សន្និសីទទូទៅ
« មើល​ចុះ យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់​គ្នា​នឹង​លើក​ឡើង »
សន្និសីទ​ទូទៅ​ខែតុលា ឆ្នាំ​២០២៤


« មើល​ចុះ យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់​គ្នា​នឹង​លើក​ឡើង »

យើងលើក​ពន្លឺ​របស់​ព្រះអម្ចាស់​ឡើង នៅពេល​យើង​តោងជាប់​ចំពោះ​សេចក្តីសញ្ញា​របស់​យើង ហើយ​នៅពេល​យើង​គាំទ្រ​ព្យាការី​ដែល​នៅរស់​របស់​យើង ។

ចំពោះ​ទីបន្ទាល់​ជាច្រើន​នៅក្នុង​សន្និសីទ​នេះ ខ្ញុំ​សូម​បន្ថែម​សាក្សី​ជា​សាវក​របស់ខ្ញុំ​ថា ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​ព្រះអម្ចាស់ និង​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ជា​ព្រះប្រោសលោះ​នៃ​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះវរបិតា​យើង ។ តាមរយៈ​ដង្វាយធួន​របស់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​វា​អាច​កើត​មាន​សម្រាប់​យើង ប្រសិនបើ​យើង​មាន​ភាពស័ក្តិសម ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​នៃ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ និង​នៅ​ជាមួយ​ក្រុមគ្រួសារ​របស់​យើង​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។

ព្រះអង្គសង្រ្គោះ​មិន​បាត់​វត្តមាន​នៅក្នុង​ដំណើរ​នៃ​ជីវិត​រមែងស្លាប់​របស់​យើង​ទេ ។ សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ យើង​បាន​ស្ដាប់ឮ​ទ្រង់​មាន​ព្រះបន្ទូល​តាមរយៈ​ថ្នាក់ដឹកនាំ​ជម្រើស​របស់​ទ្រង់ ដើម្បី​យើង​អាច​ខិត​កាន់តែ​ជិត​ទ្រង់ ។ ដោយ​សេចក្តីស្រឡាញ់ និង​សេចក្តី​មេត្តាករុណា​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ទ្រង់​គាំទ្រ​យើង​ម្តង​ហើយ​ម្តងទៀត នៅពេល​យើង​ប្រឈមមុខ​នឹង​ហេតុការណ៍​ដែល​កើតឡើង​ដោយ​មិន​បានរំពឹងទុក​ក្នុង​ជីវិត ។ នីហ្វៃ​ពិពណ៌នា​ថា ៖ « ព្រះ​របស់​ខ្ញុំ គឺ​ជា​ទី​ផ្អែក​របស់​ខ្ញុំ ទ្រង់​បានដឹកនាំ​ខ្ញុំ​ឲ្យ​ឆ្លងកាត់​សេចក្ដីទុក្ខវេទនា​ទាំងឡាយ​របស់​ខ្ញុំ ។ … ទ្រង់​បាន​បំពេញចិត្ត​ខ្ញុំ ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ » ។

សេចក្តីស្រឡាញ់​នោះ​បង្ហាញ​ឲ្យ​ឃើញពេល​យើង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ចការ​របស់​ទ្រង់ ។

យើង​គាំទ្រ​ព្យាការី​ដែល​នៅរស់​របស់យើង​នៅក្នុង​សន្និសីទ​ទូទៅ និង​គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ពួក​អ្នក​មានសិទ្ធិ​អំណាច​ទូទៅ និង​អ្នក​កាន់តំណែង​ទាំងឡាយ​នៃ​សាសនាចក្រ ។ ដើម្បី​គាំទ្រ​មាន​ន័យថា​ត្រូវ លើក​ឡើង បុគ្គល​ម្នាក់​ទៀត ដើម្បី​ផ្ដល់​ការយកចិត្ត​ទុកដាក់​របស់​យើង​ចំពោះ​ពួកលោក ដើម្បី​ស្មោះត្រង់​ចំពោះ​ទំនុកចិត្ត​របស់​ពួកលោក ដើម្បី​ធ្វើតាម​ពាក្យសម្តី​របស់​ពួកលោក ។ ពួកលោក​មាន​ប្រសាសន៍​ដោយ​ការបំផុសគំនិត​ពី​ព្រះអម្ចាស់ ពួកលោក​យល់​ពី​បញ្ហា​បច្ចុប្បន្ន ការធ្លាក់​ចុះ​ខាងសីលធម៌​នៃ​សង្គម និង​ការខិតខំ​កាន់តែ​ខ្លាំងឡើង​របស់​មារសត្រូវ ក្នុង​ការរារាំង​ផែនការ​របស់​ព្រះវរបិតា ។ នៅក្នុង ការលើកឡើង ដៃ​របស់​យើង យើង​តាំងចិត្ត​ផ្ដល់​ការគាំទ្រ​របស់​យើង មិនមែន​សម្រាប់តែ​គ្រា​នោះ​ទេ ប៉ុន្តែ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​ផងដែរ ។

