សន្និសីទទូទៅ
បុត្រ​សំណព្វ​របស់​ព្រះ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


10:31

បុត្រ​សំណព្វ​របស់​ព្រះ

ការ​ដែល​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ការពារ​យើង​ពី​ព្យុះ​នៃ​ជីវិត ប៉ុន្ដែ​ក៏​នឹង​ធ្វើ​ឲ្យ​ពេលវេលា​នៃ​ភាពរីករាយ​កាន់តែ​ល្អ​ថែម​ផងដែរ ។

មុនពេល​ខ្ញុំ​ចាប់ផ្ដើម ខ្ញុំ​គួរតែ​ប្រាប់​ដល់​បងប្អូន​ថា កូនៗ​ទាំងពីរ​របស់​ខ្ញុំ​បាន​សន្លប់​ខណៈ​កំពុង​និយាយ​នៅលើ​វេទិកា ហើយ​ឥឡូវ​នេះ​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​មិនដូច​ពួកគេ​នោះទេ ។ ខ្ញុំ​មាន​អ្វី​ជាច្រើន​នៅក្នុង​គំនិត​របស់​ខ្ញុំ ។

គ្រួសារ​របស់​យើង​មាន​កូន​ប្រាំមួយ​នាក់ ហើយ​ពួកគេ​តែង​ញ៉េះញ៉ោះ​គ្នា​ទៅវិញ​ទៅមក​ថា​ខ្លួនឯង​ជា​កូន​សំណព្វ ។ ពួកគេ​ម្នាក់ៗ​មាន​មូលហេតុ​រៀងៗខ្លួន​ថា​ហេតុអ្វី​ពួកគេ​ជា​កូន​សំណព្វ ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​កូន​ម្នាក់ៗ​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ ហើយ​ពេញលេញ ។ យើង​មិន​អាច​ស្រឡាញ់​កូន​ម្នាក់​ច្រើនជាង​កូន​ម្នាក់ទៀត​នោះ​ទេ—កំណើត​របស់​កូន​ម្នាក់ៗ​គឺ​នាំមក​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ធំធេង ។ ខ្ញុំ​ដឹងច្បាស់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​ចំពោះ​ខ្ញុំ តាមរយៈ​សេចក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​កូនៗ​របស់​ខ្ញុំ ។

ពេល​ពួកគេ​ប្រាប់​ពី​មូលហេតុ​ដែល​ពួកគេ​ជា​កូន​សំណព្វ បងប្អូន​អាច​គិត​ថា​គ្រួសារ​របស់​យើង​ប្រហែល​ជា​មិនដែល​មាន​បន្ទប់គេង​ដ៏​រញ៉េរញ៉ៃ​ទេ​មើល​ទៅ ។ ភាព​មិនល្អ​ឥតខ្ចោះ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ឪពុក ឬ​ម្ដាយ និង​កូន​នឹង​បាត់ទៅ​នៅពេល​ផ្ដោតលើ​សេចក្ដី​ស្រឡាញ់ ។

ពេលខ្លះ ប្រហែល​ដោយសារ​ខ្ញុំ​អាច​ឃើញ​ថា ពួកយើង​កំពុង​ឈានទៅរក​ជម្លោះ​ក្នុង​គ្រួសារ ខ្ញុំ​នឹង​និយាយ​ថា « កូនៗ​ធ្វើ​ឲ្យ​ប៉ា​ហត់​ហើយ ប៉ា​នឹង​មិន​និយាយ​អី​ទៀតទេ កូនៗ​ដឹង​ហើយ​ថា​នរណា​គឺ​ជា​កូន​សំណព្វ​របស់​ប៉ា » ។ គោលដៅ​របស់​ខ្ញុំ គឺ​ថា​កូនៗ​ទាំង​ប្រាំមួយ​នាក់​របស់​ខ្ញុំ​មាន​នូវ​អារម្មណ៍​នៃ​ជ័យជម្នះ ហើយ​បាន​ជៀសវាង​ជម្លោះ … យ៉ាងហោច​ណាស់​នៅពេល​នោះ !

នៅក្នុង​ដំណឹងល្អ​របស់​លោក យ៉ូហាន​ពិពណ៌នា​ខ្លួនលោក​ថា​ជា « សិស្ស ១ នោះ​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់ »  ហាក់ដូចជា​ថា​ទ្រង់​ស្រឡាញ់​លោក​ខ្លាំង​ជាងគេ ។ ខ្ញុំ​ចូលចិត្ដ​គិតថា ការណ៍​នេះ​គឺ​ដោយសារ​យ៉ូហាន​ទទួល​បាន​នូវ​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​យ៉ាងពេញលេញ​មក​ពី​ព្រះយេស៊ូវ ។ នីហ្វៃ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការគិត​បែប​នេះ​ដែរ ពេល​លោក​បានសរសេរ « ខ្ញុំ​សរសើរ​តម្កើង​នៅក្នុង​ព្រះយេស៊ូវ របស់​ខ្ញុំ » ។ ពិតណាស់ ព្រះអង្គ​សង្រ្គោះ​មិនមែន​ត្រឹមតែ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​នីហ្វៃ ឬ​យ៉ូហាន​នោះទេ ប៉ុន្ដែ​ដោយសារ​ទំនាក់ទំនង​ផ្ទាល់​របស់​នីហ្វៃ​ជាមួយ​នឹង​ព្រះយេស៊ូវ « របស់​លោក » ទើប​បណ្ដាល​ឲ្យ​លោក​មាន​នូវ​ការពិព៌ណនា​ដ៏​ទន់ភ្លន់​បែបនោះ ។

