សន្និសីទទូទៅ
ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្ដងទៀត
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


14:50

ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្ដងទៀត

ឥឡូវ​នេះ​គឺជា​ពេលវេលា​សម្រាប់​បងប្អូន និង​ខ្ញុំ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ ខ្ញុំ​មាន​អំណរគុណ​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​បងប្អូន ។

ក្នុង​សន្និសីទ​នេះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​យើង​តាមរយៈ​ពួក​អ្នកបម្រើ​ទ្រង់ ។ ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​បងប្អូន​សិក្សា​សារលិខិត​របស់​ពួកលោក ។ ចូរ​ប្រើ​សារលិខិត​ទាំងនោះ​ដើម្បី​ដឹង​ថា​អ្វី​ពិត និង​អ្វី​មិន​ពិត អំឡុង​ពេល​ប្រាំមួយ​ខែ​ខាងមុខ​នេះ ។

ការអភិរក្ស និង​ការជួសជុល​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក និង​តំបន់​ផ្សេងៗ​ទៀត​នៅវិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ បាន​ដំណើរការ​ជិត​ប្រាំ​ឆ្នាំ​មកហើយ ។ តាម​ការប៉ាន់ស្មាន​បច្ចុប្បន្ន​បង្ហាញ​ថា កិច្ចការ​នេះ​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ២០២៦ ។ យើង​មាន​អំណរគុណ​ចំពោះ​អស់​អ្នក​ដែល​កំពុង​ធ្វើការ​លើ​គម្រោង​ដ៏​ធំ​នេះ ។

អំឡុង​ពេល​ប្រាំមួយ​ខែ​ចុងក្រោយ​នេះ យើង​បាន​ឧទ្ទិសឆ្លង ឬ​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ​ចំនួន​ប្រាំបួន​នៅក្នុង​ប្រទេស​ចំនួន​ប្រាំ ។ ចន្លោះ​ពី​ពេល​នេះ​ទៅដល់​ចុង​ឆ្នាំ យើង​នឹង​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ចំនួន​ប្រាំ​ទៀត ។

ថ្ងៃ​នេះ យើង​រីករាយ​ដើម្បី​ប្រកាស​នូវ​គម្រោង​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៧ បន្ថែម​ទៀត ។ សូម​ស្តាប់​ដោយមាន​គារវភាព នៅពេល​ដែល​ខ្ញុំ​ប្រកាស​ទីតាំង​ទាំងនោះ ។

  • អ៊ូឈីតាន់ ដឺ ហ្សារ៉ាហ្គូស្សា ម៉ិកស៊ិក

  • សាន់តា អេណា អែលសាវ៉ាឌ័រ

  • មែលដឺលីន កូឡុំបៀ

  • សាន់ត្យាហ្គោ សាធារណរដ្ឋ ដូមីនីក

  • ព័រតូម៉ុង ឈីលី

  • ឌុយប្លីន អៀរឡង់

  • មីឡាន អ៊ីតាលី

  • អាប៊ូចា នីហ្សេរីយ៉ា

  • កំប៉ាឡា អ៊ូហ្គង់ដា

  • ម៉ាពុយតូ ម៉ូសំប៊ិក

  • ខូអឺដាឡេន អៃដាហូ

  • ឃ្វីន ឃ្រីក អេរីហ្សូណា

  • អេលប៉ាសូ តិចសាស់

  • ហាន់វីល អាឡាបាម៉ា

  • មីលវ៉ូគី វីនស្កុនស៊ីន

  • សាំម៊ីត ញូវ ជើស៊ី

  • ប្រាយស៍ យូថាហ៍

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ តើ​បងប្អូន​មើលឃើញ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ចំពោះ​មុខ​យើង​ដែរ​ឬ​ទេ ? ខ្ញុំ​សូម​អធិស្ឋាន​កុំ​ឲ្យ​យើង​ខកខាន​នូវ​ភាព​ដ៏​អស្ចារ្យ​នៃ​គ្រា​នេះ ! ព្រះអម្ចាស់​ពិតជា​កំពុង​ពន្លឿន​កិច្ចការ​ទ្រង់ ។

ហេតុអ្វី​យើង​កំពុង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ល្បឿន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​បែបនេះ ? ហេតុអ្វី ? ព្រោះ​ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យធ្វើ​ដូច្នោះ ។ ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ទាំង​សងខាង​នៃ​វាំងនន ។ ពរជ័យ​ទាំងនេះ​ក៏​ជួយ​រៀបចំ​មនុស្ស​ដែល​នឹង​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់​ផងដែរ !

ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ

ដូចជា​ព្យាការី​អេសាយ​បាន​ព្យាករ ព្រមទាំង​បាន​រំឭក​នៅក្នុង​បទចម្រៀង​របស់ ហេនឌែល ដែល​មាន​ចំណងជើងថា ព្រះមែស៊ី ជា​ពេលដែល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រឡប់​មក​វិញ « នោះ​សិរីល្អ​នៃ​ព្រះយេហូវ៉ា​នឹង​បើកសម្ដែង ហើយ​គ្រប់​មនុស្ស​នឹង​បាន​ឃើញ​ព្រម​គ្នា » ។

នៅថ្ងៃ​នោះ « ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព » ។

ព្រះយេស៊ូវ​គ្រីស្ទ​នឹង​គ្រប់គ្រង​ទាំង​យេរូសាឡិម​ចាស់ និង​យេរូសាឡិម​ថ្មី​ដែល « នឹង​ត្រូវ​បាន​ស្ថាបនា​នៅ​លើ​ទ្វីប​អាមេរិក » ។ ចេញ​មក​ពី​ទីតាំង​ទាំងពីរ​នេះ ទ្រង់​នឹង​ដឹកនាំ​កិច្ចការ​នៃ​សាសនាចក្រ​របស់​ទ្រង់ ។

នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​នឹង​ត្រូវគេ​ស្គាល់​ថា​ជា « ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ » ។ អ្នក​ដែល​នៅ​ជាមួយ​ទ្រង់​នឹង​ត្រូវបាន « ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះត្រង់​ទាំងអស់​គ្នា » ។

បងប្អូន​ប្រុសស្រី ឥឡូវ​នេះ​គឺជា​ពេលវេលា​សម្រាប់​បងប្អូន និង​ខ្ញុំ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ឥឡូវនេះ​គឺជា​ពេល​ដែល​យើង​ដាក់​អាទិភាព​ខ្ពស់បំផុត​ទៅលើ​ភាពជាសិស្ស​របស់​យើង ។ នៅក្នុង​ពិភពលោក​ដែល​មានពេញ​ទៅ​ដោយ​ការរំខាន​ដ៏​វក់វី តើ​យើង​អាច​ធ្វើ​វា​បាន​យ៉ាង​ដូចម្តេច​ទៅ ?

ព្រះវិហារ​បរិសុទ្ធ រ៉ូម អ៊ីតាលី

ការថ្វាយ​បង្គំ​ជា​ទៀងទាត់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ជួយ​យើង ។ នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ យើង​ផ្តោតទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​រៀន​ពី​ទ្រង់ ។ យើង​ចុះ​សេចក្ដីសញ្ញា​ដើម្បី​ដើរតាម​ទ្រង់ ។ យើង​មក​ស្គាល់​ទ្រង់ ។ នៅពេល​យើង​រក្សា​សេចក្ដីសញ្ញា​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​ទទួលបាន​ព្រះចេស្ដា​នៃ​ព្រះអម្ចាស់​ជួយ​ពង្រឹង​យើង​កាន់តែ​ខ្លាំង ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ទទួល​បាន​ការការពារ​ពី​ការធ្វើទុក្ខ​នៃ​លោកិយ ។ យើង​ដកពិសោធន៍​នូវ​សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌​របស់​យើង​ជា​បរិបូរ ! យើង​ទទួល​អារម្មណ៍​សុខសាន្ត និង​ការធានា​ខាង​វិញ្ញាណ ដែល​ផ្ទុយស្រឡះ​ពី​ភាពចលាចល​នៃ​លោកិយ ។

នេះ​ជា​ការសន្យា​របស់​ខ្ញុំ​ចំពោះ​បងប្អូន ៖ អ្នក​ដែល​ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ស្មោះត្រង់​គ្រប់រូប​នឹង​រកឃើញ​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បងប្អូន​នឹង​ទទួល​អារម្មណ៍​នៃ​សេចក្ដីមេត្តា​របស់​ទ្រង់ ។ បងប្អូន​នឹង​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​គួរ​ឲ្យ​រំខាន​បំផុត​របស់​បងប្អូន ។ បងប្អូន​នឹង​យល់​កាន់តែ​ច្បាស់​អំពី​អំណរ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។

ខ្ញុំ​បាន​រៀន​ថា សំណួរ​ចាំបាច់​បំផុត ដែល​យើង​ម្នាក់ៗ​ត្រូវ​ឆ្លើយ​គឺ ៖ តើ​ខ្ញុំ​នឹង​ប្រគល់​ជីវិត​ឲ្យ​ទៅ​នរណា ឬ​ឲ្យ​ទៅ​អ្វី ?

