សន្និសីទទូទៅ
ព្រះគម្ពីរ​ពិសិដ្ឋ​ទាំងឡាយ—គ្រឹះ​នៃ​សេចក្តីជំនឿ
សន្និសីទ​ទូទៅ​ខែតុលា ឆ្នាំ​២០២៤


ព្រះគម្ពីរ​ពិសិដ្ឋ​ទាំងឡាយ—គ្រឹះ​នៃ​សេចក្តីជំនឿ

យើង​មិន​អាច​មើល​ស្រាល​ពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ​ពិសិដ្ឋ ទាំង​ក្នុង​ការប្រែចិត្ត​ជឿ និង​ការបន្ត​នៅ​ស្មោះត្រង់​ក្នុង​ដំណឹង​ល្អ​ឡើយ ។

ថ្មីៗ​នេះ ភរិយា​ខ្ញុំ ម៉ារី និង​ខ្ញុំ​បាន​ឃើញ​អាវ​យឺត​មួយ​មាន​រូប​សៀវភៅ និង​សារ​នៅ​ផ្នែក​ខាង​មុខ ដែល​សរសេរ​ថា ៖ « គម្ពីរ ៖ ឧបករណ៍​កាន់​នឹង​ដៃ​ពី​ដើម » ។

រូបភាព
អាវយឺត​ដែល​សរសេរ​ថា «<nb/>គម្ពីរ<nb/>៖ ឧបករណ៍​កាន់​នឹង​ដៃ​ពី​ដើម<nb/>»

ខ្ញុំ​បានគិត​អំពី​សារ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ និង​របៀប​ដែល​ឧបករណ៍​កាន់​នឹង​ដៃ​គ្រប់​ប្រភេទ​បាន​ប្រែក្លាយ​ជា​សំខាន់ៗ ។ នៅពេល​ខ្ញុំ​គិត​ពី​ពាក្យ​នេះ​បន្ថែម​ទៀត ខ្ញុំ​បាន​ដឹង​ថា ទោះ​ជា​ឧបករណ៍​ណា​មួយ ឬ​សូម្បី​តែ​ឧបករណ៍​មួយ​ដែល​បំពាក់​ដោយ​បញ្ញាសិប្បនិម្មិត ​នឹង​មិន​មានសារៈសំខាន់ ឬ​សំខាន់​ដូច​ការណែនាំ​ខាង​វិញ្ញាណ​ដែល​មក​ពី​វិវរណៈ​ដ៏​ទេវភាព​នោះ​ដែរ ។

មិន​ថា​ព្រះគម្ពីរ​កាន់​នឹង​ដៃ ឬ​ឌីជីថល​នោះទេ ព្រះគម្ពីរប៊ីប និង​ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ផ្តល់​នូវ​ការណែនាំ និង​ការបង្រៀន​ខាង​វិញ្ញាណ​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ យើង​ឲ្យ​តម្លៃ​ព្រះគម្ពីរ​ទាំងនេះ សម្រាប់​តួនាទី​ដ៏​សំខាន់​របស់​ព្រះគម្ពីរ​នេះ ក្នុង​ការកត់ត្រា​ការណែនាំ​របស់​ព្រះ​ដល់​ពួក​ព្យាការី និង​មនុស្ស​ពី​សម័យ​បុរាណ និង​ការណែនាំ​ដែល​ព្រះគម្ពីរ​ផ្តល់​ឲ្យសម្រាប់​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង ។

រួមផ្សំ​ជាមួយ​ការបង្រៀន​របស់​ព្យាការី​ដែល​នៅ​រស់ ព្រះគម្ពីរ​ពិសិដ្ឋ​ទាំង​នេះ​ផ្តល់​នូវ​ការណែនាំ​ខាង​ផ្នែក​គោលលទ្ធិ​ សម្រាប់​យើង​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ។ ព្រះគម្ពីរ​ទាំង​នេះ​ពោរពេញ​ដោយ​ព្រះចេស្តា នៅ​ពេល​ព្រះគម្ពីរ​ទាំងនេះ​ផ្តល់​នូវ​ការបង្ហាត់ ការប្រដៅ​តម្រង់ ការលួងលោម និង​ការលួងចិត្ត​ដល់​បុគ្គល និង​ក្រុមគ្រួសារ​ដែល​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់ ។

ព្រះគម្ពីរ​ទាំងឡាយ​មាន​រួមបញ្ចូល​គ្នា​នូវ​ការបំផុស​គំនិត​ខាង​វិញ្ញាណ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅ​បន្ត​ជា​ធនធាន​ដ៏​សំខាន់​ដែល​ជួយ​ដល់​ការប្រែចិត្ត​ជឿ​នៃ​អស់​អ្នក​ណា​ដែល​មានចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប ព្រមទាំង​​បំណងប្រាថ្នា​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះគម្ពីរ​ទាំងឡាយ​ជួយ​ស្ថាបនា​គ្រឹះ​មួយ ដែល​អាច​ទប់ទល់​នឹង​ការខិតខំ​ឥតឈប់ឈរ​របស់​មារសត្រូវ​ដើម្បី​បង្ខូច​សេចក្តីជំនឿ ។

