បុត្រាបុត្រីរបស់ព្រះ
យើងជឿយ៉ាងប្រាកដថា យើងទាំងអស់គ្នាគឺពិតជាបុត្រាបុត្រីរបស់ព្រះ ហើយដោយសារតែការណ៏នោះ យើងមានសក្ដានុពលដើម្បីក្លាយដូចជាទ្រង់ ។
ថ្ងៃនេះ ខ្ញុំចង់ថ្លែងពីសេចក្តីពិតនៃដំណឹងល្អដ៏រុងរឿង ពេញដោយអំណរ និងមានឥទ្ធិពលបំផុតមួយដែលព្រះបានបើកសម្ដែង ។ ដំណាលគ្នានេះ វាគឺជាសេចក្ដិពិតមួយដែលយើងត្រូវបានគេរិះគន់ផងដែរ ។ ខ្ញុំមានបទពិសោធន៍មួយកាលពីប៉ុន្មានឆ្នាំកន្លងទៅ វាជួយខ្ញុំឲ្យដឹងគុណយ៉ាងខ្លាំងចំពោះសេចក្តីពិតនៃដំណឹងល្អនេះ ។
ក្នុងនាមជាអ្នកតំណាងឲ្យសាសនាចក្រ មានគ្រាមួយនោះខ្ញុំត្រូវបានអញ្ជើញឲ្យទៅចូលរួមសន្និសីទសាសនាមួយ ដែលគេបានប្រកាសថា ចាប់ពីពេលនោះតទៅ ពួកគេនឹងទទួលស្គាល់ថា ពិធីបុណ្យជ្រមុជទឹកទាំងអស់ដែលបានធ្វើឡើងដោយវិហារគ្រិស្តសាសនាដទៃទៀតនឹងមានសុពលភាព ដរាបណាពិធីនោះត្រូវបានធ្វើឡើងដោយទឹក និងនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មក គេបានពន្យល់ថា គោលនយោបាយនេះមិនអនុវត្តចំពោះពិធីបុណ្យជ្រមុជទឹកដែលធ្វើឡើងដោយ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយឡើយ ។
បន្ទាប់ពីសន្និសីទចប់ ខ្ញុំបានស្វែងយល់លម្អិតអំពីហេតុផលនៃករណីនោះជាមួយអ្នកដឹកនាំដែលបានប្រកាសនោះ ។ យើងមានការសន្ទនាមួយដ៏អស្ចារ្យ និងការយល់ដឹង ។
និយាយឲ្យខ្លី គាត់បានពន្យល់ខ្ញុំថា ករណីលើកលែងនោះទាក់ទងនឹងជំនឿជាក់លាក់របស់យើងអំពីក្រុមព្រះ ដែលនិកាយគ្រិស្តសាសនាផ្សេងទៀតជារឿយៗសំដៅទៅលើ ក្រុមព្រះបីអង្គ ។ ខ្ញុំបានសម្តែងការអរគុណចំពោះគាត់ដែលបានចំណាយពេលពន្យល់ខ្ញុំអំពីជំនឿរបស់គាត់ និងគោលនយោបាយព្រះវិហាររបស់គាត់ ។ ពេលចប់ការសន្ទនា យើងបានឱបលាគ្នា ។
ក្រោយមក ខ្ញុំបានគិតអំពីការពិភាក្សារបស់យើង គិតនូវអ្វីដែលអ្នកដឹកនាំរូបនេះបាននិយាយអំពីពួកបរិសុទ្ធថ្ងៃចុងក្រោយដែលមិនយល់ពីអ្វីដែលគាត់ហៅថា « អាថ៌កំបាំងនៃក្រុមព្រះបីអង្គ » បានដកជាប់ក្នុងចិត្តខ្ញុំ ។ តើគាតចង់មានន័យថាម៉េច ? មែនហើយ វាទាក់ទងទៅនឹងការយល់ដឹងរបស់យើងអំពីនិស្ស័យនៃព្រះ ។ យើងជឿថា ព្រះដ៏ជាព្រះវរបិតា[ ព្រមទាំង ]ព្រះរាជបុត្រាជា « អង្គដ៏តម្កើងឡើង » ដែលមាន « ព្រះកាយជាសាច់ និងឆ្អឹង[ ដ៏រុងរឿង ]ដូចជាមនុស្ស » ។ ដូច្នេះ រាល់ពេលដែលយើងនិយាយអំពីនិស្ស័យនៃព្រះ មិនថាដោយរបៀបណាទេ នោះយើងក៏និយាយអំពីនិស្ស័យរបស់យើងផ្ទាល់ផងដែរ ។