តើ​វា​មិន​អស្ចារ្យ​ទេ​ឬ ដែល​មាន​ពេល​ដែល​អ្នក​អាច​ទទួល​នូវ​អារម្មណ៍​នៃ​ការកត់សម្គាល់ និង​សេចក្ដីស្រឡាញ់​ដ៏​ពេញលេញ និង​ផ្ទាល់ខ្លួន​បែបនេះ ? នីហ្វៃ​អាច​ហៅ​ទ្រង់​ថា​ព្រះយេស៊ូវ « របស់​ខ្ញុំ » ហើយ​យើង​ក៏​អាច​ធ្វើ​ដូច្នោះ​ដែរ ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្រ្គោះ​របស់​យើង​គឺជា « សេចក្ដី​ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់ ឧត្ដុង្គ​ឧត្ដម ខ្លាំង​បំផុត » ហើយ​ទ្រង់​នឹង​ផ្ដល់​ដល់​យើង​រហូត​ទាល់តែ​យើង​បាន « ពោរពេញ » ។ សេចក្ដី​ស្រឡាញ់​ដ៏​ទេវភាព​មាន​មិនចេះ​អស់​ឡើយ ហើយ​យើង​ម្នាក់ៗ​គឺជា​បុត្រ​សំណព្វ​ដ៏​មាន​តម្លៃ ។ ព្រះ​ទ្រង់​ស្រឡាញ់​យើង​ម្នាក់ៗ ដូចជា​រង្វង់​ទាំងឡាយ​ដែល​ប្រសព្វ​គ្នា​នៅលើ Venn diagram ដែរ យើង​ទាំងអស់​គ្នា​មាន​ចំណុច​ដែល​ប្រសព្វ​គ្នា ។ ទោះបីជា​ផ្នែកខ្លះ​នៃ​ពួកយើង​ខុសគ្នា​ក៏​ដោយ សេចក្ដីស្រឡាញ់​របស់​ទ្រង់​គឺជា​ទី​ដែល​ផ្ដល់​នូវ​ភាពរួបរួម​ដល់​យើង ។

តើ​វា​ជា​រឿង​គួរភ្ញាក់ផ្អើល​ទេ​ដែល​ថា ព្រះបញ្ញត្តិ​ដ៏​ធំជាងគេ​បំផុត គឺ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ដទៃ​ជុំវិញ​ខ្លួន​យើង​នោះ ? ពេល​ខ្ញុំ​ឃើញ​មនុស្ស​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ទៅកាន់គ្នា​ទៅវិញ​ទៅមក សម្រាប់​ខ្ញុំ​សេចក្ដី​ស្រឡាញ់​នោះ​មិនត្រឹម​តែ​មាន​នូវ​សេចក្ដី​ស្រឡាញ់ របស់​ពួកគេ តែប៉ុណ្ណោះ​ទេ វា​ជា​សេចក្ដី​ស្រឡាញ់​ដែល​មាន​នូវ​ទេវភាព​ក្នុងនោះ ។ ពេល​យើង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ដោយ​របៀប​នេះ ស្រឡាញ់​ដោយ​ភាពពេញលេញ និង​ពោរពេញ​តាម​ដែល​យើង​អាច​ធ្វើបាន នោះ​ស្ថានសួគ៌​ក៏​ចូលរួម​នឹង​យើង​ដែរ ។

ដូច្នេះ​បើសិន​នរណា​ម្នាក់​ដែល​យើង​ខ្វល់ខ្វាយ ហាក់ដូចជា​ឃ្លាតឆ្ងាយ​ពី​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ទេវភាព នោះ​យើង​អាច​ធ្វើតាម​លំនាំ​នេះ—ដោយ​ការធ្វើ​កិច្ចការ​ដែល​នាំ​ខ្លួនយើង​ឲ្យ​ខិតកាន់​តែជិត​ព្រះ ហើយ​បន្ទាប់មក​ធ្វើ​កិច្ចការ​ដែលនាំ​យើង​ខិតកាន់​តែជិត​ពួកគេ—ជា​សញ្ញា​ហៅ​ពួកគេ​មករក​ព្រះគ្រីស្ទ ។

ខ្ញុំ​ប្រាថ្នា​ថា ខ្ញុំ​អាច​អង្គុយ​ចុះ​ជាមួយ​បងប្អូន ហើយ​សួរ​ថា​តើ​ស្ថានភាព​បែបណា​ដែល​នាំ​បងប្អូន​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ តើ​ខគម្ពីរ​មួយ​ណា តើ​សកម្មភាព​នៃ​ការបម្រើ​មួយណា ? តើ​បងប្អូន​នឹង​នៅ​កន្លែង​ណា ? តើ​តន្ដ្រី​ប្រភេទ​ណា ? នៅ​ជាមួយ​អ្នកណា ? សន្និសីទ​ទូទៅ គឺជា​កន្លែង​ដ៏​ល្អបរិបូរ​ដែល​យើង​អាច​រៀន​អំពី​ការភ្ជាប់​នឹង​សេចក្ដីស្រឡាញ់​នៃ​ស្ថានសួគ៌ ។

