ការដើរតាមព្រះគ្រីស្ទ
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងបង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ជាអង្គគំរូដ៏ឥតខ្ចោះរបស់យើង ។ ដូច្នេះចូរយើងធ្វើតាមទ្រង់ដោយពុំមានការទាស់ទែងគ្នាឡើយ ។
នៅឆ្នាំនេះមានមនុស្សរាប់លាននាក់ត្រូវបានបំផុសគំនិតតាមរយៈផែនការសិក្សាដំណឹងល្អដែលត្រូវបានស្គាល់ជាការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ « ចូរមកតាមខ្ញុំ » ។ ការធ្វើតាមព្រះគ្រីស្ទគឺពុំមែនជាការអនុវត្តដោយសាមញ្ញ ឬម្ដងម្កាលនោះទេ ។ វាគឺជាការតាំងចិត្តជាបន្ដបន្ទាប់ និងជាមាគ៌ានៃជីវិតដែល គួរតែដឹកនាំយើងនៅគ្រប់ពេល និងគ្រប់ទីកន្លែង ។ ការបង្រៀន និងគំរូរបស់ទ្រង់ចង្អុលបង្ហាញផ្លូវដល់សិស្សគ្រប់រូបរបស់ព្រះយេស៊ូវគ្រីស្ទ ។ ហើយមនុស្សទាំងអស់ត្រូវបានអញ្ជើញឲ្យមកលើផ្លូវនេះ ដ្បិតទ្រង់អញ្ជើញមនុស្សទាំងអស់ឲ្យមករកទ្រង់ « ទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី … មនុស្សទាំងអស់ដូចគ្នានៅចំពោះព្រះដែរ » ។
I.
ជំហានដំបូងនៅក្នុងការធ្វើតាមព្រះគ្រីស្ទគឺគោរពតាមអ្វីដែលទ្រង់បានកំណត់ថាជា « បទបញ្ញត្តិធំនៅក្នុងក្រិត្យវិន័យ » ៖
« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង ។
នេះជាបញ្ញត្តិយ៉ាងសំខាន់ទី១ ។
ហើយបញ្ញត្តិទី២ក៏បែបដូចគ្នា គឺថាត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង ។
« បណ្តាក្រឹត្យវិន័យ និងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សម្រេចនៅបទបញ្ញត្តិទាំងពីរប្រការនេះឯង » ។
បទបញ្ញត្តិរបស់ព្រះផ្ដល់នូវកម្លាំងដឹកនាំ និងស្ថេរភាពនៅក្នុងជីវិតរបស់យើង ។ បទពិសោធន៍នៅក្នុងជីវិតរមែងស្លាប់របស់យើងគឺដូចជាក្មេងប្រុសតូច និងឪពុករបស់គាត់ដែលបង្ហោះខ្លែងនៅថ្ងៃដែលមានខ្យល់ដែរ ។ នៅពេលខ្លែងហោះកាន់តែខ្ពស់ នោះខ្យល់ទាញខ្សែដែលនៅក្នុងដៃរបស់ក្មេងតូច ។ ដោយពុំធ្លាប់ជួបនឹងកម្លាំងខ្យល់នៃជីវិតរមែងស្លាប់ នោះក្មេងតូចបានស្នើឲ្យកាត់ខ្សែដើម្បីឲ្យខ្លែងអាចហោះកាន់តែខ្ពស់ ។ ឪពុកដ៏ឈ្លាសវៃរបស់គាត់បានទូន្មានថាកុំកាត់ ថែមទាំងពន្យល់ថាខ្សែគឺជាអ្វីដែលអាចទប់ខ្លែងឲ្យនៅហោះ ជំនះនឹងខ្យល់នៃជីវិតរមែងស្លាប់ ។ ប្រសិនបើយើងកាត់ខ្សែ នោះខ្លែងនឹងមិនអាចហោះកាន់តែខ្ពស់ទេ ។ ខ្លែងនឹងត្រូវខ្យល់បក់បោក ហើយធ្លាក់មកលើដីជាមិនខាន ។
