រស់នៅឲ្យស្របតាមអភ័យឯកសិទ្ធិរបស់ក្មួយៗ
សូមរៀនពីរបៀបដែលពិធីបរិសុទ្ធនៃបព្វជិតភាព និងការសន្យានៃសេចក្ដីសញ្ញានឹងអនុញ្ញាតឲ្យព្រះចេស្ដារបស់ព្រះហូរចូលមកក្នុងជីវិតរបស់ក្មួយៗ ។
ថ្មីៗនេះ ស្វាមីរបស់ខ្ញុំ ក្រេហ្គបានទទួលការធ្វើរោគវិនិច្ឆ័យមួយដែលតម្រូវឲ្យមានការវះកាត់ដ៏ល្អិតល្អន់ និងការព្យាបាលដោយប្រើសារធាតុគីមីជាច្រើនខែ ។ ដូចជាបងប្អូនភាគច្រើនដែលធ្លាប់ជួបនឹងស្ថានភាពស្រដៀងគ្នានេះដែរ យើងបានចាប់ផ្ដើមអធិស្ឋានភ្លាមៗសូមជំនួយពីស្ថានសួគ៌ និងព្រះចេស្ដារបស់ព្រះ ។ នៅថ្ងៃអាទិត្យបន្ទាប់ពីការវះកាត់របស់ក្រេហ្គ ពិធីសាក្រាម៉ង់ត្រូវបានធ្វើដល់បន្ទប់របស់យើងនៅក្នុងមន្ទីរពេទ្យ ។
នៅគ្រានេះ ខ្ញុំគឺជាបុគ្គលតែម្នាក់គត់ដែលទទួលទានសាក្រាម៉ង់ ។ នំប៉័ងមួយបំណែក ។ ទឹកមួយពែង ។ នៅឯព្រះវិហារ ជាញឹកញាប់គំនិតខ្ញុំផ្ដោតលើដំណើរការពិធីសាក្រាម៉ង់—ការរៀបចំ ការប្រសិទ្ធពរ និងការចែកសាក្រាម៉ង់ ។ ប៉ុន្តែនៅរសៀលនោះ ខ្ញុំបានជញ្ជឹងគិតពីអំណោយទាននៃព្រះចេស្ដារបស់ព្រះដែលមានសម្រាប់ខ្ញុំតាមរយៈពិធីបរិសុទ្ធដ៏ពិសិដ្ឋផ្ទាល់ និងការសន្យានៃសេចក្ដីសញ្ញា ដែលខ្ញុំបានធ្វើកាលខ្ញុំទទួលទាននំបុ័ងមួយចំណិត និងទឹកមួយពែង ។ នេះគឺជាគ្រាមួយដែលខ្ញុំត្រូវការព្រះចេស្ដាមកពីស្ថានសួគ៌ ។ នៅកណ្ដាលនៃភាពឈឺចាប់ ភាពនឿយហត់ និងភាពមិនប្រាកដប្រជាដ៏ធំ ខ្ញុំងឿងឆ្ងល់អំពីអំណោយទាននៃបព្វជិតភាពនេះដែលនឹងអនុញ្ញាតឲ្យខ្ញុំទាញយកអំណាចមកពីទ្រង់ដែលខ្ញុំត្រូវការជាខ្លាំង ។ ការទទួលទានសាក្រាម៉ង់នឹងបង្កើនភាពជាដៃគូរបស់ខ្ញុំជាមួយនឹងព្រះវិញ្ញាណរបស់ព្រះអម្ចាស់ ដោយអនុញ្ញាតឲ្យខ្ញុំទទួលបានអំណោយទាននៃព្រះចេស្ដារបស់ព្រះកាន់តែច្រើន រួមទាំងការបម្រើនៃពួកទេវតា និងកម្លាំងដែលមានមកពីព្រះអង្គសង្រ្គោះដើម្បីយកឈ្នះឧបសគ្គនេះ ។
ខ្ញុំគិតថា ខ្ញុំមិនធ្លាប់ដឹងពីរឿងនេះឲ្យបានច្បាស់លាស់ពីមុនមកទេថា មិនមែនតែអ្នកដែលធ្វើពិធីបរិសុទ្ធនោះទេដែលសំខាន់—អ្វីដែលពិធីបរិសុទ្ធនោះ និងការសន្យានៃសេចក្ដីសញ្ញារបស់យើងបើកបង្ហាញក៏សមនឹងទទួលបានចំណាប់អារម្មណ៍របស់យើងផងដែរ ។ ពិធីបរិសុទ្ធនៃបព្វជិតភាព និងការសន្យានៃសេចក្ដីសញ្ញាអនុញ្ញាតឲ្យព្រះបន្សុទ្ធយើង ហើយបន្ទាប់មកធ្វើការអស្ចារ្យនៅក្នុងជីវិតយើង ។ ប៉ុន្តែការណ៍នេះកើតឡើងដោយរបៀបណា ?
