សន្និសីទទូទៅ
ព្រះ​ស្រឡាញ់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


9:37

ព្រះ​ស្រឡាញ់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់

ព្រះយេស៊ូវគ្រីស្ទ​តែងតែ​ហៅ​យើង ហើយ​ទ្រង់​ប្រើ​យើង ដែល​ជា​អ្នកបម្រើ​ដ៏សាមញ្ញ​របស់​ទ្រង់​ដើម្បី​ជួយ​នាំ​បុត្រាបុត្រី​របស់​ទ្រង់​ទៅរក​ទ្រង់​វិញ ។

តើ​ព្រះវរបិតាសួគ៌​របស់​យើង​សព្វព្រះទ័យ​ចង់​បាន​អ្វីពី​បងប្អូន ? តើ​បងប្អូន​ដឹងទេ​ថា កាល​ពីពេល​ដែល​បងប្អូន​នៅក្នុង​ជីវិត​មុន​ផែនដី​របស់​បងប្អូន ព្រះវរបិតាសួគ៌​បាន​រៀបចំ​បងប្អូន​សម្រាប់​ជីវិត​របស់​បងប្អូន​នៅលើ​ផែនដី​នេះ ? ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ទៅកាន់​យុវវ័យ​ថា « ព្រះវរបិតាសួគ៌​របស់​យើង​បាន​រក្សា​ទុក​វិញ្ញាណ​ដ៏​អស្ចារ្យៗ​បំផុត​ជាច្រើន … ប្រហែលជា​ខ្ញុំ​អាច​និយាយ​ថា​ជា​ក្រុម​ដ៏​ល្អបំផុត​របស់​ទ្រង់—សម្រាប់​ដំណាក់កាល​ចុង​ក្រោយ​នេះ ។ ពីព្រោះ​ថា​យើង​ត្រូវ​បាន​បម្រុងទុក​សម្រាប់​ថ្ងៃចុងក្រោយ​នេះ នោះ​វា​ជា​ការសំខាន់​សម្រាប់​យើង​ក្នុង​ការរៀន​ធ្វើជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​គឺជា​អ្នកគង្វាល​ល្អ និង​ស្គាល់​ចៀម​របស់​ទ្រង់ ហើយ​ចៀម​នោះ​ស្គាល់​អ្នកគង្វាល​របស់​ខ្លួន​ដោយសារ​តែ « ទ្រង់​បាន​ហៅ​ចៀម​របស់​ទ្រង់​តាម​ឈ្មោះ​វានីមួយៗ » ។ ទ្រង់​តែងតែ​ហៅ​យើង ហើយ​ទ្រង់​ប្រើ​យើង ដែល​ជា​អ្នកបម្រើ​ដ៏សាមញ្ញ​របស់​ទ្រង់​ដើម្បី​ជួយ​នាំ​បុត្រាបុត្រី​របស់​ទ្រង់​ទៅរក​ទ្រង់​វិញ ។

មួយរយៈ​កន្លងទៅ ប្រធាន​ស្តេក និង​ខ្ញុំ​បាន​ទៅ​សួរសុខទុក្ខ​សមាជិក​នៃ​សាសនាចក្រ​នៅក្នុង​តំបន់​មួយ​ក្នុង​មួលដ្ឋាន ។ បន្ទាប់ពី​យើង​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ដែល​បាន​គ្រោងទុក​របស់​យើង នោះ​ប្រធាន​ស្តេក​បាន​សួរខ្ញុំថា តើ​យើង​អាច​ទៅជួប​គ្រួសារ​មួយទៀត​បានទេ ។ គាត់​បាន​មាន​ការបំផុស​គំនិត​ថា ពួកយើង​គួរតែ​ទៅសួរ​សុខទុក្ខ​គ្រួសារ​នោះ ។

