាស់
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


11:35

ឱបក្រសោប​អំណោយទាន​នៃ​ការប្រែចិត្ត​របស់​ព្រះអម្ចាស់

ចូរ​យើង​កុំ​រង់ចាំ​ឲ្យ​អ្វីៗ​លំបាក​ទើប​ងាក​ទៅរក​ព្រះ​ឡើយ ។ ចូរ​យើង​កុំ​រង់ចាំ​រហូត​ដល់​ទីបញ្ចប់​នៃ​ជីវិត​ទើប​ប្រែចិត្ត​ពិត​ប្រាកដ​នោះ​ឡើយ ។

ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌​ដែល​ពេញដោយ​ក្តី​ស្រឡាញ់ ។ នៅក្នុង​សន្និសីទ​ទូទៅ​ខែមេសា ឆ្នាំ២០១៩ កាល​ខ្ញុំ​ត្រូវបាន​គាំទ្រ​ក្នុង​ការទទួល​ខុសត្រូវ​ថ្មី​របស់​ខ្ញុំ​ជា​ពួក​ចិតសិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ​មួយរូប នោះ​ក្រុម​ចម្រៀង​បាន​ច្រៀង​បទ « ខ្ញុំឆ្ងល់​យ៉ាងអស្ចារ្យ » ដែល​បាន​ចាក់ដោត​ចូល​ក្នុង​ដួងចិត្ត និង​ព្រលឹង​ខ្ញុំ ។

ខ្ញុំ​ស្ងប់ស្ងែង​ដែល​ទ្រង់​បានយាង​ចុះពី​បល្ល័ង្គ​ឧត្តម

ដើម្បី​សង្គ្រោះ​ព្រលឹង​ដ៏កាច​ឆ្មើងឆ្មៃ​ដូច​រូបខ្ញុំ

ដែល​ទ្រង់​មាន​ព្រះទ័យ​ស្រឡាញ់​ដល់​មនុស្ស​ដូចជា​ខ្ញុំ

គ្រប់គ្រាន់​នឹង​ចិញ្ចឹម និង​ប្រោសលោះ និង​រាប់អាន​ដល់​ខ្ញុំ ។

នៅពេល​ខ្ញុំ​ស្ដាប់​ឮពាក្យ​ទាំងឡាយ ខ្ញុំ​ស្ងើច​អស្ចារ្យ​ខ្លាំងណាស់ ។ ខ្ញុំ​បាន​មានអារម្មណ៍​ថា ទោះ​ខ្ញុំ​មិន​ល្អ​គ្រប់គ្រាន់ និង​មាន​កំហុស​ក្ដី ក៏​ព្រះអម្ចាស់​បាន​ប្រទានពរ​ឲ្យ​ខ្ញុំ​ដឹង​ថា « នៅ​ក្នុង​កម្លាំង​របស់​ទ្រង់ ខ្ញុំ​អាច​ធ្វើ​គ្រប់​ការណ៍​ទាំងអស់ » ។

អារម្មណ៍​ទូទៅ​នៃ​ការខ្វះ​សមត្ថភាព ភាពទន់ខ្សោយ ឬ​សូម្បី​តែ​ភាព​មិន​ស័ក្ដិសម​គឺជា​អ្វីមួយ​ដែល​យើង​ភាគច្រើន​ពេលខ្លះ​មាន​ភាព​ស្មុគស្មាញ ។ ខ្ញុំ​នៅតែ​មាន​ភាពស្មុគស្មាញ​ចំពោះ​រឿងនេះ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​នេះ​តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវបាន​ហៅ​មក​ម្ល៉េះ ។ ខ្ញុំ​មាន​អារម្មណ៍​នេះ​ជា​ច្រើនសា​ច្រើនដង ហើយ​នៅតែ​មាន​វា​នៅពេលនេះ កាលខ្ញុំ​កំពុង​និយាយ​ទៅកាន់​បងប្អូន ។ ប៉ុន្តែ ខ្ញុំ​បានរៀនថា ខ្ញុំ​មិនមែន​មាន​អារម្មណ៍​ទាំងនេះ​តែ​ម្នាក់ឯង​ទេ ។ ពិតណាស់ មាន​ដំណើររឿង​ជាច្រើន​នៅក្នុង​បទគម្ពីរ​ស្ដីពី​មនុស្ស​ដែល​ទំនង​ជា​មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះដែរ ។ ឧទាហរណ៍ យើង​ចាំថា​នីហ្វៃ​ជាអ្នក​បម្រើ​ស្មោះត្រង់ និង​អង់អាច​របស់​ព្រះអម្ចាស់ ។ ជួនកាល គាត់​ក៏​មាន​អារម្មណ៍​មិន​ស្រួល​ចិត្ត​ចំពោះ​ភាព​មិនស័ក្ដិសម ភាពទន់ខ្សោយ និង​ភាព​មិនល្អគ្រប់គ្រាន់​ផងដែរ ។

