ជីវិតរមែងស្លាប់ពិតជាបានផល !
ទោះមានឧបសគ្គ ដែលយើងទាំងអស់គ្នាប្រឈមមុខក៏ដោយ ព្រះវរបិតាសួគ៌របស់យើងដែលពោរពេញដោយក្តីស្រឡាញ់ បានរចនាផែនការនៃសុភមង្គលបែបនេះ ដើម្បីកុំឲ្យយើងបរាជ័យ ។
អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំត្រូវបានចាត់តាំងឲ្យបង្រៀនតាមផ្ទះដល់បងស្រីម្នាក់ក្នុងវួដរបស់ខ្ញុំ ។ ជីវិតគាត់មិនស្រួលឡើយ ។ គាត់មានបញ្ហាសុខភាពផ្សេងៗ និងរងការឈឺចាប់ពេញមួយជីវិតដោយសារគ្រោះថ្នាក់កាលពីក្មេងនៅសួនកុមារ ។ គាត់បានលែងលះនៅអាយុ៣២ឆ្នាំ ត្រូវចិញ្ចឹម និងផ្គត់ផ្គង់កូនតូចៗបួននាក់ គាត់បានរៀបការម្ដងទៀតនៅអាយុ៥០ឆ្នាំ ។ ស្វាមីទីពីររបស់គាត់បានទទួលមរណភាពនៅពេលគាត់មានអាយុ៦៦ឆ្នាំ ហើយបងស្រីនេះបានរស់នៅ២៦ឆ្នាំបន្ដទៀតក្នុងនាមជាស្ត្រីមេម៉ាយ ។
ទោះបីជាមានឧបសគ្គពេញមួយជីវិតក្តី ក៏គាត់ស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់គាត់រហូតដល់ទីបញ្ចប់ ។ បងស្រីនេះគឺជាអ្នកធ្វើពង្សាវលី អ្នកចូលរួមព្រះវិហារបរិសុទ្ធ និងជាអ្នកប្រមូល និងអ្នកសរសេរប្រវត្តិគ្រួសារដ៏ខ្លាំងក្លា ។ ទោះគាត់មានការសាកល្បងលំបាកជាច្រើន ហើយពិតណាស់ថា ពេលខ្លះគាត់មានអារម្មណ៍សោកសៅ និងឯកោ ក៏គាត់នៅតែមានទឹកមុខចែងចាំង និងមានបុគ្គលិកលក្ខណៈប្រកបដោយសប្បុរសធម៌ និងរួសរាយ ។
ប្រាំបួនខែបន្ទាប់ពីគាត់បានទទួលមរណភាព កូនប្រុសម្នាក់របស់គាត់បានមានបទពិសោធន៍ដ៏អស្ចារ្យមួយនៅក្នុងព្រះវិហារបរិសុទ្ធ ។ គាត់បានរៀនដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធថា ម្តាយរបស់គាត់មានសារមួយសម្រាប់គាត់ ។ គាត់បានទាក់ទងជាមួយកូនប្រុសគាត់ ប៉ុន្តែមិនមែនដោយការនិមិត្ត ឬពាក្យសម្ដីដែលឮចេញមកនោះទេ ។ សារដ៏ច្បាស់ដូចតទៅនេះបានចូលមកក្នុងចិត្តកូនប្រុសពីម្តាយរបស់គាត់ ៖ « ម៉ាក់ចង់ឲ្យកូនដឹងថា ជីវិតរមែងស្លាប់ពិតជាបានផល ហើយម៉ាក់ចង់ឲ្យកូនដឹងថា ឥឡូវនេះម៉ាក់យល់ហើយថាហេតុអ្វីបានជាអ្វីគ្រប់យ៉ាងបានកើតឡើង[ ក្នុងជីវិតម៉ាក់ ]តាមរបៀបដែលវាបានកើតឡើង ហើយវាមិនអីទេ » ។
សារនេះកាន់តែអស្ចារ្យ នៅពេលមនុស្សម្នាក់ពិចារណាពីស្ថានភាពរបស់គាត់ និងការលំបាកដែលបងស្រីនេះបានស៊ូទ្រាំ និងយកឈ្នះ ។
