ការទុកចិត្តលើព្រះវរបិតារបស់យើង
ព្រះទុកព្រះទ័យលើយើងឲ្យធ្វើការសម្រេចចិត្តសំខាន់ៗជាច្រើន ហើយនៅក្នុងបញ្ហាទាំងអស់នោះ ទ្រង់សុំឲ្យយើងទុកចិត្តទ្រង់ ។
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៨៤៣ អាដឌីសុន ប្រាត្ត បានចាកចេញពីទីក្រុងណៅវូ រដ្ឋអិលលីណោយ ដើម្បីទៅផ្សព្វផ្សាយដំណឹងល្អនៅកោះហាវ៉ៃ ដោយទុកឲ្យប្រពន្ធរបស់គាត់ លូវីសា បានស៍ ប្រាត្ត ថែទាំគ្រួសារដ៏ក្មេងខ្ចីរបស់ពួកគេ ។
នៅទីក្រុងណៅវូ ពេលដែលការធ្វើទុក្ខបុកម្នេញនៅទីក្រុងណៅវូ កាន់តែឡើងកម្ដៅខ្លាំងឡើង ដោយបង្ខំឲ្យពួកបរិសុទ្ធចាកចេញ ហើយក្រោយមកនៅ វិនទើរ ខួរទើរ្ស ខណៈដែលពួកគេរៀបចំធ្វើចំណាកស្រុកទៅកាន់ជ្រលងភ្នំ សលថ៍ លេក នោះ លូវីសា ប្រឈមមុខនឹងការសម្រេចចិត្តថាត្រូវធ្វើដំណើរទៅឬអត់ ។ វាងាយស្រួលក្នុងការនៅទីនោះ ហើយរង់ចាំ អេដឌីសុន ត្រឡប់មកវិញ ជាងការធ្វើដំណើរតែម្នាក់ឯង ។
ទាំងពីរដងដែលនាងត្រូវសម្រេចចិត្ត នាងបានស្វែងរកការណែនាំពីព្យាការី ព្រិកហាំ យ៉ង់ ដែលបានលើកទឹកចិត្តនាងឲ្យទៅ ។ ទោះបីមានការលំបាកយ៉ាងខ្លាំង និងការស្ទាក់ស្ទើរផ្ទាល់ខ្លួនក្ដី ក៏នាងបានធ្វើដំណើរដោយជោគជ័យរាល់ដង ។
ដំបូងឡើយ លូវីសា បានរកឃើញអំណរតែបន្តិចបន្តួចប៉ុណ្ណោះក្នុងការធ្វើដំណើរ ។ ទោះយ៉ាងណា នាងបានចាប់ផ្តើមរីករាយពេលឃើញវាលស្មៅពណ៌បៃតងដ៏ល្វឹងល្វើយ ផ្កាព្រៃចម្រុះពណ៌ និងដីនៅតាមច្រាំងទន្លេ ។ នាងបានកត់ត្រាថា « ភាពស្រអាប់ក្នុងចិត្តខ្ញុំបានរសាយទៅបន្តិចម្តងៗ ហើយមិនមានស្ត្រីណាទៀតក្នុងក្រុមដែលមានភាពរីករាយជាងខ្ញុំនោះទេ » ។
ដំណើររឿងរបស់ លូវីសា បានបំផុសគំនិតខ្ញុំយ៉ាងជ្រាលជ្រៅ ។ ខ្ញុំកោតសរសើរចំពោះឆន្ទៈរបស់នាងក្នុងការទុកអ្វីដែលនាងចង់បានមួយឡែក សមត្ថភាពរបស់នាងក្នុងការទុកចិត្តព្រះ និងរបៀបដែលការអនុវត្តសេចក្ដីជំនឿរបស់នាងបានជួយនាងឲ្យមើលឃើញស្ថានភាពខុសពីមុន ។
នាងបានរំឭកខ្ញុំថា យើងមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែលពេញដោយសេចក្ដីស្រឡាញ់ ដែលយកចិត្តទុកដាក់ចំពោះយើងគ្រប់កន្លែងដែលយើងនៅ និងថាយើងអាចទុកចិត្តទ្រង់ជាងអ្នកណា ឬអ្វីផ្សេងៗទៀតទាំងអស់ ។
ប្រភពនៃសេចក្ដីពិត
ព្រះទុកព្រះទ័យលើយើងឲ្យធ្វើការសម្រេចចិត្តសំខាន់ៗជាច្រើន ហើយនៅក្នុងបញ្ហាទាំងអស់នោះ ទ្រង់សុំឲ្យយើងទុកចិត្តទ្រង់ ។ នេះជារឿងដ៏លំបាក ជាពិសេសនៅពេលដែលការវិនិច្ឆ័យរបស់យើង ឬមតិសាធារណៈ ខុសពីព្រះឆន្ទៈរបស់ទ្រង់សម្រាប់បុត្រាបុត្រីទ្រង់ ។
