សន្និសីទទូទៅ
សូម​ស្វាគមន៍​មក​កាន់​សាសនាចក្រ​នៃ​អំណរ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


13:2

សូម​ស្វាគមន៍​មក​កាន់​សាសនាចក្រ​នៃ​អំណរ

ដោយសារតែ​ព្រះជន្ម​ដ៏​ប្រោសលោះ និង​បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច—និង​គួរតែ—ជា​មនុស្ស​រីករាយ​បំផុត​នៅលើ​ផែនដី !

ខ្ញុំ​បាន​ជ្រមុជទឹក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ថ្ងៃ​ឆ្លង​បុណ្យគ្រីស្ទម៉ាស ឆ្នាំ១៩៨៧ ជិត ៣៧ ឆ្នាំ​ហើយ ។ នោះ​គឺជា​ថ្ងៃ​ដ៏​អស្ចារ្យ​ពិតប្រាកដ​នៅក្នុង​ជីវិត​របស់ខ្ញុំ និង​នៅក្នុង​ដំណើរ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់ខ្ញុំ ហើយ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្តភក្តិ​ដែល​បានរៀបចំ​ផ្លូវ ហើយ​នាំ​ខ្ញុំ​ទៅកាន់​ទឹក​នៃ​ការកើត​ជា​ថ្មី​នោះ ។

មិន​ថា​ពិធីបុណ្យ​ជ្រមុជទឹក​របស់​បងប្អូន​ធ្វើឡើង​កាល​ពី​ម្សិលមិញ ឬ​ជាច្រើន​ឆ្នាំ​កន្លង​ហើយ​នោះ​ទេ មិន​ថា​បងប្អូន​ជួបជុំគ្នា​នៅក្នុង​អគារ​ពហុ​វួដ​របស់​សាសនាចក្រ ឬ​នៅក្រោម​រោង​ប្រក់ស្បូវ​នោះ​ទេ មិន​ថា​បងប្អូន​ទទួលទាន​សាក្រាម៉ង់​ដោយ​នូវ​ការចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះ​ជា​ភាសា​ថៃ ឬ​ភាសា​ស្វាហ៊ីលី​ទេ ខ្ញុំ​ចង់​និយាយ​ទៅកាន់​បងប្អូន​ថា សូម​ស្វាគមន៍​មកកាន់​សាសនាចក្រ​នៃ​អំណរ ! សូម​ស្វាគមន៍​មក​កាន់​សាសនាចក្រ​នៃ​អំណរ !

សាសនាចក្រ​នៃ​អំណរ

ដោយសារ​ផែនការ​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​របស់​យើង​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ម្នាក់ៗ ហើយ​ដោយសារ​ព្រះជន្ម​ដ៏​ប្រោសលោះ និង​បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច—និង​គួរតែ—ជា​មនុស្ស​រីករាយ​បំផុត​នៅលើ​ផែនដី ! ទោះបី​ជា​ព្យុះ​ជីវិត​នៅក្នុង​ពិភពលោក​ដែល​មាន​បញ្ហា​ជាញឹកញាប់ បានបក់បោក​មកលើ​យើង​ក្តី ក៏​យើង​អាច​បណ្ដុះ​នូវ​អារម្មណ៍​នៃ​អំណរ និង​សេចក្តីសុខសាន្ត​ខាងក្នុង​ដែល​មាន​ភាពរីកចម្រើន និង​ស្ថិតស្ថេរ ដោយសារ​ក្ដីសង្ឃឹម​របស់យើង​លើ​ព្រះគ្រីស្ទ និង​ការយល់ដឹង​របស់យើង​អំពី​កន្លែង​របស់យើង​នៅក្នុង​ផែនការ​នៃ​សុភមង្គល​ដ៏​ស្រស់ស្អាត ។

សាវក​ជាន់ខ្ពស់​របស់​ព្រះអម្ចាស់​គឺ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​អំពី​អំណរ​ដែល​កើត​ចេញ​ពី​ជីវិត​ដែល​ផ្ដោតលើ​ព្រះយេស៊ូវគ្រីស្ទ នៅ​ស្ទើរតែ​គ្រប់​សុន្ទរកថា​ដែល​លោក​បានថ្លែង​តាំងពី​ធ្វើ​ជា​ប្រធាន​នៃ​សាសនាចក្រ​នេះ​មក ។ លោក​បានសង្ខេប​វា​យ៉ាងខ្លីៗ​ថា « អំណរ​កើត​មាន​ឡើង ហើយ​ដោយសារ​តែ​ទ្រង់ ។ … សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ព្រះយេស៊ូវ​គ្រីស្ទ គឺជា​អំណរ ! »

