សន្និសីទទូទៅ
បីបាច់​ឫស នោះ​មែក​នឹង​លូតលាស់​ឡើង
សន្និសីទ​ទូទៅ​ខែតុលា ឆ្នាំ​២០២៤


បីបាច់​ឫស នោះ​មែក​នឹង​លូតលាស់​ឡើង

មែក​នៃ​ទីបន្ទាល់​របស់​បងប្អូន​នឹង​ទទួល​បាន​កម្លាំង​ពី​ការពង្រឹង​សេចក្តី​ជំនឿ​របស់​បងប្អូន​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​ទ្រង់ ។

រោង​ថ្វាយបង្គំ​ចាស់​មួយ​ក្នុង​ទី​ក្រុង ហ្សីកខោវ

ឆ្នាំ​២០២៤ គឺ​ជា​ឆ្នាំ​ដ៏​សំខាន់​មួយ​សម្រាប់​ខ្ញុំ ។ ឆ្នាំ​នេះ​គម្រប់ ៧៥ ឆ្នាំ ចាប់តាំង​ពី​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​បាន​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ទី​ក្រុង ហ្សីកខោវ ប្រទេស​អាល្លឺម៉ង់ ។

សមាជិកភាព​របស់​ខ្ញុំ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​មាន​តម្លៃ​ណាស់​សម្រាប់​ខ្ញុំ ។ ដើម្បី​ខ្ញុំ​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ប្រជាជន​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ ជាមួយ​បងប្អូន ដែល​ជា​បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ គឺ​ជា​មហា​កិត្តិយស​ណាស់​សម្រាប់​ជីវិត​របស់​ខ្ញុំ ។

នៅ​ពេល​ខ្ញុំ​គិត​អំពី​ដំណើរ​ផ្ទាល់​ខ្លួន​របស់ខ្ញុំ​នៃ​ភាពជា​សិស្ស ខ្ញុំ​តែង​ស្រណោះ​នឹក​អំពី​អគារ​វីឡា​ចាស់​នៅ​ទី​ក្រុង ហ្សីកខោវ ជា​កន្លែង​ដែល​ខ្ញុំ​ស្រឡាញ់​នូវ​អនុស្សាវរីយ៍​នៃ​ការចូលរួម​ការប្រជុំ​សាក្រាម៉ង់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ កាល​នៅ​កុមារភាព ។ ទី​នោះ​គឺ​ជា​កន្លែង​ដែល​ពន្លក​នៃ​ទី​បន្ទាល់​របស់ខ្ញុំ​ចាប់​ផ្តើម​ដុះ​ឡើង ។

នៅ​រោង​ថ្វាយបង្គំ​នេះ​មាន​ព្យាណូ​ខ្យល់​ចាស់​មួយ ។ ជា​រៀងរាល់​ថ្ងៃអាទិត្យ យុវជន​ម្នាក់​ត្រូវ​បាន​ចាត់​ឲ្យ​រុញ​ដង​ស្នប់​ដ៏​តឹង​នោះ​ចុះ​ឡើង ដើម្បី​ឲ្យ​សំឡេង​ព្យាណូខ្យល់​នោះ​ដំណើរការ ។ ជួន​កាល ខ្ញុំ​បាន​មាន​អភ័យ​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ក្នុង​ការជួយ​កិច្ចការ​ដ៏​សំខាន់​នេះ ។

ខណៈ​ដែល​ក្រុមជំនុំ​ច្រៀង​ទំនុក​តម្កើង​ជា​ទី​ស្រឡាញ់​របស់​យើង​នោះ ខ្ញុំ​បាន​សប់ខ្យល់​ពេញ​ទំហឹង​ដើម្បី​កុំ​ឲ្យ​ព្យាណូ​ខ្យល់​នោះ​អស់​ខ្យល់ ។ នៅ​កៅអី​សប់​ខ្យល់​នោះ ខ្ញុំ​បាន​មើល​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ចម្លាក់​ជា​កញ្ចក់​បង្អួច ដែល​រូប​មួយ​ពិពណ៌នា​អំពី​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ និង​មួយ​ទៀត​បង្ហាញ​ពី យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ ។

ខ្ញុំ​អាច​នៅ​ចាំ​អំពី​អារម្មណ៍​ដ៏​ពិសិដ្ឋ ដែល​ខ្ញុំ​បាន​មាន​ពេល​មើល​រូប​ទាំង​នោះ​នៅ​លើ​បង្អួច​ដែល​ចាំង​ឆ្លុះ​ពន្លឺ​ថ្ងៃ ខណៈ​កំពុង​ស្តាប់​ទីបន្ទាល់​នៃ​ពួក​បរិសុទ្ធ និង​ការច្រៀង​ទំនុក​តម្កើង​នៃ​ស៊ីយ៉ូន ។

ក្នុង​កន្លែង​ដ៏​ពិសិដ្ឋ​នោះ ព្រះវិញ្ញាណ​នៃ​ព្រះ​បាន​ថ្លែង​ទីបន្ទាល់​ដល់​គំនិត និង​ដួង​ចិត្ត​របស់​ខ្ញុំ​ថា ដំណឹង​ល្អ​គឺ​ពិត​ថា—ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអង្គ​សង្រ្គោះ​នៃ​ពិភពលោក ។ នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មើល​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ស្តាប់​ឮ​ព្រះសូរសៀង​ទ្រង់​ទាំង​ទ្វេ ។

