អំណរនៃសេចក្តីប្រោសលោះ
សេចក្តីស្រឡាញ់ និងព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទអាចសង្គ្រោះយើងម្នាក់ៗពីកំហុស ភាពទន់ខ្សោយ និងអំពើបាបរបស់យើង ហើយជួយយើងឲ្យប្រែក្លាយកាន់តែប្រសើរ ។
ប្រមាណជា ១០ ឆ្នាំកន្លងទៅហើយ ខ្ញុំបានទទួលចំណាប់អារម្មណ៍ឲ្យគូររូបព្រះអង្គសង្គ្រោះ ។ ទោះខ្ញុំជាវិចិត្រករក្ដី ក៏ការណ៍នេះធ្វើឲ្យខ្ញុំមានការថប់បារម្ភដែរ ។ តើ ខ្ញុំ ត្រូវគូររូបព្រះយេស៊ូវគ្រីស្ទបែបណាទើបអាចផ្ដិតយកវិញ្ញាណរបស់ទ្រង់បាន ? តើខ្ញុំត្រូវចាប់ផ្ដើមពីត្រង់ណាទៅ ? ហើយតើខ្ញុំនឹងរកពេលពីណាបាន ?
ទោះជាខ្ញុំមានសំណួរទាំងនេះក្ដី ក៏ខ្ញុំបានសម្រេចចិត្តថានឹងគូររូប ហើយទុកចិត្តថា ព្រះអម្ចាស់នឹងជួយខ្ញុំ ។ ប៉ុន្តែខ្ញុំត្រូវតែបន្តឆ្ពោះទៅមុខ ហើយ ទុកចិត្ត លើទ្រង់ ។ ខ្ញុំបានអធិស្ឋាន ជញ្ជឹងគិត ស្រាវជ្រាវ និងគូរព្រាង ហើយខ្ញុំបានទទួលពរឲ្យរកឃើញជំនួយ និងធនធាន ។ ហើយអ្វីដែលជាផ្ទាំងពណ៌-សបានចាប់ផ្ដើមចេញជារូបរាង ។
ដំណើរការនេះពុំងាយស្រួលឡើយ ។ ពេលខ្លះវាមើលទៅមិនដូចជាអ្វីដែលខ្ញុំបានសង្ឃឹមទុកសោះ ។ ពេលខ្លះមានពេលដែលខ្ញុំទទួលបានការបំផុសគំនិតឲ្យគូរបានយ៉ាងស្អាត ។ ហើយជាច្រើនដង ខ្ញុំត្រូវព្យាយាមម្តងហើយម្តងទៀត ។
នៅពេលខ្ញុំគិតថាគំនូរប្រេងនៅទីបំផុតបានរួចរាល់ និងស្ងួតអស់ហើយ ខ្ញុំបានចាប់ផ្តើមលាបថ្នាំឲ្យភ្លឺរលោងពីលើដើម្បីការពារវាពីភាពកខ្វក់ និងធូលី ។ ពេលខ្ញុំបានធ្វើដូច្នោះ ខ្ញុំបានសង្កេតឃើញថា សក់នៅក្នុងគំនូរចាប់ផ្តើមប្តូរ ខូចពណ៌ និងរលាយ ។ ខ្ញុំដឹងភ្លាមថាខ្ញុំលាបថ្នាំឲ្យភ្លឺរលោងឆាប់ពេកហើយផ្នែកនោះនៅសើមនៅឡើយ !