វាគឺជាការពិត ពុំមែនដោយសារតែយើងទាំងអស់គ្នាត្រូវបានបង្កើត « ឲ្យដូចជារូប[ ទ្រង់ ]ឲ្យមានភាពដូច[ ទ្រង់ ] » តែប៉ុណ្ណោះទេ គឺដោយសារតែព្រះមានបន្ទូលដូចបានចែងក្នុងទំនុកដំកើងថា « ឯងរាល់គ្នាសុទ្ធតែជាអ្នកមានអំណាច ហើយជាកូននៃព្រះដ៏ខ្ពស់បំផុតទាំងអស់គ្នា » ទៀតផង ។ នេះគឺជាគោលលទ្ធិដ៏មានតម្លៃមួយសម្រាប់យើង ដែលឥឡូវនេះបាននាំមកវិញតាមរយៈការស្ដារឡើងវិញ ។ សរុបសេចក្ដីទៅ វាពុំមានអ្វីច្រើនឬតិចជាងអ្វីដែលអ្នកផ្សព្វផ្សាយសាសនារបស់យើងបង្រៀនក្នុងមេរៀនទីមួយ កថាកណ្ឌទីមួយ បន្ទាត់ទីមួយដែលថា ៖ « ព្រះគឺជាព្រះវរបិតាសួគ៌របស់យើង ហើយយើងជាបុត្រាបុត្រីរបស់ទ្រង់នោះទេ » ។
ឥឡូវនេះ បងប្អូនអាចនិយាយថា « ប៉ុន្តែមានមនុស្សជាច្រើនជឿថា យើងគឺបុត្រាបុត្រីនៃព្រះ ។ មែនហើយ វាជាការពិត ប៉ុន្តែការយល់ដឹងរបស់ពួកគេអាចនឹងខុសគ្នាបន្ដិចពីអត្ថន័យពិតដែលយើងអះអាង ។ សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ការបង្រៀននេះពុំមែនជារឿងប្រៀបធៀបទេ ។ ផ្ទុយទៅវិញ យើងជឿយ៉ាងប្រាកដថា ពួកយើងគឺពិតជាបុត្រាបុត្រីរបស់ព្រះ ។ ទ្រង់ជា « ព្រះវរបិតាខាងវិញ្ញាណ[ របស់យើង ] » ៦ ហើយហេតុផលនេះ យើងមានសក្តានុពលដើម្បីប្រែក្លាយដូចជាទ្រង់ដែលមនុស្សមួយចំនួនមើលទៅហាក់ដូចជាមិនទំនង ។
ចាប់តាំងពីការនិមិត្តដំបូងមក ឥឡូវមានរយៈពេលជាង ២០០ ឆ្នាំហើយ ដែលការស្តារឡើងវិញត្រូវបានបើកឡើង ។ ពេលនោះ យូសែប ស៊្មីធ បានស្វែងរកការណែនាំមកពីស្ថានសួគ៌ ដើម្បីដឹងថាត្រូវចូលរួមក្នុងព្រះវិហារមួយណា ។ តាមរយៈវិវរណៈដែលលោកទទួលបាននៅថ្ងៃនោះ និងវិវរណៈដែលលោកបានទទួលពេលក្រោយមក ព្យាការីយូសែបបានទទួលចំណេះដឹងអំពីនិស្ស័យនៃព្រះ និងទំនាក់ទំនងរបស់យើងជាមួយទ្រង់ ក្នុងនាមជាបុត្រាបុត្រីទ្រង់ ។
