សន្និសីទទូទៅ
អ្នក​រាល់​គ្នា​ជា​មិត្ត​របស់​យើង
សន្និសីទ​ទូទៅ​ខែតុលា ឆ្នាំ​២០២៤


អ្នក​រាល់​គ្នា​ជា​មិត្ត​របស់​យើង

ការប្រកាស​របស់​ព្រះអង្គសង្រ្គោះ​ថា « អ្នក​រាល់គ្នា​ជា​មិត្ត​របស់​យើង » ជា​ការហៅ​ដ៏​ច្បាស់​មួយ​ដើម្បី​បង្កើត​ទំនាក់ទំនង​កាន់តែ​ខ្ពស់ និង​បរិសុទ្ធ​ជាង​មុន ក្នុង​ចំណោម​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ។

នៅក្នុង​ពិភព​លោក​ដែល​ពោរពេញ​ទៅ​ដោយ​ការឈ្លោះ​ទាស់ទែងគ្នា និង​ការបែងចែក ដែល​ការថ្លែង​បញ្ចេញ​យោបល់​ត្រូវ​បាន​ជំនួស​វិញ​ដោយ​ការវិនិច្ឆ័យ និង​ការមើលងាយ ហើយ​ចំណង​មិត្តភាព​ត្រូវ​បាន​កំណត់​ដោយ​ ពួក​ដែល​មាន​ការអនុវត្តន៍​តាម​ទស្សនៈ​ណាមួយ និង​ពួក​ដែល​ដើរតាម​បុគ្គល ឬ​គំនិត​ណាមួយ ។ ខ្ញុំ​បាន​ដឹង​ថា មាន​គំរូ​ដ៏​ច្បាស់លាស់ សាមញ្ញ និង​ដ៏ទេវភាពមួយ ​ដែល​យើង​អាច​ស្វែងរកបាន​នូវ​សាមគ្គីភាព សេចក្តី​ស្រឡាញ់ និង​ការមាន​ចំណែក ។ គំរូ​នោះ​គឺជា​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺ​ជា​អង្គ​បង្រួបបង្រួម​ដ៏​អស្ចារ្យ ។

យើង​គឺជា​មិត្ត​របស់​ទ្រង់

ក្នុង​ខែ​ធ្នូ ឆ្នាំ​១៨៣២ នៅពេល​ដែល « ការលេចឡើង​នៃ​បញ្ហា​ក្នុង​ចំណោម​ជាតិសាសន៏​ទូទៅ​ទាំង​ពិភពលោក » ដែល​ត្រូវ​បាន « មើល​ឃើញ​កាន់តែ​ច្បាស់ »ជាង​ពេលណាៗ​ទាំងអស់​ចាប់តាំងពី​ការរៀបចំ​ឡើង​នៃ​សាសនាចក្រ នោះ​ថ្នាក់​ដឹកនាំ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ បាន​ប្រមូលផ្តុំគ្នា​សម្រាប់​សន្និសីទ​មួយ ។ ពួកលោក​បាន​អធិស្ឋាន « ដោយ​រៀងៗខ្លួន និង​ដោយ​សំឡេង​ឮៗ​ទៅកាន់​ព្រះអម្ចាស់ ឲ្យ​បង្ហាញ​ពីព្រះឆន្ទៈ​របស់​ទ្រង់​ទៅដល់ [ ពួកលោក ] »នៅក្នុង​ការទទួល​ស្គាល់​ការអធិស្ឋាន​របស់​សមាជិក​ដ៏ស្មោះត្រង់​ទាំងនេះ​ក្នុង​អំឡុងពេល​មាន​ឧបសគ្គ​លំបាក​ដ៏ខ្លាំង​នេះ នោះ​ព្រះអម្ចាស់​បាន​លួងលោម​ដល់​ពួកលោកព្រមទាំង​មាន​បន្ទូល​ទៅកាន់​ពួក​បរិសុទ្ធ​បីដង​ជាមួយនឹង​ពាក្យពេចន៍ដ៏​មាន​ឥទ្ធិពល​បីម៉ាត់គឺ ៖ « មិត្ត​របស់​យើង » ។

