សន្និសីទទូទៅ
បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


14:17

បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ

បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​ធ្វើ​ឲ្យ​ការរស់​នៅ​ប្រចាំថ្ងៃ​ពិសិដ្ឋ ។ វា​ធ្វើ​ឲ្យ​យើង​ខិត​កាន់តែ​ជិត និង​រីករាយ​ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។

ការជួបជុំ​គ្រួសារ ហ្គង របស់​យើង​នា​ពេល​ថ្មីៗ​នេះ មាន​ទាំង​កម្មវិធី​បង្ហាញ​ទេពកោសល្យ​ដ៏​រីករាយ ដែល​បាន​បញ្ចប់​ជាមួយ​នឹង​ការប្រកួត​និយាយ​រឿង​កំប្លែង​របស់​ឪពុក ។

ប៉ុន្តែ​ការប្រកួត​នេះ​មិន​ធម្មតា​នោះ​ទេ ។ ក្រុម​មួយ​មាន លោកតា ( គឺ​ខ្ញុំ ) និង​ចៅ​ពីរ​នាក់ ដែល​មាន​អាយុ ១២​ឆ្នាំ និង ១១​ឆ្នាំ ។ នៅ​ក្រុម​ផ្សេង​ទៀត​គឺ​ជា​កម្មវិធី​បញ្ញា​សិប្បនិមិត្ត ( AI ) ដែល​បញ្ជា​ដោយ​បងប្អូន​ជីដូនម្នាក់ ដើម្បី​និយាយ​រឿង​កំប្លែង​របស់​ឪពុក​តាម​ស្ទីល​របស់ ហ្គើរីត ដបុលយូ ហ្គង ។ លោកតា ហ្គើរីត ហ្គង ប្រកួត​ជាមួយ​ហ្គើរីត ហ្គង AI ។

ចៅៗ និង​ខ្ញុំ​ចាប់ផ្តើម​មុន ។

តើ​ចៅ​ហៅ​ដាយណូស័រ​ដែល​បុក​ឡាន​​ថា​ម៉េច ? Tyrannosaurus Wrecks

ហ្គើរីត ហ្គង AI ត្រូវ​បាន​ណែនាំ​ឲ្យ—គិត​ដូច​ជា ហ្គើរីត ដបុលយូ ហ្គង ។ និយាយ​ដូច​គាត់ ។

ហ្គើរីត ហ្គង AI—៖ « នេះ​គឺ​ជា​រឿង​កំប្លែង​របស់​ឪពុក​ដែល​និយាយ​ដោយ ហ្គើរីត ដបុលយូ ហ្គង ដោយ​ត្រាប់តាម​ស្ទីល​ដ៏​កក់ក្តៅ មាន​គំនិត និង​លើកស្ទួយ​ថា ៖ ហេតុអ្វី​បាន​ជា​ដើមឈើ​តូចទាប​ធ្វើ​ឲ្យ​មនុស្ស​ញញឹម ? ព្រោះ​វា​បាន​ចាក់​ឫស​ក្នុង​សេចក្ដី​ស្រឡាញ់ ហើយ​មែក​លាត​សន្ធឹង​ដោយ​សេចក្ដី​សប្បុរស ។ ក៏ដូច​ជា​ដើម​ឈើ​នោះ​ដែរ យើង​ក៏​អាច​រក​បាន​កម្លាំង​នៅ​ក្នុង​ឫស​របស់​យើង ហើយ​មាន​អំណរ​ក្នុង​ការផ្តល់​សេចក្តី​សប្បុរស​ដល់​អ្នក​ដទៃ​ផង​ដែរ » ។

ចឹង តើ​បងប្អូន​គិត​យ៉ាង​ម៉េច​ដែរ ? នោះ​ជា​មូលហេតុ​គេ​ហៅ​ថា​ជា រឿង​កំប្លែង​របស់​ឪពុក ។

នៅ​ជុំ​វិញ​ខ្លួន​យើង មាន​ឱកាស​ដើម្បី​សើច រីករាយ មើល​ដោយ​ភ្នែក​នៃ​អំណរគុណ ។ ដំណឹង​ល្អ​របស់​យើង​ជា​ដំណឹងល្អ​នៃ​អំណរ និង​បរិសុទ្ធភាព​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ បរិសុទ្ធភាព​ញែក​អ្វីៗ​ចេញ​សម្រាប់​គោលបំណង​ដ៏​ពិសិដ្ឋ ។ ប៉ុន្តែ បរិសុទ្ធភាព​ក៏​អញ្ជើញ​យើង​ឲ្យ​បញ្ចូ‏ល​នូវ​រឿងពិសិដ្ឋ​ទៅ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ—ដើម្បី​រីករាយ​ប្រចាំថ្ងៃ នៅ​ក្នុង​ពិភពលោក​ដែល​ស្មុគស្មាញ និង​លំបាក​នេះ ។ ដើម្បី​ដើរ​ជាមួយ​នឹង​ព្រះ​អម្ចាស់ យើង​ត្រូវ​តែ​ក្លាយ​ជា​បរិសុទ្ធ ដ្បិត​ទ្រង់​បរិសុទ្ធ ហើយ​ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ជា​បរិសុទ្ធ ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ដើរ​ជា​មួយ​នឹង​ទ្រង់ ។

យើង​ម្នាក់ៗ​មាន​ដំណើរ​រឿង​ផ្សេងៗ​គ្នា ។ នៅ​ពេល​ស៊ីស្ទើរ ហ្គង និង​ខ្ញុំ​ជួប​បងប្អូន—សមាជិក​សាសនាចក្រ និង​មិត្តភក្តិ​នៅកន្លែង និង​ស្ថានភាព​ជា​ច្រើន—ដំណើរ​រឿង​នៃ​បរិសុទ្ធភាព​ចំពោះ​ព្រះអម្ចាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃរបស់​បងប្អូន​បាន​បំផុស​គំនិត​ពួក​យើង ។ បងប្អូន​រស់នៅ​តាមពាក្យ​ទាំង​៧ នេះ ៖ ការរួបរួម​នឹង​ព្រះ សហគមន៍ ហើយ​មាន​សេចក្តីអាណិត​អាសូរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក មាន​ការប្តេជ្ញា​ចិត្ត និង​ចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះ គ្រួសារ និង​មិត្តភក្ដិ—ផ្តោត​សំខាន់​ទៅ​លើ ព្រះយេស៊ូវ​គ្រីស្ទ ។

