សន្និសីទទូទៅ
ចូរ​ឲ្យ​ជា​ស្អាត​ចុះ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


9:43

ចូរ​ឲ្យ​ជា​ស្អាត​ចុះ

ការប្រែចិត្ត​ប្រចាំថ្ងៃ​អនុញ្ញាត​ឲ្យ​យើង​ស្គាល់​ការណែនាំ​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

កាល​ខ្ញុំ​អាយុ​ប្រហែល​ប្រាំ​ឆ្នាំ ខ្ញុំ​បានលេង​ទាត់បាល់​ជាមួយ​មិត្តភក្តិ​ខ្ញុំ​នៅ​ខាងក្រោយ​ព្រះវិហារ​ក្នុង​ភូមិ​តូច​របស់​ខ្ញុំនៅ Côte d’Ivoire ។ ខ្ញុំ​ចងចាំ​យ៉ាងច្បាស់​នូវ​ការហៅ​របស់​គ្រូគង្វាល​ប្រាប់​ទៅ​ក្រុម​ជំនុំ​របស់​គាត់​ឲ្យ​សម្អាត​សម្លៀកបំពាក់​របស់​ពួកគេ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការមក​ដល់​របស់​ព្រះអង្គ​សង្គ្រោះ ។ ដោយសារ​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​ទទួល​យក​ការហៅ​នេះ​តាម​ន័យ​ត្រង់ ។ ខ្ញុំ​បានរត់​ទៅ​ផ្ទះ​យ៉ាងលឿន​តាម​ដែល​ខ្ញុំ​អាច​រត់​បាន ហើយ​បានអង្វរ​ម្តាយ​ខ្ញុំ​ឲ្យ​បោក​សម្លៀកបំពាក់​ពីរ​បី​កំប្លេ​របស់​ខ្ញុំ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ស្នាមប្រឡាក់ ហើយ​ត្រៀម​ខ្លួន​សម្រាប់​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ថ្ងៃ​ស្អែក ។ ទោះបី​ជា​ម្តាយ​ខ្ញុំ​ឆ្ងល់​អំពី​ការត្រឡប់​មក​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ជិត​មក​ដល់​ក៏ដោយ ក៏​គាត់​នៅតែ​បោក​សម្លៀក​បំពាក់​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ​ដែរ ។

នៅ​ព្រឹក​ស្អែក ខ្ញុំ​បានស្លៀក​សម្លៀកបំពាក់​ដែល​សើម​បន្តិចៗ ហើយ​រង់ចាំ​យ៉ាងអន្ទះសា​ចំពោះ​ការប្រកាស​អំពី​ការមក​ដល់​របស់​ព្រះអង្គសង្គ្រោះ ។ ពេល​ថ្ងៃ​កន្លង​ផុត​ទៅ ហើយ​គ្មាន​អ្វី​កើត​ឡើង​សោះ ខ្ញុំ​ក៏​សម្រេចចិត្ត​ទៅ​សាលាប្រជុំ ។ ខ្ញុំ​មាន​ការខកចិត្ត​យ៉ាងខ្លាំង​ដែល​បានឃើញ​ថា​ព្រះវិហារ​ស្ងាត់ឈឹង ហើយ​ព្រះអង្គសង្គ្រោះ​មិន​បាន​យាងមក​ដល់​ទេ ។ បងប្អូន​អាច​ស្រមៃ​ពី​អារម្មណ៍​របស់​ខ្ញុំ ពេល​ខ្ញុំ​ដើរ​យឺតៗ​ទៅ​ផ្ទះ​វិញ ។

ជាច្រើន​ឆ្នាំ​ក្រោយ​មក នៅពេល​ខ្ញុំ​កំពុង​រៀន​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ការរៀបចំ​ខ្លួន​ដើម្បី​ចូលរួម​ជាមួយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ខ្ញុំ​បានអាន​ដូច​ខាងក្រោម ៖ « ហើយ​គ្មាន​អ្វី​ដែល​ពុំ​ស្អាត​ណា​អាច​ចូល​ទៅ​ក្នុង​នគរ​របស់​ទ្រង់​បាន​ឡើយ ដូច្នេះ​គ្មាន​អ្នក​ណា​អាច​ចូល​ទៅ​ក្នុង​ទីសម្រាក​របស់​ទ្រង់​បាន​ទេ លើក​លែង​តែ​អ្នក​នោះ បាន​លាង​សម្លៀក​បំពាក់​របស់​ខ្លួន​ដោយ​នូវ​លោហិត​របស់​យើង ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​របស់​គេ និង​ការប្រែចិត្ត​ពី​គ្រប់​ទាំង​អំពើបាប​របស់​គេ និង​ការស្មោះត្រង់​របស់គេ​រហូត​ដល់​ទីបំផុត » ។

