មិនប៉ុន្មានឆ្នាំ
ប្រសិនបើយើងពុំស្មោះត្រង់ ហើយគោរពប្រតិបត្តិទេ នោះយើងអាចផ្លាស់ប្រែពរជ័យដែលព្រះប្រទានឲ្យដើម្បីមានភាពចម្រុងចម្រើននោះ ទៅជាបណ្ដាសានៃភាពឆ្មើងឆ្មៃដែលបង្វែរ និងរំខានយើង ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ កាលខ្ញុំអង្គុយនៅលើវេទិកានាថ្ងៃនេះ ខ្ញុំបានសម្លឹងមើលមជ្ឈមណ្ឌលសន្និសីទនេះពេញទៅដោយសមាជិកចំនួនបីដងហើយ ដែលជាលើកដំបូងចាប់តាំងពីជំងឺកូវីដ ។ បងប្អូនគឺជាសិស្សដ៏លះបង់របស់ព្រះយេស៊ូវគ្រីស្ទ ដែលមានបំណងចង់រៀនពិតប្រាកដ ។ ខ្ញុំសូមសរសើរបងប្អូនចំពោះភាពស្មោះត្រង់របស់បងប្អូន ។ ហើយខ្ញុំស្រឡាញ់បងប្អូន ។
អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបម្រើជាប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៨៥ ដល់ខែឧសភា ឆ្នាំ១៩៩៤ ។ ខ្ញុំមានអាយ ៣៣ឆ្នាំ នៅពេលប្រធានប៊ែនសឹនបានក្លាយជាប្រធាននៃសាសនាចក្រ ហើយខ្ញុំមានអាយ ៤២ឆ្នាំ នៅពេលលោកទទួលមរណភាព ។ ការបង្រៀន និងទីបន្ទាល់របស់លោកមានឥទ្ធិពលមកលើខ្ញុំយ៉ាងខ្លាំង និងដ៏មានអានុភាព ។
ចំនុចសម្គាល់មួយនៃការងារបម្រើរបស់ប្រធានប៊ែនសឹន គឺលោកផ្ដោតទៅលើគោលបំណង និងសារៈសំខាន់នៃព្រះគម្ពីរមរមន ។ លោកបានគូសបញ្ជាក់ដដែលៗថា « ព្រះគម្ពីរមរមនគឺជាមូលដ្ឋាននៃសាសនាចក្ររបស់យើង—ជាមូលដ្ឋាននៃទីបន្ទាល់របស់យើង ជាមូលដ្ឋាននៃគោលលទ្ធិរបស់យើង និងជាមូលដ្ឋានសាក្សីអំពីព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង » ។ លោកបានគូសបញ្ជាក់ជាញឹកញាប់ផងដែរអំពីការបង្រៀន និងការព្រមានអំពីអំពើបាបនៃភាពឆ្មើងឆ្មៃដែលមាននៅក្នុងសក្ខីបទអំពីព្រះយេស៊ូវគ្រីស្ទថ្ងៃចុងក្រោយនេះ ។
ការបង្រៀនជាក់លាក់មួយដោយប្រធានប៊ែនសឹន មានឥទ្ធិពលយ៉ាងខ្លាំងមកលើខ្ញុំ ហើយបន្ដមានឥទ្ធិពលមកលើការសិក្សាព្រះគម្ពីរមរមនរបស់ខ្ញុំ ។ លោកបានថ្លែងថា ៖
