សន្និសីទទូទៅ
ចងភ្ជាប់ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ ៖ ការក្លាយជា​អំបិល​នៃ​ផែនដី
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


10:49

ចងភ្ជាប់ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ ៖ ការក្លាយជា​អំបិល​នៃ​ផែនដី

ពេល​យើង​បន្ត​ចងភ្ជាប់​ទៅនឹង​ព្រះអម្ចាស់ ជីវិត​របស់​យើង​នឹង​ឆ្លុះ​បញ្ចាំង​ពី​ពន្លឺ​របស់​ទ្រង់ ហើយ​យើង​នឹង​ក្លាយ​ទៅ​ជា « អំបិល​នៃ​ផែនដី » ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀនថា នៅពេល​យើង « ត្រូវ​បាន​ហៅ​ចំពោះ​ដំណឹង​ល្អ​ដ៏​អស់​កល្ប​អស់​កាលជានិច្ច​របស់ [ ទ្រង់ ] និង​ធ្វើ​សេចក្ដី​សញ្ញា ជាមួយ​សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច នោះ [ យើង ] ត្រូវ​បាន​រាប់​ដូច​ជា​អំបិល​នៃ​ផែនដី » ។ អំបិល​បង្កើត​ឡើង​ដោយ​ធាតុពីរ​ផ្សំចូលគ្នា ។ យើង​មិនអាច​ក្លាយជា​អំបិល​ដោយ​ខ្លួនឯង​បានទេ តែ​បើយើង​ក្លាយ​ជាអំបិល​នៃ​ផែនដី នោះ​យើង​ត្រូវតែ​ចងភ្ជាប់​ទៅនឹង​ព្រះអម្ចាស់ ហើយ​នោះគឺជា​អ្វី​ដែលខ្ញុំ​មើលឃើញ​នៅពេល​ដែល​ខ្ញុំ​រួបរួម​ជាមួយ​សមាជិក​នៃ​សាសនាចក្រ​នៅ​ជុំវិញ​ពិភពលោក—ខ្ញុំឃើញ​សមាជិក​ស្មោះត្រង់​នៃ​សាសនាចក្រ​​បាន​ចងភ្ជាប់​ទៅនឹង​ព្រះអម្ចាស់ ដោយ​បានប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​ខិតខំ​របស់​ពួកគេ​ដើម្បី​បម្រើ​អ្នកដទៃ និង​ក្លាយជា​អំបិល​នៃ​ផែនដី ។

ការលះបង់​ដ៏ឥត​ងាករេ​របស់​អ្នក​គឺជា​គំរូ​ដ៏​ចែងចាំង ។ ការបម្រើ​របស់​អ្នក​ត្រូវបាន​កោតសរសើរ និង​ជាទី​ពេញចិត្ត ។

យុវវ័យ​របស់​យើង​បាន​បង្ហាញ​ពីភាព​ក្លាហាន និង​ការលះបង់​ដ៏គួរ​ឲ្យ​កត់សម្គាល់ ។ ពួកគេ​បាន​ទទួលយក​ការងារ​ពង្សប្រវត្តិ​ដោយក្តី​រំភើប ហើយ​ការ​ទៅ​ទស្សនា​ដំណាក់​នៃ​ព្រះអម្ចាស់​ជា​ញឹកញាប់​គឺជា​សក្ខីភាព​មួយ​ចំពោះ​ការប្តេជ្ញា​របស់​ពួកគេ ។ ឆន្ទៈ​របស់​ពួកគេ​ក្នុងការ​លះបង់​ពេលវេលា និង​ថាមពល​ដើម្បី​បម្រើ​បេសកកម្ម​នៅទូទាំង​ពិភពលោក​ឆ្លុះ​បញ្ចាំង​ពីជំនឿ​យ៉ាងជ្រាលជ្រៅ និង​ស្ថិតស្ថេរ ។ ពួកគេ​មិនត្រឹម​តែ​ចូលរួម​ប៉ុណ្ណោះទេ ប៉ុន្តែ​ដឹកនាំ​ផ្លូវ​ក្នុងការ​ក្លាយជា​សិស្ស​ដែល​ចងភ្ជាប់​ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ ។ ការបម្រើ​របស់​ពួកគេ​បញ្ចេញ​ពន្លឺ និង​ក្តីសង្ឃឹម ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​រាប់​មិនអស់ ។ ចំពោះ​ក្មួយៗ ដែល​ជាយុវវ័យ​នៃ​សាសនាចក្រ យើង​សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការបម្រើ​ដ៏​បំផុស​គំនិត​របស់​ក្មួយៗ ។ ក្មួយៗ​មិន​ត្រឹមតែ​ជាអនាគត​របស់​សាសនាចក្រ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ជា​បច្ចុប្បន្នភាព​របស់​សាសនាចក្រ​ផងដែរ ។ ហើយ​ក្មួយៗ​គឺ​ពិតជា​អំបិល​នៃ​ផែនដី​នេះ !