ការគាំទ្រ​រួមទាំង ការលើក​ឡើង ប្រធាន​ស្តេក និង​ប៊ីស្សព​របស់​យើង ថ្នាក់ដឹកនាំ​កូរ៉ុម និង​អង្គការ​ទាំងឡាយ គ្រូបង្រៀន និង​សូម្បីតែ​អ្នកដឹកនាំ​ជំរំ​នៅក្នុង​វួដ ឬ​ស្តេក​របស់​យើង​ក្ដី ។ អ្នក​ដែល​យើង​មាន​ទំនាក់ទំនង​ដោយផ្ទាល់ យើង លើកឡើង ភរិយា និង​ស្វាមី​របស់​យើង កូនៗ ឪពុកម្តាយ គ្រួសារធំ និង​អ្នក​ជិតខាង ។ នៅពេល​យើង លើក​គ្នា​ឡើង ទៅវិញ​ទៅ​មក យើង​និយាយ​ថា « ខ្ញុំ​នៅ​ទីនេះ​សម្រាប់​អ្នក មិន​គ្រាន់តែ លើកឡើង ដៃ​របស់​អ្នក នៅពេល​វា ‹ រោយ › ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​ជា​ការលួងលោម និង​ជា​កម្លាំង​នៅ​ខាង​អ្នក​ផងដែរ » ។

គំនិត​ដើម្បី លើកឡើង គឺជា​ឬសគល់​នៅក្នុង​ព្រះគម្ពីរ ។ នៅ​ឯ​ទឹក​មរមន សមាជិក​សាសនាចក្រ​ដែល​បាន​ជ្រមុជទឹក​ហើយ​ថ្មីៗ​បានតាំងចិត្ត « យល់ព្រម​ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល …[ ដើម្បី ]​កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទីកន្លែង » ។

ចំពោះ​ពួក​សាសន៍​នីហ្វៃ ព្រះ​យេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា ៖ « ចូរ​លើក​ពន្លឺ របស់​អ្នក​រាល់គ្នា​ឡើង ប្រយោជន៍​ឲ្យ​បាន​ភ្លឺ​ដល់​មនុស្ស​លោក ។ មើល​ចុះ យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់គ្នា​នឹង​លើក​ឡើង » ។ យើង លើកឡើង ពន្លឺ​របស់​ព្រះអម្ចាស់ នៅពេល​យើង​តោងជាប់​ចំពោះ​សេចក្តីសញ្ញា​របស់​យើង ហើយ​នៅពេល​យើង​គាំទ្រ​ព្យាការី​ដែល​នៅរស់​របស់​យើង នៅពេល​លោក​មាន​ប្រសាសន៍​នូវ​ព្រះបន្ទូល​របស់​ព្រះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ នៅពេល​បម្រើ​នៅក្នុង​កូរ៉ូម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ថា​« ការគាំទ្រ​ពួកព្យាការី​របស់​យើង​គឺ​ជា​ការតាំងចិត្ត​ផ្ទាល់​ខ្លួន​ថា យើង​នឹង​ខំធ្វើ​អស់​ពី​សមត្ថភាព ដើម្បី​លើក​តម្កើង​អាទិភាព​ជា​ព្យាការី​របស់​ពួកលោក » ។

ដើម្បី លើក​ព្យាការី​ឡើង គឺជា​កិច្ចការ​ពិសិដ្ឋ ។ យើង​មិន​អង្គុយ​នៅ​ស្ងៀម​ទេ ប៉ុន្តែ​ការពារ​លោក​យ៉ាងសកម្ម ធ្វើ​តាម​ឱវាទ​របស់​លោក បង្រៀន​ពាក្យ​សម្ដី​របស់​លោក ហើយ​អធិស្ឋាន​សម្រាប់​លោក ។

ស្តេច​បេនយ៉ាមីន នៅក្នុង​ព្រះគម្ពីរ​មរមន បាន​មាន​បន្ទូល​ទៅកាន់​ប្រជារាស្រ្ត​របស់​ទ្រង់​ថា « យើង​ក៏​ដូច​អ្នក​រាល់គ្នា​ដែរ ដែល​មាន​ការទន់ខ្សោយ​គ្រប់​បែបយ៉ាង​ខាងរូបកាយ និង​ខាងគំនិត ក៏​ប៉ុន្តែ​យើង​ត្រូវ​បានរើស … ហើយ​ត្រូវ​បាន​ទ្រទ្រង់​ដោយ​ព្រះហស្ត​នៃ​ព្រះអម្ចាស់ … ហើយ​ត្រូវ​បាន​ថែរក្សា​ឲ្យ​គង់វង្ស​ដោយ​ព្រះចេស្ដា​ដ៏​ឥត​ប្រៀបផ្ទឹម​បាន​របស់​ទ្រង់ ដើម្បី​បម្រើ​អ្នក​ឲ្យ​អស់​ពី​សមត្ថភាព​អស់​ពី​គំនិត និង​អស់​ពី​កម្លាំង ដែល​ព្រះអម្ចាស់​ទ្រង់​បានប្រទាន​មក​ឲ្យ​យើង » ។

