សន្និសីទទូទៅ
នេះ​គឺជា​ថ្ងៃ​ដែល​ពុំ​អាច​បំភ្លេច​បាន​ឡើយ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


14:19

នេះ​គឺជា​ថ្ងៃ​ដែល​ពុំ​អាច​បំភ្លេច​បាន​ឡើយ

គ្រា​ខាងមុខ​នឹង​ផ្ដល់​ឱកាស​កាន់តែ​ច្រើន​ដល់​សមាជិក​នៃសាសនាចក្រ​គ្រប់ទីកន្លែង​ដើម្បី​ចែកចាយ​ដំណឹងល្អ​ដ៏​រីករាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សេចក្តីផ្ដើម

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ ប្រវត្តិសាស្រ្ត​របស់​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ គឺ​ត្រចះត្រចង់​ណាស់​ជាមួយ​នឹង​បទពិសោធន៍​ដ៏​ទេវភាព​ដែល​បង្ហាញ​ពី​របៀប​ព្រះអម្ចាស់​បាន​ដឹកនាំ​សាសនាចក្រ​ទ្រង់ ។ ទោះជា​យ៉ាងណា មាន​ទសវត្សរ៍​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង ដែល​ឈរ​យ៉ាងអស្ចារ្យ​លើស​អស់​ទសវត្សរ៍​ណាៗ​—នោះ​គឺ​ទសវត្សរ៍​ឆ្នាំ១៨២០ ដល់​ឆ្នាំ១៨៣០ ។ ចេញពី​បទពិសោធន៍​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុង​ព្រៃពិសិដ្ឋ​នា​និទាឃរដូវ​ឆ្នាំ១៨២០ ជាពេលដែល​លោក​បានឃើញ​ព្រះ ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បន្ត​រហូតដល់​ថ្ងៃទី៦ ខែមេសា ឆ្នាំ១៨៣០ ទសវត្សរ៍​នោះ​មិន​ដូចជា​ទសវត្សរ៍​ណា​ផ្សេង​ឡើយ ។

មរ៉ូណៃ​កំពុង​ប្រគល់​ផ្ទាំង​មាស
​ការស្ដារឡើងវិញ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក
អូលីវើរ ខៅឌើរី

សូម​ពិចារណា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ទាំងនេះ ! ព្យាការី​វ័យក្មេង​បានសន្ទនា​ជាមួយ​ទេវតា​មរ៉ូណៃ បាន​បកប្រែ​ផ្ទាំងមាស និង​បានបោះពុម្ព​ព្រះគម្ពីរ​មរមន ! តាមរយៈ​លោក​ដែល​ជា​ឧបករណ៏​មួយ​របស់ព្រះ នោះបព្វជិតភាព​អើរ៉ុន និង​បព្វជិតភាព​ម៉ិលគីស្សាដែក​ត្រូវបាន​ស្ដារឡើងវិញ ហើយ​បន្ទាប់មក លោក​បាន​រៀបចំ​សាសនាចក្រ​នេះ ! អូលីវើរ ខៅឌើរី បានពិពណ៌នា​អំពី​យុគសម័យ​នោះ​បាន​យ៉ាងល្អ​ថា ៖ « នេះ​គឺជា​ថ្ងៃ​ដែល​ពុំ​អាច​បំភ្លេច​បាន​ឡើយ » ។ ព្រឹត្តិការណ៍​ដ៏​អព្ភូតហេតុ​បានបន្ត​មាន​រហូត​មកដល់​សព្វថ្ងៃ​នេះ ។

ខ្ញុំ​សូម​ផ្ដល់​យោបល់​ចំៗ​ថា​ឆ្នាំ​នេះ យើង​បានចាប់ផ្ដើម​នូវ​ទសវត្សរ៍​មួយ​ដែល​បង្ហាញ​ថា​សំខាន់​ដូច​ទសវត្សរ៍​ផ្សេង​ទៀត បន្ទាប់​ពី​ទសវត្សរ៍​នៃ​ការបង្កើត​ដែល​គ្មាន​អ្វី​ប្រៀប​នោះមក​គឺ​ជិត​ពីរ​សតវត្ស​មកហើយ ។

ទសវត្សរ៍​របស់​យើង

ខ្ញុំ​សូម​ពន្យល់​អំពី​រឿង​នេះ ។ នៅ​ចន្លោះ​ឆ្នាំ២០២៤ និង​ឆ្នាំ២០៣៤ យើង​នឹង​ដកពិសោធន៍​ព្រឹត្តិការណ៍​ដ៏​មាន​ឥទ្ធិពល​ដែល​នាំ​ឲ្យ​មាន​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​បម្រើ រួបរួម​ជាមួយ​សមាជិក និង​មិត្តភក្តិ និង​ដើម្បី​ណែនាំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដល់​មនុស្ស​កាន់តែ​ច្រើន​ជាង​ពេល​មុនៗ ។