ជាយូរយារ​មកហើយ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ហៅ​អ្នកដើរ​តាម​ដ៏ស្មោះត្រង់​របស់​ទ្រង់​ថា ជា​មិត្ត​របស់​ទ្រង់ ។ នៅក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា ព្រះអង្គ​សង្គ្រោះ​ប្រើ​ពាក្យ មិត្ត ចំនួន​ដប់បួន​ដងដើម្បី​កំណត់ពី​ទំនាក់ទំនង​ដ៏ពិសិដ្ឋ និង​ដ៏គួរឲ្យ​ស្រឡាញ់​នេះ ។ ខ្ញុំ​មិន​សំដៅ​លើ​ពាក្យ មិត្ត ដែល​ពិភពលោក​កំណត់ឲ្យ​វា—ដែល​អាស្រ័យ​ទៅលើ​អ្នក​តាមដាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ការចុច « ចូលចិត្ត » នោះទេ ។ ទំនាក់ទំនង​ដ៏ពិសិដ្ឋ និង​ដ៏គួរឲ្យ​ស្រឡាញ់​នេះ​មិន​អាច​រាប់​​តែ​នៅក្នុង hashtag ឬ​ចំនួន​តួលេខ​នៅលើ​ប្រព័ន្ធ Instagram ឬ​ប្រព័ន្ធ X នោះទេ ។

ជា​ការពិតណាស់ កាលពី​នៅ​ជាក្មេង​ជំទង់ ខ្ញុំ​ចងចាំ​ការសន្ទនា​ដ៏​គួរឲ្យ​ភ័យខ្លាច​នៅពេល​ដែល​ខ្ញុំ​បាន​ឮពាក្យ​ឈឺចាប់​ទាំងនោះ « តើ​យើង​អាច​ក្លាយ​ត្រឹមជា​មិត្ត​បានទេ? » ឬ « សូម​នៅ​ត្រឹមតែ​ជាមិត្ត​បាន​ហើយ » ។ គ្មាន​កន្លែង​ណា​នៅក្នុង​ព្រះគម្ពីរ​ដែល​យើង​ឮ​ទ្រង់​មាន​បន្ទូល​ថា « អ្នក​គ្រាន់តែ​ជា​មិត្ត​របស់​យើង » ។ លើសជាងនេះ ទ្រង់​បាន​បង្រៀនថា « គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ » ។ ហើយ « អ្នក​រាល់​គ្នា​នេះ​ហើយ ជា​ពួក​អ្នក​ដែល​ព្រះ​វរបិតា​របស់​យើង​បាន​ប្រទាន​ដល់​យើង អ្នក​រាល់​គ្នា​ជា​មិត្ត​របស់​យើង » ។

អារម្មណ៍​នេះ​គឺ​ល្អ​ត្រចង់​ណាស់​ថា ៖ ព្រះអង្គ​សង្គ្រោះ​ស្គាល់​យើង​ម្នាក់ៗ និង​មើលថែ​យើង​ទាំងអស់គ្នា ។ ការយកចិត្ត​ទុកដាក់​មើលថែ​នេះ​មិនមែន​ជារឿង​តិចតួច ឬ​មិន​សំខាន់​នោះទេ ។ ផ្ទុយ​ទៅវិញ វា​គឺជា​ការលើកតម្កើង លើកកម្ពស់ និង​អស់កល្ប​ជានិច្ច ។ ខ្ញុំ​មើលឃើញ​ការប្រកាស​របស់​ព្រះអង្គសង្រ្គោះ « អ្នក​រាល់គ្នា​ជា​មិត្ត​របស់​យើង »ថា​ជា​ការហៅ​ដ៏​ច្បាស់​មួយ​ដើម្បី​បង្កើត​ទំនាក់ទំនង​កាន់តែ​ខ្ពស់ និង​បរិសុទ្ធ​ជាង​មុន ក្នុង​ចំណោម​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ « ដើម្បី​ឲ្យ​យើង​អាច​ទៅ​ជាមួយ » ។ យើង​ធ្វើ​ដូចនេះ​នៅពេល​ដែល​យើង​រួមគ្នា​ស្វែងរក​ទាំង​ឱកាស​ដើម្បី​បង្រួបបង្រួម និង​អារម្មណ៍​នៃ​ភាព​មាន​ចំណែក​សម្រាប់​មនុស្ស​ទាំងអស់ ។

