« នេះហើយជាដំណឹងល្អរបស់យើង »—« នេះជាសាសនាចក្ររបស់យើង »
នេះគឺជាដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ហើយនេះគឺជាសាសនាចក្ររបស់ទ្រង់ ( សូមមើលនីហ្វៃទី៣ ២៧:២១,ម៉ូសាយ ២៦:២២,២៧:១៣ ) ។ ការដាក់បញ្ចូលគ្នានៃធាតុទាំងពីរនេះគឺមាននូវព្រះចេស្ដា និងការផ្លាស់ប្រែ ។
អស់ជាច្រើនសតវត្សរ៍មកហើយ រំសេវគឺជាសារធាតុផ្ទុះដ៏មានអានុភាព ។ វាអាចបាញ់គ្រាប់កាណុង ប៉ុន្តែវាគ្មានប្រសិទ្ធភាពសម្រាប់ប្រើក្នុងគម្រោងរុករករ៉ែ និងការសាងសង់ផ្លូវប៉ុន្មានទេ ។ វាខ្សោយពេកពុំអាចបំបែកថ្មបានទេ ។
នៅឆ្នាំ១៨៤៦ អ្នកគីមីវិទ្យាជនជាតិអ៊ីតាលីម្នាក់ឈ្មោះ អាស្កាតនីអូ សូប្រ៊ែរ៉ូ បានសំយោគសារធាតុផ្ទុះថ្មីមួយគឺ នីត្រូគ្លីសេរីន ។ សារធាតុប្រេងរាវនេះ មានថាមពលខ្លាំងជាងរំសេវមួយពាន់ដង ។ វាអាចបំបែកថ្មបានយ៉ាងងាយ ។ ជាអកុសល នីត្រូគ្លីសេរីន ពុំមានលំនឹងទេ ។ បើអ្នកទម្លាក់វាក្នុងកម្ពស់ទាបមួយ វានឹងផ្ទុះ ។ បើវាក្តៅពេក វានឹងផ្ទុះ ។ បើវាត្រជាក់ពេក វានឹងផ្ទុះ ។ ទោះជាដាក់វាតែឯងនៅក្នុងបន្ទប់ងងឹតត្រជាក់ក៏វានៅតែអាចផ្ទុះបានដែរ ។ ប្រទេសភាគច្រើនហាមឃាត់ការដឹកជញ្ជូនវា ហើយប្រទេសជាច្រើនហាមឃាត់ផលិតវា ។
នៅឆ្នាំ១៨៦០ អ្នកវិទ្យាសាស្ត្រស៊ុយអែតម្នាក់ឈ្មោះ អាល់ហ្វ្រែដ ណូប៊ែល បានចាប់ផ្តើមព្យាយាមធ្វើឲ្យនីត្រូគ្លីសេរីនមានលំនឹង ។ បន្ទាប់ពីធ្វើការពិសោធន៍រយៈពេលប្រាំពីរឆ្នាំ គាត់បានសម្រេចគោលដៅ ដោយការដាក់នីត្រូគ្លីសេរីនឲ្យស្រូបចូលទៅក្នុងសារធាតុមួយដែលសឹងតែគ្មានតម្លៃសោះ ដែលគេស្គាល់ថាជា ម្សៅកំបោ ដាយអាតូមេហ្សឺស ឬ ខីសុលហ្គឺ ។ ខីសុលហ្គឺ គឺជាថ្មផ្សុះៗ ដែលអាចកិនទៅជាម្សៅយ៉ាងម៉ត់បាន ។ នៅពេលលាយជាមួយនីត្រូគ្លីសេរីន ខីសុលហ្គឺបានស្រូបយកនីត្រូគ្លីសេរីន ហើយល្បាយម្សៅអាចសូន្យវាជារាង « កំណាត់ឈើ » ។ តាមទម្រង់បែបនេះ នីត្រូគ្លីសេរីនគឺមានស្ថេរភាពជាងមុន ។ វាអាចត្រូវបានរក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយសុវត្ថិភាពជាមួយនឹងម្សៅផ្ទុះដែលមិនបាត់បាន ។ ណូប៊ែល បានដាក់ឈ្មោះល្បាយ នីត្រូគ្លីសេរីន និងខីសុលហ្គឺ ថាជា គ្រាប់រំសេវផ្ទុះ ។
