សន្និសីទទូទៅ
ភាពសាមញ្ញ​គឺជា​គោលលទ្ធិ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


16:6

ភាពសាមញ្ញ​គឺជា​គោលលទ្ធិ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ

ខ្ញុំ​សូម​ថ្លែង​សាក្សី​អំពី​កិច្ចការ​ដ៏​ពិសិដ្ឋ​នៃ​ការ​បង្រៀន​កូនចៅ​របស់​ព្រះវរបិតាសួគ៌​អំពី​គោលលទ្ធិ​ដ៏​សាមញ្ញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

យើង​ទាំង​អស់​គ្នា​មាន​សមាជិក​គ្រួសារ​ដែល​យើង​ស្រឡាញ់ ដែល​ត្រូវ​បានល្បួង និង​សាកល្បង​ដោយ​កម្លាំង​ដែល​ហាក់​ដូចជា​ឥត​ឈប់​ឈរ​របស់​សាតាំង ដែល​ជា​អ្នក​បំផ្លាញ នឹង​ធ្វើ​ឲ្យ​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់​វេទនា ។ ពួកយើង​ជា​ច្រើន​គេង​មិន​លក់ បក់​មិន​ល្ហើយ ។ យើង​បានព្យាយាម​ជួយ​បុគ្គល​ដែល​ស្ថិត​ក្នុង​គ្រោះថ្នាក់​អស់​ពី​លទ្ធភាព​សម្រាប់​ការល្អ ។ យើង​បានទូល​អង្វរ​ក្នុង​ការអធិស្ឋាន​សម្រាប់​ពួកគេ ។ យើង​ស្រឡាញ់​ពួកគេ ។ យើង​ខិតខំ​ធ្វើ​ជា​គំរូ​ដ៏​ប្រសើរ​បំផុត​អស់​ពី​លទ្ធភាព ។

អាលម៉ា​ដែលជា​ព្យាការី​ដ៏​ឈ្លាសវៃ​ពី​សម័យ​បុរាណ បាន​ប្រឈមមុខ​នឹង​ការសាកល្បង​ស្រដៀង​គ្នា​នេះ ។ ប្រជាជន​ដែល​លោក​បានដឹកនាំ និង​ស្រឡាញ់​ត្រូវបាន​វាយលុក​ដោយ​មារសត្រូវ​ដ៏​កំណាច​ជាញឹកញាប់ ប៉ុន្តែ​ពួកគេ​នៅតែ​ព្យាយាម​ចិញ្ចឹម​កូនៗ​ដែល​សុចរិត​នៅក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​នេះ ។ អាលម៉ា​មាន​អារម្មណ៍​ថា​ក្តីសង្ឃឹម​តែ​មួយ​គត់​ក្នុង​ការទទួល​ជ័យ​ជម្នះ​របស់​លោក​គឺជា​កម្លាំង​មួយ​ដែល​ជួនកាល​យើង​អាច​នឹង​មើល​ស្រាល ហើយ​ជាញឹកញាប់​ប្រើ​តែ​បន្តិចបន្តួច ។ លោក​បានទូល​អង្វរ​សូម​ជំនួយ​របស់​ព្រះ ។

អាលម៉ា​បាន​ដឹង​ថា ដើម្បី​ឲ្យ​ព្រះ​ជួយ នោះ​មារសត្រូវ​និង​មនុស្ស​ដែល​លោក​ដឹកនាំ​ត្រូវតែ​ប្រែចិត្ត ។ ហេតុដូច្នោះហើយ លោក​បានជ្រើសរើស​វិធីសាស្រ្ត​ផ្សេង​ដើម្បី​ប្រយុទ្ធ ។

ព្រះគម្ពីរ​មរមន​ពិពណ៌នា​វា​តាម​បែប​នេះ ៖ « ហើយ​ឥឡូវ​នេះ​ដោយ​ការផ្សាយ​ព្រះបន្ទូល មាន​បណ្តាការ​ដ៏​ធំ​ក្នុងការ​ដឹកនាំ​ប្រជាជន ឲ្យ​ធ្វើ​នូវ​អ្វីៗ​ដែល​ត្រឹមត្រូវ—មែនហើយ វា​មាន​ប្រសិទ្ធភាព​ទៅ​លើ​គំនិត​មនុស្ស​ច្រើន ជាង​ផ្លែ​ដាវ ឬ អ្វី​ផ្សេង​ៗ​ទៀត ដែល​កើតឡើង​ដល់​គេ—ហេតុដូច្នេះហើយ អាលម៉ា​បាន​គិត​ថា ជា​ការ​ចាំបាច់​ដែល​គេ​ត្រូវ​ពិសោធ​គុណធម៌​នៃ​ព្រះបន្ទូល​នៃ​ព្រះ » ។