ប្រហែល​បងប្អូន​មាន​អារម្មណ៍ថា​បងប្អូន​នៅឆ្ងាយ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ? ប្រហែល​ជាមាន​សម្លេង​នៃ​ការមិនយល់ស្រប​គ្នា និងនៃ​ភាពងងឺត​ដែល​ធ្វើឲ្យ​បងប្អូន​លង់​ក្នុង​គំនិត​របស់​បងប្អូន ប្រហែល​ជា​មាន​សារ​ដែល​ប្រាប់​ថា​បងប្អូន​មាន​របួស​ធ្ងន់​ពេក វិលវល់ ខ្សោយ​ពេក និង​ត្រូវបាន​គេ​មើលរំលង ខុស​ស្រឡះ​ពី​អ្នកដទៃ ឬ​វង្វេង ដែល​នាំឲ្យ​បងប្អូន​មិនបាន​ទទួល​នូវ​សេចក្ដី​ស្រឡាញ់​ពី​ស្ថានសួគ៌​តាម​របៀបពិត​ណា​មួយ ។ បើសិន​បងប្អូន​ឮ​គំនិត​ទាំងនោះ សូម​ស្ដាប់នូវ​ការណ៍​នេះ ៖ សំឡេង​ទាំងនោះ​គឺ​ខុស​ទាំងអស់ ។ យើង​អាច​មិន​យកចិត្ត​ទុកដាក់​ដោយ​មាន​ទំនុកចិត្ត​នូវ​ភាពមិន​ឥតខ្ចោះ​ទាំងឡាយ​ណា​ដែល​ធ្វើ​ឲ្យ​យើង​មិន​សាកសម​នឹង​សេចក្ដី​ស្រលាញ់​សួគ៌ា​—​គ្រប់ពេល​យើង​ច្រៀង​ទំនុកតម្កើង​ដែល​រំឭក​យើង​ថា​ព្រះអង្គសង្គ្រោះ​ដ៏​ជាទីស្រឡាញ់ និង​ឥតខ្ចោះ​បានជ្រើសរើស​ដើម្បី ឲ្យ​គេ« វាយជាំ ធ្វើទុក្ខ [ និង ] សង្កត់សង្កិន រាល់ពេល​យើង​ទទួលទាន​ចំណិត​នំបុ័ង ។ ច្បាស់ណាស់​ថា ព្រះយេស៊ូវ​ដកយក​អស់​នូវ​ភាពអៀនខ្មាស​ចេញពី​ភាពខ្ទេចខ្ទាំ​នោះ ។ តាមរយៈ​ភាពខ្ទេចខ្ទាំ​របស់​ទ្រង់ ទ្រង់​បាន​ល្អឥតខ្ចោះ ហើយ​ទ្រង់​អាច​ធ្វើ​ឲ្យ​យើង​បាន​ល្អឥតខ្ចោះ​ទោះជាយើង​មាន​ភាពខ្ទេចខ្ទាំ​ក្ដី ។ ទ្រង់​ខ្ទេចខ្ទាំ ឯកោ រងទុក្ខ និង​ត្រូវបាន​គេវាយដំ​—ហើយ​យើង​ប្រហែល​មាន​អារម្មណ៍​ដូចគ្នា—ប៉ុន្ដែ​យើង​មិនបាន​ចេញឆ្ងាយ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ឡើយ ។ « ទោះខ្ទេចខ្ទាំ ទ្រង់​ផ្ដល់​ក្ដីស្នេហ៍ »ដូច​ទំនុក​នៅ​ក្នុង​ចម្រៀង​នេះដែរ ។

បងប្អូន​ប្រហែល​ដឹង​នូវ​រឿងសម្ងាត់​អំពី​ខ្លួនឯង ដែល​នាំ​ឲ្យ​បងប្អូន​មានអារម្មណ៍​ថា​ខ្លួន​មិន​គួរឲ្យ​ស្រឡាញ់ ។ មិនថា​រឿង​ដែល​បងប្អូន​ដឹង​អំពី​ខ្លួនឯង​ត្រូវ​ប៉ុនណា​នោះ​ទេ បងប្អូន​ខុស​ដែល​គិត​ថា​បងប្អូន​បាន​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ឆ្ងាយ​ហួស​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ ពេលខ្លះ​យើង​ឃោរឃៅ ហើយ​គ្មាន​ភាពអត់ធ្មត់​ចំពោះ​ខ្លួនឯង​ជាង​នរណា​ទាំងអស់ ដែល​យើង​នឹកស្មាន​ដល់ ។ មាន​កិច្ចការ​ជាច្រើន​សម្រាប់​យើង​ធ្វើ​ក្នុង​ជីវិត​នេះ ប៉ុន្ដែ​ការស្អប់ខ្ពើម​ខ្លួនឯង និង​ការបន្ទោស​ខ្លួនឯង​ដោយ​ភាពខ្មាសអៀន​គឺ​មិន​ស្ថិត​ក្នុង​បញ្ជី​នោះ​ទេ ។ មិនថា យើង មាន​អារម្មណ៍​ថា យើង អាក្រក់​ប៉ុនណា​ឡើយ ព្រះហស្ដ របស់​ទ្រង់ មិនមែន​រួញ​ខ្លី​នោះ​ទេ ។ មិនមែន​នោះទេ ។ ព្រះហស្ដ​ទាំងទ្វេ​របស់​ទ្រង់​តែង​លាតសន្ធឹង​ល្មម​គ្រប់គ្រាន់​នឹង « [ ឆ្លើយតប ] កង្វល់​របស់​យើង »ហើយ​ឱបក្រសោប​យើង​ម្នាក់ៗ ។