យើង​គឺជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​អំណរ ! ហើយ​គ្មាន​កន្លែង​ណា​ដែល​អំណរ​របស់​យើង ក្នុង​នាម​ជា​មនុស្ស​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ជាង​ពេល​ដែល​យើង​ជួបជុំ​គ្នា​ក្នុង​ថ្ងៃ​ឈប់សម្រាក​នីមួយៗ​ក្នុង​ការប្រជុំ​សាក្រាម៉ង់​របស់​យើង ដើម្បី​ថ្វាយបង្គំ​ប្រភព​នៃ​អំណរ​ទាំងអស់​នោះ​ទេ ! នៅទី​នេះ យើង​ជួបជុំ​គ្នា​ជាមួយ​ក្រុម​គ្រួសារ​វួដ និង​សាខា​របស់​យើង ដើម្បី​ប្រារព្ធ​ពិធីសាក្រាម៉ង់​នៃ​អាហារ​របស់​ព្រះអម្ចាស់​ដល់​សាសនាចក្រ ដែល​ជា​ការជួយ​សង្រ្គោះ​យើង​ពី​អំពើបាប និង​សេចក្តីស្លាប់ និង​ជា​ព្រះគុណ​ដ៏​មាន​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ ! នៅ​ទីនេះ យើង​មក​ដើម្បី​ទទួល​បទពិសោធន៍​នៃ​អំណរ ការការពារ ការអត់ទោស ការអរ​ព្រះគុណ និង​ការមានចំណែក​ដែល​រក​បាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ !

តើ​វិញ្ញាណ​នៃ​ការរីករាយ​ជា​សមូហភាព​ក្នុង​ព្រះ​គ្រីស្ទ​ជាអ្វី​ដែល​បងប្អូន​រកឃើញ​ឬ ? តើ​នេះ​ជា​អ្វី​ដែល​បងប្អូន​នាំ​មក​ឬ ? ប្រហែលជា​បងប្អូន​គិតថា វា​មិន​ជាប់​ទាក់ទង​ជាមួយ​បងប្អូន​ច្រើន​ទេ ឬ​ប្រហែលជា​បងប្អូន​គ្រាន់តែ​ស៊ាំ​ទៅនឹង​របៀប​ដែល​អ្វីៗ​តែងតែ​ត្រូវ​បាន​ធ្វើ​ឡើង​ប៉ុណ្ណោះ ។ ប៉ុន្តែ​មិន​ថា​យើង​មាន​អាយុ​ប៉ុន្មាន ឬ​ការហៅ​ជា​អ្វី​នោះ​ទេ យើង​ទាំងអស់​គ្នា​អាច​រួម​ចំណែក ដើម្បី​ធ្វើ​ឲ្យ​ការប្រជុំ​សាក្រាម៉ង់​របស់​យើង​ជា​ម៉ោង​ដែល​ទទួល​ស្វាគមន៍ ផ្តោតលើ​ព្រះគ្រីស្ទ ពោរពេញ​ដោយ​អំណរ និង​មាន​ស្មារតី​នៃ​គារវភាព​ដ៏​រីករាយ ។

គារវភាព​ដ៏​រីករាយ

ជា​គារវភាព​ដ៏​រីករាយ​មែនទេ ? បងប្អូន​អាចនឹង​សួរ​ថា « តើ​វា​ជា​រឿង​ដ៏សំខាន់​មែនទេ ? » រូបាទ មែនហើយ ! យើង​ស្រឡាញ់ ផ្ដល់​កិត្តិយស និង​គោរព​ព្រះ​របស់យើង​យ៉ាងខ្លាំង ហើយ​គារវភាព​របស់​យើង​កើត​ចេញពី​ព្រលឹង​ដែល​អរសប្បាយ​នៅក្នុង​សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តា​ករុណា និង​សេចក្តី​សង្គ្រោះ​ដ៏បរិបូរ​របស់​ព្រះគ្រីស្ទ ! គារវភាព​ដ៏​រីករាយ​នេះ​ចំពោះ​ព្រះអម្ចាស់​គួរតែ​កំណត់​លក្ខណៈ​នៃ​ការប្រជុំ​សាក្រាម៉ង់​ដ៏​ពិសិដ្ឋ​របស់​យើង ។

ទោះយ៉ាង​ណា​ក៏ដោយ ចំពោះ​មនុស្ស​ជាច្រើន គារវភាព​មានន័យ​ត្រឹមតែ​ជា ៖ ការឱប​ដៃ​យ៉ាងណែន​ផ្អឹប​ទៅនឹង​ទ្រូង​របស់​យើង ការ​ឱនក្បាល​យើង​ចុះ ការបិទភ្នែក​យើង និង​ការនៅស្ងៀម—ធ្វើ​បែប​នេះ​ក្នុងពេល​យ៉ាងយូរ ! នេះ​ប្រហែលជា​វិធី​ដ៏មាន​ប្រយោជន៍​មួយ​ក្នុង​ការបង្រៀន​ក្មេងតូចៗ​ដែល​រពឹស​ខ្លាំង ប៉ុន្តែ​នៅពេល​យើង​ធំឡើង និង​រៀន ចូរ​យើង​មើល​ឃើញ​ថា គារវភាព​គឺ​មានន័យ​លើស​ពី​នេះទៅ​ទៀត ។ តើ​យើង​នឹង​ធ្វើបែប​នោះ​ដែរ​ឬ​ទេ បើ​ព្រះអង្គ​សង្គ្រោះ​គង់​នៅ​ជាមួយ​យើង ? មិន​មែន​ទេ ពីព្រោះ « នៅចំពោះ​[ ទ្រង់ ] មាន​អំណរ​ដ៏ពោរពេញ » !

