លោកដែលទូលនឹងព្រះយេហូវ៉ា
យ៉ូសែប ស្ម៊ីធ បាន « ទទួលពរបើកការគ្រប់គ្រងសម័យជាន់ក្រោយ » ហើយយើងបានទទួលពរដោយអ្វីដែលលោកបានធ្វើ ។
គោលបំណងរបស់ខ្ញុំនៅថ្ងៃនេះ និងជានិច្ចកាលគឺធ្វើជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ ថាទ្រង់គឺជាបុត្រារបស់ព្រះ ជាអង្គបង្កបង្កើត អង្គសង្គ្រោះនៃពិភពលោក ជាអង្គរំដោះ និងជាអង្គប្រោសលោះរបស់របស់យើង ។ ដោយសារតែ « គោលការណ៍ដ៏សំខាន់នៃសាសនាចក្ររបស់យើង គឺជាទីបន្ទាល់នៃពួកសាវក និងពួកព្យាការីអំពីព្រះយេស៊ូវគ្រីស្ទ » ។ នាថ្ងៃនេះ ខ្ញុំសូមចែកចាយជាមួយបងប្អូននូវចំណេះដឹង និងទីបន្ទាល់របស់ខ្ញុំដែលបានពង្រឹង និងយល់ដឹងជ្រៅជ្រះអំពីព្រះអង្គសង្គ្រោះ តាមរយៈជីវិត និងការបង្រៀនរបស់សាវក និងព្យាការីដ៏សំខាន់មួយរូប ។
ដើមចមនៃប្រាជ្ញា
នាព្រឹកព្រលឹមនៃថ្ងៃដ៏ល្អភ្លឺស្វាង គឺនៅដើមនិទាឃរដូវក្នុងឆ្នាំ១៨២០ ក្មេងប្រុសអាយុ១៤ឆ្នាំឈ្មោះ យ៉ូសែប ស្ម៊ីធ បានចូលទៅក្នុងព្រៃក្បែរផ្ទះរបស់គ្រួសារលោក ដើម្បីអធិស្ឋានអំពីអំពើបាបរបស់លោក ហើយសួរថាតើលោកត្រូវចូលរួមក្នុងព្រះវិហារមួយណា ។ ការអធិស្ឋានដោយស្មោះត្រង់ និងសេចក្តីជំនឿដ៏ឥតងាករេរបស់លោក បានទទួលការយកព្រះទ័យទុកដាក់ពីកម្លាំងដ៏មានឥទ្ធិពលបំផុតនៅក្នុងសកលលោក រួមមានទាំងព្រះបិតា និងព្រះរាជបុត្រា ។ ព្រមទាំងអារក្សផង ។ តួអង្គទាំងនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអធិស្ឋាន និងចំពោះក្មេងប្រុសនោះ ។
អ្វីដែលបច្ចុប្បន្នយើងហៅថា ការនិមិត្តដំបូង បានបង្ហាញនូវការចាប់ផ្ដើមនូវការស្តារឡើងវិញអ្វីៗទាំងអស់នៃគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ ។ ប៉ុន្តែសម្រាប់យ៉ូសែប បទពិសោធន៍នេះក៏ជារឿងផ្ទាល់ខ្លួន និងជាការត្រៀមខ្លួនផងដែរ ។ អ្វីដែលលោកចង់បានគឺការអភ័យទោស និងការដឹកនាំ ។ ព្រះអម្ចាស់បានប្រទានទាំងពីរយ៉ាងនោះដល់លោក ។ ការណែនាំ « មិនត្រូវចូលរួមនឹង[ ព្រះវិហារ ]ណាមួយ » នោះគឺជាសេចក្តីបង្គាប់ ។ ពាក្យថា « បាបអ្នកបានអត់ទោសឲ្យអ្នកហើយ » គឺជាសេចក្ដីប្រោសលោះ ។