រូបភាព
លើក​ដៃ​របស់​លោក​ម៉ូសេឡើង

ដូច​គ្នា​នេះ​ដែរ នៅ​ជន្មាយុ ១០០ ឆ្នាំ ប្រធាន ណិលសុន ត្រូវ​បានរក្សា និង​ថែទាំ​ដោយ​ព្រះអម្ចាស់ ។ ប្រធាន ហារ៉ូល ប៊ី លី ដែល​កាល​នោះ​ជាសមាជិក​ម្នាក់​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​លើកឡើង​ពី​គំរូ​របស់​ម៉ូសេ​ឈរ​នៅលើ​ភ្នំ​នៅ​ឯ​រេផិឌីម ។ លោក​បាន​មាន​ប្រសាសន៍​ថា « ដៃ​របស់​[ ប្រធាន​នៃ​សាសនាចក្រ ]​អាច​រោយ ។ ដៃលោក​អាច​នឹង​ដាក់ចុះ​នៅពេល​ណាមួយ ដោយសារតែ​ទំនួល​ខុសត្រូវ​ដ៏​ធ្ងន់ធ្ងរ​របស់​លោក ប៉ុន្តែ​នៅពេល​យើង​លើក​ដៃ​របស់​លោកឡើង ហើយ​នៅពេល​យើង​បាន​ដឹកនាំ​ក្រោមការ​ដឹកនាំ​របស់លោក នៅក្បែរ​លោក នោះ​ច្រក​ទ្វារ​នៃ​ស្ថាននរក​នឹង​ពុំ​យកឈ្នះលើ​អ្នក និង​ពួកអ៊ីស្រាអែល​ឡើយ » ។ សុវត្ថិភាព​របស់​អ្នក និង​របស់​យើង​គ្រប់គ្នា គឺ​វា​អាស្រ័យ​ទៅលើ​ថាតើ​យើង​ធ្វើ​តាម​អ្នក​ដែល​ព្រះអម្ចាស់​បាន​ដាក់​ឲ្យ​ធ្វើជា​អធិបតី​នៅលើ​សាសនាចក្រ​របស់​ទ្រង់​ដែរឬ​ក៏​អត់ ។ ទ្រង់​ជ្រាប​អំពី​អ្នក​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ធ្វើ​អធិបតី​លើ​សាសនាចក្រ​នេះ ហើយ​ទ្រង់​នឹង​ពុំ​ជ្រើស​មនុស្ស​ខុស​ឡើយ » ។

ប្រធាន ណិលសុន ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ​ក្នុង​ការបម្រើ​ព្រះអម្ចាស់ ។ ភាព​ចាស់ទុំ បទពិសោធន៍​ដ៏ច្រើន ប្រាជ្ញា និង​ការទទួល​វិវរណៈ​ជា​ទៀងទាត់​របស់​លោក​គឺ​ស័ក្ដិសម​សម្រាប់​ជំនាន់​របស់​យើង ។ លោក​បាន​មាន​ប្រសាសន៍ថា « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​កំពុង​តែ​រៀបចំ​ពិភពលោក​សម្រាប់​ថ្ងៃ​ដែល « គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះយេហូវ៉ា នៅ​ពេញពាស​លើ​ផែនដី » ( អេសាយ ១១:៩ ) ។ … កិច្ចការ​នេះ​ត្រូវបាន​ផ្ដល់​អំណាច​ឲ្យ​ដោយ​ការប្រកាស​ដ៏​ទេវភាព​មួយ​កាល​ពី ២០០ ឆ្នាំ​មុន ។ ការប្រកាស​នោះ​មាន​តែ​ដប់ពីរ​ពាក្យ​ប៉ុណ្ណោះ ៖ ‹ នេះ​ជា​ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ ! › ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) »

ប្រធាន ណិលសុន ក៏បាន​មាន​ប្រសាសន៍​ផងដែរ ៖​« មិន​ដែល​មាន​ពេល​ណា​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក​នេះ ដែល​ចំណេះដឹង​អំពី​ព្រះអង្គសង្រ្គោះ​របស់​យើង​មាន​សារៈសំខាន់​ផ្ទាល់ខ្លួន ហើយ​ទាក់ទង​នឹង ព្រលឹង​មនុស្ស​គ្រប់​គ្នា យ៉ាងខ្លាំង​ដូច្នេះ​នោះទេ ។ សូម​ស្រមៃ​មើល​ថា តើ​ជម្លោះ​ដ៏​បំផ្លិច​បំផ្លាញ​នៅ​ទូទាំង​ពិភពលោក​នេះ—និង​ការបំផ្លិច​បំផ្លាញ​នៅក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ—នឹង​ត្រូវ​ដោះស្រាយ​បាន​លឿន​ប៉ុនណា​ប្រសិន​បើ​យើង​ទាំងអស់​បាន​ជ្រើសរើស​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ស្តាប់​តាម​ការបង្រៀនទាំងឡាយ​របស់​ទ្រង់ » ។