លោក​បាន​មាន​ប្រសាសន៍ថា ​« តែ​ទោះ​បី​សេចក្ដី​ល្អ​ដ៏​ធំ​របស់​ព្រះ​អម្ចាស់​ដែល​បាន​បង្ហាញ​ដល់​ខ្ញុំ​ពី​ការណ៍​ដ៏​ធំ ហើយ​អស្ចារ្យ​ក៏​ដោយ គង់តែ​ចិត្ត​ខ្ញុំ​ស្រែក​ថា ៖ ឱ !​ រូប​ខ្ញុំ​អើយ​វេទនា​អ្វី​ម្ល៉េះ ! មែន​ហើយ ចិត្ត​ខ្ញុំ​សោកសៅ ព្រោះ​តែ​សាច់ឈាម​របស់​ខ្ញុំ ឯ​ព្រលឹង​ខ្ញុំ​ព្រួយ​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​ទាំង​ឡាយ​របស់​ខ្ញុំ» ។

ជារឿយៗ ព្យាការី យ៉ូសែប ស្ម៊ីធ ថ្លែង​ពី​អារម្មណ៍ថា ​« មាន​ទោស » នៅក្នុង​យុវវ័យ​របស់​លោក « ព្រោះ​តែ​ភាព​ទន់ខ្សោយ និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់ [ លោក ] » ។ ប៉ុន្តែ​អារម្មណ៍​របស់ យ៉ូសែប ស្ម៊ីធ អំពី​ការខ្វះ​សមត្ថភាព និង​ការព្រួយ​បារម្ភ​គឺជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​បាន​ដឹកនាំ​លោក​ឲ្យ​ពិចារណា សិក្សា រៀនសូត្រ និង​អធិស្ឋាន ។ ដូចជា​បងប្អូន​នៅ​ចាំ​ថា លោក​បាន​ចេញ​ទៅ​អធិស្ឋាន​នៅក្នុង​ព្រៃ​ក្បែរ​ផ្ទះ​របស់​លោក ដើម្បី​ស្វែងរក​សេចក្ដីពិត សេចក្ដី​សុខសាន្ត និង​ការអភ័យទោស ។ លោក​បាន​ឮ​ព្រះអម្ចាស់​មាន​បន្ទូល​ថា « យ៉ូសែប បុត្រា​យើង​អើយ អំពើបាប​របស់​បុត្រ​បាន​អត់ទោស​ឲ្យ​បុត្រ​ហើយ ។ ចូរ​ដើរ​ទៅ​តាម​ផ្លូវ​បុត្រ ដើរ​តាម​ច្បាប់​របស់​យើង និង​កាន់តាម​បទបញ្ញត្តិ​របស់​យើង​ចុះ ។ មើលចុះ យើង​គឺជា​ព្រះអម្ចាស់​នៃ​សីរី​រុងរឿង ។ យើង​ត្រូវ​គេ​ឆ្កាង​ដើម្បី​លោកិយ ដើម្បី​មនុស្ស​ទាំងអស់​ដែល​ជឿ​លើ​ព្រះនាម​យើង​អាច​មាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » ។

បំណងប្រាថ្នា​ដ៏ស្មោះ​របស់​យ៉ូសែប​ដើម្បី​ប្រែចិត្ត និង​ស្វែងរក​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង​របស់​លោក​បាន​ជួយ​លោក​ឲ្យ​មករក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​បាន​ការអភ័យទោស​ពី​អំពើ​បាប​របស់​លោក ។ ការខិតខំ​ជាបន្ដបន្ទាប់​នេះ​បាន​បើក​ទ្វារ​ទៅកាន់​ការបន្ដ​ស្ដារដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើងវិញ ។

បទពិសោធន៍​ដ៏អស្ចារ្យ​នេះ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ បង្ហាញ​ថាតើ​អារម្មណ៍​នៃ​ភាពទន់ខ្សោយ និង​ការខ្វះ​សមត្ថភាព​អាចជួយ​យើង​ឲ្យ​ស្គាល់​និស្ស័យ​ពី​ធម្មជាតិ​របស់​យើង​ដោយ​របៀបណា ។ បើ​យើង​រាបសា អារម្មណ៍​នេះ​នឹង​ជួយ​យើង​ឲ្យ​ស្គាល់​ពី​ការពឹងផ្អែក​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើ​ឲ្យ​ដួងចិត្ត​យើង​រំជួល​នូវ​បំណង​ប្រាថ្នា​ដ៏​ស្មោះ​ដើម្បី​ងាកទៅរក​ព្រះអង្គ​សង្គ្រោះ​​ ហើយ​ប្រែចិត្ត​ពី​អំពើបាប​យើង ។