ចំពោះសេចក្តីពិតដ៏ស្រស់ស្អាតទាំងអស់ដែលយើងអាចរៀនពីការនិមិត្តដំបូង មានភស្តុតាងដែលបង្ហាញថា ចំណុចដ៏សំខាន់របស់យ៉ូសែបគឺវាសាមញ្ញ « ខ្ញុំបានឃើញថាទីបន្ទាល់នៃគម្ពីរយ៉ាកុបនោះគឺពិតមែន—ថាមនុស្សណាមួយដែលខ្វះប្រាជ្ញា នោះអាចសូមដល់ព្រះ ហើយនឹងបានទទួល » ។
ដូចដែលអ្នកប្រាជ្ញម្នាក់បានកត់សម្គាល់ថា ៖ « អនុភាពពិតនៃការនិមិត្តដំបូងបច្ចុប្បន្ននេះ គឺការដឹងថាវាជានិស្ស័យនៃព្រះដែលប្រទានដល់អ្នកដែលខ្វះប្រាជ្ញា ។… ព្រះដែលបើកសម្ដែងអង្គទ្រង់ដល់ យ៉ូសែប ស៊្មីធ នៅក្នុងព្រៃពិសិដ្ឋគឺព្រះដែលឆ្លើយដល់ក្មេងជំទង់ក្នុងពេលដែលមានបញ្ហា » ។
បទពិសោធន៍របស់យ៉ូសែប នៅក្នុងព្រៃពិសិដ្ឋបានផ្តល់ឲ្យគាត់នូវទំនុកចិត្តក្នុងការសូម អភ័យទោស និង ការដឹកនាំ ពេញមួយជីវិតរបស់លោក ។ បទពិសោធន៍របស់លោកក៏បានផ្តល់ឲ្យ ខ្ញុំ នូវទំនុកចិត្តក្នុងការសូមអភ័យទោស និងការណែនាំពេញមួយជីវិតរបស់ខ្ញុំដែរ ។
ការប្រែចិត្តជាទៀងទាត់
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៨២៣ យ៉ូសែបបានអធិស្ឋានសូមការអភ័យទោសដោយស្មោះត្រង់ ដោយទំនុកចិត្តថា ដោយសារតែបទពិសោធន៍របស់លោកនៅក្នុងព្រៃកាលពីបីឆ្នាំមុន ស្ថានសួគ៌នឹងឆ្លើយតបនឹងលោកម្តងទៀត ។ ហើយវាកើតឡើងមែន ។ ព្រះអម្ចាស់បានបញ្ជូនទេវតា មរ៉ូណៃ ដើម្បីបង្រៀនយ៉ូសែប និងប្រាប់លោកអំពីកំណត់ត្រាបុរាណដែលលោកនឹងបកប្រែនៅពេលក្រោយដោយអំណោយទាន និងព្រះចេស្តានៃព្រះ—គឺព្រះគម្ពីរមរមន ។
អស់រយៈពេលជិត១៣ឆ្នាំបន្ទាប់ពីនោះមក យ៉ូសែប និង អូលីវើរ ខៅឌើរី បានលុតជង្គង់ដោយម៉ឺងម៉ាត់ ក្នុងការអធិស្ឋានស្ងាត់ៗនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ដែលទើបបានឧទ្ទិសឆ្លងថ្មីៗ ។ យើងមិនដឹងថាពួកលោកបានអធិស្ឋានសម្រាប់អ្វីទេ ប៉ុន្តែការអធិស្ឋានរបស់ពួកលោកដូចជារួមបញ្ចូលទាំងការទូលអង្វរសូមការអភ័យទោស ព្រោះពេលពួកលោកក្រោកឡើង ព្រះអង្គសង្គ្រោះបានលេចមក ហើយប្រកាសថា « មើលចុះ អំពើបាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ អ្នកត្រូវបានជ្រះស្អាតនៅចំពោះយើង »