យើង​រួមគ្នា​តែមួយ​នៅក្នុង​ទ្រង់

ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ការណ៍​យ៉ាង​ល្អនេះ​នៅក្នុង​ការអញ្ជើញ​របស់​ទ្រង់​ឲ្យ « ចូរ​មក​តាម​ខ្ញុំ » ។ ទ្រង់​បាន​ជ្រើសរើស​យក​អំណោយ និង​គុណលក្ខណៈ​ជាបុគ្គល​នៃ​ក្រុម​ចម្រុះ​នៃ​អ្នកដើរតាម​ដើម្បី​ហៅ​ឲ្យ​ធ្វើ​ជា​សាវក​របស់​ទ្រង់ ។ ទ្រង់​បាន​ហៅ​អ្នកនេសាទ ជា​អ្នក​ឧស្សាហ៍ បងប្អូន​ប្រុស​ដែល​គេស្គាល់​ថាជា​អ្នក​ដែល​មាន​បុគ្គលិក​លក្ខណៈ​មុតមាំ និង​សូម្បីតែ​អ្នក​ប្រមូលពន្ធ ។ ជំនឿ​នៅលើ​ព្រះអង្គ​សង្គ្រោះ និង​បំណងប្រាថ្នា​របស់​ពួកគេ​ដើម្បី​ខិតទៅ​ជិត​នឹង​ទ្រង់​បាន​បង្រួបបង្រួម​ពួកគេ ។ ពួកគេ​បាន​ស្វែងរក​ការណែនាំ​ដ៏​ទេវភាព​ពីទ្រង់ បាន​ទទួល​ឥទិ្ធពល​ពី​ព្រះ​តាមរយៈ​ទ្រង់ ហើយ « ពួកគេ​ក៏​ទុក​សំណាញ់​ចោល ទៅ​តាម​ទ្រង់​ភ្លាម » ។

ខ្ញុំ​ក៏​បាន​មើល​ឃើញ​ពីរបៀប​ដែល​ការស្ថាបនា​ទំនាក់ទំនង​ដ៏ខ្ពស់ជាង និង​ដ៏បរិសុទ្ធ​ជាង​នាំឲ្យ​យើង​មក​រួមគ្នា​តែមួយ​ដែរ ។ ភរិយា​របស់ខ្ញុំ ជេនីហ្វឺ និង​ខ្ញុំ​មាន​ពរជ័យ​ក្នុង​ការចិញ្ចឹម​កូន​ទាំងប្រាំ​របស់យើង​នៅក្នុង​ទីក្រុង​ញូវយ៉ក ។ នៅក្នុង​ទីក្រុង​ដ៏មមាញឹក​នោះ យើង​បាន​បង្កើត​ទំនាក់ទំនង​ដ៏មាន​តម្លៃ និង​ពិសិដ្ឋ​ជាមួយ​អ្នកជិតខាង មិត្តភក្តិ​ពីសាលា សហការី​អាជីវកម្ម ថ្នាក់ដឹកនាំ​សាសនា និង​មិត្ត​ដែលជា​ពួកបរិសុទ្ធ ។

នៅ​ខែ​ឧសភា ឆ្នាំ​២០២០ នៅពេល​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះនឹង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ជាសកល សមាជិក​នៃ​គណៈកម្មាធិការ​មេដឹកនាំ​សាសនា​នានា​នៅ​ទីក្រុង​ញូវយ៉ក​បាន​ជួបជុំគ្នា​ដោយ​ភ្លាមៗ​តាមរយៈ​ការប្រជុំ​ពីចម្ងាយ ។ មិន​មាន​របៀបវារៈ​ទេ ។ មិន​មាន​ភ្ញៀវ​ពិសេស​ទេ ។ គ្រាន់តែ​ជា​សំណើ​ដើម្បី​មក​រួមគ្នា និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈមមុខ​ដែល​យើង​កំពុង​ជួបប្រទះ​ក្នុង​នាមជា​ថ្នាក់ដឹកនាំ​សាសនា ។ មជ្ឈមណ្ឌល​សម្រាប់​ត្រួតពិនិត្យ​ជំងឺ​ទើបតែ​បាន​រាយការណ៍​ថា ទីក្រុង​របស់យើង​គឺជា​ចំណុច​កណ្តាល​នៃ​ជំងឺរាតត្បាត កូវីដ-១៩ នៅក្នុង​សហរដ្ឋ​អាមេរិក ។ នេះ​មាន​ន័យថា​មិន​មាន​ការប្រមូលផ្តុំគ្នា​ទៀតទេ ។ មិន​មាន​ការមក​ជួបជុំគ្នា​ទៀតទេ ។

