សន្និសីទទូទៅ
ការដើរតាម​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


13:31

ការដើរតាម​ព្រះគ្រីស្ទ

ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះគ្រីស្ទ យើង​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ជា​អង្គគំរូ​ដ៏​ឥតខ្ចោះ​របស់​យើង ។ ដូច្នេះ​ចូរ​យើង​ធ្វើ​តាម​ទ្រង់ដោយ​ពុំ​មាន​ការទាស់ទែង​គ្នា​ឡើយ ។

នៅ​ឆ្នាំ​នេះ​មាន​មនុស្ស​រាប់លាន​នាក់​ត្រូវ​បាន​បំផុសគំនិត​តាមរយៈ​ផែនការ​សិក្សា​ដំណឹងល្អ​ដែល​ត្រូវបាន​ស្គាល់​ជា​ការ​អញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ « ចូរ​មក​តាម​ខ្ញុំ » ។ ការធ្វើតាម​ព្រះគ្រីស្ទ​គឺ​ពុំ​មែន​ជា​ការ​អនុវត្ត​ដោយ​សាមញ្ញ ឬ​ម្ដងម្កាល​នោះទេ ។ វា​គឺ​ជា​ការ​តាំងចិត្ត​ជា​បន្ដបន្ទាប់ និង​ជា​មាគ៌ា​នៃ​ជីវិត​ដែល គួរតែ​ដឹកនាំ​យើង​នៅ​គ្រប់ពេល និង​គ្រប់​ទីកន្លែង ។ ការបង្រៀន និងគំរូ​របស់​ទ្រង់​ចង្អុលបង្ហាញ​ផ្លូវ​ដល់​សិស្ស​គ្រប់រូប​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​មនុស្ស​ទាំងអស់​ត្រូវបាន​អញ្ជើញ​ឲ្យ​មក​លើ​ផ្លូវនេះ ដ្បិត​ទ្រង់​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ទ្រង់ « ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី … មនុស្ស​ទាំង​អស់​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

I.

ជំហាន​ដំបូង​នៅក្នុង​ការធ្វើ​តាម​ព្រះគ្រីស្ទ​គឺ​គោរព​តាម​អ្វី​ដែល​ទ្រង់​បាន​កំណត់​ថា​ជា « បទបញ្ញត្តិ​ធំ​នៅក្នុង​ក្រិត្យវិន័យ » ៖

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

នេះ​ជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទី​១ ។

ហើយ​បញ្ញត្តិ​ទី​២​ក៏​បែប​ដូចគ្នា គឺ​ថា​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង ។

« បណ្តា​ក្រឹត្យវិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សម្រេច​នៅ​បទ​បញ្ញត្តិ​ទាំងពីរ​ប្រការ​នេះ​ឯង » ។