ព្រះបន្ទូល​នៃ​ព្រះ​គឺជា​គោលលទ្ធិ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​ពួកព្យាការី​របស់ទ្រង់​បានបង្រៀន ។ អាលម៉ា​បានដឹង​ថា ពាក្យសម្តី​នៃ​គោលលទ្ធិ​មាន​អានុភាព​យ៉ាង​ខ្លាំងក្លា ។

នៅក្នុង ​កណ្ឌ​ទី ១៨ នៃ​គោលលទ្ធិ និង​សេចក្តីសញ្ញា ព្រះអម្ចាស់​បានបើក​សម្តែង​គ្រឹះ​នៃ​គោលលទ្ធិ​របស់​ទ្រង់ ៖

« ដ្បិត​មើលចុះ យើង​បញ្ជា​មនុស្ស​លោក​ទាំងអស់ នៅ​គ្រប់​ទិសទី​ឲ្យ​ប្រែចិត្ត ។ …

« ដ្បិត​មើលចុះ ព្រះអម្ចាស់​ដ៏​ជា​ព្រះប្រោសលោះ​របស់​អ្នក ទ្រង់​បាន​រង​សេចក្ដី​ស្លាប់​នៅក្នុង​សាច់ឈាម ម្ល៉ោះ​ហើយ ទ្រង់​បាន​រង​ការឈឺចាប់​នៃ​មនុស្ស​លោក​ទាំងអស់ ដើម្បី​ឲ្យ​មនុស្ស​លោក​ទាំងអស់​អាច​ប្រែចិត្ត ហើយ​មករក​ព្រះអង្គ​បាន ។

« ហើយ​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើងវិញ ដើម្បី​ឲ្យ​ព្រះអង្គ​អាច​នាំ​មនុស្ស​លោក​ទាំងអស់​មករក​ទ្រង់ ស្របតាម​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត » ។

« ហើយ​អ្នក​នឹង​ដួល​ចុះ ហើយ​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​នូវ​នាម​របស់​យើង ។

« … អ្នក​រាល់​គ្នា​ត្រូវតែ​ប្រែចិត្ត ហើយ​ទទួល​បុណ្យជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវគ្រីស្ទ » ។

« ចូរ​សូម​ពី​ព្រះវរបិតា​ដោយ​នូវ​នាម​របស់​យើង ដោយ​សេចក្តី​ជំនឿ​ជឿ​ថា អ្នក​នឹង​បាន​ទទួល ហើយ​អ្នក​នឹង​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

« ហើយ​ឥឡូវ​នេះ បន្ទាប់​ពី​អ្នក​បាន​ទទួល​ការណ៍​នេះ អ្នក​ត្រូវ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​យើង​នូវ​គ្រប់​ការណ៍​ទាំងអស់ » ។

« ចូរ​យក​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ​មក​ដាក់​លើ​ខ្លួន ហើយ​និយាយ​សេចក្ដីពិត ដោយ​មាន​ចិត្ត​ម៉ឺងម៉ាត់​ចុះ ។

« ហើយ​អស់​អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​នាម​យើង គឺជា​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​ហើយ​នឹង​បាន​សង្គ្រោះ » ។

នៅក្នុង​វគ្គបទគម្ពីរ​ពីរបី​ទាំងនោះ ព្រះអង្គសង្រ្គោះ​បាន​ប្រទាន​គំរូ​ដ៏​ឥតខ្ចោះ​ពី​របៀប​ដែល​យើង​គួរ​បង្រៀន​គោលលទ្ធិ​របស់​ទ្រង់ ។ គោលការណ៍​នេះ​គឺថា បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់​ទទួល​ពរជ័យ​តាម​រយៈ​សេចក្តីជំនឿ​នៅលើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការប្រកាន់ខ្ជាប់​ដល់​ទីបញ្ចប់​ ។