ខ្ញុំបានលុបគំនូរផ្នែកនោះចោល ។ ខ្ញុំបារម្ភយ៉ាងខ្លាំង ។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាខ្ញុំទើបតែបំផ្លាញអ្វីដែលព្រះបានជួយខ្ញុំឲ្យធ្វើ ។ ខ្ញុំយំ ហើយឈឺចាប់ក្នុងចិត្ត ។ ដោយភាពអស់សង្ឃឹម ខ្ញុំបានធ្វើអ្វីដែលមនុស្សទូទៅនឹងធ្វើក្នុងស្ថានភាពបែបនេះ ៖ ខ្ញុំបានទូរសព្ទទៅម្តាយរបស់ខ្ញុំ ។ គាត់បានមានប្រសាសន៍ដោយឈ្លាសវៃ និងដោយចិត្ដត្រជាក់ថា « កូននឹងមិនបានមកវិញនូវអ្វីដែលកូនធ្លាប់មានទេ ប៉ុន្តែកូនត្រូវធ្វើឲ្យអស់ពីសមត្ថភាពជាមួយនឹងអ្វីដែលកូនកំពុងមាន » ។
ដូច្នេះ ខ្ញុំបានអធិស្ឋាន ហើយអង្វរសូមជំនួយ ហើយបានគូរពេញមួយយប់ដើម្បីជួសជុលផ្នែកនោះ ។ ហើយខ្ញុំចាំថា ពេលខ្ញុំមើលរូបគំនូរនោះនៅពេលព្រឹក—វាមើលទៅល្អជាងមុនទៅទៀត ។ តើវាអាចកើតឡើងយ៉ាងម៉េចបាន ? អ្វីដែលខ្ញុំគិតថាជាកំហុសដែលមិនអាចកែប្រែបាន គឺជាឱកាសមួយដែលបើកឲ្យព្រះហស្តដ៏មេត្តាករុណារបស់ទ្រង់បានបង្ហាញឡើង ។ ទ្រង់មិនទាន់បញ្ចប់រូបគំនូរនោះទេ ហើយទ្រង់ក៏មិនទាន់បញ្ចប់ជាមួយខ្ញុំដែរ ។ អំណរ និងការធូរស្បើយយ៉ាងខ្លាំងក្លាបានបំពេញដួងចិត្តរបស់ខ្ញុំ ។ ខ្ញុំបានសរសើរតម្កើងព្រះអម្ចាស់ចំពោះសេចក្តីមេត្តាករុណារបស់ទ្រង់ សម្រាប់អព្ភូតហេតុនេះដែលមិនគ្រាន់តែបានជួយស្រោចស្រង់រូបគំនូរនោះប៉ុណ្ណោះទេ ប៉ុន្តែបានបង្រៀនខ្ញុំបន្ថែមទៀតអំពីសេចក្តីស្រឡាញ់ និងព្រះចេស្ដារបស់ទ្រង់ក្នុងការសង្គ្រោះយើងម្នាក់ៗពីកំហុស ភាពទន់ខ្សោយ និងអំពើបាបរបស់យើង ហើយជួយយើងឲ្យក្លាយជាមនុស្សល្អប្រសើរ ។
ដូចជាជម្រៅនៃការដឹងគុណរបស់ខ្ញុំចំពោះព្រះអង្គសង្គ្រោះបានកើនឡើង នៅពេលទ្រង់បានជួយខ្ញុំដោយក្តីមេត្តាក្នុងការជួសជុលផ្ទាំងគំនូរ « ដែលមិនអាចជួសជុលបាន »ដែរ នោះសេចក្តីស្រឡាញ់ និងការដឹងគុណផ្ទាល់ខ្លួនរបស់ខ្ញុំចំពោះព្រះអង្គសង្គ្រោះរបស់ខ្ញុំកាន់តែខ្លាំង ពេលខ្ញុំបានខិតខំធ្វើការ ជាមួយទ្រង់លើភាពទន់ខ្សោយរបស់ខ្ញុំ ហើយទទួលការអភ័យទោសចំពោះកំហុសរបស់ខ្ញុំ ។ ខ្ញុំនឹងមានអំណរគុណជារៀងរហូតចំពោះព្រះអង្គសង្គ្រោះរបស់ខ្ញុំដែលខ្ញុំអាចផ្លាស់ប្ដូរ ហើយស្អាតស្អំ ។ ខ្ញុំថ្វាយដួងចិត្ដ និងក្តីសង្ឃឹមរបស់ខ្ញុំចំពោះទ្រង់ ដើម្បីទ្រង់អាចធ្វើអ្វីក៏ដោយដែលទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើ និងប្រែក្លាយជា ។