ខ្ញុំ​ស្រឡាញ់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​អារម្មណ៍ថា​ទទួល​បាន​ពរជ័យ​ដោយសារ​តែ​មាន​ឱកាស​ដើម្បី​បម្រើ​ជាមួយ​បងប្អូន​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ សាមគ្គីភាព និង​កម្លាំង​របស់​យើង ដែល​មាន​មូលដ្ឋាន​លើ​ជំនឿ​រួម​របស់​យើង ធានា​ដល់​យើងថា​យើង​មិន​នៅ​តែម្នាក់​ឯង​ទេ​នៅក្នុង​ដំណើរ​នេះ ។ យើង​អាច​បន្ត​កសាង​នគរ​ព្រះ​ដែល​ចាក់​ឫស​នៅក្នុង​ការបម្រើ សេចក្តី​ស្រឡាញ់ និង​ជំនឿ​ឥតងាករេ​រួមគ្នា ។

នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​នៅ​ជិត​សមុទ្រ​កាលីឡេ ជារឿយៗ​ទ្រង់​បាន​ប្រើ​ធាតុ​ប្រចាំថ្ងៃ​ដែល​ធ្លាប់ស្គាល់​សម្រាប់​ពួកជំនុំ​របស់​ទ្រង់ ដើម្បី​បង្ហាញ​ការពិត​ដ៏ជ្រាលជ្រៅ​ខាង​វិញ្ញាណ ។ ធាតុ​មួយ​ក្នុង​ចំណោម​នោះគឺ​អំបិល ។ ព្រះយេស៊ូវ​បាន​ប្រកាស​ថា « [ អ្នក​រាល់​គ្នា ]​ជា​អំបិល​នៃ​ផែនដី » ជា​សេចក្តី​ថ្លែង​ដ៏មាន​អត្ថន័យ និង​មាន​សារៈសំខាន់ ជាពិសេស​សម្រាប់​រាស្រ្ត​នៅក្នុង​ជំនាន់​របស់​ទ្រង់​ដែល​បានជ្រាប​អំពី​តម្លៃ​ពហុមុខងារ​នៃអំបិល ។

សិប្បកម្ម​បុរាណ​នៃការ​ប្រមូល​ផល​អំបិល​នៅ អាលហ្គារ តំបន់​ភាគ​ខាងត្បូង​នៃ​មាតុភូមិ​របស់​ខ្ញុំ​នៃ​ប្រទេស​ព័រទុយហ្គាល់ មានអាយុ​កាល​រាប់ពាន់​ឆ្នាំ​ទៅហើយ តាំងពី​យុគសម័យ​ចក្រភព​រ៉ូម ។ អ្វីដែលអស្ចារ្យ​គឺ​វិធីសាស្រ្ត​ដែល​ប្រើ​ដោយ​កម្មករ​ធ្វើ​អំបិល​ដែល​គេ​ស្គាល់ថា marnotos បានផ្លាស់ប្តូរ​តិចតួច​ចាប់តាំង​ពីសម័យ​នោះមក ។ សិប្បកម្ម​ដ៏លះបង់​ទាំងនេះ​ជួល​អ្នក​បច្ចេកទេស​បែប​ប្រពៃណី អនុវត្ត​ការងារ​របស់​ពួកគេ​ទាំងស្រុង​ដោយដៃ ដើម្បី​រក្សា​នូវ​កេរដំណែល​ដែល​បាន​ស្ថិតស្ថេរ​អស់រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មកហើយ ។