ពេល​យើង​មិន​ទទួល​អារម្មណ៍​កក់ក្ដៅ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ទេវភាព​នេះ សេចក្ដី​ស្រឡាញ់​នោះ​មិនបាន​ទៅណា​ឆ្ងាយ​ទេ ។ ព្រះបន្ទូល​ផ្ទាល់​របស់​ព្រះ​គឺ​ថា « អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅបាន ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បានដែរ ប៉ុន្ដែ​សេចក្ដី​សប្បុរស [ របស់​ទ្រង់ ] នឹង​មិនដែល​ឃ្លាត​បាត់​ពី [ យើង ] ឡើយ » ។ ដូច្នេះ គំនិត​ដែល​ថា​ព្រះ​ឈប់​ស្រឡាញ់​យើង​នោះ គួរតែ​នៅ​បាត​បញ្ជី​នៃ​អ្វី​ដែល​អាច​នឹងកើតឡើង​បាន​ក្នុង​ជីវិតនេះ ថា​យើង​នឹង​មិនមាន​វា​ឡើយ​រហូត​អស់​ទាំង​ភ្នំធំ​បាត់ទៅ ហើយ​ភ្នំតូច​នឹង​រើ​ចេញ​ដែរ !

ខ្ញុំ​ពិតជា​រីករាយ​នឹង​និមិត្ដ​សញ្ញា​នៃ​ភ្នំធំ​នេះ ដែល​ជា​ភស្ដុតាង​ដ៏​ពិត​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ និមិត្ដ​សញ្ញា​ដ៏​មាន​អានុភាព​នេះ​មាន​ក្នុង​ដំណើររឿង​នៃ​អស់អ្នក​ទាំងឡាយ​ដែល​ឡើង​ទៅលើ​ភ្នំ​ដើម្បី​ទទួល​វិវរណៈ និង​ការពិពណ៌នា​របស់​អេសាយ​អំពី « ភ្នំ​ជាទី​ស្អាង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា » ដែល​ត្រូវបាន « តាំង​ឡើង​ខ្ពស់​លើ​អស់​ទាំង​ភ្នំ​ធំៗ » ។ ព្រះដំណាក់​របស់​ព្រះអម្ចាស់ គឺ​ជា​ព្រះដំណាក់​នៃ​សេចក្ដី​សញ្ញា​ដ៏​មាន​តម្លៃ​បំផុត ហើយ​ជា​ទីកន្លែង​ផ្ដល់​ដល់​យើង​នូវ​សុវត្ថិភាព និង​ហ៊ុមព័ទ្ធ​យើង​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​យើង ។ ខ្ញុំ​ក៏​បាន​រីករាយ​នឹង​ការលួងលោម​ដែល​មាន​ក្នុង​ព្រលឹង​របស់​ខ្ញុំ ពេល​ខ្ញុំ​គោរព​តាម​យ៉ាងមុតមាំ​ចំពោះ​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ខ្ញុំ ហើយ​ខ្ញុំ​ស្វែងរក​នរណា​ម្នាក់​ដែល​កំពុង​កាន់ទុក្ខ ឬ​រងទុក្ខ​ដោយ​ការអាក់អន់ចិត្ដ តាមរយៈ​ការព្យាយាម​ជួយ​ពួកគេ​ទប់ទល់ និង​យល់​នូវ​អារម្មណ៍​របស់​ពួកគេ ។ តើ​ទាំងនេះ​គឺជា​របៀប​ទាំងឡាយ​ដែល​យើង​អាច​ជ្រមុជ​កាន់តែ​ជ្រៅ​នៅក្នុង​សេចក្ដី​សញ្ញា​នៃ​សេចក្ដីស្រឡាញ់​ដ៏​មានតម្លៃ hesed ហេសិដឬ ?