បងប្អូនប្រុសស្រី ជីវិតរមែងស្លាប់ពិតជាបានផល ! វាត្រូវបានរចនាឡើងដើម្បីបានផល ! ទោះមានឧបសគ្គ ការឈឺចាប់ និងការលំបាកដែលយើងទាំងអស់គ្នាប្រឈមមុខក៏ដោយ ព្រះវរបិតាសួគ៌របស់យើងដែលពោរពេញដោយក្តីស្រឡាញ់ ប្រាជ្ញា និងភាពល្អឥតខ្ចោះ បានរចនាផែនការនៃសុភមង្គលបែបនេះ ដើម្បីកុំឲ្យយើងបរាជ័យ ។ ផែនការរបស់ទ្រង់ផ្តល់ផ្លូវមួយសម្រាប់យើងដើម្បីយកឈ្នះលើការបរាជ័យក្នុងជីវិតរមែងស្លាប់របស់យើង ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។
ទោះជាយ៉ាងណា បើយើងជាអ្នកទទួលផលពី « កិច្ចការ…និងសិរីល្អ » របស់ព្រះ ថែមទាំងទទួលផលពី « អមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច » ទៀតនោះ យើងត្រូវតែរំពឹងថាទទួលការបង្រៀន ហើយត្រូវឆ្លងកាត់ភ្លើងរបស់ជាងសំរង—ពេលខ្លះគឺដល់ដែនកំណត់បំផុតរបស់យើង ។ ការចៀសវាងទាំងស្រុងពីបញ្ហា ឧបសគ្គ និងការលំបាកនៃពិភពលោកនេះ គឺប្រៀបដូចជាការគេចចេញពីដំណើរការដែលចាំបាច់សម្រាប់ជីវិតរមែងស្លាប់ដូច្នោះដែរ។
ដូច្នេះហើយ យើងមិនគួរភ្ញាក់ផ្អើលទេ នៅពេលយើងជួបគ្រាលំបាកៗ ។ យើងនឹងជួបប្រទះស្ថានភាពដែលសាកល្បងយើង និងមនុស្សដែលអាចជួយយើងឲ្យអនុវត្តសេចក្ដីសប្បុរស និងការអត់ធ្មត់ដ៏ពិតប្រាកដ ។ ប៉ុន្តែយើងត្រូវតែស៊ូទ្រាំនឹងការលំបាករបស់យើង ដូចដែលព្រះអម្ចាស់បានមានបន្ទូលថា ៖
« ហើយអស់អ្នកណាដែលប្ដូរជីវិតរបស់ខ្លួន ដើម្បីគតិរបស់យើង ដោយយល់ដល់ព្រះនាមរបស់យើង នោះនឹងបានវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ។
« ហេតុដូច្នេះហើយ ចូរកុំខ្លាចពួកខ្មាំងសត្រូវរបស់អ្នក[ ឬបញ្ហា ឧបសគ្គ ឬការសាកល្បងរបស់បងប្អូនក្នុងជីវិតនេះ ]ឡើយ ដ្បិតយើងបានចេញបញ្ញត្ត … ព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថា យើងនឹងល្បងលអ្នកនូវគ្រប់ទាំងអស់ ថាតើអ្នកនឹងនៅជាប់ក្នុងសេចក្ដីសញ្ញារបស់យើង … ប្រយោជន៍ឲ្យអ្នកអាចបានឃើញថាស័ក្ដិសម » ។
នៅពេលយើងមានអារម្មណ៍ព្រួយចិត្ដ ឬថប់បារម្ភអំពីបញ្ហារបស់យើង ឬមានអារម្មណ៍ថាយើងប្រហែលជាទទួលការលំបាកក្នុងជីវិតយើងច្រើនហួស នោះយើងអាចចងចាំពីអ្វីដែលព្រះអម្ចាស់បានមានបន្ទូលទៅកាន់កូនចៅអ៊ីស្រាអែល ៖
« ត្រូវឲ្យឯងនឹកចាំពីអស់ទាំងការណ៍[ ទាំងឡាយ ]ដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បាននាំឯងនៅក្នុងទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯងឲ្យដឹងជាសេចក្តីណា[ ដែល ]នៅក្នុងចិត្តឯង គឺបើ[ ឯង ]នឹងកាន់ តាមបញ្ញត្តទ្រង់ឬទេ » ។