ឪពុក និង​កូនប្រុស​កំពុង​អាន​ព្រះគម្ពីរ<nb/>។

បទបញ្ញត្តិ​របស់​ព្រះ​ផ្ដល់​នូវ​កម្លាំង​ដឹកនាំ និង​ស្ថេរភាព​នៅក្នុង​ជីវិត​របស់​យើង ។ បទពិសោធន៍​នៅក្នុង​ជីវិត​រមែងស្លាប់​របស់​យើង​គឺ​ដូចជា​ក្មេង​ប្រុស​តូច និង​ឪពុក​របស់​គាត់​ដែល​បង្ហោះ​ខ្លែង​នៅ​ថ្ងៃ​ដែល​មាន​ខ្យល់​ដែរ ។ នៅពេល​ខ្លែង​ហោះ​កាន់តែ​ខ្ពស់ នោះ​ខ្យល់​ទាញ​ខ្សែ​ដែល​នៅក្នុង​ដៃ​របស់​ក្មេង​តូច ។ ដោយ​ពុំ​ធ្លាប់​ជួប​នឹង​កម្លាំង​ខ្យល់​នៃ​ជីវិតរមែង​ស្លាប់ នោះ​ក្មេងតូច​បាន​ស្នើ​ឲ្យ​កាត់​ខ្សែ​ដើម្បី​ឲ្យ​ខ្លែង​អាច​ហោះ​កាន់តែ​ខ្ពស់ ។ ឪពុកដ៏​ឈ្លាស​វៃ​របស់​គាត់​បាន​ទូន្មាន​ថា​កុំកាត់ ថែមទាំង​ពន្យល់​ថា​ខ្សែ​គឺ​ជា​អ្វី​ដែល​អាច​ទប់​ខ្លែង​ឲ្យ​នៅ​ហោះ ជំនះ​នឹង​ខ្យល់​នៃ​ជីវិតរមែង​ស្លាប់ ។ ប្រសិនបើ​យើងកាត់​ខ្សែ នោះ​ខ្លែង​នឹង​មិន​អាច​ហោះ​កាន់តែ​ខ្ពស់​ទេ ។ ខ្លែង​នឹង​ត្រូវ​ខ្យល់​បក់បោក ហើយ​ធ្លាក់​មក​លើ​ដី​ជា​មិន​ខាន ។

ខ្សែ​ដ៏​សំខាន់​នោះ​តំណាង​ឲ្យ​សេចក្ដីសញ្ញា​ដែល​ចងភ្ជាប់​យើង​ទៅនឹង​ព្រះ ជាព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​យើង​គោរព​សេចក្ដីសញ្ញា​ទាំងនោះ​ដោយ​ការ​រក្សា​បទបញ្ញត្តិ​ ហើយ​ធ្វើតាម​ផែនការ​នៃ​ការ​ប្រោសលោះ​របស់​ទ្រង់ នោះពរជ័យ​ដែល​បាន​សន្យា​របស់​ទ្រង់​នឹង​អាច​ជួយ​យើង​ឲ្យ​ឡើង​ខ្ពស់​ដល់​សេឡេស្ទាល ។

ព្រះគម្ពីរ​មរមន​ប្រកាស​ជា​ញឹកញាប់​ថា ព្រះគ្រីស្ទ​គឺជា « ពន្លឺ​នៃ​ពិភពលោក » ។ អំឡុងពេល​នៃ​ការ​យាងមកជួប​ពួកសាសន៍​នីហ្វៃ​របស់​ទ្រង់ ព្រះអម្ចាស់​ដែលមានព្រះជន្ម​រស់​ឡើងវិញ​បាន​ពន្យល់​អំពី​ការបង្រៀន​នោះ​ដោយ​ប្រាប់​ពួកគេ​ថា « យើង​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា » ។ « មើលចុះ យើង​ជា​ពន្លឺ​ដែល​អ្នករាល់គ្នា​នឹង​លើក​ឡើង—គឺ​នូវ​អ្វី​ៗដែល​អ្នករាល់គ្នា​បាន​ឃើញ​យើង​ធ្វើ » ។  ទ្រង់​គឺ​ជា​អង្គ​គំរូ​របស់​យើង ។ យើង​រៀន​នូវ​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល និង​ធ្វើ តាមរយៈ​ការ​សិក្សា​ព្រះគម្ពីរ និង​ធ្វើតាម​ការបង្រៀន​របស់​ព្យាការី ដូចជា​ប្រធាន រ័សុល អិម ណិលសុន​បាន​លើក​ទឹកចិត្ត​ពួកយើង​ឲ្យ​ធ្វើ ។ នៅក្នុង​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ យើង​ធ្វើ​សេចក្ដីសញ្ញា​រាល់​ថ្ងៃបរិសុទ្ធ​ថា​យើង​នឹង « ចងចាំ​ដល់​ទ្រង់​ជានិច្ច ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ » ។

II.