ពិធី​ខួប​កំណើត​គម្រប់ ១០០ ឆ្នាំ​របស់​ប្រធាន ណិលសុន<nb/>។

យើង​ជា​សាក្សី​នៃ​គ្រា​ដ៏​មាន​ឥទ្ធិពល​​ជា​ប្រវត្តិសាស្ត្រ​ដ៏​ពិត​ ពេល​យើង​អបអរសាទរ​ថ្ងៃខួប​កំណើត​គម្រប់ ១០០ ឆ្នាំ​របស់​ប្រធាន រ័សុល អិម ណិលសុន​ជាមួយ​នឹង​មនុស្ស​រាប់លាន​នាក់ ។

តាម​របាយការណ៍​អំពី​ថ្ងៃខួប​កំណើត​របស់​ប្រធាន​ណិលសុន សារព័ត៌មាន Newsweek បាន​សរសេរ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា « ថ្នាក់ដឹកនាំ​សាសនា​ដែល​មាន​វ័យចំណាស់​ជាងគេ​ក្នុង​ពិភពលោក​បាន​ឈានចូល​ជន្មាយុ ១០០​ឆ្នាំ » ។ រួច​ពួកគេ​បាន​ដាក់​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​សាសនា​វ័យ​ចំណាស់​ជាងគេ​ទាំង ១០ រូប​នៅក្នុង​ពិភពលោក—​មាន​ប្រធាន ណិលសុន នៅ​លេខរៀង​ទីមួយ រួមទាំង​សម្ដេច​ប៉ូប ហ្រ្វង់ ស៊ីស និង​សម្ដេច​សង្ឃ​ដាឡៃឡាម៉ា​ផងដែរ ។

សេចក្ដី​ថ្លែងការណ៍​មកពី​អត្ថបទ​សារព័ត៌មាន New York Times តំណាង​ឲ្យ​ស្មារតី​នៃ​សារព័ត៌មាន​អន្តរជាតិ​ថា ៖ « នៅក្នុង​[ សហរដ្ឋ ]​វដ្ដ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី បាន​បំផុស​ឲ្យ​មានការ​ស្រាវជ្រាវ​អំពី​អាយុ និង​ភាពជា​អ្នកដឹកនាំ​ដ៏សំខាន់ ​របស់​ប្រធាន ណិលសុន បានផ្ដល់យោបល់​ថា ថ្ងៃខួប​កំណើត ១០០ ឆ្នាំ​គឺជា​ថ្ងៃ​ដ៏​សប្បាយ​រីករាយ យ៉ាងហោច​ណាស់​នៅក្នុង​សាសនាចក្រ​របស់​លោក ។ លោក​នៅតែ​ជា​បុគ្គល​ដ៏​ល្បី​មួយរូប​នៅក្នុង​ចំណោម​សមាជិក​នៃ​សាសនាចក្រ ដែល​ពួកគេ​មើល​ទៅ​ប្រធាន​របស់​ពួកគេ​មិនគ្រាន់​តែជា​នាយកប្រតិបត្តិ​ប៉ុណ្ណោះទេ ប៉ុន្តែ​ជា ‹ ព្យាការី អ្នកមើល​ឆុត និង​អ្នក​ទទួល​វិវរណៈ › » ។

យើង​មាន​អំណរគុណ​ណាស់​ដែល​ថ្ងៃកំណើត​ដ៏​សំខាន់​របស់​ប្រធាន ណិលសុន ផ្ដល់ឱកាស​ឲ្យ​យើង​ណែនាំ​ទៅកាន់​មនុស្ស​ទូទាំង​សកលលោក​ឲ្យ​ស្គាល់​ព្យាការី​របស់​ព្រះ ជា​ការអបអរ​សាទរ ដែល​មិនអាច​បំភ្លេច​បានឡើយ ។

មជ្ឈមណ្ឌល​អគារ​ការិយាល័យ​របស់​សាសនាចក្រដែល​បាន​កែលម្អ

នៅដើម​និទាឃរដូវ​នេះ មជ្ឈមណ្ឌល​ដែលបាន​ជួសជុល​កែលម្អ​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ—ត្រូវ​បានដាក់​បង្ហាញ—ដោយ​មាន​ការដាក់​តាំង​ទង់ជាតិ​អន្តរជាតិ​ដែល​តំណាង​ឲ្យ​ប្រទេស​ដែលទទួល​ស្គាល់​សាសនាចក្រ ។ ច្រកចូល​មជ្ឈមណ្ឌល​នោះ​មាន​ស្លាក​ថ្ម​ក្រានីត​ដែល​មាន​ពាក្យព្យាករណ៍​ទាំងនេះ ៖ « នៅជាន់ ក្រោយបង្អស់ នោះភ្នំ​ជាទីស្អាង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​នឹង​បានតាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំ​ធំៗ ហើយនឹង​បានតម្កើង​ឡើង​ជាប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ​ដែរ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរហែ​ទៅក្នុង​ទីនោះ » ។