មនុស្សមួយចំនួនផ្ដល់យោបល់ថា យើងគួរតែផ្លាស់ប្ដូរនិយមន័យនៃអ្វីដែលត្រូវ និងអ្វីដែលខុស ព្រោះពួកគេនិយាយថា សេចក្ដីពិតគឺមិនដាច់ខាតទេ ឯភាពពិតគឺត្រូវបានកំណត់ដោយខ្លួនឯង ឬព្រះមានព្រះទ័យសប្បុរសណាស់ ដ្បិតទ្រង់មិនជាខ្វល់អំពីអ្វីដែលយើងធ្វើនោះទេ ។
នៅពេលយើងស្វែងយល់និងទទួលយកព្រះឆន្ទៈរបស់ព្រះ វាអាចជួយឲ្យយើងចងចាំថា ព្រំដែនរវាងត្រូវ និងខុស គឺមិនមែនសម្រាប់យើងដើម្បីកំណត់នោះទេ ។ ព្រះបានបង្កើតព្រំដែនទាំងនេះដោយផ្ទាល់ ដោយផ្អែកលើសេចក្ដីពិតដ៏អស់កល្បសម្រាប់ជាផលប្រយោជន៍ និងពរជ័យដល់យើង ។
បំណងប្រាថ្នាដើម្បីផ្លាស់ប្តូរសេចក្ដីពិតដ៏អស់កល្បជានិច្ចរបស់ព្រះមានប្រវត្តិជាយូរលង់ណាស់មកហើយ ។ វាបានចាប់ផ្តើមមុនពិភពលោកនេះបានចាប់ផ្តើមទៅទៀត គឺនៅពេលដែលសាតាំងបានបះបោរប្រឆាំងនឹងផែនការរបស់ព្រះ ដោយព្យាយាមយ៉ាងអាត្មានិយមដើម្បីបំផ្លាញសិទ្ធិជ្រើសរើសរបស់មនុស្ស ។ តាមលំនាំនេះ មនុស្សដូចជា សេរេម នីហូរ និងកូរីហូរ បានប្រកែកថា សេចក្តីជំនឿជារឿងឆ្កួតលីលា វិវរណៈគឺមិនទាក់ទងនឹងយើងសោះ ហើយអ្វីដែលយើងចង់ធ្វើគឺត្រឹមត្រូវ ។ គួរឲ្យសោកស្តាយ ជាញឹកញាប់ណាស់ ការឃ្លាតឆ្ងាយពីសេចក្ដីពិតរបស់ព្រះបាននាំឲ្យមានទុក្ខព្រួយយ៉ាងធំ ។
ខណៈដែលរឿងមួយចំនួនអាចអាស្រ័យលើបរិបទ តែមិនមែនរឿងគ្រប់យ៉ាងដូចនោះទេ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនយ៉ាងខ្ជាប់ខ្ជួនថា សេចក្ដីពិតនៃការសង្គ្រោះរបស់ព្រះគឺច្បាស់លាស់ ឯករាជ្យ និងត្រូវបានកំណត់ដោយព្រះផ្ទាល់ ។
ជម្រើសរបស់យើង
អ្នកដែលយើងជ្រើសរើសទុកចិត្ត គឺជាការសម្រេចចិត្តដ៏សំខាន់មួយក្នុងជីវិត ។ ស្តេចបេនយ៉ាមីនបានណែនាំប្រជាជនរបស់ទ្រង់ថា « សូមជឿដល់ព្រះចុះ សូមជឿថា ទ្រង់មានព្រះជន្មរស់នៅ … ទ្រង់មានគ្រប់ប្រាជ្ញា … ជឿថា មនុស្សពុំយល់នូវអ្វីទាំងអស់ ដែលព្រះទ្រង់អាចយល់បាននោះឡើយ » ។
សំណាងល្អ យើងមានព្រះគម្ពីរ និងការណែនាំពីព្យាការីដែលនៅរស់ ដើម្បីជួយយើងឲ្យយល់ពីសេចក្ដីពិតរបស់ព្រះ ។ បើយើងត្រូវការការបញ្ជាក់លើសពីអ្វីដែលយើងមាន ព្រះប្រទានវាតាមរយៈព្យាការីរបស់ទ្រង់ ។ ហើយទ្រង់នឹងឆ្លើយតបការអធិស្ឋានដ៏ស្មោះរបស់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងស្វែងរកការយល់ដឹងអំពីសេចក្ដីពិតដែលយើងមិនទាន់ដឹងច្បាស់នៅឡើយ ។