មែនហើយ ចំពោះ​យើង​ភាគច្រើន ការផ្លាស់ប្តូរ​នេះ​នៅក្នុង​កម្មវិធី​សាក្រាម៉ង់ នឹង​ត្រូវការ​ការហ្វឹកហាត់ ។

ការចូលរួម​ធៀប​នឹង​ការថ្វាយបង្គំ

យើង​មិនមែន​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ឈប់សម្រាក ដើម្បី​គ្រាន់តែ​ចូលរួម​ការប្រជុំ​សាក្រាម៉ង់ ហើយ​ចប់​នោះ​ទេ ។ យើង​មក​រួមគ្នា​ថ្វាយបង្គំ ។ មាន​ភាពខុស​ប្លែកគ្នា​មួយ​យ៉ាងខ្លាំង​រវាង​រឿង​ទាំងពីរ​នេះ ។ ការ ចូលរួម មានន័យថា ការមាន​វត្តមាន ។ ប៉ុន្តែ​ការ ថ្វាយបង្គំ គឺ​ដើម្បី​សរសើរ និង​គោរព​ចំពោះ​ព្រះ​របស់យើង​ដោយចេតនា​តាមរបៀប​មួយ​ដែល​ផ្លាស់ប្ដូរ​យើង !

នៅលើ​វេទិកា និង​ក្នុង​ក្រុមជំនុំ

ប្រសិនបើ​យើង​កំពុង​ជួបជុំគ្នា​ដើម្បី​ចងចាំ​ព្រះអង្គ​សង្គ្រោះ និង​ការប្រោសលោះ​ដែល​ទ្រង់​បានធ្វើ នោះ​ទឹក​មុខ​របស់​យើង​គួរតែ​ឆ្លុះបញ្ចាំង​នូវ​អំណរ និង​ការដឹងគុណ​របស់​យើង ! អែលឌើរ អេហ្វ អេនហ្ស៊ីអូ បាឆ ធ្លាប់​បាន​ប្រាប់​អំពី​រឿង​កាល​លោក​ជា​ប្រធាន​សាខា ហើយ​មាន​ក្មេង​ប្រុស​ម្នាក់​ក្នុង​ក្រុមជំនុំ​មើល​ទៅ​លោក​នៅឯ​វេទិកា ហើយ​សួរ​ឮៗថា « តើ​បុរស​ដែល​មាន​ទឹកមុខ​មាំ​ធ្វើអ្វី​នៅលើ​វេទិកា​នោះ ? » អ្នក​ដែល​អង្គុយ​លើ​វេទិកា—អ្នក​ឡើង​និយាយ ថ្នាក់​ដឹកនាំ ក្រុម​ចម្រៀង—និង​អ្នក​ដែល​ជួបជុំគ្នា​ក្នុង​ក្រុមជំនុំ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​នូវ​« ការ​ស្វាគមន៍​មកកាន់​សាសនាចក្រ​នៃ​អំណរ »​នេះ​តាមរយៈ​ការបង្ហាញ​ទឹកមុខ​របស់​ពួកគេ !

ការច្រៀង​ទំនុកតម្កើង

ពេល​យើង​ច្រៀង តើ​យើង​កំពុង​រួមគ្នា​សរសើរ​តម្កើង​ព្រះ និង​ស្តេច​របស់​យើង​ដែរ​ឬទេ ទោះ​ជា​យើង​មាន​សំឡេង​បែបណា ឬ​ទោះបី​យើង​មិន​ច្រៀង​អ្វីសោះ​ក៏ដោយ​នោះ ? បទ​គម្ពីរ​កត់ត្រា​ថា « បទ​ចម្រៀង​នៃ​ពួក​សុចរិត គឺជា​បទ​អធិស្ឋាន​ដល់​[ ព្រះ ] » ដែល​ព្រលឹង​របស់​ទ្រង់​ត្រេកអរ ។ ដូច្នេះ​ចូរយើង​ច្រៀង ! ហើយ​សរសើរ​តម្ដើង​ទ្រង់ !