វិធីសាស្រ្ត​បែប​បុរាណ​នេះ​ប្រមូលផល​អ្វី​ដែល​គេហៅថា « ផ្កាអំបិល » ។ ដើម្បី​រីករាយ​នឹង​ដំណើរការ​ដ៏ស្មុគស្មាញ​នៃ​ការប្រមូល​ផល​ផ្កាអំបិល នោះ​វា​ចាំបាច់ណាស់​ក្នុង​ការយល់ដឹង​អំពី​បរិយាកាស​នីមួយៗ​នៃ​ការផលិត ។ វាលស្រែ​អំបិល​របស់​ឆ្នេរសមុទ្រ អាលហ្គារ ផ្តល់នូវ​លក្ខខណ្ឌ​ដ៏ល្អ​សម្រាប់​ការផលិត​អំបិល ។ ទឹកសមុទ្រ​ត្រូវបាន​បង្ហូរ​ចូលទៅក្នុង​ស្រះរាក់ៗ ដែលគេ​ស្គាល់ថា​ជាខ្ទះ​អំបិល ជាកន្លែង​ដែល​វាត្រូវបាន​ទុក​ឲ្យ​ហួត​នៅក្រោម​កម្តៅ​ព្រះអាទិត្យ ។ នៅពេល​ទឹកហួត​អស់ ផ្កាអំបិល​បង្កើត​ជាគ្រីស្តាល់​ដ៏​ឆ្ងាញ់ពិសារ​នៅលើ​ផ្ទៃ​នៃ​ខ្ទះ​អំបិល ។ គ្រីស្តាល់​ទាំងនេះ​សុទ្ធល្អ​លើស​ពីការស្មាន ហើយ​វាមាន​លក្ខណៈ​ពិសេស គឺស្រួយ​ខ្ញោក ។ វិធី Marnotos គឺដួស​គ្រីស្តាល់​ចេញពី​ផ្ទៃទឹក​ដោយ​ប្រុងប្រយ័ត្ន​ដោយ​ប្រើឧបករណ៍​ឯកទេស ជា​ដំណើរការ​ដែល​ទាមទារ​នូវ​ជំនាញ និង​ភាពជាក់លាក់​ដ៏អស្ចារ្យ ។ នៅប្រទេស​ព័រទុយហ្គាល់ អំបិល​ដែល​មាន​គុណភាព​ដ៏ល្អ​នេះ​ត្រូវបាន​គេហៅថា « ក្រែម​អំបិល » ព្រោះ​វាទន់ៗ​អាច​រលាយ​ដូចជា​ពពុះ​ក្រែម​នៅលើ​ទឹកដោះគោ ។ អំបិល​ដ៏ឆ្ងាញ់ពិសារ​នេះ​ទាក់ទាញ​ដោយ​សារវា​សុទ្ធ និង​រសជាតិ​ពិសេស​ខុសគេ ដែលធ្វើ​ឲ្យ​វាក្លាយ​ជាគ្រឿងផ្សំ​ដ៏មាន​តម្លៃ​នៅក្នុង​សិល្បៈ​នៃការធ្វើ​ម្ហូប ។

គឺដូចទៅនឹង​វិធី marnotosដែល​ត្រូវ​ខិតខំ​អស់ពី​សមត្ថភាព​ដើម្បី​ធានាថា​ពួកគេ​ប្រមូលផល​អំបិល​ដែលមាន​គុណភាព​ខ្ពស់​បំផុត ។ ដូច្នេះ​ក្នុងនាម​ជារាស្ដ្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់ យើង​ប្រឹងប្រែង​ជានិច្ច​អស់ពី​សមត្ថភាព ដើម្បី​ប្រាកដថា​សេចក្ដី​ស្រឡាញ់ និង​គំរូ​របស់យើង​គឺជា​ការឆ្លុះបញ្ចាំង​ដ៏​បរិសុទ្ធ​អំពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅក្នុង​ពិភពលោក​ពីបុរាណ អំបិល​មានន័យ​លើសពី​គ្រឿងទេស—វាគឺជា​សារធាតុ​ថែរក្សា​ដ៏សំខាន់ និង​ជានិមិត្តរូប​នៃ​ភាពបរិសុទ្ធ និង​សេចក្តី​សញ្ញា ។ មនុស្ស​ដឹងថា អំបិល​មាន​សារៈសំខាន់​សម្រាប់​ការរក្សា​អាហារ និង​បង្កើន​រសជាតិ ។ ពួកគេ​ក៏យល់​ពីផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​នៃ​អំបិល​ដែល​បាត់បង់​ជាតិប្រៃ ឬ​រសជាតិ​របស់​វា​ដោយ​ការបំពុល ឬ​រលាយ ។