ប្រាកដណាស់​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដែល​នឹងកើតឡើង​អំឡុង ១០ ក្រោយ​បង្កើតជា​ការបើកសម្ដែង​មួយ​ដែល​សម្រេច​តាម​ការព្យាករ​នេះ​របស់​អេសាយ ។

ព្រះវិហារ​បរិសុទ្ធ សលត៍ លេក

សូម​ពិចារណា​អំពី​ចំនួន​នៃ​ការបើក​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ និង​ការឧទ្ទិសឆ្លង​ដែល​រៀបចំ​ដើម្បី​ធ្វើ​នៅ​ទសវត្សរ៍​ក្រោយ​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៦៤ ព្រះវិហារ​បរិសុទ្ធ និង​កំពុងរាប់ ។ សូម​នឹកស្រមៃ​ថា បងប្អូន និង​មិត្តភក្ដិ​រាប់លាន​នាក់​ដើរ​ក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ ។ អគារ​ជា​និមិត្តរូប​នៃ​ព្រឹត្តិការណ៍​ទាំងនេះ​នឹង​ជា​ការឧទ្ទិស​ឡើងវិញ​សម្រាប់​ព្រះវិហារបរិសុទ្ធ សលត៍ លេក ព្រមទាំង​សកម្មភាព​ដែល​ជាប់​ទាក់ទង ។ ព្រឹត្តិការណ៍​ទាំងនេះ​នឹងក្លាយ​ជា​ថ្ងៃ​ដែល​ពុំ​អាច​បំភ្លេច​បាន ។

ការរៀបចំ​សាសនាចក្រ

ឆ្នាំ​២០៣០ នឹង​ជា​ឱកាស​ទូទាំង​ពិភពលោក​ដើម្បី​រំឭក​ខួបពីរ​រយឆ្នាំ​នៃ​ការបង្កើត​សាសនាចក្រ​នេះ ។ ទោះបី​ជាវា​លឿន​ពេក​ដើម្បី​និយាយ​ថា​សាសនាចក្រ​នឹង​ធ្វើ​ព្រឹត្តិការណ៍​នេះ តែ​វា​នឹង​អនុញ្ញាត​ឲ្យ​យើង​អញ្ជើញ​គ្រួសារ មិត្តភក្ដិ មិត្ត​រួមការងារ និង​ភ្ញៀវកិត្តិយស​ដើម្បី « មក ហើយ​មើល » និង​យល់​ឲ្យ​ច្បាស់​ពី​ឥទ្ធិពល​ដ៏​មាន​អានុភាព​ដែល​សាសនាចក្រ​មាន​នៅក្នុង​ជីវិត​របស់​សមាជិក​សាសនាចក្រ ។

អូឡាំពិក​រដូវ​រងា​ឆ្នាំ ២០០២ នៅ​ទី​ក្រុង សលត៍ លេក​

នៅឆ្នាំ២០៣៤ ឥស្សរជន អ្នកទស្សនា និង​អត្តពលិក​រាប់ម៉ឺន​នាក់​មកពី​ជុំវិញ​ពិភពលោក​នឹង​ជួបជុំគ្នា​យ៉ាងច្រើន​កុះករ​នៅលើ​ផ្លូវ​នៃ​ទីក្រុង​សលត៍ លេក ជា​កន្លែង​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា ។ ប្រហែល​ជា​វា​គ្មាន​ការបង្ហាញ​ពី​សាមគ្គីភាព​នៅ​ទូទាំង​ពិភពលោក​ណាមួយ​ដែល​ធំជាង​ការជួបគ្នា​នៅក្នុង​កីឡា​អូឡាំពិក​នេះ​ឡើយ ។ មនុស្ស​ជុំវិញ​ពិភពលោក​នឹង​ផ្ដោត​លើ​សាសនាចក្រ និង​សមាជិក ដោយ​ផ្ដល់​ឱកាស​ដ៏​ច្រើន​ដើម្បី​ស្ម័គ្រចិត្ត បម្រើ និង​ចែកចាយ​ដំណឹង​ដ៏​រីករាយ​តាមរយៈ​ទង្វើ​ល្អៗ—ជា​ព្រឹត្តិការណ៍​មួយ​ដែល​មិន​អាច​បំភ្លេចបាន​ឡើយ ។

ព្រឹត្តិការណ៍​នា​ពេល​ខាង​មុខ​ទាំងនេះ​នឹង​ផ្ដល់ឱកាស​ឲ្យ​សមាជិក​សាសនាចក្រ​នៅគ្រប់​ទីកន្លែង​ចែកចាយ​ដំណឹង​ដ៏​រីករាយ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ពាក្យ​សម្ដី និង​ទង្វើ វា​គឺជា​ទសវត្សរ៍​ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ ។