មិត្ត​ខ្ញុំអើយ ការប្រែចិត្ត​គឺជា​អំណរ ! ការប្រែចិត្ត​ដ៏​ផ្អែមល្ហែម​គឺជា​ផ្នែកមួយ​នៃ​ដំណើរការ​ជាប្រចាំ ដែល​ព្រះអម្ចាស់​បង្រៀន​យើង​ឲ្យ​រស់នៅ​ក្នុង​ជីវិត​មួយ​ដែល​ផ្ដោត​លើ​ការបង្រៀន​របស់​ទ្រង់ « មួយបន្ទាត់​ម្ដង​មួយ​បន្ទាប់ម្ដង មួយ​សិក្ខាបទ​ម្ដង​មួយ​សិក្ខាបទ​ម្ដង » ។ ក៏ដូចជា​យ៉ូសែប និង​នីហ្វៃ​ដែរ យើងអាច « អំពាវនាវ​ដល់​សេចក្ដីមេត្តា​ករុណា​របស់ [ ព្រះ ] ព្រោះ​ទ្រង់​មានឫទ្ធិ​នឹង​សង្គ្រោះ » ។ ទ្រង់​អាច​បំពេញ​បំណង​ប្រាថ្នា ឬ​ការចង់បាន​ដ៏​សុចរិត​ណាមួយ ហើយ​អាច​ព្យាបាល​របួស​ណាមួយ​នៅក្នុង​ជីវិត​របស់​យើង ។

នៅក្នុង​ព្រះគម្ពីរមរមន ៖ សក្ខីបទ​មួយ​ទៀត​របស់​ព្រះយេស៊ូវគ្រីស្ទ បងប្អូន និង​ខ្ញុំ​អាច​រកឃើញ​មាន​ដំណើររឿង​របស់​បុគ្គល​ម្នាក់ៗ​ដែល​រៀន​អំពី​របៀប​មក​រក​ព្រះគ្រីស្ទ​តាមរយៈ​ការប្រែចិត្ត​ដោយ​ស្មោះ​រាប់​មិន​អស់ ។

ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​បងប្អូន​នូវ​គំរូ​នៃ​សេចក្ដីមេត្តាករុណា​ដ៏​ទន់ភ្លន់​របស់​ព្រះអម្ចាស់ តាមរយៈ​ការប្រែចិត្ត​ដែល​កើត​មាន​នៅក្នុង​កោះ​ផ្ទះកំណើត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​នៅ ប៉ូតូរីកូ ។

នៅ​ស្រុក​កំណើត​ខ្ញុំ ទីក្រុង​ផនស៍ បងស្រី​នៅ​ក្នុង​ព្រះវិហារ​ឈ្មោះ សេលីយ៉ា គ្រូស អាយ៉ាឡា បាន​សម្រេចចិត្ត​ថា​គាត់​នឹង​ជូន​ព្រះគម្ពីរ​មរមន​ទៅ​មិត្ត​ម្នាក់ ។ គាត់​បាន​និយាយ​ថា គាត់​បាន​រុំ​វា​ជាកាដូ​ដ៏​មាន​តម្លៃ​ជាង​ពេជ្រ ឬ​ត្បូងទទឹម​ទៅទៀត ហើយ​យក​វា​ទៅឲ្យ​មិត្ត​គាត់ ។ ពេល​កំពុង​ធ្វើ​ដំណើរ នោះ​មាន​ចោរ​ម្នាក់​បាន​មក ឆក់​យក​កាបូប​គាត់​ដែលមាន​អំណោយ​ដ៏​ពិសេស​នោះ​ហើយ​រត់​ចេញទៅ ។

នៅពេល​គាត់​បានប្រាប់ពីរឿង​នេះ​នៅ​ព្រះវិហារ មិត្ត​គាត់​បាន​និយាយ​ថា « នរណា​ទៅ​ដឹង ? ប្រហែល​ជា​នេះ​គឺជា​ឱកាស​របស់​ឯង​ដើម្បី​ចែកចាយ​ដំណឹងល្អ​ហើយ ! »

មែនហើយ ពីរបី​ថ្ងៃ​ក្រោយមក តើ​បងប្អូន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ ? សេលីយ៉ា បានទទួល​សំបុត្រ​មួយ ។ សំបុត្រ​នោះ​នៅ​នឹង​ដៃ​ខ្ញុំ​នា​ថ្ងៃ​នេះ ជា​សំបុត្រ​ដែល សេលីយ៉ា បានចែកចាយ​ជាមួយ​ខ្ញុំ ។ សំបុត្រ​នេះ​សរសេរ​ថា ៖

« បងស្រី គ្រូស ៖

សូម​អត់ទោស​ឲ្យ​ខ្ញុំ​ផង អត់​ទោស​ឲ្យ​ខ្ញុំ​ផងណា ។ អ្នក​នឹង​មិន​ដឹង​ទេ​ថា ខ្ញុំ​សោកស្ដាយ​ប៉ុនណា​ដែល​ទៅ​លួច​របស់​ពី​អ្នកនេះ ។ ប៉ុន្តែ​ដោយសារ​តែ​របស់​នេះ ជីវិត​ខ្ញុំ​បាន​ផ្លាស់ប្តូរ ហើយ​នឹង​បន្ត​ផ្លាស់ប្តូរ ។