សម្រាប់​ថា្នក់ដឹកនាំ​សាសនា​ទាំងនេះ ការដក​ចេញ​នូវ​ការ​បម្រើ​ផ្ទាល់ខ្លួន ការជួប​ប្រជុំ​ពួកជំនុំ និង​ការថ្វាយបង្គំ​ប្រចាំ​សប្តាហ៍​គឺជា​ការប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​មួយ ។ ក្រុម​តូច​របស់​យើង—ដែល​រួមមាន​អ្នក​ដែល​មាន​តំណែង​ខ្ពស់បំផុត​ក្នុង​សាសនា​កាតូលិក បព្វជិត​សាសនា​កាតូលិក អ្នកបង្រៀន​ច្បាប់​សាសន៍​យូដា អ្នកសូត្រធម៍​នៅក្នុង​សាសនា​អ៊ីស្លាម គ្រូគង្វាល អ្នកបព្វជិត​ក្នុង​សាសនា​ប្រូតេស្តង់ និង​អែលឌើរ—បាន​មក​ស្តាប់ លួងលោម និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ។ ជំនួសឲ្យ​ការផ្តោតលើ​ភាពខុសគ្នា​របស់​យើង នោះ​យើង​បាន​យល់ដឹង​ពី​អ្វី​ដែល​យើង​មាន​ដូចគ្នា​វិញ ។ យើង​បាន​និយាយ​អំពី​លទ្ធភាព និង​បន្ទាប់​មក​អ្វី​ដែល​អាច​នឹង​កើតឡើង ។ យើង​បាន​រួបរួមគ្នា និង​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​សេចក្តី​ជំនឿ និង​អនាគត ។ ហើយ​ក្រោយមក យើង​បាន​អធិស្ឋាន​ ។ មែនហើយ ពួកយើង​បាន​អធិស្ឋាន​យ៉ាង​ក្លៀវក្លា ។

នៅក្នុង​ទីក្រុង​ចម្រុះ​ដ៏សម្បូរបែប​មួយ​ដែល​ពោរពេញ​ទៅដោយ​ភាពស្មុគស្មាញ និង​មាន​វប្បធម៌​មិន​ចុះសម្រុងគ្នា យើង​បាន​មើល​ឃើញ​ភាពខុសគ្នា​របស់​យើង​រសាយបាត់ទៅ នៅពេល​យើង​រួមគ្នាជា​មិត្តភក្តិ​ដែល​មាន​សំឡេង​តែមួយ គោលបំណង​តែមួយ និង​ការអធិស្ឋាន​តែមួយ ។

យើង​លែង​អង្គុយ​ទល់មុខ​សម្លឹងដាក់​គ្នា​​ទៀតហើយ តែ​សម្លឹង​មើលទៅ​ឋានសួគ៌​ជាមួយគ្នា​វិញ ។ យើង​បាន​ចាកចេញ​ពី​ការប្រជុំ​បន្តបន្ទាប់​ដោយ​កាន់តែ​រួបរួមគ្នា ហើយ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី « ធ្វើ » កិច្ចការ​បម្រើ​របស់យើង ។ លទ្ធផល​នៃ​ការសហការ​គ្នា និង​សេវាកម្ម​ដែល​ផ្តល់​ដល់​ប្រជាជន​នៅ​ទីក្រុង​ញូវយ៉ក​រាប់ពាន់​នាក់​បាន​បង្រៀន​ខ្ញុំថា វា​តែងតែ​មាន​អ្វី​ជាច្រើន​ដែល​បង្រួបបង្រួម​យើង ជាជាង​ការបែងចែក​យើង​នៅក្នុង​ពិភពលោក​ដែល​តែងតែ​ផ្តោតទៅលើ​ការបែងចែក ការឃ្លាតឆ្ងាយ និង​ការផ្តាច់ចេញ​នោះ​ទៅទៀត ។ ព្រះអម្ចាស់​បាន​អង្វរ​ថា « ចូរ​រួមគ្នា​តែ​មួយ ហើយ​បើសិន​ជា​អ្នក​រាល់គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​ពុំមែន​ជា​របស់​ផង​យើង​ឡើយ » ។

