សន្និសីទទូទៅ
ខ្យល់​បក់​មិន​ឈប់​ឈរ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


9:46

ខ្យល់​បក់​មិន​ឈប់​ឈរ

យើង​អាច​ជួយ​មនុស្ស​ដទៃ​រីកចម្រើន​ក្នុង​ដំណើរ ជីវិត​របស់​ពួកគេ​ដើម្បី ទទួល​បាន​ពរជ័យ​ពីព្រះ ។

ក្នុង​ឆ្នាំ២០១៥ នៅ​រដ្ឋពើរណាមបូកូ ប្រទេស​ប្រេស៊ីល មាន​សមាជិក ៦២ នាក់​នៃ J. Reuben Clark Law Society [ សហគមន៍​ច្បាប់ ជេ រ៉ូប៊ីន ក្លាក ]បាន​សហការ​ជាមួយ​ការិយាល័យ​រដ្ឋ​ព្រះរាជអាជ្ញា ក្នុង​ការស៊ើប​អង្កេត​បញ្ហា​ផ្លូវ​ច្បាប់​របស់​អ្នក​រស់​នៅ​ក្នុង​មណ្ឌល​ថែទាំ​ចំនួន​បួន​ផ្សេង​គ្នា ។ នៅ​ថ្ងៃ​សៅរ៍​មួយ ក្រុម​មេធាវី​ទាំងនេះ​បាន​ចំណាយ​ពេល​ប្រាំ​ម៉ោង​សម្ភាសន៍​អ្នក​ស្រុក​ជាង ២០០ នាក់ ម្នាក់​ម្តងៗជា​អ្នក​ដែល​សង្គម​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ ។

នៅ​ក្នុង​ការសម្ភាសន៍​របស់​ពួកគេ ពួកគេ​បាន​រក​ឃើញ​បទ​ឧក្រិដ្ឋ​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ដល់​មនុស្ស​វ័យ​ចំណាស់ៗ​ដែល​រស់​ក្នុង​មណ្ឌល​នោះ ដូចជា ការបោះបង់ចោល ការធ្វើ​បាប និង​ការកិបកេង​ថវិកា​ជាដើម ។ ចំនុច​ចំបង​នៃ​ច្បាប់​សហគមន៍​នេះ​គឺ​ការយកចិត្ត​ទុកដាក់​យ៉ាង​សំខាន់​ដល់​អ្នក​ក្រីក្រ និង​ខ្វះខាត ។ តែ​ពីរ​ខែ​ក្រោយ​ប៉ុណ្ណោះ ព្រះរាជអាជ្ញា​បាន​ដាក់​ពាក្យ​បណ្ដឹង​ភាគី​ដែល​ទទួល​ខុស​ត្រូវ​បាន​ដោយ​ជោគជ័យ ។

ជំនួយ​របស់​ពួកគេ​គឺ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​នៃ​ការបង្រៀន​របស់​ស្តេច​បេនយ៉ាមីន « ថា កាលណា​អ្នករាល់គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់គ្នា គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

មាន​ស្ត្រី​ម្នាក់​ដែល​ខ្ញុំ​បាន​សម្ភាស​ដោយ​ផ្ទាល់​ក្នុង​គម្រោង​ដោយ​ឥត​គិត​ថ្លៃ គឺ​ជា​ស្រ្តី​វ័យ​៩៣​ឆ្នាំ​ដែលមាន​ចិត្តល្អ​ម្នាក់ ឈ្មោះ​ថា លូសៀ ។ ដោយ​ក្តី​អំណរ​ជាមួយ​ការបម្រើ​របស់​យើង គាត់​បាន​និយាយ​លេងសើច​ថា « រៀបការ​ជាមួយ​ខ្ញុំ ! »

ដោយ​ភ្ញាក់​ផ្អើល ខ្ញុំ​បាន​តប​វិញ​ថា ៖ « សូម​មើល​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់​នោះ » នាង​ជា​ភរិយា​របស់​ខ្ញុំ ហើយ​ជា​ព្រះរាជ​អាជ្ញា​ » ។