គម្ពីរ​នោះ [ ព្រះគម្ពីរ​មរមន ] បាន​ជួយ​ខ្ញុំ​នៅក្នុង​ជីវិត​ខ្ញុំ ។ សុបិន​អំពី​ព្រះ​ដែល​បុរស​ម្នាក់​នោះ​បាន​ឃើញ​ធ្វើ​ឲ្យ​ខ្ញុំ​ញាប់ញ័រ ។…​ ខ្ញុំ​សូម​ប្រគល់​លុយ​ប្រាំ​[ ដុល្លារ ]​ឲ្យ​អ្នក​វិញ ព្រោះ​ខ្ញុំ​មិន​អាច​យក​វា​បាន​ទេ ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា អ្នក​ហាក់​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​ណាស់ ។ ពន្លឺ​នោះ​ហាក់​ដូចជា​បញ្ឈប់​ខ្ញុំ [ ពីការ​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក ដូច្នេះ ] ខ្ញុំ​ក៏​បាន​រត់​គេច​ចេញ​វិញ ។

« ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា អ្នក​នឹង​បាន​ជួប​ខ្ញុំ​ម្តងទៀត ប៉ុន្តែ​ពេល​អ្នក​បាន​ជួប​ខ្ញុំ នោះ​អ្នក​នឹង​មើល​មិន​ស្គាល់​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​នឹង​ក្លាយ​ជា​ប្អូន​ប្រុស​របស់​អ្នក ។ … នេះ​ជា​កន្លែង​ដែល​ខ្ញុំ​រស់នៅ ខ្ញុំ​ត្រូវតែ​ស្វែងរក​ព្រះអម្ចាស់ ហើយ​ទៅ​ព្រះវិហារ​ដែល​អ្នក​ទៅ ។

« សារ​ដែល​អ្នក​សរសេរ​នៅក្នុង​ព្រះគម្ពីរ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹកភ្នែក ។ ចាប់តាំង​ពី​យប់​ថ្ងៃ​ពុធ​នោះ​មក ខ្ញុំ​មិន​អាច​ឈប់​អាន​វា​ឡើយ ។ ខ្ញុំ​បាន​អធិស្ឋាន ហើយ​ទូលសូម​ព្រះ​ឲ្យ​អភ័យទោស​ខ្ញុំ [ ហើយ ] ខ្ញុំ​សូម​ឲ្យ​អ្នក​អភ័យទោស​ឲ្យ​ខ្ញុំ​ផង ។ … ខ្ញុំ​បានគិត​ថា កាដូ​ដែល​អ្នក​រុំ​នោះ​គឺជា​អ្វីមួយ​ដែល​ខ្ញុំ​អាច​លក់​បាន។ [ ផ្ទុយ​ទៅវិញ ] វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​[ ផ្លាស់ប្តូរ ]​ជីវិត​ឲ្យ​ប្រសើរ​ជាង​មុន ។ សូម​អត់ទោស​ឲ្យ​ខ្ញុំ​ផង អត់​ទោស​ឲ្យ​ខ្ញុំ​ផងណា ខ្ញុំ​សូម​អង្វរ ។

« ពី​មិត្ត​ដែល​នៅ​ទីឆ្ងាយ​របស់​អ្នក » ។

បងប្អូន​ប្រុសស្រី ពន្លឺ​នៃ​ព្រះអង្គសង្គ្រោះ​អាច​ចាំង​ដល់​យើង​ទាំង​អស់​គ្នា មិន​ថា​យើង​ស្ថិត​ក្នុង​ស្ថានភាព​ណា​នោះ​ទេ ។ ប្រធាន ជែហ្វ្រី អ័រ ហូឡិន បានថ្លែង​ថា « បងប្អូន​មិន​អាច​លិច​ទៅ​ជ្រៅជាង​ពន្លឺ​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ដែល​ចែងចាំង​ដ៏​និរន្ដរ៍​បាន​ទេ » ។

ដូចជា​អ្នកទទួល​អំណោយ​ជា​ព្រះគម្ពីរ​មរមន​របស់​សេលីយ៉ា​ដោយ​អចេតនា​នេះក្តី បងប្រុសនោះ​បាន​បន្ដ​ធ្វើ​ជា​សាក្សី​បន្ថែម​អំពី​សេចក្ដីមេត្តាករុណា​របស់​ព្រះអម្ចាស់ ។ ទោះ​ជា​បងប្រុសនោះ​ត្រូវការ​ពេល​ដើម្បី​អត់ទោស​ឲ្យ​ខ្លួន​គាត់​ក្ដី ក៏​គាត់​មាន​អំណរ​ពេល​ប្រែចិត្ត​ដែរ ។ ឱ ! អព្ភូតហេតុ​អស្ចារ្យ​អ្វី​ម៉្លេះ ! ស្ត្រី​ស្មោះត្រង់​រូបនេះ ព្រះគម្ពីរមរមន ការប្រែចិត្ត​ដោយ​ស្មោះ និង​ព្រះចេស្ដា​នៃ​ព្រះអង្គសង្គ្រោះ​ដឹកនាំ​ទៅរក​អំណរ​ចំពោះ​ភាពពេញលេញ​នៃ​ពរជ័យ​នៃ​ដំណឹងល្អ និង​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។ សមាជិក​គ្រួសារ​ផ្សេងទៀត​បាន​ធ្វើតាម ហើយ​បាន​ទទួល​យក​ទំនួល​ខុសត្រូវ​ពិសិដ្ឋ​នៅក្នុង​ចម្ការ​របស់​ព្រះអម្ចាស់ រួមទាំង​ការបម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ។

