សន្និសីទទូទៅ
ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​យើង​ទៅរក​សេចក្តី​ពិត
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


10:7

ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​យើង​ទៅរក​សេចក្តី​ពិត

ការដឹង​ពី​ផែនការ​ដ៏​អស្ចារ្យ​នេះ​នឹង​ជួយ​យើង​ឲ្យ​ដឹងថា យើង​ជា​បុត្រាបុត្រី​របស់ព្រះ ហើយ​យើង​អាច​ប្រែក្លាយ​ដូចជា​ទ្រង់ ។

ព្រះ​ជា​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។ យើង​ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់ ហើយ​យើង​ត្រូវបាន​បង្កើត​ឡើង​តាម​រូប​អង្គ​ទ្រង់ ។ ដូច្នេះហើយ យើង​ម្នាក់ៗ​ជា​បុត្រ​របស់​ព្រះ​ដែលមាន​នូវ​សក្តានុពល​ដ៏ទេវភាព​ដើម្បី​ក្លាយ​ដូចជា​ទ្រង់ ។

យើង​បាន​រស់នៅ​ជាមួយនឹង​ទ្រង់​ជា​វិញ្ញាណ មុនពេល​យើង​មក​កាន់​ផែនដី​នេះ ។ ព្រះវរបិតាសួគ៌ ដែល​ជា​បិតា​ខាង​វិញ្ញាណ​របស់​យើង ស្រឡាញ់​យើង ចង់​បាន​អ្វីដែល​ល្អបំផុត​សម្រាប់​យើង ហើយ​បាន​រៀបចំ​ផែនការ​មួយ​សម្រាប់​យើង ដើម្បី​ទទួល​បាន​ពរជ័យ​ដ៏ធំ​បំផុត​របស់​ទ្រង់ ដែល​ជាអមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។ ស្រប់​តាម​ផែនការ យើង​ជា​បុត្រ​ខាង​វិញ្ញាណ​នឹង​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​សិទ្ធិ​ជ្រើសរើស ដើម្បី​រើសយក​ផែនការ​របស់​ទ្រង់ ។ តាមរយៈ​ការមក​កាន់​ផែនដី នោះ​យើង​នឹងត្រូវ​ចាកចេញ​ពី​វត្តមាន​របស់​ព្រះ ភ្លេច​ជីវិត​មុន​ផែនដី​របស់​យើង ទទួល​រូបកាយ​សាច់ និង​ឆ្អឹង ទទួល​បាន​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន និង​អភិវឌ្ឍ​សេចក្តី​ជំនឿ ។ ជាមួយនឹង​រូបកាយ​សាច់ និង​ឆ្អឹង​របស់​យើង នោះយើង​នឹង​ចុះចាញ់​នឹង​ការល្បួង ក្លាយជា​មនុស្ស​មិន​ស្អាតស្អំ ហើយ​នៅ​ឆ្ងាយ​ពី​ព្រះ ហើយ​មិនអាច​ត្រឡប់​ទៅ​ទី​វត្តមាន​ដ៏​បរិសុទ្ធ​របស់​ទ្រង់​វិញ​បាន​ឡើយ ។ ដោយសារ​តែ​សេចក្តី​ស្រឡាញ់​ដ៏​គ្មាន​ព្រំដែន​របស់​ព្រះវរបិតាសួគ៌​ចំពោះ​យើង នោះ​ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​ច្បង​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​ធ្វើជា​ព្រះអង្គសង្រ្គោះ​របស់យើង ។ តាមរយៈ​ពលិកម្ម ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើឲ្យ​យើង​អាច​ទទួល​បាន​ការប្រោសលោះ​ពី​អំពើបាប​របស់​យើង ហើយ​បាន​រស់ឡើងវិញ ហើយ​ទទួល​បាន​ជីវិត​ដ៏អស់កល្ប​ជានិច្ច ។