នៅ​ដើម​ឆ្នាំ​នេះ ពេល​កំពុង​បំពេញ​ការចាត់តាំង​នៅ​អឺរ៉ុប ខ្ញុំ​មាន​ឱកាស​បាន​ត្រឡប់​ទៅ​ទី​ក្រុង ហ្សីកខោវ ម្ដងទៀត ។ គួរ​ឲ្យ​សោកស្តាយ​ណាស់ រោង​ថ្វាយបង្គំនោះ​ ​មិន​នៅ​ទី​នោះ​ទៀត​ទេ ។ វា​ត្រូវ​បាន​គេ​រុះរើ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ធ្វើជា​អគារ​បន្ទប់​ជួល​ធំ​មួយ​វិញ ។

តើ​អ្វី​ដែល​នៅ​អស់កល្ប និង​អ្វី​ដែល​មិន​នៅ​អស់កល្ប ?

ខ្ញុំ​ទទួល​ស្គាល់ វា​គួរ​ឱ្យ​សោកស្ដាយ​ដែល​បាន​ដឹង​ថា អគារ​ដ៏​ជាទី​ស្រឡាញ់​តាំង​ពី​កុមារភាព​របស់​ខ្ញុំ ឥឡូវ​នេះ​វា​គ្រាន់​តែ​ជា​អនុស្សវរីយ៍​មួយ​ប៉ុណ្ណោះ ។ វា​គឺ​ជា​អគារ​ដ៏​ពិសិដ្ឋ​មួយ​សម្រាប់​ខ្ញុំ ។ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​អគារ​ប៉ុណ្ណោះ ។

ផ្ទុយ​ទៅ​វិញ សាក្សី​ខាង​វិញ្ញាណ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ជាច្រើន​ឆ្នាំមកនេះ មិនបាន​បាត់បង់ទេ ។ តាម​ពិត​ទៅ វា​បាន​លូតលាស់​ធំ​ទៅៗ ។ អ្វីៗ​ដែល​ខ្ញុំ​បាន​រៀន​នៅ​ក្នុង​យុវវ័យ​របស់​ខ្ញុំ​អំពី​គោលការណ៍​គ្រឹះ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ បាន​ក្លាយ​ជា​គ្រឹះ​ដ៏​រឹងមាំ​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ។ ទំនាក់ទំនង​នៃ​សេចក្ដីសញ្ញា​ដែល​ខ្ញុំ​បាន​បង្កើត​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ដ៏​ជាទី​ស្រឡាញ់​របស់​ទ្រង់​បាន​នៅ​ជាមួយ​ខ្ញុំ—ជាយូរ បន្ទាប់​ពី​រោង​ថ្វាយ​បង្គំ​នៅ​ហ្សីកខោវ ត្រូវ​បាន​រុះរើ ហើយ​ចម្លាក់​ជាកញ្ចក់​បង្អួច​ត្រូវ​បាន​បាត់បង់ ។

ព្រះយេស៊ូវ​បាន​បន្ទូល​ថា « ផ្ទៃ​មេឃ ហើយ​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ​មិន​ដែល​បាត់​ឡើយ » ។

« អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែ​សេចក្តី​សប្បុរស​របស់​អញ​នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​ឯង​ឡើយ ហើយ​សេចក្តី​សញ្ញា​ពី​សេចក្តី​មេត្រី​របស់​អញ​ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា » ។

រឿង​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​អាច​រៀន​នៅ​ក្នុង​ជីវិត​នេះ គឺជា​ភាពខុសគ្នា​រវាង​អ្វី​ដែល​នៅ​អស់កល្បជានិច្ច និង​អ្វី​ដែល​មិន​នៅ​អស់កល្ប ។ ពេល​យើង​យល់​រឿង​នោះ អ្វីៗ​គ្រប់យ៉ាង​ផ្លាស់ប្តូរ—ទំនាក់ទំនង​របស់​យើង ជម្រើស​របស់​យើង របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​មនុស្សដទៃ ។

ការដឹង​ពី​អ្វី​ដែល​នៅ​អស់កល្បជានិច្ច និង​អ្វី​ដែល​មិន​នៅ​អស់កល្ប ជា​គន្លឹះ​ក្នុង​ការបង្កើន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ ។

កុំ​យល់​ច្រឡំ​មែក​ថា​ជា​ឫស​ឡើយ

ដូចជា​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារឡើង​វិញ​ « ឱបក្រសោប​[ នូវ ]​រាល់​ចំណែក​នៃ​សេចក្តី​ពិត​ទាំងអស់ » ។ ប៉ុន្តែ​នោះ​មិនមាន​ន័យ​ថា សេចក្តី​ពិត​ទាំង​អស់​មាន​តម្លៃ​ស្មើ​គ្នា​នោះ​ទេ ។ សេចក្តី​ពិត​ខ្លះ​ជា​ស្នូល​សំខាន់ ជា​ឫស​នៃ​សេចក្តី​ជំនឿ​របស់​យើង ។ សេចក្តី​ពិត​ខ្លះ​ទៀត ជា​ផ្នែក​បន្ទាប់​បន្សំ ឬ​ជា​មែក—មាន​តម្លៃ តែ​នៅ​ពេល​វា​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​មូលដ្ឋាន​គ្រឹះ​ប៉ុណ្ណោះ ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា ៖ « គោលការណ៍​ដ៏​សំខាន់​នៃ​សាសនា​របស់​យើង គឺ​ទីបន្ទាល់​នៃ​ពួក​សាវក និង​ពួក​ព្យាការី អំពី​ព្រះយេស៊ូវគ្រីស្ទ ថា​ទ្រង់​បាន​សុគត បាន​បញ្ចុះ​ក្នុង​ផ្នូរ ហើយ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​នៅ​ថ្ងៃ​ទីបី បាន​យាង​ទៅ​កាន់​ស្ថានសួគ៌ ហើយ​រឿង​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​សាសនា​របស់​យើង​គឺ​ជា​រឿង​បន្ទាប់​បន្សំ​ទៅ​នឹង​សេចក្តី​ពិតនេះ » ។