នៅពេល​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ផ្លូវ​នៃ​ការប្រែចិត្ត​ដ៏​ស្មោះ​របស់​យើង​នឹង​នាំ​យើង​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ទីបំផុត ។

ឱ! នេះ​ជា​បុព្វហេតុ​ដ៏​សុចរិត​មួយ​ដើម្បី​ឲ្យ​បាន​ស្អាតស្អំ​—​ដើម្បី​មាន​ភាពស័ក្ដិសម​ចំពោះ​ភាពពេញលេញ​នៃ​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់​មាន​សម្រាប់​យើង តាមរយៈ​សេចក្ដីសញ្ញា​នៃ​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ! ការបម្រើ​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ជា​ទៀងទាត់ និង​ការព្យាយាម​រក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ដែល​យើង​បាន​ធ្វើ​នៅ​ទីនោះ នឹង​បង្កើន​បំណងប្រាថ្នា និង​សមត្ថភាព​របស់​យើង ដើម្បី​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្តូរ​នៃ​ដួងចិត្ត ពលំ គំនិត និង​ព្រលឹង​ដែល​ចាំបាច់ ដើម្បី​យើង​ប្រែក្លាយ​ដូចជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ ប្រធាន រ័សុល អិម ណិលសុន បានថ្លែង​ទីបន្ទាល់​ថា « គ្មាន​អ្វី​ដែល​នឹង​បើក​ស្ថានសួគ៌ ខ្លាំង​ជាង [ ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ] ។ គ្មាន​សោះ ! »

មិត្ត​ជា​ទីស្រឡាញ់ តើ​បងប្អូន​មាន​អារម្មណ៍​ថា​មិន​ល្អ​គ្រប់គ្រាន់​ឬ ? តើ​បងប្អូន​មាន​អារម្មណ៍​មិន​ស្អាតស្អំ​ឬ ? តើ​បងប្អូន​កំពុង​សង្ស័យ​ខ្លួន​ឯង​ឬ ? ប្រហែលជា​បងប្អូន​បារម្ភ ហើយ​សួរ​ថា​តើ​ខ្ញុំ​ល្អ​គ្រប់គ្រាន់​ដែរ​ឬ​ទេ ? តើ​វា​យឺត​ពេល​ឬទេ​សម្រាប់​ខ្ញុំ ? ហេតុអ្វី​ខ្ញុំ​នៅតែ​បរាជ័យ កាល​ដែល​ខ្ញុំ​ខំ​អស់ពី​សមត្ថភាព​ហើយ​នោះ ?

បងប្អូន​ប្រុសស្រី ប្រាកដ​ណាស់​ថា​យើង​នឹង​ធ្វើ​ខុស​នៅលើ​មាគ៌ា​ជីវិត​របស់​យើង ។ ប៉ុន្តែ​សូម​ចាំ​ថា ដូចជា​អែលឌើរ​ ហ្គើរីត ដបុលយូ ហ្គង បានបង្រៀន « ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​យើង​គឺមាន​ជា​និរន្ដរ៍ និង​អស់កល្ប​ជានិច្ច ។ យើង​ម្នាក់ៗ​វង្វេង និង​ធ្លាក់ចុះ ។ ជួនកាល​យើង​អាច​វង្វេង​ផ្លូវ ។ ព្រះ​អះអាង​ដោយ​ក្ដី​ស្រឡាញ់​ដល់​យើង [ ថា ] ទោះជា​យើង​នៅ​ទីណា ឬ​​យើង​បាន​ធ្វើ​អ្វី​ក្ដី ក៏​យើង​អាច​ត្រឡប់​មក​វិញ​បាន​ជានិច្ច ។ ទ្រង់​រង់ចាំ​ឱប​ក្រសោប​យើង​ជា​ស្រេច » ។

ដូច​ភរិយា​ជាទីស្រឡាញ់​របស់ខ្ញុំ ខារី លូ ក៏​បាន​បង្រៀន​ខ្ញុំ​ផងដែរ​ថា យើង​ទាំងអស់គ្នា​ចាំបាច់​ត្រូវ​ប្រែចិត្ត បកក្រោយ ឬ​កំណត់ពេល​ឲ្យ​ទៅ « ម៉ោង​សូន្យ »​វិញ ជារៀងរាល់ថ្ងៃ ។

ឧបសគ្គ​នឹង​មាន ។ ចូរ​យើង​កុំ​រង់ចាំ​ឲ្យ​អ្វីៗ​លំបាក​ទើប​ងាក​ទៅរក​ព្រះ​ឡើយ ។ ចូរ​យើង​កុំ​រង់ចាំ​រហូត​ដល់​ទីបញ្ចប់​នៃ​ជីវិត​ទើប​ប្រែចិត្ត​ពិត​ប្រាកដ​នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ មិន​ថា​ឥឡូវ​នេះ យើង​កំពុង​តែ​ដើរ​នៅ​ត្រង់ណា​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​ទេ សូម​ផ្តោត​ទៅលើ​ព្រះចេស្ដា​នៃ​សេចក្តី​ប្រោសលោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​បំណងព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​ដែល​ចង់​ឲ្យ​យើង​ត្រឡប់​ទៅរក​ទ្រង់​វិញ ។