ដូចដែលលីហៃបានបង្រៀនយ៉ាកុបកូនប្រុសរបស់លោក ៖
« កូនបានរងទុក្ខវេទនា និងការសោកសៅដ៏ច្រើន ។ … ទោះជាយ៉ាងនេះក៏ដោយ … [ ព្រះ ] នឹងធ្វើឲ្យសេចក្ដីវេទនាទាំងឡាយរបស់កូន ក្លាយទៅជាផលប្រយោជន៍ដល់កូនវិញ ។ … ហេតុដូច្នោះហើយ ឪពុកដឹងថា កូនត្រូវបានប្រោសលោះឲ្យរួច ពីព្រោះតែសេចក្ដីសុចរិតនៃព្រះដ៏ប្រោសលោះរបស់កូន » ។
ដោយសារតែជីវិតនេះគឺជាកន្លែងសាកល្បង ហើយ « កាលពពកងងឹតទុក្ខហ៊ុមលើយើង ចង់បំផ្លាញសេចក្ដីសុខយើងចោល » នោះវាមានប្រយោជន៍ក្នុងការចងចាំដំបូន្មាន និងការសន្យានេះដែលមាននៅក្នុង ម៉ូសាយ ២៣ ទាក់ទងនឹងឧបសគ្គក្នុងជីវិត ៖ « ក៏ប៉ុន្តែ—អស់អ្នកណាដែលដាក់ទីទុកចិត្តរបស់ខ្លួនទៅលើ[ ព្រះអម្ចាស់ ] អ្នកនោះហើយដែលនឹងត្រូវបានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់ » ។
ពេលជាយុវវ័យ ខ្ញុំបានដកពិសោធន៍ដោយផ្ទាល់នូវការឈឺចាប់ក្នុងអារម្មណ៍ និងការអាម៉ាស់យ៉ាងខ្លាំង ដែលជាលទ្ធផលនៃការប្រព្រឹត្តិមិនសុចរិតរបស់អ្នកដទៃ ដែលបានប៉ះពាល់ដល់តម្លៃខ្លួនឯង និងអារម្មណ៍នៃភាពស័ក្តិសមរបស់ខ្ញុំចំពោះព្រះអម្ចាស់អស់ជាច្រើនឆ្នាំ ។ ទោះជាយ៉ាងណា ខ្ញុំសូមធ្វើជាសាក្សីដោយផ្ទាល់ថា ព្រះអម្ចាស់អាចពង្រឹងយើង និងទ្រទ្រង់យើងក្នុងការលំបាកណាក៏ដោយដែលយើងជួបប្រទះអំឡុងជីវិតរមែងស្លាប់របស់យើងក្នុងជ្រលងទឹកភ្នែកនេះ ។
យើងធ្លាប់ស្គាល់ពីបទពិសោធន៍របស់ប៉ុល ៖
« ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសម្ដែងដ៏ហួសល្បត់នោះ[ ដែលខ្ញុំបានទទួល ]បានជាមានបន្លា១ចាត់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្សសាតាំង ដែលមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំឡើយ ។
« ខ្ញុំបានសូមអង្វរដល់ព្រះអម្ចាស់៣ដង ឲ្យសេចក្តីនោះថយចេញពីខ្ញុំទៅ ។
« តែទ្រង់មានព្រះបន្ទូលមកខ្ញុំថា គុណរបស់យើងល្មមដល់ឯងហើយ ដ្បិតកម្លាំងយើងបានពេញខ្នាត ដោយសេចក្តីកម្សោយ ។ ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្តីកម្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ » ។
