ព្រះហស្ដរបស់ទ្រង់ត្រៀមរួចជាស្រេចដើម្បីជួយយើង
ពេលយើងឈោងទៅរកព្រះយេស៊ូវគ្រីស្ទដោយសេចក្ដីជំនឿ នោះទ្រង់នឹងតែងតែគង់នៅទីនោះ ។
ពេលខ្ញុំនៅក្មេង យើងបានទៅវិស្សមកាលជាគ្រួសារនៅឆ្នេរសមុទ្រមួយក្នុងប្រទេសកំណើតរបស់ខ្ញុំ ប្រទេសឈីលី ។ ខ្ញុំរំភើបចិត្តនឹងចំណាយពេលដ៏រីករាយជាមួយគ្រួសារខ្ញុំនារដូវក្តៅនោះ ។ ខ្ញុំក៏រំភើបផងដែរ ព្រោះខ្ញុំគិតថា ទីបំផុតខ្ញុំអាចចូលរួម និងធ្វើអ្វីដែលបងប្រុសទាំងពីរនាក់របស់ខ្ញុំធ្លាប់លេងសប្បាយៗនៅក្នុងទឹក ។
ថ្ងៃមួយ បងប្រុសរបស់ខ្ញុំបានទៅលេងកន្លែងដែលរលកបោកបក់ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំធំ និងចាស់ទុំគ្រប់គ្រាន់ដើម្បីធ្វើតាមពួកគេ ។ ពេលខ្ញុំសំដៅឆ្ពោះទៅតំបន់នោះ ខ្ញុំបានដឹងថា រលកមានទំហំធំជាងដែលខ្ញុំឃើញពេលមើលពីឆ្នេរសមុទ្រទៅ ។ ភ្លាមៗនោះ រលកមួយបានចូលមកជិតខ្ញុំយ៉ាងឆាប់រហ័ស ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលណាស់ ។ ខ្ញុំមានអារម្មណ៍ថា អំណាចនៃធម្មជាតិបានត្របាក់យកខ្ញុំ ហើយអូសខ្ញុំចូលទៅក្នុងជម្រៅនៃសមុទ្រ ។ ខ្ញុំមិនអាចមើលឃើញ ឬអាចដឹងថា ខ្ញុំនៅចំណុចណាទេ ព្រោះរលកបានបោកបក់គ្រវីគ្រវាត់ខ្ញុំយ៉ាងខ្លាំង ។ ពេលដែលខ្ញុំបានគិតថា ការផ្សងព្រេងរបស់ខ្ញុំនៅលើផែនដីនេះអាចដល់ទីបញ្ចប់ហើយនោះ ខ្ញុំមានអារម្មណ៍ថាមានដៃមួយទាញខ្ញុំទៅច្រាំងវិញ ។ ទីបំផុត ខ្ញុំអាចឃើញពន្លឺព្រះអាទិត្យ និងអាចដកដង្ហើមបាន ។
បងប្រុសរបស់ខ្ញុំ ខ្លូឌីយ៉ូ បានឃើញខ្ញុំខំប្រឹងហែលទាំងលំបាក ហើយបានទៅជួយសង្គ្រោះខ្ញុំ ។ ខ្ញុំនៅមិនឆ្ងាយពីឆ្នេរប៉ុន្មានទេ ។ ទោះបីជាទឹករាក់ក៏ដោយ ក៏ខ្ញុំបានវង្វេងស្មារតី ហើយមិនដឹងថា ការពិតទៅខ្ញុំអាចជួយខ្លួនឯងបាន ។ ខ្លូឌីយ៉ូ បានប្រាប់ខ្ញុំថា ខ្ញុំត្រូវប្រុងប្រយ័ត្ន ហើយបើខ្ញុំចង់ គាត់អាចបង្រៀនខ្ញុំបាន ។ ទោះខ្ញុំបានឈ្លក់ទឹកអស់រាប់លីត្រមែន ក៏មោទនភាព និងបំណងប្រាថ្នារបស់ខ្ញុំដើម្បីក្លាយជាក្មេងប្រុសធំម្នាក់គឺមោះមុត ហើយខ្ញុំបាននិយាយថា « ប្រាកដណាស់ » ។
ខ្លូឌីយ៉ូ បានប្រាប់ខ្ញុំថា ខ្ញុំត្រូវយកឈ្នះលើទឹករលក ។ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំប្រាកដជាចាញ់ការប្រយុទ្ធនឹងរលកនោះដែលហាក់ដូចជាជញ្ជាំងទឹកដ៏ធំមួយ ។