ខ្ញុំ​មាន​អំណរគុណ​ជា​អតិបរិមា​ចំពោះ​សេចក្តី​ពិត​ដ៏រុងរឿង​ទាំងនេះ—ជាអ្វី​ដែល​យើង​ហៅថា ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតា ផែនការ​នៃ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ ឬ​ផែនការ​នៃ​សុភមង្គល​ដ៏មហិមា​របស់​ទ្រង់ ។ ការរៀន​ពី​សេចក្តី​ពិត​សំខាន់ៗ​ទាំងនេះ​បាន​ជួយ​ខ្ញុំ​ឱ្យ​ស្គាល់​អត្តសញ្ញាណ​ពិត​របស់ខ្ញុំ និង​ពរជ័យ​ដ៏មហិមា​ដែល​ព្រះ​បាន​រៀបចំទុក​សម្រាប់​យើង​នូវ​ភាពតម្កើងឡើង និង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។ ព្យាការី​នីហ្វៃ​បាន​បង្រៀន​យើង​ពី​របៀប ៖ « ហេតុ​ដូច្នោះ​ហើយ … សូម​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ដ្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។ លោក​បាន​បន្ថែមទៀត​ថា « បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​តាម​ផ្លូវ​នោះ ហើយ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់ ដែល​អ្នក​ត្រូវ​ធ្វើ » ។ ថ្ងៃនេះ ខ្ញុំ​សូម​ចែកចាយ​ពីរបៀប​ដែល​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ខ្ញុំ​ស្វែងរក​សេចក្តី​ពិត​សំខាន់ៗ ដែល​បានផ្តល់​នូវ​សេចក្តី​សុខសាន្ត​ទាំងនេះ​កាលពី​នៅក្នុង​វ័យជំទង់​របស់​ខ្ញុំ ។

ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ

ដូច​ដែល​នីហ្វៃ​បាន​ថ្លែង​នៅដើម​ខគម្ពីរ​នៃ​គម្ពីរ​នីហ្វៃទី១ ខ្ញុំ នីហ្វៃ ដោយ​បាន « កើត​មក​ពី​ឪពុក​ម្ដាយ​ល្អ » ផងដែរ ។ ខ្ញុំ​បាន​ធំឡើង​នៅទីក្រុង​ណាហ្គាណូ ប្រទេស​ជប៉ុន នៅក្នុង​ផ្ទះ​ដែល​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ឲ្យ​មាន​ភាពស្មោះត្រង់ ឧស្សាហ៍​ព្យាយាម និង​រាបសា​ និង​ការអនុវត្ត​យ៉ាង​តឹងរឹង​ក្នុង​ការគោរព​ប្រតិបត្តិ​តាម​ទំនៀមទម្លាប់​ពីបុរាណ ។ ឪពុក​របស់​ខ្ញុំ​ជា​មនុស្ស​ដែល​គោរព​សាសនា​ខ្លាំងណាស់ ។ គាត់​បាន​អធិស្ឋាន​នៅចំពោះ​មុខ​អាសនៈ​ព្រះ​ស៊ីនតូ និង​ព្រះពុទ្ឋ​ជារៀងរាល់​ព្រឹក និង​រៀងរាល់​យប់ ។ ថ្វីបើ​ខ្ញុំ​មិន​ដឹងថា​គាត់​កំពុង​អធិស្ឋាន​ទៅកាន់​នរណា និង​តើ​គាត់​កំពុង​អធិស្ឋាន​សម្រាប់​អ្វី តែ​ខ្ញុំ​ជឿថា គាត់​អធិស្ឋាន​ដល់​អំណាច​ដែល​មើល​មិន​ឃើញ​មួយ​ចំនួន ឬ​អាច​ជា​ព្រះ​ដែល​នឹង « មាន​ឫទ្ធានុភាព​ក្នុង​ការសង្គ្រោះ » ឬ​ជួយ​យើង បើ​យើង​អធិស្ឋាន​ដោយ​ស្មោះ ។