នៅក្នុង​ព្រះគម្ពីរមរមន ព្រះអម្ចាស់​បាន​ប្រទាន​គ្រឹះ​ទាំងឡាយ​ដែល​ទ្រង់​ហៅ​ថា « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ។ គ្រឹះទាំងនេះ​គឺជា​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ការស៊ូទ្រាំ​ដល់​ទីបំផុត និង​ការប្រែក្លាយ​ដូចជា​ក្មេង​តូច ដែល​មានន័យ​ថា​ត្រូវ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ចុះចូល​ទៅ​តាម​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​តម្រូវ​ពី​យើង ។

បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​មាន​ពីរ​ប្រភេទគឺ ៖ អចិន្ត្រៃយ៍ មាន​ដូចជា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​បណ្ដោះអាសន្ន ។ បទបញ្ញត្តិ​បណ្ដោះ​អាសន្ន​គឺ​ជា​បទបញ្ញត្តិ​ទាំងឡាយ​ដែល​ចាំបាច់​សម្រាប់​តម្រូវការ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ឬ​អ្នកស្មោះត្រង់​នៅក្នុង​ស្ថានភាព​បណ្ដោះ​អាសន្ន ប៉ុន្តែ​ត្រូវ​ទុក​មួយ​អន្លើ​នៅពេល​តម្រូវការ​នោះ​បាន​កន្លង​ផុតទៅ ។ ឧទាហរណ៍​អំពី​បញ្ញត្តិ​បណ្ដោះអាសន្ន​គឺ​ការដឹកនាំ​របស់​ព្រះអម្ចាស់​ទៅកាន់​អ្នកដឹកនាំ​សាសនាចក្រ​កាលពីមុន ដើម្បី​ផ្លាស់លំនៅ​ពួកបរិសុទ្ធ​ពី​រដ្ឋនូវយ៉ោក​ទៅ​រដ្ឋ​អូហៃអូ រដ្ឋ​មីសសួរី រដ្ឋ​អិលលីណោយ និង​ទីបំផុត​ដើម្បី​ដឹកនាំ​ពួកអ្នកត្រួសត្រាយផ្លូវ​ធ្វើដំណើរ​ទៅកាន់​តំបន់ភ្នំ​ភាគ​ខាងលិច ។ ទោះ​ជា​វា​ជា​បទបញ្ញត្តិ​បណ្ដោះ​អាសន្ន​ក្ដី ក៏បទ​បញ្ញតិ្ត​ទាំងនេះ​នៅតែ​ប្រតិបត្តិ​ពេលបង្គាប់​ឲ្យ​គោរព​តាម ។

បទបញ្ញត្តិ​អចិន្ត្រៃយ៍​មួយចំនួន​ត្រូវការ​ពេលវេលា​ដើម្បី​គោពតាម​ជា​ទូទៅ ។ ឧទាហរណ៍ ទេសនកថា​ដ៏​ល្បីល្បាញ​របស់​ប្រធាន​ឡូរែនសូ ស្នូ​ អំពី​ច្បាប់​ដង្វាយ​មួយភាគក្នុងដប់ បាន​គូសបញ្ជាក់​អំពី​បទបញ្ញត្តិ​មួយ​ដែល​បាន​ផ្ដល់​ឲ្យ​កាល​ពី​ដើម ប៉ុន្តែ​សមាជិក​សាសនាចក្រ​នៅតែ​ពុំ​ទាន់​បាន​គោរព​តាម​ជា​រួម​នៅឡើយ ។ វា​ចាំបាច់​ត្រូវ​គូសបញ្ជាក់​ឡើងវិញ​នៅក្នុង​ស្ថានភាព​នានា​ដែល​សាសនាចក្រ និង​សមាជិក​បាន​ប្រឈមមុខ ។​ ឧទាហរណ៍​ថ្មីៗ​ចាំបាច់​ត្រូវ​គូសបញ្ជាក់ឡើង​វិញ ពីព្រោះតែ​ស្ថានភាព​នានា​ដែល​សាសនាចក្រ និង​សមាជិក​បាន​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ ។ ការគូសបញ្ជាក់​ទាំងនេះ​រួមមាន​ការប្រកាស​អំពី​ក្រុមគ្រួសារ​ដែល​បាន​ចេញ​ដោយ​ជំនាន់​របស់​ប្រធាន ហ្គរដិន ប៊ី ហ៊ិងគ្លី និង​ការ​អំពាវនាវ​ថ្មីៗ​របស់​ប្រធាន​រ័សុល អិម ណិលសុន​ឲ្យ​ហៅ​សាសនាចក្រ​តាម​ឈ្មោះ​ដែល​ត្រូវ​បាន​បើក​សម្ដែង គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

