សន្និសីទទូទៅ
ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាងវិញ្ញាណ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


12:27

ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាងវិញ្ញាណ

សំណួរ​ដ៏​ស្មោះ​របស់​យើង​អំពី​ដំណឹងល្អ អាច​ផ្ដល់​ឱកាស​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ជួយ​យើង​រីកចម្រើន ។

ខ្ញុំ​ដឹង​ថា​វា​អាច​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ប៉ុន្ដែ​ខ្ញុំ​នៅ​ចាំ​គ្រា​ដែល​យើង​រៀន​នៅ​សាលា ថា​មាន​ភព​ចំនួន​ប្រាំបួន​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង ។ មាន​ភព​មួយ​គឺជា ភពភ្លុយតុង ជា​ភព​ដែល​បាន​ដាក់​ឈ្មោះ​ដោយ​ក្មេងស្រី​អាយុ ១១ ឆ្នាំ ឈ្មោះថា វ៉េនេថៀ ប៊ឺនី មកពី​ទីក្រុង​អកស៍ហ្វឺត ប្រទេស​អង់គ្លេស បន្ទាប់ពី​រុករក​ភព​នេះ​ឃើញ​នៅ​ឆ្នាំ១៩៣០ ។ ហើយ​រហូតដល់​ឆ្នាំ១៩៩២ ភពភ្លុយតុង ត្រូវបាន​គេជឿ​ថា​ជា​ភព​មួយ​ដែល​នៅឆ្ងាយ​ជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ។ អំឡុង​ពេលនេះ យើង​នឹងឃើញ​រូបគំរូ​នៃ​ភព​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដែល​ធ្វើ​ពី​ក្រដាស​ដាក់តាំង​ក្នុង​ថ្នាក់ និង​ការតាំងពិពណ៌​វិទ្យាសាស្ដ្រ ហើយ​រូបគំរូ​ទាំងនោះ​បង្ហាញ​ពី​ទីតាំង​របស់​ភពភ្លុយតុង​នៅលើ​គន្លង ។ អ្នកវិទ្យាសាស្ដ្រ​ជាច្រើន​បានជឿ​ថា​នៅក្រៅ​គន្លង​ប្រព័ន្ធ​ព្រះអាទិត្យ​គឺ​មាន​នូវ​លំហ ។

តែ​សំណួរ​អំពី​ដើម​កំណើត​នៃ​ផ្កាយដុះកន្ទុយ​មួយ​ប្រភេទ​នេះ​ដែល​តារាវិទូ​បាន​តាមដាន​ជាទៀងទាត់ នៅតែ​បន្ដ​មាន​នៅក្នុង​សហគមន៍​វិទ្យាសាស្ដ្រ ។ ហើយ​សំណួរ​នោះ​នៅតែ​មាន​អស់ជាច្រើន​ទសវត្សរ៍ ពីមុន​ការរកឃើញ​តំបន់​ដាច់ស្រយាល​មួយ​ទៀត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង ។ ដោយសារ​តែ​ចំណេះដឹង​ពួកគេ​នៅមាន​កម្រិត នោះ​ពួក​អ្នកវិទ្យាសាស្ដ្រ​បាន​ប្រើ​ការរុករក​ជាច្រើន​ទសវត្សរ៍​នោះមក​បង្កើត​នូវ​បច្ចេកវិទ្យា​កម្រិតខ្ពស់​ដ៏​សំខាន់​មួយ​ដែល​ជួយ​ដល់​ការសិក្សា និង​រុករក​បន្ថែម​ទៀត ។ ការរកឃើញ​ចុងក្រោយ​របស់​ពួកគេ បាន​កំណត់​ពី​តំបន់​នៃភព​របស់​យើង​ឡើងវិញ ហើយ​ជា​លទ្ធផល​ទីតាំង​របស់​ភ្លុយតុង ត្រូវបាន​ផ្លាស់​ទៅ​តំបន់​លំហ​ថ្មី​នេះ ហើយ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​គឺ​មាន​តែ​ភព​ចំនួន​ប្រាំបី​ប៉ុណ្ណោះ ។

