សូមស្វែងរកទ្រង់ឲ្យអស់ពីដួងចិត្តរបស់បងប្អូន
ប្រសិនបើព្រះយេស៊ូវគ្រីស្ទស្វែងរកពេលវេលាស្ងៀមស្ងាត់ដើម្បីប្រាស្រ័យទាក់ទងជាមួយនឹងព្រះ និងដើម្បីបានពង្រឹងដោយសារទ្រង់ នោះវាជាការឆ្លាតវៃសម្រាប់យើងក្នុងការធ្វើដូចគ្នាដូច្នោះដែរ ។
កាលពីប៉ុន្មានឆ្នាំមុន ភរិយារបស់ខ្ញុំ និងខ្ញុំបានបម្រើជាអ្នកដឹកនាំបេសកកម្មនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ នៅគ្រានោះ អែលឌើរ រ័សុល អិម ណិលសុន បានធ្វើដំណើរទស្សនកិច្ចមួយទៅកាន់បេសកកម្មរបស់យើង នោះមានអ្នកផ្សព្វផ្សាយសាសនាម្នាក់បានសួរលោកពីរបៀបល្អបំផុត ដើម្បីឆ្លើយតបពេលនរណាម្នាក់ប្រាប់ពួកគាត់ថា គេរវល់ណាស់គ្មានពេលស្តាប់ពួកគាត់ទេ ។ ដោយមិនគិតច្រើន នោះអែលឌើរ ណិលសុន បានមានប្រសាសន៍ថា « ខ្ញុំនឹងសួរថា តើពួកគេរវល់គ្មានពេលញ៉ាំអាហារថ្ងៃត្រង់ដែរឬទេ រួចមកបង្រៀនពួកគេថា ពួកគេមានទាំងរាងកាយ និងទាំងវិញ្ញាណ ហើយដូចជារូបកាយរបស់ពួកគេនឹងត្រូវស្លាប់ បើមិនបានចិញ្ចឹមដោយអាហារទេនោះ ដូច្នេះវិញ្ញាណរបស់ពួកគេក៏ដូចគ្នាដែរ បើមិនបានចិញ្ចឹមដោយព្រះបន្ទូលល្អរបស់ព្រះ » ។
វាគួរឲ្យចាប់អារម្មណ៍ក្នុងការកត់សម្គាល់ថាពាក្យរបស់ជប៉ុន « រវល់ » isogashii ( អ៊ីសូហ្គាស៊ី ) ត្រូវបានបង្កើតឡើងដោយតួអក្សរដែលមានសញ្ញាពីរ ( 忙 ) ។ សញ្ញាដែលនៅខាងឆ្វេងដៃមានន័យថា « បេះដូង » ឬ « វិញ្ញាណ » ហើយសញ្ញាមួយទៀតនៅខាងស្តាំដៃមានន័យថា « ការស្លាប់ »—ដែលប្រហែលជាបង្ហាញដូចដែលប្រធាន ណិលសុន បានបង្រៀនថាការរវល់គ្មានពេលដើម្បីចិញ្ចឹមវិញ្ញាណរបស់យើងអាចនាំឲ្យយើងស្លាប់ខាងវិញ្ញាណបាន ។
នៅក្នុងពិភពលោកដ៏វឹកវរដែលពោរពេញទៅដោយការរំខាន និងចលាចល—ព្រះអម្ចាស់បានជ្រាបដឹងថា—ឧបសគ្គដ៏ធំបំផុតមួយនៃសម័យរបស់យើងគឺការស្វែងរកពេលវេលាដ៏មានន័យសម្រាប់ទ្រង់ ។ ដោយមានព្រះបន្ទូលតាមរយៈព្យាការីអេសាយ ទ្រង់បានផ្តល់នូវពាក្យដំបូន្មាន និងការប្រុងប្រយ័ត្នទាំងនេះ ដែលអាចត្រូវបានប្រៀបធៀបទៅនឹងថ្ងៃដ៏ច្របូកច្របល់ដែលយើងរស់នៅ ៖