អ្នក​ប្រែចិត្តជឿ​ថ្មី​បាន​ផ្តល់​ពរជ័យ និង​ជា​សរសៃឈាម​របស់​សាសនាចក្រ​ពេញ​មួយ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ។ មាន​គំរូ​មួយ​ដែល​មាន​តម្លៃ​ណាស់​ចំពោះ​ខ្ញុំ ។ កាល​ខ្ញុំ​នៅ​ជា​ប៊ីស្សព​វ័យក្មេង មានស៊ីស្ទើរ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​ពីរ​រូប កំពុង​បង្រៀន​គ្រួសារ វិល្លាម អេដវើដ ម៉ាសមែន ។ ឪពុក គឺ​ជា​មេធាវី​ដែល​មាន​សមត្ថភាព​ដ៏​ពូកែ​ម្នាក់ គឺ​ជា​អ្នក​ប្រឹក្សា​ទូទៅ​នៃ​សាជីវកម្ម​ធំ​មួយ ។ ភរិយា​ដ៏​លះបង់​របស់​គាត់​ឈ្មោះ ចានែត ជួយ​ក្រុមគ្រួសារ​ឲ្យ​ព្យាយាម​រស់​នៅ​តាម​ជីវិត​ដូច​ព្រះគ្រីស្ទ ។

កូនប្រុសស្រី​ដ៏​ល្អ​របស់​ពួកគេ​ ទាំង​ពីរ​នាក់​​មាន​អាយុ​២០​ឆ្នាំ​ស្តើង ក៏​ទទួល​ការបង្រៀន​ផងដែរ ។ ទាំង​បួន​នាក់​ត្រូវ​បានរៀន​មេរៀន និង​បាន​ចូលរួម​ក្នុង​ព្រះវិហារ ។ ស៊ីស្ទើរ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​សង្កត់​ធ្ងន់​អំពី​ការអាន​ព្រះគម្ពីរ​មរមន និង​ការអធិស្ឋាន​សម្រាប់​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ​នេះ ។ គួរ​ឲ្យ​ចាប់​អារម្មណ៍ គ្រួសារ​នោះ​អាន​ចប់​ព្រះគម្ពីរ​មរមន​ទាំងមូល​ក្នុង​រយៈពេល​ដ៏​ខ្លី ប្រកប​ដោយ​ការអធិស្ឋាន ។

ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ប្រចាំ​ស្តេក ដែល​ពួក​គាត់​ទាំង​ពីរ​ធ្លាប់​ធ្វើ​ជា​ប្រធាន​សមាគម​សង្រ្គោះ​វួដ​ពី​មុន បានធ្វើ​ដំណើរ​ជាមួយ​ពួកគេ​ទៅ​ការប្រជុំ​សាក្រាម៉ង់ ។

នៅ​ពេល​គ្រួសារ​នេះ​ជិត​ដល់​ពេល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ពួកគេ​បាន​ទទួល​ឯកសារ​រិះគន់​អំពី​សាសនាចក្រ​ជាច្រើន ។ រឿង​នេះ​បាន​កើតឡើង​ពីមុន​មាន​អ៊ីនធឺណិត​ទៅ​ទៀត ហើយ​ឯកសារ​នោះ​ច្រើន​ពេញ​មួយ​ប្រអប់​ធំ ។

ពួក​ស៊ីស្ទើរ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​អញ្ជើញ​ខ្ញុំ ដែល​ជា​ប៊ីស្សព​ថ្មីៗ​មាន​អាយុ ៣៤ ឆ្នាំ ដើម្បី​ឲ្យ​ទៅ​ជួយ​ឆ្លើយ​សំណួរ​ដែល​នឹង​ចោទ​សួរ​នោះ ។ នៅ​ពេល​យើង​ជួបជុំ​គ្នា​នៅ​ក្នុង​បន្ទាប់​ទទួល​ភ្ញៀវ​របស់​ពួកគេ ប្រអប់​ឯកសារ​កូនសៀវភៅ​ដែល​រិះគន់​សាសនាចក្រ​នៅ​ចំ​កណ្តាល​បន្ទប់​នោះ ។ ខ្ញុំ​បាន​ទទួល​យក​ការចាត់តាំង​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ។ ក្នុង​អំឡុង​ពេល​អធិស្ឋាន​បើក ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា « គាត់​បាន​ដឹង​ហើយ​ថា នេះ​ជា​ការពិត » ។ ការណ៍​នេះ​សំខាន់​ខ្លាំង​ណាស់ ។ ពួក​ស៊ីស្ទើរ​បាន​ជឿ​ថា សមាជិក​ក្រុមគ្រួសារ​ទាំង​អស់​បាន​មាន​ទីបន្ទាល់​រួច​ហើយ ។ តែ​ពួកគេ​មិន​ប្រាកដ​អំពី​ឪពុក​នោះ​ទេ ។