ដូច្នេះ​បើសិន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មិនចេញ​ឆ្ងាយ​ពី​យើង​ទេ ហេតុអ្វី​យើង​មិន​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​នោះ​ជានិច្ច ? សូម​កុំ​រំពឹង​ចម្លើយ​ដ៏​គួរឲ្យ​ពេញចិត្ដ​ពី​ខ្ញុំ​ឡើយ ៖ ខ្ញុំ​មិន​ដឹង​ទេ ។ ប៉ុន្ដែ ការ ត្រូវបានគេ​ស្រឡាញ់​គឺ​ប្រាកដ​ណាស់​មិនដូចគ្នា​នឹង ការទទួល​អារម្មណ៍ នៃ​សេចក្ដី​ស្រឡាញ់​ឡើយ ហើយ​ខ្ញុំ​មាន​គំនិត​ពីរបី​ដែល​អាច​ជួយ​បងប្អូន​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នោះ ។

ប្រហែល​បងប្អូន​កំពុង​តទល់​នឹង​ទុក្ខសោក ការបាក់ទឹកចិត្ដ ការក្បត់ ភាពឯកោ ការអាក់អន់ចិត្ដ ឬ​ការឈ្លានពាន​ដ៏​មាន​ឥទ្ធិពល​ដែល​បង្អាក់​បងប្អូន​ពី​ការទទួល​អាម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​បងប្អូន ។ ប្រសិន​បើ​បែបនេះ​មែន ការណ៍​ទាំងនោះ​អាច​បញ្ឈប់​នូវ​សមត្ថភាព​របស់​យើង ដើម្បី​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដែល​យើង​គួរតែ​មាន ។ យ៉ាងហោចណាស់​ក្នុងអំឡុង​ពេលណាមួយ ប្រហែល​ជា​បងប្អូន​នឹង​មិនអាច មាន​អារម្មណ៍នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ទេ ហើយ​ពេល​នោះ​ការចេះដឹង​អំពី​ដំណឹងល្អ​នឹង​ត្រូវតែ​បំពេញ​ចន្លោះ​នេះ ។ ប៉ុន្ដែ​ខ្ញុំ​ឆ្ងល់​ថា តើ​បងប្អូន​អាច​ធ្វើការពិសោធន៍—ដោយ​អត់ធ្មត់—ទៅលើ​របៀប​ផ្សេងៗគ្នា​ដើម្បី​បង្ហាញ និង​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ទេវភាព​ឬ​ទេ ។ តើ​បងប្អូន​អាច​ថយក្រោយ​មួយជំហាន​ចេញពី​អ្វី​ក៏ដោយ​ដែល​នៅពី​មុខ​បងប្អូន ឬ​ប្រហែល​ថយក្រោយ​មួយជំហាន​ទៀត ឬ​បន្ដ​ថយ​មួយ​ជំហាន​ទៀត​បានទេ រហូតដល់​បងប្អូន​ឃើញ​ទីវាល​ទេសភាព​ដ៏​ធំ កាន់តែ​ធំ​ទៅៗ ហើយ​បើចាំបាច់​គឺ​រហូតដល់​បងប្អូន « កំពុង​គិត​ដល់​សេឡេស្ទាល »ពីព្រោះ​បងប្អូន​កំពុង​មើល​ទៅ​ផ្កាយ ហើយ​ចងចាំ​ពិភពលោក​ដ៏​ច្រើន​ឥតគណនា ហើយ​តាមរយៈ​ផ្កាយ​ទាំងនេះ​ចងចាំ​ដល់​អង្គ​ដ៏​បង្កបង្កើត ?

សំឡេង​បក្សាបក្សី​យំ ការទទួល​នូវ​ពន្លឺ​ព្រះអាទិត្យ ឬ​ខ្យល់​រំហើយ ឬ​តំណក់​ភ្លៀង​លើ​ស្បែក​របស់​ខ្ញុំ និង​ពេល​មួយចំនួន​ដែល​ធម្មជាតិ​បាន​នាំ​ខ្ញុំ​ឲ្យ​ទទួល​អារម្មណ៍​នៃ​ភាពអស្ចារ្យ​របស់​ព្រះ—រឿង​នីមួយៗ​នេះ​ជា​ចំណែក​ផ្ដល់​ដល់​ខ្ញុំ​នូវ​ទំនាក់ទំនង​ពីស្ថានសួគ៌ ។ ប្រហែល​ការលួងលោម​ពី​មិត្ដ​ដ៏ពិត​អាច​ជួយ​បាន ។ ប្រហែល​ជា​តន្ដ្រី ? ឬ​ការបម្រើ ? តើ​បងប្អូន​បាន​កត់ត្រា ឬ​សរសេរទុក​នូវ​ពេលវេលា​ដែល​ទំនាក់ទំនង​របស់​បងប្អូន​នឹង​ព្រះ​មានភាព​ច្បាស់លាស់​ឬ​ទេ ? ប្រហែល​បងប្អូន​អាច​អញ្ជើញ​មនុស្ស​ដែល​បងប្អូន​ទុកចិត្ដ​ដើម្បី​ចែកចាយ​ជាមួយ​បងប្អូន​នូវ​ប្រភព​នៃ​ទំនាក់ទំនង​ដ៏​ទេវភាព ខណៈ​ដែល​បងប្អូន​ស្វែងរក​ភាពធូរស្បើយ និង​ការយល់ដឹង ។

