សន្និសីទទូទៅ
ឱ ! យុវវ័យ​ថ្លៃថ្នូរ​អើយ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


12:33

ឱ ! យុវវ័យ​ថ្លៃថ្នូរ​អើយ

ព្រះ​ទុក​ព្រទ័យ​លើ​ប្អូនៗ ដែល​ជា​បុត្រ​នៃ​សេចក្តីសញ្ញា ដើម្បី​ជួយ​កិច្ចការ​របស់​ទ្រង់​ក្នុង​ការនាំ​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់​ទៅផ្ទះ​ដោយ​សុវត្ថិភាព ។

អែលឌើរ ស្ទីវ៉ែនសុន នេះគឺជា​សន្និសីទ​ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ ។

គ្រួសារ​របស់​យើង​តែងតែ​រីករាយ​ជាមួយ​សៀវភៅ​តូច​មួយ​ដែល​មាន​ឈ្មោះថា Children’s Letters to God ( សំបុត្រ​របស់​កុមារ​ទៅកាន់​ព្រះ ) ។ នេះ​គឺ​ជា​សំបុត្រ​មួយ​ចំនួន ៖

« ឱ !ព្រះអង្គ​អើយ ជាជាង​ទុក​ឱ្យ​មនុស្ស​ស្លាប់ ហើយ​ត្រូវ​បង្កើត​មនុស្សជា​ថ្មី ហេតុអ្វី​បានជា​ព្រះអង្គ​មិន​រក្សាទុក​អ្នក​ដែល​មាន​នៅពេលឥឡូវ​នេះ​ទៅ ?

« ហេតុអ្វី​បាន​ជា​ព្រះអង្គ​មាន​បទបញ្ញាតិ​តែ​ដប់​ប៉ុណ្ណឹង ប៉ុន្តែ​សាលា​របស់​យើង​វិញមានដល់ទៅ​រាប់លាន ? »

« ហេតុអ្វី​បាន​ជា​ព្រះអង្គ​ដាក់ឲ្យ​មាន​ដុំសាច់​ដុះនៅក្នុង​បំពង់ក បើ​ព្រះអង្គ​គង់តែ​នឹង​យក​ដុំ​ទាំងនោះ​ចេញ​ម្តងទៀត​នោះ ? »

ថ្ងៃនេះ​មិន​មាន​ពេល​គ្រប់​ដើម្បី​ឆ្លើយ​សំណួរ ទាំងអស់ នេះទេ ប៉ុន្តែ​មាន​សំណួរ​មួយទៀត​ដែល​ខ្ញុំ​តែងតែ​ឮពី​យុវវ័យ​ដែល​ខ្ញុំ​ចង់​បកស្រាយ ។ ពី​ទីក្រុង​អូ​ឡានបាតា ម៉ុងហ្គោលី ទៅដល់​ទីក្រុង​ថូម៉ាស រដ្ឋអៃដាហូ សំណួរ​គឺ​ដូចគ្នា ៖ « ហេតុអ្វី ? ហេតុអ្វី​បានជា​ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ត្រូវ​រស់នៅ​ខុសពី​អ្នកដទៃ​ដូច្នេះ ? »

ខ្ញុំ​ដឹងថា វា​ពិបាក​ណាស់​ក្នុងការ​មាន​ភាពខុសពីគេ—ជាពិសេស​ពេល​ដែល​ប្អូនៗ​នៅក្មេង ហើយ​ចង់​ឲ្យ​អ្នកដទៃ​ចូលចិត្ត​ប្អូនខ្លាំងបំផុត ។ មនុស្ស​គ្រប់គ្នា​ចង់​ចុះចំណោម​នឹងគេ ហើយ​បំណង​ប្រាថ្នា​នោះ​ត្រូវបាន​ពង្រីក​ទៅដល់​កម្រិត​មួយ​ដែល​មិន​ល្អ​សោះនៅក្នុង​ពិភព​ឌីជីថល​នាពេល​បច្ចុប្បន្ន​នេះ ដែល​ពោរពេញ​ទៅដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ការគំរាម​កំហែង​តាម​អ៊ីនធឺណិត ។