ដោយសារចំណេះដឹងនោះ យើងបានរៀនកាន់តែច្បាស់ថា ព្រះវរបិតាសួគ៌បានបង្រៀនគោលលទ្ធិដ៏មានតម្លៃតាំងពីដំបូងមកម្ល៉េះ ។ ខ្ញុំសូមដកស្រង់ដំណើររឿងយ៉ាងតិចចំនួនពីរមកពីព្រះគម្ពីរ ដើម្បីបង្ហាញពីរឿងនេះ ។
បងប្អូនអាចចាំពីការណែនាំរបស់ព្រះដល់ម៉ូសេ ដែលកត់ត្រាក្នុង មុក្តាដ៏មានតម្លៃមហិមា ។
យើងអានថា « ព្រះទ្រង់បានមានបន្ទូលទៅម៉ូសេថា ៖ មើលចុះ យើងជាព្រះអម្ចាស់ដ៏ជាព្រះមានមហិទ្ធិឫទ្ធិ ហើយគ្មានទីបញ្ចប់ គឺជាព្រះនាមរបស់យើង » ។ ជាពាក្យម្យ៉ាងទៀតថា ម៉ូសេ យើងចង់ឲ្យឯងស្គាល់ថា យើងជានរណា ។ រួច ទ្រង់បន្ថែមថា « ហើយមើលចុះ អ្នកជាបុត្ររបស់យើង » ។ ក្រោយមក ទ្រង់មានបន្ទូលថា « ហើយយើងមានកិច្ចការសម្រាប់អ្នក ម៉ូសេ ជាបុត្រយើង ហើយអ្នកនៅក្នុងរូបដូចជាព្រះរាជបុត្រាបង្កើតតែមួយរបស់យើង » ។ ហើយក្រោយមកនៅទីបញ្ចប់ ទ្រង់បានបញ្ចប់ថា « ហើយឥឡូវនេះមើលចុះ យើងបង្ហាញការណ៍មួយនេះដល់អ្នក ម៉ូសេ ជាបុត្រយើង »
វាហាក់ដូចជា ព្រះចង់បង្រៀនម៉ូសេនូវមេរៀនមួយថា ៖ «អ្នកគឺជាបុត្ររបស់យើង » ដែលទ្រង់មានបន្ទូលដដែលៗយ៉ាងហោចណាស់បីដង ។ ទ្រង់ពុំហៅឈ្មោះ ម៉ូសេដោយពុំបន្ថែមភ្លាមៗថាលោកជាបុត្ររបស់ទ្រង់នោះទេ ។
ប៉ុន្តែបន្ទាប់ពីម៉ូសេបាននៅម្នាក់ឯង លោកមានអារម្មណ៍អស់កម្លាំងព្រោះលោកពុំនៅក្នុងវត្តមាននៃព្រះទៀត ។ នោះគឺជាពេលដែលសាតាំងបានមកល្បួងលោក ។ តើបងប្អូនអាចឃើញពីលំនាំនេះឬទេ ? រឿងដំបូងដែលវានិយាយគឺ « ម៉ូសេ ជាកូនមនុស្សអើយ ចូរថ្វាយបង្គំយើង » ។
នៅក្នុងបរិបទនេះ សំណើរបស់សាតាំងឲ្យថ្វាយបង្គំវាអាចគ្រាន់តែជាការរំខានប៉ុណ្ណោះ ។ ការល្បួងដ៏សំខាន់មួយចំពោះម៉ូសេក្នុងគ្រានៃភាពទន់ខ្សោយនោះគឺឲ្យគាត់ភាន់ច្រឡំ ហើយជឿថាគាត់គ្រាន់តែជា « កូនមនុស្ស » ពុំមែនជាកូនរបស់ព្រះ ។
« ហើយហេតុការណ៍បានកើតឡើងថា ម៉ូសេបានងើបមើលទៅអារក្សសាតាំង ហើយនិយាយថា ៖ តើអ្នកជានរណា ? ដ្បិតមើលចុះ ខ្ញុំជាបុត្រនៃព្រះ នៅក្នុងរូបដូចជាព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ » ។ សំណាងល្អ ម៉ូសេពុំភាន់ច្រឡំ ហើយមិនអនុញ្ញាតឲ្យខ្លួនលោកត្រូវរំខានឡើយ ។ គាត់បានរៀនមេរៀនថាតើគាត់ជានរណាពិត ។