ទីមួយ ដើម្បីឲ្យពិធីបរិសុទ្ធមួយបើកសម្ដែងនូវព្រះចេស្ដារបស់ព្រះនៅក្នុងជីវិតរបស់យើង វាត្រូវតែធ្វើឡើងដោយសិទ្ធិអំណាចមកពីព្រះរាជបុត្រានៃព្រះ ។ ប្រព័ន្ធអនុវត្តនោះគឺជារឿងសំខាន់ ។ ព្រះវរបិតាសួគ៌បានប្រគល់កូនសោនានា និងសិទ្ធិអំណាចដើម្បីមើលខុសត្រូវលើការអនុវត្តពិធីបរិសុទ្ធនៃបព្វជិតភាពរបស់ទ្រង់ ។ នៅក្រោមការដឹកនាំរបស់ទ្រង់ ដោយនូវរបៀបនៃបព្វជិតភាពរបស់ទ្រង់ ពួកបុត្រារបស់ព្រះត្រូវបានតែងតាំងដើម្បី តំណាងឲ្យ ព្រះរាជបុត្រានៃព្រះ ។
ទីពីរ យើងមិនគ្រាន់តែធ្វើការសន្យានៃសេចក្ដីសញ្ញាប៉ុណ្ណោះទេ—យើងត្រូវតែរក្សាវាផងដែរ ។ នៅក្នុងពិធីបរិសុទ្ធជាច្រើននៃដំណឹងល្អ យើងធ្វើសេចក្ដីសញ្ញាពិសិដ្ឋជាមួយព្រះ ។ ទ្រង់សន្យានឹងប្រទានពរដល់យើង នៅពេលយើង រក្សា សេចក្ដីសញ្ញាទាំងនោះ ។ តើយើងដឹងទេថា ការផ្គុំគ្នានៃពិធីបរិសុទ្ធបព្វជិតភាព ជាមួយនឹងការរក្សាការសន្យានៃសេចក្ដីសញ្ញា គឺជាអ្វីដែលអនុញ្ញាតឲ្យយើងទាញយកព្រះចេស្ដារបស់ព្រះ ?
នៅរសៀលនោះ ខ្ញុំបានងឿងឆ្ងល់ថាតើខ្ញុំ ជាបុត្រីនៃសេចក្តីសញ្ញានៃព្រះ ពិតជាបានយល់ដឹងពេញលេញពីរបៀបដើម្បីប្រើអំណោយទាននៃព្រះចេស្ដារបស់ព្រះតាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាពឬទេ ហើយតើខ្ញុំពិតជាស្គាល់ពីរបៀបដែលព្រះចេស្ដារបស់ព្រះដំណើរការនៅក្នុងខ្ញុំដែរឬអត់ ។
នៅឆ្នាំ២០១៩ ការអញ្ជើញមួយរបស់ព្យាការីត្រូវបានធ្វើឡើងទៅកាន់ស្ត្រីនៃសាសនាចក្រនេះ ដោយបង្រៀនយើងអំពីរបៀបទាញយកព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះចូលមកក្នុងជីវិតរបស់យើង ។ ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញយើងឲ្យសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥ ជាវិវរណៈមួយដែលបានប្រទានដល់ អិមម៉ា ស្ម៊ីធ នៅភូមិហាម៉ូនី រដ្ឋផែនស៉ីលវេញ៉ា ។ ការទទួលយកការអញ្ជើញនោះបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ។