បងប្អូន​ប្រុសស្រី យើង​ត្រូវធ្វើ​ការស្ទួយ​ឲ្យបាន​ច្រើន ហើយ​មាន​ការត្អូញត្អែរ​ឲ្យ​តិច​បំផុត គឺ​គាំទ្រ​ឲ្យបាន​ច្រើន​នូវ​បន្ទូល​របស់​ព្រះអម្ចាស់ មាគ៌ា​របស់​ទ្រង់ និង​ព្យាការី​របស់​ទ្រង់ ដែល​លោក​បានមាន​ប្រសាសន៍ ៖ « ឧបសគ្គ​ដ៏ធំ​បំផុត​មួយ​របស់​យើង​នៅ​សព្វថ្ងៃ​នេះ​គឺ ការញែកដឹង​រវាង​សេចក្ដីពិត​របស់ព្រះ និង​ការបោក​បញ្ឆោត​របស់​សាតាំង ។ នោះ​ជា​ហេតុ​ដែល​ព្រះអម្ចាស់​បាន​ព្រមាន​យើង​ឲ្យ ‹ អធិស្ឋាន​ជានិច្ច … ប្រយោជន៍​ឲ្យ [ យើង ] អាច​យកឈ្នះ​លើ​អារក្ស​សាតាំង​បាន ហើយ … រួច​ផុតពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នកបម្រើ​របស់​អារក្ស​សាតាំង ដែល​ទ្រទ្រង់​កិច្ចការ​[ របស់​មារសត្រូវ ]​នោះ › [ គោលលទ្ធិ និងសេចក្តីសញ្ញា ១០:៥ បានបន្ថែម​ការគូស​បញ្ជាក់ ] » ។

រូបភាព
ការឧទ្ទិសឆ្លង​​ព្រះវិហារ​បរិសុទ្ធ ម៉ានតៃ យូថាហ៍ ឡើងវិញ<nb/>។

កាល​ពី​ខែ​មេសា ស៊ីស្ទើរ រ៉ាសបាន និង​ខ្ញុំ​មានកិត្តិយស​ចូលរួម​នឹង​ព្យាការី​ជាទីស្រឡាញ់​របស់​យើង និង​ស៊ីស្ទើរ ណិលសុន សម្រាប់​ការឧទ្ទិសឆ្លង​ឡើងវិញ​នៃ​ព្រះវិហារ​បរិសុទ្ធ​ ម៉ាន់តៃ យូថាហ៍ ។

ប្រធាន ណិលសុន បាន​ធ្វើឲ្យ​មនុស្ស​គ្រប់គ្នា​ភ្ញាក់​ផ្អើល​ពេល​លោក​បាន​ដើរចូល​ទៅក្នុង​បន្ទប់ ។ មាន​តែយើង​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​ដឹង​ថា​លោក​នឹង​មក​ចូលរួម ។ នៅក្នុង​វត្តមាន​របស់​លោក រំពេច​នោះ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នូវ​ពន្លឺ និង​ការទទួល​ខុសត្រូវ​ជា​ព្យាការី​ដែល​លោក​មាន ។ ទឹកមុខ​នៃ​អំណរ​របស់​អ្នក​ដែល​បាន​ឃើញ​ព្យាការី​ដោយផ្ទាល់ នឹង​ដក់ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជារៀង​រហូត ។

នៅក្នុង​ការអធិស្ឋាន​នៃ​ការឧទ្ទិសឆ្លង​ឡើងវិញ​នោះ ប្រធាន ណិលសុន បាន​ទូលអង្វរ​ព្រះអម្ចាស់​ថា ព្រះដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​នឹង លើកឡើង ជាពិសេស​ដល់​អស់អ្នក​ដែល​បានចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ​ « ដើម្បី​ពួកគេ​អាច​ទទួល​បាន​ពរជ័យ​ពិសិដ្ឋ ហើយ​បន្ត​ស័ក្ដិសម និង​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ពួកគេ … ថា​ទីនេះ​អាចក្លាយ​ជា​ដំណាក់​នៃ​សេចក្ដី​សុខសាន្ត ដំណាក់​នៃ​ការលួងលោម​ចិត្ត និង​ដំណាក់​នៃ​វិវរណៈ​ផ្ទាល់ខ្លួន​សម្រាប់​អស់អ្នក​ដែល​ចូល​តាម​ទ្វារ​ទាំងនេះ​ដោយ​ស័ក្ដិសម » ។

យើង​ទាំងអស់​គ្នា​ត្រូវការ​ការលើកឡើង​ដោយ​ព្រះអម្ចាស់​តាមរយៈ​សេចក្ដី​សុខសាន្ត ការលួងលោម​ចិត្ត ហើយ​សំខាន់​បំផុត​គឺ​វិវរណៈ​ផ្ទាល់ខ្លួន​ដើម្បី​តតាំង​នឹង​សេចក្ដី​ភ័យខ្លាច សេចក្ដី​ងងឹត និង​ការ​ឈ្លោះ​ប្រកែក​គ្នា​ជុំវិញ​ពិភពលោក ។