គ្រាប់រំសេវផ្ទុះបានផ្លាស់ប្តូរពិភពលោក ។ វាក៏បានធ្វើឲ្យ ណូប៊ែល ក្លាយជាអ្នកមានផងដែរ ។ ដូចអាស្កានីអូ សូប៊្រីអូបានរកឃើញថា បើគ្មានសារធាតុលំនឹងទេ នោះនីត្រូគ្លីសេរីនមានគ្រោះថ្នាក់ខ្លាំងពុំអាចធ្វើពាណិជ្ជកម្មបានទេ ។ ដូចខ្ញុំបានលើកឡើងចឹងថា បើមានតែខីសុលហ្គឺមួយមុខក៏វាមិនសូវមានតម្លៃដែរ ។ ប៉ុន្តែការដាក់ផ្សំធាតុទាំងពីរនេះបានធ្វើឲ្យគ្រាប់រំសេវផ្ទុះមានការផ្លាស់ប្រែ និងមានតម្លៃ ។
ស្រដៀងគ្នានេះដែរ ការដាក់ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនិងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយរួមបញ្ចូលគ្នា គឺផ្តល់ប្រយោជន៍ដ៏មានអានុភាព និងការផ្លាស់ប្រែដល់យើង ។ ដំណឹងល្អគឺឥតខ្ចោះ ប៉ុន្តែសាសនាចក្រដែលបានតែងតាំងដោយព្រះ គឺតម្រូវឲ្យមានការផ្សព្វផ្សាយ រក្សាភាពបរិសុទ្ធ និងធ្វើពិធីបរិសុទ្ធពិសិដ្ឋ ដោយអំណាច និងសិទ្ធិអំណាចរបស់ព្រះអង្គសង្រ្គោះ ។
សូមពិចារណាអំពីការដាក់ដំណឹងល្អ និងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះបញ្ចូលគ្នា ដូចដែលបានបង្កើតឡើងដោយព្យាការីអាលម៉ាក្នុងព្រះគម្ពីរមរមន ។ សាសនាចក្រមានទំនួលខុសត្រូវផ្សព្វផ្សាយ « ពីការប្រែចិត្ត និង សេចក្ដីជំនឿជឿដល់ព្រះអម្ចាស់ ដែលទ្រង់[ បានប្រោសលោះ ] រាស្ត្ររបស់ព្រះអង្គ »តែប៉ុណ្ណោះ ។ ពេលប្រើសិទ្ធិអំណាចរបស់ព្រះ សាសនាចក្រមានទំនួលខុសត្រូវក្នុងការធ្វើពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក « ដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី [ នៃការចូល ] ក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ [ ដើម្បី ] បម្រើព្រះអង្គ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ » ។ អ្នកដែលទទួលបុណ្យជ្រមុជទឹក ទទួលយកព្រះនាមនៃព្រះយេស៊ូវគ្រីស្ទមកដាក់លើខ្លួនពួកគេចូលរួមក្នុងសាសនាចក្ររបស់ទ្រង់ហើយត្រូវបានសន្យាថាមានអំណាចដ៏អស្ចារ្យតាមរយៈការចាក់ស្រោចនៃព្រះវិញ្ញាណ ។