ដូច្នេះ ជាមួយ​នឹង​សម្ពាធ​ទាំងអស់​នោះ ហេតុអ្វី​ បាន​ជា ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​រស់នៅ​ខុស​ពីគេ​យ៉ាងដូច្នេះ ? វាមាន​ចម្លើយ​ល្អ​ៗជាច្រើន ៖ ពីព្រោះ​ថា ប្អូន​គឺជា​បុត្រាបុត្រី​របស់​ព្រះ ។ ពីព្រោះ​ថា ប្អូន​ត្រូវ​បាន​រក្សាទុក​សម្រាប់​ថ្ងៃចុងក្រោយ ។ ពីព្រោះ​ថា ប្អូន​គឺជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ប៉ុន្តែ​ចម្លើយ​ទាំងអស់​នោះ​មិន​តែងតែ​ញែក​ប្អូន​ចេញដាច់ដោយ​ឡែក​នោះទេ ។ មនុស្ស​គ្រប់គ្នា​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះ ។ មនុស្ស​គ្រប់គ្នា​នៅលើ​ផែនដី​ឥឡូវនេះ ​ត្រូវបាន​បញ្ជូន​មកទីនេះ​នៅ​ថ្ងៃចុងក្រោយ ។ ហើយប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​រស់នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ឬ​ច្បាប់​ព្រហ្មចារីភាព​តាម​របៀប​ដែល​ប្អូនៗ​ខិតខំ​ព្យាយាមរស់នៅតាម​នោះទេ ។ មាន​សិស្ស​ដ៏​ក្លាហាន​ជាច្រើន​របស់​ព្រះគ្រីស្ទ​ដែល​មិនមែន​ជាសមាជិក​នៃ​សាសនាចក្រ​នេះ ។ មិនតែ​ប៉ុណ្ណោះ​ពួកគេ​មិន​បម្រើ​បេសកកម្ម និង​ធ្វើ​ពិធីបរិសុទ្ធ​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​ជំនួស​ឲ្យ​បុព្វការីជន​ដូចដែល​ប្អូន​បាន​ធ្វើឡើយ ។ វា​មាន​រឿង​ផ្សេង​ជាច្រើនទៀត—ហើយ​វា​មានពិត​មែន ។

ថ្ងៃនេះ ខ្ញុំ​ចង់​ផ្តោតលើ​ហេតុផល​បន្ថែម​មួយ​ដែល​មាន​អត្ថន័យ​ក្នុង​ជីវិត​របស់ខ្ញុំ ។ នៅ​ឆ្នាំ​១៩៨៨ សាវក​វ័យក្មេង​ម្នាក់​ឈ្មោះ រ័សុល អិម ណិលសុន បាន​ផ្តល់​សុន្ទរកថា​មួយ​នៅ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ដែល​មាន​ឈ្មោះថា « Thanks for the Covenant ( សូម​ថ្លែង​អំណរគុណ​ចំពោះ​សេចក្តីសញ្ញា ) » ។ ​នៅ​កាលនោះ អែលឌើរ ណិលសុន បាន​ពន្យល់ថា នៅពេល​ដែល​យើង​ប្រើ​សិទ្ធិជ្រើសរើស​ខាងសីលធម៌​របស់​យើង​ដើម្បី​ធ្វើ និង​រក្សា​សេចក្តីសញ្ញា​ជាមួយ​នឹង​ព្រះ នោះ​យើង​ក្លាយជា​អ្នកស្នង​មរតក​នៃ​សេចក្តីសញ្ញា​អស់កល្ប​ជានិច្ច​ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​បុព្វការីជន​របស់យើង​នៅក្នុង​គ្រប់​គ្រា​កាន់កាប់​ត្រួតត្រា ។ និយាយ​ម្យ៉ាង​ទៀត​ថា យើង​ក្លាយជា « ​កូន​ចៅ​ក្នុង​សេចក្ដី​សញ្ញា » ។ ការណ៍​នោះ​បាន​ញែក​យើង​ចេញ​ពីគេ ។ ដែល​ប្រទាន​ឲ្យ​យើង​នូវ​សិទ្ធិ​ទទួល​បាន​ពរជ័យ​ដូច​ដែល​បុព្វការីជន​របស់​យើង​បាន​ទទួល រួមទាំង​សិទ្ធិ​កូន​ច្បង​ផងដែរ ។

សិទ្ធិ​កូន​ច្បង ! ប្អូន​ប្រហែលជា​ធ្លាប់​ឮពាក្យ​នោះ ។ យើង​ថែម​ទាំង​ច្រៀង​ទំនុក​តម្កើង​អំពីវា​ទៀតផង ៖ « ឱ! យុវវ័យថ្លៃថ្នូរអើយ ចូរ​បន្ត ចូរ​បន្ត ចូរ​បន្ត ! » វា​ជា​ពាក្យ​គួរឲ្យ​ទាក់ទាញ​ណាស់ ។ ប៉ុន្តែ​តើ​វា​មាន​ន័យ​យ៉ាង​ដូចម្តេច ?