អែលឌើរ នែល អិល អាន់ឌើរសិន ធ្លាប់បានបង្រៀនថា យើងមិនគួរភ្ញាក់ផ្អើលទេ « ពេលទស្សនផ្ទាល់ខ្លួន [ របស់យើង ] ចាប់ផ្តើមមិនស្របជាមួយនឹងការបង្រៀនរបស់ព្យាការីនៃព្រះអម្ចាស់ជានិច្ចនោះ ។ លោកបានមានប្រសាសន៍ថា « នោះគឺជាឱកាសដើម្បីរៀនសូត្រ បន្ទាបខ្លួន នៅពេលយើងលុតជង្គង់ចុះអធិស្ឋាន » ។ យើងបោះជំហានទៅមុខដោយសេចក្តីជំនឿ ដោយទុកចិត្តលើព្រះ ដោយដឹងថា ជាមួយនឹងពេលវេលា នោះយើងទទួលការបញ្ជាក់កាន់តែច្បាស់ខាងវិញ្ញាណមកពីព្រះវរបិតាសួគ៌របស់យើង » ។
គ្រប់ពេលទាំងអស់ វាមានប្រយោជន៍ក្នុងការចាំពីការបង្រៀនរបស់អាលម៉ាថា ព្រះប្រទានព្រះបន្ទូលរបស់ទ្រង់ទៅតាមការយកចិត្តទុកដាក់ និងការខិតខំដែលយើងផ្ដល់ចំពោះវាតែប៉ុណ្ណោះ ។ បើយើងស្ដាប់តាមព្រះបន្ទូលរបស់ព្រះ យើងនឹងទទួលបានកាន់តែច្រើន បើយើងមិនអើពើនឹងការប្រឹក្សារបស់ទ្រង់ នោះយើងនឹងទទួលកាន់តែតិចទៅៗ រហូតដល់យើងគ្មានអ្វីសោះឡើយ ។ ការបាត់បង់ការចេះដឹងនេះមិនមានន័យថា សេចក្ដីពិតគឺខុសឆ្គងនោះទេ ផ្ទុយទៅវិញវាបង្ហាញថា យើងបានបាត់បង់សមត្ថភាពក្នុងការយល់អំពីវា ។
ចូរមើលទៅព្រះអង្គសង្គ្រោះ
នៅក្រុងកាពើណិម ព្រះអង្គសង្គ្រោះបានបង្រៀនអំពីអត្តសញ្ញាណ និងបេសកកម្មរបស់ទ្រង់ ។ មនុស្សជាច្រើនបានឃើញថា ព្រះបន្ទូលរបស់ទ្រង់ពិបាកស្តាប់ នាំឲ្យពួកគេងាកចេញហើយ « [ មិនដើរ ] តាមទ្រង់ទៀត » ។
ហេតុអ្វីបានជាពួកគេដើរចេញ ?
ព្រោះពួកគេមិនចូលចិត្តអ្វីដែលទ្រង់បានមានបន្ទូល ។ ដូច្នេះ ដោយការទុកចិត្តលើការវិនិច្ឆ័យរបស់ខ្លួនគេផ្ទាល់ នោះពួកគេបានដើរចេញ ដោយបដិសេធពរជ័យដល់ខ្លួនឯង ដែលពួកគេនឹងទទួលបានប្រសិនបើពួកគេបន្តនៅទីនោះ ។
វាងាយទេដែលឲ្យការឆ្មើងឆ្មៃរបស់យើងចូលមកកាត់រវាងយើង និងសេចក្ដីពិតដ៏អស់កល្ប ។ នៅពេលយើងមិនយល់ យើងអាចផ្អាក អនុញ្ញាតឲ្យអារម្មណ៍របស់យើងស្ងប់ ហើយបន្ទាប់មកជ្រើសរើសរបៀបឆ្លើយតប ។ ព្រះអង្គសង្រ្គោះអញ្ជើញយើងឲ្យ « មើលមកឯ [ ទ្រង់ ] ដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ។ ពេលយើងផ្តោតលើព្រះអង្គសង្គ្រោះ នោះសេចក្តីជំនឿរបស់យើងអាចចាប់ផ្តើមយកឈ្នះលើការព្រួយបារម្ភរបស់យើង ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានលើកទឹកចិត្តយើងថា « ចូរសង្ស័យមន្ទិលអ្នក ពីមុនសង្ស័យសេចក្ដីជំនឿអ្នក ។ យើងពុំត្រូវអនុញ្ញាតឲ្យមន្ទិលចាប់យើងជាអ្នកទោស ហើយបញ្ចៀសយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ភាពសុខសាន្ត និងអំណោយទាន ដែលបានមកពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទជាដាច់ខាត » ។