ភ្លាមៗ​នោះ ខ្ញុំ​បាន​ជម្រាប​ទៅ​គាត់​ថា ព្រះវិញ្ញាណ​បាន​បំផុស​គំនិត​ខ្ញុំ​ថា គាត់​បាន​មាន​ទីបន្ទាល់​រួច​ហើយ ។ « តើ​វា​ពិត​ដែរ​ឬ​ទេ ? » គាត់​មើល​មក​ខ្ញុំ​ដោយ​យកចិត្ត​ទុកដាក់ ហើយ​បាន​មានប្រសាសន៍​ថា ព្រះវិញ្ញាណ​បាន​បញ្ជាក់​ពី​សេចក្តីពិត​នៃ​ព្រះគម្ពីរ​មរមន និង​សាសនាចក្រ​ដល់​គាត់​ហើយ ។

បន្ទាប់មក ខ្ញុំ​បានសួរ​គាត់​ថាតើ​វា​ចាំបាច់​ដើម្បី​ពិភាក្សា​ពី​កូនសៀវភៅ​នោះ​ទេ ប្រសិនបើ​ពួកគេ​បាន​មាន​ការបញ្ជាក់​ខាង​វិញ្ញាណ​ហើយ​នោះ ។

ឪពុក​បាន​តប​ថា វា​មិនចាំបាច់​នោះ​ទេ ។ ក្រុមគ្រួសារ​ទាំង​អស់​គ្នា​បាន​យល់​ស្រប​នឹង​ចម្លើយ​របស់​គាត់ ។

គាត់​បានមាន​ប្រសាសន៍​ថា គាត់​មាន​សំណួរ​សំខាន់​មួយ ៖ ហេតុផល​មួយ​ដែល​ពួកគេ​ទទួល​បាន​ឯកសារ​ប្រឆាំង​សាសនាចក្រ​ដ៏​ច្រើន​នេះ ដោយសារ​ពួកគេ​គឺជា​សមាជិក​នៅ​សាសនា​មួយ​ផ្សេង​ទៀត ។ លើស​ពី​នេះ​ទៅ​ទៀត គាត់​បានសន្យា​ថា​នឹង​ជួយ​សង់​សាលាជំនុំ​ថ្មី​មួយ​សម្រាប់​សាសនា​នោះ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ពួក​ស៊ីស្ទើរ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បានបង្រៀន​គាត់​អំពី​សារៈសំខាន់​នៃ​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដែល​គាត់​បាន​ទទួល​យក​ដោយ​អំណរ ប៉ុន្តែ​គាត់​បាន​ឆ្ងល់​ថា តើ​វា​ខុស​ដែរ​ឬ​ទេ ក្នុង​ការធ្វើ​តាម​ការសន្យា​ដែល​គាត់​មាន​ពី​មុន​មក ។ ខ្ញុំ​បាន​អះអាង​ដល់​គាត់​ថា ការបង់​តាម​ការសន្យា​គឺជា​ការ​គួរ​ឲ្យ​គោរព និង​សមរម្យ ។

រូបភាព
ក្រុមគ្រួសារ ម៉ាសមែន

ប្តីប្រពន្ធ ម៉ាសមែន ជាមួយនឹង​កូនប្រុស និង​កូន​ប្រសាស្រី ព្រមទាំង​កូនស្រី​ពួកគាត់

ក្រុមគ្រួសារ​ទាំងមូល​បានទទួល​បុណ្យជ្រមុជ​ទឹក ។ មួយ​ឆ្នាំ​ក្រោយ​មក ពួកគេ​បានផ្សារភ្ជាប់​ជា​ក្រុមគ្រួសារ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​អូកលែន កាលីហ្វូញ៉ា ។ ខ្ញុំ​បាន​មាន​អភ័យ​ឯកសិទ្ធិ​ចូលរួម ។ កូនប្រុស​បាន​បញ្ចប់​សាលា​ច្បាប់ ប្រឡង​ជាប់​នៅ​រដ្ឋ​កាលីហ្វូញ៉ា ហើយ​ភ្លាមៗ​នោះ​បានបម្រើ​បេសកកម្ម​ដ៏​ស្មោះត្រង់​នៅ​ប្រទេស​ជប៉ុន ។ ខ្ញុំ​បាន​អង្កេត​មើល​ជា​ច្រើន​ឆ្នាំ ខណៈ​ដែល​មនុស្ស​ជំនាន់​ក្រោយ​បាន​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ដំណឹង​ល្អ ។ ខ្ញុំ​បាន​មាន​អភ័យ​ឯកសិទ្ធិ​ធ្វើ​ពិធី​ផ្សារភ្ជាប់​ឲ្យ​ចៅ​ស្រី​ម្នាក់ ។