សុន្ទរកថា និង​ទីបន្ទាល់

យើង​ផ្តោត​លើ​ការនិយាយ និង​ទីបន្ទាល់​របស់​យើង​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ផលផ្លែ​នៃ​ការរស់នៅ​ដោយ​រាបសា​តាម​ដំណឹងល្អ​របស់​ទ្រង់​ទាំង​ទ្វេ ជា​ផលផ្លែ « ដែល​ផ្អែម​ជាង​អ្វីៗ​ដែល​ផ្អែម​ទាំង​អស់ » ។ បន្ទាប់មក យើង​ពិតជា « ទទួល​ទាន … រហូត​ដល់ [ យើង ] បាន​ឆ្អែតឆ្អន់ ដើម្បី​កុំ​ឲ្យ [ យើង ] ឃ្លាន កុំ​ឲ្យ … ស្រេក​ទៀត​ឡើយ » ហើយ​បន្ទុក​របស់យើង​បានធ្វើ​ឲ្យ​ស្រាល​តាមរយៈ​អំណរ​របស់​ព្រះរាជបុត្រា ។

ពិធី​សាក្រាម៉ង់

ចំណុច​ស្នូល​ដ៏​រុងរឿង​នៃ​កម្មវិធី​របស់​យើង​គឺជា​ការប្រសិទ្ធពរ និង​ការទទួល​ទាន​សាក្រាម៉ង់ នំបុ័ង និង​ទឹក​តំណាង​ឲ្យ​អំណោយទាន​ដ៏ធួន​នៃ​ព្រះអម្ចាស់​របស់​យើង និង​គោលបំណង​ទាំងមូល​នៃ​ការជួបជុំ​របស់​យើង ។ នេះ​ជា​« គ្រា​ដ៏​ពិសិដ្ឋ​មួយ​ដើម្បី​រំឭក​ខាងវិញ្ញាណ » ជា​ពេល​ដែល​យើង​ធ្វើ​សាក្សី​ជា​ថ្មី​ថា​យើង​ស្ម័គ្រ​យក​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ​ដាក់​មក​លើ​យើង ហើយ​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​ចងចាំ​ព្រះអង្គសង្គ្រោះ និង​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់​ជានិច្ច​ម្ដងទៀត ។

នៅក្នុង​ដំណាក់កាល​ខ្លះ​នៃ​ជីវិត យើង​អាច​ចូលរួម​ពិធី​សាក្រាម៉ង់​ដោយ​ដួងចិត្ត​ធុញថប់ និង​បន្ទុក​ដ៏​លើសលប់ ។ នៅពេល​ខ្លះ​ទៀត យើង​មក​ដោយ​គ្មាន​បន្ទុក និង​គ្មាន​បញ្ហា ។ នៅពេល​យើង​ស្ដាប់​ដោយ​យកចិត្ត​ទុកដាក់​ចំពោះ​ការប្រសិទ្ធពរ​នំប៉័ង និង​ទឹក ហើយ​ទទួល​ទាន​តំណាង​ដ៏​ពិសិដ្ឋ​ទាំងនោះ យើង​អាច​នឹង​ជញ្ជឹងគិត​អំពី​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ការឈឺចាប់​របស់​ទ្រង់​នៅ​សួន​គែតសេម៉ានី ការរងទុក្ខ​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង ព្រមទាំង​ទុក្ខព្រួយ និង​ការឈឺចាប់​ដែល​ទ្រង់​បានស៊ូទ្រាំ​ជំនួស​យើង ។ ការណ៍​នោះ​នឹង​ក្លាយ​ជា​អ្វី​ដែល​ជួយ​ឲ្យ​ព្រលឹង​យើង​បានធូរស្រាល នៅពេល​យើង​ភ្ជាប់​ការរងទុក្ខ​របស់​យើង​ទៅ​នឹង​ការរងទុក្ខ​ទ្រង់ ។ ពេលខ្លះ​ទៀត យើង​នឹងមាន​អារម្មណ៍​ងឿងឆ្ងល់​ដោយចិត្ត​រំភើប​រីករាយ​ចំពោះ​អំណរ « ដ៏​ប្រពៃ និង​ដ៏​ផ្អែមល្ហែម » អំពី​អ្វី​ដែល​អំណោយ​ដ៏អស្ចារ្យ​របស់​ព្រះយេស៊ូវ​បានធ្វើ​ឲ្យ​កើត​មានឡើង​នៅក្នុង​ជីវិត​របស់​យើង និង​នៅក្នុង​ភាពអស់កល្ប​ជានិច្ច​របស់​យើង ! យើង​នឹង​រីករាយ​ចំពោះ​អ្វី​ដែល​នឹង​មក​ដល់—ជា​ការរួបរួម​ដោយ​អំណរ​ជាមួយ​នឹង​ព្រះវរបិតា​ជាទីស្រឡាញ់ និង​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​យើង ។