ប៉ុន្មានខែ និងប៉ុន្មានឆ្នាំក្រោយមកបន្ទាប់ពីបទពិសោធន៍នេះ យ៉ូសែប និង អូលីវើរ ខៅឌើរី បានធ្វើបាបម្តងទៀត ។ ហើយជាថ្មីម្តងទៀត ។ ប៉ុន្តែនៅក្នុង ពេលនោះ ដើម្បីឆ្លើយតបនឹងការទូលអង្វររបស់ពួកលោក និងក្នុងការរៀបចំសម្រាប់ការស្ដារឡើងវិញដ៏រុងរឿងនៃកូនសោបព្វជិតភាពទាំងនោះដែលហៀបនឹងកើតឡើង ព្រះយេស៊ូវបានធ្វើឲ្យពួកលោកគ្មានអំពើបាប ។
ជីវិតនៃការប្រែចិត្តជាប្រចាំរបស់យ៉ូសែប ផ្តល់នូវការទុកចិត្តដល់ខ្ញុំដើម្បី « ឲ្យយើងរាល់គ្នាមកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហានដើម្បី [ ខ្ញុំ ] នឹងទទួលសេចក្តីមេត្តា » ។ ខ្ញុំបានរៀនថា ព្រះយេស៊ូវគ្រីស្ទពិតជា « មានព្រះទ័យអភ័យទោស » ។ បេសកកម្ម ឬនិស្ស័យរបស់ទ្រង់មិនមែនយាងមកដើម្បីថ្កោលទោសនោះទេ ។ ទ្រង់យាងមកដើម្បីឲ្យបានសង្គ្រោះដោយសារទ្រង់វិញ ។
សូមអំពាវនាវដល់ព្រះអម្ចាស់
ជាផ្នែកមួយនៃសេចក្តីសន្យា « តាំងរបស់ទាំងអស់ឡើងវិញ » តាមរយៈ យ៉ូសែប ស៊្មីធ ព្រះអម្ចាស់បាននាំមកនូវព្រះគម្ពីរមរមន និងវិវរណៈផ្សេងទៀតដែលមានភាពពេញលេញនៃដំណឹងល្អរបស់ទ្រង់ ។ ការពិតដ៏សំខាន់ត្រូវបានផ្តល់ឲ្យនូវភាពច្បាស់លាស់ និងពេញលេញ ខណៈដែលយ៉ូសែបបានអំពាវនាវដល់ព្រះអម្ចាស់ម្តងហើយម្តងទៀតសម្រាប់ការណែនាំ ។ សូមធ្វើការពិចារណាដូចខាងក្រោម ៖
-
ព្រះវរបិតា និងព្រះរាជបុត្រាមានព្រះកាយជាសាច់ និងឆ្អឹងដែលជាក់ស្ដែង « ដូចជារូបកាយមនុស្ស » ។
-
ព្រះយេស៊ូវមិនត្រឹមតែលើកដាក់លើអង្គទ្រង់តែអំពើបាបរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំងឺទាំងឡាយ ទុក្ខវេទនា និងជំងឺឈឺចាប់របស់យើងផងដែរ ។
-
ដង្វាយធួនរបស់ទ្រង់ពិតជាឈឺចាប់ខ្លាំងណាស់ វាបានធ្វើឲ្យទ្រង់ហូរព្រះលោហិតចេញពីគ្រប់រន្ធញើស ។
-
យើងត្រូវបានសង្គ្រោះដោយសារព្រះគុណទ្រង់ « បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន » ។
-
មានលក្ខខណ្ឌទាំងឡាយនៃសេចក្ដីមេត្តាករុណារបស់ព្រះគ្រីស្ទ ។
-
នៅពេលយើងមករកព្រះគ្រីស្ទ ទ្រង់មិនត្រឹមតែអភ័យទោសចំពោះអំពើបាបរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់នឹងផ្លាស់ប្តូរនិស្ស័យរបស់យើង « ដើម្បីកុំឲ្យយើងមានបំណងចង់ប្រព្រឹត្តអំពើទុច្ចរិតទៀត » ។
-