ការបញ្ជាក់​ដែល​ខ្ញុំ​បានទទួល​នៅពេល​នោះ បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​សេចក្ដីពិត​ដ៏​សំខាន់​ដែល​បានបង្វែរ​ចេញពី​គំនិត​វ័យ​ក្មេង​របស់​ខ្ញុំ​ជាច្រើន​ឆ្នាំ​មុន ។ សារលិខិត​របស់​គ្រូគង្វាល​រូបនោះ​គឺ​ផ្តោតលើ​សារៈសំខាន់​នៃ​ភាពបរិសុទ្ធ​ខាងវិញ្ញាណ ។ គាត់​បានជំរុញ​ក្រុមជំនុំ​ឲ្យ​ស្វែងរក​ការប្រែចិត្ត ធ្វើ​ការផ្លាស់ប្ដូរ​ក្នុង​ជីវិត​ពួកគេ ហើយ​ងាក​ទៅរក​ព្រះអង្គសង្គ្រោះ​សម្រាប់​ការប្រោសលោះ ។

ព្រះវរបិតាសួគ៌​របស់យើង​យល់​អំពី​ដំណើរ​ជីវិត​រមែង​ស្លាប់​របស់​យើង និង​ការគេច​មិនផុត​ពី​អំពើបាប​នៅក្នុង​ជីវិត​របស់យើង ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ដែល​ទ្រង់​បាន​ប្រទាន​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ធួន​ចំពោះ​អំពើរំលង​របស់​យើង ។ តាមរយៈ​ពលិកម្ម​ដ៏​ប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ យើង​ម្នាក់ៗ​អាច​ប្រែចិត្ត ហើយ​ស្វែងរក​ការអភ័យទោស ហើយ​ក្លាយ​ជា​មនុស្ស​ស្អាតស្អំ ។ ការប្រែចិត្ត ដែលជា​គោលការណ៍​គ្រឹះ​នៃ​ដំណឹងល្អ គឺ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ និង​ភាពធន់​ខាងវិញ្ញាណ​របស់​យើង នៅពេល​យើង​ទប់ទល់​ជាមួយ​ឧបសគ្គ​ក្នុងជីវិត ។

អំឡុង​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ២០២២ ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញ​សមាជិក​សាសនាចក្រ​គ្រប់រូប​ឲ្យ​ដកពិសោធន៍​នូវ​អំណរ​នៃ​ការប្រែចិត្ត​ប្រចាំថ្ងៃ ។ លោក​បានថ្លែង​ថា ៖

« សូម​កុំ​ខ្លាច ឬ​ពន្យារ​ពេល​ប្រែចិត្ត​ឡើយ ។ សាតាំង​វា​អរ​សប្បាយនឹង​ទុក្ខ​វេទនា​របស់​បងប្អូន ។ សូម​បញ្ឈប់​វា ។ សូម​បណ្ដេញ​ឥទ្ធិពល​របស់​វា​ចេញពី​ជីវិត​បងប្អូន ! សូម​ចាប់ផ្ដើម​នៅ​ថ្ងៃនេះ ដើម្បី​ទទួល​បាន​អំណរ​នៃ​ការសម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ។ ព្រះអង្គសង្គ្រោះ​ស្រឡាញ់​យើង​ជានិច្ច ប៉ុន្ដែ ជា​ពិសេសនៅពេល​យើង​ប្រែចិត្ត ។ …

« បើ​បងប្អូន​មាន​អារម្មណ៍​ថា បងប្អូន​បាន​វង្វេង​ចេញពី​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ទៅ​ឆ្ងាយ ឬ​យូរ​ហើយ ហើយ​គ្មាន​ផ្លូវអាច​ត្រឡប់​មកវិញ​នោះវាពុំ​ត្រឹមត្រូវ​ទេ » ។

