សន្និសីទទូទៅ
« គឺ​ខ្ញុំ​នេះហើយ »
សន្និសីទ​ទូទៅ​ខែតុលា ឆ្នាំ​២០២៤


« គឺ​ខ្ញុំ​នេះហើយ »

សេចក្ដីសប្បុរស​របស់​ព្រះគ្រីស្ទ​—គឺ​ជា​ភស្ដុតាង​នៃ​ភក្ដីភាព​ទាំងស្រុង​ចំពោះ​ព្រះ—តស៊ូ ហើយ​បន្ដ​តស៊ូជានិច្ច ។

វាគឺ​ជា​ថ្ងៃបរិសុទ្ធ ដែល​យើង​បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ថ្លែង​អំពី​ព្រះគ្រីស្ទ ជា​អង្គ​ដែល​ត្រូវ​គេឆ្កាង ។ ខ្ញុំដឹង​ថាព្រះ​ប្រោសលោះ​ខ្ញុំនៅរស់

សូម​ពិចារណា​អំពី​ទិដ្ឋភាព​នេះ​អំពី​សប្ដាហ៍​ចុងក្រោយ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ ។ ហ្វូង​មនុស្ស​បាន​ប្រមូល​ផ្ដុំ​គ្នា រួមមាន​ទាំង​ទាហាន​រ៉ូម​កាន់​ដំបង​និង​ដាវ ។ ដឹកនាំ​ដោយ​ពួកមន្ត្រី​មក​ពី​ពួក​សង្គ្រាជ​ដែល​មាន​កាន់​ភ្លើងគប់​ក្នុង​ដៃ ក្រុម​ដ៏​ស្មោះត្រង់​នេះ ពុំ យកឈ្នះ​ទីក្រុង​មួយ​បានទេ ។ រាត្រី​នោះ​ពួកគេ​ស្វែងរក​បុរស​តែម្នាក់​គត់ ជាបុរស​ដែល​ពុំ​ចេះ​កាន់​អាវុធ ពុំ​ទទួល​ការបំពាក់បំប៉ន​ខាង​កងទ័ព ឬ​ចូលរួម​នៅក្នុង​ការប្រយុទ្ធ​ខាង​សាច់ឈាម​ក្នុង​ជីវិត​របស់​ទ្រង់ ។

នៅពេល​ពួក​ទាហាន​មកដល់ ព្រះយេស៊ូវ​ ​ព្យាយាមការពារសិស្ស​របស់ទ្រង់ ដោយ​យាង​ទៅមុខ ហើយ​ថ្លែង​ថា « តើ​មក​រក​អ្នក​ណា ? » ពួកគេ​បាន​តប​ថា « រក​យេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត » ។ ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា « គឺ​ខ្ញុំ​នេះ​ហើយ ។… … កាល​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា គឺ​ខ្ញុំ​នេះ​ ហើយ នោះ​គេ​ក៏​ថយ​ក្រោយ​ដួល​ផ្ងារ​ទាំង​អស់​គ្នា ។

ចំពោះ​ខ្ញុំ នោះ​គឺជា​ខគម្ពីរ​ដ៏​បំផុសគំនិត​បំផុត​មួយ​នៅ​ក្នុង​បទគម្ពីរ​ទាំងអស់។ នៅក្នុង​ចំណោម​អ្វីៗ​ផ្សេងទៀត ខគម្ពីរ​ប្រាប់​ខ្ញុំ​ចំៗ​ថា គ្រាន់តែ​រស់នៅ​ក្នុង​វត្តមាន របស់​ព្រះរាជបុត្រា​របស់​ព្រះ—ជា​ព្រះយេហូវ៉ា​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ និង​អ្នកគង្វាល​ល្អ​នៅក្នុង​គម្ពីរ​សញ្ញា​ថ្មី ដែល​គ្មាន​កាន់​អាវុធ​អ្វីសោះ​—ដោយ គ្រាន់តែ​ស្ដាប់​សំឡេង​ទ្រង់ ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ជា​ម្ចាស់​មេត្រីភាព គឺវា​ល្មម​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រឆាំង​ដក​ខ្លួន​ថយ ធ្វើ​ឲ្យ​ពួកគេ​ដួលចុះ ហើយ​ធ្វើឲ្យ​ក្រុម​ទាំងមូល​ប្រាថ្នា​ថា​ចង់​ទៅ​ធ្វើកិច្ចការ​នៅ​ចង្ក្រាន​បាយ​នាយប់​នោះ​ជំនួសវិញ ។