« ឯងរាល់គ្នានឹងបានសង្គ្រោះដោយ វិលមកវិញ ហើយ ផ្អាកសម្រាក ឯងរាល់គ្នានឹងមានកម្លាំងដោយនៅ តែស្ងៀម ហើយមាន សេចក្តីទុកចិត្ត តែឯងរាល់គ្នាមិនចូលចិត្តទេ ។
« គឺបានតបឆ្លើយថា ទេ យើងនឹងជិះសេះរត់ទៅ ដូច្នេះ ឯងរាល់គ្នានឹងត្រូវរត់ទៅមែន ហើយឯងថា យើងនឹងជិះសត្វលឿនដែរ ដូច្នេះ គេដែលដេញតាមឯងនឹងបានលឿនដូចគ្នា » ។
ឬនិយាយម៉្យាងទៀតថា បើទោះបីជាសេចក្តីសង្គ្រោះរបស់យើងពឹងផ្អែកលើ ការវិលត្រឡប់ ទៅរកទ្រង់វិញជាញឹកញាប់ និង ការសម្រាក ពីសេចក្ដីខ្វល់ខ្វាយនៃលោកិយក៏ដោយ ក៏យើងមិនធ្វើដែរ ។ ហើយទោះបីជា ទំនុកចិត្ត របស់យើងនឹងកើតចេញមកពីកម្លាំងដែលបានអភិវឌ្ឍនៅក្នុងពេលវេលា ដ៏ស្ងប់ស្ងាត់ ដោយអង្គុយជាមួយនឹងព្រះអម្ចាស់ក្នុងការសមាធិ និងការជញ្ជឹងគិតក៏ដោយ ក៏យើងមិនធ្វើដែរ ។ ហេតុអ្វីមិនធ្វើ ? ពីព្រោះយើងនិយាយថា « ទេ យើងកំពុងមមាញឹកជាមួយរឿងផ្សេងៗទៀត—និយាយបានថា ដោយសារតែលេសនានារបស់យើង ។ ដូច្នេះហើយ យើងកាន់តែចាកចេញឆ្ងាយទៅៗពីព្រះ យើងនឹងព្យាយាមទៅកាន់តែលឿនទៅៗ ហើយនៅពេលយើងទៅកាន់តែលឿន នោះសាតាំងកាន់តែបន្ថែមល្បឿនដើម្បីតាមចាប់យើងផងដែរ ។
ប្រហែលនេះជាមូលហេតុដែលប្រធាន ណិលសុន បានអង្វរយើងម្តងហើយម្តងទៀត ឲ្យមានពេលវេលាសម្រាប់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង—ជារៀងរាល់ថ្ងៃ » ។ លោករំឭកយើងថា « ពេលវេលាស្ងប់ស្ងាត់គឺជាពេលដ៏ពិសិដ្ឋ—ជាពេលដែលនឹងនាំឲ្យទទួលបានវិវរណៈផ្ទាល់ខ្លួន និងនាំមកនូវសេចក្តីសុខសាន្ត » ។ ប៉ុន្តែដើម្បីស្តាប់ឮសំឡេងតូចរហៀងរបស់ព្រះអម្ចាស់បាន លោកបានទូន្មានថា « បងប្អូនខ្លួនឯងក៏ត្រូវនៅស្ងៀមដែរ » ។
ការនៅស្ងៀម ទោះយ៉ាងណាទាមទារច្រើនជាងការឲ្យមានពេលវេលាសម្រាប់ព្រះអម្ចាស់ទៅទៀត—វាតម្រូវឲ្យលះបង់នូវគំនិតសង្ស័យ និងភ័យខ្លាចរបស់យើង ហើយផ្តោតលើដួងចិត្ត និងគំនិតរបស់យើងទៅលើទ្រង់វិញ ។ អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា « ការដាស់តឿនរបស់ព្រះអម្ចាស់ឲ្យ « បង្អង់សិន » គឺមានន័យច្រើនជាងការមិននិយាយ ឬមិនកម្រើក » ។ លោកបានលើកឡើងថា ចូរបង្អង់សិន « អាចជាវិធីមួយរំឭកដល់យើងឲ្យផ្ដោតទៅលើព្រះអង្គសង្គ្រោះឲ្យខ្ជាប់ខ្ជួន » ។