ដំណឹង​ដ៏​រីករាយ

នៅក្នុង​ការប្រជុំ​មួយ​ប៉ុន្មាន​សប្ដាហ៍​មុន​ថ្ងៃ​កំណើត​របស់​លោក ប្រធាន ណិលសុន បាន​ចែកចាយ​ហេតុផល​ដែល​លោក​ចូលចិត្ត​ឃ្លា « ដំណឹង​ដ៏​រីករាយ » ។ លោក​បាន​កត់ចំណាំ​យ៉ាងច្បាស់​ថា ឃ្លា​នេះ​មានន័យ​ថា អំណរ និង​សុភមង្គល ។ ប៉ុន្តែ « ដំណឹង​ដ៏​រីករាយ » មានន័យ​លើស​ពីនោះ ។ លោក​បាន​ពន្យល់​ថា ឃ្លា​នេះ​មាន​ដើម​កំណើត​ពី​ពាក្យ​ក្រិក​ថា euangelion ដែលមាន​ន័យ​ថា « ព័ត៌មាន​ល្អ » ឬ « ដំណឹងល្អ » ។ សុភមង្គល និង​អំណរ​នៅក្នុង​ជីវិត​នេះ និង​ជីវិត​បន្ទាប់​តែងតែ​តភ្ជាប់​នឹង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ ។ ដូច្នេះ​ឃ្លា « ដំណឹង​ដ៏​រីករាយ » ចាប់យក​អត្ថន័យ​ទាំងនេះ​តាមរបៀប​ដ៏​អស្ចារ្យ​មួយ ។

« មាន​មនុស្ស​លោក​[ ប្រុស និង​ស្រី ]​ដើម្បី​ឲ្យ​គេ​អាច​មាន​អំណរ » ។ ព្រះវរបិតាសួគ៌​បានប្រទាន​នូវ​ផែនការ​នៃ​សុភមង្គល ដើម្បី​ឲ្យ​មាន​អំណរ​តាមរយៈ​ពរជ័យ​ទាំងឡាយ​របស់ទ្រង់ ។ ពរជ័យ​ទាំងនេះ​រួមមាន​ការរស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​ជា​ក្រុមគ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ។ ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ចំណុច​យ៉ាង​សំខាន់​ចំពោះ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ​ដើម្បី​ប្រោសលោះ​យើង ។ ដើម្បី​ទទួលបាន​ជីវិត​ដ៏​នៅអស់កល្បជានិច្ច យើង​ត្រូវ​តែ​មក​រក​ព្រះគ្រីស្ទ ។ នៅពេល​យើង​ធ្វើដូច្នេះ « ហើយ​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា​នេះ នោះ​យើង​ចូលរួម​ក្នុងកិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់ព្រះ » ។

សារលិខិត​នៃ​ដំណឹង​ដ៏​រីករាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺជា​សារលិខិត​ដ៏​សំខាន់​បំផុត​នៅលើ​ផែនដី ។ ហើយនោះ​គឺជា​កន្លែង​ដែល​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ​ត្រូវចូលរួម ។

ដើម្បី​កម្លាំង​នៃ​យុវជន

ឥឡូវ​នេះ ខណៈ​ដែល​ទសវត្សរ៍​ក្រោយ​នេះ​អាចនឹង​ត្រូវបាន​បំពេញ​ដោយ​ថ្ងៃ ដែលមិន​អាច​បំភ្លេចបាន សម្រាប់​សមាជិក​សាសនាចក្រ​គ្រប់រូប ការណ៍​នេះ​ក៏​ពិត​ជាពិសេស​ចំពោះ​ជំនាន់​កំពុង​ពេញវ័យ ។ ក្មួយៗ​នៅលើ​ផែនដី​នាពេល​នេះ ពីព្រោះ​ក្មួយៗ​ត្រូវបាន​ជ្រើសរើស​ឲ្យ​មកទីនេះ​ឥឡូវ​នេះ ។ ក្មួយៗ​មាន​កម្លាំង មាន​សមត្ថភាព​ដើម្បី​ធ្វើជា​ពួកសិស្ស​របស់​ព្រះគ្រីស្ទ​តាររបៀប​ដែល​ពុំធ្លាប់​មាន​ពីមុន ។