និយាយ​បាន​ម្យ៉ាង​ទៀត​ថា ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​គឺ​ជា​ឫស​នៃ​ទី​បន្ទាល់​របស់​យើង ។ អ្វីៗ​ផ្សេង​ទៀត​គឺ​ជា​មែក ។

ការនិយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា មែក​មិន​សំខាន់​នោះ​ទេ ។ ដើម​ឈើ​មួយ​ត្រូវ​ការ​មែក ។ ប៉ុន្តែ​ដូច​ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា « ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ទេ » ។ ដោយ​គ្មាន​ទំនាក់ទំនង​នឹង​ព្រះអង្គ​សង្គ្រោះ ដែល​ជា​សារជាតិ​បំប៉ន​ដល់​ឫស​នោះ​ទេ មែក​ក្រៀម​ស្វិត ហើយ​ងាប់ទៅ ។

នៅ​ពេល​យើង​និយាយ​អំពី​សារជាតិ​បំប៉ន​ដល់​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​ឆ្ងល់​ថា ជួន​កាល​យើង​អាច​ច្រឡំ​មែក​ថា​ជា​ឫស ។ កំហុស​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​សង្កេត​ឃើញ​មាន​នៅ​ក្នុង​ពួក​ផារីស៊ី ក្នុង​សម័យ​របស់​ទ្រង់ ។ ពួកគេ​បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​សេចក្តី​លម្អិត​តិចតួច​អំពី​ច្បាប់ ដែល​ទី​បំផុត​ពួកគេ​បាន​ធ្វេសប្រហែស​នូវ​អ្វី​ដែល​ព្រះអង្គសង្រ្គោះ​បាន​ហៅ​ថា « បាន​ចោល​សេចក្តី​សំខាន់ »—ដែល​ជា​គោលការណ៍​គ្រឹះ ដូចជា « សេចក្តី​យុត្តិធម៌ សេចក្តី​មេត្តាករុណា នឹង​សេចក្តី​ជំនឿ » ។

ប្រសិន​បើ​បងប្អូន​ចង់​បីបាច់​ដើម​ឈើ​មួយ​ដើម បងប្អូន​មិន​បាចទឹក​ទៅ​លើ​មែក​នោះ​ទេ ។ បងប្អូន​ស្រោច​ទឹក​នៅនឹង​ឫស ។ ស្រដៀង​គ្នា​នេះ​ដែរ​ ប្រសិន​បើ​បងប្អូន​ចង់​ឲ្យ​មែក​នៃ​ទីបន្ទាល់​របស់បងប្អូនលូតលាស់​ឡើង ហើយ​ចេញ​ផ្លែ​ផ្កា នោះ​ត្រូវ​ផ្តល់​ការបីបាច់​ដល់​ឫស ។ ប្រសិន​បើ​បងប្អូន​មិន​ច្បាស់​អំពី គោលលទ្ធិ ការអនុវត្ត​ជាក់លាក់​ណាមួយ​អំពី​ប្រវត្តិសាសនាចក្រ សូម​ស្វែងរក​ភាពច្បាស់លាស់​ជាមួយ​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ព្យាយាម​យល់​អំពី​ពលិកម្ម សេចក្តី​ស្រឡាញ់ ព្រះ​រាជបំណង​របស់​ទ្រង់​សម្រាប់​បងប្អូន ។ សូម​ធ្វើតាម​ទ្រង់​ដោយ​រាបសា ។ មែក​នៃ​ទីបន្ទាល់​របស់​បងប្អូន​នឹង​ទទួល​បាន​កម្លាំង​ពី​ការពង្រឹង​សេចក្តី​ជំនឿ​របស់​បងប្អូន​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​ទ្រង់ ។

ឧទាហរណ៍ ប្រសិន​បើ​បងប្អូន​ចង់​បាន​ទីបន្ទាល់​ដ៏​រឹងមាំ​អំពី​ព្រះគម្ពីរ​មរមន សូម​ផ្តោត​លើ​សាក្សី​របស់​ព្រះគម្ពីរ​នេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ ។ សូម​កត់សម្គាល់ ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ពី​អ្វី​ដែល​ព្រះគម្ពីរ​នេះ​បង្រៀន​អំពី​ទ្រង់ និង​របៀប​ដែល​ព្រះគម្ពីរ​នេះ​អញ្ជើញ និង​បំផុស​គំនិត​បងប្អូន​អោយ​ចូល​មក​រក​ទ្រង់ ។