ដំណាក់​របស់​ព្រះអម្ចាស់ ព្រះគម្ពីរ​បរិសុទ្ធ​របស់​ទ្រង់ ពួកព្យាការី និង​ពួកសាវក​របស់​ទ្រង់​បំផុសគំនិត​យើង​ឲ្យ​ព្យាយាម​ឆ្ពោះ​ទៅ​កាន់​បរិសុទ្ធភាព​ផ្ទាល់ខ្លួន​តាមរយៈ​គោលលទ្ធិ​នៃ ព្រះគ្រីស្ទ ។

ហើយ​នីហ្វៃ​បានថ្លែង​ថា ៖ « ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ នេះ​គឺជា​ផ្លូវ ហើយ​គ្មាន​ផ្លូវ​ឯណា​ទៀត​ទេ ឬ​ក៏​ឈ្មោះ​ណា​ទៀត​នៅ​ក្រោម​មេឃ​នេះ ដែល​មនុស្ស [ប្រុសស្រី] អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​ឡើយ។ ។ ហើយ​ឥឡូវ​នេះ មើល​ចុះ នេះ​គឺជា​គោល​លទ្ធិ​នៃ​ព្រះ​គ្រីស្ទ ហើយ​គឺជា​គោល​លទ្ធិ​តែមួយ ហើយ​ពិត​នៃ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា ហើយ​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។

ដំណើរការ​របស់​យើង​ដើម្បី « ក្លាយ​តែ​មួយ » ជាមួយ​ព្រះ​អាចនឹង​មិន​ស្រួល​នោះ​ទេ។ ប៉ុន្តែ​បងប្អូន និង​ខ្ញុំ​អាច​ផ្អាក នៅស្ងៀម មើល​ទៅ​ព្រះអង្គសង្គ្រោះ ហើយ​ខិតខំ​ស្វែងរក និង​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​ចង់ឲ្យ​យើង​ផ្លាស់ប្តូរ ។ បើ​យើង​ធ្វើ​ដូច្នោះ​ដោយ​ចេតនា​ពិត នោះ​យើង​នឹង​ធ្វើ​ជា​សាក្សី​អំពី​ការព្យាបាល​របស់​ទ្រង់ ។ ហើយ​គិត​ពី​របៀប​ដែល​កូនចៅ​របស់​យើង​នឹង​ត្រូវ​បានប្រទានពរ នៅពេល​យើង​ឱបក្រសោប​អំណោយទាន​នៃ​ការប្រែចិត្ត​របស់​ព្រះអម្ចាស់ !

ឪពុករបស់ខ្ញុំ​បាន​បង្រៀន​ថា ជាងស្មូន​នឹង​សូន្យ ហើយ​បន្សុទ្ធ​យើង​ដែល​វា​អាច​នឹង​ពិបាក​ចំពោះ​យើង ។ យ៉ាង​ណា​ក៏​ដោយ លោក​គ្រូ​នៃ​ការព្យាបាល​ក៏​នឹង​សម្អាត​យើង​ផងដែរ ។ ខ្ញុំ​មាន​បទពិសោធន៍​ផ្ទាល់ខ្លួន និង​បន្ត​ទទួល​បទពិសោធន៍​នៃ​អំណាច​ការព្យាបាល​នោះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការណ៍​នោះ​មកមាន​តាមរយៈ​សេចក្តីជំនឿ​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការប្រែចិត្ត​ជា​ប្រចាំថ្ងៃ ។

ឱ ! ជា​ការ​ដ៏​សែន​អស្ចារ្យ​ដែល​ទ្រង់​យល់​ដល់​ខ្ញុំ

ទាំង​សុគត​ជំនួស​ខ្ញុំ ! »

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​សេចក្តីស្រឡាញ់​របស់​ព្រះ និង​ព្រះចេស្ដា​ដ៏​គ្មាន​ទីបញ្ចប់​នៃ​ដង្វាយធួន​របស់​ព្រះរាជបុត្រា​ទ្រង់ ។ យើង​អាច​ទទួលអារម្មណ៍ពី​វា​យ៉ាង​ជ្រាលជ្រៅ នៅពេល​យើង​ប្រែចិត្ត​ដោយ​ស្មោះ​អស់ពី​ចិត្ត ។

មិត្ត​ខ្ញុំ​អើយ ខ្ញុំ​ជា​សាក្សី​នៃ​ការស្ដារ​ឡើងវិញ​ដ៏​រុងរឿង​នៃ​ដំណឹងល្អ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ និង​ការណែនាំ​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ព្យាការី និង​អ្នក​នាំ​ព្រះបន្ទូល​របស់​ទ្រង់​បច្ចុប្បន្ន​នេះ គឺ​ប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំ​ដឹង​ថា ព្រះ​យេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​ថា​ទ្រង់​គឺជា​លោកគ្រូ​នៃ​ការព្យាបាល​ដល់​ព្រលឹង​យើង ។ ខ្ញុំ​ដឹង ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ការណ៍​ទាំងនេះ​ពិត នៅ​ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » ទំនុកតម្កើង ល.រ. ១១៥ ។