កាលពីខែមុន ខ្ញុំបានមានឱកាសទៅលេងភូមិហាម៉ូនី ដោយមិនបានរំពឹងទុកជាមុន ។ នៅទីនោះ នៅក្រោមដើមម៉េផល បព្វជិតភាពត្រូវបានស្ដារឡើងវិញដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។ នៅក្បែរដើមឈើទាំងនោះគឺជាមាត់ទ្វារចូលផ្ទះរបស់យ៉ូសែប និងអិមម៉ា ។ នៅទល់មុខចង្ក្រានកម្តៅនៅក្នុងផ្ទះនោះមានបង្អួចមួយ ។ ខ្ញុំបានឈរក្បែរបង្អួចនោះ ហើយងឿងឆ្ងល់ពីអ្វីដែលអិមម៉ាបានគិត នៅពេលគាត់សម្លឹងមើលទៅដើមឈើទាំងនោះ ។
នៅខែកក្កដា ឆ្នាំ១៨៣០ អិមម៉ាមានអាយុ ២៦ឆ្នាំ ។ គាត់ នៅក្មេងណាស់ ។ គាត់រៀបការបានបីឆ្នាំកន្លះ ។ គាត់បានបាត់បង់កូនប្រុសតូចម្នាក់—ជាកូនដំបូងរបស់គាត់ ។ ផ្នូររបស់កូនតូចគឺនៅក្បែរផ្ទះរបស់គាត់ ។ ដោយឈរនៅក្បែរបង្អួចនោះ វាងាយស្រួលសម្រាប់ខ្ញុំដើម្បីនឹកស្រមៃពីអ្វីដែលអាចកើតមាននៅក្នុងគំនិតរបស់គាត់ ។ ប្រាកដណាស់ គាត់បានព្រួយបារម្ភអំពីហិរញ្ញវត្ថុរបស់ពួកគេ អំពីការបៀតបៀនដែលកើនឡើងដែលបានគំរាមកំហែងសុវត្ថិភាពរបស់ពួកគេ អំពីអនាគតរបស់ពួកគេ ។ ប៉ុន្តែកិច្ចការរបស់ព្រះមាននៅគ្រប់ទីកន្លែងជុំវិញរូបគាត់ ។ តើគាត់បានងឿងឆ្ងល់ដែរឬទេអំពីតួនាទីរបស់គាត់នៅក្នុងផែនការនោះ អំពីគោលបំណងរបស់គាត់នៅក្នុងនគររបស់ទ្រង់ និងសក្ដានុពលរបស់គាត់នៅក្នុងព្រះនេត្ររបស់ព្រះ ?
ខ្ញុំគិតថា គាត់មានគំនិតទាំងនោះ ។
ហើយនៅទីតាំងជិតនោះ អំណោយទាននៃសិទ្ធិអំណាច និងកូនសោនៃបព្វជិតភាពរបស់ព្រះ ត្រូវបានស្ដារឡើងវិញលើផែនដី ។ នេះគឺជាគ្រាមួយដែលអិមម៉ាពិតជាត្រូវការព្រះចេស្ដាមកពីស្ថានសួគ៌ ។ ខណៈពេលកំពុងដកពិសោធន៍ការឈឺចាប់ ភាពនឿយហត់ និងភាពមិនប្រាកដប្រជាដ៏ធំ ខ្ញុំនឹកស្រមៃឃើញអិមម៉ាងឿងឆ្ងល់អំពីអំណោយទាននៃបព្វជិតភាពនេះរបស់ព្រះដែលអាចបើកសោនៃអំណាចមកពីទ្រង់ដែលនាងត្រូវការជាខ្លាំង ។
ប៉ុន្តែអិមម៉ាមិនគ្រាន់តែឈរនៅក្បែរបង្អួច ហើយងឿងឆ្ងល់នោះទេ ។
កាលព្យាការីយ៉ូសែប កំពុងទទួលការបង្រៀនអំពីកូនសោ តំណែង ពិធីបរិសុទ្ធទាំងឡាយ និងរបៀបដើម្បីជួយនៅក្នុងការបម្រើនៃបព្វជិតភាព ព្រះអម្ចាស់ទ្រង់ផ្ទាល់បានប្រទានវិវរណៈមួយទៅអិមម៉ា តាមរយៈព្យាការីរបស់ទ្រង់ ។ វិវរណៈនេះបានប្រទានឲ្យនៅពេលអិមម៉ាអាយុ ២៦ ឆ្នាំនៅភូមិហាម៉ូនី—មិនមែនពេលអិមម៉ាជាប្រធានសមាគមសង្រ្គោះនៅណៅវូនោះទេ ។ តាមរយៈវិវរណៈនេះ អិមម៉ានឹងរៀនអំពីការរាប់ជាបរិសុទ្ធពីខាងក្នុង និងការភ្ជាប់សេចក្តីសញ្ញាដែលនឹងបង្កើនសមត្ថភាពនៃពិធីបរិសុទ្ធទាំងនោះឲ្យដំណើរការនៅក្នុងជីវិតរបស់គាត់ ។