បងប្អូន​ប្រុសស្រី យើង​ត្រូវ​ឈប់​ស្វែងរក​ហេតុផល​ដើម្បី​បែងចែក ហើយ​ស្វែងរក​ឱកាស​ដើម្បី « រួមគ្នា​តែមួយ » វិញ ។ ទ្រង់​បាន​ប្រទានពរ​ដល់​យើង​ជាមួយ​នឹង​អំណោយ និង​គុណលក្ខណៈ​ពិសេសៗ​ដែល​អញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រ​ពីគ្នា​ទៅវិញ​ទៅមក និង​ការរីកចម្រើន​ផ្ទាល់ខ្លួន ។ ខ្ញុំ​តែងតែ​ប្រាប់​និស្សិត​នៅ​សាកល​វិទ្យាល័យ​របស់​ខ្ញុំថា ប្រសិនបើ​ខ្ញុំ​ធ្វើអ្វី​ដែល​ប្អូនៗ​ធ្វើ ហើយ​ប្អូនៗ​ធ្វើអ្វី​ដែល​ខ្ញុំធ្វើ នោះ​យើង​លែង​ត្រូវការ​គ្នា​ទៀតហើយ ។ ប៉ុន្តែ​ដោយសារ​តែ​ប្អូនៗ​មិន​ធ្វើអ្វី​ដែល​ខ្ញុំធ្វើ ហើយ​ខ្ញុំ​មិន​ធ្វើអ្វី​ដែល​ប្អូនៗ​ធ្វើ ដូច្នោះ​យើង​ត្រូវការគ្នា​ទៅវិញ​ទៅមក ។ ហើយ​តម្រូវការ​នោះ​នាំ​ឲ្យ​យើង​មក​រួបរួម​ជាមួយគ្នា ។ ការបែងចែក និង​យកឈ្នះ​គឺជា​ផែនការ​របស់​មាសត្រូវ ដើម្បី​បំផ្លាញ​ចំណង​មិត្តភាព គ្រួសារ និង​សេចក្តី​ជំនឿ ។ មានតែ​ព្រះអង្គ​សង្គ្រោះទេ​ដែល​ជា​អង្គ​បង្រួបបង្រួម ។

យើង​គឺជា​របស់​ផង​ទ្រង់

ពរជ័យ​មួយ​ក្នុង​ចំណោម​ពរជ័យ​ដែល​បាន​សន្យា​នៃ « ការ​រួមគ្នា​តែមួយ » គឺ​ជា​អារម្មណ៍​នៃ​ភាព​មាន​ចំណែក​ដ៏​មាន​ឥទ្ធិពល ។ អែលឌើរ ឃ្វីនថិន អិល ឃុក បាន​បង្រៀន​ថា « ខ្លឹមសារ​នៃ​ការចូលរួម​ដ៏​ពិត​គឺ ការរួមគ្នា​តែមួយ​នឹង​ព្រះគ្រីស្ទ » ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្មីៗ​មួយ​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​ទៅកាន់​ប្រទេស​អាហ្រ្វិក​ខាង​លិច​នៃ​ប្រទេស​ហ្គាណា ខ្ញុំ​បាន​ចាប់អារម្មណ៍​ជាមួយ​នឹង​ទំនៀមទម្លាប់​ក្នុង​ស្រុក​មួយ ។ នៅពេល​មក​ដល់​ព្រះវិហារ ឬ​ផ្ទះ យើង​ត្រូវបាន​ស្វាគមន៍​ដោយ​ពាក្យថា « សូម​ស្វាគមន៍​អ៊ែលឌើរ បាកណឺ និង​ក្រុមគ្រួសារ » ។ នៅពេល​ដែល​អាហារ​ត្រូវបាន​លើក​មក នោះ​ម្ចាស់ផ្ទះ​នឹង​ប្រកាសថា « សូម​អញ្ជើញ​អ៊ែលឌើរ បាកណឺ និង​ក្រុមគ្រួសារ » ។ ការស្វាគមន៍​ដ៏សាមញ្ញ​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​មាន​គោលបំណង និង​ដោយ​មាន​ចេតនា ។ សូម​ស្វាគមន៍​អ៊ែលឌើរ បាកណឺ និង​ក្រុមគ្រួសារ ។ សូម​អញ្ជើញ​អ៊ែលឌើរ បាកណឺ និង​ក្រុមគ្រួសារ ។