« ព្រះគម្ពីរមរមន … ត្រូវបានសរសេរឡើងសម្រាប់ជំនាន់របស់យើង ។ ពួកសាសន៍នីហ្វៃពុំធ្លាប់មានព្រះគម្ពីរនេះឡើយ ពួកសាសន៍លេមិនពីជំនាន់បុរាណក៏គ្មានដែរ ។ វាគឺសម្រាប់យើង ។ មរមនបានសរសេរជិតចុងបញ្ចប់នៃអារ្យធម៌សាសន៍នីហ្វៃ ។ នៅក្រោមការបំផុសគំនិតរបស់ព្រះ ដែលទ្រង់ទតឃើញគ្រប់ការណ៍ទាំងអស់ចាប់តាំងពីដើមដំបូងមក នោះ[ មរមន ]បានសង្ខេបកំណត់ត្រាដែលមានរាប់សតវត្សរ៍ ជ្រើសរើសដំណើររឿង ពាក្យពេចន៍ និងហេតុការណ៍ទាំងឡាយ ដែលនឹងជាប្រយោជន៍ដ៏ធំបំផុតសម្រាប់យើង ។
ប្រធានប៊ែនសឹនបន្តថា « អ្នកកត់ត្រាព្រះគម្ពីរមរមនម្នាក់ៗ បានធ្វើទីបន្ទាល់ថា លោកកត់ត្រាសម្រាប់ជំនាន់នាពេលអនាគត ។… ប្រសិនបើពួកលោកបានមើលឃើញជំនាន់របស់យើង ហើយជ្រើសរើសអ្វីៗទាំងនោះ ដែលមានសារៈសំខាន់បំផុតសម្រាប់ពួកយើង តើនោះមិនមែនជារបៀបដែលពួកយើងគួរសិក្សាព្រះគម្ពីរមរមនទេឬអី ? យើងគួរតែសួរខ្លួនឯងជានិច្ចថា « ហេតុអ្វីបានជាព្រះអម្ចាស់បំផុសឲ្យមរមន…ដាក់បញ្ចូល[ ដំណើររឿងនេះ ]នៅក្នុងបញ្ជីរបស់លោកដូច្នេះ ? តើមានមេរៀនអ្វីខ្លះ ដែលខ្ញុំអាចរៀនចេញពី[ ការដាស់តឿននេះ ]ដើម្បីជួយខ្ញុំរស់នៅក្នុងជំនាន់នេះ និងសម័យកាលនេះ ? › »
សេចក្ដីថ្លែងរបស់ប្រធានប៊ែនសឹន ជួយពួកយើងឲ្យយល់ថាព្រះគម្ពីរមរមនពុំមែនជាកំណត់ត្រាប្រវត្តិសាស្ត្រដែលមើលទៅអតីតកាលជាចម្បងនោះទេ ។ ប៉ុន្តែគម្ពីរនេះមើលទៅអនាគត ហើយមានគោលការណ៍សំខាន់ៗ ការព្រមាន និងមេរៀនដែលត្រូវចំស្ថានភាព និងបញ្ហានៃជំនាន់របស់យើង ។ ម្ល៉ោះហើយ ព្រះគម្ពីរមរមនគឺជាគម្ពីរមួយអំពីអនាគតរបស់យើង និងគ្រាដែលយើងរស់នៅពេលនេះ និងនៅពេលខាងមុខ ។
ខ្ញុំអធិស្ឋានសូមជំនួយពីព្រះវិញ្ញាណបរិសុទ្ធ កាលយើងគិតឥឡូវនេះថាមេរៀនដែលទាក់ទងនឹងយើងសព្វថ្ងៃនេះគឺចេញមកពីគម្ពីរហេលេមិននៅក្នុងព្រះគម្ពីរមរមន ។
ពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន
កំណត់ត្រារបស់ហេលេមិន និងកូនៗរបស់គាត់ពិពណ៌នាអំពីប្រជាជនមួយដែលរំពឹងចាំការប្រសូត្ររបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពាក់កណ្ដាលសតវត្សរ៍ដែលបានរៀបរាប់ឡើងវិញនៅក្នុងកំណត់ត្រាព្រះគម្ពីរ បានគូសបង្ហាញពីការផ្លាស់ប្រែចិត្តជឿ និងសេចក្ដីសុចរិតរបស់សាសន៍លេមិន និងសេចក្ដីទុច្ចរិត ការក្បត់សាសនា និងអំពើគួរខ្ពើមឆ្អើមរបស់ពួកសាសន៍នីហ្វៃ ។
មានការប្រៀបធៀប និងការផ្ទុយរវាងពួកសាសន៍នីហ្វៃ និងសាសន៍លេមិននៅក្នុងកំណត់ត្រាបុរាណនេះ គឺជាការណែនាំល្អបំផុតចំពោះជំនាន់របស់យើងសព្វថ្ងៃនេះ ។
« ពួកសាសន៍លេមិន បានក្លាយទៅជាប្រជាជនសុចរិត ដរាបដល់សេចក្ដីសុចរិតរបស់គេ បានលើសសេចក្ដីសុចរិតរបស់ពួកសាសន៍នីហ្វៃ ដោយសារការរឹងប៉ឹងរបស់គេ និងការខ្ជាប់ខ្ជួនរបស់គេនៅក្នុងសេចក្ដីជំនឿ ។
« [ ហើយ ] មានសាសន៍នីហ្វៃជាច្រើន ដែលបានក្លាយទៅជារឹងទទឹង និងមិនប្រែចិត្ត ហើយអាក្រក់ក្រៃលែង ដរាបដល់ពួកគេបានបដិសេធព្រះបន្ទូលនៃព្រះ និងការផ្សាយ និងការព្យាករណ៍ទាំងអស់ ដែលបានមកនៅក្នុងចំណោមពួកគេ » ។
« ម្ល៉ោះហើយ យើងឃើញថា ពួកសាសន៍នីហ្វៃបានចាប់ផ្ដើមចុះអន់ថយក្នុងការឥតជំនឿ ហើយដុះឡើងក្នុងអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយ នៅពេលដែលពួកសាសន៍លេមិនបានចាប់ផ្ដើមដុះឡើងយ៉ាងខ្លាំងក្នុងការចេះដឹងអំពីព្រះរបស់ពួកគេ មែនហើយ ពួកគេបានចាប់ផ្ដើមរក្សាក្រឹត្យវិន័យ និងព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ហើយបានដើរនៅក្នុងសេចក្ដីពិត និងសេចក្ដីស្មោះត្រង់ចំពោះទ្រង់ ។
« ម្ល៉ោះហើយ យើងឃើញថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់បានចាប់ផ្ដើមដកថយពីពួកសាសន៍នីហ្វៃ ដោយសារអំពើទុច្ចរិត និងភាពរឹងរូសនៃចិត្តរបស់គេ ។
« ម្ល៉ោះហើយ យើងឃើញថា ព្រះអម្ចាស់ទ្រង់បានចាប់ផ្ដើមស្រោចព្រះវិញ្ញាណទ្រង់ទៅលើពួកសាសន៍លេមិន ដោយព្រោះភាពស្លូតបូត និងឆន្ទៈរបស់គេនៅក្នុងការជឿដល់ព្រះបន្ទូលរបស់ទ្រង់ ។ »
ប្រហែលជាទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើល និងសោកសៅបំផុតដែលពួកសាសន៍នីហ្វៃធ្លាក់ទៅក្នុងការក្បត់សាសនាគឺជា « អំពើទុច្ចរិតទាំងអស់នេះ បានមកដល់ពួកគេ ក្នុងរយៈពេលមិនច្រើនឆ្នាំទេ » ។
ពួកសាសន៍នីហ្វៃបានងាកចេញពីព្រះ
តើពួកសាសន៍សុចរិតមួយអាចក្លាយទៅជាសាសន៍ដែលមានចិត្តរឹងរូស និងទុច្ចរិតនៅក្នុងរយៈពេលដ៏ខ្លីមួយដោយរបៀបណា ? តើប្រជាជនអាចឆាប់ភ្លេចព្រះដែលបានប្រទានពរដល់ពួកគេយ៉ាងបរិបូរណ៍ដោយរបៀបណា ?