ខ្សែដ៏សំខាន់នោះតំណាងឲ្យសេចក្ដីសញ្ញាដែលចងភ្ជាប់យើងទៅនឹងព្រះ ជាព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ នៅពេលយើងគោរពសេចក្ដីសញ្ញាទាំងនោះដោយការរក្សាបទបញ្ញត្តិ ហើយធ្វើតាមផែនការនៃការប្រោសលោះរបស់ទ្រង់ នោះពរជ័យដែលបានសន្យារបស់ទ្រង់នឹងអាចជួយយើងឲ្យឡើងខ្ពស់ដល់សេឡេស្ទាល ។
ព្រះគម្ពីរមរមនប្រកាសជាញឹកញាប់ថា ព្រះគ្រីស្ទគឺជា « ពន្លឺនៃពិភពលោក » ។ អំឡុងពេលនៃការយាងមកជួបពួកសាសន៍នីហ្វៃរបស់ទ្រង់ ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញបានពន្យល់អំពីការបង្រៀននោះដោយប្រាប់ពួកគេថា « យើងបានធ្វើជាគំរូដល់អ្នករាល់គ្នា » ។ « មើលចុះ យើងជាពន្លឺដែលអ្នករាល់គ្នានឹងលើកឡើង—គឺនូវអ្វីៗដែលអ្នករាល់គ្នាបានឃើញយើងធ្វើ » ។ ទ្រង់គឺជាអង្គគំរូរបស់យើង ។ យើងរៀននូវអ្វីដែលទ្រង់បានមានបន្ទូល និងធ្វើ តាមរយៈការសិក្សាព្រះគម្ពីរ និងធ្វើតាមការបង្រៀនរបស់ព្យាការី ដូចជាប្រធាន រ័សុល អិម ណិលសុនបានលើកទឹកចិត្តពួកយើងឲ្យធ្វើ ។ នៅក្នុងពិធីបរិសុទ្ធនៃសាក្រាម៉ង់ យើងធ្វើសេចក្ដីសញ្ញារាល់ថ្ងៃបរិសុទ្ធថាយើងនឹង « ចងចាំដល់ទ្រង់ជានិច្ច ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ » ។
II.
នៅក្នុងព្រះគម្ពីរមរមន ព្រះអម្ចាស់បានប្រទានគ្រឹះទាំងឡាយដែលទ្រង់ហៅថា « គោលលទ្ធិនៃព្រះគ្រីស្ទ » ។ គ្រឹះទាំងនេះគឺជាសេចក្ដីជំនឿទៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ការស៊ូទ្រាំដល់ទីបំផុត និងការប្រែក្លាយដូចជាក្មេងតូច ដែលមានន័យថាត្រូវទុកចិត្តលើព្រះអម្ចាស់ ហើយចុះចូលទៅតាមអ្វីៗទាំងអស់ដែលទ្រង់តម្រូវពីយើង ។
បទបញ្ញត្តិរបស់ព្រះអម្ចាស់មានពីរប្រភេទគឺ ៖ អចិន្ត្រៃយ៍ មានដូចជាគោលលទ្ធិនៃព្រះគ្រីស្ទ និងបណ្ដោះអាសន្ន ។ បទបញ្ញត្តិបណ្ដោះអាសន្នគឺជាបទបញ្ញត្តិទាំងឡាយដែលចាំបាច់សម្រាប់តម្រូវការនៃសាសនាចក្ររបស់ព្រះអម្ចាស់ ឬអ្នកស្មោះត្រង់នៅក្នុងស្ថានភាពបណ្ដោះអាសន្ន ប៉ុន្តែត្រូវទុកមួយអន្លើនៅពេលតម្រូវការនោះបានកន្លងផុតទៅ ។ ឧទាហរណ៍អំពីបញ្ញត្តិបណ្ដោះអាសន្នគឺការដឹកនាំរបស់ព្រះអម្ចាស់ទៅកាន់អ្នកដឹកនាំសាសនាចក្រកាលពីមុន ដើម្បីផ្លាស់លំនៅពួកបរិសុទ្ធពីរដ្ឋនូវយ៉ោកទៅរដ្ឋអូហៃអូ រដ្ឋមីសសួរី រដ្ឋអិលលីណោយ និងទីបំផុតដើម្បីដឹកនាំពួកអ្នកត្រួសត្រាយផ្លូវធ្វើដំណើរទៅកាន់តំបន់ភ្នំភាគខាងលិច ។ ទោះជាវាជាបទបញ្ញត្តិបណ្ដោះអាសន្នក្ដី ក៏បទបញ្ញតិ្តទាំងនេះនៅតែប្រតិបត្តិពេលបង្គាប់ឲ្យគោរពតាម ។
បទបញ្ញត្តិអចិន្ត្រៃយ៍មួយចំនួនត្រូវការពេលវេលាដើម្បីគោពតាមជាទូទៅ ។ ឧទាហរណ៍ ទេសនកថាដ៏ល្បីល្បាញរបស់ប្រធានឡូរែនសូ ស្នូ អំពីច្បាប់ដង្វាយមួយភាគក្នុងដប់ បានគូសបញ្ជាក់អំពីបទបញ្ញត្តិមួយដែលបានផ្ដល់ឲ្យកាលពីដើម ប៉ុន្តែសមាជិកសាសនាចក្រនៅតែពុំទាន់បានគោរពតាមជារួមនៅឡើយ ។ វាចាំបាច់ត្រូវគូសបញ្ជាក់ឡើងវិញនៅក្នុងស្ថានភាពនានាដែលសាសនាចក្រ និងសមាជិកបានប្រឈមមុខ ។ ឧទាហរណ៍ថ្មីៗចាំបាច់ត្រូវគូសបញ្ជាក់ឡើងវិញ ពីព្រោះតែស្ថានភាពនានាដែលសាសនាចក្រ និងសមាជិកបានប្រឈមមុខនាពេលបច្ចុប្បន្ននេះ ។ ការគូសបញ្ជាក់ទាំងនេះរួមមានការប្រកាសអំពីក្រុមគ្រួសារដែលបានចេញដោយជំនាន់របស់ប្រធាន ហ្គរដិន ប៊ី ហ៊ិងគ្លី និងការអំពាវនាវថ្មីៗរបស់ប្រធានរ័សុល អិម ណិលសុនឲ្យហៅសាសនាចក្រតាមឈ្មោះដែលត្រូវបានបើកសម្ដែង គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
III.
ការបង្រៀនរបស់ព្រះអង្គសង្គ្រោះមួយទៀតហាក់ដូចជាតម្រូវឲ្យគូសបញ្ជាក់ឡើងវិញផងដែរនៅក្នុងស្ថានភាពរបស់យើងបច្ចុប្បន្ននេះ ។
នេះគឺជាគ្រាមួយដែលមានពាក្យសម្ដីគ្រោតគ្រាត និងឈឺចាប់ជាច្រើននៅក្នុងការប្រាស្រ័យទាក់ទងជាសាធារណៈ ហើយពេលខ្លះមាននៅក្នុងក្រុមគ្រួសាររបស់យើង ។ ការប្រកាន់គោលជំហរផ្សេងគ្នានៃគោលនយោបាយសាធារណៈជាញឹកញាប់បណ្តាលឲ្យមានកំហឹង—រួមទាំងការស្អប់—នៅក្នុងទំនាក់ទំនងជាសាធារណៈ និងផ្ទាល់ខ្លួន ។ ឥរិយាបទខឹងសម្បារនេះ ពេលខ្លះធ្វើឲ្យពិការសមត្ថភាពក្នុងការបង្កើតច្បាប់ចំពោះបញ្ហាសំខាន់ ដែលពលរដ្ឋភាគច្រើនមើលឃើញពីតម្រូវការឲ្យចាត់វិធានការមួយចំនួនជាបន្ទាន់នៅក្នុងផលប្រយោជន៍សាធារណៈ ។
តើអ្នកដើរតាមព្រះគ្រីស្ទគួរបង្រៀន និងធ្វើអ្វីខ្លះនៅក្នុងគ្រានៃទំនាក់ទំនងដ៏បំពុលនេះ ? តើការបង្រៀន និងគំរូរបស់ទ្រង់មានអ្វីខ្លះ ?