ប្រជាជនបានមកជុំគ្នាយ៉ាងកុះករនៅទឹកមរមនដើម្បីស្តាប់អាលម៉ាបង្រៀនដំណឹងល្អ ។ ទោះបីជាពួកគេគោរពដល់ទឹក និងព្រៃឈើជុំវិញនោះក្ដី ក៏សាសនាចក្ររបស់ព្រះអម្ចាស់ពុំមែនជាទីតាំង ឬអគារនោះទេ ហើយសព្វថ្ងៃក៏ដូច្នេះដែរ ។ សាសនាចក្រគឺជាក្រុមមនុស្សសាមញ្ញធម្មតា ជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានប្រមូលផ្តុំគ្នា ហើយបានរៀបចំទៅជារចនាសម្ព័ន្ធតែងតាំងដ៏ទេវភាពមួយ ដែលជួយព្រះអម្ចាស់សម្រេចព្រះរាជបំណងរបស់ទ្រង់ ។ សាសនាចក្រគឺជាមធ្យោបាយមួយដែលយើងរៀនពីតួនាទីដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទ នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។ សាសនាចក្របានផ្តល់ជាមាគ៌ាដែលមានសិទ្ធិអំណាច សម្រាប់បុគ្គលម្នាក់ៗចូលរួមក្នុងពិធីបរិសុទ្ធ ហើយធ្វើសេចក្តីសញ្ញាដ៏អស់កល្បជានិច្ចជាមួយព្រះ ។ ការរក្សាសេចក្តីសញ្ញាទាំងនោះនាំយើងឲ្យខិតទៅកាន់តែជិតនឹងព្រះ ជួយឲ្យយើងទទួលបានព្រះចេស្ដារបស់ទ្រង់ហើយផ្លាស់ប្រែយើងទៅជាមនុស្សម្នាក់ដែលទ្រង់មានព្រះរាជបំណងចង់ឲ្យយើងប្រែក្លាយ ។
ដូចជាគ្រាប់រំសេវផ្ទុះដែលគ្មាននីត្រូគ្លីសេរីនគឺពុំអស្ចារ្យសោះ ហើយសាសនាចក្ររបស់ព្រះអង្គសង្គ្រោះគឺពិសេសបើវាស្ថាបនានៅលើដំណឹងល្អរបស់ទ្រង់នោះ ។ បើគ្មានដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ និងសិទ្ធិអំណាចដើម្បីធ្វើពិធីបរិសុទ្ធទាំងឡាយទេ នោះសាសនាចក្រពុំមានអ្វីអស្ចារ្យទេ ។
បើគ្មានឥទ្ធិពលលំនឹងនៃម្សៅ kieselguhr [ ខីសុលហ្គឺ ] ទេ នោះ នីត្រូគ្លីសេរីន គឺជាសារធាតុផ្ទុះដែលពុំសូវមានតម្លៃ ។ ដូចប្រវត្តិសាស្ត្របានបង្ហាញ បើគ្មានសាសនាចក្ររបស់ព្រះអម្ចាស់ទេ នោះការយល់ដឹងរបស់មនុស្សជាតិអំពីដំណឹងល្អរបស់ទ្រង់ក៏គ្មានលំនឹងដែរ— គោលលទ្ធិងាយនឹងផ្លាស់ប្តូរ ហើយស្ថិតនៅក្រោមឥទ្ធិពលនៃ សាសនា វប្បធម៌ និងទស្សនវិជ្ជាផ្សេងៗទៀត ។ ការរួមបញ្ចូលគ្នានៃឥទ្ធិពលទាំងនោះ ត្រូវបានបង្ហាញឲ្យឃើញនៅគ្រប់គ្រាកាន់កាប់ត្រួតត្រា រហូតមកដល់គ្រាចុងក្រោយនេះ ។ ទោះបីជាដំណឹងល្អត្រូវបានបើកសម្តែងដំបូងដោយបរិសុទ្ធក្ដី ក៏ការបកស្រាយ និងការអនុវត្តដំណឹងល្អនោះបន្តិចម្ដងៗមានលក្ខណៈជាការគោរពប្រតិបត្តិដែលខ្វះអំណាច ព្រោះតែភាពអវត្តមាននៃសាសនាចក្រដែលមានសិទ្ធិអំណាចមកពីព្រះ ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយអាចទទួលបានព្រះចេស្ដារបស់ព្រះ ដោយសារតែសាសនាចក្រនេះមានសិទ្ធិអំណាចមកពីទ្រង់ដើម្បីបង្រៀនគោលលទ្ធិនៃព្រះគ្រីស្ទ និងដើម្បីផ្តល់នូវពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះ និងភាពតម្កើងឡើងនៃដំណឹងល្អ ។ ព្រះអង្គសង្គ្រោះមានព្រះទ័យអត់ទោសអំពើបាបយើង ដើម្បីជួយយើងឲ្យទទួលបានព្រះចេស្ដាទ្រង់ ហើយផ្លាស់ប្តូរយើង ។ ទ្រង់បានរងទុក្ខអំពើបាបរបស់យើង ហើយមានព្រះទ័យលើកលែងទោសឲ្យយើង កុំឲ្យទទួលទណ្ឌកម្មដែលយើងសមនឹងទទួលនោះ ។ ទ្រង់សព្វព្រះទ័យឲ្យយើងបានបរិសុទ្ធហើយបានល្អឥតខ្ចោះនៅក្នុងទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្តាដើម្បីធ្វើកិច្ចការនេះបាន ។ ទ្រង់ពុំគ្រាន់តែអាណិតអាសូរចំពោះភាពមិនឥតខ្ចោះរបស់យើងប៉ុណ្ណោះទេថែមទាំងទួញសោកចំពោះទោសដ៏អស់កល្បដែលជាលទ្ធផលនៃអំពើបាបរបស់យើងទៀតផង ។ ទេ ទ្រង់បានធ្វើហួសពីនោះទៅទៀត ហើយបានស្តារសាសនាចក្ររបស់ទ្រង់ឡើងវិញដើម្បីយើងអាចទទួលបានព្រះចេស្តារបស់ទ្រង់ ។
ចំណុចសំខាន់នៃដំណឹងល្អដែលសាសនាចក្របង្រៀនគឺថា ព្រះយេស៊ូវគ្រីស្ទបានរែកអស់ទាំង « សេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើង » ។ ទ្រង់ « បានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់ » ។ ទ្រង់ « បានរងទ្រាំនៅលើឈើឆ្កាង » ផ្ដាច់ « ចំណងទាំងឡាយនៃសេចក្ដីស្លាប់ » ទ្រង់បានយាងឡើងទៅឯស្ថានសួគ៌ ហើយ … គង់នៅខាងស្ដាំនៃព្រះ ដើម្បីសូមដល់ព្រះវរបិតានូវសិទ្ធិនៃសេចក្ដីមេត្តាករុណារបស់ទ្រង់ » ។ ព្រះអង្គសង្គ្រោះបានធ្វើអ្វីៗទាំងអស់នេះ ពីព្រោះទ្រង់ស្រឡាញ់ព្រះវរបិតាទ្រង់ ហើយទ្រង់ស្រឡាញ់ពួកយើង ។ ទ្រង់បានបង់ថ្លៃដ៏អស់កល្បដើម្បីទ្រង់អាច « [ អះអាង ] ជួសអ្នកទាំងឡាយដែលមានជំនឿទៅលើទ្រង់ [ ហើយគាំទ្រ ] » ដល់ពួកគេ—ពួកយើង។ ព្រះយេស៊ូវគ្រីស្ទមិនចង់បានអ្វីឡើយ ក្រៅពីឲ្យយើងប្រែចិត្ត និងមករកទ្រង់ ដើម្បីទ្រង់អាចរាប់យើងជាសុចរិត ហើយញែកយើងជាបរិសុទ្ធ ។ ព្រះរាជបំណងទ្រង់នេះមិនដែលឈប់ និងងាករេឡើយ ។