គំរូអវិជ្ជមានរបស់ពួកសាសន៍នីហ្វៃបានបង្រៀនយើងនៅសព្វថ្ងៃនេះតាមរបៀបដ៏មានអានុភាព និងអស្ចារ្យមួយ ។
« ការឆ្មើងឆ្មៃបានចាប់ផ្ដើមចូលទៅក្នុង…ដួងចិត្តនៃប្រជាជនដែលប្រកាសខ្លួនថានៅក្នុងសាសនាចក្រនៃព្រះ…ហើយនេះគឺមកពីសម្បត្តិទ្រព្យដ៏ច្រើនលើសលប់របស់គេ និងការចម្រុងចម្រើនរបស់គេនៅលើដែនដី » ។
« ដួងចិត្ត[ ពួកគេ ]បានភ្ជាប់ទៅលើទ្រព្យសម្បត្តិ និងវត្ថុទាំងឡាយ[ របស់ពួកគេ ]ដែលឥតប្រយោជន៍នៃលោកិយនេះ » ដោយសារការឆ្មើងឆ្មៃ ដែល[ ពួកគេ ]បានទុកឲ្យចូលក្នុងចិត្ត[ របស់ពួកគេ ]ដែលបានលើក[ ពួកគេ ]ឡើងផុតពីអ្វីៗដែលល្អ ដោយព្រោះទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភ[ របស់ពួកគេ ] ! »
សំឡេងពីបុរាណចេញមកពីធូលីដីសុំអង្វរឲ្យយើងសព្វថ្ងៃនេះរៀនមេរៀនដ៏គ្មានទីបញ្ចប់នេះថា ៖ ភាពចម្រុងចម្រើន ទ្រព្យសម្បត្តិ និងភាពងាយស្រួល បង្កើតជាល្បាយដ៏ខ្លាំងក្លាមួយ ដែលអាចដឹកនាំមនុស្សសុចរិតឲ្យផឹកនូវថ្នាំពុលខាងវិញ្ញាណនៃភាពឆ្មើងឆ្មៃបាន ។
ការអនុញ្ញាតឲ្យភាពឆ្មើងឆ្មៃចូលទៅក្នុងដួងចិត្តរបស់យើង អាចបណ្ដាលឲ្យយើងចំអកដល់អ្វីដែលពិសិដ្ឋ ការមិនជឿទៅលើព្រះវិញ្ញាណនៃការព្យាករណ៍ និងវិវរណៈ ការឈាន់ឈ្លីបទបញ្ញត្តិរបស់ព្រះនៅក្រោមជើង បដិសេធព្រះបន្ទូលនៃព្រះ ការបណ្ដេញចេញ ការចំអក ហើយនឹងការជេរប្រមាថដល់ពួកព្យាការី និងការភ្លេចព្រះអម្ចាស់ជាព្រះរបស់យើង ព្រមទាំង « ពុំមានបំណងចង់ឲ្យព្រះអម្ចាស់ជាព្រះ[ របស់យើង ]ដែលបានបង្កើត[ យើង ] មកគ្រប់គ្រង និងអភិបាលលើ[ ពួកយើង ] » ។
ហេតុដូច្នេះហើយ ប្រសិនបើយើងពុំស្មោះត្រង់ ហើយគោរពប្រតិបត្តិទេ នោះយើងអាចផ្លាស់ប្រែពរជ័យដែលព្រះប្រទានឲ្យដើម្បីមានភាពចម្រុងចម្រើននោះ ទៅជាបណ្ដាសានៃភាពឆ្មើងឆ្មៃដែលបង្វែរ និងរំខានយើងពីភាពចម្រុងចម្រើនខាងវិញ្ញាណដ៏ពិត និងសំខាន់វិញ ។ យើងត្រូវតែចាំយាមទប់ទល់នឹងអារម្មណ៍ដែលជម្រុញឲ្យមានភាពឆ្មើងឆ្មៃ និងបំភ្លើសឲ្យគិតថាខ្លួនឯងសំខាន់ វាយតម្លៃខុសឆ្គងអំពីភាពគ្រប់គ្រាន់ផ្ទាល់ខ្លួនរបស់យើង ហើយស្វែងរកសម្រាប់តែខ្លួនឯង មិនបម្រើដល់អ្នកដទៃ ។