ទីមួយ ព្រះអម្ចាស់បានរំឭកអិមម៉ាពីតួនាទីរបស់គាត់នៅក្នុងផែនការរបស់ទ្រង់ ដោយរួមទាំងថាតើគាត់ជានរណា និងមានចំណែកនៅឯណា—ជាបុត្រីម្នាក់នៅក្នុងនគររបស់ទ្រង់ ។ គាត់ត្រូវបានអញ្ជើញឲ្យ « ដើរតាមផ្លូវគុណធម៌ »ផ្លូវដែលបានរួមបញ្ចូលទាំងពិធីបរិសុទ្ធទាំងឡាយដែលអាចបើកបង្ហាញព្រះចេស្ដារបស់ព្រះ ប្រសិនបើអិមម៉ានៅជាប់នឹងសេចក្តីសញ្ញារបស់គាត់ ។
ទីពីរ នៅរដូវកាលនៃការទួញសោកយ៉ាងខ្លាំងរបស់គាត់ ព្រះអម្ចាស់បានប្រទានគោលបំណងដល់គាត់ ។ អិមម៉ាមិនគ្រាន់តែមានកាតព្វកិច្ចនៅក្នុងការស្ដារឡើងវិញនោះទេ គាត់គឺជាអ្នកចូលរួមយ៉ាងសំខាន់នៅក្នុងកិច្ចការដែលកើតឡើងនេះ ។ គាត់នឹងត្រូវបានញែកចេញ « ដើម្បីពន្យល់បទគម្ពីរទាំងឡាយ និងដើម្បីទូន្មានដល់សាសនាចក្រ » ។ ពេលវេលារបស់គាត់នឹង « ត្រូវបានប្រទានឲ្យ ដើម្បីការសរសេរ និងដើម្បីការរៀនសូត្រដ៏ច្រើន » ។ អិមម៉ាត្រូវបានប្រទានឲ្យនូវតួនាទីដ៏ពិសិដ្ឋដើម្បីជួយរៀបចំពួកបរិសុទ្ធឲ្យថ្វាយបង្គំ ។ ពួកគេថ្វាយបទចម្រៀងរបស់ពួកគេទៅកាន់ព្រះអម្ចាស់ដូចជាការអធិស្ឋាន ហើយព្រះអម្ចាស់ « ឆ្លើយតបដោយនូវព្រះពរមកលើក្បាលរបស់ពួកគេ » ។
ជាចុងក្រោយ ព្រះអម្ចាស់បានគ្រោងដំណើរការមួយនៃការរាប់ជាបរិសុទ្ធពីខាងក្នុង ដែលនឹងរៀបចំអិមម៉ា សម្រាប់ភាពតម្កើងឡើង ។ « ហើយលើកលែងតែអ្នកធ្វើការនេះ » ព្រះអម្ចាស់បានពន្យល់ទៅគាត់ « កន្លែងដែលយើងនៅ នោះអ្នកពុំអាចមកបានឡើយ » ។
ប្រសិនបើយើងអាន កណ្ឌទី ២៥ ដោយយកចិត្តទុកដាក់ នោះយើងរកឃើញនូវការរីកចម្រើនដ៏សំខាន់ដែលកំពុងកើតឡើង ។ អិមម៉ានឹងចាប់ផ្ដើមពីការធ្វើជាបុត្រីម្នាក់នៅក្នុងនគរនេះ ទៅជា « ស្រ្តីរើសតាំង » ទៅជាម្ចាស់ក្សត្រី ។ ពិធីបរិសុទ្ធនៃបព្វជិតភាពអើរ៉ុន និងបព្វជិតភាពម៉ិលគីស្សាដែកបានរួមផ្សំជាមួយការគោរពតាមការសន្យានៃសេចក្តីសញ្ញានឹងបង្កើនភាពជាគូកនរបស់គាត់ជាមួយនឹងព្រះវិញ្ញាណ និងជាមួយពួកទេវតា ដោយជំរុញគាត់ឲ្យដឹកនាំជីវិតរបស់គាត់ជាមួយការដឹកនាំដ៏ទេវភាព ។ តាមរយៈព្រះចេស្ដាដ៏ទេវភាពរបស់ទ្រង់ ព្រះនឹងព្យាបាលដួងចិត្តរបស់គាត់ ពង្រីកសមត្ថភាពរបស់គាត់ ហើយប្រែក្លាយគាត់ឲ្យទៅជាបុត្រីម្នាក់ដែលទ្រង់ជ្រាបដឹងថាគាត់នឹងក្លាយទៅជា ។ ហើយតាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាពម៉ិលគីស្សាដែកនេះ « នោះអំណាចនៃព្រះ [ នឹងត្រូវ ] សម្ដែងឲ្យឃើញ » នៅក្នុងជីវិតរបស់គាត់ ហើយព្រះអម្ចាស់នឹងបើកវាំងនននេះ ដើម្បីគាត់អាចទទួលការយល់ដឹងមកពីទ្រង់ ។ នេះ គឺជារបៀបដែលព្រះចេស្ដារបស់ព្រះដំណើរការនៅក្នុងយើង ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
« អ្វីៗ ដែលបានកើតឡើងនៅក្នុង [ ភូមិហាម៉ូនី ] មានឥទ្ធិពលខ្លាំងមកលើជីវិត របស់បងប្អូន ។ ការស្ដារឡើងវិញនៃបព្វជិតភាព ព្រមជាមួយនឹងពាក្យទូន្មានរបស់ព្រះអម្ចាស់ទៅកាន់អិមម៉ា អាចដឹកនាំ និងប្រទានពរដល់បងប្អូនម្នាក់ៗ ។…
« … ការទទួលព្រះចេស្ដានៃព្រះនៅក្នុងជីវិតរបស់បងប្អូនតម្រូវនូវរឿងដូចគ្នាដែលព្រះអម្ចាស់បានណែនាំទៅកាន់ អិមម៉ា និង [ យើង ] ម្នាក់ៗឲ្យធ្វើ » ។
មានរឿងដ៏សំខាន់កើតឡើងនៅទាំងសងខាងបង្អួចនៅភូមិហាម៉ូនី ដោយរួមមានវិវរណៈដែលបានប្រទានដល់ស្រ្តីដែលបានរើសតាំងដែលព្រះអម្ចាស់បានហៅ—វិវរណៈដែលនឹងពង្រឹង លើកទឹកចិត្ត និងបង្រៀនអិមម៉ា ស្ម៊ីធ ដែលជាបុត្រីរបស់ព្រះ ។
នៅពេលចៅស្រីរបស់យើង អ៊ីស្សាប៊ែល ត្រូវបានដាក់ឈ្មោះ និងប្រសិទ្ធពរ នោះឪពុករបស់នាងបានផ្ដល់ពរដល់នាងនូវការយល់ដឹងអំពីបព្វជិតភាព ថានាងនឹងបន្តរីកចម្រើន និងរៀនអំពីពរជ័យដែលវានឹងផ្តល់ឲ្យនៅក្នុងជីវិតរបស់នាង ហើយថាជំនឿរបស់នាងលើបព្វជិតភាពនឹងរីកចម្រើន នៅពេលនាងបន្តបង្កើនការយល់ដឹង ។
មិនញឹកញាប់ទេ ដែលក្មេងស្រីតូចម្នាក់ត្រូវបានប្រសិទ្ធពរឲ្យយល់អំពីបព្វជិតភាព ហើយឲ្យរៀនពីរបៀបដែលពិធីបរិសុទ្ធ និងការសន្យានៃសេចក្តីសញ្ញាទាំងនោះនឹងជួយនាងឲ្យទទួលបានព្រះចេស្ដារបស់ព្រះនោះ ។ ប៉ុន្តែខ្ញុំបានចងចាំដល់អិមម៉ា ហើយបានគិតក្នុងចិត្តថា ហេតុអ្វីមិនអាចនោះ ? កូនស្រីតូចម្នាក់នេះមានសក្ដានុពលដើម្បីប្រែក្លាយជាស្រ្តីរើសតាំងនៅក្នុងនគររបស់ទ្រង់ ហើយនៅទីបំផុតក្លាយជាម្ចាស់ក្សត្រីមួយអង្គ ។ តាមរយៈពិធីបរិសុទ្ធបព្វជិតភាពរបស់ទ្រង់ និងការគោរពតាមការសន្យានៃសេចក្ដីសញ្ញារបស់នាង នោះព្រះចេស្ដារបស់ព្រះនឹងដំណើរការនៅក្នុង និងតាមរយៈនាងដើម្បីជួយនាងឲ្យយកឈ្នះលើអ្វីក៏ដោយដែលនឹងកើតឡើងក្នុងជីវិត ហើយក្លាយជាស្ត្រីដែលព្រះទ្រង់ជ្រាបដឹងថានាងនឹងក្លាយទៅជា ។ នេះគឺជាអ្វីដែលខ្ញុំចង់ឲ្យក្មេងស្រីម្នាក់ៗក្នុងនគរនេះយល់ ។