បើ​បងប្អូន​កំពុង​ស្វែងរក​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​ក្នុង​ការប្រជុំ​សាសនាចក្រ ឬ​ក្នុង​ព្រះវិហារបរិសុទ្ធ សូម​ព្យាយាម​ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ពិធីការបរិសុទ្ធ​ដ៏ពិសិដ្ឋ​ដែល​យើង​ទទួល​នៅ​ទី​នោះ ។ សូម​ស្វែងរក​ព្រះអម្ចាស់​នៅ​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ៖

ប្រសិន​បើ​បងប្អូន​មានអារម្មណ៍​អស់​កម្លាំង ឬ​សន្ធប់​ដោយ​សារ​ការហៅ​របស់​បងប្អូន​នៅ​ក្នុង​សាសនាចក្រ សូម​ព្យាយាម​ផ្តោត​ការបម្រើ​របស់​បងប្អូន​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​បំពេញ​វា​ដោយ​ការបង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក​ដល់​ទ្រង់ ។

បីបាច់​ឫស នោះ​មែក​នឹង​លូតលាស់​ឡើង ។ ហើយ​នៅ​ពេល​មួយ វា​នឹង​ចេញ​ផ្លែផ្កា ។

បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់

ការមាន​សេចក្ដី​ជំនឿ​រឹងមាំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ មិនមែន​កើតឡើង​ក្នុង​ពេល​តែ​មួយ​យប់​នោះទេ ។ មិន​អាច​ទេ វា​គឺ​ជា​បន្លា ហើយ​នឹង​អញ្ចាញ​នៃ​សេចក្តី​សង្ស័យ​ដែល​ដុះ​ឡើង​ដោយ​ឯកឯងនៅ​ក្នុង​ពិភព​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។ ដើម​ឈើ​ដែល​មាន​សុខភាព​ល្អ មាន​ផ្លែផ្កា តម្រូវ​ឲ្យ​មាន​ការខិតខំ​ដោយ​ចេតនា ។ ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​កិច្ច​ខិតខំ​នោះ​គឺ​ត្រូវ​ប្រាកដថា យើង​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ព្រះគ្រីស្ទ ។

ឧទាហរណ៍ ៖ ជា​ដំបូង យើង​អាច​នឹង​ត្រូវ​បាន​នាំ​ចូល​ទៅ​កាន់​ដំណឹងល្អ និង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ដោយសារ​យើង​ស្ងើច​សរសើរ​ដោយ​សមាជិក​ដែល​រួសរាយ​រាក់ទាក់ ឬ​ដោយ​ប៊ីស្សព​ចិត្តល្អ ឬ​សោភ័ណភាព​ស្អាត​នៃ​រោង​ថ្វាយ​បង្គំ ។ កាលៈទេសៈ​ទាំង​នេះ​គឺ​សំខាន់​ណាស់​ដើម្បី​ពង្រីក​សាសនាចក្រ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​ឫស​នៃ​ទី​បន្ទាល់​របស់​យើង​មិន​បាន​ចាក់​ជ្រៅ​ជាង​នេះ​ទេ តើ​នឹង​មាន​អ្វី​កើត​ឡើង នៅ​ពេលយើង​ផ្លាស់​ទី​ទៅ​វួដ​ដែល​ជួប​នៅ​ក្នុង​អគារ ដែល​មិន​សូវ​ចាប់​អារម្មណ៍ ជាមួយ​សមាជិក​ដែល​មិន​សូវ​រួសរាយ​រាក់ទាក់ ហើយ​ប៊ីស្សព​បាន​និយាយ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​យើង​អាក់អន់​ចិត្ត ?

ឧទាហរណ៍​មួយ​ទៀត ៖ តើ​វា​មិន​សម​ហេតុផល​ទេ ឬ​ក្នុងការ​សង្ឃឹមថា បើ​យើង​រក្សា​បទបញ្ញត្តិ ហើយ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារបរិសុទ្ធ នោះ​យើង​នឹង​ទទួលបាន​ពរជ័យ​នូវ​ក្រុមគ្រួសារ​ដ៏​ធំ និង​រីករាយ​មួយ ដោយ​មាន​កូនៗ​ដែល​ឈ្លាសវៃ ចេះ​ស្តាប់បង្គាប់ ដែល​ពួកគេ​ទាំងអស់​គ្នា​បន្ត​សកម្ម​ក្នុង​សាសនាចក្រ បម្រើ​បេសកកម្ម ច្រៀង​នៅ​ក្នុង​ក្រុមចម្រៀង​វួដ ហើយ​ស្ម័គ្រចិត្ត​ជួយ​សម្អាត​សាលាប្រជុំ​រៀង​រាល់​ព្រឹក​ថ្ងៃ​សៅរ៍​មែន​ទេ ?

ខ្ញុំ​សង្ឃឹម​យ៉ាង​ប្រាកដ​ថា រឿង​ទាំង​នេះ​ពិត​ជា​កើត​មាន​ចំពោះ​យើង ។ ចុះ​ប្រសិនបើ​វា​មិន​កើត​ឡើង​វិញ ? តើ​យើង​នឹង​បន្ត​នៅ​ជាប់​នឹង​ព្រះអង្គសង្រ្គោះ មិន​ថាក្នុង​ស្ថានភាព​បែបណា​នោះ​ទេ—ដោយ​ទុកចិត្ត​ទ្រង់ និង​តាមវេលា​ទ្រង់​ឬ​ទេ ?

យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា ៖ តើ​ទី​បន្ទាល់​របស់​ខ្ញុំ​វា​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ឲ្យ​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ​មែន​ទេ ? តើ​វា​អាស្រ័យ​ទៅ​លើ​សកម្មភាព និង​អាកប្បកិរិយា​របស់​អ្នក​ដទៃ​មែន​ទេ ? ឬក៏​វា​បាន​ពឹង​ផ្អែក​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​រឹងមាំ « ដោយ​បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ » មិន​ថា​កាលៈទេសៈ​ផ្លាស់ប្តូរ​ក្នុង​ជីវិត​បែបណា​នោះ​ទេ ?

ទំនៀមទម្លាប់ ទម្លាប់ និងជំនឿ

ព្រះគម្ពីរ​មរមន​ប្រាប់​អំពី​ប្រជាជន​ដែល​បាន « តឹង​រឹង​ក្នុង​ការប្រតិបត្តិ​តាម​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​ព្រះ » ។ តែ​បន្ទាប់​មក​មាន​អ្នក​សង្ស័យ​ម្នាក់​ឈ្មោះ កូរីហូរ បាន​មក​ក្នុង​ចំណោម​ប្រជាជន ដោយ​ចំអក​ដល់​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​និយាយ​ថា « រវើរវាយ » និង « សណ្ដាប់​ដ៏​ល្ងិត​ល្ងង់​ទាំង​ឡាយ នៃ​ពួក​អយ្យកោ​របស់​គេ » ។ កូរីហូរ​បាន​ដឹកនាំ​ដោយ « បង្វែរ​ចិត្ត​មនុស្ស​ជា​ច្រើន​ចេញ ដោយ​ធ្វើ​ឲ្យ​គេ​ងើយ​ក្បាល​នៅ​ក្នុង​អំពើ​ទុច្ចរិត » ។ ប៉ុន្តែ​អ្នក​ផ្សេង​ទៀត គាត់​មិន​អាច​បញ្ឆោត​បាន​ទេ ដោយសារ​ចំពោះ​ពួកគេ ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​ន័យ​យ៉ាង​ជ្រាលជ្រៅ​ជាង​ទំនៀម​ទម្លាប់​ទៅ​ទៀត ។

ជំនឿ​រឹងមាំ នៅ​ពេល​វា​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​បទពិសោធន៍​ផ្ទាល់​ខ្លួន ការប្តេជ្ញា​ផ្ទាល់​ខ្លួន​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​មិន​ផ្តេកផ្តួល​ទៅ​លើ​ទំនៀម​ទម្លាប់​របស់​យើង ឬ​អ្វី​ដែល​អ្នក​ដទៃ​និយាយ​ឬ​ធ្វើ​ឡើយ ។

ទីបន្ទាល់​របស់​យើង​នឹង​ទទួល​ការសាកល្បង និង​ល្បង​ល សេចក្ដីជំនឿ​នឹង​មិនមែន​ជា​សេចក្តី​ជំនឿ​ទេ បើ​គ្មាន​ការសាកល្បង​នោះ ។ សេចក្ដីជំនឿ​មិន​រឹងមាំ​ទេ ប្រសិន​បើ​ពុំ​មាន​ការប្រឆាំង ។ ដូច្នេះ សូម​កុំ​អស់​សង្ឃឹម​ប្រសិនបើ​បងប្អូន​មាន​ការសាកល្បង​នៃ​សេចក្តី​ជំនឿ ឬ​ពុំមាន​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ ។

យើង​មិន​គួរ​រំពឹង​ដើម្បី​ដឹង​អ្វីៗ​គ្រប់​យ៉ាង​ពី​មុន​យើង​អនុវត្ត​នោះ​ទេ ។ នោះ​ពុំ​មែន​ជា​ជំនឿ​ទេ ។ ដូច​អាលម៉ាបាន​បង្រៀន​ថា « សេចក្ដី​ជំនឿ​គឺ​ពុំ​មែន​ជា​តម្រិះ​ដ៏​ឥត​ខ្ចោះ​នូវ​អ្វីៗ​ទាំងឡាយ​នោះ​ទេ » ។ ប្រសិន​បើ​យើង​រង់ចាំ​ចម្លើយ​សម្រាប់​គ្រប់​សំណួរ​របស់​យើង​ដើម្បី​ធ្វើ​សកម្មភាព​ នោះ​យើង​ដាក់​កម្រិត​យ៉ាង​ខ្លាំង​នូវ​អំពើ​ល្អ​ដែល​យើង​អាច​សម្រេច​បាន ហើយ​យើង​កំណត់​អំណាច​នៃ​សេចក្តីជំនឿ​របស់​យើង ។

ជំនឿ​គឺ​ស្រស់​ស្អាត​ដោយសារ​វា​នៅ​តែ​បន្ត ទោះបីជា​ពរជ័យ​មិន​បាន​មក​ដូច​ក្តីសង្ឃឹម​ក៏​ដោយ ។ យើង​មិន​អាច​មើលឃើញ​អនាគត យើង​មិន​អាច​ដឹង​គ្រប់​ចម្លើយ​ទាំង​អស់​ឡើយ ប៉ុន្តែ​យើង​អាច​ទុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ខណៈ​ដែល​យើង​បន្ត​រីកចម្រើន​ទៅ​មុខ ដោយសារ​ទ្រង់​គឺ​ជា​ព្រះអង្គសង្រ្គោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ។