នៅពេលដែលរលកធំថ្មីមួយបក់មក ខ្លូឌីយ៉ូ បាននិយាយភ្លាមថា ៖ « មើលបង ! នេះជារបៀបដែលឯងធ្វើវា » ។ ខ្លូឌីយ៉ូ បានរត់ឆ្ពោះទៅរករលកដែលបក់មកនោះ ហើយមុជចូលទៅក្នុងរលកនោះមុននឹងវាបែក ។ ខ្ញុំស្ងើចខ្លាំងណាស់ជាមួយនឹងការមុជទឹករបស់គាត់ រហូតដល់ខ្ញុំភ្លេចមើលរលកបន្ទាប់ទៀតដែលបក់មក ។ ដូច្នេះ ខ្ញុំបានលិចចូលទៅក្នុងជម្រៅសមុទ្រ ហើយត្រូវបោកបក់គ្រវីគ្រវាត់ដោយកម្លាំងធម្មជាតិម្តងទៀត ។ ប៉ុន្មានវិនាទីក្រោយមក ដៃមួយបានចាប់ដៃខ្ញុំ ហើយខ្ញុំត្រូវបានទាញមកម្តងទៀតឆ្ពោះទៅរកផ្ទៃដី និងខ្យល់ដកដង្ហើម ។ រងើកភ្លើងនៃមោទនភាពរបស់ខ្ញុំបានរលត់ ។
លើកនេះ បងប្រុសខ្ញុំបានអញ្ជើញខ្ញុំឲ្យមុជទៅក្នុងទឹកជាមួយគាត់ ។ តាមការអញ្ជើញរបស់គាត់ ខ្ញុំបានធ្វើតាមគាត់ ហើយយើងបានមុជទៅក្នុងទឹកជាមួយគ្នា ។ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំកំពុងយកឈ្នះឧបសគ្គដ៏ស្មុគស្មាញបំផុត ។ ប្រាកដណាស់ វាមិនងាយស្រួលទេ ប៉ុន្តែខ្ញុំបានធ្វើវា សូមអរគុណចំពោះជំនួយ និងគំរូបងប្រុសខ្ញុំបានបង្ហាញ ។ ដៃរបស់គាត់បានជួយសង្គ្រោះខ្ញុំពីរដង គំរូរបស់គាត់បានបង្ហាញខ្ញុំពីរបៀបដោះស្រាយបញ្ហារបស់ខ្ញុំ និងទទួលបានជ័យជម្នះនៅថ្ងៃនោះ ។
ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញយើងឲ្យគិតដល់សេឡេស្ទាល ហើយខ្ញុំចង់ធ្វើតាមដំបូន្មានរបស់លោក ហើយអនុវត្តវាទៅនឹងរឿងនារដូវក្តៅរបស់ខ្ញុំ ។
ព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះលើមារសត្រូវ
បើយើងគិតដល់សេឡេស្ទាល យើងនឹងយល់ថា នៅក្នុងជីវិតរបស់យើង យើងនឹងប្រឈមនឹងឧបសគ្គនានា ដែលហាក់ដូចជាធំជាងសមត្ថភាពដែលយើងមានដើម្បីយកឈ្នះវា ។ អំឡុងជីវិតរមែងស្លាប់របស់យើង នោះយើងទទួលរងការវាយប្រហារពីមារសត្រូវ ។ ដូចជារលកដែលមានអំណាចលើខ្ញុំនៅថ្ងៃនារដូវក្តៅនោះដែរ យើងអាចមានអារម្មណ៍ថាគ្មានអំណាចសោះ ហើយចង់ចុះចាញ់គ្រោះដ៏កាចនោះ ។ « រលកដ៏អាក្រក់ទាំងនោះ » អាចរុញច្រានយើងពីម្ខាងទៅម្ខាង ។ ប៉ុន្តែកុំភ្លេចថា អ្នកណាមានអំណាចលើរលកទាំងនោះ ហើយតាមពិតទៅ លើអ្វីៗទាំងអស់ ។ នោះគឺព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់មានព្រះចេស្ដាដើម្បីជួយយើងចេញពីរាល់ស្ថានភាពដ៏វេទនា ឬស្ថានភាពអាក្រក់ៗ ។ មិនថាយើងមានអារម្មណ៍ជិតស្និទ្ធនឹងទ្រង់ឬអត់ទេ ទ្រង់នៅតែអាចឈោងទៅជួយយើងនៅកន្លែងដែលយើងនៅ និងជាខ្លួនយើង ។
កាលដែលយើងឈោងទៅរកទ្រង់ដោយសេចក្ដីជំនឿ ទ្រង់នឹងនៅទីនោះជានិច្ច ហើយតាមពេលវេលារបស់ទ្រង់ ទ្រង់នឹងត្រៀមរួចជាស្រេច និងមានព្រះឆន្ទៈដើម្បីចាប់ដៃយើង ហើយទាញយើងឡើងទៅកន្លែងសុវត្ថិភាព ។