នៅ​ពីរបី​ថ្ងៃ​មុននោះ នៅពេល​ទ្រង់​បាន​ចូល​ទៅ​ក្នុង​ទីក្រុង​ដោយ​ជោគជ័យ « នោះ​កើត​មាន​សេចក្តី​ជ្រួលជ្រើម​ពេញ​ក្នុង​ទី​ក្រុង » បទគម្ពីរ​ចែង​ថា ហើយ​គេ​សួរ​ថា « លោក​នេះ​ជា​អ្នក​ណា ? » ខ្ញុំ​អាច​ស្រមៃ​ឃើញ​ថា​សំណួរ « លោក​នេះ​ជានរណា ? » គឺជា​សំណួរ​ដែល​ពួក​ទាហាន​ដែល​ច្របូកច្របល់​ទាំងនោះ​កំពុង​តែ​សួរ​នា​ពេល​ឥឡូវ​នេះ !

ចម្លើយ‏ ចំពោះ​សំណួរ​នោះ​ពុំ​អាច​ឆ្លើយ​តាម​រូបរាង​ទ្រង់នោះទេ ដ្បិត​អេសាយ​បាន​ព្យាករ​ជាង​ប្រាំពីរ​សតវត្សរ៍​មុន​មក​ថា « ទ្រង់​ឥត​មាន​ទ្រង់ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ទ្រង់ នោះ​ក៏​គ្មាន​ភាព​លំអ​ណា ដែល​ឲ្យ​យើង​រីករាយ​ចិត្ត​ដែរ » ។ ច្បាស់​ណាស់​គឺ​វា​ពុំ​មែន​តាមសម្លៀកបំពាក់​ស្អាតៗ ឬ​សម្បត្តិ​ដ៏​ច្រើន​របស់​ទ្រង់​នោះទេ ព្រោះ​ទ្រង់​គ្មាន​ទេ ។ វា​មិន​អាច​មក​ពី​ការបំពាក់បំប៉ន​អាជីព​នៅក្នុង​រោងជំនុំ​ក្នុង​មូលដ្ឋាន​ទេ ពីព្រោះ​យើង​គ្មាន​ភស្ដុតាង​ថា​ទ្រង់​ធ្លាប់​បាន​សិក្សា​នៅ​ទី​ណាមួយ​នោះដែរ សូម្បី​នៅ​ក្នុង​យុវវ័យ​របស់​ទ្រង់ ទ្រង់​អាច​ពន្យល់​ដល់​ពួក​អាចារ្យ អ្នកច្បាប់​យ៉ាង​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​ពួកគេ​អស្ចារ្យ​ដោយ​គោលលទ្ធិ​របស់​ទ្រង់ « ដូច​ជា​មាន​អំណាច »។​

ចាប់​ពី​ការ​បង្រៀន​នៅក្នុង​ព្រះវិហារ​មក​ដល់​ការ​ចូល​ទៅក្នុង​ទីក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ និង​ការ​ចាប់ខ្លួន​ដោយ​អយុត្តិធម៌ និងចុង​ក្រោយ​នេះ ព្រះយេស៊ូវ​ត្រូវ​ស្ថិត​នៅក្នុង​ស្ថានភាព​លំបាក​ដដែលៗ និង​ស្ថានភាព​ដែល​គេក្បត់​ជាញឹកញាប់ តែ​ទ្រង់​តែងតែ​មាន​ជ័យជំនះ—ជាភាពជោគជ័យ​ដែល​យើង​ពុំ​អាច​ពន្យល់​បាន លើកលែង​តែ​DNA ជា​ព្រះ ។

