បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ក្នុងជីវិតប្រចាំថ្ងៃ
បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ធ្វើឲ្យការរស់នៅប្រចាំថ្ងៃពិសិដ្ឋ ។ វាធ្វើឲ្យយើងខិតកាន់តែជិត និងរីករាយចំពោះព្រះអម្ចាស់ និងចំពោះគ្នាទៅវិញទៅមក ។
ការជួបជុំគ្រួសារ ហ្គង របស់យើងនាពេលថ្មីៗនេះ មានទាំងកម្មវិធីបង្ហាញទេពកោសល្យដ៏រីករាយ ដែលបានបញ្ចប់ជាមួយនឹងការប្រកួតនិយាយរឿងកំប្លែងរបស់ឪពុក ។
ប៉ុន្តែការប្រកួតនេះមិនធម្មតានោះទេ ។ ក្រុមមួយមាន លោកតា ( គឺខ្ញុំ ) និងចៅពីរនាក់ ដែលមានអាយុ ១២ឆ្នាំ និង ១១ឆ្នាំ ។ នៅក្រុមផ្សេងទៀតគឺជាកម្មវិធីបញ្ញាសិប្បនិមិត្ត ( AI ) ដែលបញ្ជាដោយបងប្អូនជីដូនម្នាក់ ដើម្បីនិយាយរឿងកំប្លែងរបស់ឪពុកតាមស្ទីលរបស់ ហ្គើរីត ដបុលយូ ហ្គង ។ លោកតា ហ្គើរីត ហ្គង ប្រកួតជាមួយហ្គើរីត ហ្គង AI ។
ចៅៗ និងខ្ញុំចាប់ផ្តើមមុន ។
តើចៅហៅដាយណូស័រដែលបុកឡានថាម៉េច ? Tyrannosaurus Wrecks
ហ្គើរីត ហ្គង AI ត្រូវបានណែនាំឲ្យ—គិតដូចជា ហ្គើរីត ដបុលយូ ហ្គង ។ និយាយដូចគាត់ ។
ហ្គើរីត ហ្គង AI—៖ « នេះគឺជារឿងកំប្លែងរបស់ឪពុកដែលនិយាយដោយ ហ្គើរីត ដបុលយូ ហ្គង ដោយត្រាប់តាមស្ទីលដ៏កក់ក្តៅ មានគំនិត និងលើកស្ទួយថា ៖ ហេតុអ្វីបានជាដើមឈើតូចទាបធ្វើឲ្យមនុស្សញញឹម ? ព្រោះវាបានចាក់ឫសក្នុងសេចក្ដីស្រឡាញ់ ហើយមែកលាតសន្ធឹងដោយសេចក្ដីសប្បុរស ។ ក៏ដូចជាដើមឈើនោះដែរ យើងក៏អាចរកបានកម្លាំងនៅក្នុងឫសរបស់យើង ហើយមានអំណរក្នុងការផ្តល់សេចក្តីសប្បុរសដល់អ្នកដទៃផងដែរ » ។
ចឹង តើបងប្អូនគិតយ៉ាងម៉េចដែរ ? នោះជាមូលហេតុគេហៅថាជា រឿងកំប្លែងរបស់ឪពុក ។
នៅជុំវិញខ្លួនយើង មានឱកាសដើម្បីសើច រីករាយ មើលដោយភ្នែកនៃអំណរគុណ ។ ដំណឹងល្អរបស់យើងជាដំណឹងល្អនៃអំណរ និងបរិសុទ្ធភាពនៅក្នុងជីវិតប្រចាំថ្ងៃ ។ បរិសុទ្ធភាពញែកអ្វីៗចេញសម្រាប់គោលបំណងដ៏ពិសិដ្ឋ ។ ប៉ុន្តែ បរិសុទ្ធភាពក៏អញ្ជើញយើងឲ្យបញ្ចូលនូវរឿងពិសិដ្ឋទៅក្នុងការរស់នៅប្រចាំថ្ងៃផងដែរ—ដើម្បីរីករាយប្រចាំថ្ងៃ នៅក្នុងពិភពលោកដែលស្មុគស្មាញ និងលំបាកនេះ ។ ដើម្បីដើរជាមួយនឹងព្រះអម្ចាស់ យើងត្រូវតែក្លាយជាបរិសុទ្ធ ដ្បិតទ្រង់បរិសុទ្ធ ហើយដើម្បីជួយយើងឲ្យក្លាយជាបរិសុទ្ធ ព្រះអម្ចាស់អញ្ជើញយើងឲ្យដើរជាមួយនឹងទ្រង់ ។