យើង​ប្រហែលជា​ត្រូវបាន​គេ​ធ្វើ​ឲ្យ​ជឿថា គោលបំណង​នៃ​ពិធីសាក្រាម៉ង់​គឺ​ដើម្បី​អង្គុយ​នៅលើ​កៅអី​វែង គិត​តែ​អំពី​រាល់​រឿងខុសឆ្គង​ដែល​យើង​បានធ្វើ​ក្នុង​អំឡុង​ពេល​សប្តាហ៍​មុន ។ ប៉ុន្តែ​សូម​គិត​វា​សាជាថ្មី ។ នៅក្នុង​ភាពស្ងៀមស្ងាត់ យើងអាច​ជញ្ជឹងគិត​អំពី​វិធី​ជាច្រើន​ដែល​យើង​បានឃើញ ព្រះអម្ចាស់​ជួយ​យើង​ដោយ​ឥត​ឈប់ឈរ​ជាមួយនឹង​សេចក្តី​ស្រឡាញ់​ដ៏អស្ចារ្យ​របស់​ទ្រង់​នៅ​សប្តាហ៍​នោះ ! យើង​អាច​ជញ្ជឹងគិត​អំពី​អត្ថន័យ​នៃ​ការ « ស្វែងរក អំណរ នៃ​ការប្រែចិត្ត​ជារៀង​រាល់​ថ្ងៃ » ។ យើង​អាច​អរព្រះគុណ​ចំពោះ​គ្រា​ដែល​ព្រះអង្គ​សង្គ្រោះ​បានយាង​ចូល​មកក្នុង​គ្រា​ស្មុគស្មាញ និង​គ្រា​ជ័យជំនះ​របស់​យើង ព្រមទាំង​គ្រា​ដែល​យើង​ទទួល​បាន​នូវ​ព្រះគុណ ការអភ័យទោស និង​ព្រះចេស្ដា​ដែល​ប្រទាន​ឲ្យ​យើង​នូវ​កម្លាំង​ដើម្បី​យកឈ្នះ​លើ​ការលំបាក​របស់​យើង ហើយ​ទ្រាំទ្រ​នឹង​បន្ទុក​របស់​យើង​ដោយ​ការអត់ធ្មត់ និង​មាន​ចិត្ត​រីករាយ ។

មែនហើយ យើង​ជញ្ជឹងគិត​អំពី​ការរងទុក្ខ​វេទនា និង​ភាពអយុត្តិធម៌​ដែល​កើតមាន​ចំពោះ​ព្រះប្រោសលោះ​របស់​យើង​សម្រាប់​អំពើបាប​របស់​យើង ហើយ​ការណ៍​នោះ​បណ្តាល​ឲ្យ​មាន​ការជញ្ជឹងគិត​យ៉ាងប្រុងប្រយ័ត្ន ។ ប៉ុន្តែ​ពេលខ្លះ​យើង​ជាប់គាំង​នៅទីនោះ—នៅក្នុង​សួនច្បារ នៅ​ឈើឆ្កាង នៅក្នុង​ផ្នូរ ។ យើង​បរាជ័យ​ក្នុង​ការឈាន​ទៅ​រក​ភាពរីករាយ​នៃ​ការបើក​ទ្វារ​ផ្នូរ​ឡើង ការយកឈ្នះ​សេចក្ដីស្លាប់ និង​ជ័យ​ជម្នះ​របស់​ព្រះគ្រីស្ទ​លើ​អ្វីៗ​ដែល​អាច​រារាំង​យើង​ពី​ការទទួល​បាន​សេចក្ដី​សុខសាន្ត និង​ការត្រឡប់​ទៅ​ផ្ទះ​សួគ៌ារបស់​យើង​វិញ ។ មិនថា​យើង​ស្រក់​ទឹកភ្នែក​នៃ​ទុក្ខសោក ឬ​ទឹកភ្នែក​នៃ​ការដឹងគុណ​ក្នុង​អំឡុង​ពិធី​សាក្រាម៉ង់​នោះទេ សូម​ឲ្យវា​ជា​ភាពងឿងឆ្ងល់​ដ៏​អស្ចារ្យ​ចំពោះ​ដំណឹងល្អ​នៃ​អំណោយទាន​របស់​ព្រះវរបិតា​ដែលជា​ព្រះរាជបុត្រា​របស់​ទ្រង់ !