ខ្ញុំ​ឆ្ងល់​ថា ប្រសិន​បើ​ព្រះយេស៊ូវ​អាច​ជ្រើសរើស​កន្លែង​មួយ​ដែល​បងប្អូន និង​ទ្រង់​អាច​ជួប​គ្នា កន្លែង​ឯកជន​ដែល​បងប្អូន​អាច​ផ្ដោតតែ​ទៅលើ​ទ្រង់​មួយ​អង្គ តើ​ទ្រង់​នឹង​ជ្រើសរើស​កន្លែង​មួយ​ដែល​បងប្អូន​អាច​រងទុក្ខ​តែឯង កន្លែង​ដែល​ជាតម្រូវការ​ដ៏​ខ្លាំងបំផុត​របស់​បងប្អូន ជា​កន្លែង​ដែល​គ្មាន​នរណា​ទៅដល់​ឬ ? នៅ​កន្លែង​ណាមួយ​ដែល​បងប្អូន​មានអារម្មណ៍​ឯកោ​ដែល​បងប្អូន​ត្រូវការ​នៅ​តែឯង ប៉ុន្ដែ​បងប្អូន​មិនចង់​បាន​បែបនេះ​ទេ កន្លែង​ដែល​ប្រហែល​ជាមាន​តែ​ទ្រង់​អាច​យាងទៅ​ដល់ ប៉ុន្ដែ​តាមពិតទៅ​ជា​កន្លែង​ដែល​ទ្រង់​បាន​រៀបចំ​រួចរាល់​សម្រាប់​បងប្អូន​ពេល​បងប្អូន​ទៅ​ដល់ ។ បើសិន​បងប្អូន​កំពុង​រង់ចាំ​ទ្រង់​ដើម្បី​យាងមក ប្រហែល​ទ្រង់​បានគង់​នៅ​ទីនោះ​រួចហើយ ហើយ​នៅជិត​បងប្អូន​បង្កើយ ?

បើសិន​បងប្អូន​មាន​អារម្មណ៍​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នៅ​ក្នុង​ពេលនេះ​នៃ​ជីវិត​របស់​បងប្អូន សូម​បងប្អូន​ចែកចាយ​វា​ដោយ​សេរី​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត ។ ចែកចាយ​សេចក្ដី​ស្រឡាញ់​គ្រប់​កន្លែង​ដែល​បងប្អូន​ទៅដល់ ។ អព្ភូតហេតុ​មួយ​ក្នុង​ចំណោម​អព្ភូតហេតុ​ទាំងឡាយ​នៃ​ការដឹកនាំ​របស់​ព្រះ​ក្នុង​ផែនការ​ដ៏​ទេវភាព គឺថា​នៅពេល​យើង​ព្យាយាម​ចែកចាយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ នោះ​យើង​នឹង​ឃើញ​ខ្លួនឯង​ដូច​នៅក្នុង​ការពិពណ៌នា​នៃ​គោលការណ៍ « អ្នកណា​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បានវិញ » ។

ការ​ដែល​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ការពារ​យើង​ពី​ព្យុះ​នៃ​ជីវិត ប៉ុន្ដែ​ក៏​នឹង​ធ្វើ​ឲ្យ​ពេលវេលា​នៃ​ភាពរីករាយ​កាន់តែ​ល្អ​ថែមទៀត​ផងដែរ—ថ្ងៃ​នៃ​សេចក្ដី​អំណរ​របស់​យើង ពេល​មាន​ពន្លឺ​នៅ​លើ​មេឃ ​បាន​ភ្លឺ​ខ្លាំង​ឡើង​ដោយ​សារពន្លឺ​ដែលស្ថិត​នៅក្នុង​ចិត្ដ​យើង ។

ចូរ​យើង « បាន​ចាក់ឫស ហើយ​តាំង​មាំមួន » នៅក្នុង​ព្រះយេស៊ូវ​របស់​យើង និងក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ ចូរ​យើង​រកមើល និង​ទុក​បទពិសោធន៍​នៃ​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​អំណាច​របស់​ទ្រង់​ជា​របស់​ដ៏​មាន​តម្លៃ​ក្នុង​ជីវិត​របស់​យើង ។ សេចក្ដី​អំណរ​នៃ​ដំណឹងល្អ​គឺ​មាន​សម្រាប់​យើង​គ្រប់គ្នា ៖ មិនមែន​សម្រាប់​តែ​មនុស្ស​ដែល​រីករាយ ហើយ​ក៏​មិនមែន​សម្រាប់​តែ​មនុស្ស​ដែល​មាន​ទុក្ខព្រួយ​ទេ ។ សេចក្ដី​អំណរ​គឺ​ជា​គោលបំណង​របស់​យើង មិនមែន​ជា​អំណោយ​នៃ​កាលៈទេសៈ​របស់​យើង​ឡើយ ។ យើង​មាន​ហេតុផល​គ្រប់យ៉ាង​ដើម្បី « អរ​រីករាយ ហើយ​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​មនុស្ស​ទាំងអស់ » ។ ចូរ​ឲ្យ​យើង​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. យ៉ូហាន ២១:២០ សូមមើល​ផងដែរ យ៉ូហាន ១៣:២៣ ១៩:២៦; ២០:២; ២១:៧ ។