នៅពេល​យើង​បង្រៀន​គោលការណ៍​ទាំងនេះ​ដល់​អ្នក​ដែល​យើង​ស្រឡាញ់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ស្គាល់​សេចក្តីពិត ។ ដោយសារ​យើង​ត្រូវការ​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​ត្រូវតែ​ចៀសវាង​ការប៉ាន់ស្មាន ឬ​ការបកស្រាយ​ផ្ទាល់ខ្លួន ដែល​ហួសពី​ការបង្រៀន​គោលលទ្ធិ​ពិត ។

នោះ​អាច​នឹង​ពិបាក​ដើម្បី​ធ្វើ នៅពេល​បងប្អូន​ស្រឡាញ់​មនុស្ស​ដែល​បងប្អូន​ព្យាយាម​មាន​ឥទ្ធិពល​ទៅលើ ។ គាត់ ឬ​នាង​អាច​នឹង​មិន​យកចិត្ត​ទុកដាក់​ចំពោះ​គោលលទ្ធិ​ដែល​បានបង្រៀន ។ វា​គឺ​ជា​ការល្បួង​ដើម្បី​សាកល្បង​អ្វី​ដែល​ថ្មី ឬ​អស្ចារ្យ ។ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បើកសម្តែង​វិញ្ញាណ​នៃ​សេចក្តីពិត​តែ​នៅ​ពេល​ដែល​យើង​​ប្រយ័ត្នប្រយែង និង​យកចិត្ត​ទុកដាក់​ដោយ​មិន​ធ្វើ​អ្វី​ហួស​ពី​ការបង្រៀន​គោលលទ្ធិ​ពិត​ប៉ុណ្ណោះ ។ របៀប​ដ៏​ប្រាកដ​បំផុត​មួយ​ដើម្បី​ចៀសវាង​ពី​គោលលទ្ធិ​ក្លែងក្លាយ សូម្បី​តែ​ការទៅ​ក្បែរ​នោះ​ក្ដី គឺ​ត្រូវ​ជ្រើសរើស​ធ្វើឲ្យ​ការបង្រៀន​របស់​យើង​សាមញ្ញ ។ សុវត្ថិភាព​គឺ​ទទួល​បាន​តាមរយៈ​ភាពសាមញ្ញ​នោះ ហើយ​មាន​ការបាត់បង់​តិចតួច ។

ការបង្រៀន​សាមញ្ញៗ​អនុញ្ញាត​ឲ្យ​យើង​ចែកចាយ​គោលលទ្ធិ​នៃ​សេចក្ដី​សង្រ្គោះ​តាំងពី​នៅ​ក្មេងខ្ចី ជាពេល​ដែល​កុមារ​មិនទាន់​ទទួល​ការល្បួង​របស់​អារក្ស ជា​ការល្បួង​ដែល​ពួកគេ​នឹង​ប្រឈមមុខ​នៅពេល​ក្រោយ មុនពេល​សេចក្តីពិត​ដែល​ពួកគេ​ត្រូវការ​រៀនសូត្រ​ត្រូវបាន​ទាញ​ចេញ​ដោយ​សំឡេង​រំខាន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម មិត្តភក្តិ និង​ការពុះពារ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ យើង​គួរតែ​ចាប់យក​គ្រប់​ឱកាស​ដើម្បី​ចែកចាយ​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​កុមារ ។ គ្រា​នៃការបង្រៀន​ទាំងនេះ​មាន​តម្លៃ និង​តិចតួច​ណាស់​បើ​ប្រៀបធៀប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ​របស់​កម្លាំង​ប្រឆាំង​នោះ ។ ដ្បិត​គ្រប់​ម៉ោង​ដែល​បានចំណាយ​លើ​ការបណ្ដុះ​គោលលទ្ធិ​ទៅក្នុង​ជីវិត​របស់​កុមារ មាន​ការប្រឆាំង​រាប់​មិន​អស់​ដែល​ពោរពេញ​ជាមួយ​សារ និង​រូបភាព​ដែល​ផ្ទុយ ឬ​មិន​ខ្វល់ខ្វាយ​នឹង​សេចក្ដីពិត​នៃ​សេចក្ដី​សង្គ្រោះ​ទាំងនោះ ។