ភស្តុតាង​ជា​ច្រើន​បាន​គូស​បញ្ជាក់​ពី​ការពិត​ដ៏​ទាក់ទាញ​នេះ ៖ អ្នក​ជឿ​លើ​សាសនា​ជា​ទូទៅ​សប្បាយចិត្ត មាន​សុខភាព​ល្អ និង​មាន​ចិត្ត​ស្ងប់​ជាង​អ្នក​ដែល​គ្មាន​ការតាំងចិត្ត ឬ​ទំនាក់​ទំនងខាង​វិញ្ញាណ ។ សុភមង្គល និង​ភាពស្កប់ចិត្ត​ក្នុង​ជីវិត សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ អត្ថន័យ និង​គោលបំណង ឥរិយាបទ និង​គុណធម៌ ទំនាក់ទំនង​សង្គម​ជិតស្និទ្ធ សូម្បីតែ​ស្ថេរភាព​ផ្នែក​ហិរញ្ញវត្ថុ និង​សម្ភារៈ​— មែនហើយ អ្នក​ប្រតិបត្តិ​សាសនា​តែងមាន​ការរីក​ចម្រើន​នៅលើ​ផ្នែក​នីមួយៗ​ដែល​បាន​រៀបរាប់​នេះ ។

ពួកគេ​រីករាយ​នឹង​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​ហើយ​ស្កប់ស្កល់​ក្នុង​ជីវិត​កាន់​តែ​ប្រសើរ​នៅ​គ្រប់​វ័យ និង​ក្រុម​ប្រជាសាស្ត្រ ។

អ្វី​ដែល​ពួក​អ្នក​ស្រាវជ្រាវ​ហៅ​ថា « ស្ថេរភាព​រចនា​សម្ពន្ធ​សាសនា » គឺ​វា​ផ្តល់​នូវ​ភាព​ច្បាស់លាស់ មាន​គោលបំណង និង​ការបំផុស​គំនិត​ពេល​ស្ថិត​ក្នុង​ភាពស្មុគស្មាញ និង​បញ្ហា​ជិវិត ។ គ្រួសារ​ដែលមាន​ជំនឿ និង​សហគមន៍​នៃ​ពួកបរិសុទ្ធ ប្រយុទ្ធ​នឹង​ភាពឯកោ និង​ក្រុម​មនុស្ស​ឯកោ ។ បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​និយាយ​ថា ទេ ចំពោះ​អ្នកប្រមាថ និយាយ​ថា ទេ ចំពោះ​ការនិយាយ​កល​មិនល្អ​ពី​អ្នក​ដទៃ និយាយ​ថា ទេ ចំពោះ​ក្បួនរក​ប្រាក់​ដោយ​ការញ៉ុះញ៉ង់​កំហឹង និង​ការបែកបាក់ ។ បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​និយាយ​ថា បាទ/ចាស ចំពោះ​ភាពពិសិដ្ឋ និង​គារវភាព និយាយ​ថា បាទ/ចាស ចំពោះ​ការក្លាយ​ជា​មនុស្ស​ដែល​មាន​សេរីភាព​បំផុត រីករាយ​បំផុត ពិតប្រាកដ​បំផុត និង​ជា​មនុស្ស​ល្អបំផុត កាល​យើង​ដើរ​តាម​ទ្រង់​ដោយ​ជំនឿ ។

តើ​បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​មាន​លក្ខណៈ​ដូចម្ដេច ?

បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ប្រៀប​ដូច​ជា​យុវមជ្ឈិមវ័យ​ពីរ​រូប​ដ៏​ស្មោះ ដែល​បាន​រៀបការ​រយៈ​ពេល​មួយ​ឆ្នាំ ដែល​រៀន​ពី​ភាពពិត​និង​ភាពឈឺចាប់​ជាមួយ​គ្នា​នៅក្នុង​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ មាន​ការលះបង់ និង​មាន​ការបម្រើ​នៅ​ក្នុង​ជីវិត​រីកចម្រើន​របស់​ពួកគេ ។

នាង​បាន​ចាប់ផ្តើម​ថា « កាល​នៅ​វិទ្យាល័យ ខ្ញុំ​បាន​ស្ថិត​នៅ​កន្លែង​ដ៏​ងងឹត​មួយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​មិន​ជួយ​ខ្ញុំ​សោះ ។ នៅ​យប់​មួយ មិត្ត​ម្នាក់​បាន​ផ្ញើ​សារ​មក​ថា ‹ ហ្ហេ៎ តើ​ឯង​ធ្លាប់​អាន អាលម៉ា ៣៦ ដែរឬទេ ? ›

នាង​បាន​និយាយថា « ពេល​ខ្ញុំ​ចាប់​ផ្តើម​អាន នោះ​ភាពសុខសាន្ត និង​សេចក្ដី​ស្រឡាញ់​បាន​ស្រោចមក​លើខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវបាន​ឱប​យ៉ាង​ណែន ។ នៅ​ពេល​ខ្ញុំ​អាន អាលម៉ា ៣៦:១២ ខ្ញុំ​បាន​ដឹង​ថា ព្រះវរបិតា​សួគ៌​ទត​មើល​ខ្ញុំ ហើយ​ដឹង​ពី​អារម្មណ៍​ខ្ញុំយ៉ាង​ច្បាស់ » ។

នាង​បន្ត​ថា « ពី​មុន​ពួកយើង​រៀបការ ខ្ញុំ​បាន​ប្រាប់​គូដណ្តឹង​តាម​ត្រង់​ថា ខ្ញុំ​ពុំ​មាន​ទីបន្ទាល់​រឹងមាំ​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទេ ។​ ហេតុអ្វី​បាន​ជា​ព្រះ​ចាំបាច់​ឲ្យ​យើង​បង់ បើ​មនុស្ស​ដទៃ​ទៀត​មាន​ប្រាក់​បង់​ជាច្រើន​នោះ ? គូដណ្តឹង​ខ្ញុំ​បាន​ជួយ​ពន្យល់​ថា វា​ពុំមែន​ជា​រឿង​លុយ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការគោរព​តាម​ព្រះបញ្ញត្តិ​ដែល​សុំ​ឲ្យ​យើង​ធ្វើ ។ គាត់​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ចាប់ផ្តើម​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