  2. នីហ្វៃ​ទី​២ ៣៣:៦ បាន​គូសបញ្ជាក់​បន្ថែម ។

  3. Bible Dictionary ៖ « Charity » ។

  4. នៅក្នុង​ដែនដី​បរិសុទ្ធ ៖ម៉ាថាយ ១៤:១៥–២០ ហើយ​នៅ​ទ្វីប​អាមេរិក នីហ្វៃ​ទី​៣ ២៧:១៦ ។

  5. សូមមើល ម៉ាថាយ ២២:៣៥–៤០ ។

  6. សូមមើល យ៉ូហាន ទី១ ៤:១២ ។

  7. ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើសសុំ​ឲ្យ​យើង « ជួយ​មនុស្ស​[ ដទៃ ]​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​តាមរយៈ [ យើង ] » ( [ ឆ្នាំ​២០២២ ], ១២ ) ។

  8. « ព្រះយេស៊ូវ​ណាសារ៉ែត​ជា​ម្ចាស់ និង ស្ដេច » ទំនុកតម្កើង លេខ ១០៦ សូមមើល​ផងដែរ​នៅ អេសាយ ៥៣:៥; ម៉ាថាយ ២៦:២៦ ។

  9. ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា ៖ « មុនពេល​ការឆ្កាង [ របស់​ព្រះអង្គ​សង្គ្រោះ ] បន្ដិច ទ្រង់​បាន​មាន​បន្ទូល​ថា ‹ លុះ​ដល់​ថ្ងៃ​ទី៣​ខ្ញុំ នឹង​បាន​សម្រេច​ការ’ › [ លូកា ១៣:៣២ បាន​គូសបញ្ជាក់​បន្ថែម ] ។ ចូរ​គិត​អំពី​រឿង​នេះ ! ព្រះអម្ចាស់​ដែល​គ្មាន​អំពើបាប គ្មាន​កំហុស​សោះ—ដែល​បាន​ល្អឥតខ្ចោះ​រួច​ទៅហើយ ស្របតាម​បទដ្ឋាន​រមែងស្លាប់​របស់​យើង​នោះ—បាន​ប្រកាស​ថា​ភាពល្អឥតខ្ចោះ​របស់​ទ្រង់​នឹង​មិនមែន​ពេលនេះ​ទេ តែ​គឺ​នាពេល​អនាគត ។ ភាពល្អឥតខ្ចោះ​ដ៏​អស់កល្ប​ជានិច្ច​របស់​ទ្រង់​នឹង​មកតាម​ការរស់ឡើងវិញ​របស់​ទ្រង់ ហើយ​ទទួល ‹ គ្រប់​ទាំងអំណាច … នៅលើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង › [ ម៉ាថាយ ២៨:១៨សូមមើល​ផងដែរ​នៅ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៣:២–២៣ ] ( Perfection Pending » Ensignខែវិច្ឆិកា ឆ្នាំ១៩៩៥ ទំព័រ​៨៧ ) ។ ព្យាការី​មរ៉ូណៃ​បាន​អញ្ជើញ​មនុស្ស​គ្រប់គ្នា​ឲ្យ « មករក​ព្រះគ្រីស្ទ ហើយ​ឲ្យបាន​ល្អឥតខ្ចោះ​នៅក្នុង​ទ្រង់ ហើយ​ចូរ​លះបង់ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥតបរិសុទ្ធ​ចុះ ហើយ​បើសិន​អ្នករាល់គ្នា​នឹង​លះបង់ចោល​នូវ​អស់​ទាំងអំពើ​ដ៏​ឥតបរិសុទ្ធ ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព អស់ពី​គំនិត អស់ពី​កម្លាំង​របស់​អ្នក នោះ​ព្រះគុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ ដោយសារ​ព្រះគុណ​នៃ​ព្រះ​ នោះ​អ្នករាល់គ្នា​អាច​បាន​ល្អឥតខ្ចោះ​នៅក្នុង​ព្រះគ្រីស្ទ » ( មរ៉ូណៃ ១០:៣២ ) ។

  10. « ព្រះអង្គ​សង្គ្រោះ​នៃ​ព្រលឹង​ខ្ញុំ » អាល់ប៊ុម​យុវវ័យឆ្នាំ​២០២៤ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  11. សូមមើល អេសាយ ៥៩:១ ។

  12. « ខ្ញុំ​រក​ក្តីសុខ​ឯណា ? » ទំនុក​តម្កើង លេខ ៦៩ ។

  13. អេសាយ ៥៤:១០ ។

  14. ឧទាហរណ៍ នីហ្វៃ ( សូមមើល នីហ្វៃ​ទី១ ១៧:៧ ) ម៉ូសេ ( សូមមើល និក្ខមនំ ១៩:៣ ) សិស្ស​ទាំង​១១​នាក់ ( សូមមើល ម៉ាថាយ ២៨:១៦ ) និង​ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ១៤:២៣ ) សូមមើ់ល​ផងដែរ ទំនុកដំកើង ២៤:៣ ។