បងប្អូន​មួយ​ចំនួន​អាច​នឹង​ងឿងឆ្ងល់​ថា​តើ​វា​អាច​ជា​ការល្អ​ជាង​ក្នុង​ការចូល​ទៅ​ជិត​កូនៗ​របស់​បងប្អូន​តាមរយៈ​ការ​ធ្វើ​រឿង​សប្បាយៗ ឬ​ក៏​បងប្អូន​អាច​សួរ​ថា​តើ​កូនៗ​អាច​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​សន្ធប់​ចំពោះ​ការបង្រៀន​របស់​បងប្អូន​ដែរ​ឬ​ទេ ។ ផ្ទុយ​ទៅវិញ យើង​គួរតែ​ពិចារណា​ថា « ជាមួយ​ពេលវេលា និង​ឱកាស​បន្តិចបន្តួច តើ​ខ្ញុំ​អាច​ចែកចាយ​ពាក្យសម្តី​នៃ​គោលលទ្ធិ​អ្វីខ្លះ ដែល​នឹង​ជួយ​ពង្រឹង​ពួកគេ​ទាស់​នឹង​ឧបសគ្គ​ដែល​មិន​អាចចៀស​រួច​ចំពោះ​សេចក្ដីជំនឿ​របស់​ពួកគេ ? » ពាក្យសម្តី​ដែល​បងប្អូន​ចែកចាយ​នៅ​ថ្ងៃនេះ​អាច​ជា​អ្វី​មួយ​ដែល​ពួកគេ​នឹង​ចងចាំ ហើយ​ពេលវេលា​នឹង​កន្លង​ទៅ​យ៉ាងលឿន ។

ខ្ញុំ​តែងតែ​កោតសរសើរ​ដល់​ការពលិកម្ម​របស់​ជីដូន​ទូត​របស់​ខ្ញុំ ឈ្មោះ ម៉ារី ប៉ូមមីលី ក្នុង​ការចែកចាយ​គោលលទ្ធិ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ក្រុមគ្រួសារ​របស់​គាត់​បានរៀន​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​ស្វីស នៅពេល​គាត់​មាន​អាយុ ២៤ ឆ្នាំ ។

បន្ទាប់ពី​បាន​ទទួល​បុណ្យជ្រមុជទឹក ទួត​ម៉ារី​បានសម្រេចចិត្ត​ចូលរួម​ពួកបរិសុទ្ធ​នៅ​ប្រទេស​អាមេរិក ដូច្នេះ​គាត់​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ស្វីស​ទៅ​កាន់​ទីក្រុង​ប៊ែកឡាំង ហើយ​រក​បាន​ការងារ​ធ្វើ​ជាមួយ​ស្រ្តី​ម្នាក់​ដែល​ឲ្យ​គាត់​ធ្វើការ​ត្បាញ​ក្រណាត់​សម្រាប់​សម្លៀក​បំពាក់​គ្រួសារ ។ ទួត​ម៉ារី​រស់នៅ​ក្នុង​បន្ទប់​អ្នកបម្រើ ហើយ​បានដំឡើង​កីត្បាញ​របស់​គាត់​នៅ​បន្ទប់​ទទួលភ្ញៀវ ។

នៅពេល​នោះ ការបង្រៀន​គោលលទ្ធិ​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​គឺ​ខុស​ច្បាប់​នៅ​ទីក្រុង​ប៊ែកឡាំង ។ ប៉ុន្តែ​ទួត​ម៉ារី​ឃើញថា គាត់​មិន​អាច​ឈប់​ចែកចាយ​អ្វី​ដែល​គាត់​បានរៀន​នោះ​ទេ ។ ស្រីៗ​នៅក្នុង​ផ្ទះ​នោះ និង​មិត្តភក្តិ​របស់​គាត់​នឹង​ប្រមូលផ្ដុំ​គ្នា​នៅជុំវិញ​កីត្បាញ​ដើម្បី​ស្ដាប់​ទួត​ម៉ារី​បង្រៀន ។ គាត់​បាន​មាន​ប្រសាសន៍​អំពី​ការលេចឡើង​នៃ​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ចំពោះ យ៉ូសែប ស្ម៊ីធ ការយាងមក​របស់​ពួក​ទេវតា និង​ព្រះគម្ពីរ​មរមន ។ ដោយ​ការចងចាំ​ពី​ដំណើររឿង​របស់​អាលម៉ា គាត់​បានបង្រៀន​អំពី​គោលលទ្ធិ​នៃ​ការស្ដារឡើងវិញ ។ គាត់​បានថ្លែង​ទីបន្ទាល់​ថា ក្រុមគ្រួសារ​អាច​រួមរស់​ជាមួយ​គ្នា​នៅ​នគរ​សេឡេស្ទាល ។