វាមានសារៈសំខាន់ណាស់ដែលនៅក្នុងចំណោមគោលការណ៍ដំបូងដែលព្រះយេស៊ូវបានបង្រៀននៅពេលទ្រង់បានយាងមកជួបនឹងសាសន៍នីហ្វៃគឺឲ្យចៀសវាងពីការទាស់ទែងគ្នា ។ ខណៈដែលទ្រង់បានបង្រៀនរឿងនេះ នៅក្នុងបរិបទនៃការទាស់ទែងអំពីគោលលទ្ធិខាងសាសនា នោះមានមូលហេតុជាច្រើនដែលទ្រង់បានប្រទានឲ្យគឺអនុវត្តចំៗចំពោះទំនាក់ទំនង និងការប្រាស្រ័យទាក់ទងខាងនយោបាយ គោលនយោបាយសារធារណៈ និងទំនាក់ទំនងគ្រួសារ ។ ព្រះយេស៊ូវបានបង្រៀន ៖
« អស់អ្នកណាដែលមានវិញ្ញាណនៃការទាស់ទែងគ្នា គឺពុំមែនជារបស់ផងយើងទេ ប៉ុន្តែជារបស់ផងអារក្សវិញ ដែលជាបិតានៃការទាស់ទែងគ្នា ហើយវាចាក់រុកចិត្តមនុស្សឲ្យមានកំហឹងទាស់ទែងនឹងគ្នាទៅវិញទៅមក ។
« មើលចុះ នេះពុំមែនជាគោលលទ្ធិរបស់យើងទេ ដែលចាក់រុកចិត្តមនុស្សឲ្យមានកំហឹងទាស់ទែងនឹងគ្នាទៅវិញទៅមក ប៉ុន្ដែគោលលទ្ធិរបស់យើង គឺត្រូវលះបង់ការណ៍ទាំងនោះចោលវិញ » ។
ពេលដែលនៅសល់ក្នុងការបម្រើរបស់ទ្រង់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ ព្រះយេស៊ូវបានបង្រៀនអំពីបទបញ្ញត្តិផ្សេងទៀតដែលទាក់ទងខ្លាំងទៅនឹងបម្រាមរបស់ទ្រង់ ហាមមិនឲ្យទាស់ទែងគ្នា ។ យើងដឹងមកពីព្រះគម្ពីរប៊ីបថាពីមុនមកទ្រង់បានបង្រៀនដំណើររឿងទាំងនេះនៅក្នុងទេសនកថានៅលើភ្នំរបស់ទ្រង់ ដែលជាធម្មតាទ្រង់បង្រៀនច្បាស់ៗដោយភាសាដូចគ្នាដែលទ្រង់បានប្រើជាមួយពួកសាសន៍នីហ្វៃនៅពេលក្រោយមក ។ ខ្ញុំនឹងដកស្រង់ភាសាព្រះគម្ពីរបរិសុទ្ធដែលស្រដៀងគ្នានេះ ៖
« ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ » ។
នេះគឺជាបទបញ្ញតិ្តដ៏ល្បីល្បាញបំផុតមួយ—ជាបទបញ្ញត្តិប្រកបដោយវិវរណៈ និងពិបាកធ្វើតាមបំផុត ។ ប៉ុន្តែវាគឺជាផ្នែកដ៏សំខាន់បំផុតមួយនៅក្នុងការអញ្ជើញរបស់ទ្រង់ទៅកាន់មនុស្សទាំងអស់ដែលដើរតាមទ្រង់ ។ ដូចជាប្រធាន ដេវីឌ អូ ម៉ាក់ខេ បានបង្រៀន « ពុំមានរបៀបណាផ្សេងទៀតដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះជាងការបង្ហាញសេចក្ដីស្រឡាញ់ដែលពុំអត្មានិយមចំពោះបងប្អូនរបស់ខ្លួនឡើយ » ។
នេះគឺជាការបង្រៀនដ៏សំខាន់មួយទៀតមកពីទ្រង់ដែលជាអង្គគំរូរបស់យើង ៖ « មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ » ។
ពួកអ្នកផ្សះផ្សាគេ ! តើវានឹងផ្លាស់ប្ដូរទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងណា ប្រសិនបើអ្នកដើរតាមព្រះគ្រីស្ទនឹងបោះបង់ចោលនូវពាក្យសម្ដីគ្រោតគ្រាត និងឈឺចាប់ចេញពីគ្រប់ទំនាក់ទំនងរបស់ពួកគេនោះ ។
នៅក្នុងសន្និសីទទូទៅកាលពីឆ្នាំមុន ប្រធានរ័សុល អិម ណិលសុន បានផ្ដល់សំណូមពរទាំងនេះមកកាន់យើង ៖
« វិធីដ៏ងាយបំផុតមួយដើម្បីស្គាល់ អ្នកដើរតាមដ៏ពិត របស់ព្រះយេស៊ូវគ្រីស្ទគឺ មើលថាតើបុគ្គលនោះប្រព្រឹត្តចំពោះមនុស្សដទៃដោយចិត្តអាណិតអាសូរប៉ុនណា ។…
« សិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកដែលផ្សះផ្សាគេ ។