  15. អេសាយ ២:២សូមមើល​ផងដែរ ខទី ៣ ។ និមិត្ត​សញ្ញា​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ពិចារណា​កាន់តែ​ជ្រាលជ្រៅ​អំពី​ព្រះរាជបំណង​របស់​ព្រះអម្ចាស់​ក្នុងការ​ប្រទាន​ឲ្យ​បុត្រាបុត្រី​ទ្រង់​នូវ​ព្រះវិហារបរិសុទ្ធ​រាប់រយ​នៅទូទាំង​ពិភពលោក ។

  16. បទពិសោធន៍​របស់​ខ្ញុំ​ផ្ដល់​នូវ​ភស្ដុតាង​នៃ​សេចក្ដីពិត​នៃ​ការសន្យា​របស់​ប្រធាន ណិលសុន ថា​ទី​ដែលមាន​សុវត្ថិភាព​បំផុត គឺ​ការរស់នៅ​ក្នុង​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ( សូមមើល « The Temple and Your Spiritual Foundation » Liahona, ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ​៩៦) ។

  17. ប្រធានណិលសុនបាន​ធានា​អះអាង​ដល់​យើង​ថា ៖

    « ពេលវេលា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ជួយ​បងប្អូន​ឲ្យ គិត​ដល់​សេឡេស្ទាលនិង​ចាប់​យក​ចក្ខុវិស័យ​ថា​បងប្អូន​ជា​នរណា​ពិត​ប្រាកដ បងប្អូន​អាចប្រែ​ក្លាយ​ជា​យ៉ាងណា និង​ប្រភេទ​នៃ​ជីវិត​ដែល​បងប្អូន​អាច​មាន​ជារៀង​រហូត ។ ការថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​នឹង​អភិវឌ្ឍ​របៀប​ដែល​បងប្អូន​មើល​មក​ខ្លួន​ឯង និង​របៀប​ដែល​បងប្អូន​ចុះចូល​ក្នុង​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ ។ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា …

    គ្មាន​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​បងប្អូន​ធូរស្រាល​ក្នុង​អំឡុង​ពេល​ឈឺចាប់ ជាងនេះនោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​បើក​ស្ថានសួគ៌ ជាងនេះនោះ​ទេ ។ គ្មាន​ទាល់តែ​សោះ ! » ( « រីករាយ​នៅក្នុង​អំណោយទាន​នៃ​កូនសោ​បព្វជិតភាព » លីអាហូណាខែឧសភា ឆ្នាំ២០២៤ ទំព័រ១២១, ១២២ ) ។

  18. សូមមើល ម៉ូសាយ ១៨:៨–១០, ១៣ ។ « សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​គឺជា​សាក្សី​សាធារណៈ​ទៅកាន់​ព្រះវរបិតាសួគ៌​នៃ​ការតាំងចិត្ដ​ចំនួន​បី ៖ បម្រើ​ព្រះ រក្សា​បទបញ្ញាតិ្ដ​ទ្រង់ និង​ព្រម​លើកដាក់​មកលើ​ខ្លួនគេ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ផ្នែក​សំខាន់ៗ​ផ្សេងទៀត​ដែល​ជារឿយៗ​ទាក់ទង​នឹង​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក—ដែល​ថា​យើង ‹ ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក › ‹ ទួញយំ​ជាមួយ​នឹង​អ្នកណា​ដែល​ទួញយំ › ហើយ ‹ កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នកណា [ ដែល ] កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ ›[ ម៉ូសាយ ១៨:៨, ៩ ]—គឺ​ជា​ផលផ្លែ​នៃ​ការធ្វើ​សេចក្ដីសញ្ញា មិនមែន​ជា​ផ្នែក​មួយ​នៃ​សេចក្ដី​សញ្ញា​ឡើយ ។ ផ្នែក​ទាំងនេះ​គឺ​មាន​សារៈសំខាន់​ដោយសារ​តែ​ពួកវា​ជា​ផ្នែក ដែល​ព្រលឹង​ដែល​បាន​ប្រែចិត្ដជឿ​នឹង​ធ្វើ​ដោយ​ចេញពិ​ចិត្ដ » ( ឌែល ជី រិនឡាន់ « Stronger and Closer Connection to God through Multiple Covenants » [ Brigham Young University–Idaho devotional, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ] នៅលើ​គេហទំព័រ speeches.byu.edu ) ។

  19. សូមមើល រ័សុល អិម ណិលសុន « សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ចលីអាហូណាខែ តុលា ឆ្នាំ ២០២២ ទំព័រ ៤–១១ ។

  20. រ័សុល អិម ណិលសុន « គិត​ដល់​សេឡេស្ទាល !លីអាហូណាខែ​វិច្ឆិកា ឆ្នាំ​២០២៣ ទំព័រ ១១៧–១២០ ។

  21. ម៉ាថាយ ១៦:២៥ ។

  22. អេភេសូរ ៣:១៧ ។

  23. សូមមើល នីហ្វៃទី ២ ២:២៥រ័សុល អិម ណិលសុន « Joy and Spiritual SurvivalLiahonaខែ​វិច្ឆិកា ឆ្នាំ​២០១៦ ទំព័រ ៨១–៨៤ ។

  24. ម៉ូសាយ ២:៤ ។

  25. សូមមើល មរ៉ូណៃ ៧:៤៨​ ។