ការប្រែចិត្តអនុញ្ញាតឲ្យយើងទទួលអារម្មណ៍នូវសេចក្តីស្រឡាញ់របស់ព្រះ ហើយស្គាល់ និងស្រឡាញ់ទ្រង់តាមរបៀបដែលយើងមិនអាចដឹងតាមរបៀបផ្សេងទៀតបាន ។ ទ្រង់មានបន្ទូលអំពីស្ត្រីដែលចាក់ប្រេងលាបព្រះបាទារបស់ព្រះអង្គសង្គ្រោះថា « បាបនាងដែលមានច្រើនទាំងម៉្លេះ បានអត់ទោសឲ្យនាងហើយ ដ្បិតនាងមានសេចក្តីស្រឡាញ់ជាច្រើន ប៉ុន្តែ អ្នកណាដែលគេអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិច » ។ នាងស្រឡាញ់ព្រះយេស៊ូវជាខ្លាំង ព្រោះទ្រង់បានអត់ទោសឲ្យនាងច្រើនណាស់ ។
មានការធូរស្បើយ និងសេចក្តីសង្ឃឹមបែបនេះដោយដឹងថា យើងអាចព្យាយាមម្តងទៀត—ដូចដែលអែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា យើងអាចទទួលបានការផ្ដាច់បាបជាបន្តបន្ទាប់តាមរយៈការញែកជាបរិសុទ្ធដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងប្រែចិត្តដោយពិតប្រាកដ និងដោយស្មោះ ។
ព្រះចេស្ដាដ៏ប្រោសលោះនៃព្រះយេស៊ូវគ្រីស្ទគឺជាពរជ័យដែលបានសន្យាដ៏មហិមាបំផុតមួយនៃសេចក្តីសញ្ញារបស់យើង ។ ចូរពិចារណាអំពីការណ៍នេះ នៅពេលបងប្អូនចូលរួមក្នុងពិធីបរិសុទ្ធដ៏ពិសិដ្ឋនានា ។ បើគ្មានវាទេ យើងមិនអាចត្រឡប់ទៅកាន់ទីវត្តមាននៃព្រះវរបិតាសួគ៌របស់យើង និងអស់អ្នកដែលយើងស្រឡាញ់បានឡើយ ។
ខ្ញុំដឹងថា ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ទ្រង់មានអំណាចក្នុងការសង្គ្រោះ ។ ក្នុងនាមជាព្រះរាជបុត្រានៃព្រះដែលធួនជំនួសអំពើបាបនៃពិភពលោក ហើយថ្វាយព្រះជន្មរបស់ទ្រង់ផ្ទាល់ ហើយមានព្រះជន្មរស់ឡើងវិញ នោះទ្រង់មានព្រះចេស្ដានៃសេចក្ដីប្រោសលោះ និងការរស់ឡើងវិញ ។ ទ្រង់បានធ្វើឲ្យមានជីវិតអមតៈដល់មនុស្សទាំងអស់ និងជីវិតអស់កល្បជានិច្ចសម្រាប់អ្នកដែលជ្រើសរើសទ្រង់ ។ ខ្ញុំដឹងថា តាមរយៈពលិកម្មធួនរបស់ទ្រង់ យើងអាចប្រែចិត្ត ហើយបានជ្រះស្អាត និងទទួលការប្រោសលោះដ៏ពិត ។ វាគឺជាអព្ភូតហេតុដែលទ្រង់ស្រឡាញ់បងប្អូន និងខ្ញុំតាមរបៀបនេះ ។