ប្រសិនបើ​មាន​អ្វី​មួយ​ដែល​បងប្អូន​មិនទាន់​បាន​ប្រែចិត្ត​ពេញលេញ​នៅឡើយ ខ្ញុំ​សូម​លើកទឹកចិត្ត​បងប្អូន​ឲ្យ​ធ្វើតាម​ការអំពាវនាវ​របស់​ប្រធាន ណិលសុន កុំ​ឲ្យ​ពន្យារពេល​ការប្រែចិត្ត​របស់​បងប្អូន​ឡើយ ។ វា​អាច​ទាមទារ​ភាពក្លាហាន​ខ្លះ​ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​នេះ ទោះយ៉ាង​ណាក៏ដោយ ខ្ញុំ​អាច​ធានា​ចំពោះ​បងប្អូន​ថា អំណរ​ដែល​កើត​ចេញពី​ការប្រែចិត្ត​ពិតប្រាកដ​គឺ​ហួសពី​ការយល់ដឹង ។ តាមរយៈ​ការប្រែចិត្ត បន្ទុក​នៃ​កំហុស​របស់​យើង​ត្រូវ​បាន​ធ្វើ​ឲ្យ​ធូរស្រាល ហើយ​ជំនួស​មកវិញ​ដោយ​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត និង​ភាពស្ងប់ស្ងាត់ ។ នៅពេល​យើង​ប្រែចិត្ត​ដោយ​ស្មោះ នោះ​យើង​ត្រូវបាន​ញែក​ជា​បរិសុទ្ធ​តាមរយៈ​ព្រះលោហិត​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​បង្កើន​ការយល់ដឹង​របស់​យើង​ចំពោះ​ការបំផុសគំនិត និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ដៃគូ​ដ៏​អស់កល្ប​របស់ខ្ញុំ​បាន​កើតមក​ដោយមាន​បញ្ហា​នៃការស្តាប់ ហើយជា​លទ្ធផល គាត់ត្រូវ​ពាក់​ឧបករណ៍​ជំនួយ​ការស្តាប់ ។ ធូលី និង​ញើស​អាច​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ឧបករណ៍​ទាំងនេះ ដូច្នេះហើយ​រាល់ព្រឹក​ខ្ញុំសង្កេត​មើល​គាត់​ឧស្សាហ៍​សម្អាត​បំពង់​តភ្ជាប់​មុនពេល​ពាក់​ឧបករណ៍​ជំនួយ​នោះ ។ ទម្លាប់​សាមញ្ញ ប៉ុន្តែ​មានភាព​ជាប់លាប់​នេះ បាន​លុប​បំបាត់​ភាពកខ្វក់ សំណើម ឬ​កំណកកំបោរ ដោយ​កែលម្អ​សមត្ថភាព​ក្នុងការស្តាប់ និង​ទំនាក់ទំនង​របស់​គាត់​ប្រកបដោយ​ប្រសិទ្ធភាព ។ នៅពេល​គាត់​មិនបាន​ធ្វើទម្លាប់​ប្រចាំ​ថ្ងៃនេះ សមត្ថភាព​ស្តាប់​របស់គាត់​ជួបនឹង​ការពិបាក​ពេញមួយថ្ងៃ ពាក្យពេចន៍​ដែល​និយាយ​បាន​រសាយបាត់​បន្តិច​ម្ដងៗ ហើយ​នៅទី​បំផុត​ធ្វើ​ឲ្យគាត់​មិនអាច​ស្តាប់បាន ។ ដូចជា​ការសម្អាត​ឧបករណ៍​ជំនួយ​ការស្តាប់​ប្រចាំថ្ងៃ​របស់គាត់ ដែល​អនុញ្ញាត​ឲ្យ​គាត់​ឮ​ច្បាស់​ដែរ ការប្រែចិត្ត​ប្រចាំ​ថ្ងៃ​អនុញ្ញាត​ឲ្យ​យើង​ស្វែងយល់​ពី​ការណែនាំ​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នៅ​ជិត​ចុងបញ្ចប់​នៃ​ការងារបម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ព្រះអម្ចាស់ និង​មុន​ពេល​ទ្រង់​យាង​ទៅ​សួនច្បារ​គែតសេម៉ានី ទ្រង់​បានរៀបចំ​ពួក​សិស្ស​របស់​ទ្រង់​ដើម្បី​ប្រឈម​មុខ​នឹង​ការសាកល្បង​នាពេល​ខាង​មុខ ។ ទ្រង់​បានអះអាង​នឹង​ពួកគេ​ដោយ​មាន​បន្ទូល ៖​« តែ​ព្រះ​ដ៏ជា​ជំនួយ គឺជាព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំងអស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នករាល់​គ្នា​ដែរ » ។