ការប្រែចិត្តជឿ​ដែល​បាន​កើត​ឡើង​នៅ​សម័យ​របស់​យើង​គឺ​ពិត​ជា​អស្ចារ្យ​ណាស់ ។ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ គ្រូបង្វឹក អែនឌី រ៉េដ ជា​ប្រធាន​គ្រូបង្វឹក​បាល់ឱប​ក្រុម ខេនសាស ស៊ីធី ឈីវស៍ ជាមួយ​នឹង​ខ្ញុំ រួមទាំង​អ្នក​ដទៃ​ទៀត តំណាង​ឲ្យ​សាសនា​របស់​យើង និង​សាសនា​ដទៃ​ទៀត បាន​និយាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ពហុជំនឿ នៅឯ​ព្រះវិហារ រីវើសាយ ក្នុង​ទីក្រុង​ញូវ​យ៉ក ។ គ្រូបង្វឹក រ៉េដ បាន​សង្កត់ធ្ងន់​ទៅលើ​ឱកាស​ទី​ពីរ និង​ការឆ្លើយតប​ទៅ​នឹង​ការអញ្ជើញ និង​ឱកាស ដែល​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន ។ នៅ​ព្រឹក​បន្ទាប់ ភរិយា​របស់​ពួកយើង ថាំមី រ៉េដ និង​ម៉ារី ពួកយើង​បានចូលរួម​ការប្រជុំ​សាក្រាម៉ង់​នៅ​វួដ ម៉ានហាតថិន ទី​ពីរ ។ វា​ជា​ការប្រជុំ​មួយ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ។ មាន​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ជា​ច្រើន​នៅ​ក្នុង​ក្រុមជំនុំ​នោះ ។ សមាជិក​ទើប​ជ្រមុជទឹក​ថ្មី​ប្រាំ​នាក់ មាន​បុរស​បួន​នាក់ និង​យុវជន​ម្នាក់ គឺនៅ​ក្នុង​ចំណោម​សមាជិក​បព្វជិតភាព​អើរ៉ុន​ដែល​កំពុង​ចែក​ស្រាក្រាម៉ង់ ។ ខ្ញុំ​រីករាយ​ដើម្បី​រាយការណ៍​ថា លំហូរ​ចូល​ស្រដៀង​គ្នា​នៃ​សមាជិក​ថ្មី​កំពុង​កើត​ឡើង​នៅ​ទូទាំង​សាសនាចក្រ ។

យើង​មាន​អំណរគុណ​ចំពោះ​ការកើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ចំពោះ​អ្នក​ដែល​ឆ្លើយតប​នឹង​ការអញ្ជើញ​ដ៏​ពិសិដ្ឋ ផ្លាស់​ប្តូរជីវិត​របស់​ពួកគេ និង​ទទួល​យក​ឱកាស​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​ចូល​ទៅ​ក្នុង​ផ្លូវ​នៃ​សេចក្តីសញ្ញា​តាមរយៈ​សេចក្តីជំនឿ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក និង​ការបញ្ជាក់ ដូច​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ។

យើង​មិន​អាច​មើល​ស្រាល​ពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ​ពិសិដ្ឋ ទាំង​ក្នុង​ការប្រែចិត្ត​ជឿ និង​ការបន្ត​នៅ​ស្មោះត្រង់​ក្នុង​ដំណឹង​ល្អ​ឡើយ ។ ពួក​ព្យាការី​ពី​បុរាណ​បាន​រៀបរាប់​នៅក្នុង​ព្រះគម្ពីរ​មរមន បាន​ដឹង​អំពី​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ។ ព្រះគម្ពីរ​មរមន​ជួយយើង​ឲ្យ​ខិត​ទៅជិត​ព្រះ នៅពេល​យើង​រៀន យល់ និង​អនុវត្ត​តាម​ការបង្រៀន​ទាំងនោះ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « បុគ្គល​ម្នាក់ៗ​[ ទាំងប្រុស​ទាំងស្រី ]​អាច​ចូល​ទៅ​ជិត​ព្រះ​បាន ដោយសារ​ការធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​នៃ​[ គម្ពីរ​នេះ ]​ជាជាង​គម្ពីរ​ដទៃ​ទាំង​អស់ » ។

ដើម្បី​ដឹង​ថា​ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​នៃ​ព្រះ យើង​ត្រូវតែ​អាន ពិចារណា ហើយ​អធិស្ឋាន​អំពី​ព្រះគម្ពីរ​នេះ ហើយ​បន្ទាប់​មក​ធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​របស់​គម្ពីរ​នេះ ។ ព្យាការី​មរ៉ូណៃ​បាន​សន្យា​ថា ព្រះ​នឹង​សម្ដែង​សេចក្ដីពិត​នៃ​គម្ពីរ​នេះ​ដល់យើង នៅពេល​យើង​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះសរ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ ។ ការសិក្សា​ព្រះគម្ពីរ​មរមន​គឺ​ចាំបាច់​សម្រាប់​ការប្រែចិត្ត​ជឿ​ដរាប​ដល់ចុង​បំផុត ។

នៅពេល​យើង​ជញ្ជឹងគិត​អំពី​ទំនាក់ទំនង​រវាង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ជា​ឧបករណ៍​កាន់​នឹង​ដៃ មនុស្ស​ម្នាក់​អាច​នឹង​សួរ​សំណួរ ។ តើ​អ្នក​គិត​ថា​ព្រះគម្ពីរ​ពីរ​ក្បាល​នឹង​មាន​ប្រយោជន៍ ហើយ​បំពេញ​បន្ថែម​យ៉ាង​ណា ប្រសិនបើ​ព្រះអម្ចាស់​បាន​ប្រកាស​ថា​ព្រះគម្ពីរ​ទាំង​នេះ​នឹង​ត្រូវ​ភ្ជាប់​គ្នា​ទាំង​២​នោះ និង « ដើម្បី​ឲ្យ​បាន​ជាប់​ជា​មួយ​គ្នា​នៅ​ដៃ​ឯង » ? នោះ​ជា​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រកាស ទាក់ទង​នឹង « បន្ទះ​ឈើ​សម្រាប់​ពួក​យូដា » ជា​ព្រះគម្ពីរ​ប៊ីប និង​« បន្ទះ​ឈើ​សម្រាប់​ពួក​យ៉ូសែប » ជា​ព្រះគម្ពីរ​មរមន ។