ព្រះគ្រីស្ទតែងតែបង្គាប់ឲ្យរាស្រ្តរបស់ទ្រង់សាងសង់ព្រះវិហារបរិសុទ្ធ ជាកន្លែងដែលទ្រង់បង្ហាញព្រះកាយដល់ពួកគេ និងប្រទានអំណោយទានដោយព្រះចេស្ដាមកពីស្ថានលើ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការណ៏ទាំងអស់នេះពិត និងមានសារៈសំខាន់ ។ ការណ៍ទាំងនេះតំណាងតែមួយផ្នែកនៃភាពពេញលេញដែលត្រូវបានស្ដារឡើងវិញដោយព្រះយេស៊ូវគ្រីស្ទ តាមរយៈ យ៉ូសែប ស៊្មីធ ជាការឆ្លើយតបទៅនឹងការស្នើសុំជាបន្តបន្ទាប់របស់យ៉ូសែប សម្រាប់ការណែនាំ ។
ការនាំមកនៃនគរនេះ
នៅក្នុងឆ្នាំ១៨៤២ យ៉ូសែបបានសរសេរអំពីដំណើររឿងដ៏អស្ចារ្យដែលនឹងកើតឡើងនៅក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ ។ លោកបានប្រកាសថា នៅជំនាន់របស់យើង « បព្វជិតភាពនៃស្ថានសួគ៌នឹងរួបរួមជាមួយផែនដី ដើម្បីនាំមកនូវបំណងដ៏អស្ចារ្យ ហើយដូច្នេះខណៈដែលយើងត្រូវបានរួបរួមគ្នានៅក្នុងបុព្វហេតុរួមមួយ ដើម្បីនាំមកនូវនគរនៃព្រះ នោះបព្វជិតភាពនៃស្ថានសួគ៌មិនមែនជារបស់អសកម្មឥតការទេ » ។
ថ្លែងទៅកាន់មិត្តរបស់លោកឈ្មោះ បេនយ៉ាមីន ចនសុន យ៉ូសែបបាននិយាយថា « បេនយ៉ាមីន [ បើខ្ញុំស្លាប់ ] ខ្ញុំ [ នឹង ] មិនឃ្លាតឆ្ងាយពីអ្នកទេ ហើយបើអ្នកនៅម្ខាងទៀតនៃវាំងនន ខ្ញុំ [ នឹង ] នៅតែធ្វើការជាមួយអ្នក ហើយជាមួយនឹងព្រះចេស្តាដែលបានកើនឡើងយ៉ាងខ្លាំង ដើម្បីជាការនាំមកនៃនគរនេះ » ។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៨៤៤ យ៉ូសែប ស៊្មីធ និងបងប្រុសរបស់លោក ហៃរ៉ុម ត្រូវបានគេធ្វើឃាត ។ រូបកាយរបស់យ៉ូសែបនៅក្នុងទីសម្រាក ប៉ុន្តែទីបន្ទាល់របស់លោកនៅតែបន្តបន្លឺឡើងជុំវិញពិភពលោក និងក្នុងព្រលឹងខ្ញុំ ៖
« ត្បិតខ្ញុំបានឃើញការនិមិត្ត ខ្ញុំដឹងថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំដឹងថា ព្រះទ្រង់ក៏ដឹងថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំពុំអាចបដិសេធរឿងនេះបានឡើយ » ។
« ខ្ញុំពុំដែលប្រាប់អ្នកថាខ្ញុំល្អឥតខ្ចោះទេ ប៉ុន្តែគ្មានកំហុសនៅក្នុងវិវរណៈដែលខ្ញុំបានបង្រៀនសោះឡើយ » ។
« គោលការណ៍ដ៏សំខាន់នៃសាសនាចក្ររបស់យើង គឺជាទីបន្ទាល់នៃពួកសាវក និង ពួកព្យាការីអំពីព្រះយេស៊ូវគ្រីស្ទ ថាទ្រង់បានសុគត ត្រូវបានបញ្ចុះ ហើយបានរស់ឡើងវិញនៅថ្ងៃទីបី ហើយបានយាងឡើងទៅស្ថានសួគ៌ ហើយរឿងផ្សេងទៀតដែលទាក់ទងនឹងសាសនារបស់យើង គឺជារឿងបន្ទាប់បន្សំទៅនឹងរឿងនេះប៉ុណ្ណោះ » ។