ការទទួលបានអំណាចនៃសេចក្ដីសញ្ញារបស់ព្រះ និងសេចក្ដីស្រឡាញ់នៃសេចក្ដីសញ្ញារបស់ទ្រង់គឺតាមរយៈសាសនាចក្ររបស់ទ្រង់ ។ ការរួមចូលគ្នានៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ និងសាសនាចក្ររបស់ទ្រង់បានផ្លាស់ប្តូរជីវិតយើង ។ ដំណឹងល្អបានផ្លាស់ប្តូរលោកតាលោកយាយខ្ញុំ ។ ជីតារបស់ខ្ញុំឈ្មោះ អូស្កា អ៊ែនឌើសិន បានធ្វើការនៅក្នុងកន្លែងផលិតកប៉ាល់មួយនៅលើកោះ ហ៊កម៉ាសូ ដែលជាកោះមួយក្នុងប្រជុំកោះ ស្តុកហូលម៍ ។ ភរិយាគាត់ឈ្មោះ អាល់ប៊ឺធីណា និងកូនៗរបស់ពួកគាត់បានរស់នៅលើដីគោកប្រទេសស៊ុយអែត ។ ជារៀងរាល់ពីរសប្តាហ៍ម្តង នាថ្ងៃសៅរ៍ លោកតា អូស្កា បានចែវទូករបស់គាត់ទៅផ្ទះនៅចុងសប្តាហ៍ មុនពេលត្រឡប់ទៅកោះ ហ៊កម៉ាសូ វិញនៅល្ងាចថ្ងៃអាទិត្យ ។ ថ្ងៃមួយនៅលើកោះ ហ៊កម៉ាសូ គាត់បានឮពួកអ្នកផ្សព្វផ្សាយសាសនាជនជាតិអាមេរិកពីរនាក់ផ្សព្វផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានស្តារឡើងវិញ ។ លោកតា អូស្កា បានមានអារម្មណ៍ថា អ្វីដែលគាត់បានឮជាការពិត ហើយគាត់បានពោរពេញដោយអំណរដែលមិនអាចរៀបរាប់បាន ។
ពេលគាត់ត្រឡប់ទៅផ្ទះលើកក្រោយ លោកតា អូស្កា បានប្រាប់លោកយាយ អាល់ប៊ឺធីណានូវអ្វីៗទាំងអស់អំពីពួកអ្នកផ្សព្វផ្សាយសាសនានោះដោយក្តីរំភើប ។ គាត់បានពន្យល់ថា គាត់បានជឿនូវអ្វីៗដែលពួកគេបានបង្រៀន ។ គាត់បានសុំឲ្យលោកយាយអានខិតប័ណ្ណ ដែលពួកអ្នកផ្សព្វផ្សាយសាសនាបានឲ្យគាត់ ។ ហើយគាត់បានប្រាប់លោកយាយថា គាត់គិតថាអនាគតកូនៗណាម្នាក់របស់ពួកគេមិនគួរទទួលបុណ្យជ្រមុជទឹកនៅពេលជាទារកនោះទេ ។ លោកយាយ អាល់ប៊ឺធីណា បានខឹងសម្បាយ៉ាងខ្លាំង ហើយបានបោះខិត្តប័ណ្ណនោះលើគំនរសម្រាម ។ ពួកគាត់ទាំងពីរនាក់ពុំនិយាយច្រើនទេ ពីមុនលោកតា អូស្កា បានចេញទៅធ្វើការនៅល្ងាចថ្ងៃអាទិត្យ ។
ពេលគាត់បានចេញទៅបាត់ភ្លាម លោកយាយ អាល់ប៊ឺធីណា បានយកខិត្តប័ណ្ណនោះមកវិញ ។ គាត់បានប្រៀបធៀបគោលលទ្ធិរបស់ពួកគេជាមួយនឹងការបង្រៀននៅក្នុងព្រះគម្ពីរប៊ីបដ៏ចាស់របស់គាត់យ៉ាងយកចិត្តទុកដាក់ ។ គាត់បានភ្ញាក់ផ្អើលដែលមានអារម្មណ៍ថាអ្វីដែលគាត់បានអានគឺជាការពិត ។ នៅពេលដែលលោកតា អូស្កា បានត្រឡប់មកផ្ទះវិញ គាត់ទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ ក៏ដូចជាសំណៅព្រះគម្ពីរមរមនដែលគាត់បានយកមកជាមួយផងដែរ ។ លោកយាយ អាល់ប៊ឺធីណា បានអានដោយយកចិត្តទុកដាក់ ហើយប្រៀបធៀបគោលលទ្ធិនោះទៅនឹងព្រះគម្ពីរប៊ីបរបស់គាត់ ។ ក៏ដូចជាលោកតា អូស្កាដែរ លោកយាយបានទទួលស្គាល់នូវសេចក្តីពិតដ៏បរិសុទ្ធ និងក្តីអំណរដែលពុំអាចថ្លែងបាន ។