អ្នកវិទ្យាសាស្ដ្រ​អំពី​ភព​ដែល​ល្បីឈ្មោះ​ម្នាក់ និង​អ្នកអង្កេតមើល​ដ៏សំខាន់​ទៅលើ​បេសកកម្ម​លំហ New Horizons បាន​ធ្វើ​ការរុករក​យ៉ាង​លម្អិត​អំពី​ភព​ភ្លុយតុង បាន​និយាយ​អំពី​បទពិសោធន៍​នេះ​ថា ៖ « យើង​គិត​ថា យើង​បាន​យល់ដឹង​អំពី​ភូមិសាស្ដ្រ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង ។ តាមពិត មិន​ដូច្នោះ​ទេ ។ យើង​បានគិត​ថា យើង​បាន​យល់​អំពី​ចំនួន​ភព​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង ។ ប៉ុន្ដែ​យើង​បានគិត​ខុស​ហើយ » ។

អ្វី​ដែល​ខ្ញុំចាប់អារម្មណ៍ អំពី​ប្រវត្ដិនៃ​ការរុករក​ក្នុង​លំហ​នោះ​គឺ​ភាព​ស្របគ្នា​មួយចំនួន និង​ភាព​ខុសគ្នា​សំខាន់ៗ​រវាង​ការ​ព្យាយាមពង្រីក​ការពិសោធន៍​ខាង​វិទ្យាសាស្ដ្រ និង​ការធ្វើ​ដំណើរ​របស់​យើង ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះ ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​វិញ្ញាណ​ ។ ចំណុច​ជាក់លាក់​មួយ​គឺ​របៀប​ដែល​យើង​ឆ្លើយតប​ទៅនឹង​ព្រំដែន​នៃ​ការយល់ដឹង​ខាងវិញ្ញាណ​របស់​យើង និង​ការរៀបចំ​ខ្លួនយើង​សម្រាប់​ការរីកចម្រើន​ផ្ទាល់ខ្លួន​បន្ទាប់ទៀត—និង​កន្លែង​ដែល​យើង​បែរ​ទៅរក​​ជំនួយ ។

មួយ​បន្ទាត់​ម្តងៗ

ការសួរ​សំណួរ និង​ការស្វែងរក​អត្ថន័យ​គឺជា​ផ្នែក​មួយ​នៃ​បទពិសោធន៍​នៃ​ជីវិត​រមែងស្លាប់​របស់​យើង​ជាធម្មតាទេ ។ ជួនកាលការពុំមាន​ចម្លើយ​ពេញលេញ​អាចនាំ​យើង​ទៅ​កៀក​នឹង​ការយល់ដឹង ហើយ​ដែនកំណត់​ទាំងនោះ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធុញថប់ ឬ​លើសលប់ ។ វាអស្ចារ្យ​ដែល​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​យើង​រីកចម្រើន ទោះជា​សមត្ថភាព​របស់​យើង​មានកម្រិត ហើយ​អាច​សម្រេច​នូវ​អ្វី​ដែល​យើង​ពុំ​អាចសម្រេច​បាន​ដោយ​ខ្លួនឯង ​ទោះជា​យើង​ពុំមាន​ចំណេះដឹង​ពេញលេញ​អំពី​គ្រប់កិច្ចការ​ទាំងអស់ ក្ដី ។ ផែនការ​របស់​ព្រះ គឺមាន​ពេញ​ដោយ​ក្ដីមេត្តា​ចំពោះ​ដែនកំណត់​ជា​មនុស្ស​របស់​យើង ផ្ដល់​ព្រះអង្គ​សង្គ្រោះ​ដល់​យើង​គឺ ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​ធ្វើ​ជា​អ្នកគង្វាល​ល្អ ហើយ​បំផុស​គំនិត​យើង​ឲ្យ​ប្រើ​សិទ្ធិ​ជ្រើសរើស ដើម្បី​ជ្រើសរើស​ទ្រង់ ។

អែលឌើរ ឌៀរថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន​ថា « ការសួរ​សំណួរ​ពុំមែន​ជា​សញ្ញា​នៃ​ភាពទន់ខ្សោយ​នោះ​ទេ » ផ្ទុយទៅវិញ « វា​គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​ការរីកចម្រើន » ។ ព្យាការី​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន​នៅក្នុង​ប្រសាសន៍​អំពី​ការខិតខំ​ផ្ទាល់ខ្លួន​ក្នុងនាម​ជា​អ្នកស្វែងរក​សេចក្ដីពិត​ថា​យើង​ត្រូវតែ​មាន « បំណងប្រាថ្នា​ដ៏​ជ្រាលជ្រៅ » ហើយ « ទូល​សួរ​ដោយ​ចិត្ដស្មោះសរ​[ និង ]​ដោយ​ស្មោះអស់ពីចិត្ដ ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​[ ព្រះយេស៊ូវ ]គ្រីស្ទ » ។ លោក​បាន​បន្ដ​បង្រៀន​ថា « ‹ ដោយ​ស្មោះ​អស់ពីចិត្ដ › មានន័យថា​មនុស្ស​ម្នាក់ ពិតជា​ចង់ ធ្វើ​តាម​ការណែនាំ​ដ៏​ទេវភាព​ដែល​បាន​ផ្ដល់​ឲ្យ » ។