ក្តី​រំភើប​របស់​ទួត​ម៉ារី ក្នុងការ​ចែកចាយ​គោលលទ្ធិ​នៃ​ដំណឹងល្អ​ដែល​បានស្ដារ​ឡើងវិញ មិន​យូរ​ប៉ុន្មាន​ធ្វើ​ឲ្យ​មាន​បញ្ហា ។ ក្រោយមក ប៉ូលិស​បាននាំ​ទួត​ម៉ារី​ទៅ​ដាក់​គុក ។ នៅ​តាមផ្លូវ គាត់​បាន​សួរ​ប៉ូលិស​ពី​ឈ្មោះ​ចៅក្រម ដែល​គាត់​នឹង​ត្រូវ​បង្ហាញខ្លួន​នៅ​ព្រឹកស្អែក ។ គាត់​ក៏​បាន​សួរ​អំពី​គ្រួសារ​របស់​ចៅក្រម​នោះ ហើយ​ថាតើ​គាត់​ជា​ឪពុក និង​ស្វាមី​ល្អ​ដែរ​ឬ​ទេ ។ ប៉ូលិស​រូប​នោះ​បាន​ពិពណ៌នា​ចៅក្រម​នោះ​ថា​ជា​បុរស​នៃ​លោកិយ ។

នៅក្នុង​គុក ទួត​ម៉ារី​បានសុំ​ខ្មៅដៃ និង​ក្រដាស​មួយ​ចំនួន ។ គាត់​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​សរសេរ​សំបុត្រ​ទៅកាន់​ចៅក្រម​រូប​នោះ ដោយ​ការថ្លែង​ទីបន្ទាល់​ពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដូច​ដែល​បាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ​មរមន ដោយ​ការពិភាក្សាអំ​ពី​ពិភព​វិញ្ញាណ និង​ការពន្យល់​ពី​ការប្រែចិត្ត ។ គាត់​បាន​ផ្ដល់​យោបល់​ថា ចៅក្រម​រូប​នោះ​នឹង​ត្រូវការ​ពេលវេលា​ដើម្បី​គិតពិចាណា​ពី​ជីវិត​របស់​គាត់​ពីមុន​ប្រឈមមុខ​នឹង​ការជំរុំជម្រះ​ចុងក្រោយ ។ គាត់​បាន​សរសេរ​ថា គាត់​ដឹង​ថា ចៅក្រម​រូប​នោះ​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​ប្រែចិត្ត ដែល​នឹង​ធ្វើ​ឲ្យ​គ្រួសារ​របស់​គាត់​កើតទុក្ខ​ជា​ខ្លាំង​ និង​នាំ​ឲ្យ​គាត់​សោកសៅ​ជា​អនេក ។ លុះ​ព្រឹក​ឡើង ពេល​គាត់​បាន​សរសេរ​ចប់ គាត់​ក៏​បាន​ប្រគល់​ឲ្យ​ប៉ូលិស និង​សុំ​ពួកគេ​ឲ្យ​ផ្ញើ​ទៅកាន់​ចៅក្រម ហើយ​ប៉ូលិស​ក៏​យល់ព្រម ។