ប៉ុន្តែ​នៅក្នុង​ប្រវត្តិសាស្ត្រ មាន​មនុស្ស​ជាច្រើន​បាន​ធ្វើ​ឲ្យយើង​មើល​ទៅ​ទ្រង់​ថា​ជា​មនុស្ស​សាមញ្ញ និង​មិនសំខាន់ ព្រមទាំង​ធ្វើ​ជាសាក្សី​ថា​ទ្រង់​ជា​នរណា​ផងដែរ ។ ពួកគេ​បាន​បន្ទាប​សេចក្ដីសុចរិត​របស់​ទ្រង់​ទៅ​ជាការអួតអាង សេចក្ដីយុត្តិធម៌​របស់​ទ្រង់​ទៅ​ជា​កំហឹង សេចក្ដីមេត្តាករុណា​របស់​ទ្រង់​ទៅជា​ភាពអត់ធន់ ។ យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​កុំ​បដិសេធ​ការបង្រៀន​របស់​ទ្រង់ ដែល​យើង​ឃើញ​ថា​ពិបាក​ ដោយ​ព្រោះ​ទ្រង់​ជា​អង្គ​ដ៏​សាមញ្ញ​នោះ​ឡើយ ។ « ការ​ដែល​គេមិនឲ្យ​តម្លៃ » នេះ​គឺមានពិត​ទាក់ទង​នឹង​ការកំណត់​អំពី​គុណធម៌​ដ៏​មហិមា​របស់​ទ្រង់ សេចក្ដីស្រឡាញ់​របស់​ទ្រង់ ។

អំឡុង​បេសកកម្មក្នុង​ជីវិតរមែង​ស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​បង្រៀន​ថា​មាន​បទបញ្ញត្តិ​ដ៏​ធំ​ពីរ​ ។ បទបញ្ញត្តិ​ទាំងនោះ​ត្រូវបាន​បង្រៀន​នៅក្នុង​សន្និសីទ​នេះ ហើយ​នឹងត្រូវបាន​បង្រៀន​ជារៀងរហូត ៖ « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង [ និង ] ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ។​ ប្រសិន​បើ​យើង​ធ្វើតាម​ព្រះអង្គសង្គ្រោះ​ដោយ​ស្មោះត្រង់​គោរព​ច្បាប់​ដែល​សំខាន់ និង​ភ្ជាប់​គ្នា​ទាំងពីរ​នេះ នោះ​យើង​គួរតែ​តោងឲ្យ​ជាប់​ទៅ​នឹង​អ្វី​ដែល​ទ្រង់ ពិតជា មាន​បន្ទូល ។ ហើយ​អ្វី​ដែល​ទ្រង់ ពិតជា មាន​ព្រះបន្ទូល​នោះ​គឺ « បើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់ខ្ញុំ​ចុះ » ។ នៅ​ល្ងាច​ដដែល​នោះ ទ្រង់​បាន​មាន​បន្ទូល​ថា​យើង​ត្រូវ « ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » ។

នៅក្នុង​ខគម្ពីរ​ទាំងនោះ ឃ្លា​ដ៏​ល្អ​ដែល​កំណត់​អំពី​សេចក្ដីពិត និង​សេចក្ដីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ—ពេល​ខ្លះ​សំដៅ​ទៅ​លើ​សេចក្ដីសប្បុរស—​គឺ​សំខាន់​ណាស់ ។

តើ​វា​កំណត់​អ្វីខ្លះ ? តើ​ព្រះយេស៊ូវ​ស្រឡាញ់​ដោយ​របៀប​ណា ?

ទីមួយ ទ្រង់​ស្រឡាញ់​ដោយ « អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង[ របស់​ទ្រង់ ] » ដែល​ផ្ដល់​សមត្ថភាព​ឲ្យ​ទ្រង់​ព្យាបាល​ការឈឺចាប់​ខ្លាំង​បំផុត ហើយ​ប្រកាស​ពី​សេចក្ដីពិត​ចំៗ ។ សរុប​សេចក្ដី​ទៅ ទ្រង់​គឺជា​អង្គ​ដែល​អាច​ផ្ដល់​ព្រះគុណ និង​រក្សា​សេចក្ដីពិត​ក្នុង​ពេល​តែ​មួយ ។​ ដូចដែល​លីហៃ​បាន​ពោល​ក្នុង​ការប្រទានពរ​ដល់​កូនប្រុស​របស់​លោក​យ៉ាកុប « សេចក្ដី​ប្រោសលោះ​នឹង​មក​ដោយ និង​តាមរយៈ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធ ដ្បិត​ទ្រង់​ពោរពេញ​ទៅ​ដោយ​ព្រះគុណ និង​សេចក្ដី​ពិត » ។ សេចក្ដីស្រឡាញ់​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ឱបក្រសោប​ដោយ​ការ​លើកទឹកចិត្ត នៅពេល​ដែល​វា​ចាំបាច់ និង​ផឹក​ពែងល្វីង​នៅពេល​ដែល​ត្រូវ​ផឹក ។ ដូច្នេះ​ចូរ​យើង​ព្យាយាម​ស្រឡាញ់—ឲ្យ​អស់​ពីចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង—ដោយសារ​នោះ​គឺ​ជា​របៀប​ដែល​ទ្រង់​ស្រឡាញ់​យើង ។