III.

ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​មួយ​ទៀត​ហាក់ដូចជា​តម្រូវ​ឲ្យ​គូសបញ្ជាក់​ឡើងវិញ​ផងដែរ​នៅក្នុង​ស្ថានភាព​របស់​យើង​បច្ចុប្បន្ន​នេះ ។

នេះ​គឺជា​គ្រា​មួយ​ដែល​មាន​ពាក្យសម្ដី​គ្រោតគ្រាត និង​​ឈឺចាប់​ជាច្រើន​នៅក្នុង​ការ​ប្រាស្រ័យទាក់ទង​ជាសាធារណៈ ហើយ​ពេល​ខ្លះ​មាន​នៅក្នុង​ក្រុមគ្រួសារ​របស់​យើង ។ ការប្រកាន់គោលជំហរ​ផ្សេង​គ្នា​នៃ​គោលនយោបាយ​សាធារណៈ​ជាញឹកញាប់​បណ្តាល​ឲ្យ​មាន​កំហឹង—រួមទាំង​ការស្អប់—​នៅក្នុង​ទំនាក់ទំនង​ជា​សាធារណៈ និង​ផ្ទាល់ខ្លួន ។ ឥរិយាបទ​ខឹងសម្បារ​នេះ ពេល​ខ្លះ​ធ្វើ​ឲ្យ​ពិការ​សមត្ថភាព​ក្នុង​ការបង្កើត​ច្បាប់​ចំពោះ​បញ្ហា​សំខាន់ ដែល​ពលរដ្ឋ​ភាគច្រើន​មើលឃើញ​ពី​តម្រូវការ​ឲ្យ​ចាត់វិធានការ​មួយចំនួន​ជាបន្ទាន់​នៅក្នុងផលប្រយោជន៍​សាធារណៈ ។

តើ​អ្នកដើរតាម​ព្រះគ្រីស្ទ​គួរ​បង្រៀន និង​ធ្វើ​អ្វីខ្លះ​នៅក្នុង​គ្រា​នៃ​ទំនាក់ទំនង​ដ៏​បំពុល​នេះ ? តើ​ការបង្រៀន និងគំរូ​របស់​ទ្រង់​មាន​អ្វីខ្លះ ?

ព្រះអង្គសង្គ្រោះ​បង្រៀន​ពួកសាសន៍​នីហ្វៃ<nb/>៖

វា​មាន​សារៈសំខាន់​ណាស់​ដែល​នៅក្នុង​ចំណោម​គោលការណ៍​ដំបូង​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​នៅពេល​ទ្រង់​បាន​យាង​មកជួប​នឹង​សាសន៍​នីហ្វៃ​គឺ​ឲ្យ​ចៀសវាង​ពី​ការ​ទាស់ទែង​គ្នា ។ ខណៈ​ដែល​ទ្រង់​បាន​បង្រៀន​រឿង​នេះ នៅក្នុង​បរិបទ​នៃ​ការទាស់ទែង​អំពី​គោលលទ្ធិ​ខាង​សាសនា នោះ​មាន​មូលហេតុ​ជា​ច្រើន​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​គឺ​អនុវត្ត​ចំៗ​ចំពោះ​ទំនាក់ទំនង និង​ការ​ប្រាស្រ័យទាក់ទង​ខាង​នយោបាយ គោលនយោបាយ​សារធារណៈ និង​ទំនាក់ទំនង​គ្រួសារ ។ ព្រះយេស៊ូវ​បាន​បង្រៀន ៖