« រស់នៅឲ្យស្របតាមអភ័យឯកសិទ្ធិរបស់ក្មួយៗ » ។
សូមរៀនពីរបៀបដែលពិធីបរិសុទ្ធបព្វជិតភាព និងការសន្យានៃសេចក្តីសញ្ញានឹងអនុញ្ញាតឲ្យព្រះចេស្ដារបស់ព្រះកើតមានដល់ជីវិតរបស់ក្មួយៗដោយមាននូវប្រសិទ្ធភាពកាន់តែខ្លាំង ដោយធ្វើការនៅក្នុង និងតាមរយៈក្មួយៗ ជំរុញ និងបំពាក់ឲ្យក្មួយសម្រេចបាននូវគោលបំណង និងសក្តានុពលពេញលេញរបស់ក្មួយៗ ។
សូមសិក្សា និងជញ្ជឹងគិតដោយយកចិត្តទុកដាក់អំពីពិធីបរិសុទ្ធបព្វជិតភាពអើរ៉ុន និងម៉ិលគីស្សាដែក ជាការសន្យានៃសេចក្ដីសញ្ញាដែលយើងធ្វើជាមួយពិធីបរិសុទ្ធនីមួយៗ និងព្រះចេស្ដានៃព្រះដែលយើងទទួលបានតាមរយៈពិធីបរិសុទ្ធទាំងនោះ ។
សូមចងចាំថា មិនមែនតែអ្នកដែលធ្វើពិធីបរិសុទ្ធនោះទេដែលសំខាន់ អ្វីដែលពិធីបរិសុទ្ធ និងការសន្យានៃសេចក្ដីសញ្ញារបស់ក្មួយៗបើកបង្ហាញក៏សមនឹងទទួលបានចំណាប់អារម្មណ៍របស់ក្មួយៗផងដែរ ។
ការទទួលទាននំប៉័ង និងទឹកគឺជាការរំឭកប្រចាំសប្តាហ៍អំពីព្រះចេស្ដារបស់ទ្រង់ដែលធ្វើការក្នុងក្មួយៗដើម្បីជួយក្មួយៗឲ្យយកឈ្នះលើឧបសគ្គ ។ ការពាក់សម្លៀកបំពាក់នៃបព្វជិតភាពបរិសុទ្ធគឺជាការរំឭកប្រចាំថ្ងៃអំពីអំណោយទាននៃព្រះចេស្ដារបស់ទ្រង់ដែលធ្វើការនៅក្នុងក្មួយៗដើម្បីជួយក្មួយៗឲ្យប្រែក្លាយដូចជាព្រះ ។
យើងទាំងអស់គ្នាមានសិទ្ធិទទួលបានអំណោយទាននៃព្រះចេស្ដារបស់ព្រះ ។
រាល់ពេលដែលយើងទទួលទានសាក្រាម៉ង់ ។
រាល់ពេលដែលយើងឆ្លងកាត់ច្រកចូលនៃព្រះវិហារបរិសុទ្ធ ។
នេះគឺជាផ្នែកសំខាន់ៗនៃថ្ងៃឈប់សម្រាករបស់ខ្ញុំ ។ នេះគឺជាមូលហេតុដែលខ្ញុំស្រឡាញ់ប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់ខ្ញុំ ។
« នៅក្នុងពិធីបរិសុទ្ធនោះ អំណាចនៃព្រះត្រូវបានបើកសម្ដែងឲ្យឃើញ » ។
ចេញពីអំណោយទាននេះ ខ្ញុំសូមថ្លែងជាសាក្សីអំពីការណ៍នេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។