គាត់​ក៏​ឆ្លើយ​តប​ភ្លាមៗ​វិញ​ថា ៖ « ខ្ញុំ​អត់​ខ្វល់ទេ ? នាង​នៅ​ក្មេង ស្អាត ហើយ​អាច​រៀបការ​ម្តង​ទៀត​បាន​យ៉ាង​ងាយស្រួល ។ ខ្ញុំ​គ្មាន​អ្វី​ក្រៅ​ពី​អ្នក​នោះ​ទេ ! »

បញ្ហា​របស់​អ្នក​ស្រុក​ដ៏​អស្ចារ្យ​ទាំងនោះ​មិន​បាន​ដោះស្រាយអស់ទេ​នៅ​ថ្ងៃ​នោះ ។ ពួកគេ​បាន​បន្ត​ជួប​ការលំបាក​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ដូចជា​ពួក​សាសន៍យ៉ារេឌ ធ្វើ​ដំណើរ​តាម​ទូក​របស់​ពួកគេ​ដ៏​លំបាក​ទៅកាន់​ដែនដី​សន្យា « ត្រូវ​កប់​នៅ​ក្នុង​ជម្រៅ​សមុទ្រ​ជា​ច្រើន​គ្រា​ច្រើន​ដង ពី​ព្រោះ​មក​ពី​រលក​ទាំង​ឡាយ ដូច​ជា​ភ្នំ ដែល​បាន​បោក​មក​លើ​ពួកគេ » ។

ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍​នោះ អ្នក​រស់​នៅ​ក្នុង​មណ្ឌល​ថែទាំ​នោះ​បាន​ដឹង​ថា ទោះបី​សង្គម​បាន​បំភ្លេច​ពួកគេ​ក្តី ក៏​ពួកគេ​ដឹង​ដោយ​ខ្លួន​ឯង​ថា ព្រះវរបិតាសួគ៌​ដែលពេញ​ដោយក្ដី​ស្រឡាញ់​ស្គាល់​ពួកគេ​ម្នាក់ៗ ទ្រង់​ជា​អង្គ​ដែល​ឆ្លើយតប​ការអធិស្ឋាន​ដ៏​សាមញ្ញ​បំផុត ។

ព្រះអម្ចាស់​ដ៏​ជា​ព្រះ​បណ្តាល​ឲ្យ « មាន​ខ្យល់​ដ៏​ខ្លាំង » ដើម្បី​បក់​ពួក​យ៉ារេឌ​ឆ្ពោះ​ទៅ​កាន់​ពរជ័យ​ដែល​បាន​សន្យា ។ ស្រដៀង​គ្នា​នេះ​ដែរ យើង​អាច​សម្រចចិត្ត​ដើម្បី​បម្រើ​ជា​ខ្យល់​ដ៏​រាបទាប​នៅ​ក្នុង​ព្រះហស្ត​នៃ​ព្រះអម្ចាស់ ។ ដូច​គ្នា​ទៅ​នឹង « ខ្យល់​បក់​មិន​ឈប់​ឈរ » ដែល​បាន​បក់ពួក​យ៉ារេឌ​ទៅ​កាន់​ដែន​ដី​សន្យា យើង​ក៏​អាច​ជួយ​អ្នក​ដទៃ​រីកចម្រើន​នៅ​ក្នុង​ដំណើរ​របស់​ពួកគេ​ដើម្បី​ទទួល​បាន​ព្រះពរ​របស់​ព្រះ​ផង​ដែរ ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ នៅ​ពេល​ភរិយា​ខ្ញុំ គ្រីស្ទ និង​ខ្ញុំ​ត្រូវ​បាន​សម្ភាស​សម្រាប់​ការហៅ​របស់​ខ្ញុំ​ជា ប៊ីស្សព ប្រធាន​ស្តេក​របស់​យើង​បាន​សុំ​ឲ្យ​យើង​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ដើម្បី​គិត​អំពី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ធ្វើ​ជា​ទី​ប្រឹក្សា ។ បន្ទាប់​ពី​បាន​ឮ​ឈ្មោះ​ដែល​ខ្ញុំ​បាន​ណែនាំ គាត់​បាន​និយាយ​ថា ខ្ញុំ​គួរ​ដឹង​រឿង​មួយ​ចំនួន​អំពី​ម្នាក់​ក្នុង​ចំណោម​ពួកគេ ។