ដូច​ក្មេង​វ័យ​ជំទង់​ផ្សេងទៀត ខ្ញុំ​បាន​ជួប​ប្រទះ​ការលំបាក​ជាច្រើន ។ ខ្ញុំ​បាន​តស៊ូ​ដោយ​គិតថា​ជីវិត​មិន​យុត្តិធម៌​ទេ ហើយ​មាន​រឿងល្អ​និង​រឿង​អាក្រក់​ជាច្រើន ។ ខ្ញុំ​មាន​អារម្មណ៍​ថា​បានបោះបង់ ដោយ​មិន​មាន​អារម្មណ៍​នៃ​ការ​ដឹកនាំ​ក្នុង​ជីវិត​របស់​ខ្ញុំ​ ។ ជីវិត​ហាក់​ដូចជា​មិនយូរ​ប៉ុន្មាន​ទេ ពីព្រោះ​វានឹង​បញ្ចប់​នៅពេល​ដែល​ខ្ញុំ​ស្លាប់ ។ ជីវិត​ដែល​គ្មាន​ចំណេះដឹង​ពី​ផែនការ​នៃ​សេចក្តី​សង្រ្គោះ គឺ​ច្របូកច្របល់​ណាស់ ។

មិន​យូរប៉ុន្មាន ខ្ញុំ​បាន​ចាប់ផ្តើម​រៀន​ភាសា​អង់គ្លេស​នៅ​អនុវិទ្យាល័យ សិស្ស​ទាំងអស់​នៅក្នុង​សាលា​របស់​យើង​ទទួល​បាន​ព្រះគម្ពីរ​សញ្ញាថ្មី​មួយ​ច្បាប់ ។ ទោះបីជា​យើង​ទើបតែ​ចាប់ផ្តើម​ការសិក្សា​ភាសា​អង់គ្លេស​របស់យើង​ក៏ដោយ គ្រូបង្រៀន​របស់​យើង​បាន​ប្រាប់​យើងថា យើង​គួរតែ​សិក្សា​ភាសា​អង់គ្លេស​ដោយ​ការអាន​វា ។ ខ្ញុំ​បាន​បើក​ព្រះគម្ពីរ​នោះ ហើយ​ពិនិត្យមើល​មាតិកា​របស់វា ។ ពាក្យ​ទាំងនោះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី គឺ​ពិបាក​ខ្លាំងណាស់​សម្រាប់​ខ្ញុំ ។ ពាក្យ​ទាំងនោះ​ជា​ភាសា​ជប៉ុន គឺ​ពិបាក​ដូចគ្នា ។ ទោះជា​យ៉ាងណា ខ្ញុំ​បាន​ចាប់អារម្មណ៍​ទៅលើ​បញ្ជី​នៃ​សេចក្តី​ថ្លែង​ការណ៏ និង​សំណួរ​នៃ​ព្រលឹង​ដែល​បាន​ដាក់​បញ្ចូល​ពីមុន​អត្ថបទ​ព្រះគម្ពីរ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប គីឌាន—សំណួរ​អំពី​អារម្មណ៍​ឯកោ ភាពខ្វះ​ទំនុកចិត្ត ភាពច្របូក​ច្របល់ ការប្រឈម​មុខនឹង​ការសាកល្បង​ក្នុង​ជីវិត ។ល ។ ចំណុច​នីមួយៗ​នៅក្នុង​បញ្ជី​ភ្ជាប់​មក​នូវ​ឯកសារ​យោង​ទៅ​រក​ខគម្ពីរ និង​ទំព័រ​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ។ ខ្ញុំ​បាន​ចាប់អារម្មណ៍​ជាពិសេស​ទៅលើ​សេចក្តី​ថ្លែង​ការណ៏​ដែល​ថា « នៅពេល​ដែល​អ្នក​អស់​កម្លាំង » ។ សេចក្តី​យោង​នោះ​បាន​នាំ​ខ្ញុំ​បើក​ទៅ​ ម៉ាថាយ ១១:២៨–៣០ ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅកាន់​សិស្ស​របស់​ទ្រង់ថា ៖