ពីមុន​កម្មវិធី​នេះ យើង​បានឈរ​នៅ​ខាងក្រៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ជាមួយ​នឹង​ប្រធាន និង​ស៊ីស្ទើរ ណិលសុន ដើម្បី​មើល​ទេសភាព​ដ៏​ស្រស់ស្អាត ។ បុព្វការីជន​របស់​ប្រធាន ណិលសុន ជាច្រើន​មកពី​តំបន់​នោះ ។ ជីដូន​ជីតា​ទីប្រាំបី​របស់​លោក​បានតាំង​ទីលំនៅ​ក្នុង​ជ្រលង​ភ្នំ​ជុំវិញ​ព្រះវិហារ​បរិសុទ្ធ​នោះ ដូចគ្នា​នឹង​ជីដូន​ជីតា​មួយ​ចំនួន​របស់​ខ្ញុំ​ដែរ ។ ជីតា​ទួត​របស់​ខ្ញុំ​ឈ្មោះ អាន់ឌ្រូ អាន់ឌើរសិន បានបម្រើ​ក្នុង​ក្រុម​សំណង់​របស់​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ពី​ជំនាន់​មុន ដែល​បាន​ធ្វើការ ១១ ឆ្នាំ​ដើម្បី​បញ្ចប់​ព្រះវិហារ​បរិសុទ្ធ​ម៉ាន់តៃ ជា​ព្រះវិហារ​បរិសុទ្ធ​ទីបី​នៅក្នុង​ជួរភ្នំ​រ៉កគី ។

នៅពេល​យើង​ឈរ​ជាមួយ​នឹង​ប្រធាន ណិលសុន យើង​មាន​ឱកាស គាំទ្រ ហើយ​ការពារ​ព្យាការី​របស់​ព្រះ​ក្នុង​ការអបអរ​សាទរ​ដល់​ការឧទ្ទិសឆ្លង​ឡើងវិញ​នៃ​ព្រះដំណាក់​ដ៏​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។ វា​គឺជា​ថ្ងៃមួយ​ដ៏អស្ចារ្យ​ដែល​ខ្ញុំ​នឹង​មិន​អាច​បំភ្លេច​បាន​ឡើយ ។

ប្រធាន ណិលសុន បានមាន​ប្រសាសន៍​នៅថ្ងៃ​ដ៏ពិសិដ្ឋ​នោះថា « យើង​សង់​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​គោរព​ព្រះអម្ចាស់ » ។ « ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ​ត្រូវបាន​សាងសង់​ឡើង​សម្រាប់​ការថ្វាយ​បង្គំ ហើយ​មិនមែន​សម្រាប់​ការដាក់​បង្ហាញ​នោះទេ ។ យើង​ធ្វើ​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ដែល​មាន​សារៈសំខាន់​ដ៏អស់កល្ប​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទាំងនេះ » ។ យើង​កំពុង​ប្រមូល​សាសន៍​អ៊ីស្រាអែល ។

ប្រធាន ណិលសុន និង​ពួក​ព្យាការី​ពីមុន​លោក​បាន​ឱបក្រសោប​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ​នៅក្នុង​ដៃ​របស់​ពួកលោក ។ សព្វថ្ងៃ​នេះ យើង​មាន​ព្រះដំណាក់​ដ៏​ពិសិដ្ឋ​របស់​ព្រះអម្ចាស់​ចំនួន ៣៥០ កន្លែង​នៅជុំវិញ​ពិភពលោក ដែលកំពុង​ដំណើរការ បាន​ប្រកាស ឬ​កំពុង​សាងសង់ ។ ក្នុង​នាម​ជា​ព្យាការី​ចាប់តាំង​ពី​ឆ្នាំ២០១៨ មក ប្រធាន ណិលសុន បានប្រកាស​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៦៨ កន្លែង ។

« នៅក្នុង​ជំនាន់​របស់​យើង » លោក​បានមាន​ប្រសាសន៍ថា « ការរួបរួម​ទាំងមូល ​ដ៏​ពេញលេញ និង​ឥតខ្ចោះ​នៃ​គ្រាកាន់កាប់​ត្រួតត្រា កូនសោ និង​អំណាច​ទាំងអស់ គឺ​ត្រូវ​ផ្សារ​ភ្ជាប់​គ្នា ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១៨ ) ។ ដោយសារ​តែ​គោលបំណង​ដ៏​ពិសិដ្ឋ​ទាំងនេះ នោះ​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ​ទាំងឡាយ​ត្រូវបាន​សាងសង់​នៅ​ទូទាំង​ផែនដី​នេះ ។ ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ថា ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ទាំង​នេះ​ប្រហែល​ជា​ពុំ​អាច​ផ្លាស់ប្ដូរ​ជីវិត​បងប្អូន​បាន​ទេ ប៉ុន្តែ​ពេលវេលា​ដែល​បងប្អូន​ចំណាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន » ។