ទ្រង់បានមានបន្ទូលថា « តើអ្នករាល់គ្នាមិនចង់ត្រឡប់មករកយើង ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយប្រែចិត្តជឿដើម្បីយើងអាចប្រោសអ្នកឲ្យបានជាទេឬ ? » ទ្រង់អាចព្យាបាល « កន្លែងខូចបង់ » នៃព្រលឹងរបស់បងប្អូន—ជាកន្លែងដែលធ្វើឲ្យស្វិត គគ្រោត និងកណ្ដោចកណ្ដែងដោយអំពើបាប និងទុក្ខព្រួយ ហើយ « ធ្វើឲ្យទីស្ងាត់ឈឹង[ របស់បងប្អូន ]បានដូចជាសួនច្បារអេដែន » ។
ដូចជាយើងមិនអាចយល់ពីទុក្ខព្រួយ និងជម្រៅនៃការរងទុក្ខរបស់ព្រះគ្រីស្ទនៅសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង ដូច្នេះយើងក៏ « មិនអាចវាស់វែងដែនកំណត់ ឬយល់ពីជម្រៅនៃការអភ័យទោសដ៏ទេវភាព[ របស់ទ្រង់ ] » សេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដែរ ។
នៅពេលខ្លះបងប្អូនអាចនឹងមានអារម្មណ៍ថា វាមិនអាចទៅរួចទេ ដែលត្រូវបានប្រោសលោះនោះ ប្រហែលជាបងប្អូនជាករណីលើកលែងចំពោះសេចក្ដីស្រឡាញ់របស់ព្រះ និងព្រះចេស្តាដ៏ធួនរបស់ព្រះអង្គសង្គ្រោះ ដោយសារអ្វីដែលបងប្អូនកំពុងពុះពារ ឬដោយសារអ្វីដែលបងប្អូនបានធ្វើ ។ ប៉ុន្តែ ខ្ញុំសូមថ្លែងទីបន្ទាល់ថា បងប្អូនមិនផុតពីព្រះហស្ដរបស់លោកចៅហ្វាយឡើយ ។ ព្រះអង្គសង្រ្គោះ « បានយាងចុះក្រោមគ្រប់ទាំងអស់ » ហើយស្ថិតនៅក្នុងទីកន្លែងដ៏ទេវភាពដើម្បីលើកបងប្អូនឡើង ហើយយកបងប្អូនចេញពីអន្លង់ជ្រៅដ៏ងងឹតបំផុត ហើយនាំបងប្អូនចូលទៅក្នុង « ពន្លឺអស្ចារ្យរបស់ទ្រង់ » ។ តាមរយៈការរងទុក្ខរបស់ទ្រង់ ទ្រង់បានបង្កើតផ្លូវសម្រាប់យើងម្នាក់ៗដើម្បីយកឈ្នះលើភាពទន់ខ្សោយ និងអំពើបាបផ្ទាល់ខ្លួនរបស់យើង ។ « ព្រះអង្គមាន គ្រប់ព្រះចេស្ដា ដើម្បីជួយសង្គ្រោះមនុស្សគ្រប់ រូប ដែលជឿដល់ព្រះនាមទ្រង់ ហើយនាំមកនូវផលដែលសមនឹងសេចក្ដីប្រែចិត្ត » ។
ដូចដែលវាទាមទារការខិតខំ និងការអង្វរទូលសុំជំនួយពីស្ថានសួគ៌ក្នុងការជួសជុលរូបគំនូរនោះ វាត្រូវការការខិតខំ ភាពស្មោះត្រង់នៃបេះដូង និងការបន្ទាបខ្លួនដើម្បីនាំ « មកនូវផលដែលសមនឹងសេចក្ដីប្រែចិត្ត » ។ ផលផ្លែទាំងនេះរួមមានការអនុវត្តសេចក្តីជំនឿ និងការទុកចិត្តរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងការពលិកម្មធួនរបស់ទ្រង់ ការថ្វាយដួងចិត្តសង្រេង និងវិញ្ញាណទន់ទាបដល់ព្រះ ការសារភាពអំពីអំពើបាប ហើយនិងការលះបង់ចោលអំពើបាប ការស្តារឡើងវិញនូវអ្វីដែលខូច ឲ្យអស់ពីលទ្ធភាពរបស់យើង និងការព្យាយាមរស់នៅដោយសុចរិត ។