ការខិតខំ​ផ្ទាល់ខ្លួន​ដើម្បី​ចម្រើន​នូវ​ប្រាជ្ញា​អាចនាំ​យើង​ឲ្យចេះ​ពិនិត្យ​មើល​សំណួរ ទោះជា​ស្មុគស្មាញ ឬ​ស្រួល​ក្ដី ចេះ​ថ្លឹងថ្លែង​ហេតុផល ស្វែងរក និង​ស្គាល់​នូវ​លំនាំ​ទាំងឡាយ បន្ទាប់​មក​បង្កើត​បាន​ជា​ដំណើររឿង បកស្រាយ​ការយល់​ដឹង​របស់​យើង ហើយ​បំពេញ​ចំណេះដឹង​ដែល​យើង​ខ្វះខាត ។ នៅពេល​យើង​គិត​អំពី​ការស្វែងរក​ចំណេះដឹង​ខាងវិញ្ញាណ​ទោះ​ជា​ដំណើរការ​ដ៏​ប្រុងប្រយ័ត្ន​ទាំងនេះ​អាច​នឹង​មានប្រយោជន៍​នៅពេលខ្លះ​ក្ដី ក៏​ការវា​ពុំ​គ្រប់គ្រាន់​ដែរ​នៅ​ពេល​យើង​ស្វែង​យល់​នូវ​រឿង​ដែល​ទាក់ទង​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គសង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អ​របស់​ទ្រង់​ទាំងទ្វេ សាសនាចក្រ​របស់​ទ្រង់​ទាំងទ្វេ និង​ផែនការ​របស់​ទ្រង់​ទាំងទ្វេ​មាន​សម្រាប់​ពួក​យើង​ដោយ​ខ្លួនឯង​នោះ ។

របៀប​ដែល​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជាបុត្រា​ទ្រង់​ចែកចាយ​ព្រះប្រាជ្ញាញាណ​ទ្រង់​ទាំងទ្វេ​មកកាន់​យើង គឺ​ផ្ដល់​អាទិភាព​លើ​ការអញ្ជើញ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើ​ជា​គ្រូបង្រៀន​ផ្ទាល់​ខ្លួន​យើង ពេលយើង​ផ្ដោតលើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត ហើយ​ស្វែងរក​ចម្លើយ និង​អត្ថន័យ​របស់​ទ្រង់​ទាំងទ្វេ​ដោយ​ស្មោះសរ ។ ទ្រង់​ទាំងទ្វេ​អញ្ជើញ​យើង​ឲ្យ​រុករក​សេចក្ដី​ពិត​តាមរយៈ​ការលះបង់​ពេលវេលា​ដើម្បី​សិក្សា​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ និង​ការស្វែងរក​សេចក្ដីពិត​ដែល​បានបើក​សម្ដែង​នៅ​ថ្ងៃ​ចុងក្រោយ​សម្រាប់​ជំនាន់​យើង តាមរយៈ​ការចែកចាយ​របស់​ពួកព្យាការី និង​សាវក​សម័យ​ទំនើប ។ ទ្រង់​ទាំងទ្វេ​សុំ​ឲ្យយើង​ចំណាយពេល​ថ្វាយបង្គំ​ជាទៀងទាត់​នៅក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ ហើយ​លុតជង្គង់​អធិស្ថាន « ដើម្បី​ទទួល​ព័ត៌មាន​ពីស្ថានសួគ៌ » ។ ការសន្យា​របស់​ព្រះយេស៊ូវ​ចំពោះ​អស់​អ្នក​មក​ស្ដាប់​ទេសនកថា​នៅលើ​ភ្នំ​របស់ ទ្រង់​គឺ​នៅតែពិត​ចំពោះ​យើង​សព្វថ្ងៃ​នេះ ដូចជា​ពេល​ទ្រង់​បម្រើ​នៅលើ​ផែនដី​ដែរ​ថា ៖ « ចូរ​សូម​នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក​នោះ​តែង​នឹង​ឃើញ ចូរ​គោះ​នោះ​តែង​នឹង​បើក​ឲ្យ​អ្នក » ។ ព្រះអង្គសង្គ្រោះ​ធានា​ដល់​យើង​ថា « ព្រះវរបិតា​នៃ​អ្នក​ដែល​ទ្រង់​គង់​នៅស្ថានសួគ៌​ទ្រង់​[ នឹង ]​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម​ដល់​ទ្រង់ » ។