‏ប្រធាន ណិលសុន មាន​ប្រសាសន៍​ថា « ព្រះអង្គ​សង្គ្រោះ និង​គោលលទ្ធិ​របស់​ទ្រង់​គឺជា​ចំណុច​ស្នូល​នៃ​ព្រះវិហារ​បរិសុទ្ធ » ។ « អ្វីៗ​គ្រប់យ៉ាង​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​តាមរយៈ​ការណែនាំ និង​តាមរយៈ​ព្រះវិញ្ញាណ នឹង​បង្កើន​ការយល់​ដឹង​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​ទាំងឡាយ​របស់ទ្រង់​ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ តាមរយៈ​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព ។ បន្ទាប់មក នៅពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ព្រះចេស្ដា​នៃ​ការព្យាបាល ព្រះចេស្ដា​នៃ​ការពង្រឹង របស់​ទ្រង់ មកដល់​យើង » ។

ប្រធាន ណិលសុន បានមាន​ប្រសាសន៍​ថា « អស់​អ្នក​ដែល​ថ្វាយបង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ » « នឹងប្រដាប់​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ហើយ​ពួកទេវតា​តាម ‹ ថែរក្សា​ពួកគេ › [ គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩:២២ ] ។ តើ​វា​បង្កើន​ទំនុកចិត្ត​របស់​បងប្អូន​ប៉ុនណា ក្នុង​ការដឹង​ថា ក្នុង​នាម​ជា​ស្ត្រី ឬ​បុរស​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​[ ឬ​យុវវ័យ​ដែលចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ឋ ]​ប្រដាប់​ដោយ​ព្រះចេស្ដា​របស់​ព្រះ ដែល​បងប្អូន​មិន​ចាំបាច់​ប្រឈម​មុខ​នឹង​ជីវិត​នេះ​តែ​ម្នាក់​ឯង​នោះ ? តើ​វា​ផ្ដល់​ភាពក្លាហាន​អ្វី​ខ្លះ​ដល់​បងប្អូន ក្នុង​ការដឹង​ថា​ទេវតា​ពិត​ជា​នឹង​ជួយ​បងប្អូន​មែន​នោះ ? »

ពួក​ទេវតា​កំពុង​ឈោង​ទៅ លើក​យើង​ឡើង គឺ​ត្រូវបាន​ពិពណ៌នា​នៅក្នុង​បទគម្ពីរ នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​លុតជង្គង់​ដោយ​រាបសា​នៅក្នុង​សួនច្បារ​គែតសេម៉ានី ។ តាមរយៈ​ការរងទុក្ខ​របស់​ទ្រង់ ទ្រង់បាន​ប្រទាន​ដង្វាយធួន​មួយ​ដ៏​និរន្តរ៍ ។ ប្រធាន ណិលសុន ថ្លែងថា « ទង្វើ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ធំបំផុត​តែ​មួយគត់​នៃ​គ្រប់​ប្រវត្តិសាស្ត្រ​ដែលបាន​កត់ត្រា​បានកើតឡើង​នៅទីនោះ ។ … នៅទីនោះ​ក្នុង​សួនច្បារ​គែតសេម៉ានី ព្រះអម្ចាស់ ‹ បាន​រង​ការឈឺចាប់​នៃ​មនុស្ស​លោក​ទាំងអស់ … អាច​ប្រែចិត្ត ហើយ​មក​រក​ព្រះ​អង្គបាន › [ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១១ ] » ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទូលសូម​ថា « កុំ​តាម​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឬទ័យ​ទ្រង់​វិញ ។

« នោះ​មាន​ទេវតា​លេច​មក​ឯ​ទ្រង់​ពី​ស្ថានសួគ៌ មក​ចម្រើន​កម្លាំង​ថ្វាយ » ។

យើង​មាន​ពួកទេវតា​នៅជុំវិញ​យើង​នៅ​សព្វថ្ងៃ​នេះ ។ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « [ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ] បងប្អូន​នឹង​រៀន​ពី​របៀប​បើក​វាំងនន​ដែល​ខណ្ឌ​ចែករវាង​ស្ថានសួគ៌ និង​ផែនដី របៀប​ទូលសូម​ពួក​ទេវតា​របស់​ព្រះ​ឲ្យជួយ​ដល់​បងប្អូន » ។

ពួកទេវតា​នាំមក​នូវ​ពន្លឺ ។ ពន្លឺ​របស់​ព្រះ ។ ចំពោះ​ពួកសាវក​សាសន៍​នីហ្វៃ​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា « មើល​ចុះ យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់គ្នា​នឹង​លើក​ឡើង » ។ នៅពេល​យើង​គាំទ្រ​ដល់​ព្យាការី​របស់​យើង នោះ​យើង​ថ្លែង​ទីបន្ទាល់​ថា​លោក​ត្រូវបាន​ហៅ​ពី​ព្រះអង្គសង្រ្គោះ​របស់​យើង ដែល​ជា « ជា​ពន្លឺ … នៃ​ពិភពលោក » ។