នាង​បាន​និយាយ​ថា « ខ្ញុំ​ឃើញថា ទីបន្ទាល់​ខ្ញុំ​បាន​រីកចម្រើន​ជា​ពិត » ។ « ជួនកាល ខ្ញុំ​មាន​ប្រាក់​ដ៏​ស្តួចស្តើង ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​ពរជ័យ​ជា​ច្រើន ហើយ​មាន​ប្រាក់​ខែ​ល្មម​គ្រប់​គ្រាន់ » ។

នាង​បាន​និយាយ​ផងដែរ​ថា « នៅ​ថ្នាក់​គិលានុបដ្ឋាយិកា ខ្ញុំ​គឺ​ជា​សមាជិក​សាសនាចក្រ​តែ​ម្នាក់​ឯង ហើយ​ក៏​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​រៀបការ ។ ខ្ញុំ​បាន​ចាកចេញ​ពី​ថ្នាក់រៀន​ទាំង​មួរម៉ៅ ឬ​យំ​ជា​ច្រើន​ដង ព្រោះ​តែ​ខ្ញុំ​មាន​អារម្មណ៍​ថា មិត្ត​រួម​ថ្នាក់​បាន​រួម​គ្នា​ធ្វើ​បាប​ខ្ញុំ ហើយ​បាន​និយាយ​អវិជ្ជមាន​អំពី​ជំនឿ​ខ្ញុំ ការស្លៀក​សម្លៀក​បំពាក់​ពិសិដ្ឋ ឬ​ការរៀបការ​ទាំង​វ័យ​ក្មេង​របស់​ខ្ញុំ » ។

ប៉ុន្តែ​នាង​បន្ត​ថា « ឆមាស​មុន​នេះ ខ្ញុំ​បាន​រៀន​ពី​របៀប​បញ្ចេញ​មតិ​អំពី​ជំនឿ​ខ្ញុំ ហើយ​ធ្វើ​ជា​គំរូល្អ​អំពី​ដំណឹង​ល្អ ។ ចំណេះដឹង និង​ទីបន្ទាល់​ខ្ញុំ​បាន​រីកចម្រើន ដោយសារ​ទ្រង់​បាន​សាកល្បង​សមត្ថភាព​ខ្ញុំ​ក្នុង​ការឈរ​តែ​ឯង ហើយ​រឹងមាំ​លើ​អ្វី​ដែល​ខ្ញុំ​ជឿ » ។

ស្វាមី​វ័យ​ក្មេង​នោះ​បន្ថែម​ថា « មុន​ពេល​ចេញបេសកកម្ម គេ​បាន​សុំ​ឲ្យ​ខ្ញុំ​លេង​កីឡា​វាយកូនបាល់​នៅ​មហាវិទ្យាល័យ ។ ជាការសម្រេច​ចិត្ត​ដ៏​លំបាក ខ្ញុំ​បាន​ទុក​ឱកាស​នោះ​មួយ​ឡែក ហើយ​បាន​ចេញទៅ​បម្រើ​ព្រះអម្ចាស់ ។ ខ្ញុំ​នឹង​មិន​ដោះដូរ​ការបម្រើ​ពីរ​ឆ្នាំ​នោះ​ជាមួយ​នឹង​អ្វី​ផ្សេង​ឡើយ ។

គាត់​បាន​និយាយ​ថា ​« ពេល​ត្រលប់​មក​ផ្ទះ​វិញ ខ្ញុំ​រំពឹង​ថា​នឹង​មាន​ការផ្លាស់ប្តូរ​ដ៏​លំបាក​មួយ តែ​ខ្ញុំ​បែរ​ជា​ឃើញ​ថា ខ្ញុំ​រឹងមាំ រហ័ស​រហួន និង​មាន​សុខភាព​ល្អ​ជាង​មុន ។ ខ្ញុំ​គប់​កូន​បាល់​បាន​ខ្លាំង​ជាង​មុន​ពេល​ខ្ញុំ​ចេញ​បេសកកម្ម​ទៅទៀត ។ គេ​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​លេង​ច្រើន​ជាង​មុន រួមទាំង​សាលា​ក្នុង​ក្តី​ស្រមៃ​ខ្ញុំផង ។ គាត់​បានបន្ត​ថា « ​ហើយ​សំខាន់​បំផុត​នោះ ខ្ញុំ​ពឹង​ផ្អែក​លើ​ព្រះ​អម្ចាស់​ជាង​ពេល​ណាៗ​ទាំងអស់ » ។

គាត់​បាន​បញ្ចប់​ថា « ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ខ្ញុំ​បាន​បង្រៀន​គេ​ថា ព្រះវរបិតាសួគ៌​សន្យា​ប្រទាន​អំណាច​ក្នុង​ការអធិស្ឋាន​របស់​យើង ប៉ុន្តែ​ពេលខ្លះ​ខ្ញុំ​ភ្លេច​ខ្លួន​ឯង » ។

កំណប់​ទ្រព្យ​នៃ​បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​គឺ​ជា​ពរជ័យ​ដ៏​ពេញ​លេញ​បរិបូរណ៍ ។ ជា​រឿយៗ ហិរញ្ញវត្ថុ ពេលវេលា និង​កាលៈទេសៈ​ផ្សេង​ទៀត​វា​មិន​ងាយ​ស្រួល​នោះ​ទេ ។ ប៉ុន្តែ​នៅ​ពេល​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រប់​វ័យ និង​គ្រប់​មជ្ឈដ្ឋាន​ថ្វាយ​បរិសុទ្ធភាព​ចំពោះ​ព្រះអម្ចាស់ នោះ​អ្វីៗ​អាច​ដំណើរការ​ទៅ​តាម​ពេលវេលា និង​របៀប​របស់​ព្រះអម្ចាស់ ។

ឥឡូវ​នេះ អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ម្នាក់​អាយុ ៤៨​ឆ្នាំ​ចែកចាយ​ថា « ឪពុក​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ទទួល​ការអប់រំ​នៅ​មហាវិទ្យាល័យ មិន​បាច់​ទៅ​បេសកកម្ម​នោះ​ទេ ។ មិន​យូរ​ប៉ុន្មាន គាត់​គាំង​បេះដូង ទទួលមរណភាព​នៅ​អាយុ៤៧ឆ្នាំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខុស ។ តើ​ខ្ញុំ​អាច​ស្តារ​ទំនាក់ទំនង​ជាមួយ​នឹង​ឪពុក​របស់​ខ្ញុំ​ដោយ​របៀបណា ?