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក ។

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង ។

« ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។

នេះ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​ចាំថា​បាន​អាន​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បើទោះ​បីជា​ខ្ញុំ​មិន​យល់​ពាក្យ​ទាំងអស់​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​ក្តី ក៏​ព្រះបន្ទូល​របស់ទ្រង់​បាន​លួងលោម​ខ្ញុំ លើក​ព្រលឹង​របស់ខ្ញុំ និង​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​សេចក្តី​សង្ឃឹម​ផងដែរ ។ នៅពេល​ខ្ញុំ​កាន់តែ​អាន​ព្រះបន្ទូល​របស់ទ្រង់ នោះ​ខ្ញុំ​កាន់តែ​មាន​អារម្មណ៍​ថា​ខ្ញុំ​គួរតែ​ពិសោធ​នូវ​គុណធម៌​នៃ​ព្រះបន្ទូល​របស់​ទ្រង់ ដែល​ខ្ញុំ​ពុំ​ដែល​ធ្លាប់​មាន​អារម្មណ៍​ដូច​ថ្ងៃ​នោះទេ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ទទួល​បាន​សេចក្តី​ស្រឡាញ់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​ដែល​ខ្ញុំ​ស្គាល់ ។

នៅ​ពេល​ដែល​ខ្ញុំ​បាន​បន្ត​ការសិក្សា នោះ​ខ្ញុំ​ហាក់​ដូចជា​មាន​អារម្មណ៍ថា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ផ្ទាល់​មក​កាន់​ខ្ញុំ​នៅពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា « មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត »

ព្រះបន្ទូល​របស់​ទ្រង់​បាន​បំពេញ​ដួង​ចិត្ត​របស់​ខ្ញុំ ទោះ​បី​ជា​ពេល​នោះ​ខ្ញុំ​មិន​អាច​រៀបរាប់​ពី​អារម្មណ៍​របស់​ខ្ញុំ​បាន​ល្អ​​ឡើយ ។ បើទោះ​បីជា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​ជាច្រើន​សតវត្សរ៏មុន​នៅលើ​ទឹកដី​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ក៏ដោយ ក៏ខ្ញុំ​គិតថា​ខ្ញុំ​អាច​ទុកចិត្ត​លើ​ព្រះបន្ទូល​របស់​ទ្រង់​ដោយ​អស់​ពី​ដួងចិត្ត​របស់​ខ្ញុំ​បាន​ផងដែរ ។ ខ្ញុំ​សង្ឃឹមថា​នៅ​ថ្ងៃ​មួយ​នាពេល​អនាគត ខ្ញុំ​អាច​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ថែមទៀត ។

ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​បងប្អូន នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​បងប្អូន​ត្រូវ​ធ្វើ

ថ្ងៃ​មួយ​នោះ​បាន​មក​ដល់ តែ​ប៉ុន្មាន​ឆ្នាំក្រោយ​មក​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​ជួបនឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​​វ័យក្មេង​ដ៏​ឧស្សាហ៍​ព្យាយាម របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ហើយ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​ជួប​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​មួយ​ក្រុម​តូច​ដែល​មាន​ចិត្ត​សប្បុរស និង​អំណរ ក្នុង​ការខិតខំ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ បើទោះ​បីជា​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​មួយរយៈ​ដើម្បី​ជឿ​ទុកចិត្ត​លើ​ពួកគេ​យ៉ាង​ពេញលេញ​ក៏ដោយ ខ្ញុំ​បាន​ចាប់ផ្តើម​សម្គាល់​ឃើញ​នៅក្នុង​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​មាន​នូវ​អ្វី​ដែល​ខ្ញុំ​ប៉ងចង់​បាន​នៅពេល​ខ្ញុំ​រៀន​ព្រះគម្ពីរសញ្ញាថ្មី—ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ និង​សេចក្តី​សង្ឃឹម និង​សេចក្តី​សុខសាន្ត​ដែល​មក​ពី​ពួកគេ ។