យើងមិនដឹងថាអ្វីជា « បន្លាចាត់មកក្នុងសាច់ឈាម » របស់ប៉ុលនោះទេ ។ លោកបានជ្រើសរើសមិនពិពណ៌នាថាវាជាជំងឺខាងរាងកាយ សេចក្តីកម្សោយខាងផ្លូវចិត្ត ឬអារម្មណ៍ ឬការល្បួង ។ ប៉ុន្តែយើងមិនត្រូវការដឹងពីសេចក្ដីលម្អិត ដើម្បីដឹងថា លោកបានពុះពារ និងបានទូលអង្វរសូមជំនួយពីព្រះអម្ចាស់ ។ នៅទីបំផុតគឺ កម្លាំង និងព្រះចេស្ដារបស់ព្រះអម្ចាស់គឺជាអ្វីដែលបានជួយលោកឲ្យឆ្លងកាត់ការលំបាកទាំងនោះ ។
ដូចជាប៉ុលដែរ គឺតាមរយៈជំនួយរបស់ព្រះអម្ចាស់ដែលខ្ញុំបានទទួលការពង្រឹងខាងផ្លូវអារម្មណ៍ និងខាងវិញ្ញាណ ហើយច្រើនឆ្នាំក្រោយមក នៅទីបំផុតបានទទួលស្គាល់ថា ខ្ញុំតែងតែជាមនុស្សដែលមានតម្លៃ និងស័ក្តិសមនឹងពរជ័យនៃដំណឹងល្អ ។ ព្រះអង្គសង្គ្រោះបានជួយខ្ញុំឲ្យយកឈ្នះអារម្មណ៍នៃភាពមិនស័ក្តិសមរបស់ខ្ញុំ និងផ្តល់ការអភ័យទោសដោយស្មោះត្រង់ដល់អ្នកធ្វើបាប ។ នៅទីបំផុតខ្ញុំបានយល់ថា ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះគឺជាអំណោយផ្ទាល់ខ្លួនសម្រាប់ខ្ញុំ ហើយថាព្រះវរបិតាសួគ៌របស់ខ្ញុំ និងព្រះរាជបុត្រារបស់ទ្រង់ស្រឡាញ់ខ្ញុំយ៉ាងឥតខ្ចោះ ។ ដោយសារដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ជីវិតរមែងស្លាប់ពិតជាបានផល ។
នៅទីបំផុត ពេលដែលខ្ញុំត្រូវបានប្រទានពរឲ្យទទួលស្គាល់ពីរបៀបដែលព្រះអង្គសង្គ្រោះបានជួយសង្គ្រោះខ្ញុំ និងបានគង់នៅក្បែរខ្ញុំឆ្លងកាត់បទពិសោធន៍ទាំងនោះ ខ្ញុំយល់យ៉ាងច្បាស់ថា ស្ថានភាពអកុសលនៃវ័យជំទង់របស់ខ្ញុំគឺជាដំណើរ និងបទពិសោធន៍ផ្ទាល់ខ្លួន របស់ខ្ញុំ ហើយដំណោះស្រាយ និងលទ្ធផលចុងក្រោយរបស់ខ្ញុំមិនអាចដាក់ទៅលើអ្នកផ្សេងទៀតដែលបានរងទុក្ខ និងបន្តរងទុក្ខពីអាកប្បកិរិយាមិនសុចរិតរបស់អ្នកដទៃនោះទេ ។
ខ្ញុំទទួលស្គាល់ថា បទពិសោធន៍ជីវិត—ល្អ និងអាក្រក់—អាចបង្រៀនយើងនូវមេរៀនសំខាន់ៗ ។ ឥឡូវនេះខ្ញុំដឹង និងថ្លែងទីបន្ទាល់ថា ជីវិតរមែងស្លាប់ពិតជាបានផល ! ខ្ញុំសង្ឃឹមថា ជាលទ្ធផលមកពីបទពិសោធន៍សរុបនៃជីវិតរបស់ខ្ញុំ—ល្អ និងអាក្រក់—ខ្ញុំមានចិត្តអាណិតអាសូរចំពោះជនរងគ្រោះស្លូតត្រង់នៃការប្រព្រឹត្តិរបស់អ្នកដទៃ ហើយមានការយល់ចិត្តចំពោះអ្នកដែលត្រូវគេរំលោភបំពាន ។
ខ្ញុំសង្ឃឹមដោយស្មោះអស់ពីចិត្តថា ជាលទ្ធផលមកពីបទពិសោធន៍ជីវិតរបស់ខ្ញុំ—ល្អ និងអាក្រក់—ខ្ញុំមានចិត្តកាន់តែសប្បុរសចំពោះអ្នកផ្សេងទៀត ប្រព្រឹត្តចំពោះអ្នកផ្សេងទៀតដូចព្រះអង្គសង្គ្រោះប្រព្រឹត្ត ហើយយល់កាន់តែច្បាស់ពីអ្នកប្រព្រឹត្តបាប និងថាខ្ញុំមានសុចរិតភាពទាំងស្រុង ។ ពេលយើងមកពឹងផ្អែកលើព្រះគុណរបស់ព្រះអង្គសង្គ្រោះ និងរក្សាសេចក្តីសញ្ញារបស់យើង យើងអាចធ្វើជាគំរូនៃឥទ្ធិពលដ៏ទូលំទូលាយនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