  2. អាលម៉ា ២៦:១២ ។

  3. នីហ្វៃ​ទី២ ២:១៧សូម​មើល​ផង​ដែរ ខ ១៨-១៩ ។

  4. យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៩ ។

  5. យ៉ូសែប ស្ម៊ីធ, « History, circa Summer 1832 » ៣, josephsmithpapers.org; ការប្រកប, វណ្ណយុត្តិ និង​អក្សរធំ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នកម្ម ។

  6. សូមមើល ម៉ូសាយ ៤:១១–១២ ។

  7. ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​​ថា « នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត នោះ​យើង​ជ្រើសរើស​ផ្លាស់ប្ដូរ ! យើង​អនុញ្ញាត​ឲ្យ​ព្រះអង្គសង្គ្រោះ​ផ្លាស់ប្រែ​យើង​ទៅ​កំណែថ្មី​ដ៏​ល្អ​បំផុត​នៃ​ខ្លួន​យើង ។ យើង​ជ្រើសរើស​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ទទួល​បាន​អំណរ—ជា​អំណរ​នៃ​ការប្រោសលោះ​នៅ​ក្នុង​ទ្រង់ ។ នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត យើង​ជ្រើសរើស​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ! » ( « We Can Do Better and Be Better » Liahona ខែ​ឧសភា ឆ្នាំ២០១៩ ទំព័រ ៦៧ ) ។

  8. នីហ្វៃទី២ ២៨:៣០

  9. អាលម៉ា ៣៤:១៨ ។

  10. « បងប្អូន​ប្រុស​ស្រីអើយ តើ​ព្រះគម្ពីរ​មរមន មាន តម្លៃ​យ៉ាងណា​ចំពោះ​បងប្អូន ? បើ​គេ​ឲ្យ​ពេជ្រ ឬ​ត្បូង​ទទឹម​ដល់​បងប្អូន ព្រះគម្ពីរ​មរមន​ដល់​បងប្អូន តើ​បងប្អូន​នឹង​រើស​យក​មួយ​ណា ? និយាយ​ដោយ​ស្មោះ តើ​មួយ​ណា មាន តម្លៃ​ច្រើន​ជាង​ចំពោះ​បងប្អូន ? » ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ទំព័រ ៦១ )

  11. នៅក្នុង F. Burton Howard « Missionary Moments: ‹ My Life Has Changed › Church News ​ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៩៦ នៅលើ​គេហទំព័រ thechurchnews.com សូមមើល​ផងដែរ Saints: The Story of the Church of Jesus Christ in the Latter Days ភាគ 4 Sounded in Every Ear ឆ្នាំ១៩៥៥–២០២០ (ឆ្នាំ​២០២៤) ទំព័រ ៤៧២–៤៧៤, ៤៧៧–៤៧៩ ។

  12. ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard» Liahona ខែ​ឧសភា ឆ្នាំ​២០១២ ទំព័រ ៣៣ ។

  13. តើ​យើង​អាច​ឈប់​មួយ​វិនាទី ហើយ​គិត​អំពី​កូនចៅ​របស់​យើង​បាន​ទេ ? ដោយសារ​តែ​ទិដ្ឋភាព​ដ៏​ស្រពិចស្រពិល​របស់​យើង យើង​មិន​អាច​មើល​ឃើញ​វា​ឥឡូវ​នេះ​ទេ ប៉ុន្តែ​ឆន្ទៈ​របស់​យើង​ដើម្បី​ងាក​ទៅ​រក​ព្រះអម្ចាស់​ដោយ​មាន​គោលបំណង​ក្នុង​ដួងចិត្ត​ពេញលេញ​—ដើម្បី​ផ្លាស់ប្តូរ ប្រែចិត្ត ហើយ​ឱបក្រសោប​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ —អាច​មាន​ឥទ្ធិពល​ដល់​ជាច្រើន​ជំនាន់ ! សូម​ស្រមៃ​អំពី​ពរជ័យ​បន្ថែម​ដែល​អាច​នឹង​រីកដុះដាល​ចេញពី​ភាពរាបទាប ភាពស្លូតបូត និង​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​របស់​ព្រលឹង​មួយ នៅក្រោម​កាលៈទេសៈ​ដ៏​លំបាកបំផុត !