ប្រធាន ចច ឃ្យូ ខានុន បាន​បង្រៀន​ថា « ព្រះ​បានរក្សា​ទុក​វិញ្ញាណ​ជាច្រើន ដែល​មាន​សេចក្តី​ក្លាហាន ហើយ​មាន​ការប្តេជ្ញាចិត្ត​សម្រាប់​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ដើម្បី​ប្រឈម​មុខ​នឹង​ពិភពលោក​នេះ និង​រាល់​អំណាច​មេកំណាច [ ហើយ​ដើម្បី ] … កសាង​ទីក្រុង​ស៊ីយ៉ូន​នៃ​ព្រះ​របស់​យើង​ឡើង​ដោយ​ឥតភ័យ​ខ្លាច អ្វីឡើយ » ។

ដោយសារតែ​ហេតុផល​នោះ ខ្ញុំ​ចង់​និយាយ​ទៅកាន់​ក្មួយៗ​នៃ​ជំនាន់​កំពុង​ពេញវ័យ ដោយ​អញ្ជើញ​ក្មួយៗ​ឲ្យ​នឹកស្រមៃ​ថាតើ​ទសវត្សរ៍​ក្រោយ​នេះ ដែល​ជា​គ្រាមួយ​ដែល​មិនអាច​បំភ្លេច​បាន នឹង​មាន​ភាព​រីករាយ​យ៉ាងណាខ្លះ ចំពោះ​ក្មួយៗ ។ ខ្ញុំ​ក៏​សូម​ផ្ដល់​ពាក្យ​ទូន្មាន​មួយចំនួន និង​ការលើក​ទឹកចិត្ត​ដ៏​សាមញ្ញ​ដែល​អាច​ជំរុញ​ក្មួយៗ​ឲ្យ​អង់អាច​នៅ​អំឡុង​ទសវត្សរ៍​ក្រោយ​នេះ​ផងដែរ ។

ដូចគ្នា​នឹង​ក្មួយៗ​ភាគច្រើន​ដែរ ខ្ញុំ​មាន​ទូរសព្ទ​ទំនើបមួយ វា​ជួនកាល​បាន​ដាក់​រូបភាព​ចូលគ្នា​ដោយ​បង្ហាញពី​អ្វីដែល​ខ្ញុំ​ធ្វើ​នៅថ្ងៃ​ជាក់លាក់​មួយ​ទាំង​ខ្ញុំ​ពុំ​បាន​ដឹង​មុន ។ វា​តែងតែ​ភ្ញាក់ផ្អើល​ពេល​ឃើញ​ថា​មាន​រឿង​ជាច្រើន​បានផ្លាស់ប្ដូរ​ចំពោះរូប​ខ្ញុំ និង​គ្រួសារ ក្នុង​អំឡុងពេល​តែប៉ុន្មាន​ឆ្នាំ​សោះ ។

សូម​ស្រមៃ​ថា​រូបថត​ក្នុង​ទូរសព្ទ របស់​ក្មួយៗ នឹង​មាន​ក្នុង​រយៈពេល ១០ ឆ្នាំ​ចាប់ពី​ពេលនេះទៅ ! ក្មួយៗ​អាចឃើញ​ថា​ខ្លួនឯង​បញ្ចប់​ថ្នាក់​វិទ្យាល័យ ឬ​មហា​វិទ្យាល័យ ទទួល​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់ខ្លួន ទៅ​បេសកកម្ម រៀបការ និង​មាន​កូនដំបូង ។ ព្រឹត្តិការណ៍​នេះ​វា​នឹងក្លាយ​ជា​ទសវត្សរ៍ ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ​ សម្រាប់​ក្មួយៗ ។ ប៉ុន្តែ​វា​នឹង​កើតឡើង​ដូច្នេះ យ៉ាងពិត បើ​ក្មួយៗ​ខិតខំ​ធ្វើ​ជា​ពន្លឺ​ដល់​ពិភពលោក​នេះ​អំពី​របៀប​ដែល​ដំណឹង​ដ៏​រីករាយ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មិនត្រឹមតែ​អាច​បង្កើន និង​ពង្រឹង​ជីវិត​ក្មួយៗ​ប៉ុណ្ណោះទេ ប៉ុន្តែ​ជីវិត​គ្រួសារ មិត្តភក្ដិ និង​មិត្ត​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ក្មួយៗ​ផងដែរ ។

ក្មួយៗ​អាច​នឹង​ងឿងឆ្ងល់​ថា​តើ​ធ្វើ​កិច្ចការ​នេះ​ដូចម្ដេច ។

ពួកព្យាការី​របស់​ព្រះ​បាន​បង្រៀន​យើង​ថា​កិច្ចការ​ត្រូវ​ធ្វើឡើង​តាមរយៈ​សកម្មភាព​សាមញ្ញ​បួនយ៉ាង ដែល​ហៅថា​ជា​ការទទួល​ខុសត្រូវ​ដែលបាន​តែងតាំង​មកពី​ព្រះ ៖ទីមួយ ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ទីពីរ ការមើលថែ​ដល់​អ្នក​ខ្វះខាត ទីបី ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​យក​ដំណឹងល្អ និង​ទីបួន បង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ដែល​អស្ចារ្យ​គឺថា សកម្មភាព​នីមួយៗ​អាច​ធ្វើ​ឡើង​តាម​របៀប​សាមញ្ញ​ធម្មតា​បំផុត ។