គាត់បន្ត​ថា « ក្រោយ​មក បន្ទាប់​ពី​ខ្ញុំ​សម្រេច​ចិត្ត​បម្រើ​បេសកកម្ម ខ្ញុំ​បាន​ឃើញ​ឪពុក​ខ្ញុំ​ក្នុង​សុបិន ។ ដោយ​ភាព​សុខសាន្ត និង​ស្កប់ចិត្ត គាត់​រីករាយ​ដែល​ខ្ញុំ​បាន​បម្រើ » ។

អ្នក​ផ្សព្វផ្សាយសាសនា​រៀម​ច្បង​រូប​នេះ​បន្ត​ថា « ដូច​ដែល​ផ្នែក គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៨ បង្រៀន នោះខ្ញុំ​ជឿ​ថា ឪពុក​ខ្ញុំ​អាច​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​ពិភព​វិញ្ញាណ ។ ខ្ញុំ​ស្រមៃរូបភាព​ឪពុក​ខ្ញុំ​កំពុង​ជួយ​ដល់​ជីតាទួត​របស់​យើង ដែល​បាន​ចាកចេញ​ពី​អាល្លឺម៉ង់​ក្នុង​វ័យ​១៧​ឆ្នាំ ដែល​បាត់​ខ្លួន​ទៅ ឥឡូវ​បាន​រកឃើញ​វិញ » ។

ភរិយា​របស់​គាត់​បន្ថែម​ថា « ក្នុង​ចំណោម​បង​ប្អូន​ប្រុស​ទាំង​ប្រាំ​នាក់​ក្នុង​គ្រួសារ​ប្តី​ខ្ញុំ អ្នក​ទាំងបួន​ដែល​បាន​បម្រើ​បេសកកម្ម​គឺ​ជា​អ្នក​ដែល​មាន​បរិញ្ញាបត្រ​មហាវិទ្យាល័យ » ។

បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ គឺ​ដូចជា​អ្នក​ត្រឡប់​ពី​ផ្សព្វផ្សាយសាសនា​វ័យក្មេង ដែល​បាន​រៀន​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​គាត់ ។ ពី​មុន​នោះ នៅពេល​នរណា​ម្នាក់​ស្នើសុំ​ឲ្យ​ប្រសិទ្ធពរ​អ្នក​ឈឺ​ខ្លាំង អ្នក​ផ្សព្វផ្សាយ​សាសនា​រូប​នេះ​បាន​និយាយ​ថា « ខ្ញុំ​មាន​ជំនឿ ខ្ញុំ​នឹង​ប្រសិទ្ធពរ​គាត់​ឲ្យ​បាន​ជា​ឡើង​វិញ » ។ ប៉ុន្តែ អ្នក​ត្រឡប់​មកពី​ផ្សព្វផ្សាយ​សាសនា​គាត់​និយាយ​ថា « ខ្ញុំ​បាន​រៀន​នៅ​ពេល​នោះថា​ឲ្យ​អធិស្ឋាន ពុំ​មែន​តាម​អ្វី​ដែល​ខ្ញុំ​ចង់​បាន​នោះ​ទេ ប៉ុន្តែ​សម្រាប់​អ្វី​ដែល​ព្រះអម្ចាស់​ជ្រាប​ថា​បុគ្គល​នោះ​ត្រូវការ​វិញ » ។ ខ្ញុំ​បាន​ប្រសិទ្ធ​ពរ​ឲ្យ​បង​ប្រុស​នោះ​ឲ្យ​មាន​ភាពសុខសាន្ត និង​ការលួងលោម ។ បន្ទាប់​មក គាត់​ក៏​បាន​ទទួល​មរណភាព​ទៅ​ដោយ​ស្ងប់សុខ » ។

បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ មាន​អារម្មណ៍ ដូច​ជា​ផ្កា​ភ្លើង​ឆ្លង​កាត់​វាំងនន​ដើម្បី​ភ្ជាប់ លួងលោម ហើយពង្រឹង ។ អ្នក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​ធំ​មួយ​និយាយ​ថា គាត់​មាន​អារម្មណ៍​ថា បុគ្គល​ដែល​គាត់​ស្គាល់​តែ​ឈ្មោះ បាន​អធិស្ឋាន​សម្រាប់​គាត់ ។ បុគ្គល​ទាំង​នោះ​បាន​លះបង់​ជីវិត​ដើម្បី​សាកល​វិទ្យាល័យ ហើយ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បេសកកម្ម និង​និស្សិត ។

ស្ត្រី​ម្នាក់​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ជា​រៀងរាល់​ថ្ងៃ ក្រោយ​ពី​ស្វាមី​មិន​ស្មោះត្រង់​របស់​គាត់​បាន​ចាក​ចោល​គាត់ និង​កូនៗ ។​ ខ្ញុំ​ពិត​ជា​កោត​សរសើរ​គាត់ និង​អ្នក​ផ្សេង​ទៀត​ដូច​ជា​គាត់​ខ្លាំង​ណាស់ ។ ថ្ងៃមួយ ពេល​កំពុង​បត់​ខោអាវ គាត់​ដាក់​ដៃ​លើ​គំនរ​ខោអាវ ដោយ​ដក​ដង្ហើម​ធំ​ថា « តើ​មាន​ប្រយោជន៍​អី​ទៅ ? » គាត់​បាន​ឮ​សំឡេង​ដ៍​ទន់ភ្លន់​អះអាង​ដល់​គាត់​ថា « សេចក្តី​សញ្ញា​របស់​អ្នក​គឺ​នៅ​នឹង​យើង » ។

ស្ត្រី​ម្នាក់​ទៀត​ប្រាថ្នា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប៉ា​របស់គាត់ អស់​រយៈ​ពេល៥០ឆ្នាំ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​ធំ​ដឹង​ក្តី​ដោយ​មាន​ពួក​បង​ប្រុស និង​ប៉ា ហើយ​ខ្ញុំ—ជា​កូន​ស្រី​តែ​ម្នាក់ ។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​នោះ​គឺ​ធ្វើ​ជា​កូន ‹ ល្អ › សម្រាប់​ប៉ា​ខ្ញុំ ។

« ក្រោយ​មក ម្តាយ​ខ្ញុំ​បាន​ស្លាប់ ! គាត់​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ភ្ជាប់​ប៉ា​ខ្ញុំ និង​ខ្ញុំ​បាន ។