លោកតា អូស្កា លោកយាយ អាលប៊ឺធីណា និងកូនៗគាត់បានផ្លាស់ទៅកោះ Högmarsö ដើម្បីរស់នៅជិតសមាជិកសាសនាចក្រពីរបីនាក់នៅទីនោះ ។ មួយសប្តាហ៍ក្រោយពីលោកតា អូស្កា និងលោកយាយ អាល់ប៊ឺធីណាបានទទួលបុណ្យជ្រមុជទឹកនៅឆ្នាំ១៩១៦ លោកតា អូស្កា ត្រូវបានហៅជាអ្នកដឹកនាំក្រុម នៅលើកោះ Högmarsö នោះ ។ ក៏ដូចជាអ្នកប្រែចិត្តជឿថ្មីជាច្រើននាក់ដែរ លោកតា អូស្កា និងលោកយាយ អាល់ប៊ឺធីណា បានប្រឈមនឹងការរិះគន់ព្រោះតែជំនឿថ្មីរបស់ពួកគាត់ ។ កសិករក្នុងមូលដ្ឋានបានបដិសេធមិនលក់ទឹកដោះគោឲ្យពួកគាត់ ដូច្នេះលោកតា អូស្កា បានអុំទូកឆ្លងដៃសមុទ្រជារៀងរាល់ថ្ងៃ ទៅទិញទឹកដោះគោពីកសិករចិត្តល្អ ។
ប៉ុន្តែក្នុងអំឡុងពេលប៉ុន្មានឆ្នាំបន្ទាប់មក សមាជិកភាពសាសនាចក្រនៅលើកោះ ហ៊កម៉ាសូ បានកើនឡើង ដោយសារតែទីបន្ទាល់ដ៏មានអានុភាព និងការខ្នះខ្នែងផ្សព្វផ្សាយសាសនារបស់លោកយាយ អាល់ប៊ឺធីណា ។ នៅពេលក្រុមនោះបានក្លាយជាសាខាមួយ លោកតា អូស្កា ត្រូវបានហៅជាប្រធានសាខា ។
សមាជិកនៃសាខា ហ៊កម៉ាសូ បានគោរពកោះនោះ ។ នេះគឺជាទឹកមរមនរបស់ពួកគេ ។ នេះគឺជាទីកន្លែងដែលពួកគេបានមកស្គាល់ព្រះដ៏ប្រោសលោះរបស់ពួកគេ ។
ជាច្រើនឆ្នាំកន្លងមក លោកតា អូស្កា និងលោកយាយ អាល់ប៊ឺធីណា បានផ្លាស់ប្រែដោយសារព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគាត់បានរក្សាសេចក្តីសញ្ញាបុណ្យជ្រមុជទឹក ។ ពួកគាត់ប្រាថ្នាចង់ធ្វើសេចក្ដីសញ្ញាបន្ថែមទៀត ហើយទទួលពរជ័យព្រះវិហារបរិសុទ្ធរបស់ពួកគាត់ ។ ដើម្បីទទួលបានពរជ័យទាំងនោះ ពួកគាត់បានធ្វើចំណាកស្រុកចេញពីផ្ទះរបស់ពួកគាត់នៅប្រទេសស៊ុយអែត ទៅកាន់ទីក្រុង សលត៍ លេក ក្នុងឆ្នាំ១៩៤៩ ។ លោកតា អូស្កា បានបម្រើជាអ្នកដឹកនាំសមាជិកនៅលើកោះហ៊កម៉ាសូ អស់រយៈពេល៣៣ឆ្នាំ ។