នៅក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញាចាស់ ប្រសិនបើ​ឪពុក​ទទួល​មរណភាព កូនប្រុសច្បង​ដែល​មាន​សិទ្ធិ​ពីកំណើត​របស់​គាត់​នឹង​ទទួល​ខុសត្រូវ​ក្នុងការ​មើលថែ​ម្តាយ និង​បងប្អូនស្រី​របស់​គាត់ ។ ប្អូនប្រុសៗ​របស់​គាត់​ទទួល​មរតក​របស់​ពួកគេ ហើយ​ចាកចេញ​ដើម្បី​រកអនាគត​រៀងៗខ្លួន​នៅក្នុង​ពិភពលោក ប៉ុន្តែ​កូនប្រុសច្បង​ដែល​មាន​សិទ្ធិ​កូន​ច្បងមិនបាន​ទៅណា​ទេ ។ គាត់​នឹង​រៀបការ ហើយ​មាន​គ្រួសារ​ផ្ទាល់ខ្លួន ប៉ុន្តែ​គាត់​នឹង​រស់នៅ​រហូត​ដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់គាត់ ដើម្បី​គ្រប់គ្រងសម្បត្តិ​របស់​ឪពុក​គាត់ ។ ដោយសារ​តែ​មាន​ការទទួល​ខុសត្រូវ​បន្ថែម នោះ​គាត់​ត្រូវបានទទួលរង្វាស់​មរតក​បន្ថែម​ផងដែរ ។ តើ​វាជា​ការសុំ​ច្រើន​ពេក​មែនទេ​ក្នុង​ការដឹកនាំ និង​ការថែទាំ​ដល់​អ្នកដទៃ ? ពុំមែន​នៅពេល​ដែល​ប្អូនៗ​ពិចារណា​ពី​មរតក​បន្ថែម​ដែល​គាត់​ត្រូវបាន​ទទួល​នោះទេ ។

នៅ​ថ្ងៃនេះ យើង​មិន​និយាយ​អំពី​លំដាប់នៃ​សិទ្ធិ​កូន​ច្បង​របស់​ប្អូន​ៗនៅក្នុង​គ្រួសារ​លើ​ផែនដី ឬ​តួនាទី​ភេទ​នៅក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញាចាស់​នោះទេ ។ យើង​កំពុង​និយាយ​អំពី​មរតក​ដែល​ប្អូនៗ​ទទួល​បាន ជាអ្នក​គ្រង​មរតក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះគ្រីស្ទ ដោយសារ​តែ​ទំនាក់ទំនង​សេចក្តីសញ្ញា​ដែល​ប្អូនៗ​បាន​ជ្រើសរើស​ដើម្បី​ចូល​ជាមួយ​នឹង​ទ្រង់ និង​ព្រះវរបិតា​របស់​ប្អូនៗ​ដែលគង់នៅ​ស្ថានសួគ៌ ។ តើ​វា​ច្រើន​ពេក​មែនទេ​សម្រាប់​ព្រះ​ដើម្បី​រំពឹងថា​ប្អូនៗ​នឹង​រស់នៅ​ខុសពី​បុត្រ​ដទៃទៀត​របស់ទ្រង់ ដើម្បី​ប្អូនៗ​អាច​ដឹកនាំ និង​បម្រើ​ពួកគេឲ្យ​បាន​ល្អប្រសើរ​ជាងមុន​នោះ ? មិនមែន​នៅពេល​ដែល​ប្អូន​ៗពិចារណា​ពី​ពរជ័យ—ទាំង​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ—ដែល​ប្អូនៗ​ទទួល​បាន​នោះទេ ។