ទី​មួយ បងប្រុស​ម្នាក់នេះ​មិន​អាច​អាន​បាន​ទេ ។ ទី​ពីរ គាត់​មិនមាន​ឡាន ដែល​គាត់​អាច​ប្រើប្រាស់​ដើម្បី​ទៅ​សួរសុខទុក្ខ​សមាជិក​ទេ ។ ទី​បី គាត់​តែងតែពាក់​វ៉ែនតា​ខ្មៅ​នៅ​ព្រះវិហារ​រហូត ។ ទោះ​បី​ជា​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ស្មោះ​ត្រង់​របស់​ប្រធាន​ក៏​ដោយ ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​មុតមាំ​ថា ខ្ញុំ​នៅ​តែ​ចង់បាន​គាត់​ជា​ទីប្រឹក្សា​របស់​ខ្ញុំ ហើយ​ប្រធាន​ស្តេក​បាន​គាំទ្រ​ខ្ញុំ ។

នៅ​ថ្ងៃ​អាទិត្យ ទីប្រឹក្សា​របស់​ខ្ញុំ និង​ខ្ញុំ​ត្រូវ​បាន​គាំទ្រ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ សមាជិក​បាន​មាន​ទឹក​មុខ​ភ្ញាក់​ផ្អើល ។ បង​ប្រុស​ជា​ទី​ស្រឡាញ់​នេះ​បាន​ដើរ​យឺតៗ​ទៅ​កាន់​កន្លែង​អង្គុយ​នៅ​លើ​វេទកា ដែល​ពន្លឺ​នៅ​ពី​ខាងលើ​បាន​ចាំង​ចំ​កញ្ចក់​វ៉ែនតា​ខ្មៅ​របស់​គាត់​យ៉ាង​ឆ្វាច ។

នៅ​ពេល​គាត់​បាន​អង្គុយ​ក្បែរ​ខ្ញុំ ខ្ញុំ​បាន​សួរ​គាត់​ថា « បងប្រុស តើ​បង​មាន​បញ្ហា​ភ្នែក​មែន​ទេ » ?

គាត់​បាន​និយាយ​ថា « អត់​ទេ » ។

ខ្ញុំ​បាន​សួរ​ថា « ចុះ​ហេតុអ្វី​បង​ពាក់​វ៉ែនតា​ខ្មៅ​នៅ​ព្រះវិហារ​បែប​នេះ ? » « បងប្រុស សមាជិក​ចង់​ឃើញ​ភ្នែក​របស់​បង ហើយ​បង​អាច​មើល​ឃើញ​ពួកគេ​ច្បាស់​ជាង​ផង​ដែរ » ។

រំពេច​នោះ គាត់​បាន​ដោះ​វ៉ែនតា​ខ្មៅ​របស់​គាត់​ចេញ ហើយ​គាត់​មិន​ដែល​ប្រើ​វ៉ែនតា​នោះ​នៅ​ព្រះវិហារ​ទៀត​ទេ ។

បងប្រុស​ម្នាក់​នេះ​បាន​បម្រើ​ជាមួយ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​ត្រូវ​បាន​ដោះលែង​ពី​ប៊ីស្សព ។ សព្វ​ថ្ងៃ​នេះ គាត់​នៅបន្ត​បម្រើ​ដោយ​ស្មោះត្រង់​នៅ​ក្នុង​សាសនាចក្រ ហើយ​ជា​គំរូ​មួយ​នៃ​ការលះបង់ និង​ការតាំងចិត្ត​ចំពោះ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គាត់​គឺ​ជា​បុរស​ពាក់​វ៉ែនតា​ខ្មៅ​ដែល​គេ​មិន​ស្គាល់​មុខ អង្គុយ​នៅ​កៅអី​រោង​ថ្វាយ​បង្គំ​ដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ឡើយ ។ ជារឿយៗ ខ្ញុំ​ងឿងឆ្ងល់​ថា តើ​មាន​បងប្អូន​ប្រុស​ស្រី​ដ៏​ស្មោះត្រង់​ប៉ុន្មាន​នាក់ ដែល​គេ​មិន​ចាប់​អារម្មណ៍ អង្គុយ​នៅ​ក្នុង​ចំណោម​ពួកយើង ?