« អស់​អ្នកណា​ដែល​មាន​វិញ្ញាណ​នៃ​ការទាស់ទែង​គ្នា គឺ​ពុំមែន​ជា​របស់​ផង​យើង​ទេ ប៉ុន្តែ​ជា​របស់​ផង​អារក្ស​វិញ ដែល​ជា​បិតា​នៃ​ការទាស់ទែង​គ្នា ហើយ​វា​ចាក់រុក​ចិត្ត​មនុស្ស​ឲ្យ​មាន​កំហឹង​ទាស់ទែង​នឹង​គ្នា​ទៅវិញ​ទៅមក ។

« មើល​ចុះ នេះ​ពុំ​មែន​ជា​គោលលទ្ធិ​របស់​យើង​ទេ ដែល​ចាក់​រុក​ចិត្ត​មនុស្ស​ឲ្យ​មាន​កំហឹង​ទាស់​ទែង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្ដែ​គោលលទ្ធិ​របស់​យើង គឺ​ត្រូវ​លះបង់​ការណ៍​ទាំង​នោះ​ចោល​វិញ » ។

ពេល​ដែល​នៅសល់​ក្នុង​ការបម្រើ​​របស់​ទ្រង់​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​បទបញ្ញត្តិ​ផ្សេងទៀត​ដែល​ទាក់ទង​ខ្លាំង​ទៅនឹង​បម្រាម​របស់ទ្រង់ ហាម​មិន​ឲ្យ​​ទាស់ទែង​គ្នា ។ យើង​ដឹង​មក​ពីព្រះគម្ពីរ​ប៊ីប​ថា​ពីមុនមក​ទ្រង់​បាន​បង្រៀន​ដំណើររឿង​ទាំងនេះ​នៅក្នុង​ទេសនកថា​នៅលើ​ភ្នំ​របស់​ទ្រង់ ដែល​ជាធម្មតា​ទ្រង់​បង្រៀន​ច្បាស់ៗដោយ​ភាសា​ដូចគ្នា​ដែល​ទ្រង់​បាន​ប្រើ​ជាមួយ​ពួក​សាសន៍​នីហ្វៃ​នៅពេល​ក្រោយ​មក ។ ខ្ញុំ​នឹង​ដកស្រង់​ភាសា​ព្រះគម្ពីរ​បរិសុទ្ធ​ដែលស្រដៀងគ្នានេះ ៖

ព្រះអង្គ​សង្គ្រោះ​បង្រៀន​នៅ​យេរូសាឡិម<nb/>។

« ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ » ។

នេះ​គឺ​ជា​បទបញ្ញតិ្ត​ដ៏ល្បីល្បាញបំផុត​មួយ—ជា​បទបញ្ញត្តិ​ប្រកបដោយ​វិវរណៈ និង​ពិបាក​ធ្វើ​តាមបំផុត ។ ប៉ុន្តែ​វា​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ការ​អញ្ជើញ​របស់​ទ្រង់​ទៅកាន់​មនុស្ស​ទាំងអស់​ដែល​ដើរតាម​ទ្រង់ ។ ដូចជា​ប្រធាន ដេវីឌ អូ​ ម៉ាក់ខេ បានបង្រៀន « ពុំ​មាន​របៀប​ណា​ផ្សេងទៀតដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​ព្រះ​ជាង​ការបង្ហាញ​សេចក្ដីស្រឡាញ់​ដែល​ពុំ​អត្មានិយម​ចំពោះ​បងប្អូន​របស់​ខ្លួន​ឡើយ » ។