សេចក្តី​ជំនឿ​ទ្រាំទ្រ​នឹង​ការសាកល្បង និង​ភាព​មិន​ច្បាស់លាស់​នៃ​ជីវិត ដោយសារ​វា​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ព្រះគ្រីស្ទ និង​គោលលទ្ធិ​ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌​របស់យើង​ ដែល​បានចាត់​ទ្រង់​មក រួមគ្នា​បង្កើត​ជា​អង្គ​មិន​ផ្លាស់ប្តូរ ជា​អង្គ​ដែល​យើង​អាច​ទុកចិត្ត​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ។

ទីបន្ទាល់​មិន​មែន​ជា​អ្វី​មួយ​ដែល​បងប្អូន​សង់​វា​តែ​ម្ដង ហើយ​វា​បន្ត​នៅ​រហូត​នោះ​ទេ ។ វា​ដូច​ជា​ដើម​ឈើ​ដែល​បងប្អូន​ត្រូវ​បីបាច់​ជានិច្ច ។ ការដាំ​ព្រះបន្ទូល​នៃ​ព្រះ​ក្នុង​ដួងចិត្ត​របស់​បងប្អូន គឺ​ជា​ជំហាន​ដំបូង​តែ​មួយ​គត់ ។ នៅ​ពេល​ទីបន្ទាល់​របស់​បងប្អូន​លូតលាស់ បន្ទាប់​មក​កិច្ចការ​ពិត​នឹងចាប់ផ្តើម ! នោះ​គឺ​នៅពេល​ដែលបងប្អូន « ថែទាំ​វា​ដោយ​ថ្នាក់​ថ្នម ដើម្បី​វា​អាច​ដុះ​ឫស ដើម្បី​វា​អាច​ដុះ​ឡើង ហើយ​នឹង​ផ្ដល់​ផ្លែ​ផ្កា​ដល់​យើង » ។ វា​តម្រូវ​ឲ្យ​មាន « សេចក្តី​ព្យាយាម​ដ៏​ខ្លាំងក្លា » និង « សេចក្ដី​អត់ធន់​របស់​អ្នក​ទៅ​លើ​ព្រះ​បន្ទូល » ។ ប៉ុន្តែ​ការសន្យា​របស់​ព្រះ​គឺ​មាន​ពិត « អ្នក​រាល់​គ្នា​នឹង​ច្រូតកាត់​នូវ​រង្វាន់​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក និង​សេចក្ដី​ព្យាយាម​របស់​អ្នក និង​សេចក្ដី​អត់ធន់ និង​សេចក្ដី​អត់ធ្មត់ ដោយ​រង់ចាំ​ឲ្យ​ដើម​ផ្ដល់​ផ្លែ​ផ្កា​ដល់​អ្នក » ។

បងប្អូន​ប្រុសស្រី និង​មិត្ត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ មាន​ផ្នែក​មួយ​ដែល​ខ្ញុំ​នឹក​ដល់​រោង​ថ្វាយ​បង្គំ ហ្សីកខោវ និង​ចម្លាក់​ជាកញ្ចក់​បង្អួច​របស់​អគារ​នោះ ។ ប៉ុន្តែ​រយៈ​ពេល ៧៥ ឆ្នាំ​កន្លង​មក​នេះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​ឆ្លងកាត់​ដំណើរ​ជីវិត ដោយ​ក្តីរំភើប​ជាង​អ្វីៗ​ដែល​ខ្ញុំ​អាច​ស្រមៃ​បាន ។ ទ្រង់​បាន​លួង​លោម​ខ្ញុំ​ក្នុង​ទុក្ខ​លំបាក​របស់​ខ្ញុំ ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​ភាព​ទន់ខ្សោយ​របស់​ខ្ញុំ ព្យាបាល​របួស​ខាង​វិញ្ញាណ​របស់​ខ្ញុំ និង​ចិញ្ចឹម​ខ្ញុំ​ក្នុង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ដែល​កំពុង​លូតលាស់ ។

នេះ​គឺ​ជា​ការអធិស្ឋាន​និង​ពរជ័យ​ដ៏​ស្មោះ​របស់​ខ្ញុំ ដែល​យើង​នឹង​បីបាច់​ឫស​នៃ​សេចក្តី​ជំនឿ​របស់​យើង​យ៉ាង​ជាប់លាប់​លើ​ព្រះអង្គ​សង្គ្រោះ លើ​គោលលទ្ធិ​របស់​ទ្រង់ និង​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​នេះ​នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ នៃ​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ និង​លោកចៅហ្វាយ​របស់​យើង—នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ឆ្នាំ​២០២៤ ជា​ឆ្នាំ​គម្រប់ ៣០ ឆ្នាំ​ចាប់​តាំង​ពី​ការហៅ​របស់​ខ្ញុំ​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ និង ២៥ ឆ្នាំ​ចាប់​តាំង​ពី​គ្រួសារ​របស់​យើង​ត្រូវ​ផ្លាស់​ពី​ប្រទេស​អាល្លឺម៉ង់​មក​សហរដ្ឋអាមេរិក ដោយ​ព្រោះ​តែ​ការហៅ​នោះ ។ ហើយ​ស្ទើរ​តែជិត ២០ ឆ្នាំមុន—នៅថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០០៤—ខ្ញុំ​ត្រូវ​បាន​គាំទ្រ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ និង​ជា​សាក្សី​ពិសេស « អំពី​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ​នៅ​ពេញ​សព្វ​ក្នុង​ពិភពលោក » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:២៣ ) ។