ការនៅស្ងៀម គឺជាសកម្មភាពនៃសេចក្តីជំនឿ និងតម្រូវឲ្យមានការខិតខំប្រឹងប្រែង ។ នៅលើ Lectures on Faith ចែងថា « នៅពេលដែលមនុស្សធ្វើការដោយសេចក្តីជំនឿ នោះមនុស្សធ្វើការដោយការខិតខំតាមរយៈផ្លូវចិត្ត » ។ ប្រធាន ណិលសុន បានប្រកាសថា ៖ « ការផ្ដោតរបស់យើងត្រូវតែផ្អែកយ៉ាងរឹងមាំទៅលើព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ។ វាតម្រូវឲ្យមានការខិតខំខាងសតិអារម្មណ៍យ៉ាងខ្លាំងដើម្បីមើលទៅទ្រង់ គ្រប់ទាំង គំនិត ។ ប៉ុន្តែនៅពេលដែលយើងធ្វើវាបាន នោះភាពសង្ស័យ និងការភ័យខ្លាចរបស់យើងនឹងរលត់បាត់អស់ » ។ និយាយអំពីតម្រូវការនេះដើម្បីផ្តោតគំនិតរបស់យើង ប្រធាន ដេវីឌ អូ មិកឃេ បានមានប្រសាសន៍ថា ៖ « ខ្ញុំគិតថា យើងយកចិត្តទុកដាក់តិចតួចទៅលើតម្លៃនៃការសមាធិ គោលការណ៍នៃការលះបង់ ។… ការសមាធិគឺជាផ្នែកមួយនៃ … ទ្វារពិសិដ្ឋបំផុតដែលយើងឆ្លងកាត់ទៅក្នុងទីវត្តមានរបស់ព្រះអម្ចាស់ » ។
សម្រាប់ខ្ញុំ មានពាក្យមួយនៅក្នុងភាសាជប៉ុន mui ( ម៉ឿយ ) ទាញយកអារម្មណ៍ដែលពោរពេញដោយសេចក្តីជំនឿ ការជញ្ជឹងគិតអំពីអ្វីដែលវាមានន័យថានៅស្ងៀម ។ វាមានតួអក្សរពីរ ( 無為 ) ។ តួអក្សរនៅខាងឆ្វេងដៃមានន័យថា « គ្មានអ្វី » ឬ « គ្មានអ្វីសោះ » ហើយតួអក្សរនៅខាងស្តាំដៃមានន័យថា « ធ្វើ » ។ ដាក់រួមគ្នាតួអក្សរទាំងពីរមានន័យថា « មិនធ្វើ » ។ បើនិយាយន័យត្រង់ ពាក្យនេះអាចត្រូវបានបកប្រែខុសដែលមានន័យទៅជា « មិនធ្វើអ្វីសោះ » ដូចគ្នាផងដែរនឹងពាក្យ « នៅស្ងៀម » អាចត្រូវបានបកប្រែខុសទៅជា « មិននិយាយ ឬមិនកម្រើក » ។ ទោះជាយ៉ាងណាក៏ដោយ ដូចជាឃ្លា « បង្អង់សិន » វាមានអត្ថន័យខ្ពស់ជាង សម្រាប់ខ្ញុំ វាគឺជាការរំឭកឲ្យបន្ថយល្បឿន និងរស់នៅជាមួយនឹងការយល់ដឹងខាងវិញ្ញាណកាន់តែច្រើន ។