វិធីសាស្ដ្រ​បង្រៀន​របស់​ព្រះអម្ចាស់​គឺ « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។ យើង​អាច​នឹង​តម្រូវ​ឲ្យ « សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា » នៅ​ចន្លោះ​ពេល​ដែល​យើង​យល់ដឹង​បច្ចុប្បន្ននេះ និង​ពេល​ដែល​នឹង​ប្រទាន​ឲ្យ ។ ចន្លោះពេល​ដ៏​ពិសិដ្ឋ​នេះ​អាច​ជា​កន្លែង​ដែល​កើត​មាន​ការរីកចម្រើន​​ខាង​វិញ្ញាណ​របស់​យើងដ៏​អស្ចារ្យ—ជា​កន្លែង​ដែល​យើង « ទ្រាំ​ដោយ​សេចក្ដី​អត់ធ្មត់ » ក្នុង​ការស្វែងរក​និង​ទទួល​កម្លាំង​ឡើងវិញ ដើម្បី​បន្ដ​រក្សា​ការសន្យា​ដ៏​ពិសិដ្ឋ​ដែល​យើង​បាន​ធ្វើ​ចំពោះ​ព្រះ​តាមរយៈ​សេចក្ដីសញ្ញា ។

ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយនឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ជា​សញ្ញា​នៃភាពជារាស្ត្រ​របស់​យើង​នៅក្នុង​នគរ​របស់​ព្រះ ។ ហើយ​ដើម្បី​រស់នៅ​ទីនោះ​តម្រូវ​ឲ្យ​យើង​សម្រប​ជីវិត​ទៅតាម​គោលការណ៍​ដ៏​ទេវភាព ហើយ​ខិតខំ​ប្រឹងប្រែង​ដើម្បី​រីកចម្រើន​ខាងវិញ្ញាណ ។

ការគោរព​ប្រតិបត្តិ

គោលការណ៍​សំខាន់​មួយ​ដែល​បានបង្រៀន​នៅពេញ​ព្រះគម្ពីរ​មរមន​គឺថា​នៅពេល​បុត្រាបុត្រី​របស់​ព្រះ​ជ្រើសរើស​បង្ហាញ​ការគោរព​ប្រតិបត្ដិ និង​រក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ នោះ​ពួកគេ​ទទួលបាន​ការណែនាំ និង​ការដឹកនាំ​ខាងវិញ្ញាណ​ជា​បន្ដបន្ទាប់ ។ ព្រះអម្ចាស់​បាន​ប្រាប់​យើង​ថា តាមរយៈ​ការគោរព​ប្រតិបត្ដិ និង​ការឧស្សាហ៍​ព្យាយាម​របស់​យើង នោះ​យើង​អាច​ទទួល​បាន​នូវ​ចំណេះដឹង និង​បញ្ញា ។ ក្រឹត្យវិន័យ និង​បទបញ្ញាត្ដិ​ទាំងឡាយ​របស់​ព្រះ​ពុំ​បង្កើតឡើង​ដើម្បី​ធ្វើជា​ឧបសគ្គ​នៅក្នុង​ជីវិត​យើង​ឡើយ ប៉ុន្ដែ​វា​ជា​ច្រកផ្លូវ​ដ៏​មាន​អានុភាព​ទៅកាន់​វិវរណៈ​ផ្ទាល់ខ្លួន និង​ការអប់រំ​ខាងវិញ្ញាណ ។ ប្រធាន ណិលសុន បាន​បង្រៀន​សេចក្ដីពិត​ដ៏​សំខាន់​នោះ​ថា « វិវរណៈ​មកពី​ព្រះ​គឺ​តែងតែ​ស្របគ្នា​នឹង​ច្បាប់​ដ៏​អស់កល្ប​របស់​ទ្រង់​ជានិច្ច » ហើយ​លើស​ពីនោះ « វា​នឹង​ពុំ​ផ្ទុយ​នឹង​គោលលទ្ធិ​របស់​ទ្រង់​ដែរ » ។ ការ​មាន​ឆន្ទៈ​ការគោរព​តាម​បទបញ្ញតិ្ដ​របស់​ព្រះ ទោះជា​បងប្អូន​ពុំ​មានចំណេះ​ពេញលេញ​អំពី​ហេតុផល​របស់​ទ្រង់​ក្ដី​នោះ​បងប្អូន​បាន​ដាក់​ខ្លួន​នៅ​ជាមួយ​ពួកព្យាការី​របស់​ទ្រង់ ។ គម្ពីរ​ម៉ូសេ ជំពូក ៥ បង្រៀន​យើង​អំពី​ការទំនាក់ទំនាក់​ជាក់លាក់​មួយ​រវាង​លោក​អ័ដាម និង​ទេវតា​នៃ​ព្រះអម្ចាស់ ។