មិន​ថា​យើង​ល្បីល្បាញ ឬ​ត្រូវ​បាន​បំភ្លេច​ចោល​ទេ ការសាកល្បង​នឹង​កើត​មាន​ចំពោះ​យើង​ម្នាក់ៗ​ដោយ​ជៀស​មិន​រួច ។ នៅពេល​យើង​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ ទ្រង់​អាច « ផ្លាស់ប្ដូរ​សេចក្តី​វេទនា​ទាំងឡាយ​[ របស់​យើង ]​ឲ្យក្លាយ​ទៅ ជា​ផល​ប្រយោជន៍​ដល់​[ យើង ]​វិញ » ហើយ​ជួយ​យើង​ឆ្លើយ​តប​នឹង​ការសាកល្បង​របស់​យើង តាម​របៀប​ដែល​ជួយ​សម្រួល​ដល់​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង ។ មិន​ថា​អ្នក​រស់​នៅ​ក្នុង​មណ្ឌល​ថែទាំ សមាជិក​សាសនាចក្រ​ដែល​ត្រូវ​បាន​គេ​វិនិច្ឆ័យ​ខុស ឬ​នរណា​ផ្សេង​ទៀត​នោះទេ យើង​អាច​ធ្វើ​ជា « ខ្យល់ [ ដែល ] បក់​មិន​ឈប់ឈរ » ដើម្បី​នាំ​មក​នូវ​ក្តី​សង្ឃឹម និង​ការណែនាំ​ដល់​អ្នក​ដទៃ​ទៀត​ឲ្យ​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។

ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​ផ្តល់​នូវ​ការអញ្ជើញ​ដោយ​រីករាយ និង​បំផុស​គំនិត​ទៅ​កាន់​យុវវ័យ​ថា « ថ្ងៃនេះ ខ្ញុំ​សូម​បញ្ជាក់​សារជាថ្មី​ដោយ​មោះមុត​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យុវជន គ្រប់រូប ដែល​មានភាព​ស័ក្ដិសម ជាយុវជន​ដែល​មាន​សមត្ថភាព ឲ្យ​រៀបចំខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។ សម្រាប់​យុវជន​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ការបម្រើជា អ្នកផ្សព្វផ្សាយសាសនា គឺជា​ការ​ទទួលខុសត្រូវ​មួយ​នៃ​បព្វជិតភាព ។ … សម្រាប់​យុវនារី​ដែល​មាន​លទ្ធភាព បេសកកម្ម​គឺ​ជា​ឱកាស​ដ៏​មាន​អានុភាព​មួយ​ផង​ដែរ តែ​វា​ជា​ ជម្រើសរបស់​អ្នក » ។

រៀងរាល់ថ្ងៃ យុវជន និង​យុវនារី​រាប់ពាន់​នាក់​ឆ្លើយ​តប​ការហៅ​ពី​ព្យាការី​របស់​ព្រះអម្ចាស់ តាមរយៈ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ក្មួយៗ​ពូកែ​ណាស់ ហើយ​ដូច​ដែល​ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា ក្មួយៗ​អាច « មាន​ឥទ្ធិពល​ទៅ​លើ​ពិភពលោក​ជាង​ជំនាន់​មុនៗ ! » ជា​ការពិត​ណាស់ នោះ​មិន​មាន​ន័យ​ថា អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដ៏​ពូកែ​នៅ​ពេល​អ្នក​ឈាន​ជើង​ចូល​ក្នុង​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​ទេ ។

ផ្ទុយ​ទៅ​វិញ ក្មួយ​អាច​មាន​អារម្មណ៍​ដូច​ជា​នីហ្វៃ ត្រូវ​បាន « នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ដោយ​មិន​ដឹង​ជា​មុន​សោះ​ឡើយ​ថា តើ​[ ក្មួយ ]​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ។ ទោះ​យ៉ាង​ណា​ក៏​ដោយ គង់តែ [ ក្មួយ ] ដើរ​តម្រង់​ទៅ​មុខ » ។