ពេលបម្រើនៅក្នុងគណៈប្រធានតំបន់អាស៊ីខាងជើងជាមួយអែលឌើរ តាកាស្ស៊ី វ៉ាដា ខ្ញុំបានដឹងថាភរិយារបស់គាត់គឺស៊ីស្ទើរ ណាអូមី វ៉ាដា ជាអ្នកសរសេរអក្សរក្បាច់ឆ្លាក់ភាសាជប៉ុនដ៏ល្បីម្នាក់ ។ ខ្ញុំបានសួរស៊ីស្ទើរ វ៉ាដា ថាតើគាត់អាចឆ្លាក់តួអក្សរជប៉ុនសម្រាប់ពាក្យ mui ( ម៉ឿយ ) ឲ្យខ្ញុំបានដែរឬទេ ។ ខ្ញុំចង់ព្យួរតួអក្សរក្បាច់ឆ្លាក់នៅលើជញ្ជាំងរបស់ខ្ញុំគ្រាន់ជាការរំឭកឲ្យនៅស្ងៀម និងផ្តោតលើព្រះអង្គសង្គ្រោះ ។ ខ្ញុំមានការភ្ញាក់ផ្អើល នៅពេលដែលគាត់មិនបានយល់ព្រមចំពោះសំណើដែលហាក់ដូចជាសាមញ្ញមួយនេះ ។
ថ្ងៃបន្ទាប់ ដោយដឹងថាខ្ញុំទំនងជាយល់ច្រឡំពីការស្ទាក់ស្ទើររបស់នាង អែលឌើរ វ៉ាដា បានពន្យល់ថា ការសរសេរតួអក្សរក្បាច់ឆ្លាក់ទាំងនោះនឹងតម្រូវឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ។ នាងនឹងត្រូវជញ្ជឹងគិត និងធ្វើសមាធិលើគំនិត និងតួអក្សរទាំងនោះរហូតទាល់តែនាងយល់ពីអត្ថន័យដ៏ជ្រាលជ្រៅនៅក្នុងព្រលឹងរបស់នាង ហើយអាច បង្ហាញ ចំពោះ ចំណាប់អារម្មណ៍ ដ៏អស់ពីដួងចិត្តជាមួយនឹងជក់នីមួយៗរបស់នាង ។ ខ្ញុំមានការអាម៉ាស់ដែលខ្ញុំបានស្នើសុំនាងឲ្យធ្វើអ្វីមួយដែលមានការទាមទារច្រើនយ៉ាងដូច្នេះ ។ ខ្ញុំបានសុំឲ្យគាត់ជួយធ្វើការសុំទោសដល់នាងចំពោះភាពល្ងង់ខ្លៅរបស់ខ្ញុំ និងជំរាបឲ្យនាងដឹងថា ខ្ញុំសូមដកសំណើរបស់ខ្ញុំវិញ ។
បងប្អូនអាចស្រមៃមើលការភ្ញាក់ផ្អើល និងការដឹងគុណរបស់ខ្ញុំនៅខណៈពេលចាកចេញពីប្រទេសជប៉ុន ស៊ីស្ទើរ វ៉ាដា ដោយមិនបានស្នើសុំ បានផ្តល់អំណោយនូវអក្សរក្បាច់ឆ្លាក់ដ៏ស្រស់ស្អាតនេះដែលមានតួអក្សរជប៉ុនសម្រាប់ពាក្យ mui ( ម៉ឿយ ) ដល់ខ្ញុំ ។ ឥឡូវនេះ វាព្យួរនៅលើជញ្ជាំងនៃការិយាល័យរបស់ខ្ញុំ រំឭកខ្ញុំឲ្យបង្អង់សិន ហើយស្វែងរកព្រះអម្ចាស់ជារៀងរាល់ថ្ងៃឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់ខ្ញុំ ។ នៅក្នុងទង្វើមិនអាត្មានិយមនេះ នាងបានចាប់យកនូវអត្ថន័យនៃពាក្យ mui ( ម៉ឿយ ) ឬភាពស្ងៀមស្ងាត់ ល្អជាងពាក្យណាដែលអាចធ្វើបានទៅទៀត ។ ជាជាងការឆ្លាក់តួអក្សរដោយគ្មានការពិចារណា និងកាតព្វកិច្ច នាងបានផ្ចង់ការឆ្លាក់អក្សរក្បាច់របស់នាងដោយមានគោលបំណងពេញបេះដូង និងដោយមានចេតនាពិតប្រាកដ ។