ស្ត្រី​នោះ​បាន​និយាយ​ថា « ថ្ងៃ​មួយ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​និយាយ​ថា ‹ សូម​អញ្ជើញ​ប៉ា​អ្នក ហើយ​នាំ​គាត់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​អ្នក › » ។ នោះ​ជា​ការចាប់​ផ្តើម​នៃ​ការណាត់​ជួប​ពីរ​ដង​ក្នុង​មួយ​ខែ​ដើម្បី​ទៅ​ដំណាក់​របស់​ព្រះ​អម្ចាស់​ជាមួយ​នឹង​ប៉ា​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​ប៉ា​ថា ខ្ញុំ​ស្រឡាញ់​គាត់ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ក៏​ស្រឡាញ់​ខ្ញុំ​ដែរ ។

« ការចំណាយ​ពេល​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​បាន​ព្យាបាល​ពួកយើង ។ ម្តាយ​ខ្ញុំ​មិន​អាច​ជួយ​ពួក​យើង​បាន​ពេល​នៅ​លើ​ផែនដី ។ ទាល់​តែ​គាត់​ទៅឯ​ម្ខាង​ទៀត​នៃ​វាំងនន ទើប​គាត់​អាច​ជួយ​ជួសជុល​អ្វី​ដែល​ខូចខាត​បាន ។ ព្រះវិហារ​បរិសុទ្ធ​បាន​បំពេញ​ដំណើរជីវិត​របស់​យើង​ឲ្យមាន​ភាពពេញលេញ​ជា​គ្រួសារ​ដ៏​អស់កល្ប​មួយ » ។

ឪពុក​និយាយ​ថា « ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​គឺជា​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ និង​កូនស្រី​តែ​ម្នាក់​របស់​ខ្ញុំ ។ ឥឡូវ​នេះ យើង​ចូលរួម​ជាមួយ​គ្នា ហើយ​មាន​អារម្មណ៍​ថា​សេចក្តី​ស្រឡាញ់​របស់​យើង​ត្រូវ​បាន​ពង្រឹង » ។

បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ រួមមាន​នូវ​គ្រា​ដ៏​ទន់ភ្លន់ នៅ​ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ស្លាប់ ។ កាល​ពី​ដើម​ឆ្នាំ​នេះ ម្តាយ​ជា​ទី​ស្រឡាញ់​ខ្ញុំ ជីន ហ្គង បាន​ទទួល​មរណៈភាព​មុន​ថ្ងៃ​កំណើត​គម្រប់ ៩៨ ឆ្នាំ​របស់​គាត់ ។

ប្រសិន​បើ​បងប្អូន​សួរ​ម្តាយ​ខ្ញុំ​ថា « តើ​លោកយាយ​ចង់ញាំ​ការ៉េម rocky road ការ៉េម​សូកូឡាស​លាយ​ខ្ញី ឬក៏​ការ៉េម​ស្ត្របឺរី​ឬទេ » ? ម៉ាក់​នឹង​និយាយ​ថា « ចាស ខ្ញុំ​អាច​សុំ​ភ្លក់​គ្រប់​មុខ​បាន​ទេ » ? តើ​នរណា​អាច​និយាយ​ថា ទេ ចំពោះ​ម៉ាក់ ជា​ពិសេស​នៅ​ពេល​គាត់​ចូលចិត្ត​គ្រប់​រសជាតិ​នៃ​ជីវិត​នោះ ?

ខ្ញុំ​ធ្លាប់​សួរ​ម៉ាក់​ថា តើ​ការសម្រេច​ចិត្ត​ណាមួយ​ដែល​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដល់​ជីវិត​ម៉ាក់​ជាង​គេ ។

គាត់​បាន​និយាយ​ថា « ការជ្រមុជទឹក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​ការ​ផ្លាស់​ពី​រដ្ឋ​ហាវ៉ៃ​ទៅ​ដីគោក ជា​កន្លែង​ដែល​ម៉ាក់​បាន​ជួប​ប៉ា​របស់​កូន » ។

គាត់​បាន​ជ្រមុជទឹក​ចូលរួម​ក្នុង​សាសនាចក្រ​នៅ​អាយុ ១៥​ឆ្នាំ ជា​សមាជិក​តែ​ម្នាក់​គត់​នៃ​គ្រួសារ​ធំ​របស់​យើង ម្ដាយ​ខ្ញុំ​មាន​ជំនឿ​លើ​សេចក្ដី​សញ្ញា និង​ទុកចិត្ត​លើ​ព្រះអម្ចាស់ ដែល​បាន​ប្រទានពរ​ដល់​ជីវិត​គាត់ និង​គ្រួសារ​របស់​យើង​គ្រប់​ជំនាន់ ។ ខ្ញុំ​នឹក​ម៉ាក់​ខ្ញុំ ក៏​ដូច​ជា​បងប្អូន​នឹក​សមាជិក​ក្នុង​គ្រួសារ​របស់​បងប្អូន​ដែរ ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ម៉ាក់​ខ្ញុំ​មិន​ទាន់​ទៅ​ណា​ទេ ។ គ្រាន់​តែ​គាត់​មិន​នៅ​ទី​នេះ​ប៉ុណ្ណោះ ។ ខ្ញុំ​គោរព​គាត់ និង​អស់​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​ដោយ​ធ្វើ​ជា​គំរូ​ដ៏​ក្លាហាន​នៃ​បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់ ។

ជា​ការពិត​ណាស់ បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​រួមមាន​ទាំង​ការ​មក​រក​ព្រះអម្ចាស់​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ជា​ញឹកញាប់ ។ នេះ​គឺជា​ការពិត ទោះ​យើង​ជា​សមាជិក​សាសនាចក្រ ឬ​មិត្តភក្តិ​ក្ដី ។

មិត្តភក្តិ​បី​នាក់​បាន​មក​ចូលរួម​ពិធី​សម្ពោធ​បើក​ព្រះវិហារ​បរិសុទ្ធ​បាំងកក​ ប្រទេស​ថៃ ។

មាន​ម្នាក់​បាន​និយាយ​ថា « កន្លែង​នេះ​ជា​កន្លែង​ព្យាបាល​ដ៏អស្ចារ្យ » ។

នៅ​កន្លែង​អាង​ជ្រមុជ​ទឹក ម្នាក់​ទៀត​បាន​និយាយ​ថា « ពេល​ខ្ញុំ​មក​ទី​នេះ ខ្ញុំ​ចង់​លាង​សម្អាត​ឲ្យ​ស្អាត​ហើយ​ឈប់​ធ្វើ​បាប​ទៀត » ។