យើង​បាន​គោះទ្វារ ហើយ​ប្អូនស្រី​ម្នាក់​បាន​បើកទ្វារ ។ នាង​បាន​សម្លឹងមើល​ខ្ញុំ ប៉ុន្តែ​នាង​មិន​ដឹងថា​ខ្ញុំជា​នរណា​នោះទេ ម៉្លោះហើយ​នាង​មិន​បាន​និយាយ​អ្វី​ច្រើន​ទេ ។ ខ្ញុំ​បាន​ចង្អុលទៅ​កាន់​ប្រធាន​ស្តេក​ដែល​បាន​និយាយ​ស្វាគមន៍​ដោយ​ហៅ​ឈ្មោះ​នាង ។ គ្រាន់តែ​នាង​បាន​ឮ និង​ឃើញ​គាត់​ភ្លាម នោះ​នាង​មាន​ចិត្ត​សប្បាយ​រីករាយជាខ្លាំង ។ ពួកគេ​ទាំងពីរ​បាន​ឱបគ្នា និង​យំ​ជាមួយគ្នា ខណៈ​កំពុង​ឈរ​ក្បែរ​ទ្វារ​នៅ​ទីនោះ ។ ការណ៍​នេះ​បាន​បង្កើត​បរិយាកាស​ដ៏កក់ក្តៅ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​យើង ។ យើង​មិន​បាន​ដឹងឡើយថា ប្អូនស្រី​នោះ​បាន​ទទួល​ការព្យាបាល​ដោយ​ប្រើ​គីមី​កាលពី​មួយ​ថ្ងៃមុន​នោះទេ ។ នាង​មាន​សភាព​ទន់ខ្សោយ​ណាស់​ក្នុង​ការថែទាំ​កូនប្រុស​ពេញវ័យ​របស់នាង ។ ដូច្នេះ ខ្ញុំ​បាន​ជួយ​ប្រធាន​ស្តេក​ស្លៀកពាក់​ឲ្យ​កូនប្រុស​របស់​នាង ហើយ​យើង​បាន​ដាក់​គាត់​អង្គុយ​នៅលើ​រទេះរុញ​របស់​គាត់ ។ យើង​បាន​បញ្ចុក​អាហារ​ដល់​គាត់ ជា​អាហារដែល​ប្អូនស្រី​ដ៏ល្អ​ម្នាក់​មកពី​វួដ​បាន​យកមកឲ្យ​មុននេះ ហើយ​យើង​បាន​ជួយ​កិច្ចការ​ផ្សេងទៀត​ផងដែរ ។ មុនពេល​យើង​ចាកចេញ​ពីផ្ទះ​របស់​ពួកគេ យើង​បាន​ប្រទានពរ​បព្វជិតភាព​ដល់​ពួកគេ ។

អ្វី​ទាំងអស់​ដែល​បាន​មាន​ក្នុង​គំនិត​របស់​ខ្ញុំ​អំឡុងពេល​ទស្សនកិច្ច​នេះ គឺ​ជា​ការបញ្ជាក់​ថា​ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​ពួកគេ​យ៉ាង​ជ្រាលជ្រៅ ។ ទ្រង់​យល់ពី​ពួកគេ និង​ដឹង​ដោយ​ផ្ទាល់ពី​ការឈឺចាប់​នៃ​ស្ថានភាព​ដ៏​ពិសេស​របស់​ពួកគេ ។ ដំណើរ​ទស្សនកិច្ច​ស្ទើរតែ​ទាំងមូល​បាន​ធ្វើ​ឡើង​នៅក្នុង​ភាពស្ងប់ស្ងាត់ ។ ក្នុង​ឱកាស​នេះ យើង​មិន​បាន​ធ្វើ​ទេសនកថា​ធំ ឬ​ចែកចាយ​បទគម្ពីរ​ដែល​យើង​ចូលចិត្ត​ទេ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​យើង​ដោយ​ព្រះវិញ្ញាណ​របស់​ទ្រង់​ដ៏​បរិបូរណ៍ ។