បន្ទាប់ពី​ព្រះអម្ចាស់​បានប្រទាន​ដល់​លោក​អ័ដាម និង​នាង​អេវ៉ា « នូវ​ព្រះបញ្ញត្តិ​ទាំងឡាយ​ថា ពួកគេ​គប្បី​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួកគេ ហើយ​គប្បី​យក​កូនសត្វច្បង​នៃ​ហ្វូងចៀម​របស់​គេ​មក​ថ្វាយ​ជា​យញ្ញបូជា​ទាំងឡាយ​ដល់​ព្រះអម្ចាស់ » បទគម្ពីរ​ចែង​ទៀតថា « អ័ដាម​បាន គោរព​តាម ព្រះបញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ » ។ យើង​អាន​បន្ដ​ថា « ហើយ​ជាច្រើន​ថ្ងៃ​កន្លង​មក នោះ​មាន​ទេវតា​មួយ​ពី​ព្រះអម្ចាស់​បាន​លេច​មក​ឲ្យ​លោក​អ័ដាម​ឃើញ ដោយ​សួរ​ថា ៖ ហេតុអ្វី​បានជា​អ្នក​ថ្វាយ​យញ្ញបូជា​ទាំងឡាយ​ដល់​ព្រះអម្ចាស់ ? ហើយ​អ័ដាម​បានទូល​តប​ទៅ​លោក​ថា ៖ ខ្ញុំ​មិន​ដឹង​ទេ លើកលែង​តែ​ព្រះអម្ចាស់​ទ្រង់​បញ្ជា​ខ្ញុំ​ប៉ុណ្ណោះ » ។

ការគោរព​ប្រតិបត្ដិ​របស់​អ័ដាម ដើរមុន ចំណេះដឹង​របស់​លោក ហើយ បានរៀបចំ លោក​ដើម្បី​ទទួល​នូវ ​ចំណេះដឹង​ដ៏​ពិសិដ្ឋ ដែល​លោក​បាន​ទន្ទឹងរង់ចាំ​នៅក្នុង និមិត្ដ​សញ្ញា​ពិសិដ្ឋ នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដូចគ្នា​នេះ​ដែរ ការគោរព​ប្រតិបត្ដិ​ដ៏​រាបទាប​របស់​យើង នឹង​ត្រួសត្រាយ​ផ្លូវ​ការយល់ដឹង​ខាងវិញ្ញាណ​របស់​យើង​អំពី​ផ្លូវ​នៃ​ព្រះ និង​គោលបំណង​ដ៏​ទេវភាព​របស់​ទ្រង់​សម្រាប់​យើង​ម្នាក់ៗ ។ ការលើកកម្ពស់​ដល់​ការគោរព​ប្រតិបត្ដិ​របស់​យើង​នាំ​យើង​ឲ្យ​ខិតកាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ពីព្រោះ​ការគោរព​ប្រតិបត្ដិ​ដល់​ក្រឹត្យវិន័យ និង​បទបញ្ញត្ដិ​របស់​ទ្រង់​គឺ​ជា​ការឈោង​ទៅរក​ទ្រង់​ដោយ​មាន​ប្រសិទ្ធភាព ។