ដូចជា​អំបិល​អាច​បាត់បង់​សារៈសំខាន់​របស់វា យើង​ក៏អាច​បាត់បង់​នូវភាព​រឹងមាំ​ខាងវិញ្ញាណ​របស់​យើង​ផងដែរ បើ​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ក្លាយជា​ធម្មតា ។ រូបរាង​ខាងក្រៅ​យើង​ប្រហែល​ជាមើល​ទៅ​ដូចគ្នា ប៉ុន្តែ​បើ​គ្មាន​ជំនឿ​រឹងមាំ​ក្នុង​ខ្លួន​ទេ​នោះ យើង​នឹង​បាត់បង់​សមត្ថភាព​ក្នុងការ​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​ពិភពលោក ហើយ​នាំមក​នូវ​អ្វី​ដែលល្អ​បំផុត​នៅក្នុង​ខ្លួន​មនុស្ស​ជុំវិញ​យើង ។

ដូច្នេះ​តើ​យើង​អាច​បញ្ជូន​ថាមពល និង​កិច្ចខិតខំ​របស់​យើង​ក្នុង​ការធ្វើ​ឲ្យ​មាន​ភាពខុសគ្នា និង​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ដែល​ពិភពលោក​ត្រូវការ​នា​សព្វថ្ងៃ​នេះ​ដោយ​របៀបណា ? តើ​យើង​អាច​រក្សា​ភាពជា​សិស្ស និង​បន្ត​ឥទ្ធិពល​វិជ្ជមាន​ដោយ​របៀបណា ?

ប្រសាសន៍​របស់​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង​នៅតែ​បន្លឺ​ឡើង​ក្នុង​ចិត្ត​ខ្ញុំ ៖ « ព្រះ​សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើការ​ជាមួយគ្នា ហើយ​ជួយគ្នា​ទៅវិញ​ទៅមក ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ទ្រង់​បាន​បញ្ជូន​យើង​មកកាន់​ផែនដី​ជា​ក្រុមគ្រួសារ ហើយ​រៀបចំ​យើង​ជា​វួដ និង​ស្តេក ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ទ្រង់​បង្គាប់​យើង​ឲ្យ​បម្រើ និង​ធ្វើការងារ​បម្រើ​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ទ្រង់​បង្គាប់​យើង​ឲ្យ​រស់នៅ នៅក្នុងពិភពលោក​នេះ ប៉ុន្តែ​ពុំមែន​ជា របស់ពិភពលោក​នេះ​ឡើយ ។

នៅពេល​ជីវិត​យើង​ពោរពេញ​ទៅដោយ​គោលបំណង និង​ការបម្រើ នោះ​យើង​ជៀសវាង​ពីភាព​ព្រងើយ​កន្តើយ​ខាង​វិញ្ញាណ ផ្ទុយទៅវិញ​នៅពេល​ជីវិត​របស់​យើង​បាត់បង់​នូវ​គោលបំណង​ដ៏ទេវភាព ការបម្រើ​ដ៏មាន​អត្ថន័យ​ដល់​អ្នកដទៃ និង​ឱកាស​ដ៏ពិសិដ្ឋ​សម្រាប់​ការ​ជញ្ជឹងគិត និង​ការពិចារណា នោះ​យើង​នឹង​ក្រប​ដណ្ដប់​បន្តិចម្តងៗ​ដោយ​ភាពមមាញឹក និង​ភាព​អាត្មានិយម​របស់​យើង ដែល​ប្រថុយ​នឹងការ​បាត់បង់​រសជាតិ​របស់​យើង ។ ថ្នាំបន្សាប​ជាតិពុល​នេះ គឺ​បន្ត​ចូលរួម​ក្នុងការ​បម្រើ—ដោយ​អន្ទះសា​ចូលរួម​ក្នុង​អំពើល្អ និង​អភិវឌ្ឍន៍​ខ្លួន និង​សង្គម​ដែល​យើង​រស់នៅ ។

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់​របស់ខ្ញុំ ឱនេះ​ជាពរជ័យ​ណាស់​អ្វីដែល​យើង​ទាំងអស់​គ្នា​មាន​ថ្ងៃនេះ ដើម្បី​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​មាន​ឱកាស​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ កាលៈទេសៈ​របស់​យើង​អាច​ខុសគ្នា ប៉ុន្តែ​យើង​ទាំង​អស់គ្នា​អាច​កែប្រែ​បាន ។