ដំណើររឿងបន្ទាប់នៅក្នុង ម៉ាថាយ ៤ ។ ពួកអ្នកប្រាជ្ញបានដាក់ចំណងជើងរឿងនេះថា « ការល្បួងព្រះយេស៊ូវទាំងបី » ហាក់ដូចជាព្រះអម្ចាស់យើងត្រូវបានល្បួងតែបីដងប៉ុណ្ណោះ តែជាការពិតមិនមែនដូច្នេះនោះទេ ។
មានមនុស្សជាច្រើនបានសរសេរពន្យល់ពីអត្ថន័យ និងខ្លឹមសារនៃការល្បួងទាំងនេះ ។ ដូចយើងដឹងហើយ ជំពូកនេះចាប់ផ្ដើមដោយពន្យល់ថាព្រះយេស៊ូវបានទៅឯទីរហោស្ថាន ៖ « ហើយកាលទ្រង់បានតម៤០ថ្ងៃ ៤០យប់ហើយ ក្រោយមកទ្រង់ឃ្លាន » ។
ការល្បួងដំបូងគេរបស់សាតាំងនឹងបង្ហាញឡើងទាក់ទងនឹងការបំពេញតម្រូវការខាងរាងកាយរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ។ វាប្រាប់ទៅព្រះអង្គសង្រ្គោះថា « ចូរបង្គាប់ឲ្យថ្មទាំងនេះក្លាយជានំប៉័ងទៅ » ។
កលល្បិចទីពីរ អាចជាការល្បួងដល់ព្រះ ៖ « ចូរទម្លាក់ខ្លួនទៅក្រោមចុះ ដ្បិតមានសេចក្តីចែងទុកមកថា ទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ពីដំណើរអ្នក ទេវតានឹងទ្រអ្នកដោយដៃ » ។
ការល្បួងចុងក្រោយរបស់សាតាំងគឺល្បួងទៅលើមហិច្ឆតា និងភាពរុងរឿងនៃពិភពលោក ។ បន្ទាប់ពីបង្ហាញដល់ព្រះយេស៊ូវនូវ « នគរទាំងអស់ក្នុងលោកិយ៍…[ សាតាំង ]បាននិយាយទៅទ្រង់ថា បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក » ។
ជាក់ស្ដែង ការល្បួងចុងក្រោយរបស់សាតាំងអាចថាមិនសូវទាក់ទងនឹងការញុះញង់ទាំងបីនោះទេ តែវាទាក់ទងនឹងការល្បួងដល់ព្រះយេស៊ូវគ្រីស្ទ ឲ្យសង្ស័យពីនិស្ស័យជាព្រះរបស់ទ្រង់ ។ មានល្បិចកលចំនួនពីរដែលចាប់ផ្តើមដោយការចោទសួរមកពីសាតាំងថា ៖ « បើអ្នកជាព្រះរាជបុត្រានៃព្រះមែន » បើអ្នកពិតជាជឿមែន ចូរធ្វើនេះ ឬធ្វើនោះទៅ ។
សូមកត់សម្គាល់នូវអ្វីដែលបានកើតឡើងភ្លាមៗ ពីមុនព្រះយេស៊ូវបានយាងទៅទីរហោស្ថាន ដើម្បីតមអាហារ និងអធិស្ឋាន ៖ យើងរកឃើញដំណើររឿងនៃពិធីបុណ្យជ្រមុជទឹករបស់ព្រះគ្រីស្ទ ។ នៅពេលទ្រង់បានយាងចេញពីទឹកមកវិញ នោះ « មានសំឡេងពីស្ថានសួគ៌មក ពោលថា នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញ ណាស់ » ។
តើយើងមើលឃើញពីភាពទាក់ទងគ្នានេះដែរឬទេ ? តើយើងអាចស្គាល់ពីលំនាំនោះនៅទីនេះដែរឬទេ ?