ការទទួល​ខុសត្រូវ​ដែល​បាន​តែងតាំង​មកពី​ព្រះ

ខ្ញុំ​សូម​សន្យា​នឹង​ក្មួយៗថា គ្រានេះ​នឹង​ក្លាយ​ជា​ទសវត្សរ៍​មួយ​ដែល​មិន​អាច​បំភ្លេច​បាន ចំពោះ​ក្មួយៗ បើ​ក្មួយៗ​ឱបក្រសោប​នូវ​ការទទួល​ខុសត្រូវ​ទាំងបួន​នោះ​ដែល​បាន​តែងតាំង​មកពី​ព្រះ ។ ចូរ​យើង​ពិចារណា​ពី​អ្វី​ដែល​ការណ៍​នេះ​តម្រូវ​ឲ្យមាន ។

ការទទួល​ខុសត្រូវ​បួនយ៉ាង​ដែល​បាន​តែងតាំង​មកពី​ព្រះ
យុវនារី​កំពុង​អធិស្ឋាន

ទីមួយ ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។ សូម​សិក្សា​ប្រសាសន៍​របស់​ពួកព្យាការី ហើយ​រៀន​ស្រឡាញ់​ព្រះវរបិតា​សួគ៌ា​របស់​ក្មួយ ។ សូម​បង្វែរ​ចិត្ត​ក្មួយ​ទៅ​រក​ទ្រង់ ហើយ​ខិតខំ​ដើរ​តាម​ផ្លូវ​របស់​ទ្រង់ ។ ចូរ​លើកតម្កើង​ដោយ « ទំនុកចិត្ត​លើ​សេចក្តីសញ្ញា » ដូចដែល​អែលឌើរ សូរ៉េស បាន​ពិពណ៌នា ។ ទំនុកចិត្ត​នេះ​កើតចេញ​មកពី​ការធ្វើ​សេចក្ដីសញ្ញា​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ដោយ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​នឹង​ពង្រឹង និងគាំទ្រ​ក្មួយៗ ។

ចូរ​ឲ្យ​មិត្ត​របស់​ក្មួយ​មើលឃើញ​អំណរ​ដែល​ក្មួយៗ​មាន​នៅក្នុង​ការរស់នៅ​តាម​ដំណឹងល្អ ហើយ​ក្មួយៗ​នឹង​ក្លាយ​ជា​សារលិខិត​នៃ​ដំណឹងល្អ​ដ៏​ល្អបំផុត​ដែល​ពួកគេ​ពុំ​ធ្លាប់​ទទួល ។​

ទីពីរ សូម​ឈោង​ទៅជួយ​ដោយ​សេចក្ដីមេត្តា​ករុណា​ដើម្បី​មើលថែ​ដល់​អ្នក​ខ្វះខាត ។ ជំនាន់​របស់​ក្មួយៗ​គឺ​ខ្វល់ខ្វាយ​ខ្លាំង​ចំពោះ​អ្នក ដែល​ជួប​អកុសល ។ នៅពេលណា​គ្រោះមហន្តរាយ​កើតឡើង សមាជិក​សាសនាចក្រ​ប្រញាប់ប្រញាល់​ទៅ​ជួយ​សម្អាត​កំទេចកំទី ហើយ​លួងលោម​ចិត្ត​អ្នកដែល​បានរងគ្រោះ ហើយ​មនុស្ស​ភាគច្រើន​ដែល​ពាក់​អាវ​យឺត « ដៃ​ជំនួយ » គឺជា​ពួក​យុវវ័យ និង​អ្នក​ដែល​មាន​អាយុ​ម្ភៃឆ្នាំ​ជាង ។ វា​គឺជា​និស្ស័យ​របស់​ក្មួយៗ​ដើម្បី « ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក » ហើយ « ទួញ​យំ​ជាមួយ​នឹង​អ្នកណា​ដែល​ទួញ​យំ » ។ តាមរយៈ​ការធ្វើ​ដូច្នេះ យើង « សម្រេច​តាម​ក្រឹត្យវិន័យ​នៃ​ព្រះគ្រីស្ទ » ។