ចូរចាំ​វិធី marnotos របស់​កម្មករ​ធ្វើ​អំបិល​ពួកគេ​ប្រើ​ឧបករណ៍​សាមញ្ញ​ដើម្បី​ប្រមូល​ផល​គ្រីស្តាល់​ដ៏ល្អបំផុត គឺ​ជាអំបិល​ល្អបំផុត ! យើង​ក៏​អាច​ធ្វើ​កិច្ចការ​សាមញ្ញៗ ជាមួយ​នឹង​ការ​ខិតខំ​ជាប់លាប់​ក្នុង​ទង្វើ​តូចតាច និង​ដ៏មាន​អត្ថន័យ ដែល​អាច​ធ្វើ​ឲ្យ​ភាពជាសិស្ស និង​ការតាំងចិត្ត​របស់យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ស៊ីជម្រៅ ។ នេះគឺជា​វិធី​ដ៏សាមញ្ញ​​ចំនួនបួន តែ​​ស៊ីជម្រៅ យើង​អាច​ខិតខំ​ដើម្បី​ក្លាយជា « អំបិល​នៃ​ផែនដី » ៖

  1. ការរក្សា​ដំណាក់​នៃ​ព្រះអម្ចាស់​ជាចំណុច​សំខាន់​នៃ​ការលះបង់​របស់​យើង ។ បច្ចុប្បន្ន​ ព្រះវិហារ​បរិសុទ្ធ​ខិតកាន់​តែ​ជិត​ជាងមុន ការផ្តល់​អាទិភាព​ដល់​ការថ្វាយបង្គំ​ជាទៀងទាត់​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ផ្តោត​លើអ្វី​ដែល​សំខាន់​បំផុត ហើយ​រក្សា​ជីវិត​របស់​យើង​ឲ្យ​ផ្តោត​លើ​ព្រះគ្រីស្ទ ។ នៅក្នុងព្រះវិហារ​បរិសុទ្ធ យើង​រកឃើញ​ចំណុច​សំខាន់​នៃ​សេចក្តី​ជំនឿ​របស់​យើង​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ និង​វិញ្ញាណ​នៃ​ការលះបង់​របស់​យើង​ចំពោះ​ទ្រង់ ។

  2. ការមានចេតនា​ក្នុង​ការខិតខំ​របស់​យើង​ដើម្បី​ពង្រឹង​អ្នក​ដទៃ​ដោយ​ការ​រស់នៅ​តាម​ដំណឹងល្អ​ជាមួយគ្នា ។ យើង​អាច​ពង្រឹង​គ្រួសារ​របស់​យើង​តាមរយៈ​ការ​ខិតខំ​យ៉ាង​ខ្ជាប់ខ្ជួន និង​មាន​ចេតនា​ដើម្បី​នាំយក​គោលការណ៍​នៃ​ដំណឹងល្អ​មក​ក្នុង​ជីវិត​របស់​យើង និង​ក្នុង​គេហដ្ឋាន​របស់​យើង ។

  3. ការមានឆន្ទៈ​ដើម្បី​ទទួលយក​ការហៅ និង​ការបម្រើ​នៅក្នុង​សាសនាចក្រ ។ ការបម្រើ​ក្នុង​ក្រុមជំនុំ​ក្នុង​តំបន់​របស់​យើង​អនុញ្ញាត​ឲ្យ​យើងជួយ​គ្នាទៅវិញ​ទៅមក ហើយ​រីកចម្រើន​ជាមួយគ្នា ។ ខណៈ​ដែល​ការបម្រើ​មិន​តែងតែ​ងាយស្រួល​ទេ ប៉ុន្តែ​វាផ្តល់​នូវ​រង្វាន់ ។