យើងម្នាក់ៗមានដំណើររឿងផ្សេងៗគ្នា ។ នៅពេលស៊ីស្ទើរ ហ្គង និងខ្ញុំជួបបងប្អូន—សមាជិកសាសនាចក្រ និងមិត្តភក្តិនៅកន្លែង និងស្ថានភាពជាច្រើន—ដំណើររឿងនៃបរិសុទ្ធភាពចំពោះព្រះអម្ចាស់ក្នុងជីវិតប្រចាំថ្ងៃរបស់បងប្អូនបានបំផុសគំនិតពួកយើង ។ បងប្អូនរស់នៅតាមពាក្យទាំង៧ នេះ ៖ ការរួបរួមនឹងព្រះ សហគមន៍ ហើយមានសេចក្តីអាណិតអាសូរដល់គ្នាទៅវិញទៅមក មានការប្តេជ្ញាចិត្ត និងចុះសេចក្តីសញ្ញាជាមួយព្រះ គ្រួសារ និងមិត្តភក្ដិ—ផ្តោតសំខាន់ទៅលើ ព្រះយេស៊ូវគ្រីស្ទ ។
ភស្តុតាងជាច្រើនបានគូសបញ្ជាក់ពីការពិតដ៏ទាក់ទាញនេះ ៖ អ្នកជឿលើសាសនាជាទូទៅសប្បាយចិត្ត មានសុខភាពល្អ និងមានចិត្តស្ងប់ជាងអ្នកដែលគ្មានការតាំងចិត្ត ឬទំនាក់ទំនងខាងវិញ្ញាណ ។ សុភមង្គល និងភាពស្កប់ចិត្តក្នុងជីវិត សុខភាពផ្លូវចិត្ត និងផ្លូវកាយ អត្ថន័យ និងគោលបំណង ឥរិយាបទ និងគុណធម៌ ទំនាក់ទំនងសង្គមជិតស្និទ្ធ សូម្បីតែស្ថេរភាពផ្នែកហិរញ្ញវត្ថុ និងសម្ភារៈ— មែនហើយ អ្នកប្រតិបត្តិសាសនាតែងមានការរីកចម្រើននៅលើផ្នែកនីមួយៗដែលបានរៀបរាប់នេះ ។
ពួកគេរីករាយនឹងសុខភាពផ្លូវកាយ និងផ្លូវចិត្តហើយស្កប់ស្កល់ក្នុងជីវិតកាន់តែប្រសើរនៅគ្រប់វ័យ និងក្រុមប្រជាសាស្ត្រ ។
អ្វីដែលពួកអ្នកស្រាវជ្រាវហៅថា « ស្ថេរភាពរចនាសម្ពន្ធសាសនា » គឺវាផ្តល់នូវភាពច្បាស់លាស់ មានគោលបំណង និងការបំផុសគំនិតពេលស្ថិតក្នុងភាពស្មុគស្មាញ និងបញ្ហាជិវិត ។ គ្រួសារដែលមានជំនឿ និងសហគមន៍នៃពួកបរិសុទ្ធ ប្រយុទ្ធនឹងភាពឯកោ និងក្រុមមនុស្សឯកោ ។ បរិសុទ្ធភាពថ្វាយព្រះអម្ចាស់និយាយថា ទេ ចំពោះអ្នកប្រមាថ និយាយថា ទេ ចំពោះការនិយាយកលមិនល្អពីអ្នកដទៃ និយាយថា ទេ ចំពោះក្បួនរកប្រាក់ដោយការញ៉ុះញ៉ង់កំហឹង និងការបែកបាក់ ។ បរិសុទ្ធភាពថ្វាយព្រះអម្ចាស់និយាយថា បាទ/ចាស ចំពោះភាពពិសិដ្ឋ និងគារវភាព និយាយថា បាទ/ចាស ចំពោះការក្លាយជាមនុស្សដែលមានសេរីភាពបំផុត រីករាយបំផុត ពិតប្រាកដបំផុត និងជាមនុស្សល្អបំផុត កាលយើងដើរតាមទ្រង់ដោយជំនឿ ។
តើបរិសុទ្ធភាពថ្វាយព្រះអម្ចាស់ក្នុងជីវិតប្រចាំថ្ងៃមានលក្ខណៈដូចម្ដេច ?