ដើម្បីប្រែចិត្ត និងផ្លាស់ប្តូរពិតប្រាកដ ដំបូងយើងត្រូវតែ « បរិវត្តពីអំពើបាបទាំងឡាយរបស់យើង » ។ បុគ្គលម្នាក់មិនឃើញពីសេចក្ដីត្រូវការនៃការទទួលទានថ្នាំពេទ្យឡើយ លុះត្រាតែពួកគេយល់ថា ពួកគេឈឺ ។ ប្រហែលជាមានពេលខ្លះ យើងមិនព្រមពិនិត្យមើលចិត្ដ និងគំនិតខ្លួនឯង ហើយឃើញពីអ្វីដែលត្រូវការការព្យាបាល និងជួសជុលពិតប្រាកដឡើយ ។
នៅក្នុងការនិពន្ធរបស់ ស៊ី អេស ល្វីស អាស្លានបានពោលពាក្យទាំងនេះទៅកាន់បុរសម្នាក់ដែលបានធ្វើឲ្យខ្លួនឯងជាប់ជំពាក់នឹងរបស់របរផ្ទាល់ខ្លួន ៖ « ឱ ! [ មនុស្សលោក ]អើយ តើអ្នកមានប្រាជ្ញាអ្វីម្ល៉េះដើម្បីរារាំងខ្លួនឯង[ ពី ]អ្វីៗដែលអាចហុចផលល្អដល់អ្នកទៅវិញនោះ ! » ។
តើបងប្អូន និងខ្ញុំអាចរារាំងខ្លួនឯងពីអ្វីដែលអាចនឹងផ្តល់ផលល្អដល់យើងនៅឯណា ?
ចូរកុំឲ្យយើងរារាំងខ្លួនពីអំពើល្អដែលព្រះសព្វព្រះទ័យនឹងប្រទានពរដល់យើងឡើយ ។ ពីសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណា ដែលទ្រង់សព្វព្រះទ័យឲ្យយើងទទួលបាន ។ ពីពន្លឺ និងចំណេះដឹង ដែលទ្រង់សព្វព្រះទ័យនឹងប្រទានដល់យើង ។ ពីការព្យាបាលដែលទ្រង់បានញាណដឹងយ៉ាងស្រេចបាច់ ថាយើងត្រូវការយ៉ាងខ្លាំង ។ ពីទំនាក់ទំនងនៃសេចក្ដីសញ្ញាដ៏ជ្រាលជ្រៅដែលទ្រង់មានព្រះរាជបំណងប្រទានដល់បុត្រាបុត្រីរបស់ទ្រង់គ្រប់រូប ។
ខ្ញុំសូមអធិស្ឋានថា យើងទុក « គ្រឿងសស្ត្រាវុធ » ដែលយើងបានលើកឡើងដោយមានមនសិការ ឬដោយគ្មានមនសិការដើម្បីរារាំងខ្លួនឯងពីពរជ័យនៃសេចក្ដីស្រឡាញ់របស់ព្រះមួយអន្លើសិន ។ អាវុធនៃភាពឆ្មើងឆ្មៃ ភាពអាត្មានិយម ភាពភ័យខ្លាច សេចក្ដីស្អប់ សេចក្ដីមើលងាយ ភាពក្រអឺត ការវិនិច្ឆ័យមិនសុចរិត សេចក្ដីច្រណែន—អ្វីៗដែលរារាំងយើងពីព្រះជាទីស្រឡាញ់ដោយអស់ពីដួងចិត្តរបស់យើង និងការរក្សាសេចក្ដីសញ្ញាទាំងអស់របស់យើងជាមួយនឹងទ្រង់ ។
នៅពេលយើងរស់នៅតាមសេចក្ដីសញ្ញា នោះព្រះអម្ចាស់អាចប្រទានជំនួយ និងអំណាចដែលយើងត្រូវការដើម្បីស្គាល់ ហើយយកឈ្នះលើភាពទន់ខ្សោយរបស់យើង រួមទាំងមេរោគនៃអំនួតខាងវិញ្ញាណ ។ ព្យាការីរបស់យើងបានមានប្រសាសន៍ថា ៖
« ការប្រែចិត្តគឺជាច្រកទ្វារទៅកាន់បរិសុទ្ធភាព ហើយបរិសុទ្ធភាពនាំមកនូវកម្លាំង » ។