ប្រហែល​ជា​ក្មួយៗ​មាន​អារម្មណ៍​មិន​ស្រួល​ចិត្ត​ដូច​យេរេមា ហើយ​ចង់​និយាយ​ថា « មើល ទូល​បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ៖ ត្បិត​ទូល​បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ » ។

ក្មួយៗ​អាច​នឹង​ឃើញ​ពី​ភាព​មិន​គ្រប់​លក្ខណៈ​ផ្ទាល់​ខ្លួនរបស់់​ក្មួយ ហើយ​ចង់​ស្រែក​ដូច​ជា​ម៉ូសេ​ដែរ ៖ « ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​ជា​អ្នក​មិនសូវ​មាន​វោហារ​ទេ… ដ្បិត​ទូលបង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង » ។

ប្រសិន​បើ​ប្អូនៗយុវជន និង​យុវនារី​ជាទីស្រឡាញ់ និង​អស្ចារ្យណាមួយ​កំពុង​មាន​គំនិត​ដូច​នេះ សូម​ចងចាំ​ថា ព្រះអម្ចាស់​បាន​ឆ្លើយតប​ថា « កុំ​ឲ្យ​ថា​ឯង​ជា​មនុស្ស​ក្មេង​ឡើយ ៖ ដ្បិត​បើ​អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​អ្នក​ណា នោះ​ឯង​ត្រូវ​តែ​ទៅ » ។ ហើយ​លោក​បាន​សន្យាថា « ដូច្នេះ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជាមួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង ។

ក្មួយៗ​អាច​ប្តូរ​ពី​មនុស្ស​ខាង​សាច់ឈាម​ទៅ​ជា​មនុស្ស​ខាង​វិញ្ញាណដែល​នឹង​កើត​ឡើង « មួយ​បន្ទាត់​ម្តងៗ មួយ​សិក្ខាបទ​ម្តងៗ”នៅពេល​ក្មួយៗ​ខិតខំ​បម្រើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ស្មោះស្ម័គ្រ​នៅក្នុង​តំបន់​បេសកកម្ម តាមរយៈ​ការប្រែចិត្ត សេចក្តីជំនឿ ការគោរព​ប្រតិបត្តិ​ពិតប្រាកដ និង​ការខិតខំ​ប្រចាំថ្ងៃដើម្បី « ស្វែង​រក​ជានិច្ច បង្រៀន​ការប្រែចិត្ត និង​ធ្វើ​ពិធី​បុណ្យជ្រមុជ​ទឹក​ដល់​អ្នក​ប្រែចិត្ត​ជឿ »

ថ្វី​ត្បិត​ក្មួយៗ​ពាក់​ស្លាកឈ្មោះ ជួន​កាល​ក្មួយៗ​អាច​នឹង​មាន​អារម្មណ៍​ថា​មិន​ត្រូវបាន​គេ​ស្គាល់ ឬ​ត្រូវ​បាន​គេ​បំភ្លេច ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្មួយ​ត្រូវ​តែ​ដឹង​ថា ក្មួយ​មាន​ព្រះវរបិតា​សួគ៌​ដ៏​ឥត​ខ្ចោះ ដែល​ស្គាល់​ក្មួយៗ​ដោយ​ផ្ទាល់ និង​មាន​ព្រះអង្គសង្រ្គោះ​ដែល​ស្រឡាញ់​ក្មួយ ។ ក្មួយ​នឹង​មាន​ថ្នាក់​ដឹកនាំ​បេសកកម្ម ថ្វី​បើ​ពួកគាត់​មិន​ល្អ​ឥត​ខ្ចោះ​ក្តី ពួកគាត់​នឹង​បម្រើ​ក្មួយៗ ដូច​ជា « ខ្យល់​[ ដែល ]​បក់​មិន​ឈប់​ឈរ »ដើម្បី​ណែនាំ​ដល់​ក្មួយៗ​នៅក្នុងដំណើរ​ផ្លូវ​នៃ​ការប្រែចិត្ត​ជឿ​ផ្ទាល់​របស់​ក្មួយ ។