លក្ខណៈទីពីរ​នៃ​សេចក្ដី​សប្បុរស​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​គឺ​ការគោរពប្រតិបត្តិ​របស់​ទ្រង់​ចំពោះ ​គ្រប់​ព្រះបន្ទូល ដែល​ចេញ​មកពី​ព្រះឱស្ឋ​ព្រះ តែងតែ​ធ្វើ​ស្រប​តាម​ព្រះទ័យ​និង​ប្រព្រឹត្ត​ដូច​ព្រះវរបិតាសួគ៌​របស់​ទ្រង់ ។

នៅពេល​ទ្រង់​បាន​យាង​មក​ដល់​អឌ្ឍគោល​នេះ​បន្ទាប់​ពី​ការរស់ឡើងវិញ​របស់​ទ្រង់ ព្រះគ្រីស្ទ​មាន​បន្ទូល​ទៅកាន់​សាសន៍​នីហ្វៃ​ថា « មើល​ចុះ យើង​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ… យើង​បាន​ផឹក​នូវ​ពែង​ល្វីង ដែល​ព្រះ​វរបិតា​បាន​ប្រគល់​ដល់​យើង …​ដែល​យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​… ចាប់​តាំង​ពី​ដើមដំបូង​មក »

ទ្រង់​អាច​ណែនាំ​អំពី​ព្រះអង្គ​ទ្រង់​តាម​របៀប​ជាច្រើន ព្រះយេស៊ូវ​បាន​ធ្វើ​ដូច្នោះ ដោយ​ការ​ប្រកាស​អំពី​ការ​គោរព​ប្រតិបត្តិ​របស់​ទ្រង់​ចំពោះ​ព្រះទ័យ​របស់​ព្រះបិតា—ទោះ​នៅគ្រា​ដែល​ទ្រង់​ត្រូវការ​ជំនួយ​បំផុត ជា​ពេល​ដែល​ព្រះរាជបុត្រា​សំណព្វ​តែមួយ​គត់​របស់​ព្រះ មាន​ព្រះទ័យ​ថា​ត្រូវ​បាន​ព្រះវរបិតា​ទ្រង់​បោះបង់​ទ្រង់​ចោល​ទាំងស្រុង​នោះ ។ សេចក្ដីសប្បុរស​របស់​ព្រះគ្រីស្ទ—ជា​ភស្ដុតាង​នៃ​ការ​មាន​ភក្ដីភាព​ទាំងស្រុង​ចំពោះ​ព្រះទ័យ​របស់​ព្រះ—តស៊ូ ហើយ​បន្ដ​តស៊ូ ពុំ​គ្រាន់តែ​នៅពេល​ងាយស្រួល ឬ​ស្រណុក​នោះទេ ប៉ុន្តែ​ជាពិសេស​នៅពេល​ស្ថានភាព​អាក្រក់ និង​ពិបាក​បំផុត ។

បទគម្ពីរ​ចែងថា ព្រះយេស៊ូវ​គឺជា « មនុស្ស​ទូទុក្ខ » ។ ទ្រង់​បានទទួល​បទពិសោធន៍​សោកសៅ នឿយហត់ ខកចិត្ត និង​ភាពឯកោ ។ នៅក្នុង​គ្រា​ទាំងនេះ និង​គ្រប់ពេល​ទាំងអស់ សេចក្ដីស្រឡាញ់​របស់​ព្រះយេស៊ូវ​គឺ​ពុំ​រលត់បាត់​ឡើយ ព្រមទាំង​ព្រះវរបិតា​ទ្រង់​ផងដែរ ។ ដោយ​ក្ដីស្រឡាញ់​ចាស់ទុំ—​ជា​ប្រភេទ​នៃ​ក្ដីស្រឡាញ់​ដែល​ជា​គំរូ ប្រកប​ដោយអំណាច និង​ឥទ្ធិពល—​នឹង​ពុំ​រលត់​ទៅឡើយ ។