កុមារ​ប្រមូល​ដំណាប់​សម្រាប់​អ្នក​ខ្វះខាត<nb/>។

អ៊ីវ៉ាន់ គឺជា​ក្មេងប្រុស​ម្នាក់​ក្នុង​អង្គការ​បឋមសិក្សា បានសម្រេចចិត្ត​ចំណាយ​ពេល​វិស្សមកាល​នៅ​រដូវក្ដៅ​របស់​គាត់​ប្រមូលផ្ដុំ​គ្រឿង​ផ្សំ​ដើម្បី​ធ្វើ​នំ​សាំងវ៉ិច​ធ្វើ​ពី​ចាហួយ និង​ប៊ឺ​សណ្តែក​ដី​ដើម្បី​បរិច្ចាគ​ទៅ​កន្លែង​ផ្ដល់​អាហារ​ក្នុង​មូលដ្ឋាន​របស់​គាត់ ។ គាត់​បាន​រកឃើញ​គម្រោង​នេះ​នៅលើ​វិបសាយ​JustServe ។ ក្មេង​ប្រុស​អ៊ីវ៉ាន់​ក៏​បាន​នាំ​មិត្ត​រួមថ្នាក់​គាត់​ទាំងអស់​ជួយ​ប្រមូល​ចាហួយ​ជាង ៧០០ ដប​ផងដែរ ! ចូរ​ឲ្យ​មនុស្ស​ដែល​ក្មួយៗ​បម្រើ​ដឹង​ថា ការខ្វល់ខ្វាយ​ចំពោះ​ពួកគេ​បាន​ចាក់ឫស​នៅក្នុង​សេចក្តី​ស្រឡាញ់​ដែល​ក្មួយៗ​មាន​ចំពោះព្រះ និង​បំណង​ប្រាថ្នា​របស់​ក្មួយៗ​ដើម្បី​ប្រព្រឹត្ត​ចំពោះ​អ្នកជិតខាង​ដូចជា​ខ្លួនឯង​ដែរ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​ប្រេស៊ីល

ទីបី អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ ឆ្នាំ​នេះ​យើង​បាន​បើក​បេសកកម្ម​ថ្មី​ចំនួន ៣៦​កន្លែង​នៅ ទូទាំង​ពិភពលោក​ដើម្បី​ផ្ទុក​ចំណុះ​អ្នក​ដែល​មាន​បំណង​ចង់​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ នៅក្នុង​យុគសម័យ​មួយ​ដែល​យុវវ័យ​ជាច្រើន​កំពុង​ជ្រើសរើស​ចូលរួម​ក្នុង​សកម្មភាព​សាសនា​ជាផ្លូវការ នោះ​គឺជា​ការ​អស្ចារ្យ​ណាស់ ហើយវា​ថ្លែងអំពី​ទីបន្ទាល់​ដ៏​អស្ចារ្យ​របស់​ក្មួយៗ ។ មិនថា​បម្រើ​ពេញម៉ោង ឬ​អត់ សូម​ក្មួយៗ​ដឹង​អំពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ក្មួយៗ​ដើម្បី​ជះឥទ្ធិពល​ដល់​មិត្ត​ក្មួយៗ នៅ​ពេល​ក្មួយៗ​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​ពួកគេ​រក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

យុវវ័យ​នៅ​ព្រះវិហារ​បរិសុទ្ធ​ប្រេស្តុន អង់គ្លេស

ទីបួន បង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ពេល​ខ្ញុំ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជុំវិញ​ពិភពលោក ខ្ញុំ​ស្ងប់ស្ងែង​ចំពោះ​ក្រុម​យុវវ័យ​ដ៏​ច្រើន​ដែល​កំពុង​រង់ចាំ​នៅ​ឯ​អាង​ជ្រមុជទឹក និង​យុវមជ្ឈិមវ័យ​ដ៏​ច្រើន​កំពុង​បម្រើ​ជា​អ្នក​ធ្វើ​ពិធី​បរិសុទ្ធ ។ ថ្មីៗ​នេះ យុវវ័យ​ចំនួន​ជាង ៦០០ នាក់​មកពី​ប្រទេស​ស្កុតលែន និង​អៀរឡង់ បាន​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ប្រេស្តុន អង់គ្លេស ធ្វើ​ពិធី​បរិសុទ្ធ​ជាង ៤,០០០ ពិធី ដែល​ភាគច្រើន​គឺ​ធ្វើ​សម្រាប់​បុព្វការីជន​របស់​ពួកគេ​ផ្ទាល់ ! ខ្ញុំ​សូម​លើក​ទឹកចិត្ត​ក្មួយៗ​ឲ្យ​ចូលរួម​ក្នុង​ពង្សប្រវត្តិ ចំណាយ​ពេល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​ធ្វើ​ជា​បុរស ឬ​ស្ត្រី​ដែល​ត្រៀម​ខ្លួន​រៀបការ​នឹង​ដៃគូ​ដែល​ស័ក្ដិសម​ដូចគ្នា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​បង្កើតលំនាំ​នៅក្នុង​ជីវិត​របស់​ក្មួយៗ ឥឡូវ​នេះ ដើម្បី​ដាក់​ព្រះវិហារ​បរិសុទ្ធ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​ក្មួយៗ ។