តើ​សិទ្ធិ​កូន​ច្បង​របស់​ប្អូនៗ​មាន​ន័យថា ប្អូន​ល្អជាង​អ្នកដទៃ​មែនទេ ? អត់ទេ ប៉ុន្តែ​វា​មាន​ន័យថា ប្អូនៗ​ត្រូវបាន​រំពឹងថា​នឹង​ជួយ​អ្នកដទៃ​ឲ្យ​កាន់តែ​ប្រសើរឡើង ។ តើ​សិទ្ធិ​កូន​ច្បង​របស់​ប្អូនៗ​មាន​ន័យថា ប្អូន​ត្រូវបាន​ជ្រើសរើស​មែនទេ ? មែនហើយ​ ប៉ុន្តែ​មិនមែន​ត្រូវបាន​ជ្រើសរើស​ដើម្បី​ឲ្យ​គ្រប់គ្រង​លើ​អ្នកដទៃ​នោះទេ ប្អូនៗ​ត្រូវបាន​ជ្រើសរើស​ឲ្យបម្រើ​ពួកគេ​វិញ ។ តើ​សិទ្ធិ​កូន​ច្បង​របស់​ប្អូន​គឺជា​ភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មែនទេ ? មែនហើយ ប៉ុន្តែ​សំខាន់​ជាងនេះ​ទៅទៀត វា​គឺជា​ភស្តុតាង​នៃ​ការជឿ​ទុកចិត្ត​របស់​ទ្រង់ ។

វា​គឺជា​រឿង​មួយដែល​ត្រូវ​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​រឿង​មួយ​ផ្សេងទៀត​គឺ​ដែលត្រូវ​ទទួល​បាន​ការជឿ​ទុកចិត្ត​ទាំងស្រុង ។ នៅក្នុង​សេចក្តី​ណែនាំ ដើម្បី​កម្លាំង​នៃយុវជន យើងអាន ៖ « ព្រះវរបិតាសួគ៌​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​អ្នក​ទុកចិត្ត​លើ​អ្នក ។ ទ្រង់​បាន​ប្រទាន​ពរជ័យ​ដ៏​អស្ចារ្យ​ដល់​អ្នក រួម​ទាំង​ភាព​ពេញលេញ​នៃ​ដំណឹងល្អ និង​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ដែល​ចងភ្ជាប់​អ្នក​ទៅនឹង​ទ្រង់ ហើយ​នាំ​ព្រះចេស្តា​របស់​ទ្រង់​មក​ក្នុង​ជីវិត​របស់​អ្នក ។ ជាមួយ​នឹង​ពរជ័យ​ទាំងនោះ​នឹង​មាន​ការទទួល​ខុសត្រូវ​បន្ថែម ។ ទ្រង់​ជ្រាប​ដឹង​ថា អ្នក​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​នៅក្នុង​ពិភពលោក ហើយ​នៅក្នុង​ករណី​ជាច្រើន ក៏​តម្រូវ​ឲ្យ​អ្នក​ធ្វើ​អ្វីដែល​ផ្សេងពី​ពិភពលោក​នេះ​ផងដែរ » ។

បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង​អាច​ប្រៀបធៀប​ទៅនឹង​នាវា​ទេសចរណ៍​មួយ ដែល​ព្រះ​បាន​បញ្ជូន​បុត្រាបុត្រី​ទាំងអស់​របស់ទ្រង់ ពេល​ពួកគេ​ធ្វើ​ដំណើរ​ពីច្រាំង​ម្ខាង​ទៅកាន់​ច្រាំង​ម្ខាង​ទៀត ។ ការធ្វើ​ដំណើរ​នេះ​ពោរពេញ​ទៅដោយ​ឱកាស​ដើម្បី​រៀនសូត្រ រីកលូតលាស់ សប្បាយ​រីករាយ និង​រីកចម្រើន ប៉ុន្តែ​វា​ក៏ពោរពេញ​ទៅដោយ​គ្រោះថ្នាក់​ផងដែរ ។ ព្រះ​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ និង​មាន​ការព្រួយបារម្ភ​អំពី​សុខុមាលភាព​របស់​ពួកគេ ។ ទ្រង់​មិន​ចង់​បាត់បង់​ពួកគេ​ណាម្នាក់​ឡើយ ដូច្នេះ​ហើយ ទ្រង់​អញ្ជើញ​អស់អ្នក​ទាំងឡាយណា​ដែល​មាន​ឆន្ទៈ ឲ្យ​ក្លាយជា​សមាជិក​នៃ​កងនាវិក​របស់​ទ្រង់—នោះ​គឺជា​ប្អូនៗ » ។ ដោយសារ​តែ​ជម្រើស​របស់​ប្អូនៗ​ក្នុង​ការធ្វើ និង​រក្សា​សេចក្ដីសញ្ញា នោះ​ទ្រង់​ផ្ដល់​ឲ្យ​ប្អូនៗ​នូវ​ការទុក​ព្រះទ័យ​របស់​ទ្រង់ ។ ទ្រង់​ទុក​ព្រះទ័យ​ឲ្យ​ប្អូនៗ​មាន​ភាពខុស​ប្លែក​ពី​គេ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ និង​បាន​ញែកចេញ ដោយសារ​កិច្ចការ​ដ៏​សំខាន់​នេះ ទ្រង់​ទុក​ព្រះទ័យ​លើ​ប្អូនៗ​ឲ្យ​ធ្វើ ។