ព្រះអង្គសង្គ្រោះ និងគំរូនៃការងារបម្រើរបស់ទ្រង់
បើយើងគិតដល់សេឡេស្ទាល យើងនឹងដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ឥតខ្ចោះអំពីការងារបម្រើ ។ មានលំនាំមួយសម្រាប់យើងនៅក្នុងព្រះគម្ពីរ ពេលដែលទ្រង់ ឬពួកសិស្សរបស់ទ្រង់ឈោងទៅជួយនរណាម្នាក់ដែលត្រូវការជំនួយ ការសង្គ្រោះ ឬពរជ័យមួយ នៅពេលដែលពួកសិស្សទាំងនោះឈោងដៃរបស់ពួកគាត់ទៅ ។ ដូចនៅក្នុងរឿងរបស់ខ្ញុំ ខ្ញុំបានដឹងថា បងប្រុសខ្ញុំនៅទីនោះ ប៉ុន្តែការនៅទីនោះសម្រាប់ខ្ញុំគឺមិនគ្រប់គ្រាន់ទេ ។ ខ្លូឌីយ៉ូ ដឹងថាខ្ញុំមានបញ្ហា ហើយគាត់បានទៅជួយលើកខ្ញុំពីទឹក ។
ជួនកាលយើងគិតថា យើងគ្រាន់តែត្រូវនៅទីនោះសម្រាប់មនុស្សម្នាក់ដែលត្រូវការជំនួយ ហើយជាច្រើនដង មានអ្វីថែមទៀតដែលយើងអាចធ្វើបាន ។ ការមានទស្សនវិស័យដ៏អស់កល្បជានិច្ចអាចជួយយើងឲ្យទទួលបានវិវរណៈដើម្បីផ្តល់ជំនួយទាន់ពេលវេលាដល់អ្នកដទៃដែលត្រូវការជំនួយ ។ យើងអាចពឹងផ្អែកលើការណែនាំ និងការបំផុសគំនិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីសម្គាល់ថា តើជំនួយប្រភេទណាដែលពួកគេត្រូវការ មិនថាវាជាការគាំទ្របណ្តោះអាសន្ន ដូចជាការលួងលោមអារម្មណ៍ អាហារ ជួយកិច្ចការប្រចាំថ្ងៃ ឬការណែនាំខាងវិញ្ញាណ ដើម្បីជួយអ្នកដទៃក្នុងដំណើររបស់ពួកគេ ដើម្បីរៀបចំ ធ្វើ និងគោរពសេចក្តីសញ្ញាដ៏ពិសិដ្ឋ ។
ព្រះអង្គសង្គ្រោះត្រៀមរួចជាស្រេចដើម្បីជួយសង្គ្រោះយើង
នៅពេលពេត្រុស ជាសាវកជាន់ខ្ពស់ « ដើរលើទឹក ដើម្បីទៅឯព្រះយេស៊ូវ … គាត់មានចិត្តភ័យ ហើយដោយព្រោះចាប់តាំងលិចទៅ » បន្ទាប់មក « គាត់ស្រែកឡើងថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង » ។ ព្រះយេស៊ូវបានដឹងអំពីសេចក្តីជំនឿដែលពេត្រុសបានអនុវត្តដើម្បីមកឯទ្រង់នៅលើទឹក ។ ទ្រង់ក៏ដឹងពីការភ័យខ្លាចរបស់ពេត្រុសផងដែរ ។ យោងតាមបញ្ជីនោះ ព្រះយេស៊ូវ « លូកព្រះហស្តទៅចាប់គាត់ភ្លាម » ដោយមានបន្ទូលដូចនេះថា « ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យ ? » ព្រះបន្ទូលរបស់ទ្រង់គឺមិនមែនដើម្បីបន្ទោសពេត្រុសទេ ប៉ុន្តែដើម្បីរំឭកគាត់ថា ទ្រង់ជាព្រះមែស៊ី បានគង់នៅជាមួយគាត់ និងពួកសិស្ស ។