  2. តាម​របៀប​មួយ​ចំនួន អារម្មណ៍​របស់​ខ្ញុំ​អំពី​អគារ​នោះ គឺ​ដូច​ជា​អ្វី​ដែល​ប្រជាជន​របស់​អាលម៉ា​មាន​អារម្មណ៍​អំពី​ទឹក​មរមន—វា​ជា​កន្លែង​ដ៏​ស្រស់ស្អាត​សម្រាប់​ពួកគេ ពីព្រោះ « ដែល [ ពួកគេ ] បាន​ស្គាល់​ព្រះ​ដ៏​ប្រោស​លោះ​របស់​ខ្លួន » ( ម៉ូសាយ ១៨:៣០ ) ។

  3. ម៉ាថាយ ២៤:៣៥ សូមមើល​ផងដែរ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣៥ ។

  4. អេសាយ ៥៤:១០ សូមមើល​ផងដែរ នីហ្វៃទី៣ ២២:១០ ។

  5. ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​សេចក្ដីពិត​ដូច​គ្នា​នេះ​ជាមួយ​នឹង​ពាក្យ​ទាំងនេះ​ថា ៖ « ខ្ញុំ​ជឿ​ថា​ក្នុង​ចំណោម​មេរៀន​ដ៏​អស្ចារ្យ​បំផុត​ដែល​យើង​ត្រូវ​រៀន​នៅ​ដំណើរ​ដ៏​ខ្លី​នៅ​លើ​ផែនដី​នេះ គឺ​ជា​មេរៀន​ដែល​ជួយ​យើង​បែងចែក​រវាង​អ្វី​ដែល​សំខាន់ និង​អ្វី​ដែល​មិន​សំខាន់ ។ ខ្ញុំ​សូម​អង្វរ​បងប្អូន សូម​កុំ​ឲ្យ​រឿង​សំខាន់​បំផុត​ទាំង​នោះ​កន្លង​ផុត​ពី​បងប្អូន​ឡើយ » ( « Finding Joy in the Journey » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ទំព័រ ៨៥ ) ។ ស្រដៀង​គ្នានេះ ថ្មីៗ​នេះ​ប្រធាន រ័សុល អិម ណិលសុន បាន​លើក​ទឹក​ចិត្ត​ពួកយើង​ឲ្យ « គិត​ដល់​សេឡេស្ទាល » លោក​មាន​ប្រសាសន៍​ថា « ជីវិត​រមែងស្លាប់​គឺជា​ថ្នាក់​រៀន​កម្រិត​ជាន់ខ្ពស់​ក្នុងការ​រៀន​ជ្រើសរើស​អ្វីៗ​ដែល​មហិមា​បំផុត​នាំចូល​ដល់​ភាពអស់កល្ប​ជានិច្ច » ( « គិត​ដល់​សេឡេស្ទាល ! » លីអាហូណា ខែវិច្ឆិកា ឆ្នាំ​២០២៣ ទំព័រ ១១៨ ) ។

  6. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ២៦៤ សូមមើល​ផង​ដែរ Teachings of Presidents of the Church: Brigham Young ( ឆ្នាំ ១៩៩៧ ) ទំព័រ ១៦–១៨ ។

  7. Teachings: Joseph Smith ទំព័រ ៤៩ ។

  8. យ៉ូហាន ១៥:៤ ។

  9. ម៉ាថាយ ២៣:២៣ កំណែ​បទដ្ឋាន​កែសម្រួល​ឡើងវិញ​ថ្មី ។

  10. តើ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការកត់​សម្គាល់​ភាពស្រដៀង​គ្នា​ខាង​បុរាណវិទ្យា​រវាង​វប្បធម៌​អាមេរិក​ពី​បុរាណ និង​ប្រជាជន​នៃ​ព្រះគម្ពីរ​មរមន​ទេ ? វា​អាច​ទៅ​រួច ។ តើ​វា​មាន​ប្រយោជន៍​ទេ​ក្នុង​ការរៀន​ចេញ​ពី​ដំណើររឿង​របស់​អ្នក​សរសេរ និង​ដំណើរ​រឿង​ផ្សេង​ទៀត​អំពី​ព័ត៌មាន​លម្អិត​នៃ​របៀប​ដែល យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ព្រះគម្ពីរ​មរមន ? វា​ពិត​ជា​មាន​ប្រយោជន៍​ខ្លះ ។ ប៉ុន្តែ​គ្មាន​ដំណើរ​រឿង​ណា​មួយ​បង្កើតជា​ទីបន្ទាល់​ដ៏​ស្ថិតស្ថេរ​ដែល​ថា ព្រះ​គម្ពីរ​មរមន​គឺ​ជា​ព្រះបន្ទូល​នៃព្រះឡើយ ។ សម្រាប់​បញ្ហា​នេះ អ្នក​ត្រូវតែ​ស្វែងរក​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ព្រះគម្ពីរ​មរមន ដើម្បី​ស្តាប់​សំឡេង​ទ្រង់​កំពុង​មាន​បន្ទូល​ទៅ​កាន់​អ្នក ។ បន្ទាប់ពី​វា​កើត​ឡើង វា​នឹង​មិន​មាន​បញ្ហា​ចំពោះ​អ្នក​ថា តើ​ទី​ក្រុង​បុរាណ សារ៉ាហិមឡា ស្ថិត​នៅ​កន្លែង​ណា​ឲ្យ​ពិត​ប្រាកដ ឬ​តើ​យូរីម និង​ធូមីម មាន​រូបរាង​យ៉ាង​ណា​នោះ​ទេ ។ នោះ​ជា​មែក​ដែល​អាច​កាត់​ចេញ​ពី​ដើម​របស់​អ្នក ប្រសិន​បើ​ចាំបាច់ ប៉ុន្តែ​ដើម​នៅ​តែ​ដដែល ។