ក្រោយ​មក ប៉ូលិស​ត្រូវ​បាន​ចៅក្រម​កោះ​ហៅ​មក​កាន់​ការិយាល័យ​របស់​គាត់ ។ សំបុត្រ​ដែល​ទួត​ម៉ារីបានសរសេរ​គឺជា​ភស្តុតាង​ដែល​មិន​អាច​ប្រកែកបាន​ថា គាត់​កំពុង​បង្រៀន​គោលលទ្ធិ​នៃ​ដំណឹងល្អ​ដែល​បានស្ដារ​ឡើងវិញ ហើយ​ការធ្វើ​ដូច្នេះ គឺជា​ការបំពាន​ច្បាប់ ។ ទោះ​ជាយ៉ាងណា មិន​យូរ​ប៉ុន្មាន ប៉ូលិស​បានត្រឡប់​ទៅ​បន្ទប់​ឃុំឃាំង​របស់​ទួត​ម៉ារីវិញ ។ គាត់​បាន​ប្រាប់​ទួត​ម៉ារី​ថា ការចោទ​ប្រកាន់​ទាំងអស់​ត្រូវ​បាន​ច្រានចោល ហើយ​ថា​គាត់​មាន​សេរីភាព​អាច​ចាកចេញ​ទៅ​បាន ។ ការបង្រៀន​របស់​គាត់​អំពី​គោលលទ្ធិ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បានស្ដារ​ឡើងវិញ​បានបណ្តាល​ឲ្យ​គាត់​ជាប់​គុក ។ ហើយ​ការប្រកាស​ពី​គោលលទ្ធិ​នៃ​ការប្រែចិត្ត​ដល់​ចៅក្រម បាន​ធ្វើ​ឲ្យ​គាត់​រួច​ពី​គុក ។

ការបង្រៀន​របស់​ទួត ម៉ារី ប៉ូមមីលី មិន​បានបញ្ចប់​ត្រឹម​គាត់​ចេញពី​គុក​នោះ​ទេ ។ កំណត់ត្រា​នៃ​ពាក្យ​សម្ដី​របស់​គាត់​បានបន្ត​នូវ​គោលលទ្ធិ​ពិត​ដល់​ជំនាន់​ដែល​មិន​ទាន់​កើត ។ សេចក្តីជំនឿ​របស់គាត់​ដែល​ថា សូម្បីតែ​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ក៏​អាច​បង្រៀន​គោលលទ្ធិ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ធានា​ថា​កូនចៅ​របស់​គាត់​នឹង​ត្រូវ​បានពង្រឹង​នៅក្នុង​សមរភូមិ​របស់​ពួកគេ​ផ្ទាល់ ។

ទោះបី​យើង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​បង្រៀន​អ្នក​ដែល​យើង​ស្រឡាញ់​អំពី​គោលលទ្ធិ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក៏​ដោយ ក៏​មនុស្ស​មួយចំនួន​ប្រហែលជា​នៅតែ​មិន​ទទួលយក ។ ការសង្ស័យ​អាច​ចូល​ទៅក្នុង​ដួងចិត្ត​របស់​អ្នក ។ អ្នក​អាច​នឹង​សួរ​ថា​តើ​អ្នក​ស្គាល់​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ​គ្រប់គ្រាន់​ដើម្បី​បង្រៀន​វា​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ​ឬ​អត់ ។ ហើយ​ប្រសិន​បើ​អ្នក​បានព្យាយាម​បង្រៀន​វា​រួច​ទៅ​ហើយ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​យើង​មើល​មិនឃើញ​ផល​វិជ្ជមាន​នៅក្នុង​ជីវិត​អ្នក​ដែល​យើង​បង្រៀន ។ សូម​កុំ​ចុះចាញ់​នឹង​ការសង្ស័យ​ទាំងនោះ​ឡើយ ។ សូម​ងាក​ទៅ​រក​ព្រះ​ឲ្យ​ជួយ ។

« មែន​ហើយ ចូរ​អំពាវនាវ​ដល់​ព្រះ​នូវ​អស់​ទាំង​ការគាំទ្រ … ចូរ​ដាក់​ចិត្ត​មេត្រី​របស់​កូន​ទៅ​លើ​ព្រះ​អម្ចាស់​ដរាប​ត​ទៅ » ។

« ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន ហើយ​ចុះ​ចូល ហើយ​សុភាព​ទន់ភ្លន់ រហ័ស​ធ្វើ​តាម​ការល្អ ពោរពេញ​ទៅ​ដោយ​ការទ្រាំទ្រ និង​ការអត់ធ្មត់ សង្កត់ចិត្ត​ក្នុង​កិច្ចការ​គ្រប់​យ៉ាង មាន​ចិត្ត​ព្យាយាម​ក្នុង​ការកាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ​ឲ្យ​បាន​គ្រប់​ពេលវេលា សូម​នូវ​អ្វី​ដែល​អ្នក​ត្រូវការ ទាំង​ខាង​ឯ​វិញ្ញាណ និង​ខាង​ឯ​សាច់ឈាម​ដែរ ថ្លែង​អំណរគុណ​ដល់​ព្រះ​ជានិច្ច ចំពោះ​អ្វី​ដែល​អ្នក​បាន​ទទួល » ។