អ្នក​ទី​បី បាន​និយាយ​ថា « តើ​អ្នក​អាច​មាន​អារម្មណ៍​ពី​ព្រះចេស្តា​ខាង​វិញ្ញាណ​ឬទេ ? »

ជាមួយ​នឹង​ពាក្យ​ពិសិដ្ឋ​ប្រាំបួន​ពាក្យ ព្រះវិហារ​បរិសុទ្ធ​របស់​យើង​អញ្ជើញ និង​ប្រកាស​ថា ៖

« បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់ ។

« ដំណាក់​នៃ​ព្រះអម្ចាស់ » ។

បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់​ធ្វើ​ឲ្យ​ការរស់​នៅ​ប្រចាំថ្ងៃ​ពិសិដ្ឋ ។ វា​ធ្វើ​ឲ្យ​យើង​ខិត​កាន់តែ​ជិត និង​រីករាយ​ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​រៀបចំ​យើង​ដើម្បី​រស់នៅ​ជាមួយនឹង​ព្រះ ជា​ព្រះវរបិតា​របស់​យើង និង​ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង ។

ក៏​ដូច​ជា​មិត្ត​របស់​ខ្ញុំ​ដែរ បងប្អូន​អាច​ឆ្ងល់​ថា តើ​ព្រះ​វរបិតា​សួគ៌​ស្រឡាញ់​បងប្អូន​ឬទេ ។ ចម្លើយ​នោះ​គឺ​លាន់ខ្ទរ​រំពង​ថា ស្រឡាញ់ ! យើង​អាច​ទទួល​អារម្មណ៍​នៃ​ក្តីស្រលាញ់​របស់ទ្រង់ នៅពេល​យើង​ធ្វើឲ្យ​បរិសទ្ធភាព​ថ្វាយ​ដល់​ព្រះ​អម្ចាស់​ប្រចាំថ្ងៃ​របស់យើង រីករាយ​ជា​រៀង​រហូត ។ សូម​ឲ្យ​ធ្វើ​ការណ៍​នេះ​នៅ​ជាដរាប ខ្ញុំ​សូម​អធិស្ឋាន​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. តាំង​ពី​សម័យ​ព្រះគម្ពីរសញ្ញា​ចាស់ យើង​ត្រូវ​បាន​បង្រៀន​ថា « ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ ហើយ​ឲ្យ​ទៅ​ជា​បរិសុទ្ធ​ចុះ ដ្បិត​យើង​ជា​បរិសុទ្ធ » ( លេវីវិន័យ ១១:៤៤ ) ។ យើង​ត្រូវ​ដើរ​ក្នុង​បរិសុទ្ធភាព​នៅ​ចំពោះ​ព្រះអម្ចាស់ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៦៩ ) ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំង​ឡាយ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៥:៣២ ) រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ( សូមមើល និក្ខមនំ ២០:៨ ) ស្លៀក​សំលៀកបំពាក់​បរិសុទ្ធ ( សូមមើល និក្ខមនំ ២៩:២៩ ) ប្រើប្រាស់​ប្រេង​ចាក់​លាប​យ៉ាង​បរិសុទ្ធ ( សូមមើល និក្ខមនំ ៣០:២៥ ) បាន​ប្រទាន​ពរ​ដោយ​ព្យាការី​បរិសុទ្ធ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០:៤៦ ) ពឹង​ផ្អែក​លើ​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:១១ ) ក្រឹត្យ​វិន័យ​ដ៏​បរិសុទ្ធ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:២០ ) និង​ទេវតា​ដ៏​បរិសុទ្ធ ( សូមមើល គោលលទ្ធិ និង​សេចក្ដី ២០:៦ ) ។ បរិសុទ្ធភាព​ថ្វាយដល់ព្រះអម្ចាស់​មាន​បំណង​ដើម្បី​ផ្ដល់​ពរ​ដល់​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។

  2. សូមមើល ម៉ូសេ ៦:៣៤ ។

  3. សូមមើល « Religion and Spirituality: Tools for Better Wellbeing ? » ប្លក់ ទី​ក្រុង ហ្គាលឡាប់ ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៣ នៅលើ​គេហទំព័រ news.gallup.com ។ « នៅ​ទូទាំង​ពិភព​លោក មនុស្ស​ដែល​មាន​ការប្តេជ្ញា​ចិត្ត​កាន់​តែ​ខ្លាំង​ខាង​វិញ្ញាណ ឬ​ខាង​សាសនា​មាន​សុខុមាលភាព​ល្អជាង​ក្នុង​ករណី​ជា​ច្រើន »—រួម​ទាំង​អារម្មណ៍​វិជ្ជមាន មានគោល​បំណង ការចូលរួម​ក្នុង​សហគមន៍ និង​ទំនាក់​ទំនង​សង្គម ( Faith and Wellness: The Worldwide Connection between Spirituality and Wellbeing [ ឆ្នាំ២០២៣ ] ទំព័រ ៤ នៅលើ​គេហទំព័រ faithandmedia.com/research/gallup ) ។

  4. បទពិសោធន៍​ដែល​បាន​ដកស្រង់​នីមួយៗ​ត្រូវ​បាន​ចែករំលែក—ជាមួយ​ការកោត​សរសើរ និង​ការដឹងគុណ​របស់​ខ្ញុំ—ជា​ពាក្យ​សម្តី​របស់​បុគ្គល​ដែល​ពាក់ព័ន្ធ និង​ដោយ​មាន​ការអនុញ្ញាត​របស់​ពួកគេ ។