ប្រធាន ណិលសុន ជាទីស្រឡាញ់ តាំងនាម​ឲ្យ​សមាជិក និង​មិត្តភក្តិ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ទូទាំង​ពិភព​លោក យើង​មាន​អារម្មណ៍​ថា យើង​មាន​ពរជ័យ​ណាស់​ដើម្បី លើក​ការបង្រៀន​របស់​លោក​ឡើង ដើម្បី លើក​គំរូ​ដូចជា​ព្រះគ្រីស្ទ​របស់​លោក​ឡើង និង​ដើម្បី លើក​ទីបន្ទាល់​ដ៏​ក្លៀវក្លា​របស់​លោក​ឡើង អំពី​ព្រះអម្ចាស់ និង​ព្រះអង្គសង្រ្គោះ​របស់​យើង គឺ​ព្រះប្រោះលោះ​នៃ​យើង​ទាំងអស់​គ្នា ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ជា​សាវក​របស់​ខ្ញុំ​ថា ព្រះ​យេស៊ូវគ្រីស្ទ​គឺជា « ពន្លឺ … នៃ​ពិភពលោក » ។ សូម​ឲ្យ​យើង​ទាំងអស់​គ្នា ក្នុង​នាម​ជា​សិស្ស​របស់​ទ្រង់ សូម « លើកពន្លឺ​របស់​ទ្រង់​ឡើង » ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១:៣៨ ។

  2. នីហ្វៃទី២ ៤:២០–២១ ។

  3. សូមមើល រ៉ូណល អេ រ៉ាសបាន « ពាក្យសម្តី​សំខាន់​ខ្លាំងណាស់ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ៧០–៧៦ ។

  4. គោលលទ្ធិ និងសេចក្តីសញ្ញា ៨១:៥

  5. ម៉ូសាយ ១៨:៨–៩ ។

  6. នីហ្វៃទី៣ ១២:២៤ បានបន្ថែម​ការគូស​បញ្ជាក់ ។

  7. រ័សុល អិម ណិលសុន « Sustaining the Prophets » Liahona ខែវិច្ឆិកា ឆ្នាំ២០១៤ ទំព័រ ៧៥ ។

  8. ម៉ូសាយ ២:១១ ។

  9. សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២១:៦៨១:៥

  10. ហារ៉ូល ប៊ី លី នៅក្នុង Conference Report ខែតុលា ឆ្នាំ១៩៧០ ទំព័រ ១៥៣ ។

  11. នៅក្នុង « ការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើក​ទី​ពីររយ​ឆ្នាំ » វាបាន​ចែង​ថា ៖ « យើង​រីករាយ​នឹង​ប្រកាស​ថា ការស្ដារឡើងវិញ​ដែលបាន​សន្យា​នោះ បន្ដ​ឆ្ពោះទៅមុខ​តាមរយៈ​វិវរណៈ​ជា​បន្ដបន្ទាប់ ។ ផែនដី​នឹង​ពុំ​នៅ​ដដែល​ឡើយ នៅពេល​ព្រះ​នឹង ‹ បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ › ( អេភេសូរ ១:១០ ) ។

  12. រ័សុល អិម ណិលសុន « The Future of the Church: Preparing the World for the Savior’s Second Coming » Liahona ខែមេសា ឆ្នាំ២០២០ ទំព័រ​៦–៧ ។

  13. រ័សុល អិម ណិលសុន «Pure Truth, Pure Doctrine, and Pure Revelation » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទំព័រ ៦ ។

  14. រ័សុល អិម ណិលសុន « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណលីអាហូណាខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៩៩ ។

  15. « Dedicatory Prayer, Manti Utah Temple, ថ្ងៃទី២១ ខែមសា ឆ្នាំ២០២៤ » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  16. នៅក្នុង​ព្រះគម្ពីរ​មរមន ព្យាការី​មរមន​បានព្យាយាម​លួងលោម​កូនប្រុស​របស់​លោក​គឺ​មរ៉ូណៃ​នៅក្នុង​សំបុត្រ​មួយ នៅពេល​មរ៉ូណៃ​បាន​នៅ​តែ​ម្នាក់​ឯង ហើយ​ពួក​មារសត្រូវ​បាន​ដេញតាម ។ លោក​បាន​សរសេរ​ថា « សូម​ឲ្យ​ព្រះ​គ្រីស្ទ​លើក​កូន​ឡើង ហើយ​សូម​សេចក្ដី​ស៊ូទ្រាំ និង​ការសុគត​របស់​ទ្រង់ … ស្ថិតនៅ​ក្នុង​គំនិត​របស់​កូនជា​រៀង​រហូត​ត​ទៅ » ( មរ៉ូណៃ ៩:២៥ ) ។