បន្ថែម​ពីនេះ ភាពស្មោះត្រង់​របស់​យើង​ចំពោះ​ចំណេះដឹង និង​ប្រាជ្ញា​ដែល​យើង​បាន ទទួល​រួចហើយ តាមរយៈ​ការតោង​ជាប់​គោលការណ៍​ដំណឹងល្អ នឹង​សេចក្ដី​សញ្ញាដ៏​ពិសិដ្ឋ​គឺ​ជា​ការរៀបចំ​ខ្លួន​ដ៏​សំខាន់​ដើម្បី​យើង​ត្រៀម​រួចរាល់​ក្នុងការ​ទទួល និង​មាន​ទំនាក់ទំនង​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ប្រភព​នៃ​រាល់​សេចក្ដីពិត ហើយ​ទ្រង់​ទាំងទ្វេ​ប្រទាន​ប្រាជ្ញា​ដោយ​សទ្ធា ។ ផងដែរ ការដឹង​ថា​យើង​ពុំ​មាន​ចំណេះដឹង​ផ្ទាល់​ខ្លួន​ណា​ឡើយ បើមិន​ពឹងផ្អែកលើ​ព្រះ​ទេ​នោះ​ អាច​ជួយយើង​ដឹង​ថា​យើង​គួរ​បែរ​ទៅ​រក​នរណា និង​កន្លែង​ណា​ដើម្បី​ដាក់​ទីទុកចិត្ដ​របស់​យើង​មុនបង្អស់ ។

ការជឿ​ទុកចិត្ដ​ដ៏​ជ្រាលជ្រៅ

ដំណើររឿង​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​អំពី​ណាម៉ាន់ ជា​មេទ័ព​ដែល​បាន​ទទួល​ការព្យាបាល​ពី​ជំងឺ​ឃ្លង់​មកពី​ព្យាការី​អេលីសេ គឺ​ជា​ដំណើររឿង​មួយ​ដែល​ខ្ញុំ​ចូលចិត្ដ ។ ដំណើររឿង​នេះ​បង្ហាញ​ពី​របៀប​ដែល​សេចក្ដី​ជំនឿ​ដ៏​រឹងមាំ​របស់ « ក្មេង​បម្រើ » ម្នាក់​បាន​ផ្លាស់ប្ដូរ​ដំណើរ​ជីវិត​របស់​បុរស​ម្នាក់ ហើយ​សម្រាប់​ពួក​អ្នកជឿ​ទាំងអស់ ការណ៍​នេះ​បានបង្ហាញ​អំពី​ទំហំ​នៃ​សេចក្ដី​មេត្ដាករុណា​នៃ​ព្រះ​ដល់​អស់អ្នក​ដែល​ដាក់ទីទុកចិត្ដ​លើ​ទ្រង់ និង​ព្យាការី​របស់​ទ្រង់ ។ ទោះបី​យើង​មិនស្គាល់​ឈ្មោះ​នាងក្ដី ក៏​ក្មេងស្រី​ម្នាក់​នេះ​បានជួយ​បង្កើន​នូវ​ការយល់ដឹង​របស់​យើង​ដែរ ។ ហើយ​ជំនឿ​របស់​ណាម៉ាន់​ទៅលើ​ទីបន្ទាល់​របស់​នាង បាន​បំផុសគំនិត​លោក​ឲ្យ​អំពាវនាវ​សុំ​ការព្យាបាល​ពី​អ្នកបម្រើ​ដ៏​ជម្រើស​របស់​ព្រះ ។

ការឆ្លើយតប​ដំបូង​របស់​ណាម៉ាន់​ទៅនឹង​ការណែនាំ​របស់​ព្យាការី​អេលីសេ ថា​ឲ្យ​លោក​លាងសម្អាត​ខ្លួន​នៅ​ទន្លេ​យ័រដាន់ គឺ​បង្ហាញ​ពី​ការសង្ស័យ និង​ការខឹងសម្បា ។ ប៉ុន្ដែ​ការអញ្ជើញ​ឲ្យ​លោក គោរព​ប្រតិបត្ដិ​ តាម​ដំបូន្មាន​របស់​ព្យាការី​បាន​អនុញ្ញាត​ឲ្យ​លោក​ជាសះស្បើយ ហើយ​ឲ្យ​លោក​យល់ដឹង​ដ៏​អស្ចារ្យ​ថា​ព្រះ​គឺ​មាន​ពិត ។