នៅ​ក្នុង​ទិដ្ឋភាព​សំខាន់ៗ​ជា​ច្រើន ព្រះគម្ពីរ​មរមន​ផ្តល់​នូវ​គោលលទ្ធិ​មូលដ្ឋាន​ដែល​ពង្រឹង និង​ស្ថាបនា​លើ​ព្រះគម្ពីរ​ប៊ីប ។ គោលលទ្ធិ​អំពី​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​គំរូ​ដ៏​មាន​អានុភាព​មួយ ។

ព្រះ​គម្ពីរ​ប៊ីប​ផ្ដល់​ដំណើរ​រឿង​ដ៏​ត្រឹមត្រូវ​មួយ​អំពី​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ រួម​ទាំង​ការសុគត និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​ផងដែរ ។ ព្រះគម្ពីរ​មរមន​ប្រាប់​យើង​យ៉ាង​ច្បាស់​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​អ្វី​ដែល​ពួកព្យាការី​បាន​ពន្យល់​យ៉ាង​លម្អិត​ពីមុន​ការសុគត​របស់​ទ្រង់ ។

ក្នុង​ក្បាល​ជំពូក អាលម៉ា​ ជំពូក​ទី ៤២ ឆ្លុះ​បញ្ចាំង​គោលលទ្ធិ​សំខាន់ៗ​នៃ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

វា​សរសេរ​ថា « ការរស់នៅ​ជា​មនុស្ស​លោក​នេះ គឺជា​ពេល​វេលា​សាកល្បង ដើម្បី​ឲ្យ​មនុស្ស​អាច​ប្រែចិត្ត ហើយ​បម្រើ​ព្រះ—ការធ្លាក់​បាន​នាំ​មក​នូវ​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ មក​ដល់​មនុស្ស​លោក​ទាំងអស់—សេចក្ដី​ប្រោស​លោះ​កើត​ឡើង​តាម​រយៈ​ការប្រែចិត្ត—ព្រះ​អង្គ​ផ្ទាល់​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​នៃ​មនុស្ស​លោក—សេចក្ដី​មេត្តាករុណា​បាន​ដល់​ជន​ណា​ដែល​ប្រែ​ចិត្ត—អស់​អ្នក​ផ្សេង​ទៀត​នៅ​ក្រោម​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ—សេចក្ដី​មេត្តាករុណា​បាន​មក​ដោយ​សារ​ដង្វាយ​ធួន—មាន​តែ​ជន​ដែល​ប្រែ​ចិត្ត​ដ៏​ពិតប្រាកដ​ប៉ុណ្ណោះ​ដែល​បាន​សង្គ្រោះ » ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន ​រាល់​ថ្ងៃ ប្រកប​ដោយ​ការអធិស្ឋាន នោះ​បងប្អូន​នឹង​ធ្វើ​ការសម្រេច​ចិត្ត​ដែល​ប្រសើរ—រៀង​រាល់​ថ្ងៃ » ។ លោក​ក៏​បាន​សន្យា​ទៀត​ថា ប្រសិន​បើ « បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ បងប្អូន​អាច​ត្រូវ​បាន​ការពារ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​នៃ​ថ្ងៃ​នោះ » ។

ដូចដែល​ខ្ញុំ​បាន​លើក​ឡើង ខ្ញុំ​ពិត​ជា​ស្ងើច​សរសើរ​ជាមួយ​គំនិត​នៃ​ឧបករណ៍​កាន់​នឹង​ដៃ​ពី​ដើម—ដែល​ជា​ព្រះគម្ពីរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​សូម​ទទួល​ស្គាល់​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​របស់​អ៊ីនធឺណិត​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ។ ឧបករណ៍​កាន់​នឹង​ដៃ​សម័យ​ទំនើប​មួយ​អាច​ផ្តល់​ព័ត៌មាន​ប្រវត្តិសាស្ត្រ​ពាសពេញ​បណ្ណាល័យ​មួយ​ដ៏​ធំ​ប្រកប​មួយ ។ យើង​មាន​អំណរគុណ​ដើម្បី​រស់នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ ។ ជាពិសេស ខ្ញុំ​មាន​អំណរគុណ​ដែល​វា​បាន​អនុញ្ញាត​ឲ្យ​ព្រះគម្ពីរ​ពិសិដ្ឋ​ទាំងឡាយ និង​ឯកសារ​សាសនាចក្រ​មាន​ជា​ឌីជីថល ។ អ៊ីនធឺណិត​គឺ​ជា​ឧបករណ៍​មួយ​ដ៏​មាន​អានុភាព​សម្រាប់​សិក្សា​ដំណឹងល្អ ។ សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ជា​ច្រើន​ចែកចាយ​បទគម្ពីរ​ជាមួយ​មិត្តភក្តិ​ដោយ​ប្រើ​បច្ចេកវិទ្យា ។ ជាឧទាហរណ៍ កម្មវិធី​ព្រះគម្ពីរ​មរមន​ ជា​វិធី​មួយ​ដ៏​អស្ចារ្យ​ដើម្បី​ណែនាំ​មិត្តភក្តិ​ឲ្យ​ស្គាល់​ព្រះគម្ពីរ​មរមន និង​អាច​ចែកចាយ​បាន​យ៉ាង​ងាយស្រួល​តាម​របៀប​ធម្មតា និង​ឯកឯង មិន​ថា​បងប្អូន​នៅ​ទី​ណា​នោះ​ទេ ។