ប្រធាន ណិលសុន កាល​ជា​គ្រូពេទ្យ​វះកាត់

ការសម្រេច​ចិត្ត​របស់​ខ្ញុំ​ដើម្បី​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ការសម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ធ្វើ ។ អំឡុង​ពេល​ខ្ញុំ​រៀន​នៅ​សាលាពេទ្យ ខ្ញុំ​ទទួលបាន​ទីបន្ទាល់​មួយ​អំពី​ទេវភាព​នៃ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ចាប់ពី​ពេលនោះ​មក ព្រះអង្គ​សង្គ្រោះ​គឺជា​សិលា​ដែល​ខ្ញុំ​បាន​សង់​ជីវិត​នៅលើ ។ ជម្រើស​នោះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​ទាំង​ស្រុង ! ការសម្រេច​ចិត្ត​នោះ​បាន​ធ្វើ​ឲ្យ​ការសម្រេច​ចិត្ត​ជាច្រើន​ទៀត​កាន់តែ​មានភាព​ងាយស្រួល ។ ការសម្រេច​ចិត្ត​នោះ​បាន​ផ្តល់​គោលបំណង និង​ទិសដៅ​ដល់​ខ្ញុំ ។ វា​ក៏​បាន​ជួយ​ខ្ញុំ​ឲ្យ​ឆ្លងកាត់​ព្យុះ​ជីវិត​ផងដែរ ។ ខ្ញុំ​សូម​ចែកចាយ​ឧទាហរណ៍​ចំនួន​ពីរ ៖

ទីមួយ នៅពេល​ភរិយា​ខ្ញុំ ឌេនហ្សេល បាន​ទទួល​មរណភាព​ដោយ​ស្មាន​មិន​ដល់ ខ្ញុំ​ទាក់ទង​ទៅ​កូន​ណា​ក៏​មិន​បាន​ដែរ ។ ខ្ញុំ​បាន​នៅទីនោះ​តែ​ម្នាក់ឯង ភ័យរន្ធត់ និង​អំពាវនាវ​ទូល​សូម​ជំនួយ ។ អរគុណណាស់ ដែល​តាមរយៈ​ព្រះវិញ្ញាណ​ទ្រង់ ព្រះអម្ចាស់​បាន​បង្រៀន​ខ្ញុំ​ថា ហេតុអ្វី​បាន​ជា ឌេនហ្សេល ជាទី​ស្រឡាញ់​របស់​ខ្ញុំ​ត្រូវ​យក​ទៅ​ផ្ទះ​វិញ​ដូច្នេះ ។ ជាមួយនឹង​ការយល់ដឹង​នោះ ខ្ញុំ​បានទទួល​ការលួងលោម ។ យូរៗទៅ ខ្ញុំ​អាច​ស៊ូទ្រាំ​នឹង​ទុក្ខព្រួយ​របស់​ខ្ញុំ​បាន​ល្អ​ជាង​មុន ។ ក្រោយមក ខ្ញុំ​បាន​រៀបការ​ជាមួយ​ភរិយា​ជាទី​ស្រឡាញ់​របស់​ខ្ញុំ វេនឌី ។ នាង​គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ឧទាហរណ៍​ទីពីរ​របស់​ខ្ញុំ ។

នៅពេល​ដែល វេនឌី និង​ខ្ញុំ​កំពុង​បំពេញ​ភារកិច្ច​នៅ​ទឹកដី​ឆ្ងាយ​មួយ ពួក​ចោរប្លន់​ប្រដាប់​អាវុធ​បាន​ភ្ជង់​កាំភ្លើង​លើក្បាល​ខ្ញុំ ហើយ​កេះ​កៃ​កាំភ្លើង ។ ប៉ុន្តែ​កាំភ្លើង​បាញ់​មិន​ចេញ​ទេ ។ ក្នុង​ហេតុការណ៍​នោះ ជីវិត​របស់​យើង​ទាំងពីរ​នាក់​ត្រូវបាន​គំរាមកំហែង ។ ប៉ុន្តែ វេនឌី និង​ខ្ញុំ​បានទទួល​អារម្មណ៍​នៃ​ភាពសុខសាន្ត​ដែល​មិន​អាច​ប្រកែក​បាន ។ វា​គឺជា​ភាពសុខសាន្ត « ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត » ។