បទពិសោធន៍​ដ៏ពិសិដ្ឋ​ជាពិសេស​មួយ គឺ​នៅពេល​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​ខ្ញុំ​ឲ្យ​អធិស្ឋាន ។ ខ្ញុំ​បាន​រៀនថា យើង​គួរតែ​និយាយ​ទៅកាន់​ព្រះ​ដោយ​ហៅ​ព្រះនាម​របស់​ទ្រង់ ។ នៅពេល​យើង​អធិស្ឋាន យើង​គួរតែ​និយាយ​ចេញពី​បេះដូង​របស់​យើង បង្ហាញ​ការដឹង​គុណ​របស់​យើង និង​ចែកចាយ​សេចក្តី​សង្ឃឹម និង​បំណងប្រាថ្នា​របស់​យើង ។ នៅពេល​ដែល​យើង​បាន​និយាយ​នូវ​អ្វី​ទាំងអស់​ដែល​យើង​ចង់​និយាយ នោះ​យើង​បញ្ចប់​ការអធិស្ឋាន​របស់​យើង​ដោយ​និយាយថា « នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន » ។ យើង​ធ្វើ​ដូចនេះ​ដោយសារ​តែ​ព្រះយេស៊ូវ​បាន​ដាក់​បញ្ញត្តិ ឲ្យ​យើង​អធិស្ឋាន​នៅក្នុង​ព្រះនាម​របស់ទ្រង់ ។ ការអធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​បាន​ជួយ​ខ្ញុំឲ្យ​ដឹងថា ទ្រង់​ជានរណា និង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយនឹង​ទ្រង់—ថា​ខ្ញុំ​ជា​បុត្រា​ខាង​វិញ្ញាណ​ជាទី​ស្រឡាញ់​របស់ទ្រង់ ។ ខ្ញុំ​បាន​រៀន​ថា ដោយសារ​តែ​ព្រះ​វរបិតាសួគ៌​ស្គាល់ និង​ស្រឡាញ់​ខ្ញុំ នោះ​ទ្រង់​នឹង​មាន​បន្ទូល​មកកាន់​ខ្ញុំ​ដោយ​ផ្ទាល់ ពិសេស និង​តាម​វិធី​ដែល​ខ្ញុំ​យល់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

មាន​ពេល​មួយ នៅពេល​ខ្ញុំ​មិនទាន់​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ​ច្បាស់​នៅ​ឡើយ ។ ខ្ញុំ​បាន​យល់ច្រឡំ ដោយ​គិត​ថា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ គឺ​ត្រូវ​ធ្វើ​តាម​ជំហាន​នៃ​ការអធិស្ឋាន ហើយ​អ្វី​មួយ​ដែល​អស្ចារ្យ​នឹង​កើតឡើង ។ ថ្ងៃមួយ ក្នុង​អំឡុងពេល​រៀន​ជាមួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ខ្ញុំ​បាន​ដើរចេញ​ពីមេរៀន​ដើម្បី​ឈប់សម្រាក​បន្តិច ។ ខ្ញុំ​នៅ​តែ​ភាន់ច្រឡំ​អំពី​អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ​ជាមួយ​ជីវិត​របស់​ខ្ញុំ ថា​តើ​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពិត​ឬ​ទេ ។