  4. ហើយ​ជា​ចុងក្រោយ ការប្រើប្រាស់​ឧបករណ៍​ទំនាក់​ទំនង​ឌីជីថល​ដោយ​មាន​គោល​បំណង ។ សព្វថ្ងៃនេះ ឧបករណ៍​ទំនាក់ទំនង​ឌីជីថល​អនុញ្ញាត​ឲ្យ​យើង​ភ្ជាប់​ទំនាក់ទំនង​ដែល​មិនធ្លាប់​មាន​ពីមុនមក ។ ដូច​បងប្អូន​ភាគច្រើន​ដែរ ខ្ញុំ​ប្រើ​ឧបករណ៍​ទាំងនេះ​ដើម្បី​ភ្ជាប់ទំនាក់​ទំនង​ជាមួយ​បងប្អូន​ប្រុសស្រី​នៅក្នុង​ព្រះវិហារ ជាមួយ​គ្រួសារ និង​មិត្តភក្តិ​របស់​ខ្ញុំ ។ នៅពេល​ខ្ញុំ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពួកគេ ខ្ញុំមាន​អារម្មណ៍ថា​នៅជិត​ពួកគេ​ជាងមុន ។ យើង​អាច​ផ្ដល់​ការបម្រើ​ដល់​គ្នា​ទៅវិញទៅមក​​នៅពេល​ដែល​យើង​ត្រូវការ​ខណៈ​ដែល​មិន​អាច​មាន​វត្តមាន​ដោយផ្ទាល់បាន ។ ឧបករណ៍​ទាំងនេះ​ពិតជា​ពរជ័យ​មួយ ប៉ុន្តែ​វាក៏​អាច​ទាញ​យើង​ចេញពី​ទំនាក់ទំនង​ជ្រាលជ្រៅ​ដ៏មាន​អត្ថន័យ ហើយ​នៅទីបំផុត​វា​រុញច្រាន​ទៅក្នុង​ទម្លាប់​ដែល​ខ្ជះខ្ជាយ​ពេលវេលា​របស់​យើង​ក្នុង​សកម្មភាព​ដែល​មិនសូវ​មាន​គោលបំណង ។ ការខិតខំ​ធ្វើ​ជា​អំបិល​នៃ​ផែនដី គឺ​រួមបញ្ចូល​កិច្ចការ​ជាច្រើន ច្រើនជាង​ការ​អូស​មើល​វីឌីអូ​កំប្លែង​នៅលើ​អេក្រង់​ទំហំ​១៥ សង់ទីម៉ែត្រ​មិន​ឈប់ឈរ ។

កាល​យើង​ដាក់​ដំណាក់​នៃ​ព្រះអម្ចាស់​ជា​ចំណុច​សំខាន់​ក្នុង​ជីវិត​របស់​យើង មាន​ចេតនា​ពង្រឹង​អ្នកដទៃ​ដោយ​ការរស់នៅ​តាម​ដំណឹងល្អ ទទួល​យក​ការហៅ​បម្រើ និង​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​ដោយ​មាន​គោលបំណង នោះ​យើង​អាច​រក្សា​ភាពរឹងមាំ​ខាង​វិញ្ញាណ​របស់​យើង​បាន ។ គឺដូច​អំបិល​ក្នុង​ទម្រង់​ដ៏បរិសុទ្ធ​បំផុត​របស់វា ដែល​មាន​អំណាច​ក្នុង​ការពង្រឹង និង​ថែរក្សា ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ដូចគ្នា​ដែរ នៅពេល​ដែល​បាន​ចិញ្ចឹមបីបាច់ និង​ការពារ​ដោយ​ការលះបង់ ការបម្រើ និង​សេចក្តី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ ។

ពេល​យើង​បន្ត​ចងភ្ជាប់​ទៅនឹង​ព្រះអម្ចាស់ ជីវិត​របស់​យើង​នឹង​ឆ្លុះ​បញ្ចាំង​ពី​ពន្លឺ​របស់​ទ្រង់ ហើយ​យើង​នឹង​ក្លាយ​ទៅ​ជា « អំបិល​នៃ​ផែនដី » ។ នៅក្នុង​កិច្ចខិតខំ​នេះ យើង​មិន​ត្រឹមតែ​កែលម្អ​ជីវិត​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពង្រឹង​គ្រួសារ និង​សហគមន៍​របស់​យើង​ផងដែរ ។ សូម​យើង​បន្ត​ព្យាយាម​ចងភ្ជាប់​ទៅនឹង​ព្រះអម្ចាស់ ហើយ​មិន​ត្រូវ​បាត់បង់​រសជាតិ​របស់​យើង​ទេ ហើយ​ធ្វើ​ជា​អំបិល​ដ៏​ចែងចាំងតូចល្អិតៗ ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ធ្វើ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។