ឪពុកម្តាយ​ដែលមាន​កូន​នៅក្មេង ឬ​មាន​តម្រូវការ​ពិសេស

ឥឡូវនេះ សម្រាប់​ឪពុកម្តាយ​របស់​កុមារ​ដែល​នៅក្មេង ឬ​មាន​តម្រូវការ​ពិសេស ជាញឹកញាប់​គឺ​គ្មាន​គ្រា​ដែល​មាន​ភាព​នៅស្ងៀម និង​ការជញ្ជឹងគិត​ដ៏​ស្ងៀមស្ងាត់​ក្នុងអំឡុង​ពិធី​សាក្រាម៉ង់​ឡើយ ។ ប៉ុន្តែ​ក្នុង​ពេល​តិចតួច​ខ្លះនៅក្នុង​សប្តាហ៍ បងប្អូន​អាច​រៀន​តាមរយៈ​គំរូ​អំពី​សេចក្ដី​ស្រឡាញ់ ការដឹងគុណ និង​អំណរ​ដែល​បងប្អូន​មាន​ចំពោះ និង​មកពី​ព្រះអង្គសង្គ្រោះ នៅពេល​បងប្អូន​ថែទាំ​កូនចៀម​តូចៗ​របស់​ទ្រង់ ។ គ្មាន​ការខិតខំ​ណាមួយ​នៅក្នុង​កិច្ចការ​នេះ​ដែល​ឥតតម្លៃ​ឡើយ ។ ព្រះ​ទ្រង់​ជ្រាបដឹង​អំពី​បងប្អូន ។

ក្រុម​ប្រឹក្សា គ្រួសារ ​វួដ និង​សាខា

ដូចគ្នា​នៅផ្ទះ​ដែរ យើង​អាច​ចាប់ផ្តើម​បង្កើន​សេចក្តី​សង្ឃឹម និង​ការរំពឹងទុក​របស់​យើង​ចំពោះ​ពេលវេលា​របស់​យើង​នៅ​ព្រះវិហារ ។ នៅក្នុង​ក្រុមប្រឹក្សា​គ្រួសារ យើង​អាច​ពិភាក្សា​អំពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​អាច​ចូលរួម​ចំណែក​តាម​របៀប​ដ៏មាន​អត្ថន័យ ដើម្បី​ស្វាគមន៍​មនុស្ស​ទាំងអស់​មកកាន់​សាសនាចក្រ​នៃ​អំណរ ! យើង​អាច​រៀបចំ​ផែនការ ហើយ​រំពឹង​ថា​នឹង​មាន​បទពិសោធន៍​ដ៏រីករាយ​នៅ​ព្រះវិហារ ។

ក្រុម​ប្រឹក្សា​វួដ និង​សាខា​អាច​ស្រមៃ​មើល និង​បង្កើត​វប្បធម៌​នៃ​គារវភាព​ដ៏​រីករាយ​សម្រាប់​ម៉ោង​សាក្រាម៉ង់​របស់​យើង ដោយ​កំណត់​ជំហាន​ជាក់ស្តែង និង​សញ្ញា​នានា​ដើម្បី​ជួយ ។

អំណរ

អំណរ​មាន​ភាព​ខុសគ្នា​សម្រាប់​មនុស្ស​ផ្សេងគ្នា ។ ចំពោះ​មនុស្ស​ខ្លះ វា​អាច​ជា​ការស្វាគមន៍​ដ៏​រាក់ទាក់​នៅ​មាត់ទ្វារ ។ ចំពោះ​មនុស្ស​ផ្សេងទៀត វា​ប្រហែលជា​ការជួយ​មនុស្ស​ទូទៅ​ឲ្យ​មាន​អារម្មណ៍​ស្រួលចិត្ត​តាមរយៈ​ស្នាមញញឹម និង​ការអង្គុយ​នៅក្បែរ​ពួកគេ​ដោយ​ចិត្ត​សប្បុរស និង​បើកចំហ ។ សម្រាប់​អស់​អ្នក​ដែលមាន​អារម្មណ៏​ថា​គេ​ទុកចោល ឬ​មិន​រាប់​រក នោះ​ភាព​កក់ក្តៅ​នៃ​ការស្វាគមន៏​មាន​សារៈសំខាន់​ណាស់ ។ នៅទីបំផុត យើង​អាច​សួរ​ខ្លួន​ឯង​ថា តើ​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​ម៉ោង​សាក្រាម៉ង់​របស់​យើង​ទៅជា​បែបណា ។ តើ​ទ្រង់​ចង់​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ម្នាក់ៗ​ទទួល​បាន​ការស្វាគមន៍ ការថែរក្សា ការចិញ្ចឹមបីបាច់ និង​សេចក្ដី​ស្រឡាញ់​ដោយ​របៀប​ណា ? តើ​ទ្រង់​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​យ៉ាង​ណា ពេល​យើង​មក​រំឭកចាំ​តាមរយៈ​ការ​ថ្វាយបង្គំ​ទ្រង់ ?