ពរជ័យមានដល់អ្នកដែលនៅបន្ត
ពេលដែលពួកសិស្សបានដើរចេញពីព្រះអង្គសង្គ្រោះនៅថ្ងៃនោះ ក្រោយមកទ្រង់បានសួរពួកសាវកដប់ពីរនាក់ថា « អ្នករាល់គ្នាចង់ថយទៅដែរឬ ? »
ពេត្រុសបានទូលថា ៖
« ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ? គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច ។
« យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត » ។
ឥឡូវពួកសាវកបានរស់នៅក្នុងពិភពតែមួយ ហើយបានជួបនឹងសម្ពាធខាងសង្គមដូចគ្នានឹងពួកសិស្សដែលបានដើរចេញដែរ ។ ទោះជាយ៉ាងណា ក្នុងគ្រានេះ ពួកលោកបានជ្រើសរើសសេចក្ដីជំនឿរបស់ពួកលោក និងបានទុកចិត្តព្រះ ដូច្នេះពួកលោកបានរក្សាពរជ័យដែលព្រះប្រទានដល់ពួកអ្នកដែលនៅបន្ត ។
ប្រហែលជាបងប្អូន ដូចជាខ្ញុំដែរ ពេលខ្លះឃើញខ្លួនឯងស្ថិតនៅសងខាងនៃការសម្រេចចិត្តនេះ ។ ពេលយើងឃើញថា វាពិបាកក្នុងការយល់ ឬក្នុងការក្រសោបយកព្រះឆន្ទៈរបស់ព្រះ វាជាការលួងលោមក្នុងការចាំថា ទ្រង់ស្រឡាញ់យើងជាខ្លួនយើង មិនថាយើងស្ថិតនៅចំណុចណាទេ ។ ហើយទ្រង់មានអ្វីដែលល្អប្រសើរសម្រាប់យើង ។ បើយើងឈោងទៅរកទ្រង់ ទ្រង់នឹងជួយយើង ។
ខណៈដែលការឈោងទៅរកទ្រង់អាចជាការលំបាក ដូចជាឪពុកដែលបានស្វែងរកការព្យាបាលសម្រាប់កូនប្រុសគាត់ ដែលព្រះអង្គសង្គ្រោះបានប្រាប់គាត់ថា « ការណ៍ទាំងអស់នឹងសម្រេចបាន ដល់អ្នកណាដែលជឿ » ។ នៅក្នុងគ្រានៃសេចក្ដីលំបាករបស់យើង យើងក៏បន្លឺវាចាទាំងទឹកភ្នែកដែរថា « សូមជួយចំពោះសេចក្ដីណាដែលខ្ញុំមិនជឿផង » ។
ការចុះចូលតាមព្រះឆន្ទៈរបស់ព្រះ
អែលឌើរ នែល អេ ម៉ាក់ស្វែល ធ្លាប់បានបង្រៀនថា « ការចុះចូលតាមឆន្ទៈរបស់មនុស្សម្នាក់ គឺពិតជារឿងផ្ទាល់ខ្លួនជាពិសេស ដែលយើងត្រូវដាក់នៅលើអាសនារបស់ព្រះ » ។ មិនចម្លែកទេដែលស្ដេចបេនយ៉ាមីនមានព្រះទ័យចង់ឲ្យរាស្ត្រទ្រង់ក្លាយ « ទៅដូចជាកូនក្មេង ងាយប្រដៅ ស្លូតបូត ទាបរាបសា អត់ឱន ពោរពេញទៅដោយសេចក្ដីស្រឡាញ់ ព្រមទទួលនូវអ្វីៗទាំងអស់ ដែលព្រះអម្ចាស់ទ្រង់ទតឃើញថាល្អ ដូចជាកូនក្មេងព្រមធ្វើតាមឪពុកខ្លួនដូច្នោះ » ។
ដូចរាល់ដង ព្រះអង្គសង្គ្រោះបានធ្វើជាគំរូដ៏ឥតខ្ចោះសម្រាប់យើង ។ ដោយមានទុក្ខព្រួយជាខ្លាំង ហើយដោយដឹងពីកិច្ចការដ៏ឈឺចាប់ដែលទ្រង់ត្រូវធ្វើ ទ្រង់បានចុះចូលនឹងព្រះឆន្ទៈរបស់ព្រះវរបិតាទ្រង់ ដោយបំពេញបេសកកម្មព្រះមែស៊ីរបស់ទ្រង់ និងបើកការសន្យានៃភាពអស់កល្បជានិច្ចដល់បងប្អូន និងខ្ញុំ ។