ភាគី​ប្រឆាំង​នៅឯ​ការសម្របសម្រួល<nb/>។

នេះ​គឺ​ជា​ការបង្រៀន​ដ៏​សំខាន់​មួយ​ទៀត​មកពី​ទ្រង់​ដែល​ជា​អង្គ​គំរូ​របស់​យើង ៖ « មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះផ្សា​គេ ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​ហៅជា​កូន​របស់​ព្រះ » ។

ពួក​អ្នក​ផ្សះ​ផ្សា​គេ ! តើ​វា​នឹង​ផ្លាស់ប្ដូរ​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​យ៉ាងណា ប្រសិនបើ​អ្នកដើរតាម​ព្រះគ្រីស្ទ​នឹង​បោះបង់​ចោល​នូវ​ពាក្យសម្ដីគ្រោតគ្រាត និង​ឈឺចាប់​ចេញ​ពី​គ្រប់​ទំនាក់ទំនង​របស់​ពួកគេ​នោះ ។

នៅក្នុង​សន្និសីទទូទៅ​កាល​ពីឆ្នាំ​មុន ប្រធាន​រ័សុល អិម ណិលសុន បាន​ផ្ដល់​សំណូមពរ​ទាំងនេះ​មក​កាន់​យើង ៖

« វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ស្គាល់ អ្នកដើរតាម​ដ៏ពិត របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ មើល​ថា​តើ​បុគ្គល​នោះ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ដោយ​ចិត្ត​អាណិត​អាសូរ​ប៉ុនណា ។…

« សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អ្នក​ដែល​ផ្សះផ្សា​គេ ។

« …វិធី​ដ៏​ល្អ​បំផុត​មួយ​ដែល​យើង​អាច​គោរព​ព្រះអង្គ​សង្គ្រោះ​ គឺ​ការក្លាយជា​អ្នកដែល​ផ្សះផ្សា​គេ » ។

លោក​បញ្ចប់​ការបង្រៀន​របស់​លោក​ដោយមាន​ប្រសាសន៍​ថា ៖ « ការ​ទាស់ទែង​គ្នា​គឺ​ជា​ជម្រើស ។ ការ​ធ្វើ​ជា​អ្នក​ដែល​ផ្សះផ្សា​គេ​គឺជា​ជម្រើស​មួយ ។ បងប្អូន​មាន​សិទ្ធិ​ជ្រើសរើស​ដើម្បី​រើស​យក​ការទាស់ទែង​គ្នា ឬ​ការផ្សះផ្សា​គ្នា ។ ខ្ញុំ​សូម​ជំរុញ​បងប្អូនឲ្យ ជ្រើសរើស ធ្វើជា​អ្នកដែល​ផ្សះផ្សា​គេ នៅពេល​ឥឡូវ​នេះ និង​ជានិច្ច​តទៅ » ។

មារសត្រូវ​ដ៏​មាន​សក្ដានុពល​នឹង​ចាប់ផ្ដើម​ពិភាក្សា​គ្នា​ដោយ​ការ​ស្គាល់​ពី​មូលដ្ឋាន​រួម​ដែល​មនុស្ស​ទាំងអស់​យល់​ស្រប ។