ពេល​ខ្ញុំ​ហៀបនឹង​ត្រឡប់​ទៅកាន់​បន្ទប់​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​រង់ចាំ ខ្ញុំ​បាន​ឮ​សំឡេង​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់។ ខ្ញុំ​បាន​ឮ​ឈ្មោះ​របស់​ខ្ញុំ ។ ដោយ​មិន​បាន​បើកទ្វារ ខ្ញុំ​បាន​ស្តាប់​សំឡេង​នោះ​តាម​ទ្វារ​ពី​ខាង​ក្រៅ ។ ខ្ញុំ​បាន​ស្រឡាំងកាំង ។ ពួកគេ​កំពុង​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌ ។ អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ពោល​ការអធិស្ឋាន​កំពុង​ទូល​អង្វរ​ដល់​ព្រះ ថា​ទ្រង់​នឹង​ស្តាប់​ឮ​ការអធិស្ឋាន​របស់ខ្ញុំ ។ ទោះបីជា​ភាសា​ជប៉ុន​របស់​គាត់​មិន​សូវស្ទាត់​ជំនាញ​ក៏ដោយ ការស្តាប់ឮ​ការអធិស្ឋាន​ដោយ​ស្មោះត្រង់​របស់​គាត់​បាន​ធ្វើឲ្យ​ដួងចិត្ត​របស់​ខ្ញុំទន់ ។ ខ្ញុំ​ឆ្ងល់ថា ហេតុអ្វី​បាន​ជា​ពួកគេ​យកចិត្ត​ទុកដាក់​នឹង​ខ្ញុំ​អ្វី​ម្ល៉េះ ។ បន្ទាប់មក ខ្ញុំ​បាន​ដឹងថា​ការអធិស្ឋាន​របស់​ពួកគេ​ឲ្យ​ខ្ញុំ គឺជា​ការបង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និងព្រះអង្គ​សង្គ្រោះ​ចំពោះខ្ញុំ ។ សេចក្តី​ស្រឡាញ់​នោះ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​សេចក្តី​សង្ឃឹម ហើយ​បន្ទាប់មក​ខ្ញុំ​បាន​ទូលសួរ​ព្រះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ ។ ពេល​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​អំណរ និង​ភាព​សុខសាន្ត​ថា ខ្ញុំ​ពិត​ជា​បុត្រ​របស់​ព្រះ ហើយ​ថា​ខ្ញុំ​មាន​សក្តានុពល និង​ជោគវាសនា​ដ៏​ទេវភាព ។ ផែនការ​នៃ​សេចក្តី​សង្គ្រោះ​បាន​ជ្រួត​ជ្រាប​ពេញ​ក្នុង​បេះដូង​របស់​ខ្ញុំ ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « របៀប​ដែល​ប្អូន​គិត​អំពី​ខ្លួនឯង​ថា​ជា​នរណា … អាចប៉ះពាល់ … រាល់​ការសម្រេចចិត្ត​ដែល​ប្អូន​នឹង​ធ្វើ » ។ រឿង​នេះ​ពិត​ណាស់​ចំពោះ​ខ្ញុំ ។ ការសម្រេចចិត្ត​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ទទួល​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ប្រទានពរ​ដល់​ជីវិត​របស់​ខ្ញុំ​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត ។ នៅពេល​ដែល​យើង​ចូល​ទៅក្នុង​សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ជាមួយនឹង​ព្រះ នោះ​យើង​សន្យាថា​យើង​នឹង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ហើយ​បម្រើ​ទ្រង់​អស់​មួយ​ជីវិត​របស់​យើង  ។ ជា​ការតប​ស្នង​មកវិញ ព្រះវរបិតា​សួគ៌​របស់​យើង​សន្យា​នឹង​យើង​ថា យើង​អាច​បាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង​ពួក​គេ​ជា​ដរាប—ជា​ការដឹកនាំ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដ៏​ខ្ជាប់ខ្ជួន ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មាន​សេចក្តី​ជំនឿ​លើ​សារលិខិត​ដែល​នីហ្វៃ​បាន​បង្រៀន​យើង​ថា—ព្រះបន្ទូល​ទាំងឡាយ​របស់​ព្រះគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ប្រាប់​ដល់​បងប្អូន « នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​[ បងប្អូន ]​ត្រូវ​ធ្វើ » ។ អ្វីៗ​ទាំងអស់ ! នេះ​គឺ​ជា​អំណោយទាន​ដ៏​អស្ចារ្យ​ពី​ព្រះ ។

បងប្អូន​ប្រុសស្រី ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ផែនការ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។ ដោយសារ​តែ​ទ្រង់​ស្រឡាញ់​យើង នោះ​ទ្រង់​បាន​រៀបចំផ្លូវ​ដើម្បី​ត្រឡប់​ទៅ​កាន់​ទី​វត្តមាន​របស់​ទ្រង់​វិញ តាមរយៈ​ព្រះរាជ​បុត្រា​បង្កើត​តែមួយ​គត់​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការដឹង​ពី​ផែនការ​ដ៏​អស្ចារ្យ​នេះ​នឹង​ជួយ​យើង​ឲ្យ​ដឹងថា យើង​ជា​បុត្រាបុត្រី​របស់ព្រះ ហើយ​យើង​អាច​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​សេចក្តី​ពិត​ដ៏សំខាន់​នេះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ថា ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ដឹកនាំ​យើង​ដើម្បី​ទទួល​បាន​ជីវិត​ដ៏អស់កល្ប​ជានិច្ច ។ ខ្ញុំ​ដឹង​ថា អ្វីៗ​ទាំង​អស់​នេះ​ជា​ការពិត ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។