រូបភាព
កម្មវិធី​ព្រះគម្ពីរ​មរមន

ខណៈ​ដែល​អ៊ីនធឺណិត​ផ្តល់​នូវ​ពរជ័យ​ជាច្រើន ជា​អកុសល ដូច​ជា​កូនសៀវភៅ​ដែល​សរសេរ​រិះគន់​សាសនាចក្រ​ដែល​ខ្ញុំ​បានពិពណ៌នា​ពី​មុន​នេះ វា​ក៏​បានប្រើប្រាស់​ដើម្បី​បង្កើត​ការសង្ស័យ និង​ធ្វើ​ឲ្យ​ខូច​ដល់​សេចក្តីជំនឿ​លើ​គោលការណ៍​នៃ​ដំណឹងល្អ​ដ៏​មាន​តម្លៃ​ផងដែរ ។ វា​ក៏​អាច​ជា​ផ្នែក​មួយ​នៃ « អំពើ​អាក្រក់​នៃ​ថ្ងៃ​នោះ » ដែល​ប្រធាន ណិលសុន បាន​រៀបរាប់​ផងដែរ ។

ពួកមារ​សត្រូវ និង​ពួក​ដែល​ជួយ​វា បាន​បង្កើត​ព័ត៌មាន​សរសេរ​រិះគន់​សាសនាចក្រ​នៅ​លើ​អ៊ីនធឺណិត​ពេញ​មួយ​ប្រអប់ ដូច​ដែល​ខ្ញុំ​បាន​និយាយ​មុន​នេះ ទាំង​ដឹង​ខ្លួន និង​មិន​ដឹង​ខ្លួន ក្នុង​គោលបំណង​ដើម្បី​ទាញ​បងប្អូន​ចេញពី​សេចក្តីពិត​របស់​ព្រះ ។

បញ្ហា​នេះ​បង្កើត​ឲ្យ​មាន​ការសង្ស័យ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​គួរ​ឲ្យ​កត់​សម្គាល់ ។ ការណ៍​នេះ​ជា​ការពិត ជាពិសេស​នៅពេល​បងប្អូន​ប្រៀបធៀប​សម័យ​របស់​យើង​ទៅ​នឹង​ទសវត្សរ៍​ឆ្នាំ​១៩៦០ នៅពេល​ដែល​ខ្ញុំ​មាន​អាយុ ២០ ឆ្នាំ ។

ព្រះគម្ពីរ​បង្រៀន​យើង​ឲ្យ​ប្រើ​ការវិនិច្ឆ័យ​របស់​យើង និង​មាន​ភាព​ឈ្លាសវៃ​គ្រប់​អ្វីៗ​ទាំង​អស់ ។ អ៊ីនធឺណិត​អាច​ត្រូវ​បាន​ប្រើប្រាស់​តាម​របៀប​វិជ្ជមាន ឬ​របៀប​ដ៏​បំផ្លាញ ។

ទាំង​សមាជិក​រយៈ​ពេល​វែង និង​បងប្អូន​ដែល​កំពុង​រៀន​ដំណឹង​ល្អ​ថ្មីៗ​នេះ ត្រូវ​មាន​គោលបំណង​អំពី​អ្វី​ដែល​ពួកគេ​មើល ។ សូម​កុំ​កំសាន្ត​ជាមួយ​នឹង​សម្ភារ​ដែល​​អសីលធម៌ មិន​ស្មោះត្រង់ ឬ​ទុច្ចរិត ។ ប្រសិន​បើ​បងប្អូន​ធ្វើ​ដូច្នោះ ប្រព័ន្ធ​អ៊ីនធឺណិត​អាច​ដឹកនាំ​បងប្អូន​ចូល​ទៅ​ក្នុង​ផ្លូវ​ដែល​អាច​បំផ្លាញ​សេចក្តីជំនឿ និង​បង្ខូច​ការរីកចម្រើន​ដ៏​អស់កល្ប​ជានិច្ច​របស់​បងប្អូន ។ បងប្អូន​អាច​ធ្វើ​សកម្មភាព​ដោយ​វិជ្ជមាន និង​អវិជ្ជមាន ។ សូម​ស្វែងរក​សេចក្តី​សុចរិត និង​ចៀសវាង​ពី​រណ្តៅ​ដ៏​ខ្មៅ​ងងឹត និង​ការចំណាយ​ពេល​ដ៏​ច្រើន​លើ​រឿង​អវិជ្ជមាន​ពី​អ៊ីនធឺណិត ។ សូម​បំពេញ​ជីវិត​បងប្អូន​ជាមួយ​រឿង​វិជ្ជមាន គំនិត​សុចរិត ពេញ​ដោយ​អំណរ រីករាយ ប៉ុន្តែ​ចៀសវាង​ពី​ភាពល្ងង់ខ្លៅ ។ គឺ​មាន​ភាពខុសគ្នា ។ មាន​ការណែនាំ​ដ៏​អស្ចារ្យ​នៅ​ក្នុង មាត្រា​នៃ​សេចក្ដី​ជំនឿ​ខទី ១៣ ។ លើស​ពី​នេះ​ទៅ​ទៀត សូម​ចំណាយ​ពេល​ជា​ទៀងទាត់​ជាមួយ​ព្រះគម្ពីរ​មរមន ដែល​នឹង​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចូល​ទៅ​ក្នុង​ជីវិត​បងប្អូន និង​ជួយ​បងប្អូន​ស្គាល់​សេចក្តីពិត​ពី​កំហុស ។