ដើម្បី​ធ្វើ​តាម​អង្គ​គំរូ​ដ៏​ឥតខ្ចោះ​របស់​យើង និង​ព្យាការី​របស់​ទ្រង់ នោះ​យើង​ចាំបាច់​ត្រូវ​អនុវត្ត​នូវ​ច្បាប់​មាស​ដែល​ត្រូវបាន​ស្គាល់ជា​ទូទៅ​ថា ៖ « ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ ដ្បិត​នេះ​ឯង​ជា​ក្រឹត្យវិន័យ ហើយ​ជា​សេចក្តី​ទំនាយ​របស់​ពួក​ហោរា » ។ យើង​ចាំបាច់​ត្រូវ​ស្រឡាញ់ និង​ធ្វើ​ការណ៍​ល្អ​ចំពោះ​មនុស្ស​គ្រប់រូប ។ យើង​ចាំបាច់​ត្រូវ​ចៀសវាង​ពី​ការឈ្លោះទាស់ទែង ហើយ​ធ្វើ​ជា​អ្នកផ្សះផ្សារគេ​នៅក្នុង​ទំនាក់ទំនង​របស់​យើង ។ ការណ៍​នេះ​ពុំ​មានន័យ​ថា​ត្រូវ​បន្ទាប​គោលការណ៍ និង​អាទិភាព​របស់​យើង​ឡើយ ប៉ុន្តែ​ត្រូវឈប់​វាយប្រហារ​អ្នកដទៃ​ព្រោះតែ​គោលការណ៍​របស់​ពួកគេ ។ នោះ​គឺជា​អ្វី​ដែល​អង្គគំរូ​ដ៏​ឥតខ្ចោះ​របស់​យើង​បាន​ធ្វើ​នៅក្នុង​ការងារបម្រើ​របស់​ទ្រង់ ។ នោះ​គឺជា​គំរូ​ដែល​ទ្រង់​បាន​ធ្វើឲ្យ​យើង​មើល កាល​ទ្រង់​អញ្ជើញ​យើង​ឲ្យ​ធ្វើ​តាម​ទ្រង់ ។

នៅក្នុង​សន្និសីទ​នេះ​កាល​ពី​បួន​ឆ្នាំ​មុន ប្រធាន​ ណិលសុន បាន​ផ្ដល់​សំណូមពរ​ជា​ព្យាការី​ដល់​យើង​សម្រាប់​ជំនាន់​របស់​យើង​ផ្ទាល់​ថា ៖

« តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ? តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះបន្ទូលទ្រង់ ព្រះបញ្ញត្តិ​ទ្រង់ និង​សេចក្តីសញ្ញា​ទ្រង់​មាន​ឥទ្ធិពល​លើ​អ្វី​ដែល​បងប្អូន​ធ្វើ​រាល់​ថ្ងៃ​ដែរ​ឬទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​សំឡេង​របស់ទ្រង់​មាន​អាទិភាព​លើ​សំឡេង​ដទៃ​ទៀត​ដែរ​ឬ​ទេ ? »

ព្រះ​អម្ចាស់​យេស៊ូវគ្រីស្ទ<nb/>។

ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះគ្រីស្ទ យើង​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ជា​អង្គគំរូ​ដ៏​ឥតខ្ចោះ​របស់​យើង ។ ដូច្នេះ​ចូរ​យើង​ធ្វើ​តាម​ទ្រង់ដោយ​ពុំ​មាន​ការទាស់ទែង​គ្នា​ឡើយ ។ នៅពេល​យើង​អនុវត្ត​គោលនយោបាយ​ដែល​យើង​ពេញចិត្ត​នៅក្នុង​ទង្វើ​ជា​សាធារណៈ ចូរ​យើង​ធ្វើ​ខ្លួន​ឲ្យ​សម​នឹង​ពរជ័យ​របស់​ទ្រង់​តាមរយៈ​ការ​ប្រើភាសា និងវិធីសាស្ត្រ​ជា​អ្នកផ្សះផ្សារគេ ។ នៅក្នុង​គ្រួសារ​យើង និង​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ដទៃទៀត ចូរ​យើង​ចៀស​ពី​កំហឹង និង​ការស្អប់ ។ ចូរ​យើង​ព្យាយាម​ឲ្យ​ក្លាយ​ជា​បរិសុទ្ធ​ដូចជា​ព្រះអង្គសង្គ្រោះ​ដែល​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ទូលសូម​ឲ្យ​ពរជ័យ​របស់​ទ្រង់​ជួយ​យើង​ធ្វើជា​ពួកបរិសុទ្ធ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។