បងប្អូន​ប្រុសស្រី ព្រះអម្ចាស់​នឹង​លួងលោម​បងប្អូន​ផងដែរ ! ទ្រង់​នឹង​ពង្រឹង​បងប្អូន ។ ទ្រង់​នឹង​ប្រទានពរ​ដល់​បងប្អូន​នូវ​ភាពសុខសាន្ត សូម្បី​តែ​នៅ​កណ្តាល​ភាពវឹកវរ​ក្តី ។

ព្រះ​អម្ចាស់​យេស៊ូវគ្រីស្ទ

សូម​ស្ដាប់​ការសន្យា​នេះ​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​បងប្អូន ៖ « យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើង​នឹង​សណ្ឋិត​នៅ​ក្នុង​ដួងចិត្ត​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធជុំវិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ។

សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការជួយ​បងប្អូន​ពុំ​មាន​ដែនកំណត់​នោះ​ទេ ។ ការរងទុក្ខ​ដែល​មិន​អាច​យល់​បាន​របស់​ទ្រង់​នៅ​គែតសេម៉ានី និង​ភ្នំ​លលាដ៏​ក្បាល គឺ​ធ្វើឡើង​សម្រាប់​បងប្អូន ! ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ទ្រង់​គឺ​សម្រាប់​បងប្អូន !

ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​លះបង់​ពេលវេលា​រាល់​សប្តាហ៍—ពេញ​មួយ​ជីវិត​ដែល​បងប្អូន​នៅ​មាន—ដើម្បី​ចម្រើន​ការយល់ដឹង​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដួងចិត្ត​ខ្ញុំ​ឈឺចាប់​សម្រាប់​អ្នក​ដែល​ត្រូវ​ជាប់គាំង​ក្នុង​អំពើបាប ហើយ​មិន​ដឹង​ពី​របៀប​ចេញ ។ ខ្ញុំ​យំ​សម្រាប់​អ្នក​ដែល​តស៊ូ​ខាង​វិញ្ញាណ ឬ​អ្នក​ដែល​ស្ពាយ​បន្ទុក​ធ្ងន់​តែ​ម្នាក់​ឯង ព្រោះ​ពួកគេ​មិន​យល់​ពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​ពួកគេ ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​លើកដាក់​លើ​អង្គទ្រង់​នូវ​អំពើ​បាប របស់​បងប្អូន ការឈឺចាប់ របស់​បងប្អូន ការឈឺចិត្ត របស់​បងប្អូន និង​ជំងឺ របស់​បងប្អូន បងប្អូន​មិន​ចាំបាច់​ទ្រាំទ្រ​តែ​ម្នាក់​ឯង​ឡើយ ! ទ្រង់​នឹង​អត់ទោស​ដល់​បងប្អូន នៅពេល​ដែល​បងប្អូន​ប្រែចិត្ត ។ ទ្រង់​នឹង​ប្រទានពរ​ដល់​បងប្អូន​នូវ​អ្វី​ដែល​បងប្អូន​ត្រូវការ ។ ទ្រង់​នឹង​ព្យាបាល​ព្រលឹង​ដែល​រងរបួស​របស់​បងប្អូន ។ ដរាបណា​បងប្អូន​ទទួល​នឹម​ទ្រង់ នោះ​បន្ទុក​របស់​បងប្អូន​នឹង​ស្រាល​ជាងមុន ។ បើ​បងប្អូន​នឹង​ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ដើម្បី​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ នោះ​បងប្អូន​នឹង​ឃើញ​ថា គ្រា​ឈឺចាប់​ក្នុង​ជីវិត​បងប្អូន​គឺ​រឿង​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ ។ ការរងទុក្ខ​របស់​បងប្អូន​នឹង​ត្រូវបាន « លេប​ទៅ​ក្នុង​អំណរ នៃ​ព្រះគ្រីស្ទ » ។