អ្វីដែលគេបានលើកឡើងអំពី យ៉ូហាន បាទីស្ទ គឺដូចគ្នានឹង យ៉ូសែប ស្ម៊ីធ ផងដែរថា ៖ « មានម្នាក់ឈ្មោះ [ យ៉ូសែប ] ដែលព្រះទ្រង់ចាត់ឲ្យមក … គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ « ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់ » ។
ខ្ញុំជឿ ! ខ្ញុំជឿ ហើយខ្ញុំដឹងច្បាស់ថាព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។ ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះដ៏មានព្រះជន្មរស់ គឺជាព្រះវរបិតាសួគ៌ដ៏ពេញដោយក្ដីស្រឡាញ់របស់យើង ។ ខ្ញុំដឹងការណ៍ទាំងនេះដោយសារព្រះសូរសៀងនៃព្រះអម្ចាស់ទ្រង់មានបន្ទូលមកខ្ញុំ ហើយក៏ដូចជាសម្លេងរបស់អ្នកបម្រើរបស់ទ្រង់ គឺពួកសាវក និងពួកព្យាការីទាំងឡាយរួមទាំង និងចាប់ផ្តើមជាមួយ យ៉ូសែប ស៊្មីធ ផងដែរ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា យ៉ូសែប ស៊្មីធ គឺជាព្យាការីនៃព្រះ លោកជាសាក្សី និងជាអ្នកបម្រើរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ លោកបាន « ទទួលពរបើកការគ្រប់គ្រងសម័យជាន់ក្រោយ » ហើយយើងបានទទួលពរដោយអ្វីដែលលោកបានធ្វើ ។
ព្រះអម្ចាស់បានបង្គាប់ដល់អូលីវើ ព្រមទាំងយើងរាល់គ្នាថា « ចូរគាំទ្រយ៉ូសែបជាអ្នកបម្រើរបស់យើងដោយស្មោះត្រង់ » ។ ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់គាំទ្រយ៉ូសែបជាអ្នកបម្រើរបស់ទ្រង់និងការស្ដារឡើងវិញដែលមានតាមរយៈលោក ។
ឥឡូវនេះ យ៉ូសែប ស្ម៊ីធ គឺជាផ្នែកមួយនៃបព្វជិតភាពនៃស្ថានសួគ៌ដែលលោកបានមានប្រសាសន៍ ។ ដូចលោកបានសន្យាជាមួយមិត្តរបស់លោក ថាលោកមិនឃ្លាតឆ្ងាយពីយើងទេ ហើយនៅផ្នែកម្ខាងទៀតនៃវាំងនន លោកនៅធ្វើការជាមួយយើង ជាមួយនឹងព្រះចេស្តាដែលបានកើនឡើងយ៉ាងខ្លាំងដើម្បីជាការនាំមកនៃនគរនេះ ។ ដោយសេចក្ដីរីករាយ និងអំណរគុណ ខ្ញុំបន្លឺសំឡេងរបស់ខ្ញុំ « សរសើរដល់លោកដែលទូលនឹងព្រះយេហូវ៉ា » ។ ហើយលើសពីនេះ សូមសរសើរតម្កើងដល់ព្រះយេហូវ៉ាដែលមានបន្ទូលទៅកាន់លោកវិញ ! នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។