នៅ​ក្នុង « ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរហៀរ »ក្មួយ​នឹង​បម្រើ​នៅ​ក្នុង​បេសកកម្ម​ផ្ទាល់​របស់​ក្មួយ ក្មួយៗ​នឹង​កើត​ជា​ថ្មី​ខាង​វិញ្ញាណ ហើយ​ក្លាយ​ទៅ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​ជីវិត នៅ​ពេល​ដែល​ក្មួយ​ខិត​ទៅ​ជិត​ទ្រង់ ។ ក្មួយ​អាច​ដឹង​ថា ក្មួយៗ​មិន​ត្រូវ​បាន​គេ​បំភ្លេច​នោះ​ទេ ។

ទោះ​បី​ជា​អ្នក​ខ្លះ​អាច​រងចាំ « ជា​យូរ​មក​ហើយ »សម្រាប់​ការសង្រ្គោះ ដ្បិត​ពួកគេ « គ្មាន​អ្នក​ណា »ដែល​អាច​ជួយ​បាន ក៏​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​យើង​ថា ទ្រង់​មិន​បាន​ភ្លេច​ពួក​យើង​ណា​ម្នាក់​ឡើយ ។ ផ្ទុយ​ទៅ​វិញ ទ្រង់​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្នុង​ការស្វែង​រក​នរណា​ម្នាក់​នៅ​គ្រប់​ពេល​នៃ​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ ។

យើង​ម្នាក់ៗ និង​អ្នក​ដែល​នៅ​ជុំ​វិញ​យើងប្រឈម​នឹង​ព្យុះ​ភ្លៀង និង​រលក​នៃ​ការសាកល្បង​ដែល​ពន្លិច​យើង​រាល់ថ្ងៃ ។ ប៉ុន្តែ « ខ្យល់​[ ដែល​នឹង ] បក់​មិន​ឈប់​ឈរ ដើម្បី​បក់​នាំ​យើង​ទៅ​ដែនដី​សន្យា … ដូច្នេះ [ យើង​នឹង​ត្រូវ ] បាន​នាំ​ទៅ​ដោយ​កម្លាំង​ខ្យល់​នោះ » ។

យើង​ម្នាក់ៗ​អាច​ធ្វើជា​ផ្នែក​មួយ​នៃ​ខ្យល់​នេះ—ជា​ខ្យល់​ដដែល ដែល​បាន​ប្រទានពរ​ដល់​ពួកសាសន៍យ៉ារេឌ​ក្នុង​ការធ្វើដំណើរ​របស់​ពួកគេ និង​ជា​ខ្យល់ដដែល​ដែល​នឹង​ប្រទានពរ​ដល់​អ្នក​ដែល​គេ​មិន​ស្គាល់ និង​មិន​ចាប់​អារម្មណ៍​ដើម្បី​ទៅ​ដល់​ដែនដី​សន្យា​របស់​ពួកគេ​ផ្ទាល់ដោយ​មាន​ជំនួយ​ពី​ពួក​យើង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​គាំ​ទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ។ ទ្រង់​គឺ​ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ហើយ​ដើរតួ​ជា​ខ្យល់​ដ៏​ខ្លាំង​មួយ ដែល​តែងតែ​ដឹកនាំ​យើង​តាម​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. J. Reuben Clark Law Society គឺ​ជា​សមាគម​មិន​ស្វែង​រកប្រាក់​ចំណេញ​ដែល​បាន​បង្កើត​ឡើង​ដោយ​មេធាវី និង​និស្សិត​ច្បាប់ ហើយ​ត្រូវ​បាន​រៀបចំ​ឡើង​ជាង​មួយ​រយ​កន្លែង​នៅ​ទូទាំង​ពិភពលោក ។ វា​ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​ការគោរព​ដល់ ច័រស្វ័រ រ៉ូប៊ីន ក្លាក ជុញ្ញ័រ ដែល​បាន​បម្រើ​ជា​ច្រើន​ឆ្នាំ​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