សេចក្ដី​បញ្ចប់

បងប្អូន​ប្រុស​ស្រី និង​មិត្ត​វ័យក្មេង​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ នៅពេល​ខាងមុខ​វា​នឹង​មាន​រឿង​លំបាកៗ​សម្រាប់​យើង​ម្នាក់ៗ ។ ប៉ុន្តែ នៅពេល​យើង​ឈាន​ចូល​ទសវត្សរ៍​ខាងមុខ​ជា​គ្រា​ដែល​មិន​ធ្លាប់​មាន សូម​ឲ្យ​យើង​ចែកចាយ​ដំណឹង​ដ៏​រីករាយ​តាមរយៈ​ទង្វើ​សាមញ្ញៗ​នៃ​ការរស់នៅ ការមើលថែ ការអញ្ជើញ និង​បង្រួបបង្រួម ។ នៅពេល​យើងធ្វើ​ដូច្នោះ ព្រះអម្ចាស់​នឹង​ប្រទាន​នូវ​បទពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន​ដល់​បងប្អូន ។

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា អស់អ្នក​ដែល​មករក​ព្រះអម្ចាស់​ដោយ​ដួងចិត្ត​ស្មោះសរ និង​អស់​ពី​ចិត្ត និង​មាន​ព្រះនាម​នៃ​ព្រះអង្គ​សង្គ្រោះ​នៅលើ​បបូរ​មាត់​របស់​ពួកគេ ហើយ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ព្រលឹង​របស់​ពួកគេ និង​ដែល​កំពុង​ចាប់ផ្តើម​ដំណើរ​ដ៏អស្ចារ្យ និងរុងរឿងនេះ បងប្អូន​នឹង​រកឃើញ ហើយ​ដកពិសោធន៍​នូវ​ពរជ័យ​សេឡេស្ទាល​ដ៏​បរិបូរ និង​ទទួល​សាក្សី​ថា ព្រះ​ស្ដាប់​ឮ​បងប្អូន ស្គាល់​បងប្អូន និង​ស្រឡាញ់​បងប្អូន ។ បងប្អូន​នឹង​ដកពិសោធន៍​នូវ​ថ្ងៃ​ដែល​មិន​អាច​បំភ្លេច​បាន ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:៨, ១២–១៣ ។

  2. យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧១កំណត់ចំណាំ ។

  3. សូម​មើល Theo Burman « World’s Oldest Religious Leader Turns 100 » Newsweek ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ newsweek.com ។

  4. Ruth Graham « The Leader of the Mormon Church Turns 100 » New York Times ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ។ អត្ថបទ​សារព័ត៌មាន Associated Press បាន​ដកស្រង់​សម្តី​មេដឹកនាំ​ម្នាក់​នៅ​សាលា Divinity នៃសាកលវិទ្យាល័យ Duke ដោយនិយាយថា « អាយុ ប្រាជ្ញា និង​សិទ្ធិអំណាច​ខាងវិញ្ញាណ​ទៅជាមួយគ្នា » ( Angie Hong, in Hannah Schoenbaum and Deepa Bharath, “The Mormon Church’s Oldest-Ever President Has Turned 100, » ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤, apnews.com ) ។

  5. អេសាយ ២:២ ។

  6. យ៉ូហាន ១:៤៦ ។

  7. សូមមើល James Strong, The New Strong’s Expanded Exhaustive Concordance of the Bible ( ឆ្នាំ ១៩៨៤ ) វចនានុក្រម​ភាសា​ក្រិក លេខរៀង ២១៩៨ ។

  8. នីហ្វៃទី២ ២:២៥ ។

  9. ក្បួនខ្នាត​ទូទៅ ៖ ការ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ១.២នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  10. Gospel Truth: Discourses and Writings of President George Q. Cannon ជ្រើសរើសដោយ ។ Jerreld L. Newquist ( ឆ្នាំ​១៩៥៧ ) ១:២១ ។

  11. សូមើល ក្បួនខ្នាតទូទៅ១.២បណ្ណាល័យ​ដំណឹងល្អ ។

  12. អូលីសេស សូរ៉េសរ « Covenant Confidence through Jesus Christ » លីអាហូណាខែឧសភា ឆ្នាំ២០២៤ ទំព័រ ១៧–២១ ។

  13. ម៉ូសាយ ១៨:៨, ៩ ។

  14. កាឡាទី ៦:២ ។

  15. សូមមើល Jessica Lawrence « Finding Joy in Donating JellyChurch Newsថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅលើ​គេហទំព័រ thechurchnews.com ។

  16. សូមមើល ម៉ាថាយ​២២:៣៧–៤០ ។

  17. សូមមើល Melina Myers « Scottish and Irish Youth Perform over 4,000 Ordinances in the Preston England Temple » Church Newsថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅលើ​គេហទំព័រ thechurchnews.com ។​