នៅពេលយើងផ្ដោតទៅលើខ្លួនឯងដោយអំនួត នោះយើងក៏ត្រូវទទួលរងនូវភាពខ្វាក់ខាងវិញ្ញាណ ហើយខកខាននូវអ្វីៗដែលកំពុងកើតឡើងនៅក្នុងខ្លួន និងជុំវិញយើងយ៉ាងច្រើន ភាគច្រើនផងដែរ ។ យើងមិនអាចមើលទៅ និងផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទជា « សញ្ញាសម្គាល់ » ទេ ប្រសិនបើយើងមើលឃើញតែខ្លួនយើងនោះ ។
សេចក្ដីខ្វាក់ខាងវិញ្ញាណនោះក៏អាចបណ្ដាលឲ្យយើងងាកចេញពីផ្លូវសុចរិត ធ្លាក់ចូលទៅក្នុងផ្លូវហាមឃាត់ ហើយវង្វេងបាត់ ។ នៅពេលយើង « បែរងាកចេញពីផ្លូវ[ របស់យើង ] » ដោយងងឹតងងល់ ហើយដើរតាមផ្លូវបំផ្លិចបំផ្លាញ នោះយើងមានទំនោរពឹងផ្អែកទៅលើការយល់ដឹងផ្ទាល់ខ្លួន អួតអាងទៅលើកម្លាំងផ្ទាល់ខ្លួន ហើយពឹងទៅលើប្រាជ្ញារបស់យើងផ្ទាល់ ។
សាំយូអែលជាសាសន៍លេមិន បានសង្ខេបយ៉ាងខ្លីអំពីការងាកចេញពីព្រះរបស់សាសន៍នីហ្វៃថា « អ្នករាល់គ្នាបានស្វែងរកនៅក្នុងថ្ងៃទាំងអស់នៃជីវិតរបស់អ្នក នូវអ្វីៗដែលអ្នករាល់គ្នាពុំអាចយកបាន ហើយអ្នករាល់គ្នាបានស្វែងរកសុភមង្គល ដោយធ្វើអំពើទុច្ចរិត ដែលជាការផ្ទុយនឹងធម្មជាតិនៃសេចក្ដីសុចរិតនោះ ដែលមាននៅក្នុងអ្នកត្រួតត្រាដ៏មហិមា និងដ៏គង់នៅអស់កល្បជានិច្ចនៃយើង ។ »
ព្យាការីមរមនបានសង្កេតឃើញថា « មនុស្សភាគច្រើន[ ស្ថិតនៅក្នុង ]ភាពឆ្មើងឆ្មៃ និងសេចក្ដីទុច្ចរិតនៅឡើយ ឯមនុស្សភាគតិច[ ដើរ ]យ៉ាងត្រង់តទៅចំពោះព្រះ » ។
សាសន៍លេមិនងាកទៅរកព្រះ
នៅក្នុងគម្ពីរហេលមិន ការរីកចម្រើននៅក្នុងសេចក្ដីសុចរិតរបស់ពួកសាសន៍លេមិន គឺមានភាពផ្ទុយស្រឡះនឹងការធ្លាក់ចុះខាងវិញ្ញាណយ៉ាងលឿនរបស់ពួកសាសន៍នីហ្វៃ ។
ពួកសាសន៍លេមិនបានងាកទៅរកព្រះ ហើយត្រូវបាននាំទៅរកចំណេះដឹងអំពីសេចក្ដីពិត ដោយការជឿទៅលើការបង្រៀននៅក្នុងព្រះគម្ពីរដ៏បរិសុទ្ធ និងពួកព្យាការី ហើយអនុវត្តសេចក្ដីជំនឿទៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្តពីអំពើបាប ហើយទទួលបទពិសោធន៍នៃការផ្លាស់ប្ដូរដួងចិត្តដ៏ធំមួយ ។
« ហេតុដូច្នេះហើយ អស់អ្នកណាដែលបានដល់ថ្នាក់នេះ អ្នករាល់គ្នាក៏បានដឹងដោយខ្លួនឯងថា គឺជាជនរឹងប៉ឹង និងខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿ និងនៅក្នុងការដែលនាំមកឲ្យគេនូវសេរីភាព » ។
« ពួកគេភាគច្រើនដើរតាមគន្លងនៃករណីយកិច្ច [ របស់សាសន៍លេមិន ] ហើយគេបានដើរដោយប្រយ័ត្នប្រយែងនៅចំពោះព្រះ ហើយពួកគេប្រតិបត្តិតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ និងក្រឹត្យក្រមទាំងឡាយរបស់ទ្រង់ និងសេចក្ដីយុត្តិធម៌ទាំងឡាយ … ។