សេចក្ដី​បញ្ចប់

នៅ​​ទីចាប់ផ្តើម​ក្នុង​ដំណើរ​នៃ​សេចក្តី​ជំនឿ​របស់​ខ្ញុំ អំណរ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​ការរកឃើញ​ដ៏​ធំ​ជា​លើក​ដំបូង​របស់​ខ្ញុំ ហើយ​វា​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​ខ្ញុំ ។ ប្រសិនបើ​បងប្អូន​មិនទាន់​រកឃើញ​អំណរ​នេះទេ សូម​ចាប់ផ្តើម​ដំណើរ​ស្វែងរក​វា ។ នេះ​ជា​ការអញ្ជើញ​ឲ្យ​ទទួលយក​អំណោយទាន​នៃ​សេចក្ដី​សុខសាន្ត ពន្លឺ និង​អំណរ​របស់​ព្រះអង្គសង្គ្រោះ—ដើម្បី​ត្រេកអរ មាន​ភាពអស្ចារ្យ និង​រីករាយ​នៅក្នុង​រឿង​នេះ រៀង​រាល់ថ្ងៃ​ឈប់សម្រាក ។

អាំម៉ូន​នៅក្នុង​ព្រះគម្ពីរ​មរមន​បង្ហាញ​ពី​អារម្មណ៍​នៃ​ដួងចិត្ត​ខ្ញុំ នៅពេល​លោក​ថ្លែង ៖

« តើ​យើង​គ្មាន​ហេតុ​នឹង​អរ​រីករាយ​ទេ​ឬ​អី ? « មែន​ហើយ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា មិន​ដែល​មាន [ មនុស្ស ] ឯណា ដែល​មាន​ហេតុ​ដ៏​ធំ​នឹង​អររីករាយ​ស្មើ​នឹង​យើង​នេះ​ទេ ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ មែន​ហើយ ហើយ​សេចក្ដី​អំណរ​របស់​ខ្ញុំ​ត្រូវ​បាន​ហួស​ហេតុ រហូត​ដល់​បាន​អួត​នៅ​ក្នុង​ព្រះ​របស់​ខ្ញុំ ដ្បិត​ទ្រង់​មាន​គ្រប់​ព្រះចេស្ដា គ្រប់​ទាំង​ប្រាជ្ញា និង​គ្រប់​ទាំង​យោបល់ ទ្រង់​ជ្រាប​នូវ​គ្រប់​ការណ៍​ទាំង​អស់ ហើយ​ទ្រង់​ជា​តួអង្គ​មួយ​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា គឺ​ដល់​សេចក្ដី​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​នឹង​ប្រែចិត្ត ហើយ​ជឿ​ដល់​ព្រះនាម​ទ្រង់ ។

« ឥឡូវ​នេះ បើ​សិន​នេះ​ជា​ការ​អួត ម្ល៉ោះ​ហើយ ខ្ញុំ​នឹង​អួត ត្បិត​នេះ​ជា​ជីវិត​ខ្ញុំ និង​ពន្លឺ​របស់​ខ្ញុំ សេចក្ដី​អំណរ​របស់​ខ្ញុំ … និង​ជា​អំណរគុណ​ដ៏​ធំ​របស់​ខ្ញុំ » ។

សូម​ស្វាគមន៍​មក​កាន់​សាសនាចក្រ​នៃ​អំណរ ! នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « អំណរ​គឺជា​អំណាច ហើយ​ការផ្តោត​លើ​អំណរ​នោះ​នាំ​ព្រះចេស្តា​របស់​ព្រះ​ចូលមក​ក្នុង​ជីវិត​យើង ។ ដូច​នៅក្នុង​គ្រប់រឿង​ទាំងអស់ដែរ ព្រះយេស៊ូវ​គ្រីស្ទ​គឺជាគំរូ​ដ៏អស្ចារ្យ​បំផុត ‹ ដែល​ទ្រង់បានរង​ទ្រាំ​នៅឈើឆ្កាង › [ ហេព្រើរ ១២:២ ] ។ ចូរ​គិត​អំពី​រឿង​នេះ ! ដើម្បី​ឲ្យ​ទ្រង់​អាច​ស៊ូទ្រាំ​នឹង​បទពិសោធន៍​ដ៏​ឈឺ​ចាប់​បំផុត​ដែល​ទ្រង់​បាន​ស៊ូទ្រាំ​នៅលើ​ផែនដី​នេះ​បាន នោះ​ព្រះអង្គ​សង្គ្រោះ​យើង​បាន​ផ្តោត​ព្រះទ័យ​ទ្រង់​ទៅ​លើ សេចក្តី​អំណរ ! ហើយ​តើ​មាន​អំណរ​អ្វី​ខ្លះ​ដែល​នៅ​ចំពោះ​ទ្រង់​នោះ ? ប្រាកដ​ណាស់​វា​រួម​មាន​អំណរ​នៃ​ការជ្រះស្អាត ការព្យាបាល និង​ការពង្រឹង​ដល់​យើង អំណរ​នៃ​ការបង់​ថ្លៃ​ចំពោះ​អំពើ​បាប​នៃ​អស់​អ្នក​ដែល​ប្រែចិត្ត អំណរ​នៃ​ការធ្វើ​ឲ្យ​បងប្អូន និង​រូប​ខ្ញុំ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ—ឲ្យ​ជ្រះស្អាត និង​មាន​ភាពស័ក្តិសម—ដើម្បី​រស់នៅ​ជាមួយ​ព្រះ​មាតាបិតា និង​ក្រុមគ្រួសារ​សួគ៌ា ។ ប្រសិនបើ​យើង​ផ្តោត​ទៅលើ​អំណរ​ដែល​នឹង​កើតមាន​ដល់​យើង ឬ​ដល់​អស់អ្នក​ដែល​យើង​ស្រឡាញ់ តើ​យើង​អាច​ស៊ូទ្រាំ​យ៉ាងណា​នឹង​រឿង​បច្ចុប្បន្ន ដែល​ទំនង​ជា​ស្មុគស្មាញ ឈឺចាប់ ភ័យខ្លាច អយុត្តិធម៌ ឬ មិន​គួរ​កើត​នោះ ? » ( « Joy and Spiritual Survival » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ៨២–៨៣ ) ។