យើង​ដាក់​សេចក្តី​ប្រកាស​ដ៏ពិសិដ្ឋ​ស្រដៀងគ្នា​នេះ​នៅលើ​ខ្លោងទ្វារ​សាលា​ប្រជុំ​របស់​យើង​ដូចគ្នា ។ ប៉ុន្តែ​ស្លាក​សញ្ញា សូម​ស្វាគមន៍​ភ្ញៀវ ប៉ុណ្ណឹង គឺ​មិន​គ្រប់គ្រាន់​នោះទេ ។ តើ​យើង​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ទៅដល់​អស់អ្នក​ទាំងឡាយ​ដែល​ចូលមក​តាមទ្វារ​នោះ​ដែរឬទេ ? បងប្អូន​ប្រុសស្រី វា​មិន​គ្រប់គ្រាន់ទេ​ដោយ​គ្រាន់តែ​អង្គុយ​នៅលើ​កៅអី​ក្នុង​សាលា​ប្រជុំ​នោះ ។ យើង​ត្រូវតែ​ធ្វើតាម​ការហៅ​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ស្ថាបនា​ទំនាក់ទំនង​ឲ្យ​កាន់តែ​ខ្ពស់ជាង និង​បរិសុទ្ធជាង​ជាមួយ​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ ។ យើង​ត្រូវតែ​រស់នៅ​ស្របតាម​សេចក្តី​ជំនឿ​របស់​យើង ! ឪពុក​របស់​ខ្ញុំ​ជាញឹកញាប់​បាន​រំឭក​ខ្ញុំថា​ការដេក​នៅក្នុង​កន្លែង​ដាក់​ឡាន​មិន​ធ្វើឲ្យ​អ្នក​ក្លាយ​ជារថយន្ត​ទេ ដូច​គ្នា​ផងដែរ ការដែល​គ្រាន់តែ​អង្គុយ​ក្នុង​ព្រះវិហារ​នៅ​ថ្ងៃអាទិត្យ​មិន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​គ្រិស្ទបរិស័ទ​ល្អ​នោះឡើយ​ ។

យើង​ត្រូវតែ​រស់នៅ​ក្នុង​ជីវិត​របស់​យើង ដើម្បី​ឲ្យ​ពិភពលោក​កុំមើល​ឃើញ​យើង ប៉ុន្តែ​មើល​ឃើញ​ទ្រង់​តាមរយៈ​គំរូ និង​សកម្មភាព​របស់​យើង​វិញ ។ ការណ៍​នេះ​មិនមែន​កើតឡើង​តែនៅ​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ​ទេ ។ វា​កើតឡើង​នៅ​ហាង​លក់​គ្រឿងទេស កន្លែង​បញ្ចូល​ហ្គាស ការប្រជុំ​នៅ​សាលា ការជួបជុំគ្នា​ជាមួយ​អ្នកជិតខាង—គ្រប់​ទីកន្លែង​ទាំងអស់​ដែល​សមាជិក​បាន​ទទួល និង​មិនបាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នៃ​គ្រួសារ​របស់យើង​ធ្វើការ និង​រស់នៅ ។

ខ្ញុំ​ថ្វាយបង្គំ​នៅ​ថ្ងៃអាទិត្យ​ជា​ការរំឭក​មួយថា យើង​ត្រូវការ​គ្នាទៅ​វិញទៅមក ហើយ​ទាំងអស់គ្នា​យើង​ត្រូវការ​ព្រះអង្គ ។ អំណោយ និង​ទេពកោសល្យ​ដ៏ពិសេសៗ​របស់​យើង​ដែល​ធ្វើឲ្យ​យើង​ខុសប្លែក​ពី​លោកិយ​នេះ បង្រួបបង្រួម​យើង​នៅក្នុង​កន្លែង​ដ៏ពិសិដ្ឋ​មួយ ។ ព្រះអង្គ​សង្គ្រោះ​បាន​ហៅ​ឲ្យ​យើង​យកអាសាគ្នា​ទៅវិញ​ទៅមក លើក​កម្ពស់​គ្នាទៅវិញ​ទៅមក និង​ស្អាង​គ្នាទៅវិញ​ទៅមក ។ នេះ​ជាអ្វី​ដែល​ទ្រង់​បាន​ធ្វើ​នៅពេល​ទ្រង់​បាន​ព្យាបាល​ស្ត្រីម្នាក់​ដែល​មាន​ជំងឺ​ធ្លាក់​ឈាមបាន​សម្អាត​មនុស្ស​ឃ្លង់​ម្នាក់​ដែល​បាន​ទូលអង្វរ​សុំ​ក្តីមេត្តា​ពីទ្រង់បាន​ទូន្មាន​ដល់​កម្លោះ​អ្នកមាន​ម្នាក់​ដែល​បាន​ទូលសួរ​ថា តើ​គាត់​អាច​ធ្វើអ្វី​បន្ថែម​ទៀតនីកូដេម​ជាទីស្រឡាញ់​ដែល​បានដឹង ប៉ុន្តែ​ធ្លាក់ចុះ​នៅក្នុង​សេចក្តី​ជំនឿ​របស់​លោកនិង​បាន​អង្គុយ​ជាមួយ​ស្ត្រី​នៅឯ​អណ្តូងទឹក​ដែល​មិន​សម​នឹង​ទំនៀមទម្លាប់​នៃ​សម័យកាល​នោះទេ ប៉ុន្តែ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ប្រកាស​ប្រាប់ពី​បេសកកម្ម​ព្រះមែស៊ី​របស់ទ្រង់ ។ ការណ៍​នេះ​សម្រាប់​ខ្ញុំ​គឺជា​សាសនាចក្រ—ជា​កន្លែង​នៃ​ការប្រមូលផ្តុំ និង​ការស្តារឡើងវិញ កែខៃ និង​ផ្តោត​ការយកចិត្ត​ទុកដាក់​ឡើងវិញ ។ ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀនថា « សំណាញ់​ដំណឹងល្អ​គឺជា​សំណាញ់​ដ៏ធំ​បំផុត​នៅក្នុង​ពិភពលោក​នេះ ។ ព្រះ​បាន​អញ្ជើញ​មនុស្ស​ទាំងអស់​​គ្នា​ឲ្យ​មក​រក​ទ្រង់ ។… ដំណឹងល្អមាន​កន្លែង​សម្រាប់​មនុស្ស​គ្រប់គ្នា » ។