ហេតុផល​ដ៏អស្ចារ្យ​បំផុត​មួយ​ដែល​ព្រះវរបិតាសួគ៌​របស់​បងប្អូន​បាន​បញ្ជូន​បងប្អូន​មកទីនេះ​នៅពេល​នេះ គឺ​ដើម្បី​ឲ្យ​បងប្អូន​អាច​ដឹងពី​សក្តានុពល​ដ៏ពេញលេញ​របស់​បងប្អូន ។ នៅក្នុង​សៀវភៅ ប្រកាស​ដំណឹងល្អ​របស់​យើង បង្រៀន​យើងថា ក្នុង​នាមជា​សិស្ស​របស់​ព្រះគ្រីស្ទ យើង​គប្បី​ចៀសវាង​ការ​ប្រៀបធៀប​ខ្លួន​របស់​យើង​ទៅ​នឹង​អ្នក​ដទៃ​ទៀត ។ សមត្ថភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​គឺ​ពិសេស ផ្ទាល់ខ្លួន និង​មាន​ពីកំណើត ហើយ​ព្រះវរបិតាសួគ៌​របស់​បងប្អូន​ចង់​ជួយ​បងប្អូន​អភិវឌ្ឍ​ចំណុច​ទាំងនោះ ។ វា​តែងតែ​មាន​នរណា​ម្នាក់​ដែល​បងប្អូន​អាច​ជួយ​ធ្វើឲ្យ​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​របស់​បងប្អូន ។ សក្តានុពល​របស់​បងប្អូន​គឺ​ទេវភាព ។ ខណៈពេល​ដែល​វាពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការរៀបចំខ្លួន ដើម្បី​ទទួល​បាន​ជោគជ័យ​នៅក្នុង​ពិភពលោក​ដែល​មាន​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា បេសកកម្ម​ដ៏សំខាន់​មួយ​​ពេញមួយ​ជីវិត​របស់​បងប្អូន គឺ​ដើម្បី​ក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ និង​គោរពតាម​ការបំផុស​គំនិត​របស់​ព្រះវិញ្ញាណ ។ នៅពេល​បងប្អូន​ធ្វើ​ដូចនេះ ព្រះ​នឹង​ប្រទានពរ​ដល់​ជីវិត​របស់​បងប្អូន ទ្រង់​នឹង​ប្រទានពរ​ដល់​គ្រួសារ​បច្ចុប្បន្ន ឬ​អនាគត​របស់​បងប្អូន ហើយ​ទ្រង់​នឹង​ប្រទានពរ​ដល់​ជីវិត​បុត្រាបុត្រី​របស់​ទ្រង់​ដែល​បងប្អូន​ជួប​ផងដែរ ។

យើង​រស់នៅ​ក្នុង​គ្រាមួយ​ដែល​ប្រកប​ដោយ​ឱកាស​ដ៏​ច្រើន ។ ទោះបីជា​យើង​ប្រឈមមុខ​នឹង​ការលំបាក​ជាច្រើន​ក្តី ក៏​ខ្ញុំ​ដឹងថា​ការលំបាក​ទាំងនោះ​គឺជា​ផ្នែក​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ជួយ​អ្នកដទៃ ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​របស់យើង ។ ប្រធាន ណិលសុន បាន​បង្រៀន​ថា ៖ « នៅ​ពេលដ៏​ខ្លី​ខាង​មុខ​នេះ យើង​នឹង​ឃើញ​ការបើក​សម្តែង ដ៏​មហិមា អំពី​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ ដែល​លោកិយ​នេះ​មិន ធ្លាប់ បាន​ឃើញ​ពីមុន​មក » ។ យើង​មាន​នូវ​អភ័យឯកសិទ្ធិ​ក្នុង​ការមើល​ថែ​មនុស្ស​ដែល​ត្រូវការ​ជំនួយ ការឱបក្រសោប អារម្មណ៍​នៃ​ការលួងលោម ឬ​គ្រាន់តែ​យើង​នៅ​ជាមួយ​នឹង​ពួកគេ​ក្នុង​ភាពស្ងប់ស្ងាត់ ។ ប្រសិនបើ​យើង​អាច​ជួយ​សម្រាល​បន្ទុក​របស់​ពួកគេ​បាន ទោះបីជា​មាន​តែមួយភ្លែត​ក៏ដោយ នោះ​យើង​នឹង​អាច​មើលឃើញ​ការបើក​សម្តែង​ដ៏អស្ចារ្យ​នៃ​ព្រះចេស្តា​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​របស់​ពួកគេ​បាន​ដែរ ។

ក្នុង​នាមជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ជា​វិជ្ជមាន​នៅក្នុង​ពិភពលោក​នេះ ។ យើង​អាច​ផ្តល់​នូវ​អារម្មណ៍​នៃ​សេចក្តី​អំណរ​ដែល​បង្ហាញ​ឡើង​នៅលើ​ទឹកមុខ​របស់​យើង ជា​សេចក្តី​អំណរ​ដែល​យើង​ចែកចាយ​ជាមួយ​នឹង​ពាក្យសម្តី​នៃ​សេចក្តី​ស្រឡាញ់ និង​ទង្វើ​នៃ​សេចក្តី​សប្បុរស ។ ចូរយើង​ធ្វើជា​អ្នកជិតខាង​ល្អ និយោជក​ល្អ និង​និយោជិត​ល្អ ។ សូម​ឲ្យ​យើង​ខិតខំ​ព្យាយាម​ធ្វើជា​គ្រិស្តបរិស័ទ​ដ៏ល្អ​គ្រប់ពេលវេលា ។