  14. ព័ត៌មាន​លម្អិត​ទាំងនេះ​ត្រូវ​បានរៀបរាប់​ឡើងវិញ​ដោយ​បងស្រី សេលីយ៉ា គ្រូស នៅក្នុង​ការសន្ទនា​ផ្ទាល់ខ្លួន​ជាមួយ​អែលឌើរ ហ៊ោរហេ អាល់វ៉ារ៉ាដូ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។

  15. រ័សុល អិម ណិលសុន « រីករាយ​នៅក្នុង​អំណោយទាន​នៃ​កូនសោ​បព្វជិតភាព » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១២២ ។

  16. នៅពេល​យើង​ឃើញ​ថា​ខ្លួន​យើង​មាន​សំណួរ​ដូចនេះ វា​សំខាន់ណាស់​ដើម្បី​ចាំ​ពាក្យ​សម្ដី​របស់​សាវក​ប៉ុល ៖

    « តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះគ្រីស្ទ​បាន តើ​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​វេទនា សេចក្តី​បៀតបៀន សេចក្តី​អត់ឃ្លាន សេចក្តី​អាក្រាត សេចក្តី​អន្តរាយ ឬ​ដាវ​ឬ​អី ?…

    « ទេ គឺ​ក្នុង​សេចក្តី​ទាំង​នោះ​យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យជំនះ​ទៅ​ទៀត​ដោយសារ​ព្រះអង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង ។

    « ដ្បិត​ខ្ញុំ​ជឿជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិឫទ្ធិ​អ្វី

    « ទី​មាន​កម្ពស់ ទី​ជម្រៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ​បាន​ឡើយ » ( រ៉ូម ៨:៣៥, ៣៧–៣៩ ) ។

  17. ហ្គើរីត ដបុលយូ ហ្គង « ភ្លើង​ជំរំ​នៃ​សេចក្ដីជំនឿ​របស់​យើង » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៤១ ។

  18. នីហ្វៃ​គឺជា​គំរូ​ដ៏​ល្អ​នៃ​ការណ៍​នេះ ។ ទ្រង់​បាន​ពន្យល់​ថា ៖

    « ឱព្រលឹង​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង ! កុំ​ងប់បល់​ក្នុង​អំពើបាប​ទៀត​ឡើយ ។ ឱ​ចិត្ត​ខ្ញុំ​អើយ ចូរ​រីករាយ​ឡើង កុំ​ទុក​កន្លែង​សម្រាប់​ខ្មាំង​សត្រូវ​នៃ​ព្រលឹង​ខ្ញុំ​ទៀត​ឡើយ ។…

    « ឱ​ព្រះ​អម្ចាស់​អើយ តើ​ព្រះ​អង្គ​នឹង​ប្រោសលោះ​ព្រលឹង​ទូលបង្គំ​ឬ​ទេ ? តើ​ព្រះ​អង្គ​នឹង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​ទូលបង្គំ​ឬ​ទេ ? តើ​ព្រះ​អង្គ​នឹង​ធ្វើ​ឲ្យ​ទូលបង្គំ​ញ័រ​នៅ​ចំពោះ​អំពើ​បាប​ឬ​ទេ ? » ( នីហ្វៃទី២ ៤:២៨, ៣១ ) ។

  19. ប្រធាន ដាល្លិន អេក អូក បានបង្រៀន​ថា ៖ « នៅពេល​មនុស្ស​ម្នាក់​បាន​ឆ្លងកាត់​ដំណើរការ​[ ការប្រែចិត្ត ] នោះ​ព្រះអង្គសង្រ្គោះ​កាន់តែ​សម្អាត​បុគ្គល​នោះ​ចេញពី​អំពើបាប ។ ទ្រង់​ប្រទាន​ឲ្យ​គាត់​នូវ​កម្លាំង​ថ្មី ។ ការពង្រឹង​នោះ​គឺ​ចាំបាច់​សម្រាប់​យើង​ដើម្បី​ដឹង​អំពី​គោលបំណង​នៃ​ការលាង​សម្អាត ដែល​ជា​ការត្រឡប់​ទៅ​កាន់​ព្រះវរបិតា​សួគ៌​របស់​យើង​វិញ ។ ដើម្បី​ចូល​ទៅ​ទីវត្តមាន​របស់​ទ្រង់ យើង​ត្រូវ​តែ​មាន​លើស​ពី​ភាព​ស្អាត​ស្អំ ។ យើង​ក៏ត្រូវ​ផ្លាស់ប្ដូរ​ពី​បុគ្គល​ដែល​ទន់​ខ្សោយ​ខាង​សីលធម៌​ដែល​មាន​បាប ទៅ​ជាបុគ្គល​រឹងមាំ ដោយមាន​កេរ្តិ៍​ឈ្មោះ​ខាង​វិញ្ញាណ​ដើម្បី​រស់​នៅ​ក្នុង​ទីវត្តមាន​របស់​ព្រះ​ផងដែរ » ​( « The Atonement and Faith » Ensign ខែ​មេសា ឆ្នាំ​២០១០ ទំព័រ ៣៣–៣៤ ) ។

  20. នីហ្វៃទី២ ៣១:២១ ។

  21. យើង​គោរព​ចំពោះ​ក្រុមគ្រួសារ និង​ព្រះវរបិតាសួគ៌​របស់​យើង​ដោយ​ឱបក្រសោប​ការប្រែចិត្ត និង​ខិតខំព្យាយាម​រស់នៅ​ក្នុង​ជីវិត​ល្អ​មួយ​ ។

  22. ទំនុក​តម្កើងល.រ. ១៩៣ ។