មុខងារ​ដ៏​សំខាន់​មួយ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ដាស់តឿន ដឹកនាំ និង​ណែនាំ​បុគ្គល​គ្រប់រូប​ដែល​ស្តាប់​សំឡេង​ដ៏ស្រទន់​នៅក្នុង​ចិត្ត ។ ដូចជា​បំពង់​ទំនាក់ទំនង​នៃ​ឧបករណ៍​ជំនួយ​ការស្តាប់​ដែល​ស្ទះ​អាច​រារាំង​មុខងារ​ត្រឹមត្រូវ​របស់​វា នោះ​ទំនាក់​ទំនង​ខាងវិញ្ញាណ​របស់​យើង​ជាមួយ​ព្រះវរបិតាសួគ៌​ក៏​អាច​ចុះខ្សោយ​ផងដែរ ដោយ​នាំទៅរក​ការយល់ខុស​ដ៏គ្រោះថ្នាក់ ឬ​ភាពបរាជ័យ​ក្នុងការស្តាប់​តាម​ដំបូន្មាន​របស់ទ្រង់ ។ ការមកដល់​នៃ​អ៊ីនធឺណិត​បានធ្វើ​ឲ្យ​ការស្វែងរក​ព័ត៌មាន​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ច្រើន​ជាង​ពេលមុនៗ ។ ការណ៍នេះ​អាច​នាំ​យើង​ឲ្យ​ងាក​ទៅ​ស្វែងរក​ការណែនាំ​ពី​ពិភពលោក ជាជាង​ទៅ​ស្វែងរក​ការណែនាំ​ពី​ព្រះ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « នៅ​គ្រា​ខាង​មុខ វា​នឹង​មិន​អាច​រស់រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួងលោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ។

ខ្ញុំ​មាន​អំណរគុណ​ដែល​យើង​ម្នាក់ៗ​អាច​ទទួល​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ពេល​ដែល​យើង​ទទួល​ពិធីបញ្ជាក់ ។ ទោះជាយ៉ាងណា​ក៏ដោយ ប្រធាន ដាល្លិន អេក អូក បាន​ព្រមាន​ថា « ពរជ័យ​ដែល​មាន​តាមរយៈ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវបាន​កំណត់​ដោយ​ភាពស័ក្ដិសម [ ហើយ ] ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ពុំ​គង់​នៅក្នុង​ព្រះវិហារណា​ដែល​ឥតបរិសុទ្ធ​ឡើយ » ។[ ហេលេមិន ៤:២៤ ] » ។

នៅពេល​យើង​ជ្រើសរើស​ធ្វើ​តាម​ការណែនាំ​របស់​ពួក​ព្យាការី និង​ពួកសាវក​ដោយ​មាន​មនសិការ នោះ​សមត្ថភាព​របស់​យើង​ក្នុង​ការ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​នឹង​រីកចម្រើន ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ផ្តល់នូវ​ភាពច្បាស់លាស់​ក្នុង​ការសម្រេចចិត្ត ដោយ​បំផុសគំនិត និង​ការចាប់អារម្មណ៍ ដែល​ស្របតាម​ឆន្ទៈរបស់​ព្រះវរបិតាសួគ៌ ។ ការ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន គឺ​មាន​សារៈសំខាន់​សម្រាប់​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​យើង ។

ថ្មីៗ​នេះ ខ្ញុំ​ត្រូវ​បានចាត់តាំង​ឲ្យ​ធ្វើ​ជា​អធិបតី​ក្នុង​សន្និសីទ​ស្តេក​មួយ​នៅ​ស្តេក​ខាងលិច សលត៍ លេក ហ្គ្រេនហ្គឺរ ក្នុង​រដ្ឋយូថាហ៍ ។ ក្នុង​អំឡុង​ព្រឹត្តិការណ៍​នេះ ខ្ញុំ​បាន​ជួប​ប្រធាន​ស្តេក​ម្នាក់ ដែលបាន​អភិវឌ្ឍ​សមត្ថភាព​របស់គាត់​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​ស្វែងយល់​ពី​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ការរស់នៅ​ដ៏​សុចរិត និង​ការប្រែចិត្ត​ប្រចាំថ្ងៃ ។ ជា​ផ្នែកមួយ​នៃ​ការខិតខំ​ប្រឹងប្រែង​ធ្វើការងារ​បម្រើ​របស់​យើង យើង​បាន​ចុះ​សួរ​សុខទុក្ខ​ដល់​គ្រួសារ​ចំនួន​បី ។ នៅ​ជិតដល់​ដំណើរ​សួរសុខទុក្ខ​ចុងក្រោយ​របស់យើង យើង​បាន​ឃើញ​ថា យើង​នៅសល់​ប្រហែល ៣០ នាទី មុនពេល​ការណាត់ជួប​បន្ទាប់​ទៀត​របស់យើង ។ នៅពេល​យើង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​មជ្ឈមណ្ឌល​ស្តេក ប្រធាន ឆេសនុត បានទទួល​ការបំផុស​គំនិត​ដើម្បី​ទៅ​ជួប​គ្រួសារ​មួយ​បន្ថែម​ទៀត ។ យើង​ទាំងពីរ​បាន​យល់ព្រម​ធ្វើតាម​ការបំផុស​គំនិតនេះ ។