  2. ម៉ូសាយ ២:១៧ ។

  3. Pro bonoគឺ​ជា​ទម្រង់​កាត់​នៃ​ឃ្លា​ជា​ភាសា​ឡាតាំង pro bono publicoដែលមានន័យថា « for the public good » [ សម្រាប់ជា​ប្រយោជន៍​ដល់​សាធារណៈ ] ឬ​« សម្រាប់​ផល​ប្រយោជន៍​ដល់​សាធារណៈ » ។ នេះ​គឺ​ជា​ក្រុម​នៃ​ពួក​អ្នក​ធ្វើការ​ស្ម័គ្រចិត្ត ដែល​ខុស​ពី​ការស្ម័គ្រចិត្ត​បែប​ប្រពៃណី ទាមទារ​នូវ​ជំនាញ​វិជ្ជាជីវៈ ទោះ​បី​វា​មិន​មាន​ប្រាក់​ខែ​ក៏​ដោយ ។

  4. អេធើរ ៦:៦ ។

  5. អេធើរ ៦:៥ ។

  6. សូមមើល នីហ្វៃទី២ ២:១៤, ១៦ ។

  7. អេធើរ ៦:៨ ។

  8. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:១០៦ ។

  9. សូមមើល អ័ប្រាហាំ ៣:២៥ ។

  10. នីហ្វៃទី២ ២:២សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២២:៧ ។

  11. រ័សុល អិម ណិលសុន « Preaching the Gospel of PeaceLiahonaខែ​ឧសភា ឆ្នាំ​២០២២ ទំព័រ​៦ ។

  12. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០១៨ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  13. នីហ្វៃទី១ ៤:៦–៧ ។

  14. យេរេមា ១:៦ ។

  15. និក្ខមនំ ៤:១០ ។

  16. យេរេមា ១:៧ ។

  17. និក្ខមនំ ៤:១២ ។

  18. សូមមើល ម៉ូសាយ ៣:១៩ ។

  19. នីហ្វៃទី២ ២៨:៣០ ។

  20. សូមមើល អាលម៉ា ២៦:២២ ។

  21. នែល អិល អាន់ឌើរសិន « The Faith to Find and Baptize Converts » ( សន្ទរកថាដែលត្រូវបាន​ផ្ដល់​ឲ្យ​នៅឯសិក្ខាសាលា​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០១៦ ) ទំព័រ៦។

  22. សូមមើល ចោទិយកថា ១១:៨–៩ ។

  23. សូមមើល « ការក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ២០២៣ ) ទំព័រ ៧៦–១០០ ។

  24. យ៉ូហាន ១១:៦–៧ ។

  25. សូមមើល លូកា ១០:២៩ ។

  26. អេធើរ ៦:៨ ។

  27. ប្រធាន ដាល្លិន អេក អូក បាន​រៀបរាប់​អំពី​រូប​គំនូរ​មួយ​ដោយ ម៉ាយណាដ ឌីកសុន ដែល​មាន​ចំណង​ជើង​ថា Forgotten Manដែល​វា​ព្យួរ​នៅ​ក្នុង​ការិយាល័យ​របស់​គាត់​នៅ​ក្នុង​អគារ​រដ្ឋបាល​សាសនាចក្រ​ក្នុង​ទីក្រុង​សលត៍ លេក ៖ « អ្នក​ឃើញ​ព្រះអាទិត្យ​រះ​នៅ​លើក្បាល​របស់​គាត់ ។ ព្រះវរបិតា​សួគ៌​របស់​គាត់​ទ្រង់​ជ្រាប​ថា គាត់​នៅ​ទី​នោះ ។ គាត់​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ដោយ​ហ្វូង​មនុស្ស​ដែល​បាន​ដើរ​ឆ្លង​កាត់គាត់ ប៉ុន្តែ​នៅ​ក្នុង​ការលំបាក​របស់​គាត់ ព្រះវរបិតា​សួគ៌​របស់​គាត់​ទ្រង់​ជ្រាប​ដឹង​ថា​គាត់​នៅ​ទីនោះ ។… ខ្ញុំ​បាន​មាន​គំនូរ​នោះ​ជិត ៤០​ឆ្នាំ ហើយ​វា​និយាយ​មក​ខ្ញុំ ហើយ​រំឭក​ខ្ញុំ អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ចងចាំ »( in Sarah Jane Weaver, “What I Learned from President Oaks about the ‘Forgotten Ma’” Church Newsថ្ងៃ​ទី១៨ ខែ​កញ្ញា ឆ្នាំ២០២២ នៅលើ​គេហទំព័រ thechurchnews.com ) ។