« …ពួកគេខ្នះខ្នែងព្យាយាមពុំឈប់ឈរ ដើម្បីគេអាចនាំបងប្អូនរបស់គេដែលនៅសល់ទាំងប៉ុន្មានឲ្យស្គាល់សេចក្ដីពិត » ។
ជាលទ្ធផល « សេចក្ដីសុចរិតរបស់[ សាសន៍លេមិន ]បានលើសសេចក្ដីសុចរិតរបស់ពួកសាសន៍នីហ្វៃ ដោយសារការរឹងប៉ឹងរបស់គេ និងការខ្ជាប់ខ្ជួនរបស់គេនៅក្នុងសេចក្ដីជំនឿ » ។
ការព្រមាន និងការសន្យា
មរ៉ូណៃបានប្រកាសថា « មើលចុះ ព្រះអម្ចាស់ទ្រង់បានបង្ហាញដល់ខ្ញុំនូវការណ៍ដ៏ធំ ហើយអស្ចារ្យទាំងឡាយអំពីអ្វីដែលត្រូវមកដល់នៅពេលយ៉ាងខ្លី នៅក្នុងថ្ងៃដែលការណ៍ទាំងនេះនឹងកើតឡើងនៅក្នុងចំណោមពួកអ្នក ។
« មើលចុះ ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នា ហាក់បីដូចជាអ្នករាល់គ្នានៅទីនេះ ប៉ុន្តែអ្នករាល់គ្នាពុំនៅទីនេះទេ ។ ប៉ុន្តែមើលចុះ ព្រះយេស៊ូវគ្រីស្ទទ្រង់បង្ហាញអ្នករាល់គ្នាដល់ខ្ញុំ ហើយខ្ញុំដឹងនូវអ្វីៗដែលអ្នករាល់គ្នាធ្វើ » ។
សូមចងចាំថាព្រះគម្ពីរមរមនសម្លឹងមើលទៅអនាគត ហើយមានគោលការណ៍សំខាន់ៗ ការព្រមាន និងមេរៀនដែលត្រូវចំស្ថានភាព និងបញ្ហារបស់ខ្ញុំ និងមនុស្សក្នុងជំនាន់របស់យើងសព្វថ្ងៃនេះ ។
ការក្បត់សាសនាអាចកើតឡើងក្នុងកម្រិតមូលដ្ឋានពីរគឺ—ជាលក្ខណៈស្ថាប័ន និងបុគ្គល ។ នៅកម្រិតស្ថាប័ន សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនឹងពុំត្រូវវង្វេងដោយព្រោះការក្បត់សាសនា ឬត្រូវដកចេញពីផែនដីឡើយ ។
ព្យាការី យ៉ូសែប ស៊្មីធ បានប្រកាសថា ៖ « បទដ្ឋាននៃសេចក្តីពិតត្រូវបានបង្កើតឡើង គ្មានដៃដែលមិនបរិសុទ្ធអាចបញ្ឈប់ការងារមិនឲ្យរីកចម្រើនបានឡើយ ។… សេចក្ដីពិតនៃព្រះនឹងឆ្ពោះទៅមុខដោយក្លៀវក្លា ថ្លៃថ្នូរ និងឯករាជ្យរហូតទាល់តែវាបានដល់គ្រប់ទាំងទ្វីប គ្រប់តំបន់ គ្រប់ប្រទេស និង បានឮដល់គ្រប់ត្រចៀករហូតដល់គោលបំណងនៃព្រះនឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏មហិមានឹងមានបន្ទូលថា កិច្ចការបានចប់សព្វគ្រប់ហើយ » ។
នៅកម្រិតជាលក្ខណៈបុគ្គល យើងម្នាក់ៗត្រូវតែ « ប្រយ័ត្នពីសេចក្តីឆ្មើងឆ្មៃ ក្រែង[ យើង ]ក្លាយទៅដូចជាពួកសាសន៍នីហ្វៃពីបុរាណ » ។