  2. ទំនុកដំកើង ១៦:១១ ។

  3. អេហ្វ អេនហ្ស៊ីអូ បាឆ « Lessons from the Lamb of GodReligious Educatorវ៉ុល ៩ ល.រ ២ ( ឆ្នាំ២០០៨ ) ទំព័រ ៣ ។

  4. គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:១២ ។

  5. សូមមើល ទំនុកដំកើង ១០០:១ ។

  6. អាលម៉ា ៣២:៤២ ។

  7. សូមមើល អាលម៉ា ៣៣:២៣ ។

  8. ក្បួនខ្នាត​ទូទៅ ៖ ការ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ២៩.២.១.១នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  9. សូមមើល រ័សុល អិម ណិលសុន សេចក្ដី​ថ្លែងការណ៍​ដែល​បាន​ផ្ដល់​ឲ្យ​នៅឯ​សិក្ខាសាលា​ថ្នាក់ដឹកនាំ​បេសកកម្ម ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ដកស្រង់​នៅក្នុង ឌែល ជី រិនឡាន់ « Unwavering Commitment to Jesus ChristLiahonaខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ២៥ ។

  10. ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀន ៖ « ក្នុង​នាម​ជា​សង្ឃ​ម្នាក់ ពេល​បងប្អូន​លុតជង្គង់ចុះ​នៅឯ​តុ​សាក្រាម៉ង់ ហើយ​ពោលពាក្យ​អធិស្ឋាន ដែល​បាន​កើតចេញ​មកពី​វិវរណៈ នោះបងប្អូន​ដាក់​ក្រុម​ជំនុំ​ទាំងមូល​នៅក្រោម​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ ។ តើ​នេះ​ជារឿង​តូចតាច​ដែរ​ឬទេ ? វាគឺជា​រឿងមួយ​ដ៏សំខាន់ ហើយ​អស្ចារ្យ​បំផុត » ( « The Aaronic Priesthood—a Gift from GodEnsignខែឧសភា ឆ្នាំ១៩៨៨ ទំព័រ​៤៦ ) ។

    « អស់អ្នក​ដែល​រៀបចំ ប្រសិទ្ធពរ ឬ​ចែក​សាក្រាម៉ង់​គឺ​កំពុង​ធ្វើ​ពិធី​បរិសុទ្ធ​នេះ​សម្រាប់​មនុស្ស​ផ្សេងទៀត​ជំនួស​ឲ្យ​ព្រះអម្ចាស់ ។ មនុស្ស​ម្នាក់ៗ​ដែល​កាន់​បព្វជិតភាព​គួរតែ​ធ្វើកិច្ចការ​នេះ​ដោយ​អាកប្បកិរិយា​គោរព​ដ៏អស្ចារ្យ ។ គាត់​គួរ​តែ​មាន​ការ​តុបតែង​ខ្លួន​ឲ្យ​បាន​ស្អាតបាត និង​ស្លៀកពាក់​សមរម្យ ។ រូបរាង​ផ្ទាល់ខ្លួន​គួរតែ​ឆ្លុះបញ្ចាំង​ពី​ភាពពិសិដ្ឋ​នៃ​ពិធីបរិសុទ្ធ​នេះ » ( « Priesthood Ordinances and BlessingsFamily Guidebook [ ឆ្នាំ២០០៦ ] ទំព័រ​២២ ) ។

  11. អាលម៉ា ៣៦:២១ ។

  12. រ័សុល អិម ណិលសុន « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ​៩៨ ។

  13. សូម​មើល ម៉ូសាយ ២៤:១៣–១៥ ។

  14. សូមមើល យ៉ូហាន ៣:១៦–១៧ ។

  15. អាលម៉ា ២៦:៣៥–៣៧ ។