ប្រសិនបើ​បងប្អូន​អធិស្ឋាន ប្រសិនបើ​បងប្អូន​ទូល​ទៅកាន់​ព្រះ ហើយ​ប្រសិនបើ​បងប្អូន​ទូល​អង្វរ​សុំ​ជំនួយ​ពី​ទ្រង់​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​បងប្អូន ហើយ​ប្រសិនបើ​បងប្អូន​ថ្លែង​អំណគុណ​ដល់​ទ្រង់​មិន​ត្រឹមតែ​សម្រាប់​ជំនួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ការអត់ធ្មត់ និង​ភាពទន់ភ្លន់​ដែល​កើតចេញ​ពី​ការ​មិន​ទទួល​បាន​អ្វីៗ​ដែល​បងប្អូន​ចង់​បាន​ភ្លាមៗ ឬ​ប្រហែលជា​មិន​ធ្លាប់​បាន បន្ទាប់មក ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា បងប្អូន​នឹង​ចូល​ទៅ​ជិត​ទ្រង់ ។ នោះ​បងប្អូន​នឹង​ប្រែក្លាយ​ជា​ឧស្សាហ៍​ព្យាយាម និង​អត់ធ្មត់ ។ ហើយ​បន្ទាប់មក​បងប្អូន​អាច​ដឹង​ថា បងប្អូន​បានធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​អ្នក​ដែល​បងប្អូន​ស្រឡាញ់ និង​អ្នក​ដែល​បងប្អូន​អធិស្ឋាន​ដើម្បី​តទល់​នឹង​ការល្បួង​របស់​សាតាំង​ដើម្បី​បញ្ឈប់​ពួកគេ ។

« តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា​វិញ​នោះ​នឹង​មាន​កំឡាំង​ចម្រើន​ជានិច្ច គេ​នឹង​ហើរឡើង​ទៅលើ​ដោយ​ស្លាប​ដូចជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ » ។

បងប្អូន​អាច​រកឃើញ​សេចក្ដីសង្ឃឹម​នៅក្នុង​កំណត់ត្រា​ព្រះគម្ពីរ​នៃ​គ្រួសារ ។ យើង​អាន​អំពី​អស់​អ្នក​ដែល​ងាក​ចេញ​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​បាន​បង្រៀន ឬ​អ្នក​ដែល​ពុះពារ​ទូលសុំ​ការអភ័យ​ទោស​ពី​ព្រះ​ដូចជា អាលម៉ា​ជា​កូន ពួកបុត្រា​របស់​ម៉ូសាយ និង​អេណុស ។ ក្នុង​គ្រា​ជួប​វិបត្តិ​របស់​ពួកគេ ពួកគេ​បានចងចាំ​ពាក្យ​សម្ដី​របស់​ឪពុកម្ដាយ​ពួកគេ ជា​ពាក្យសម្តី​នៃ​គោលលទ្ធិ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ការចងចាំ​បាន​សង្រ្គោះ​ពួកគេ ។ ការបង្រៀន​របស់​បងប្អូន​អំពី​គោលលទ្ធិ​ដ៏​ពិសិដ្ឋ​នោះ​នឹង​ត្រូវ​បាន​ចងចាំ ។

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​អំពី​កិច្ចការ​ដ៏​ពិសិដ្ឋ​នៃ​ការបង្រៀន​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​នូវ​គោលលទ្ធិ​ដ៏​សាមញ្ញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អនុញ្ញាត​ឲ្យ​យើង​បានស្អាត​ខាងវិញ្ញាណ ហើយ​នៅ​ទីបំផុត​ត្រូវបាន​ស្វាគមន៍​ទៅក្នុង​វត្តមាន​របស់​ព្រះ ដើម្បី​រស់នៅ​ជាមួយ​ទ្រង់ និង​ព្រះរាជបុត្រា​ទ្រង់​ដោយ​សិរី​រុងរឿង​ជា​រៀងរហូត​នៅក្នុង​ក្រុមគ្រួសារ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