ជម្រើសដើម្បីចុះចូលឆន្ទៈរបស់យើងតាមព្រះឆន្ទៈរបស់ទ្រង់ គឺជាទង្វើនៃសេចក្ដីជំនឿ ដែលដក់ជាប់ក្នុងដួងចិត្តនៃភាពជាសិស្សរបស់យើង ។ ក្នុងការធ្វើការជ្រើសរើសនោះ យើងឃើញថា សិទ្ធិជ្រើសរើសរបស់យើងមិនត្រូវបានកាត់បន្ថយទេ ផ្ទុយទៅវិញ វាត្រូវបានពង្រីក និងផ្តល់រង្វាន់ដោយវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ ដែលនាំមកនូវគោលបំណង អំណរ ភាពសុខសាន្ត និងក្តីសង្ឃឹមដែលយើងមិនអាចរកបាននៅកន្លែងណាផ្សេងទៀតឡើយ ។
ប៉ុន្មានខែកន្លងទៅនេះ ប្រធានស្តេកម្នាក់ និងខ្ញុំបានទៅសួរសុខទុក្ខបងស្រីម្នាក់នៅក្នុងស្តេករបស់គាត់ ព្រមទាំងកូនប្រុសយុវមជ្ឈិមវ័យរបស់បងស្រីនោះ ។ បន្ទាប់ពីឃ្លាតឆ្ងាយពីសាសនាចក្រអស់ជាច្រើនឆ្នាំ ដោយវង្វេងលើផ្លូវដ៏លំបាក និងមានឧបសគ្គ នោះគាត់បានវិលត្រឡប់មកវិញ ។ អំឡុងពេលសួរសុខទុក្ខរបស់យើង យើងបានសួរគាត់ថា ហេតុអ្វីបានជាគាត់ត្រឡប់មកវិញ ។
គាត់បាននិយាយថា « ខ្ញុំបានធ្វើឲ្យជីវិតខ្ញុំរញ៉េរញ៉ៃ ហើយខ្ញុំដឹងថា ខ្ញុំត្រូវនៅកន្លែងណា » ។
បន្ទាប់មក ខ្ញុំបានសួរគាត់ថា តើគាត់បានរៀនអ្វីខ្លះនៅក្នុងដំណើរជីវិតរបស់គាត់ ។
ដោយមានអារម្មណ៍ក្ដុកក្ដួល គាត់បានចែកចាយថា គាត់បានរៀនថា គាត់ត្រូវចូលរួមព្រះវិហារឲ្យបានយូរគ្រប់គ្រាន់ដើម្បីបំបែកទម្លាប់មិនមកព្រះវិហារ ហើយថាគាត់ត្រូវនៅរហូតដល់វាជាកន្លែងដែលគាត់ចង់នៅ ។ ការត្រឡប់មកវិញរបស់គាត់គឺមិនងាយស្រួលទេ ប៉ុន្តែគាត់បានអនុវត្តសេចក្ដីជំនឿទៅលើផែនការរបស់ព្រះវរបិតា ហើយគាត់បានទទួលអារម្មណ៍ពីព្រះវិញ្ញាណឡើងវិញ ។
ក្រោយមក គាត់បានបន្ថែមថា « ខ្ញុំបានរៀនដោយខ្លួនឯងថា ព្រះគឺល្អ ហើយថាវិធីរបស់ទ្រង់គឺល្អជាងរបស់ខ្ញុំ » ។
ខ្ញុំសូមធ្វើជាសាក្សីអំពីព្រះជាព្រះបិតាដ៏អស់កល្បជានិច្ចរបស់យើង ដែលស្រឡាញ់យើង និងអំពីព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ដែលបានសង្គ្រោះយើង ។ ទ្រង់ទាំងទ្វេដឹងពីការឈឺចាប់ និងឧបសគ្គរបស់យើង ។ ទ្រង់ទាំងទ្វេនឹងមិនបោះបង់យើងឡើយ ហើយដឹងយ៉ាងល្អឥតខ្ចោះពីរបៀបជួយយើង ។ យើងអាចមានសេចក្ដីសង្ឃឹម កាលយើងទុកចិត្តទ្រង់ទាំងទ្វេច្រើនជាងអ្នកណា ឬអ្វីផ្សេងៗទៀតទាំងអស់ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