  5. នៅ​ក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ យុវមជ្ឈិម​វ័យ​អាយុ ១៨–៣៥ ឆ្នាំ ( រួមទាំង​យុវមជ្ឈិមវ័យ​នៅលីវ និង​រៀបការ ) និង​មជ្ឈិមវ័យ​នៅលីវ ( អាយុ ៣៥ ដល់ ៤៥ ឆ្នាំ ) មាន​ចំនួន មួយភាគបី ( ៣២.៥ ភាគរយ ) នៃ​ចំនួន​សមាជិក​សាសនាចក្រ​សរុប ។ ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​៥៦២៣ លាន​នាក់ មាន​យុវមជ្ឈិមវ័យ​អាយុ ១៨ ឆ្នាំ​ដល់ ៣៥ ឆ្នាំ​មាន​ចំនួន​សរុប ៣៦២៥​លាន​នាក់ ( ដែល​មាន ៦៩៤០០០ បាន​រៀបការ) ហើយ​មជ្ឈិមវ័យ​នៅលីវ​អាយុ ៣៦ ឆ្នាំ ដល់ ៤៥ ឆ្នាំ​មានចំនួន​សរុប ១៩៩៨ លាន​នាក់ ។ យុវមជ្ឈិមវ័យ និង​មជ្ឈិមវ័យ​នៅលីវ​របស់​យើង​គឺ​ពូកែ ហើយ​ម្នាក់ៗ​មាន​តម្លៃ​ណាស់ ។ ម្នាក់ៗ​មាន​ដំណើរ​រឿង​រៀងៗ​ខ្លួន​អំពី​សេចក្ដី​ជំនឿ ការស្វែងរក ភាពស៊ូទ្រាំ និង​សេចក្តី​អាណិត​អាសូរ ។ គំរូ​ដែល​បាន​ចែក​រំលែក​នៅ​ទី​នេះ គឺ​តំណាង​ឲ្យ​ដំណើរ​រឿង និង​បទពិសោធន៍​ដ៏​អស្ចារ្យ​ជា​ច្រើន​ដែល​យុវមជ្ឈិមវ័យ និង​មជ្ឈិមវ័យ​នៅ​លីវ​ចែក​រំលែក នៅ​ពេល​ខ្ញុំ​ជួប​បងប្អូន​នៅ​ក្នុង​មជ្ឈដ្ឋាន និង​កាលៈទេសៈ​ជា​ច្រើន​នៅ​ទូទាំង​សាសនាចក្រ ។

  6. បច្ចុប្បន្ននេះ អ្នកផ្សព្វផ្សាយ​សាសនា​ប្រហែល ៧៧.៥០០ នាក់ កំពុង​បម្រើ​ក្នុង​បេសកកម្ម​ចំនួន ៤៥០ នៅ​ទូទាំង​ពិភពលោក ។ ចំនួន​នេះ​រួមបញ្ចូល​ទាំង​អ្នក​ផ្សព្វផ្សាយ​វ័យ​ក្មេង​ខាង​បង្រៀន អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​វ័យក្មេង និង​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង ប៉ុន្តែ​មិន​រាប់​បញ្ចូល​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​រៀមច្បង និង​អ្នកស្ម័គ្រ​ចិត្ត​រយៈ​ពេល​វែង​ចំនួន ២៧.៨០០ នាក់​នោះ​ទេ ។ ដំណើរ​រឿង​អ្នក​ផ្សព្វផ្សាយ​សាសនា​នីមួយៗ ចាប់​តាំង​ពី​ការរៀបចំ​រហូត​ដល់​ការបម្រើ និង​ការត្រឡប់​មក​វិញ គឺ​ជា​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​បុគ្គល ហើយ​ពោរពេញ​ទៅ​ដោយ​បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់ ។

    បទពិសោធន៍​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ច្រើន​ឆ្លុះ​បញ្ចាំង​ពី​គំរូ​ខាង​វិញ្ញាណ ។ នេះ​រួម​បញ្ចូល​ទាំង​ទីបន្ទាល់​បុគ្គល​ម្នាក់ៗ​អំពី​ការអញ្ជើញ និង​ការជួយ​អ្នក​ដទៃ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ និង​អំពី​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ និង​អ្នក​ផ្សព្វផ្សាយសាសនា​ផ្នែក ការប្រកាស​ដំណឹង​ល្អ​របស់​យើង ។ អ្នក​ផ្សព្វផ្សាយ​សាសនាផ្នែកការប្រកាស​ដំណឹង​ល្អ​របស់​យើង ត្រូវ​បាន​ផ្លាស់​ប្តូរ គឺ​បាន​ប្រែ​ក្លាយ​ដោយ​បទពិសោធន៍​នៃ​ទីបន្ទាល់​របស់​ពួកគេ ។ ពួកគេ​រៀន​ស្រឡាញ់​មនុស្ស​ម្នាក់ៗ ទីកន្លែង ភាសា និង​វប្បធម៌ ។ ពួកគេ​បំពេញ​ការព្យាករ ដោយ​នាំ​យក​មក​នូវ​ដំណឹង​ដ៏​រីករាយ​នៃ​ភាពពេញលេញ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ទៅ​កាន់​ប្រជាជាតិ​នានា ជាតិសាសន៍ និង​ប្រជាជន ។ ពួកគេ​ស្វែង​រក​ការណ៍ល្អ និង​រៀន​រស់​នៅ​ជាមួយ​ដៃ​គូរ​គ្រប់ៗ​គ្នា ។ ពួកគេ​ធ្វើការ​ជាមួយ​សមាជិក ថ្នាក់ដឹកនាំ និង​មិត្តភក្តិ ក្នុង​កាលៈទេសៈ និង​អ្វីៗ​ជាច្រើន​ទៀត ។

    អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក ការប្រកាស​ដំណឹង​ល្អ​របស់​យើង បណ្តុះ​ជំនឿ និង​ទំនុកចិត្ត ។ ពួកគេ​បង្កើត​ភាពជាដៃគូ​ដ៏​ពិសិដ្ឋ ។ ពួកគេ​រៀន​ថា ការស្តាប់​បង្គាប់​នាំ​មក​នូវ​ពរជ័យ និង​អព្ភូតហេតុ ។ តាម​របៀប​ផ្ទាល់ខ្លួន​ជាច្រើន​ផ្សេងទៀត ពួកគេ​ពិតជា​ក្លាយជា និង​ស្គាល់​ដោយ​សេចក្ដីសញ្ញា ៖ « ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ » ( នីហ្វៃទី៣ ៥:១៣ ) ។

  7. សមាជិក​សាសនាចក្រ​ដ៏​ស្មោះត្រង់ និង​ក្លាហាន​បំផុត​របស់​យើង បងប្អូនស្រី និង​បង​ប្អូន​ប្រុស​មួយ​ចំនួន ឃើញ​ថា ខ្លួន​ឯង​កំពុង​ប្រឈម​នឹង​ស្ថានភាព​ដែល​ពួកគេ​មិន​ដែល​បាន​រំពឹងទុក និង​មិន​ដែល​បាន​ជ្រើសរើស​ឡើយ ។ ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​ទាំង​នេះ​បន្ត​ដំណើរ​ជា​រៀងរាល់​ថ្ងៃ ដោយ​រង់​ចាំ​ព្រះអម្ចាស់​ជា​រឿយៗ ។ ព្រះអម្ចាស់​ជ្រាប​អំពី​មនុស្ស​ម្នាក់ៗ ហើយ​ដូច​ដែល​គំរូ​នេះ​ចែកចាយ​យ៉ាង​ទន់ភ្លន់ អំពី​បំណង​ប្រាថ្នា​ដើម្បី​លើក​ទឹកចិត្ត និង​ពង្រឹង​យើង​ម្នាក់ៗ​តាម​ពេលវេលា និង​របៀប​របស់​ទ្រង់ ។