ខ្ញុំសូមចែកចាយគំរូចុងក្រោយមួយថា ជីវិតរមែងស្លាប់ពិតជាបានផល ។
ម្តាយរបស់ខ្ញុំមិនមានដំណើរជីវិតងាយស្រួលទេ ក្នុងជីវិតរមែងស្លាប់នេះ ។ គាត់មិនបានទទួលការកោតសរសើរ ឬកិត្តិយសខាងលោកិយទេ ហើយមិនមានឱកាសទទួលការអប់រំលើសពីថ្នាក់វិទ្យាល័យឡើយ ។ គាត់បានឆ្លងជំងឺទន់សរសៃកាលពីកុមារ ដែលបណ្តាលឲ្យជើងខាងឆ្វេងរបស់គាត់មានការឈឺចាប់ និងមិនស្រួលពេញមួយជីវិត ។ ពេលជាមជ្ឈិមវ័យ គាត់បានជួបប្រទះស្ថានភាពលំបាកជាច្រើនខាងរាងកាយ និងហិរញ្ញវត្ថុ ប៉ុន្តែបានស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់គាត់ និងស្រឡាញ់ព្រះអម្ចាស់ ។
នៅពេលដែលម្តាយខ្ញុំមានអាយុ៥៥ឆ្នាំ បងស្រីបន្ទាប់របស់ខ្ញុំបានទទួលមរណភាព ដោយបន្សល់ទុកកូនស្រីអាយុ៨ខែ ជាក្មួយស្រីខ្ញុំឲ្យរស់នៅគ្មានម្តាយ ។ ដោយហេតុផលផ្សេងៗ ម៉ាក់បានចិញ្ចឹមក្មួយស្រីខ្ញុំអស់រយៈពេល១៧ឆ្នាំ ទាំងស្ថានភាពលំបាកខ្លាំងណាស់ ។ ថ្វីបើជួបការលំបាកទាំងនេះក្ដី គាត់រីករាយ និងមានឆន្ទៈបម្រើគ្រួសារ អ្នកជិតខាង និងសមាជិកក្នុងវួដរបស់គាត់ ហើយបានបម្រើជាអ្នកធ្វើពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធអស់ជាច្រើនឆ្នាំ ។ អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់គាត់ ម៉ាក់បានមានជំងឺវង្វេង ជាញឹកញាប់គាត់វង្វេងស្មារតី ហើយត្រូវយកទៅដាក់នៅកន្លែងថែទាំមនុស្សចាស់ ។ គួរឲ្យសោកស្តាយណាស់ គាត់បានទទួលមរណភាពតែម្នាក់ឯងដោយមិននឹកស្មានដល់ ។
ប៉ុន្មានខែបន្ទាប់ពីគាត់បានទទួលមរណភាព ខ្ញុំមានសុបិនមួយដែលខ្ញុំមិនដែលភ្លេចឡើយ ។ នៅក្នុងសុបិនរបស់ខ្ញុំ ខ្ញុំកំពុងអង្គុយនៅក្នុងការិយាល័យរបស់ខ្ញុំនៅអគាររដ្ឋបាលសាសនាចក្រ ។ ម៉ាក់បានចូលមកក្នុងការិយាល័យ ។ ខ្ញុំដឹងថា គាត់បានមកពីពិភពវិញ្ញាណ ។ ខ្ញុំនឹងចងចាំអារម្មណ៍ដែលខ្ញុំមានជានិច្ច ។ គាត់មិនបាននិយាយអ្វីទេ ប៉ុន្តែគាត់បានបញ្ចេញភាពស្រស់ស្អាតខាងវិញ្ញាណដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក ហើយដែលខ្ញុំពិបាកនឹងពិពណ៌នា ។