យើងអាចនឹង​គិតថា ការអំពាវនាវ​ខាងវិញ្ញាណ​មួយ​ចំនួន​របស់​យើង​នឹង​ទទួល​ចម្លើយ​ដ៏​សមស្រប ហើយ​នឹង​ពុំមាន​ការលំបាក​ខ្លាំង​ដល់​យើង​នោះទេ ។ ឬ ដូច​ណាម៉ាន់​ដែរ យើង​អាច​នឹង​គិតថា​តម្រូវការ​ផ្សេងៗ​អាច​នឹង​លំបាក​ជាង ហើយ​អាច​ឲ្យ​យើង​មាន​អារម្មណ៍​ស្មុគស្មាញ និង​ពិបាក ។ ឬ ស្រដៀងគ្នា​នឹង​ការសន្និដ្ឋាន​មុនៗ​របស់​តារាវិទូ​អំពី​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើងដែរ នៅក្នុង​ការស្វែងរក សេចក្ដី​ពិត​ខាងវិញ្ញាណ​ យើង​អាច​ឈាន​ទៅរក​ការបកស្រាយ​មួយ​ដែល​មិនសូវ​ពិត បើសិន​យើង​ពឹងផ្អែក​តែលើ​ការយល់ដឹង​ដែល​មានដែន​កំណត់​របស់យើង​តែ​មួយ​មុខនោះ ហើយ​ជា​លទ្ធផល​នឹង​នាំយើង​ចាកឆ្ងាយ​ពី​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ទាំង​អចេតនា និង​សោកសៅ ។ ហើយ​លើស​ជាងនេះ សំណួរ​ខ្លះ​នឹង​បន្ដ​នៅ​មាន​រហូត​ដល់​ព្រះ ជា​អង្គ « មាន​គ្រប់​ព្រះចេស្ដា » និង « មាន​គ្រប់​ទាំងប្រាជ្ញា និង​គ្រប់​ទាំង​យោបល់ » ជា​អង្គ « ជ្រាប​នូវគ្រប់​ការណ៍ » នៅក្នុង​សេចក្ដី​មេត្ដាករុណា​របស់​ទ្រង់ ផ្ដល់​នូវ​ការបំភ្លឺ​តាមរយៈ​ការជឿ​របស់​យើង​លើ​ព្រះនាម​ទ្រង់ ។

ការរំឭក​ដ៏​សំខាន់​មួយ​ចេញពី​ដំណើររឿង​របស់​ណាម៉ាន់ គឺ​ថា​ការមិន​ព្រម​គោរព​ប្រតិបត្ដិ​តាម​ក្រឹត្យវិន័យ និង​បទបញ្ញត្ដិ​ទាំងឡាយ​របស់​ព្រះ​អាច​ពន្យារ​ការរីកចម្រើន​របស់​យើង ។ យើង​មាន​ពរ​ដែល​មាន​ព្រះយេស៊ូវ​គ្រីស្ទ ជា​អង្គ​ព្យាបាល​របស់យើង ។ ការគោរព​ប្រតិបត្ដិ​របស់​យើង​ចំពោះ​ក្រឹត្យវិន័យ និង​បទបញ្ញត្ដិ​របស់​ទ្រង់​អាច​បើក​ផ្លូវ​ឲ្យ​ព្រះអង្គសង្គ្រោះ​ប្រទាន​ចំណេះដឹង និង​ការព្យាបាល​ដែល​ទ្រង់​ជ្រាប​ថា​យើង​ត្រូវការ​ទៅតាម​ផែនការ​ព្យាបាល​ដែល​ទ្រង់​មាន​សម្រាប់​យើង ។