យើង​បានទៅ​សួរសុខទុក្ខ​គ្រួសារ ចូនស៍ ហើយ​បាន​ឃើញថា បងស្រី ចូនស៍ បាន​ឈឺ​សម្រាក​នៅលើ​គ្រែ ។ វា​ច្បាស់ណាស់​ថា គាត់​ត្រូវការ​ពរជ័យ​បព្វជិតភាព ។ ដោយមាន​ការអនុញ្ញាត​ពីគាត់ យើង​បាន​ប្រសិទ្ធពរ​ឲ្យ​គាត់ ។ នៅពេល​យើង​រៀបចំ​ចេញ​មកវិញ បងស្រី ចូនស៍ បាន​សួរ​ថាតើ​យើង​ដឹង​ថា​គាត់​ត្រូវការ​ពរជ័យ​បន្ទាន់​ដោយ​របៀប​ណា ។ តាមពិត​គឺ យើង មិន​បាន​ដឹង​ទេ ។ ប៉ុន្តែ ព្រះវរបិតាសួគ៌ ដែល​ដឹងពី​សេចក្ដីត្រូវការ​របស់​គាត់ បាន ជ្រាបដឹង ហើយ​បាន​បំផុសគំនិត​ប្រធាន ឆេសនុត ឲ្យ​ទៅសួរសុខទុក្ខ​គាត់ ។ នៅពេល​យើង​ទទួលយក​ការណែនាំ​ពី​សំឡេងតូច​រហៀង នោះ​យើង​កាន់តែ​មាន​ភាពប្រសើរឡើង​ក្នុងការ​ធ្វើការងារ​បម្រើ​កាន់តែ​មានប្រសិទ្ធភាព​ដល់​អ្នកដែល​ត្រូវការ​ជំនួយ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌​ដែល​មាន​ព្រះទ័យ​សប្បុរស និង​គួរ​ឲ្យ​ស្រឡាញ់។ ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះអង្គ​សង្គ្រោះ និង​ជាព្រះ​ប្រោសលោះ​របស់​មនុស្ស​លោក ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ពិត ហើយ​ថា នៅពេល​យើង​រៀន​ធ្វើតាម​ការណែនាំ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ទ្រង់​នឹង​ដឹកនាំ​យើង​ឲ្យ​ប្រែចិត្ត ហើយ​ប្រើ​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​របស់​យើង ។ ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី​ដ៏​ពិត និង​នៅរស់​របស់​ព្រះអម្ចាស់ ដែល​មាន​កូនសោ​បព្វជិតភាព​ទាំងអស់​នៅលើ​ផែនដី​សព្វថ្ងៃ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. នីហ្វៃទី៣ ២៧:១៩ ។

  2. រ័សុល អិម ណិលសុន « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណលីអាហូណាខែឧសភា ឆ្នាំ២០២២ ទំព័រ​៩៨–៩៩ ។

  3. យ៉ូហាន ១៤:២៦ ។

  4. រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our LivesLiahonaខែ​ឧសភា ឆ្នាំ​២០១៨ ទំព័រ​៩៦ ។

  5. ដាល្លិន អេក អូក « Always Have His Spirit » Ensignខែតុលា ឆ្នាំ១៩៩៦ ទំព័រ៦១ ។

  6. ឈ្មោះ ចូនស៍ មិនមែន​ជា​ឈ្មោះ​គ្រួសារ​ដែល​បាន​ទៅ​សួរសុខ​ទុក្ខ​ទេ ។ ខ្ញុំ​បានប្រើ​ឈ្មោះ​ផ្សេង​សម្រាប់​ភាពឯកជន​របស់​ពួកគេ ។ ខ្ញុំ​បាន​ទទួល​ការយល់ព្រម​ជា​លាយលក្ខណ៍អក្សរ​ពី​ប្រធាន ឆេសនុត ដើម្បី​ប្រើ​ឈ្មោះ​របស់​គាត់ ក៏​ដូច​ជា​ឈ្មោះ​ស្តេក​របស់​គាត់​ផងដែរ ។