ព្រះអម្ចាស់​បាន​ស្តារ​ដំណឹងល្អ​របស់​ទ្រង់​ឡើងវិញ​ជាមួយនឹង​ពិធីបរិសុទ្ធ​ចាំបាច់​នានា ដើម្បី​ឲ្យ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​អាច​ទទួល​បាន​នូវ​រាល់​ការសន្យា​ទាំងអស់​ដែល​ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ ។ តាមរយៈ​ការជួយ​ដល់​បងប្អូន​ប្រុសស្រី​របស់​យើង​នៅក្នុង​បញ្ហា​ប្រឈមមុខ​ប្រចាំថ្ងៃ​របស់​ពួកគេ ចូរ​យើង​ចងចាំ​ផងដែរ​ក្នុង​ការជួយ​ពួកគេ​ឲ្យ​ធ្វើ និង​រក្សា​ការសន្យា​ដ៏ពិសិដ្ឋ​ទាំងនេះ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​ពួកគេ ដើម្បី​ទ្រង់​អាច​សន្យាដល់​ពួកគេ​នូវ​ពរជ័យ​ដ៏សម្បូរបែប​បំផុត​សម្រាប់​ជីវិត​នេះ និង​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ការសន្យា​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​តែ​តាមរយៈ​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​កូនសោ​បព្វជិតភាព​របស់​ទ្រង់​ប៉ុណ្ណោះ ។

នៅក្នុង​ន័យ​ម្យ៉ាងទៀតថា យើង​អាច​ជួយ​អ្នកដទៃ​ឲ្យ​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ ពួកយើង​មួយចំនួន​ងាក​ចេញ​ពី​ផ្លូវ​នៃ​សេចក្តីសញ្ញា​នេះ​ម្ដងម្កាល ហេតុដូច្នេះ​យើង​ត្រូវ​ចងចាំ​ថា សម្រាប់​ព្រះវរបិតាសួគ៌ នោះ​យើង​តែងតែ​មាន​លទ្ធភាព​ត្រឡប់​ទៅវិញ​ជានិច្ច ។ ទោះបីជា​ផ្លួវ​ដើរ​របស់​យើង​មិន​ល្អ​ឥតខ្ចោះ​បំផុត​ក៏ដោយ ក៏​ព្រះអង្គសង្គ្រោះ​តែងតែ​រំឭក​យើង​ថា « ដរាបណា [ យើង​ប្រែ​ចិត្ត ] ហើយ [ ស្វែងរក ] ការអត់ទោស​ដោយ​ស្មោះ​អស់​ពី​ចិត្ត នោះ [ យើង​តែងតែ​នឹង​បាន ] អត់​ទោសឲ្យ » ។

ឧបាយកល​មួយ​ក្នុង​ចំណោម​ឧបាយកល​​មួយ​ចំនួន​របស់​មាសត្រូវ​សព្វថ្ងៃនេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​យើង​គិត និង​ជឿថា​មិនមាន​ផ្លូវ​សម្រាប់​យើង​ដើម្បី​កែប្រែ ឬថា​យើង​មិនមាន​ក្តីសង្ឃឹម​ទៀតទេ ។ ការគិត​ដ៏បំផ្លិចបំផ្លាញ​នេះ​បណ្តាល​ឲ្យ​យើង​ជាច្រើន​នាក់​ឈប់​ធ្វើការ​ព្យាយាម ។ ហើយ​ឥឡូវនេះ​គឺជា​ពេលដែល​សេចក្តី​ស្រឡាញ់​របស់​យើង ពាក្យ​លើកទឹកចិត្ត និង​ការគាំទ្រ​របស់​យើង ពេលវេលា​របស់​យើង និង​ជំនួយ​របស់​យើង​អាច​ធ្វើ​ឲ្យ​នរណាម្នាក់​មាន​ក្តីសង្ឃឹម​គ្រប់គ្រាន់​ដើម្បី​ព្យាយាម​ម្តងទៀត​បាន ។

ប្រហែលជា​បងប្អូន​កំពុង​គិតថា « អ៊ីចឹង តើ​នរណា​ធ្វើការងារបម្រើ​ដល់​ខ្ញុំ​ទៅ ? » តាមរយៈ​ការទៅ និង​ការប្រសិទ្ធពរ​ដល់​ជីវិត​របស់​បងប្អូន​ប្រុសស្រី​របស់​យើង យើង​នឹង​ប្រមូល​ទីបន្ទាល់​ទាំងឡាយ​ដែល​នឹង​បំពេញ​ជីវិត​របស់​យើង​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ ទីបន្ទាល់​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​យើង​សកម្ម​ឡើងវិញ ដើម្បី​ព្យាយាម​ម្តងទៀត​ដោយ​ខ្លួនឯង ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ឲ្យ​យើង​សកម្ម​ឡើងវិញ និង​ជួយ​យើង​ជាមួយ​នឹង​ទីបន្ទាល់​ថ្មី ដើម្បី​បន្ត​ជាមួយ​នឹង​ការលំបាក និង​ការសាកល្បង​ផ្ទាល់ខ្លួន​រប​ស់យើង​ផ្ទាល់ ។ នៅពេល​ណា​ដែល​យើង​ស្វែងរក​ដើម្បី​ប្រទានពរ​ដល់​ជីវិត​របស់​អ្នកដទៃ នោះ​ព្រះអម្ចាស់​យក​សេចក្តី​មេត្តា​ករុណា​មក​ដាក់លើ​យើង​កាន់តែ​ច្រើន​ឡើង ។