  17. មុនពេល​ការឧទ្ទិសឆ្លង​ព្រះវិហារបរិសុទ្ធ ម៉ាន់តៃ យូថាហ៍ ក្នុង​ឆ្នាំ១៨៨៨ ព្រះវិហារ​បរិសុទ្ធ​ពីរ​ផ្សេងទៀត​នៅក្នុង​រដ្ឋ​យូថាហ៍ ត្រូវ​បាន​ឧទ្ទិសរួច​ហើយ ៖ ព្រះវិហារ​បរិសុទ្ធ សេន ចច យូថាហ៍ ក្នុងឆ្នាំ១៨៧៧ និង​ព្រះវិហារបរិសុទ្ធ​ឡូហ្គេន យូថាហ៍ នៅក្នុង​ឆ្នាំ១៨៨៤ ។ ព្រះវិហារ​បរិសុទ្ធ​ដំបូង​នៃ​ការស្ដារឡើងវិញ​គឺ​ត្រូវបាន​សាងសង់​នៅ​ខឺតឡង់ អូហៃអូ និង​បាន​ឧទិ្ទសឆ្លង​នៅឆ្នាំ១៨៣៦ ។ ការបើកបង្ហាញ​ខាងវិញ្ញាណ​ដ៏​អស្ចារ្យ​អម​ជាមួយ​ការបម្រើ និង​កូនសោ​បព្វជិតភាព​ត្រូវ​បាន​ស្ដារឡើងវិញ​ដោយ ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា ដើម្បី​ឲ្យ​កិច្ចការ​ព្រះវិហារបរិសុទ្ធ និង​ការប្រមូល​សាសន៍​អ៊ីស្រាអែល​អាច​ចាប់ផ្តើម​ដោយ​ស្មោះត្រង់ ។

    យ៉ូសែប ស្ម៊ីធ បានកត់ត្រា​ថា « វា​គឺជា​ថ្ងៃបុណ្យ​ទី ៥០ និង​ត្រូវការ​អំណោយទាន​មួយ ដែល​ចងចាំ​ជាយូរ​មក​ហើយ ដ្បិត​សំឡេង​នឹង​ចេញមក​ពី​កន្លែង​នេះ​ទៅកាន់​ពិភពលោក​ទាំងមូល ហើយ​ការកើតឡើង​នៃ​ថ្ងៃ​នេះ​នឹង​ត្រូវ​សរសេរ​នៅលើ​ទំព័រ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​ពិសិដ្ឋ​នៅ​គ្រប់​ជំនាន់ ជា​ថ្ងៃបុណ្យ​ទី ៥០ ដើម្បី​ឲ្យ​ថ្ងៃ​នេះ​ត្រូវ​បានរាប់ ហើយ​ប្រារព្ធ​ជា​ឆ្នាំ​នៃ​សេចក្តីរីករាយ និង​ជា​ពេលវេលា​នៃ​ការអរសប្បាយ​ចំពោះ​ពួកបរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត » ( Joseph Smith, Journal, ឆ្នាំ១៨៣៥–១៨៣៦ទំព័រ ១៨៩–១៩០, នៅលើ​គេហទំព័រ josephsmithpapers.org បាន​ធ្វើ​ទំនើបកម្ម​អក្ខរាវិរុទ្ធ និង​វណ្ណយុត្តិ ) ។ ព្រះវិហារ​បរិសុទ្ធ ណៅវូ ត្រូវ​បានឧទ្ទិស​ជាផ្លូវការ​នៅ​ខែឧសភា ឆ្នាំ១៨៤៦ បន្ទាប់ពី​ពួកបរិសុទ្ធ​ភាគច្រើន​បានបោះបង់​ចោល​ផ្ទះសម្បែង និង​សហគមន៍​របស់​ពួកគេ ។ ពួកបរិសុទ្ធ​ជាង ៦,០០០ នាក់​បាន​ធ្វើ​សេចក្ដីសញ្ញា​នៃ​ព្រះវិហារបរិសុទ្ធ មុននឹង​ភៀសខ្លួន​ទៅ​ភាគ​ខាងលិច ។ ( សូមមើល Church History Topics « Nauvoo Temple នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

  18. រ័សុល អិម ណិលសុន នៅក្នុង « President Nelson Rededicates Manti Utah Temple » ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org. ។

  19. សូមមើល ស្កត ថៃលឺ « A By-the-Numbers Look at the 168 Temples Announced by President Nelson » Church News ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ។

  20. រ័សុល អិម ណិលសុន « The Future of the Church » ទំព័រ ៨–៩ ។

  21. រ័សុល អិម ណិលសុន « The Temple and Your Spiritual FoundationLiahonaខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩៣–៩៤ ។

  22. រ័សុល អិម ណិលសុន « រីករាយ​នៅក្នុង​អំណោយ​នៃ​កូនសោ​បព្វជិតភាព » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១២១ ។

  23. រ័សុល អិម ណិលសុន « The Atonement » Ensign ខែវិច្ឆិកា ឆ្នាំ១៩៩៦ ទំព័រ ៣៥ ។

  24. លូកា ២២:៤២–៤៣ ។

  25. រ័សុល អិម ណិលសុន « The Temple and Your Spiritual Foundation » ទំព័រ ៩៣ ។

  26. នីហ្វៃទី៣ ១៨:២៤ ។

  27. នីហ្វៃទី៣ ១១:១១ ។

  28. នីហ្វៃទី៣ ១១:១១ ។