ខ្ញុំ​សូម​ប្រឹក្សា​ដល់​អ្នក​ទាំងឡាយ​ណា ដែល​ងាក​ចេញ​ពី​ផ្លូវ​នៃ​សេចក្ដីសញ្ញា សូម​ត្រឡប់​ទៅ​រក​ព្រះគម្ពីរ​ពិសិដ្ឋ​ទាំងឡាយ ការណែនាំ​ពី​ព្យាការី ការរស់​នៅ​តាម​ដំណឹងល្អ​ក្នុង​គេហដ្ឋាន និង​តន្ត្រី​នៃ​សេចក្តីជំនឿ ។ ព្រលឹង​នីមួយៗ​មាន​តម្លៃ​ចំពោះ​ព្រះ ។ ពួក​យើង​ត្រូវការ​បងប្អូនៗ ! ព្រះអម្ចាស់​ត្រូវការ​បងប្អូន ហើយ​បងប្អូន​ត្រូវការ​ទ្រង់ ។ យើង​ស្វាគមន៍​បងប្អូន​ជានិច្ច ។ ក្នុង​អំឡុង​ពេល​នៃ​ការបម្រើ​សាសនាចក្រ​ជា​ច្រើន​ឆ្នាំ​របស់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​មនុស្ស​ដ៏​អស្ចារ្យ​ដែល​បាន​ត្រឡប់​ទៅ​រក​ផ្លូវ​នៃ​សេចក្តីសញ្ញា ហើយ​បន្ទាប់មក​បាន​បម្រើ និង​បាន​ផ្ដល់​ពរ​ដល់​មនុស្ស​គ្រប់គ្នា​ដែល​ពួកគេ​ស្រឡាញ់ ឬ​អ្នក​ដែល​ពួកគេ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ ។

ព្រះគម្ពីរ​ពិសិដ្ឋ​ទាំងឡាយ និង​ព្យាការី​ដែល​នៅរស់ គឺជា​វិធី​ដ៏​សំខាន់​មួយ​ដែល​ព្រះវរបិតា​ដ៏​ជា​ទី​ស្រឡាញ់​បង្កើត​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់​សម្រាប់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដ៏​រឹងមាំ​អំពី​ភាព​ជា​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ភាពពិត​នៃ​ដង្វាយ​ធួន​របស់​ទ្រង់ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល ធីម៉ូថេទី ២ ៣:១៦ ។

  2. សូមមើល ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ២០២៣) ទំព័រ ២៨ សូមមើល​ផងដែរ នីហ្វៃទី២ ២:៧; នីហ្វៃទី៣ ១២:១៩; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៣៧; អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « A Mighty Change of Heart » Ensign ខែតុលា ឆ្នាំ១៩៨៩ ទំព័រ ២–៥ ។

  3. ស៊ីស្ទើរ បេវើលី ប៊្រីតហ្គ និង ឈែរ៉ល ម៉ហ្គិន ជា​ស៊ីស្ទើរ​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  4. កូនប្រុស វិល្លាម អ៊ី ម៉ាសមែន ទី៣ បាន​បញ្ចប់​ការសិក្សា​ពីស្ទេនហ្វត ហើយ​បាន​ចូលរៀន​សាលា​ច្បាប់​នៅ​សាកលវិទ្យាល័យ​នៃ​រដ្ឋ​កាលីហ្វូញ៉ា​នៅក្នុង​ទីក្រុង សាន់ ហ្វ្រាន់ស៊ីសកូ ។ ប្អូន​ស្រី​របស់​គាត់ អាន ស៊ី ម៉ាសមែន បាន​រៀន​សាកលវិទ្យាល័យ​ស្ទេនហ្វត ។

  5. ស៊ីស្ទើរ អ៊ែលិន័រ មេ និង​ស៊ីស្ទើរ លួវីស ចនសុន គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្រចាំ​ស្តេក ។