សូម​គិត​អំពី​ការណ៍​នេះ ! ក្នុង​ចំណោម​មនុស្ស​ទាំងអស់​នៅលើ​ផែនដី—ព្រះ​ទុក​ព្រទ័យ​លើ​ប្អូនៗ ដែល​ជា​បុត្រ​នៃ​សេចក្តីសញ្ញា—សមាជិក​នៃ​កងនាវិក​របស់​ទ្រង់—ដើម្បី​ជួយ​កិច្ចការ​របស់​ទ្រង់​ក្នុង​ការនាំ​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់​ទៅផ្ទះ​ដោយ​សុវត្ថិភាព ។ អ៊ីចឹង​បាន​ជា​ពេលមួយ​ប្រធាន ព្រីកហាំ យ៉ង់ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា « ទេវតា​ទាំងអស់​នៅលើ​ស្ថានសួគ៌​កំពុង​សម្លឹងមើល​មនុស្ស​ក្រុម​តូច​មួយ​នេះ » ។

នៅពេល​ដែល​ប្អូនៗ​មើល​ជុំវិញ​នៅលើ​នាវា​ទេសចរណ៍​នេះ​ដែល​ហៅថា​ផែនដី ប្អូន​ប្រហែល​ជា​ឃើញ​អ្នកដទៃ​អង្គុយ​នៅលើ​កៅអី​សាឡុង​ផឹកស៊ី លេង​ល្បែង​ក្នុង​កាស៊ីណូ ស្លៀក​សម្លៀក​បំពាក់​ដែល​ខើចខ្លី​ពេក អូស​មើល​ទូរសព្ទ​ឥត​ឈប់​ឈរ និង​ខ្ជះខ្ជាយ​ពេល​វេលា​ច្រើន​ពេក​ក្នុង​ការ​លេង​ហ្គេម​អេឡិចត្រូនិក ។ ប៉ុន្តែ​ជំនួស​ឲ្យ​ការឆ្ងល់ថា « ហេតុអ្វី​បាន​ជា ខ្ញុំ មិន​អាច​ធ្វើ​បែប​នោះ​បាន ? » នោះ​ប្អូនៗ​អាច​ចងចាំថា ប្អូន​មិនមែន​ជា​សមាជិក​អ្នកធ្វើ​ដំណើរ​ធម្មតា​នោះទេ ។ ប្អូន​គឺជា​សមាជិក​នៃ​កងនាវិក ។ ប្អូន​មាន​ទំនួល​ខុសត្រូវ​ដែល​អ្នកដំណើរ​ទាំងនោះ​មិនមាន ។ ដូច​ស៊ីស្ទើរ អាឌីស ខាប បាន​ថ្លែងថា « អ្នក​មិន​អាច​ក្លាយ​ជា​[ អ្នក​សង្គ្រោះ ]​ជីវិត​បាន​ឡើយ បើ​អ្នក​មាន​រូបរាង​ដូច​នឹង​ពួក​អ្នក​ហែលទឹក​ផ្សេងទៀត​ដែល​នៅលើ​ឆ្នេរ​សមុទ្រ​នោះ » ។