វាពុំចម្លែកទេដែលរាល់ពេលយើងរៀនអំពីនិស្ស័យ និងជោគវាសនាដ៏ទេវភាពរបស់យើង នោះមារសត្រូវនៃសេចក្តីសុចរិតទាំងអស់បានល្បួងយើងឲ្យកើតមានការសង្ស័យ ។
តើយើងនឹងមានការសម្រេចចិត្តខុសប្លែកគ្នាយ៉ាងណា បើយើងដឹងថាយើងជានរណាពិតនោះ ។
ខណៈដែលយើងជាសមាជិកសាសនាចក្រ ហើយទទួលយកដំណឹងល្អ ដើម្បីជួយយើងឲ្យកាន់តែយល់ និងប្រែក្លាយដូចជាព្រះ គឺយើងរស់នៅក្នុងពិភពដ៏ស្មុគស្មាញ ដែលមានភាពចលាចលកើនឡើង ជាកន្លែងដែលមនុស្សដ៏គួរឲ្យគោរពមួយចំនួន បានព្យាយាមសង្កត់ធ្ងន់លើសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ។
បទបញ្ញត្តិរបស់ព្រះយេស៊ូវឲ្យ « បានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃ[ យើង ]ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ » គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការរំពឹងទុកដ៏ខ្ពស់របស់ទ្រង់ និងលទ្ធភាពដ៏អស់កល្បរបស់យើង ។ ឥឡូវនេះ ទាំងអស់នេះវាមិនកើតឡើងក្នុងមួយពព្រិចភ្នែកនោះទេ ។ ប្រធាន ជែហ្វ្រី អ័រ ហូឡិន មានប្រសាសន៍ថា « នៅទីបញ្ចប់ » វានឹងកើតឡើង ។ ប៉ុន្តែការសន្យាគឺថាបើយើង « មករកព្រះគ្រីស្ទ » នោះយើងនឹងបាន « ល្អឥតខ្ចោះនៅក្នុងទ្រង់ » ។ រឿងនោះតម្រូវឲ្យខិតខំយ៉ាងខ្លាំង—ពុំមែនគ្រាន់តែជាកិច្ចការណាក៏បាននោះទេ តែជាកិច្ចការព្រះ ។ ជាកិច្ចការរបស់ទ្រង់ !
ឥឡូវនេះ ដំណឹងដ៏ល្អនោះគឺថា ព្រះវរបិតាសួគ៌របស់យើងបានមានបន្ទូលយ៉ាងច្បាស់ថា « ដ្បិតមើលចុះ នេះហើយជា កិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។
ការអញ្ជើញរបស់ប្រធាន រ័សុល អិម ណិលសុន ឲ្យ « គិតដល់សេឡេស្ទាល » បញ្ជាក់នូវការរំឭកដ៏អស្ចារ្យអំពីនិស្ស័យ ដើមកំណើត និងជោគវាសនាដ៏មានសក្តានុពលដ៏ទេវភាពរបស់យើង ។ យើងអាចទទួលបានសេឡេស្ទាលតែតាមរយៈពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។
ប្រហែលនោះជាហេតុដែលសាតាំងបានល្បួងព្រះយេស៊ូវ នូវការល្បួងដដែលចាប់តាំងពីដំបូង រហូតដល់ទីបញ្ចប់នៃការងារបម្រើរបស់ទ្រង់នៅលើផែនដី ។ ម៉ាថាយបានកត់ត្រាថា នៅពេលព្រះយេស៊ូវត្រូវបានឆ្កាងនៅលើឈើឆ្កាង នោះពួក « មនុស្សដែលដើរតាមទីនោះ គេជេរប្រមាថដល់ទ្រង់ … ហើយនិយាយថា … បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក » ។ សូមសិរីល្អថ្វាយដល់ព្រះដែលទ្រង់មិនស្តាប់តាមការល្បួង តែបានប្រទាននូវរបៀបដើម្បីយើងទទួលបានគ្រប់ពរជ័យនៃសេឡេស្ទាល ។
សូមយើងចង់ចាំជានិច្ចថា ព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃដ៏អស្ចារ្យបំផុតសម្រាប់សុភមង្គលរបស់យើង ។
ខ្ញុំថ្លែងទីបន្ទាល់ដូចសាវកប៉ុលដែរថា « ព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ ៖ បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។