ដូចគ្នានេះដែរ ព្រះសព្វព្រះទ័យចង់ឲ្យយើងចំណាយពេលវេលារបស់យើងជាមួយនឹងទ្រង់ ដោយមានការលះបង់យ៉ាងស្មោះស្ម័គ្រដូចគ្នា ។ នៅពេលដែលយើងធ្វើដូច្នេះ នោះការថ្វាយបង្គំរបស់យើងក្លាយជាការបង្ហាញពីសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ ។
ទ្រង់ប្រាថ្នាចង់ឲ្យយើងប្រាស្រ័យទាក់ទងជាមួយនឹងទ្រង់ ។ ក្នុងឱកាសមួយ បន្ទាប់ពីបានផ្តល់ការអធិស្ឋានបើកនៅក្នុងការប្រជុំមួយជាមួយគណៈប្រធានទីមួយ ប្រធាន ណិលសុន បានងាកមកខ្ញុំ ហើយបានមានប្រសាសន៍ថា « ខណៈពេលដែលប្អូនកំពុងអធិស្ឋាន ខ្ញុំគិតថាតើព្រះពេញព្រះទ័យប៉ុនណានៅពេលដែលយើងចំណាយពេលពីកាលវិភាគដ៏មមាញឹករបស់យើងដើម្បីមកស្គាល់ទ្រង់ » ។ វាជាការរំឭកដ៏សាមញ្ញមួយ ប៉ុន្តែមានឥទ្ធិពល វាន័យចំពោះព្រះអម្ចាស់ប៉ុនណា នៅពេលយើងផ្អាកសិនដើម្បីទាក់ទងជាមួយនឹងទ្រង់ ។
ទោះបីជាទ្រង់ចង់បានចំណាប់អារម្មណ៍របស់យើងច្រើនប៉ុនណា ក៏ទ្រង់នឹងមិនបង្ខំឲ្យយើងមករកទ្រង់ដែរ ។ ចំពោះពួកសាសន៍នីហ្វៃ ព្រះអម្ចាស់ដែលបានមានព្រះជន្មរស់ឡើងវិញបានមានបន្ទូលថា « ជាញឹកញាប់យ៉ាងណាទៅ ដែលយើងបាន ប្រមូលអ្នករាល់គ្នា ដូចជាមេមាន់ប្រមូលកូនរបស់វានៅក្រោមស្លាបហើយ អ្នករាល់គ្នា មិនព្រមប្រែចិត្ត » ។ ទ្រង់បានបន្តការអញ្ជើញប្រកបដោយក្តីសង្ឃឹមនេះ ឲ្យអនុវត្តចំពោះយើងនាសព្វថ្ងៃនេះផងដែរថា ៖ « ជាញឹកញាប់យ៉ាងណាទៅ ដែលយើង នឹង ដូចជាមេមាន់ប្រមូលកូនរបស់វានៅក្រោមស្លាបវា ប្រសិនបើអ្នករាល់គ្នានឹងប្រែចិត្ត និងត្រឡប់មករកយើងវិញ ដោយអស់ពីដួងចិត្ត » ។
ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទផ្តល់ឲ្យយើងនូវឱកាសដើម្បីត្រឡប់ទៅរកទ្រង់ជាញឹកញាប់ ។ ឱកាសទាំងនេះរួមមានការអធិស្ឋានប្រចាំថ្ងៃ ការសិក្សាបទគម្ពីរ ពិធីសាក្រាម៉ង់ ថ្ងៃឈប់សម្រាក និងការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធ ។ ចុះបើយើងដកយកឱកាសដ៏ពិសិដ្ឋទាំងនេះចេញពីបញ្ជី « អ្វីដែលត្រូវធ្វើ » របស់យើង ហើយដាក់វាទៅក្នុងបញ្ជី « អ្វីដែលមិនត្រូវធ្វើ » ដែលមានន័យថាយើងចូលទៅធ្វើកិច្ចការទាំងនោះដោយមានការគិតគូរ និងការផ្តោតលើ ដែលដូចគ្នាទៅនឹងស៊ីស្ទើរ វ៉ាដា មានចំពោះការសរសេរអក្សរក្បាច់ឆ្លាក់របស់គាត់ដែរនោះ ?