« ហើយយើងនឹងត្រូវការព្រះចេស្តារបស់ទ្រង់សម្រាប់ថ្ងៃខាងមុខកាន់តែខ្លាំង » ។
ដូចជាផ្ទាំងគំនូររបស់ខ្ញុំដែរ ព្រះអម្ចាស់មិនបានបញ្ចប់ជាមួយយើង នៅពេលយើងធ្វើកំហុស ឬក៏ទ្រង់បានគេចចេញ នៅពេលយើងចុះខ្សោយឡើយ ។ សេចក្ដីត្រូវការរបស់យើងដើម្បីទទួលការព្យាបាល និងជំនួយមិនមែនជាបន្ទុកចំពោះទ្រង់ទេ ប៉ុន្តែវាគឺជាហេតុផលតែមួយគត់ដែលទ្រង់បានយាងមក ។ ព្រះអង្គសង្គ្រោះផ្ទាល់បានមានព្រះបន្ទូល ៖
« មើលចុះ យើងបានមកឯលោកិយ ដើម្បីនាំសេចក្ដីប្រោសលោះមកដល់ពិភពលោក គឺដើម្បីសង្គ្រោះមនុស្សលោកពីបាប » ។
« ដៃនៃសេចក្ដីមេត្តាករុណារបស់យើងសន្ធឹងទៅរកអ្នក ហើយអស់អ្នកណាដែលមក អ្នកនោះហើយដែលយើងនឹងទទួល ហើយមានពរហើយដល់អ្នកណាដែលមករកយើង » ។
ដូច្នេះចូរមក—មកអ្នកដែលព្រួយ ស្គមស្គាំង និងសោកសៅអើយ មក ហើយទុកការងាររបស់អ្នក ហើយរកទីសម្រាកក្នុងទ្រង់ដែលស្រឡាញ់អ្នកបំផុត ។ ចូរទទួលនឹមទ្រង់ ដ្បិតទ្រង់ទន់ភ្លន់ និងមានចិត្តសុភាព ។
ព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះទតឃើញបងប្អូន ។ ទ្រង់ទាំងទ្វេស្គាល់ដួងចិត្តបងប្អូន ។ ទ្រង់ទាំងទ្វេខ្វល់ព្រះទ័យនូវអ្វីដែលបងប្អូនព្រួយបារម្ភដល់ ដោយរួមទាំងអស់អ្នកដែលបងប្អូនស្រឡាញ់ផងដែរ ។
ព្រះអង្គសង្រ្គោះអាចប្រោសលោះអ្វីដែលបាត់បង់ រួមទាំងទំនាក់ទំនងដែលប្រេះឆា និងបាក់បែកផងដែរ ។ ទ្រង់បានបង្កើតមាគ៌ាសម្រាប់មនុស្សទាំងអស់ដែលធ្លាក់ចុះដើម្បីទទួលបានសេចក្ដីសង្គ្រោះ—ដើម្បីផ្លុំខ្យល់ជីវិតចូលទៅក្នុងអ្វីដែលស្លាប់ និងអស់សង្ឃឹម ។
ប្រសិនបើបងប្អូនកំពុងពុះពារនឹងស្ថានភាពមួយដែលបងប្អូនគិតថា បងប្អូនគួរតែបានយកឈ្នះវារួចហើយមកដល់បច្ចុប្បន្ននេះនោះ សូមកុំចុះចាញ់ឡើយ ។ ចូរអត់ធ្មត់ជាមួយនឹងខ្លួនឯង រក្សាសេចក្ដីសញ្ញារបស់បងប្អូន ប្រែចិត្តជាញឹកញាប់ ស្វែងរកជំនួយពីថ្នាក់ដឹកនាំរបស់បងប្អូន ប្រសិនបើចាំបាច់ ហើយទៅព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបានញឹកញាប់តាមដែលបងប្អូនអាចធ្វើទៅបាន ។ សូមស្តាប់តាម និងយកចិត្តទុកដាក់ចំពោះការបំផុសគំនិតដែលទ្រង់បញ្ជូនទៅឲ្យបងប្អូន ។ ទ្រង់នឹងមិនបោះបង់ទំនាក់ទំនងនៃសេចក្ដីសញ្ញារបស់ទ្រង់ជាមួយនឹងបងប្អូនឡើយ ។