សូម​ចងចាំថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​បងប្អូន និង​យល់ពី​បងប្អូន​ដោយ​ផ្ទាល់ ។ ទ្រង់​ដឹង​ពី​អ្វី​ដែល​ត្រូវការ​ដើម្បី​បំពេញ​ការហៅ​មួយ ហើយ​ទុក​អ្វីៗ​មួយ​ឡែកសិន​ដើម្បី​ជួយ​បុត្រាបុត្រី​របស់​ព្រះ ។ ទ្រង់​មាន​ព្រះចេស្តា​ដើម្បី​ប្រទានពរ​ដល់​បងប្អូន​នៅក្នុង​អ្វីៗ​គ្រប់យ៉ាង ប្រសិនបើ​បងប្អូន​ជឿលើ​ទ្រង់ និង​ពុំ​សង្ស័យ​ទេនោះ ។ 

បងប្អូន​ជាទី​ស្រឡាញ់​របស់ខ្ញុំ នៅ​ថ្ងៃនោះ​នៅពេល​ដែល​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់​ទទួល​អារម្មណ៍​ឲ្យ​យើង​ទៅសួរ​សុខទុក្ខ​ម្តាយ​ម្នាក់ និង​កូនប្រុស​ដែល​យើង​មិនមាន​នៅក្នុង​របៀបវារៈ​របស់​យើង ខ្ញុំ​សូម​ប្រកាសថា ព្រះ​ទ្រង់​បាន​ជ្រាបថា​ពួកគេ​ត្រូវការ​ពួកយើង ។ ហើយ​នៅទី​បំផុត ខ្ញុំ​គឺ​អ្នក​ដែល​ទទួល​បាន​ការបម្រើ ។ នៅ​ថ្ងៃនោះ ខ្ញុំ​បាន​ទទួល​មេរៀន​ដ៏អស្ចារ្យ​បំផុត​មួយ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកយើង ។

ខ្ញុំ​សូម​ថ្លែងទី​បន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​បាន​រស់នៅ និង​បាន​សុគត​សម្រាប់​បងប្អូន និង​ខ្ញុំ ហើយថា ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​សម្រាប់​បងប្អូន និង​ខ្ញុំ ដើម្បី​យើង​អាច​ប្រាថ្នា​ចង់​ជួបជុំ​ជាមួយ​នឹង​អស់អ្នក​ដែល​នៅ​ម្ខាង​ទៀត​នៃ​វាំងនន​នៅឯ​សេឡេស្ទាល​ដែល​ពោរពេញ​ដោយ​ភាពរីករាយ ។ ខ្ញុំ​ដឹង​ថា ទ្រង់​ញាណ​ដឹង​ពី​បងប្អូន និង​ខ្ញុំ​យ៉ាង​ឥតខ្ចោះ ។ ទ្រង់​ញាណ​ដឹងពី​ពេលវេលា​លំបាក​របស់​យើង​ម្នាក់ៗ ហើយ​ទ្រង់​មាន​អំណាច​ដើម្បី​ជួយ​យើង​ក្នុង​គ្រាដែល​យើង​មាន​អារម្មណ៍​ងាយ​រងគ្រោះ​បំផុត ។ ខ្ញុំ​ដឹងថា ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌​របស់​យើង​បាន​បង្ហាញ​ព្រះកាយ​ដល់ យ៉ូសែប ស៊្មីធ ដើម្បី​ស្តារ​ដំណឹងល្អ​ឡើងវិញ​នៅក្នុង​សម័យ​នោះ ។ ខ្ញុំ​ដឹងថា ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង រ័សុល អិម ណិលសុន គឺជា​ព្យាការី​របស់​ព្រះអម្ចាស់ ហើយ​ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​អំពី​រឿងនេះ​នៅក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។