បងប្អូនប្រហែលជាកំពុងគិតថា « ខ្ញុំមិនមានពេលវេលាសម្រាប់រឿងនោះទេ » ។ ខ្ញុំក៏ធ្លាប់មានអារម្មណ៍ដូចគ្នានេះជាញឹកញាប់ដែរ ។ ប៉ុន្តែខ្ញុំសូមណែនាំថា អ្វីដែលត្រូវការនោះគឺមិនចាំបាច់មានពេលច្រើនជាងនេះទេ ប៉ុន្តែត្រូវការការដឹង និងផ្តោតលើព្រះកាន់តែច្រើនក្នុងអំឡុងពេលដែលយើងបានកំណត់ទុករួចជាស្រេចសម្រាប់ទ្រង់ ។
ឧទាហរណ៍ នៅពេលកំពុងអធិស្ឋាន ចុះបើយើងចំណាយពេលតិចក្នុងការនិយាយ ហើយចំណាយពេលច្រើនក្នុងការនៅជាមួយនឹងព្រះ ហើយនៅពេលយើងនិយាយ នោះយើងសម្ដែងការដឹងគុណ និងសេចក្តីស្រឡាញ់ជាក់លាក់ដ៏ជ្រាលជ្រៅឲ្យកាន់តែច្រើនវិញនោះ ?
ប្រធាន ណិលសុន បានទូន្មានថា យើងមិនត្រឹមតែអានបទគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែសូមទទួលទានវា ។ តើវានឹងធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះប្រសិនបើយើងត្រូវធ្វើការអានតិច ហើយទទួលទានបទគម្ពីរឲ្យកាន់តែច្រើនវិញនោះ ?
ចុះបើយើងត្រូវរៀបចំគំនិតរបស់យើងឲ្យកាន់តែច្រើនដើម្បីទទួលសាក្រាម៉ង់ និងពិចារណាដោយអំណរអំពីពរជ័យនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទក្នុងអំឡុងពេលពិធីបរិសុទ្ធដ៏ពិសិដ្ឋនេះ ?
នៅថ្ងៃឈប់សម្រាកដែលជាភាសាហេព្រើរមានន័យថា « សម្រាក » ។ ចុះមានអ្វីកើតឡើងប្រសិនបើយើងសម្រាកពីការព្រួយបារម្ភផ្សេងទៀត និងត្រូវចំណាយពេលដើម្បីអង្គុយស្ងប់ស្ងាត់ជាមួយនឹងព្រះអម្ចាស់ ដើម្បីថ្វាយភក្ដីភាពរបស់យើងដល់ទ្រង់ ?
ក្នុងអំឡុងពេលថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធរបស់យើង ចុះបើយើងត្រូវខិតខំប្រឹងប្រែងកាន់តែមានវិន័យ និងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីយកចិត្តទុកដាក់ ឬនៅយូរបន្តិចនៅក្នុងបន្ទប់សេឡេស្ទាលក្នុងការជញ្ជឹងគិតដ៏ស្ងប់ស្ងាត់នោះ ?