ជីវិតរបស់ខ្ញុំធ្លាប់មានទំនាក់ទំនងដ៏ពិបាក និងស្មុគស្មាញដែលខ្ញុំជួប ហើយបានខិតខំកែលម្អដោយស្មោះ ។ ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំឆ្លងកាត់ការបរាជ័យជាច្រើន ។ ខ្ញុំបានងឿងឆ្ងល់ថា « តើខ្ញុំមិនបានដោះស្រាយរឿងនោះកាលពីមុនទេឬអី ? តើខ្ញុំពិតជាមិនបានយកឈ្នះភាពទន់ខ្សោយរបស់ខ្ញុំទេឬអី ? » ខ្ញុំបានរៀនម្ដងហើយម្ដងទៀតថា ខ្ញុំមិនចាំបាច់ត្រូវឲ្យបានល្អឥតខ្ចោះនោះទេ ផ្ទុយទៅវិញ ជារឿយៗមានរឿងជាច្រើនដែលត្រូវធ្វើ និងការព្យាបាលជាច្រើនដែលត្រូវការ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀន ៖ « ប្រាកដណាស់ ព្រះអម្ចាស់ញញឹមទៅរកនរណាម្នាក់ដែលមកឯទីជំនុំជម្រះដោយភាពស័ក្ដិសម ជាអ្នកដែលតាំងចិត្តធ្វើការពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីជំនួសភាពទន់ខ្សោយឲ្យទៅភាពរឹងមាំវិញ ។ ការប្រែចិត្តដ៏ពិត ការផ្លាស់ប្ដូរដ៏ពិតអាចតម្រូវឲ្យមានការល្បួងច្រើនដង ប៉ុន្ដែមានអ្វីមួយដែលបានបន្សុទ្ធ និងបរិសុទ្ធនៅក្នុងការខិតខំបែបនោះ ។ ការអភ័យទោស និងការព្យាបាលរបស់ព្រះកើតមានដោយធម្មជាតិចំពោះព្រលឹងបែបនោះ » ។
រាល់ថ្ងៃគឺជាថ្ងៃថ្មីពោរពេញដោយសេចក្ដីសង្ឃឹម និងឱកាស ដោយសារតែព្រះយេស៊ូវគ្រីស្ទ ។ រាល់ថ្ងៃដែលបងប្អូន និងខ្ញុំអាចស្គាល់ ដូចដែលនាងអេវ៉ាបានប្រកាសថា « អំណរនៃសេចក្តីប្រោសលោះ » ជាអំណរនៃការជាសះស្បើយ អំណរនៃការទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់ឥតងាករេរបស់ព្រះចំពោះបងប្អូន ។
ខ្ញុំដឹងថា ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ និងព្រះអង្គសង្គ្រោះស្រឡាញ់បងប្អូន ។ ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះរបស់មនុស្សលោកទាំងអស់ ។ ទ្រង់មានព្រះជន្មរស់ ។ តាមរយៈពលិកម្មធួនរបស់ទ្រង់ ចំណងនៃអំពើបាប និងសេចក្ដីស្លាប់ត្រូវបានកាត់ផ្ដាច់ជារៀងរហូត ដើម្បីយើងអាចមានសេរីភាពដើម្បីជ្រើសរើសយកការព្យាបាល ការប្រោសលោះ និងជីវិតអស់កល្បជានិច្ចជាមួយនឹងមនុស្សដែលយើងស្រឡាញ់ ។ ហើយខ្ញុំសូមថ្លែងទីបន្ទាល់នៃអ្វីៗទាំងនេះនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។