ខ្ញុំសូមផ្ដល់យោបល់ថា ប្រសិនបើអ្នក ឬខ្ញុំជឿថាយើងរឹងប៉ឹង និងមាំមួនគ្រប់គ្រាន់ដើម្បីចៀសពីភាពល្ងង់ខ្លៅនៃភាពឆ្មើងឆ្មៃ នោះប្រហែលជាយើងកំពុងរងទុក្ខដោយសារជំងឺដែលអាចស្លាប់ខាងវិញ្ញាណហើយ ។ គ្រាន់តែថ្លែងដោយសាមញ្ញថា ប្រសិនបើអ្នក ឬ្ខ្ញុំពុំជឿថាយើងអាចរងទុក្ខជាមួយ និងដោយសារភាពឆ្មើងឆ្មៃទេ នោះយើងងាយរងគ្រោះ និងស្ថិតនៅក្នុងគ្រោះថ្នាក់ខាងវិញ្ញាណហើយ ។ ក្នុងរយៈពេលមិនច្រើនថ្ងៃ មិនច្រើនសប្ដាហ៍ ខែ ឬឆ្នាំទេ នោះយើងអាចត្រូវបាត់បង់នូវមរតកពីកំណើតខាងវិញ្ញាណរបស់យើងសម្រាប់អ្វីដែលមិនសូវសំខាន់ ។
ទោះជាយ៉ាងណា ប្រសិនបើអ្នក ឬខ្ញុំជឿថាយើងអាចរងទុក្ខជាមួយ និងដោយសារភាពឆ្មើងឆ្មៃ នោះយើងនឹងធ្វើនូវរឿងតូចៗសាមញ្ញៗដោយខ្ជាប់ខ្ជួន ដែលនឹងការពារ និងជួយយើងឲ្យប្រែក្លាយ « ជាកូនក្មេង ងាយប្រដៅ ស្លូតបូត ទាបរាបសា អត់ឱន ពោរពេញទៅដោយសេចក្ដីស្រឡាញ់ ព្រមទទួលនូវអ្វីៗទាំងអស់ ដែលព្រះអម្ចាស់ទ្រង់ទតឃើញថាល្អ[ ចំពោះយើង ] » ។ « មានពរហើយដល់ពួកអ្នកណា ដែលបានបន្ទាបខ្លួនដោយពុំបាច់គេបង្ខំ » ។
នៅពេលយើងធ្វើតាមការទូន្មានរបស់ប្រធានប៊ែនសឹន ហើយសួរខ្លួនយើងថាហេតុអ្វីព្រះអម្ចាស់បំផុសគំនិតដល់មរមនឲ្យដាក់បញ្ចូលការសង្ខេបរបស់លោកអំពីព្រះគម្ពីរហេលេមិននូវដំណើររឿង ការព្រមានដាស់តឿន និងការព្រមានដែលលោកបានធ្វើនោះ ។ ខ្ញុំសូមសន្យាថា យើងនឹងយល់ដឹងអំពីការអនុវត្តនូវការបង្រៀនទាំងនេះនៅក្នុងស្ថានភាពជាក់លាក់ក្នុងជីវិតរបស់យើងម្នាក់ៗ និងក្រុមគ្រួសាររបស់យើងនាបច្ចុប្បន្ននេះ ។ នៅពេលយើងសិក្សា និងពិចារណាអំពិកំណត់ត្រាដ៏បំផុសគំនិតនេះ នោះយើងនឹងទទួលបានពរឲ្យមានភ្នែកដែលអាចមើលឃើញ ត្រចៀកអាចស្ដាប់ឮ គំនិតនិងដួងចិត្តដែលអាចយល់ដឹង មេរៀនដែលយើងគួរតែរៀនដើម្បី « ចូរប្រយ័ត្នអំពីសេចក្ដីឆ្មើងឆ្មៃ ខ្លាចក្រែង[ យើងធ្លាក់ ]ទៅក្នុងសេចក្ដីល្បួង » ។
ខ្ញុំធ្វើជាសាក្សីដោយអំណរថា ព្រះដែលជាព្រះវរបិតាដ៏អស់កល្បគឺជាព្រះបិតារបស់យើង ។ ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រាសំណប់តែមួយគត់របស់ព្រះ ។ ទ្រង់គឺជាព្រះអង្គសង្រ្គោះយើង។ ហើយខ្ញុំថ្លែងទីបន្ទាល់ថា នៅពេលយើងដើរដោយរាបសានៃព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះយើងនឹងចៀសផុត ហើយយកឈ្នះលើភាពឆ្មើងឆ្មៃ ហើយមានភាពសុខសាន្ដនៅក្នុងទ្រង់ ។ ខ្ញុំធ្វើជាសាក្សីនៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។