បើយើងគិតដល់សេឡេស្ទាល យើងនឹងទទួលបានការបញ្ជាក់ក្នុងដួងចិត្តយើងថា ព្រះយេស៊ូវគ្រីស្ទគឺពិតជាព្រះអង្គសង្គ្រោះរបស់យើង ជាអង្គគាំទ្ររបស់យើងជាមួយព្រះវរបិតា និងជាព្រះអង្គប្រោសលោះរបស់យើង ។ ពេលដែលយើងអនុវត្តសេចក្តីជំនឿលើទ្រង់ ទ្រង់នឹងសង្គ្រោះយើងពីស្ថានភាពធ្លាក់របស់យើង លើសពីឧបសគ្គ ជំងឺ និងតម្រូវការក្នុងជីវិតសាកល្បងរបស់យើងទៅទៀត ហើយប្រទានដល់យើងនូវអំណោយដ៏អស្ចារ្យបំផុត គឺជាជីវិតដ៏អស់កល្បជានិច្ច ។
ព្រះអង្គសង្គ្រោះមិនបោះបង់យើងទេ
បងប្រុសខ្ញុំមិនបោះបង់ខ្ញុំនៅថ្ងៃនោះទេ ប៉ុន្តែនៅតែបន្តជំរុញខ្ញុំ ដើម្បីខ្ញុំអាចរៀនពីរបៀបធ្វើវាដោយខ្លួនខ្ញុំ ។ គាត់នៅតែបន្តជំរុញ ទោះបីជាវាតម្រូវឲ្យគាត់ជួយសង្គ្រោះខ្ញុំ ពីរដង ក៏ដោយ ។ គាត់នៅតែបន្តជំរុញខ្ញុំ ទោះបីជាខ្ញុំមិនយល់ពីវាពីដំបូងក៏ដោយ ។ គាត់នៅតែបន្តជំរុញខ្ញុំ ដើម្បីខ្ញុំអាចយកឈ្នះឧបសគ្គនោះ និងទទួលបានជោគជ័យ ។ បើយើងគិតដល់សេឡេស្ទាល យើងនឹងដឹងថា ព្រះអង្គសង្គ្រោះរបស់យើងនឹងគង់នៅទីនោះច្រើនដងតាមដែលចាំបាច់ ដើម្បីប្រទានជំនួយ បើយើងចង់រៀន ផ្លាស់ប្ដូរ យកឈ្នះ ដោះស្រាយ ឬជោគជ័យក្នុងអ្វីក៏ដោយ ដែលនឹងនាំសេចក្ដីពិត និងសុភមង្គលដ៏និរន្តរដល់ជីវិតយើង ។
ព្រះហស្ដរបស់ព្រះអង្គសង្គ្រោះ
ព្រះគម្ពីរធ្វើឲ្យនិមិត្តសញ្ញា និងសារៈសំខាន់នៃព្រះហស្ដរបស់ព្រះអង្គសង្គ្រោះនៅជាអមតៈ ។ នៅក្នុងការលះបង់ដ៏ធួនរបស់ទ្រង់ គេបានដំដែកគោលនឹងព្រះហស្ដទ្រង់ ដើម្បីឲ្យទ្រង់នៅជាប់លើឈើឆ្កាង ។ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ ទ្រង់បានបង្ហាញព្រះកាយដល់ពួកសិស្សទ្រង់នៅក្នុងព្រះកាយដ៏ល្អឥតខ្ចោះ ប៉ុន្តែស្នាមដែកគោលនៅនឹងព្រះហស្ដទ្រង់នៅតែជាការរំឭកអំពីការលះបង់គ្មានទីបញ្ចប់របស់ទ្រង់ ។ ទោះជាយើងមិនអាចមើលឃើញ ឬទទួលអារម្មណ៍ពីដំបូងក្ដី ក៏ព្រះហស្ដទ្រង់នឹងតែងតែនៅទីនោះសម្រាប់យើងជានិច្ច ព្រោះព្រះវរបិតាសួគ៌បានជ្រើសរើសទ្រង់ឲ្យធ្វើជាព្រះអង្គសង្គ្រោះរបស់យើង ជាព្រះប្រោសលោះរបស់មនុស្សជាតិទាំងអស់ ។
បើខ្ញុំគិតដល់សេឡេស្ទាល ខ្ញុំដឹងថា ទ្រង់មិនទុកយើងឲ្យនៅតែឯងនៅក្នុងជីវិតនេះទេ ។ ពេលដែលយើងត្រូវប្រឈមមុខនឹងឧបសគ្គ និងការសាកល្បង ព្រះវរបិតាសួគ៌របស់យើងដឹងពីសមត្ថភាពរបស់យើង ហើយដឹងថា យើងអាចទ្រាំ ឬយកឈ្នះការលំបាករបស់យើងបាន ។ យើងត្រូវតែធ្វើផ្នែករបស់យើង និងងាកទៅរកទ្រង់ដោយសេចក្តីជំនឿ ។ ព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ គឺជាអង្គសង្គ្រោះរបស់យើង ហើយនឹងគង់នៅទីនោះជានិច្ច ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