វា​មិន​ឆាប់​ក៏​មិន​យឺត​ពេក​ដែរ សម្រាប់​បងប្អូន​ដើម្បី​ធ្វើជា​សិស្ស​ដ៏​ស្មោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នោះ ។ រួច​បងប្អូន​នឹង​ដកពិសោធន៍​យ៉ាង​ពេញលេញ​នូវ​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ បងប្អូន​ក៏​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ផងដែរ ។

ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ នៅថ្ងៃ​ខាងមុខ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ត្រឡប់​មក​ផែនដី​វិញ​ជា​ព្រះមែស៊ី​ក្នុង​សហស្សវត្សរ៍ ។ ដូច្នេះ​ថ្ងៃ​នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ឧទ្ទិស​ជីវិត​របស់​បងប្អូន​សាជា​ថ្មី​ថ្វាយ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​សុំ​អំពាវនាវ​ឲ្យ​បងប្អូន​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់​ព្រាត់ និង​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើកទីពីរ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​សុំ​អំពាវនាវ​ឲ្យ​បងប្អូន​និយាយ​អំពី​ព្រះគ្រីស្ទ ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ និង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ !

ចូរ​មកឯ​ព្រះគ្រីស្ទ ហើយ « ចូរ​ថ្វាយ​[ ព្រលឹង ]​អ្នក​ទាំងមូល ។ នេះ​គឺជា​អាថ៌កំបាំង​នៃ​ជីវិត​មាន​អំណរ​ដ៏​រីករាយ !

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ អ្វី​ដែល​ល្អបំផុត​នឹង​មក​ដល់​ក្នុង​ពេល​ខាងមុខ ព្រោះ​ព្រះអង្គ​សង្គ្រោះ​នឹង​យាង​មក​ម្តង​ទៀត ! អ្វី​ដែល​ល្អបំផុត​នឹង​មក​ដល់​ក្នុង​ពេល​ខាងមុខ ព្រោះ​ព្រះអម្ចាស់​កំពុង​តែ​ពន្លឿន​កិច្ចការ​ទ្រង់ ។ អ្វី​ដែល​ល្អបំផុត​នឹង​មក​ដល់​ក្នុង​ពេល​ខាងមុខ ពេល​យើង​បង្វែរ​ដួងចិត្ត និង​ជីវិត​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​យ៉ាង​ឧឡារិក​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ។ ខ្ញុំ​ជា​សិស្ស​របស់​ទ្រង់ ។ ខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ក្លាយជា​អ្នកបម្រើ​របស់​ទ្រង់ ។ នៅ​ឯ​ការយាង​មក​ជា​លើក​ទីពរ​របស់​ទ្រង់ « សិរីល្អ​នៃ​ព្រះយេហូវ៉ា​នឹង​សម្ដែង​មក គ្រប់​មនុស្ស​ទាំងឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា » ។ ថ្ងៃនោះ​នឹង​ត្រូវបាន​បំពេញ​ដោយ​អំណរ​ដ៏​រីករាយ​សម្រាប់​មនុស្ស​សុចរិត !

តាមរយៈ​អំណាច​នៃ​បព្វជិតភាព​ដ៏​ពិសិដ្ឋ​ដែល​ខ្ញុំ​កាន់ ខ្ញុំ​សូម​ប្រកាស​សេចក្ដីពិត​នេះ​ដល់​បងប្អូន និង​ពិភពលោក​ទាំងមូល ! នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ម៉ានតៃ យូថាហ៍ ឡើងវិញ ( ប្រធាន រ័សុល អិម ណិលសុន ថ្ងៃទី២១ ខែមេសា ), ព្រះវិហារ​បរិសុទ្ធ អ៊ុយដាណេតា ហ្វីលីពិន ( ប្រធាន ដាល្លិន អេក អូក ថ្ងៃទី២៨ ខែមេសា ), ព្រះវិហារ​បរិសុទ្ធ ពូអេប្លា ម៉ិកស៊ិក ( អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ថ្ងៃទី១៩ ខែឧសភា ), ព្រះវិហារ​បរិសុទ្ធ ថៃលឺវាល យូថាហ៍ ( អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ថ្ងៃទី២ ខែមិថុនា ), ព្រះវិហារ​បរិសុទ្ធ ខូបាន ហ្គូតេម៉ាឡា ( អែលឌើរ ឌែល ជី រិនឡាន់ ថ្ងៃទី៩ ខែមិថុនា ), ព្រះវិហារ​បរិសុទ្ធ សាន់តាហ្វេ អាហ្សង់ទីន ( អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ថ្ងៃទី១៦ ខែមិថុនា ), ព្រះវិហារ​បរិសុទ្ធ លេថុន យូថាហ៍ ( អែលឌើរ ដេវីឌ អេ បែដណា ថ្ងៃទី១៦ ខែមិថុនា ), ព្រះវិហារ​បរិសុទ្ធ ភីតស៍ប៊ឺក ផែនសីលវេញ៉ា ( អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ថ្ងៃទី១៥ ខែកញ្ញា ), ព្រះវិហារ​បរិសុទ្ធ មិនដូហ្សា អាហ្សង់ទីន ( អែលឌើរ រ៉ូណល អេ រ៉ាសបាន ថ្ងៃទី២២ ខែកញ្ញា ) ។