ដូច្នេះ​ពេល​ខ្លះ ពេលអ្នក​កាន់តែ​ខិតខំ​វាហាក់បី​ដូចជា​កាន់តែ​ពិបាក ក៏ដូចគ្នានឹង​ពេល​ដែល​អ្នក​ព្យាយាម​ដោះស្រាយ​ភាព​មានកំណត់ និង​ការធ្លាក់​របស់​អ្នក​ នោះ​អ្នក​នឹង​រកឃើញ​នរណាម្នាក់ ឬ​អ្វីមួយ​មក​សាក​សេចក្ដីជំនឿ​របស់​អ្នក ទោះជា​អ្នក​ធ្វើការដោយ​ការលះបង់​ក្ដី ក៏​អ្នក​នៅ​តែមាន​អារម្មណ៍​នៃភាពភ័យខ្លាច​មក​គ្របសង្កត់​លើ​អ្នក​ដែរ ប៉ុន្តែ​សូម​ចងចាំ​ថា វា​បាន​កើត​មាន​ដូច្នោះ​ចំពោះ​មនុស្ស​ស្មោះត្រង់​អស្ចារ្យ​ភាគច្រើន​នៅគ្រប់​យុគសម័យ ។ ក៏​សូម​ចងចាំ​ផងដែរ​ថា មាន​កម្លាំង​មួយ​នៅក្នុង​សាកល​លោក​នេះ វា​តាំង​ចិត្ត​ដើម្បី​ជំទាស់ នឹង​រឿងល្អៗ​ ដែល​អ្នក​ព្យាយាម​ធ្វើ ។

ដូច្នេះ​ទោះ​នៅក្នុង​ភាព​មានបាន ឬ​ភាពក្រីក្រ​ក្ដី ទោះ​ជា​មានការសរសើរ​ដោយសម្ងាត់ ឬ​រិះគន់​ជា​សាធារណៈ​ក្ដី ទោះជា​តាម​ធាតុ​ដ៏​ទេវភាព​នៃ​ការស្ដារឡើងវិញ ឬ​ភាពទន់ខ្សោយ​របស់​មនុស្ស​ជាតិ ដែល​ជា​ផ្នែក​មួយ​ដែល​មិន​អាច​ចៀសបាន​ក្ដី យើង​បន្ដ​នៅ​លើ​ផ្លូវ​ជាមួយ សាសនាចក្រ​ពិត​នៃ​ព្រះគ្រីស្ទ ។ ហេតុអ្វី ? ពីព្រោះ​យើង​ចុះឈ្មោះ​ចូលរៀន​ពេញ​វគ្គ—ពុំ​បញ្ចប់​ត្រឹម​ប្រឡង​វគ្គ​ដំបូង​ខ្លី​មួយ​នោះទេ ប៉ុន្តែ​រៀន​ពេញវគ្គ​រហូត​ដល់​ការប្រឡង​បញ្ចប់ ដូចជា​ព្រះអង្គប្រោសលោះ​របស់​យើង ។ អំណរ​នៅក្នុង​ការណ៍​នេះ​គឺ​ថា នាយកសាលា​បាន​ផ្ដល់​ចម្លើយ​ដល់​យើង​ទាំងអស់​គ្នា​ ពី​មុន​ចូលរៀន ទៅទៀត ។ បន្ថែម​ពីលើ​នោះ យើង​មាន​នាយកសាលា​ដែល​រំឭក​យើង​អំពី​ចម្លើយ​ទាំងនេះ​នៅ​ពេល​ប្រឡង​ម្ដងៗ ។ ប៉ុន្តែ​ប្រាកដណាស់ កិច្ចការ​នេះ​ពុំ​ដំណើរការ​ទេ ប្រសិន​បើ​យើង​បន្ដ​ផ្លោះ​ថ្នាក់​នោះ ។