ទឹកមុខ និងរាងកាយរបស់គាត់ពិតជាគួរឲ្យអស្ចារ្យណាស់ ! ខ្ញុំចាំថាបាននិយាយទៅគាត់ថា « ម៉ាក់ស្រស់ស្អាតណាស់ ! » សំដៅដល់អំណាច និងភាពស្រស់ស្អាតខាងវិញ្ញាណរបស់គាត់ ។ គាត់បានទទួលស្គាល់ខ្ញុំ—ម្តងទៀតដោយមិននិយាយអ្វីឡើយ ។ ខ្ញុំទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់គាត់ចំពោះខ្ញុំ ហើយខ្ញុំបានដឹងថា គាត់សប្បាយចិត្ត និងបានជាសះស្បើយពីកង្វល់ និងឧបសគ្គខាងលោកិយរបស់គាត់ ហើយរង់ចាំយ៉ាងអន្ទះសានូវ « ដំណើររស់ឡើងវិញដ៏រុងរឿង » ។ ខ្ញុំដឹងថា សម្រាប់ម៉ាក់ ជីវិតរមែងស្លាប់ពិតជាបានផល—ហើយវាបានផលសម្រាប់យើងផងដែរ ។
កិច្ចការ និងសិរីល្អរបស់ព្រះ គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស ។ បទពិសោធន៍នៃជីវិតរមែងស្លាប់គឺជាផ្នែកមួយនៃដំណើរជីវិត ដែលអនុញ្ញាតឲ្យយើងលូតលាស់ និងរីកចម្រើនឆ្ពោះទៅរកអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចនោះ ។ ព្រះមិនបានបញ្ចូនយើងមកទីនេះដើម្បីបរាជ័យនោះទេ តែដើម្បីជោគជ័យនៅក្នុងផែនការរបស់ព្រះសម្រាប់យើងវិញ ។
ស្ដេចបេនយ៉ាមីនបានបង្រៀន ៖ « ហើយថែមទៀត ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតពិចារណា អំពីស្ថានភាពដ៏មានពរ និងរីករាយ នៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។ ដ្បិតមើលចុះ ពួកគេបានពរគ្រប់យ៉ាង ទាំងខាងសាច់ឈាម និងខាងវិញ្ញាណផង ហើយបើសិនជាពួកគេរក្សាការស្មោះត្រង់ដរាបដល់ចុងបំផុត នោះពួកគេនឹងត្រូវបានទទួលនៅស្ថានសួគ៌ ដើម្បីឲ្យពួកគេអាចរស់នៅជាមួយនឹងព្រះក្នុងស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ » ។ និយាយម្យ៉ាងទៀតគឺ ជីវិតរមែងស្លាប់ពិតជាបានផល !
ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅពេលយើងទទួលពិធីបរិសុទ្ធនៃដំណឹងល្អ ចូលក្នុងសេចក្ដីសញ្ញាជាមួយព្រះ ហើយបន្ទាប់មករក្សាសេចក្តីសញ្ញាទាំងនោះ ប្រែចិត្ត បម្រើអ្នកដទៃ និងស៊ូទ្រាំរហូតដល់ទីបំផុត នោះយើងក៏អាចមានការធានាអះអាង និងទំនុកចិត្តពេញលេញលើព្រះអម្ចាស់ថា ជីវិតរមែងស្លាប់ពិតជាបានផល ! ខ្ញុំធ្វើជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ ហើយថាអនាគតដ៏រុងរឿងរបស់យើងជាមួយព្រះវរបិតាសួគ៌របស់យើង កើតឡើងតាមរយៈព្រះគុណ និងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