នៅពេលដែលការផ្តោតអារម្មណ៍របស់យើងតិចនៅលើការធ្វើ និងកាន់តែច្រើននៅលើការពង្រឹងទំនាក់ទំនងនៃសេចក្តីសញ្ញារបស់យើងជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពេលវេលាដ៏ពិសិដ្ឋនីមួយៗនេះនឹងត្រូវបានពង្រឹង ហើយយើងនឹងទទួលបានការណែនាំដែលត្រូវការនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង ។ យើងរាល់គ្នា ក៏ដូចជាម៉ាថាដែលនៅក្នុងកំណត់ត្រាក្នុងគម្ពីរលូកា ដែលជាញឹកញាប់« មានការព្រួយចិត្តខំប្រឹងរៀបចំធ្វើរឿងជាច្រើន » ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលយើងប្រាស្រ័យទាក់ទងជាមួយនឹងព្រះអម្ចាស់ជារៀងរាល់ថ្ងៃ នោះទ្រង់នឹងជួយយើងឲ្យដឹងថាអ្វីដែលត្រូវការបំផុត ។
សូម្បីតែព្រះអង្គសង្គ្រោះបានចំណាយពេលពីការបម្រើរបស់ទ្រង់ដើម្បីនៅស្ងៀមស្ងាត់ផងដែរ ។ បទគម្ពីរគឺមានពោរពេញទៅដោយឧទាហរណ៍របស់ព្រះអម្ចាស់ដកព្រះកាយថយទៅរកកន្លែងស្ងប់ស្ងាត់មួយ ព្រៃភ្នំមួយ ទៅកន្លែងវាលខ្សាច់មួយ ឬទៅ « ឆ្ងាយបន្តិច » ដើម្បីអធិស្ឋានទៅកាន់ព្រះវរបិតា ។ ប្រសិនបើព្រះយេស៊ូវគ្រីស្ទស្វែងរកពេលវេលាស្ងៀមស្ងាត់ដើម្បីប្រាស្រ័យទាក់ទងជាមួយនឹងព្រះ និងដើម្បីបានពង្រឹងដោយសារទ្រង់ នោះវាជាការឆ្លាតវៃសម្រាប់យើងក្នុងការធ្វើដូចគ្នាដូច្នោះដែរ ។
នៅពេលយើងផ្តោតដួងចិត្ត និងគំនិតរបស់យើងលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយស្តាប់តាមសំឡេងតូចរហៀងនៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងនឹងយល់កាន់តែច្បាស់អំពីអ្វីដែលត្រូវការបំផុត ស្ថាបនាចិត្តអាណិតអាសូរកាន់តែជ្រាលជ្រៅ ហើយស្វែងរកការសម្រាក និងកម្លាំងនៅក្នុងទ្រង់ ។ ទន្ទឹមគ្នានេះ ការជួយព្រះពន្លឿនកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ទ្រង់អាចតម្រូវឲ្យយើងបន្ថយល្បឿន ។ ចលនាឥតឈប់ឈររបស់យើងអាចនឹងបន្ថែមភាពចលាចល នៅក្នុងជីវិតរបស់យើង និងរារាំងយើងពីការស្វែងរកភាពសុខសាន្តដែលយើងចង់បាន ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅពេលយើងងាកត្រឡប់ទៅរកព្រះអម្ចាស់ជាញឹកញាប់ជាមួយនឹងចិត្តដ៏ស្មោះសរ នោះយើងនឹងនៅក្នុង ភាពស្ងៀមស្ងាត់ និង ទំនុកចិត្ត ឲ្យមកស្គាល់ទ្រង់ និងទទួលអារម្មណ៍នៃក្តីស្រឡាញ់នៃសេចក្តីសញ្ញាដ៏អស់កល្បរបស់ទ្រង់ចំពោះយើង ។
ព្រះអម្ចាស់បានសន្យាថា ៖
« ចូលមកកែ្បរយើង ហើយយើងនឹងចូលមកក្បែរឯង ចូរខំប្រឹងប្រែងស្វែងរកយើង ហើយឯងនឹងរកយើងឃើញ » ។
« ឯងរាល់គ្នានឹងស្វែងរកយើង ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកយើងឲ្យអស់អំពីចិត្ត » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា សេចក្តីសន្យានេះជាការពិត ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។