« …វិធីដ៏ល្អបំផុតមួយដែលយើងអាចគោរពព្រះអង្គសង្គ្រោះ គឺការក្លាយជាអ្នកដែលផ្សះផ្សាគេ » ។
លោកបញ្ចប់ការបង្រៀនរបស់លោកដោយមានប្រសាសន៍ថា ៖ « ការទាស់ទែងគ្នាគឺជាជម្រើស ។ ការធ្វើជាអ្នកដែលផ្សះផ្សាគេគឺជាជម្រើសមួយ ។ បងប្អូនមានសិទ្ធិជ្រើសរើសដើម្បីរើសយកការទាស់ទែងគ្នា ឬការផ្សះផ្សាគ្នា ។ ខ្ញុំសូមជំរុញបងប្អូនឲ្យ ជ្រើសរើស ធ្វើជាអ្នកដែលផ្សះផ្សាគេ នៅពេលឥឡូវនេះ និងជានិច្ចតទៅ » ។
មារសត្រូវដ៏មានសក្ដានុពលនឹងចាប់ផ្ដើមពិភាក្សាគ្នាដោយការស្គាល់ពីមូលដ្ឋានរួមដែលមនុស្សទាំងអស់យល់ស្រប ។
ដើម្បីធ្វើតាមអង្គគំរូដ៏ឥតខ្ចោះរបស់យើង និងព្យាការីរបស់ទ្រង់ នោះយើងចាំបាច់ត្រូវអនុវត្តនូវច្បាប់មាសដែលត្រូវបានស្គាល់ជាទូទៅថា ៖ « ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ ដ្បិតនេះឯងជាក្រឹត្យវិន័យ ហើយជាសេចក្តីទំនាយរបស់ពួកហោរា » ។ យើងចាំបាច់ត្រូវស្រឡាញ់ និងធ្វើការណ៍ល្អចំពោះមនុស្សគ្រប់រូប ។ យើងចាំបាច់ត្រូវចៀសវាងពីការឈ្លោះទាស់ទែង ហើយធ្វើជាអ្នកផ្សះផ្សារគេនៅក្នុងទំនាក់ទំនងរបស់យើង ។ ការណ៍នេះពុំមានន័យថាត្រូវបន្ទាបគោលការណ៍ និងអាទិភាពរបស់យើងឡើយ ប៉ុន្តែត្រូវឈប់វាយប្រហារអ្នកដទៃព្រោះតែគោលការណ៍របស់ពួកគេ ។ នោះគឺជាអ្វីដែលអង្គគំរូដ៏ឥតខ្ចោះរបស់យើងបានធ្វើនៅក្នុងការងារបម្រើរបស់ទ្រង់ ។ នោះគឺជាគំរូដែលទ្រង់បានធ្វើឲ្យយើងមើល កាលទ្រង់អញ្ជើញយើងឲ្យធ្វើតាមទ្រង់ ។
នៅក្នុងសន្និសីទនេះកាលពីបួនឆ្នាំមុន ប្រធាន ណិលសុន បានផ្ដល់សំណូមពរជាព្យាការីដល់យើងសម្រាប់ជំនាន់របស់យើងផ្ទាល់ថា ៖
« តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? តើបងប្អូននឹងអនុញ្ញាតឲ្យព្រះបន្ទូលទ្រង់ ព្រះបញ្ញត្តិទ្រង់ និងសេចក្តីសញ្ញាទ្រង់មានឥទ្ធិពលលើអ្វីដែលបងប្អូនធ្វើរាល់ថ្ងៃដែរឬទេ ? តើបងប្អូននឹងអនុញ្ញាតឲ្យសំឡេងរបស់ទ្រង់មានអាទិភាពលើសំឡេងដទៃទៀតដែរឬទេ ? »
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងបង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ជាអង្គគំរូដ៏ឥតខ្ចោះរបស់យើង ។ ដូច្នេះចូរយើងធ្វើតាមទ្រង់ដោយពុំមានការទាស់ទែងគ្នាឡើយ ។ នៅពេលយើងអនុវត្តគោលនយោបាយដែលយើងពេញចិត្តនៅក្នុងទង្វើជាសាធារណៈ ចូរយើងធ្វើខ្លួនឲ្យសមនឹងពរជ័យរបស់ទ្រង់តាមរយៈការប្រើភាសា និងវិធីសាស្ត្រជាអ្នកផ្សះផ្សារគេ ។ នៅក្នុងគ្រួសារយើង និងទំនាក់ទំនងផ្ទាល់ខ្លួនដទៃទៀត ចូរយើងចៀសពីកំហឹង និងការស្អប់ ។ ចូរយើងព្យាយាមឲ្យក្លាយជាបរិសុទ្ធដូចជាព្រះអង្គសង្គ្រោះដែលខ្ញុំថ្លែងទីបន្ទាល់ក្នុងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ហើយទូលសូមឲ្យពរជ័យរបស់ទ្រង់ជួយយើងធ្វើជាពួកបរិសុទ្ធ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។