  6. សមាគមន៍​វិជ្ជាជីវៈ The New York Latter-day Saint ( NYLDSPA ) បាន​ផ្តល់​កិត្តិយស​ដល់ Reverend A. R. Bernard និង​គ្រូបង្វឹក Andrew « Andy » W ។ គ្រូបង្វឹក រ៉េដ នៅ​ឯ​ព្រះវិហារ រីវើសាយ ជា​ព្រះវិហារ​អន្តរនិកាយ​ប្រវត្តិសាស្ត្រ​នៅ​ម៉ានហាតថិន ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​មក​ពី​សាសនាចក្រ​របស់​យើង និង​ព្រះវិហារ​ផ្សេង​ទៀត​ជា​ច្រើន​ក៏​មាន​វត្តមាន​ផង​ដែរ រួម​ទាំង​អ្នក​ទទួល​កិត្តិយស​ពី​មុន Rabbi Joseph Potasnik ។

  7. សូមមើល ថាត វ៉លឆ៍« How Andy Reid’s Beliefs in Jesus Christ and a Second Chance for Michael Vick Guide the Kansas City Chiefs » Deseret Newsថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅលើ​គេហទំព័រ ​deseret.com ។

  8. អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ជាង ១៩៨,០០០ នាក់ បាន​ជ្រមុជទឹក​នៅ​ចន្លោះ​ថ្ងៃ​ទី១ ខែមករា ឆ្នាំ២០២៤ រហូត​ដល់​ថ្ងៃ​ទី ៣០ ខែសីហា ឆ្នាំ២០២៤ ( ព័ត៌មាន​ផ្តល់​ដោយ​នាយកដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា ) ។

  9. ប្រកាស​ដំណឹង​ល្អ​របស់​យើង ជំពូក​ទី​ ៥ រៀបរាប់​ពី​មូលហេតុ​ដែល​ព្រះគម្ពីរ​មរមន​គឺ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ។

  10. បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

  11. ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ថ្លែង​ទីបន្ទាល់​ថា បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅ​ជិត​ព្រះ​បាន ដោយសារ​ការធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​ដែល​បាន​បង្រៀន​ក្នុង​ព្រះគម្ពីរ​មរមន ជាជាង​គម្ពីរ​ដទៃ​ទាំងអស់ » ( សូមមើល « បុព្វកថា​ព្រះគម្ពីរ​មរមន» ) ។

  12. សូមមើល មរ៉ូណៃ ១០:៤ ។

  13. សូមមើល អេសេគាល​៣៧:១៦–១៧; នីហ្វែទី២ ៣:១២ ។

  14. ពាក្យ ដង្វាយធួន ដែល​សំដៅ​ទៅ​លើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​បាន​លើក​ឡើង​តែ​ម្តង​គត់​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ( រ៉ូម ៥:១១ ) ។ នៅ​ក្នុង​ព្រះគម្ពីរ​មរមន ពាក្យ ដង្វាយធួន ​ត្រូវ​បានយោង ២៤ ដង ។ នីហ្វែទី២ ២:១០ រៀបរាប់​អំពី « សុភមង្គល » ដែល​បាន​ភ្ជាប់​ទៅ​នឹង​ដង្វាយ​ធួន ( សូមមើលផងដែរ លិបិក្រមនៃព្រះគម្ពីរមរមន « ព្រះយេស៊ូវគ្រីស្ទ ដង្វាយធួន តាមរយៈ » ) ។

  15. ប្រធាន រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like Without It? » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ទំព័រ ៦០–៦៣ ។

  16. សូម​គិត ថា​តើ​យើង​មាន​ពរជ័យ​ប៉ុនណា​ជា​រៀងរាល់​សប្តាហ៍ ពេល​យើង​រៀន​ពី​សៀវភៅ ចូរមក​តាមខ្ញុំ​ តាម​អនឡាញ ។

  17. បញ្ហា​មួយ​ចំនួន​មិន​ពិត​ទាំង​ស្រុងទេ ។ អ្នក​ខ្លះ​បាន​យក​ប្រវត្តិសាស្រ្ត​ពិត​ចេញ​ពី​បរិបទ ។ អ្នក​ខ្លះ​កំពុង​គាំទ្រ​ចំពោះ​បញ្ហា​សង្គម​ដែល​មិន​ដូចគ្នា​ទាំង​ជាមួយ​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ។ អ្នក​ខ្លះ​មាន​បញ្ហា​ថា ព្រះអម្ចាស់​មិន​ទាន់​បាន​ផ្តល់​វិវរណៈ​នៅ​ឡើយ​ទេ ។

  18. ពាក្យ Doomscrolling គឺជា​ទម្លាប់​នៃ​សកម្មភាព​ស្វែងរក​ព័ត៌មាន​អវិជ្ជមាន ឬ​ព័ត៌មាន​ដ៏​បាក់​ទឹក​ចិត្ត​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​សារព័ត៌មាន ( សូមមើល Merriam-Webster.com Dictionary « doomscroll » ) ។

  19. សាសនាចក្រ​បាន​ដកពិសោធណ៍​នូវ​ការរីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ និង​ការកើន​ឡើង​នៃ​ការចូលរួម​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ភាគរយ​ដែល​ចាក​ចេញ​ពី​សាសនាចក្រ​គឺ​តិច​ជាង​កាល​ពី​អតីតកាល ប៉ុន្តែ​យើង​ត្រូវការ​សមាជិក​គ្រប់​រូប ។