ហើយ​ពីមុនពេល​ប្អូនៗ​បាក់​ទឹកចិត្ត​ដោយ​សារកាតព្វកិច្ច​បន្ថែម​ទាំងអស់នោះ សូម​ចាំថា ​សមាជិក​កងនាវិក​ទទួល​បាន​អ្វី​ដែល​អ្នកដំណើរ​ផ្សេងទៀត​មិន​ទទួល​បាន​នោះគឺ ៖ សំណង ។ អែលឌើរ នែល អិល អាន់ឌើរសិន បាន​មាន​ប្រសាសន៍​ថា « នោះ​មាន​អំណាច​ខាង​វិញ្ញាណ​មួយ​ដែល​អាច​ប៉ះប៉ូវ​បាន​សម្រាប់​ពួក​សុចរិត » រួមទាំង « ប្រទាន​ដល់​ពួកគេ​នូវ​ការ​ធានាអះអាង ការបញ្ជាក់ និង​ទំនុក​ចិត្ត​កាន់តែ​ខ្លាំង​ឡើង » ។ ដូច​ជា​អ័ប្រាហាំ​ពីបុរាណ ប្អូនៗ​ទទួល​បាន​សុភមង្គល និង​សេចក្តី​សុខសាន្ត​ មាន​ភាពសុចរិត និង​មាន​ចំណេះដឹង​កាន់តែ​ច្រើន ។ សំណង​របស់ប្អូនៗ​មិនមែន​គ្រាន់តែ​ជា​វិមាន​មួយ​នៅ​សា្ថនសួគ៌ និង​ផ្លូវ​ក្រាល​ដោយ​មាស​នោះទេ ។ វា​​ងាយស្រួល​ណាស់​សម្រាប់​ព្រះវរបិតាសួគ៌​ដើម្បីប្រទាន​ឲ្យ​ដល់​ប្អូនៗ​នូវអ្វី​ទាំងអស់​ដែល​ទ្រង់​មាន ។ បំណង​ប្រាថ្នា​របស់​ទ្រង់ គឺ​ដើម្បី​ជួយ​ប្អូនៗ​ឲ្យ​ក្លាយជា​អ្វី​គ្រប់យ៉ាង​ដូចដែល​ទ្រង់​មាន ។ ដូច្នេះ ការប្តេជ្ញា​ចិត្ត​របស់​ប្អូនៗ​ទាមទារ​ឲ្យ​ប្អូនៗ​កាន់តែ​លះបង់​ច្រើន ដោយសារ​នោះ​ជា​របៀប​ដែល​ព្រះ​កំពុង​ធ្វើឲ្យ​ប្អូនៗ​ឈាន​ទៅដល់​សក្តានុពល​ពេញលេញ​របស់​ប្អូនៗ ។

វាជា « រឿងច្រើនណាស់ដែលត្រូវសុំនរ​ណាម្នាក់ឲ្យធ្វើ ប៉ុន្តែប្អូនៗមិនមែនគ្រាន់តែនរណាម្នាក់នោះទេ ! » ប្អូន​គឺជា​យុវវ័យ​ថ្លៃថ្នូរ​ ។ ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​របស់​ប្អូន​ជាមួយ​នឹង​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ទំនាក់ទំនង​នៃ​សេចក្តី​ស្រឡាញ់ និង​ការជឿ​ទុកចិត្ត ដែល​ប្អូនៗ​មាន​លទ្ធភាព​ទទួល​បាន​ព្រះគុណ​ដ៏ធំធេង​របស់​ទ្រង់​ទាំងទ្វេ—ជំនួយ​ដ៏ទេវភាព អំណោយ​ទាន​នៃ​កម្លាំង និង​អំណាច​របស់​ទ្រង់​ទាំងទ្វេ ។ ព្រះចេស្តា​នោះ​គឺមិនមែន​គ្រាន់តែ​ជា​ការគិត​ប្រាថ្នាចង់បាន ជាព្រេង​សំណាង ឬ​ជាការព្យាករ​ដែលបំពេញ​ដោយ​ខ្លួនឯង​នោះទេ ។ វា​គឺ​ជា ការពិត ។