« តើ​អ្នក​មក​រក​នរណា ? » យើង​ឆ្លើយ​ដោយ​អស់​ពីដួងចិត្ត​របស់​យើង​ថា « ព្រះយេស៊ូវ​នៃ​ណាសារ៉ែត » ។ នៅពេល​ទ្រង់​មាន​បន្ទូល​ថា « គឺ​ខ្ញុំ​នេះ​ហើយ » នោះ​យើង​លុតជង្គង់​ចុះ ហើយ​សារភាព​ដោយ​អណ្ដាត​របស់​យើង​ថា ទ្រង់​គឺ​ជា​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ថា​ទ្រង់​បាន​ធួន​តែអង្គឯង​សម្រាប់​អំពើបាប​របស់​យើង ថា​ទ្រង់​លើក​យើង​ឡើង ទោះ​ជា​យើង​បាន​គិត​ថា​ទ្រង់​បាន​បោះបង់​យើង​ចោល​ក្ដី ។ នៅ​ពេល​យើង​ឈរ​នៅ​ចំពោះ​ទ្រង់ ហើយ​មើល​របួស​នៅលើ​ព្រះហស្ត និង​ព្រះបាទា នោះ​យើង​នឹង​ចាប់ផ្ដើម​យល់​ពី​អត្ថន័យ​ដែល​ទ្រង់ គោរពប្រតិបត្តិ​ទាំងស្រុង​ចំពោះ​ព្រះវរបិតា ដើម្បី​រែក​អំពើបាប ហើយ​ស្គាល់​ពី​ទុក្ខសោក​របស់​យើង ដែល​អ្វីៗ​ទាំងអស់​នេះ​កើត​ចេញ​មកពី​សេចក្ដីស្រឡាញ់​ពិត​ចំពោះ​យើង ។ ដើម្បី​ណែនាំ​អ្នកដទៃ​អំពី​សេចក្ដីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទទួលយក​ពរជ័យរបស់​យើង​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​—​ទាំងនេះ​គឺជា​គ្រឹះ​នៃ « គោលការណ៍ និង​ពិធីបរិសុទ្ធ » ដែល​កំណត់​ពី​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​អ្នក​ជិតខាង ហើយ​កំណត់​អំពី​សាសនាចក្រ​ពិត​របស់​ព្រះគ្រីស្ទ​ដោយ​អំណរ ។

បងប្អូន​ប្រុសស្រី ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជា​យាន​ដែល​ព្រះ​ដែល​ប្រទាន​ឲ្យ​សម្រាប់​ភាព​តម្កើង​ឡើង​របស់​យើង ។ ដំណឹងល្អ​ដែល​សាសនាចក្រ​បង្រៀន​គឺ​ជា​ការពិត ហើយ​បព្វជិតភាព​គឺ​មានពិត​ពុំ​មាន​អ្វី​ជំនួស​ឡើយ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថាប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី​មួយ​រូប​របស់​ព្រះ​នៃ​យើង​ដូចជា​អ្នក​ស្នង​តំណែង​ពីមុន និង​បន្ទាប់ទៀត​របស់​ទ្រង់​ដែរ ។ ហើយ​នៅ​ថ្ងៃមួយ​ការណែនាំ​ពី​ព្យាការី​នោះ​នឹង​ដឹកនាំ​ជំនាន់​មួយ​ដើម្បី​មើល​ឃើញ​អង្គ​នៃ​សេចក្ដីសង្គ្រោះ​របស់​យើង​យាងចុះមក​​ដូចជា​ « ផ្លេកបន្ទោរ … ពី​ទិស​ខាង​កើត » ហើយ​យើង​នឹង​ប្រកាស​ថា « ព្រះយេស៊ូវ​នៃ​ណាសារ៉ែត » ។ ដោយ​ព្រះហស្ថ​លាតលា និង​សេចក្ដីស្រឡាញ់​ស្មោះត្រង់ នោះ​ទ្រង់​នឹង​តប​ថា « គឺ​ខ្ញុំ​នេះ​ហើយ » ។​ ដូច្នេះ​ខ្ញុំ​សូម​សន្យា​ដោយ​អំណាច និង​សិទ្ធិ​អំណាច​ជាសាវក​អំពី​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។