ការលាយល្បាយនីត្រូគ្លីសេរីន និងខីសុលហ្គឺ បញ្ចូលគ្នា ធ្វើឲ្យគ្រាប់រំសេវផ្ទុះមានតម្លៃ ហើយការដាក់បញ្ចូលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងសាសនាចក្ររបស់ទ្រង់ គឺមានតម្លៃកាត់ថ្លៃមិនបាន ។ លោកតា អូស្កា និងលោកយាយ អាល់ប៊ឺធីណា បានឮអំពីដំណឹងល្អដែលបានស្ដារឡើងវិញ ដោយសារតែព្យាការីនៃព្រះត្រូវបានហៅ ចាត់តាំង ហើយបញ្ជូនពួកអ្នកផ្សព្វផ្សាយសាសនាទៅប្រទេសស៊ុយអែត ។ ដោយសិទ្ធិអំណាចពីព្រះ ពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនអំពីគោលលិទ្ធិនៃព្រះគ្រីស្ទ ហើយតាមរយៈសិទ្ធិអំណាចនៃបព្វជិតភាព បានជ្រមុជទឹកឲ្យលោកតា អូស្កា និងលោកយាយ អាល់ប៊ឺធីណា ។ ក្នុងនាមជាសមាជិក លោកតា អូស្កា និងលោកយាយ អាល់ប៊ឺធីណាបានបន្តសិក្សា អភិវឌ្ឍន៍ និងបម្រើដល់អ្នកដទៃ ។ ពួកគាត់បានក្លាយជាពួកបរិសុទ្ធថ្ងៃចុងក្រោយដោយសារតែពួកគាត់បានរក្សាសេចក្តីសញ្ញាដែលពួកគាត់បានធ្វើ ។
ព្រះអង្គសង្គ្រោះមានបន្ទូលថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជា « សាសនាចក្ររបស់យើង » ព្រោះទ្រង់បង្គាប់ឲ្យសម្រេចព្រះរាជបំណងរបស់ទ្រង់—គឺផ្សព្វផ្សាយដំណឹងល្អរបស់ទ្រង់ ផ្ដល់ពិធីបរិសុទ្ធ និងសេចក្តីសញ្ញារបស់ទ្រង់ ហើយធ្វើឲ្យព្រះចេស្តារបស់ទ្រង់អាចរាប់យើងជាសុចរិត និងញែកយើងជាបរិសុទ្ធ ។ បើគ្មានសាសនាចក្ររបស់ទ្រង់ទេ នោះគ្មានសិទ្ធិអំណាច គ្មានការផ្សាយអំពីសេចក្ដីពិតបើកសម្ដែងនៅក្នុងនាមរបស់ទ្រង់ គ្មានពិធីបរិសុទ្ធ ឬសេចក្ដីសញ្ញា គ្មានការបើកសម្ដែងព្រះចេស្ដានៃព្រះឡើយ យើងក៏គ្មានការផ្លាស់ប្រែទៅជាមនុស្សដែលព្រះចង់ឲ្យយើងប្រែក្លាយដែរ ហើយផែនការរបស់ព្រះចំពោះកូនចៅទ្រង់ក៏គ្មានដែរ ។ សាសនាចក្រនៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះគឺសំខាន់នៅក្នុងផែនការទ្រង់ ។
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យតាំងចិត្តកាន់តែពេញលេញចំពោះព្រះអង្គសង្រ្គោះ ដំណឹងល្អ និងសាសនាចក្ររបស់ទ្រង់ ។ នៅពេលបងប្អូនធ្វើដូច្នោះ បងប្អូននឹងរកឃើញថា ការដាក់ដំណឹងល្អរបស់ព្រះអង្គសង្រ្គោះ បញ្ចូលជាមួយនិងសាសនាចក្ររបស់ទ្រង់គឺនាំព្រះចេស្តាចូលមកក្នុងជីវិតរបស់បងប្អូន ។ ព្រះចេស្តានេះខ្លាំងជាងគ្រាប់រំសេវផ្ទុះទៅទៀត ។ វានឹងបំបែកថ្មនៅលើផ្លូវរបស់បងប្អូន កែប្រែបងប្អូនទៅជាអ្នកទទួលមរតកក្នុងនគររបស់ព្រះ។ ហើយបងប្អូននឹង « ពេញទៅដោយអំណរ ដែលរកថ្លែងពុំបាន និងពោរពេញទៅដោយសិរីល្អ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។