នៅពេល​ដែល​ប្អូនៗ​បំពេញ​ទំនួល​ខុសត្រូវ​សិទ្ធិ​កូនច្បង​របស់​ប្អូន នោះ​ប្អូនៗ​មិន​ដែល​នៅតែ​ម្នាក់ឯង​នោះទេ ។ ម្ចាស់​ចម្ការ​ធ្វើការ​ជាមួយ​នឹង​ប្អូនៗ ។ ប្អូន​កំពុង​ចាប់​ដៃ​ធ្វើការ​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។ ជាមួយនឹង​សេចក្តីសញ្ញា​ថ្មី​នីមួយៗ​—ហើយ​ពេល​ទំនាក់ទំនង​របស់​ប្អូន​ជាមួយនឹង​ទ្រង់​កាន់តែ​ជ្រាលជ្រៅ—នោះ​ប្អូនៗ​កាន់​តែ​ស្អិត​ជាប់​នឹង​គ្នា​កាន់​តែ​តឹង រហូត​ទាល់តែ​ប្អូន​ភ្ជាប់គ្នា​យ៉ាង​ស្អិតល្មួត ។ នៅក្នុង​និមិត្តសញ្ញា​ដ៏​ពិសិដ្ឋ​នៃ​ព្រះគុណ​របស់​ទ្រង់ នោះ​ប្អូនៗ​នឹង​រកឃើញ​ទាំង​បំណង​ប្រាថ្នា និង​កម្លាំង​ដើម្បី​រស់នៅ​តាម​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​រស់នៅ—ដែល​ខុសពី​ពិភពលោក​រស់នៅ ។ ប្អូនៗ​អាច​ធ្វើ​ការណ៍​នេះ​បាន​ដោយសារ​មាន​ព្រះយេស៊ូវ​គ្រីស្ទ​គាំទ្រដល់​ប្អូន !

នៅក្នុង នីហ្វៃទី២ ២:៦ យើង​អាន « ហេតុ​ដូច្នោះ​ហើយ សេចក្ដី​ប្រោស​លោះ​នឹង​មក​ដោយ និង​តាម​រយៈ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធ ត្បិត​ទ្រង់​ពោរពេញ​ទៅ​ដោយ​ព្រះគុណ និង​សេចក្ដី​ពិត » ។ ដោយសារ​ទ្រង់​ពោរពេញ​ដោយ​សេចក្តីពិត ទ្រង់​ទតឃើញ​ប្អូន​ជាប្អូន—មាន​គុណវិបត្តិ ភាពទន់ខ្សោយ ការសោកស្តាយ និង​អ្វីៗ​ទាំងអស់ ។ ដោយសារ​ទ្រង់​ពោរពេញ​ដោយ​ព្រះគុណ នោះ​ទ្រង់​ទតឃើញ​ប្អូន​ជា​ប្អូន ដូច​ដែល​ប្អូន​អាច​ក្លាយទៅជា ។ ទ្រង់​យល់ និង​ទទួល​ស្គាល់​ប្អូន​ជាប្អូន ហើយ​ជួយ​ប្អូន​ឲ្យ​ប្រែចិត្ត និង​កែលម្អ យកឈ្នះ និង​ក្លាយទៅជា ។

« ឱ! យុវវ័យថ្លៃថ្នូរអើយ ចូរ​បន្ត ចូរ​បន្ត ចូរ​បន្ត ! » ខ្ញុំ​ធ្វើ​ទីបន្ទាល់ថា ប្អូនៗ​ត្រូវបាន​គេ​ស្រឡាញ់—ហើយ​ប្អូន​ត្រូវ​បាន​គេជឿ​ទុកចិត្ត—នៅ​ថ្ងៃនេះ នៅ​ពេល​២០​ឆ្នាំ​ទៀត និង​ជារៀងរហូត ។ សូម​កុំ​លក់​អំណាច​មរតក​របស់​បង​ច្បង​របស់​ប្អូនៗ​សម្រាប់​តែសំឡ​តិចតួច​នោះអី ។ សូម​កុំ​ដោះដូរ​អ្វី​ដែល​មាន​តម្លៃ​ជាទីបំផុត​ទៅយក​អ្វី​ដែល​គ្មាន​តម្លៃ​ពិតប្រាកដ​នោះអី ។ សូម​កុំ​ឲ្យ​ពិភពលោក​នេះ​ផ្លាស់ប្តូរ​ប្អូនៗឲ្យសោះ ខណៈ​ដែល​​ប្អូនៗ​កើតមក​គឺ​ដើម្បី​ផ្លាស់ប្តូរ​ពិភពលោកនេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។