  11. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:១៩–២០

  12. សូម​មើល ចយ ឌី ចូនស៍ « For Him » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៥០–៥២ ។

  13. សូម​មើល លោកុប្បត្តិ ៣:១៨ ។

  14. ប្រធាន ណិលសុន បាន​អញ្ជើញ​យើង​ទាំងអស់​គ្នា « ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​[ បងប្អូន ]​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​ខិតខំ​ដើម្បី​មាន​ទីបន្ទាល់​នោះ ។ សូម​ចិញ្ចឹម​បីបាច់​វា ដើម្បីឲ្យ​វា​លូតលាស់ » ( « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៩៧ ) ។

  15. កូឡូស ២:៧ ។

  16. អាលម៉ា ៣០:៣ ។

  17. សូមមើល អាលម៉ា ៣០:១២–១៦, ៣១ ។

  18. អាលម៉ា ៣០:១៨ ។

  19. វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា អំណះអំណាង​របស់​កូរីហូរ​មិន​បាន​បញ្ចុះបញ្ចូល​ទាំងស្រុង​ដល់​ពួក​សាសន៍​លេមិន ជា​ប្រជាជន​អាំម៉ូន​ដែល​បាន​ប្រែចិត្ត​ជឿ​ថ្មីៗ​នោះ​បាន​ឡើយ ( សូម​មើល អាលម៉ា ៣០:១៩-២០ ) ដែល​ពី​មុន​មិន​បាន​ដើរ​តាម​ព្រះ​គ្រីស្ទ ដោយ​សារ​សណ្តាប់​នៃ​ពួក​អយ្យកោ​របស់​ពួកគេ ។

    ផ្ទុយ​ទៅ​វិញ ព្រះគម្ពីរ​មរមន​ក៏​ប្រាប់​ពី​ជំនាន់​នៃ​យុវជន​មួយ​ជំនាន់​ដែល​បាន​បំបែក​ខ្លួន​ចេញពី​សាសនាចក្រ​របស់​ព្រះអម្ចាស់ ដោយសារ « ពួកគេ​ពុំ​បាន​ជឿ​តាម​សណ្ដាប់​នៃ​ពួក​អយ្យកោ​របស់​គេ​ទេ » ( សូមមើល ម៉ូសាយ ២៦:១–៤ ) ។ វា​ជា​ការល្អ​សម្រាប់​គ្រួសារ​មួយ​ចំនួន​ដែល​បង្កើត​នូវ​ទំនៀមទម្លាប់​ដ៏​សុចរិត ។ ប៉ុន្តែ វា​មាន​សារៈសំខាន់​ដូចគ្នា​សម្រាប់​គ្រួសារ​ក្នុង​ការយល់ដឹង​យ៉ាង​ច្បាស់​អំពី​មូលហេតុ នៅ​ពី​ក្រោយ​ទំនៀមទម្លាប់​ទាំង​នោះ ។ តើ​មូលហេតុ​អ្វីបាន​ជាយើង​អធិស្ឋាន​នៅ​ពេល​ព្រឹក និង​ពេល​យប់ ? ហេតុអ្វី​បាន​ជា​យើង​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ ។ ហេតុអ្វី​បាន​ជា​យើង​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ សកម្មភាព​គ្រួសារ និង​គម្រោង​បម្រើ​រាល់​សប្តាហ៍ និង​ផ្សេងៗទៀត ? ប្រសិនបើ​កូនៗ​របស់​យើង​យល់​ពី​របៀប​ដែល​ទំនៀមទម្លាប់​ទាំងនេះ​ទាញ​យើង​ឲ្យ​កាន់តែ​ខិត​ទៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ពួកគេ​នឹង​កាន់តែ​មាន​ចិត្ត​ក្នុង​ការបន្ត​ទំនៀមទម្លាប់​នោះ—និង​កែលម្អ​ទំនៀមទម្លាប់​នោះ—នៅ​ក្នុង​គ្រួសារ​របស់​ពួកគេ​ផ្ទាល់ ។

  20. អាលម៉ា ៣២:២១ ។ សេចក្តី​ជំនឿ​មាន​ឥទ្ធិពល​គឺ​មិនមែន​មក​ពី​អ្វី​ដែល​វា ស្គាល់ នោះ​ទេ គឺ​មក​ពី​អ្វី​ដែល​វា ធ្វើ ។

  21. សូមមើល ហេព្រើរ ១០:២៣ ។

  22. អាលម៉ា ៣២:៣៧, ៤១-៤៣ ។