អែលឌើរ រីឆាដ ជី ស្កត បានបង្រៀន​ថា « ជីវិត​នេះ​ជា​បទពិសោធន៍​មួយ​ដែលត្រូវ​ទុកចិត្ត​ខ្លាំង—គឺជា​ការទុកចិត្ត​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ទុកចិត្ត​លើ​ការបង្រៀន​របស់​ទ្រង់ ទុកចិត្ត​លើ​សមត្ថភាព​យើង ដូច​ដែល​បាន​ដឹកនាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​គោរព​ប្រតិបត្តិ​ដល់​ការបង្រៀន​ទាំងនោះ ដើម្បី​បាន​សុភមង្គល​នា​ពេល​ឥឡូវ​នេះ និង​នៅ​ជីវិត​ដ៏​ពោរពេញ​ដោយ​គោលបំណង ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដ៏​រីករាយ​បំផុត ។ ការទុកចិត្ត​មានន័យ​ថា ការគោរពប្រតិបត្តិ​ដោយ​ស្ម័គ្រចិត្ត ទោះ​ពុំ​ដឹង​ពី​ទីបញ្ចប់​តាំងពី​ដំបូង​មក​ក្ដី ( សូមមើល សុភាសិត ៣:៥–៧ ) ។ ដើម្បី​បង្កើត​ផលផ្លែ ការទុកចិត្ត​របស់​បងប្អូន​ចំពោះ​ព្រះអម្ចាស់ ត្រូវតែ​មាន​ឥទ្ធិពល​ខ្លាំងក្លា និង​ឋិតថេរ ជាង​ទំនុកចិត្ត​ទៅលើ​អារម្មណ៍ និង​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ផ្ទាល់ » ។

អែលឌើរ ស្កត បន្ត​ថា « ដើម្បី​អនុវត្ត​សេចក្តី​ជំនឿ គឺ​ត្រូវ​ទុកចិត្ត​ថា​ព្រះអម្ចាស់​ជ្រាប​ពី​អ្វី​ដែល​ទ្រង់​កំពុង​ធ្វើ​ជាមួយ​បងប្អូន ហើយ​ថា​ទ្រង់​អាច​សម្រេច​វា​បាន​សម្រាប់​សេចក្តី​ល្អ​អស់កល្ប​ជានិច្ច​របស់​បងប្អូន ទោះបី​ជា​បងប្អូន​ពុំ​យល់​ពីរបៀប​ដែល​ទ្រង់​អាច​ធ្វើវា​បាន​ក្ដី » ។

ថ្លែងទីបន្ទាល់​បញ្ចប់

បងប្អូន​ជាទី​ស្រឡាញ់ ខ្ញុំ​សូម​ធ្វើ​បន្ទាល់​ថា​សំណួរ​ដ៏​ស្មោះ​របស់​យើង​ទាក់ទង​នឹង​ដំណឹងល្អ អាច​ផ្ដល់​ឱកាស​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ជួយ​យើង​រីកចម្រើន ។ ការខិតខំ​ផ្ទាល់ខ្លួន​ដើម្បី​ស្វែងរក​ចម្លើយ​ពី​ព្រះអម្ចាស់​ចំពោះ​សំណួរ​ខាងវិញ្ញាណ​របស់​ខ្ញុំ—ទាំង​អតីតកាល និង​បច្ចុប្បន្នកាល—បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រើប្រាស់​ចន្លោះ​ពេល​នៃ​ការយល់ដឹង​របស់​ខ្ញុំ​និង​ព្រះ ដើម្បី​អនុវត្ដ​ការគោរព​ប្រតិបត្ដិ​ចំពោះ​ទ្រង់ និង​បង្ហាញ​ភាពស្មោះត្រង់​ចំពោះ​ចំណេះដឹង​ខាងវិញ្ញាណ​ដែល​ខ្ញុំ​កំពុងតែ​មាន ។

ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា ការដាក់​ទីទុកចិត្ដ​លើ​ព្រះវរបិតាសួគ៌ និង​ពួកព្យាការី ដែល​ទ្រង់​បាន​បញ្ជូន​មក​នឹង​ជួយ​បងប្អូន​លើកតម្កើង​ខាង​វិញ្ញាណ និង​ជំរុញ​បងប្អូន​ឆ្ពោះ​ទៅរក​ចំណេះដឹង​ដ៏​គ្មាន​ទីបំផុត​របស់​ព្រះ ។ បងប្អូន​នឹង​នៅទីខ្ពស់​ជាងមុន​ពីព្រោះតែ​បងប្អូន​នឹង​ផ្លាស់​ប្ដូរ ។ ព្រះ​ទ្រង់ជ្រាប​ថា​កាលណា​បងប្អូន​នៅកាន់តែ​ខ្ពស់ នោះ​បងប្អូន​នឹងកាន់​តែ​អាច​មើល​ឆ្ងាយ​ជាងមុន ។ ព្រះអង្គសង្គ្រោះ​អញ្ជើញ​បងប្អូន​ឲ្យ​ឡើង​ទៅកាន់​តែខ្ពស់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។