  8. មាន​ការចង់បាន​ច្រើន​សម្រាប់​ទំនាក់ទំនង​ជាមួយ​ឪពុកម្តាយ និង​កូន ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ស្ថានភាព​នីមួយៗ​ដែល​ទោះបី​វា​បាន​កន្លង​មក​អស់​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ក៏​ដោយ ក៏​ការ​ផ្សះផ្សា ការ​អភ័យទោស និង​កម្មសិទ្ធិ​នៃ​សេចក្តីសញ្ញា​ត្រូវ​បាន​បង្កើត ឬ​ស្ដារ​ឡើង​វិញ ។ ស្ត្រី​ដ៏​ល្អ​ម្នាក់​នេះ​មិន​ចង់​ឲ្យ​អ្នក​ណា​គិត​អាក្រក់​ពី​ឪពុក​ឡើយ ។ គាត់​និយាយ​ថា « គាត់​គឺ​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ និង​ស្មោះត្រង់ និង​ជា​ឪពុក​ដ៏​ល្អ​ម្នាក់ » ។

  9. ភាព​ខុស​គ្នា​នៃ​ការចិញ្ចឹម​បីបាច់​ថែរក្សា​កូន​គឺ​ថា កូនៗ​មាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​អាស្រ័យ​ទៅ​តាម​ការចិញ្ចឹម​បីបាច់ ប៉ុន្តែ​ជា​ធម្មតា​ពួកគេ​ចងចាំ​តិចតួច​នៅ​ឆ្នាំ​ដំបូងៗ នៅ​ពេល​ដែល​ម្តាយ​របស់​ពួកគេ ធ្វើ​ជា​ម្តាយ​ដែល​មិនចេះនឿយហត់ ម្តាយ​ដែល​មិន​គិត​ពី​ខ្លួន​ឯង ។ ពាក្យ​សម្តី​មិន​អាច​បង្ហាញ​ឲ្យ​បាន​គ្រប់គ្រាន់​ឡើយ​អំពី​ការពិត​ថា ការយល់ដឹង សេចក្តីស្រឡាញ់ និង​ការដឹងគុណ​របស់​ខ្ញុំ​ចំពោះ​ឪពុក និង​ម្តាយ​របស់​ខ្ញុំ​បាន​ពង្រីក និង​កាន់​តែ​ស៊ី​ជម្រៅ នៅ​ពេល​ដែល​ខ្ញុំ​បាន​ក្លាយ​ជា​ប្តី ជា​ឪពុក និង​ជីតា ។ ដោយឆ្លុះ​បញ្ចាំង​ពី​លក្ខណៈ​តជំនាន់​នៃ​ផែនការ​នៃ​សុភមង្គល យើង​អាច​មើល​ឃើញ​តាម​រយៈ​កញ្ចក់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នៃ​ភាពអស់កល្បជានិច្ច ឃើញ​ខ្លួន​យើង​ជា​ម្តាយ ជា​ជីដូន ជាជីដូនទូត​នៅ​ក្នុង​ទិស​ដៅ​មួយ​ទៀត ជាកូនស្រី ចៅស្រី ចៅស្រីទូត ក្នុង​ទិស​ដៅ​ផ្សេង​ទៀត ។

  10. សព្វ​ថ្ងៃ​នេះ ប្រហែល ៦០ ភាគរយ​នៃ​សមាជិក​សាសនាចក្រ​ទូទាំង​ពិភពលោក​រស់នៅ​ក្នុង​ចម្ងាយ ៥០ ម៉ាយ ( ៨០ គីឡូម៉ែត្រ ឬ​ប្រហែល​មួយ​ម៉ោង​ក្នុង​ការធ្វើ​ដំណើរ​នៅ​កន្លែង​ជាច្រើន ) ពី​ដំណាក់​របស់​ព្រះអម្ចាស់ ។ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ពេល​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ប្រកាស​ត្រូវ​បាន​បញ្ចប់ សមាជិក​សាសនាចក្រ​ប្រហែល​បី​ភាគ​បួន នឹង​រស់​នៅ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ពី​ដំណាក់​របស់​ព្រះអម្ចាស់ ។ អាស្រ័យ​ទៅ​លើ​កាលៈទេសៈ សង្ឃឹម​ថា ចម្ងាយ​ជិត​ល្មម​គ្រប់គ្រាន់​ដើម្បី​យើង​មក​រក​ព្រះអម្ចាស់​ជា​ញឹកញាប់​នៅ​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ហេតុ​នេះ សូម​មាន​ពរជ័យ​ដល់​ជំនាន់​នៃ​សមាជិក​គ្រួសារ​ដ៏​មាន​តម្លៃ ព្រមទាំង​ខ្លួន​យើង និង​កូនចៅ​របស់​យើង​ផងដែរ ។

  11. នៅ​លើ​ព្រះវិហារ​បរិសុទ្ធ​របស់​យើង បទដ្ឋាន​នៃ​ការឆ្លាក់​គឺ « បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់ ដំណាក់​នៃ​ព្រះអម្ចាស់ » ។ ព្រះវិហារបរិសុទ្ធ​មួយ​ចំនួន រួមបញ្ចូល​នូវ​ការឆ្លាក់​ច្រើន​ជាង​នេះ ដូច​ជា​ការបន្ថែម​ឈ្មោះ​សាសនាចក្រ ។ ព្រះវិហារ​បរិសុទ្ធ​មួយ​ចំនួន​មាន​ការឆ្លាក់​បញ្ច្រាស ៖ « ដំណាក់​នៃ​ព្រះអម្ចាស់ បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់ » ( នៅ​អាត្លង់តា ឡូស អាន់ជើឡែស និង សាន់ឌីអាហ្គូ នៅក្នុង​សហរដ្ឋ ) ។ ការឆ្លាក់​នៅ​ព្រះវិហារបរិសុទ្ធ ឡូហ្គិន រដ្ឋយូថាហ៍ សរសេរ​យ៉ាង​សាមញ្ញ​ថា « បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់ » ។