  2. ព្រះវិហារ​បរិសុទ្ធ​សាន ពេត្រូ សូឡា ហុងឌូរ៉ាស ( ថ្ងៃទី៣១ ខែតុលា ), ព្រះវិហារ​បរិសុទ្ធ​សាល់វ៉ាឌ័រ ប្រេស៊ីល ( ថ្ងៃទី២០ ខែតុលា ), ព្រះវិហារ​បរិសុទ្ធ​ឌីសសារ៉េត ភីក យូថាហ៍ ( ថ្ងៃទី១០ ខែវិច្ឆិកា ), ព្រះវិហារ​បរិសុទ្ធ ស្ពើរ​វ៉ាយអូមីង ( ថ្ងៃទី២៤ ខែវិច្ឆិកា ), ព្រះវិហារ​បរិសុទ្ធ​តាឡាហាសស៊ី ផ្លរីដា ( ថ្ងៃទី៨ ខែធ្នូ ) ។

  3. សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៧៣ ។

  4. អេសាយ ៤០:៥ សូមមើល​ផងដែរ George Frideric Handel « And the Glory of the Lord » មកពី Messiah ដែល​បាន​កែសម្រួល​ដោយ T. Tertius Noble ( ឆ្នាំ១៩១២ ) ទំព័រ ១៦–១៨ ។

  5. អេសាយ ៩:៦ ។

  6. សូមមើល សាការី ១៤:៤–៧; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៥:៤៨–៦៦; ១៣៣:១៩–២១; សូមមើល​ផងដែរ មីកា ៤:២ ៖ « ដ្បិត​ក្រឹត្យវិន័យ​នឹង​ផ្សាយ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ គឺ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ពី​ក្រុង​យេរូសាឡិម » ។

  7. មាត្រា​នៃ​សេចក្តី​ជំនឿ ១:១០; សូមមើល​ផងដែរ អេធើរ ១៣:៣–១០; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:២–៤ ។

  8. វិវរណៈ ១៩:១៦; វិវរណៈ ១៧:១៤ ។

  9. សូមមើល អាលម៉ា ៣៤:៣២ ។

  10. បងប្អូន​អាច​មាន​អារម្មណ៍​នឹង​និយាយ​ដូច​ជា​អាំម៉ូន​ថា « តើ​នរណា​អាច​អួត​ហួស​ពេក​នៅ​ក្នុង​ព្រះអម្ចាស់ ? … មើលចុះ … ខ្ញុំ​មិន​អាច​និយាយ​បាន ទោះ​ជា​មួយ​ផ្នែក​តូច​បំផុត ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ផង » ( អាលម៉ា ២៦:១៦ ) ។

  11. សូមមើល ហេលេមិន ៥:១២ ។

  12. ភីលីព ៤:៧ ។

  13. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:៨៨ ។

  14. សូមមើល អាលម៉ា ៧:១១–១២; សូមមើល​ផងដែរ លូកា ៤:១៨ ។

  15. សូមមើល អាលម៉ា ៧:១២ ។

  16. សូមមើល ទំនុកដំកើង ១៤៧:៣; យ៉ាកុប ២:៨ ។

  17. សូមមើល ម៉ូសាយ ២៤:១៤ ។

  18. អាលម៉ា ៣១:៣៨ ។

  19. សូមមើល នីហ្វៃទី២ ២៥:២៦ ។

  20. អោមណៃ ១:២៦ ។