បងប្អូន​ខ្លះ​ប្រហែលជា​ធ្លាប់​មាន​បទពិសោធន៍​ដែល​ធ្វើឲ្យ​បងប្អូន​មាន​អារម្មណ៍ថា បងប្អូន​មិនមាន​ចំណែក​នោះ​ឡើយ ។ សារលិខិត​របស់​ព្រះអង្គសង្រ្គោះ​គឺ​ដូចគ្នា​សម្រាប់ខ្ញុំ និង​បងប្អូន​ ៖ « អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក» ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​អំណាច​ដើម្បី​បង្រួប​បង្រួម​យើង ។ ការមក​កាន់​សាសនាចក្រ​ផ្តល់ឲ្យ​យើង​នូវ​សេចក្តី​សង្ឃឹម​សម្រាប់​ថ្ងៃ​ដ៏ល្អប្រសើរ ការសន្យា​ដែល​ថា​បងប្អូន​មិន​នៅតែ​ម្នាក់ឯង​ឡើយ និង​ក្រុមគ្រួសារ​ដែល​ត្រូវការ​យើង​ខ្លាំងដូចជា​យើង​ត្រូវការ​ពួកគេ​ដែរ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បញ្ជាក់ថា « ការមានចិត្ត​តែមួយ​នឹង​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​ការគ្មាន​សង្ស័យ​ចំពោះ​ភាពមាន​ចំណែក​ដ៏​ខ្ពង់ខ្ពស់​នេះ ។ ចំពោះ​អស់អ្នក​ទាំងឡាយណា​ដែល​បាន​ដើរចេញ ហើយ​កំពុង​ស្វែងរក​ឱកាស​ដើម្បី​ត្រឡប់​មកវិញ ខ្ញុំ​សូម​ផ្តល់​ជូន​នូវ​សេចក្តីពិត និង​ការអញ្ជើញ​ដ៏អស់កល្ប​មួយ ៖ បងប្អូន​មាន​ចំណែក ។ សូម​ត្រឡប់​មក​វិញ ។ គឺ​ដល់​ពេលវលា​ហើយ ។

នៅក្នុង​ពិភពលោក​ដ៏ចម្រូងចម្រាស និង​បែងចែក​មួយ​នេះ ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ គឺជា​អង្គ​បង្រួបបង្រួម​ដ៏អស្ចារ្យ ។ ខ្ញុំ​សូម​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យមាន​ភាពសក្តិសម​នឹង​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី « រួមគ្នា​តែមួយ »ហើយ​ប្រកាស​យ៉ាង​ក្លៀវក្លា​ដូច​ដែល​ទ្រង់​បាន​ប្រកាស​ថា « អ្នក​រាល់​គ្នា​ជា​មិត្ត​របស់​យើង » ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។