បរិសុទ្ធភាពថ្វាយព្រះអម្ចាស់នៅក្នុងជីវិតប្រចាំថ្ងៃ ប្រៀបដូចជាយុវមជ្ឈិមវ័យពីររូបដ៏ស្មោះ ដែលបានរៀបការរយៈពេលមួយឆ្នាំ ដែលរៀនពីភាពពិតនិងភាពឈឺចាប់ជាមួយគ្នានៅក្នុងសេចក្ដីសញ្ញានៃដំណឹងល្អ មានការលះបង់ និងមានការបម្រើនៅក្នុងជីវិតរីកចម្រើនរបស់ពួកគេ ។
នាងបានចាប់ផ្តើមថា « កាលនៅវិទ្យាល័យ ខ្ញុំបានស្ថិតនៅកន្លែងដ៏ងងឹតមួយ ។ ខ្ញុំមានអារម្មណ៍ថា ព្រះមិនជួយខ្ញុំសោះ ។ នៅយប់មួយ មិត្តម្នាក់បានផ្ញើសារមកថា ‹ ហ្ហេ៎ តើឯងធ្លាប់អាន អាលម៉ា ៣៦ ដែរឬទេ ? ›
នាងបាននិយាយថា « ពេលខ្ញុំចាប់ផ្តើមអាន នោះភាពសុខសាន្ត និងសេចក្ដីស្រឡាញ់បានស្រោចមកលើខ្ញុំ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវបានឱបយ៉ាងណែន ។ នៅពេលខ្ញុំអាន អាលម៉ា ៣៦:១២ ខ្ញុំបានដឹងថា ព្រះវរបិតាសួគ៌ទតមើលខ្ញុំ ហើយដឹងពីអារម្មណ៍ខ្ញុំយ៉ាងច្បាស់ » ។
នាងបន្តថា « ពីមុនពួកយើងរៀបការ ខ្ញុំបានប្រាប់គូដណ្តឹងតាមត្រង់ថា ខ្ញុំពុំមានទីបន្ទាល់រឹងមាំអំពីដង្វាយមួយភាគក្នុងដប់ទេ ។ ហេតុអ្វីបានជាព្រះចាំបាច់ឲ្យយើងបង់ បើមនុស្សដទៃទៀតមានប្រាក់បង់ជាច្រើននោះ ? គូដណ្តឹងខ្ញុំបានជួយពន្យល់ថា វាពុំមែនជារឿងលុយនោះទេ ប៉ុន្តែវាជាការគោរពតាមព្រះបញ្ញត្តិដែលសុំឲ្យយើងធ្វើ ។ គាត់បានជំរុញឲ្យខ្ញុំចាប់ផ្តើមបង់ដង្វាយមួយភាគក្នុងដប់ ។
នាងបាននិយាយថា « ខ្ញុំឃើញថា ទីបន្ទាល់ខ្ញុំបានរីកចម្រើនជាពិត » ។ « ជួនកាល ខ្ញុំមានប្រាក់ដ៏ស្តួចស្តើង ប៉ុន្តែខ្ញុំបានឃើញពរជ័យជាច្រើន ហើយមានប្រាក់ខែល្មមគ្រប់គ្រាន់ » ។
នាងបាននិយាយផងដែរថា « នៅថ្នាក់គិលានុបដ្ឋាយិកា ខ្ញុំគឺជាសមាជិកសាសនាចក្រតែម្នាក់ឯង ហើយក៏ជាមនុស្សតែម្នាក់គត់ដែលបានរៀបការ ។ ខ្ញុំបានចាកចេញពីថ្នាក់រៀនទាំងមួរម៉ៅ ឬយំជាច្រើនដង ព្រោះតែខ្ញុំមានអារម្មណ៍ថា មិត្តរួមថ្នាក់បានរួមគ្នាធ្វើបាបខ្ញុំ ហើយបាននិយាយអវិជ្ជមានអំពីជំនឿខ្ញុំ ការស្លៀកសម្លៀកបំពាក់ពិសិដ្ឋ ឬការរៀបការទាំងវ័យក្មេងរបស់ខ្ញុំ » ។
ប៉ុន្តែនាងបន្តថា « ឆមាសមុននេះ ខ្ញុំបានរៀនពីរបៀបបញ្ចេញមតិអំពីជំនឿខ្ញុំ ហើយធ្វើជាគំរូល្អអំពីដំណឹងល្អ ។ ចំណេះដឹង និងទីបន្ទាល់ខ្ញុំបានរីកចម្រើន ដោយសារទ្រង់បានសាកល្បងសមត្ថភាពខ្ញុំក្នុងការឈរតែឯង ហើយរឹងមាំលើអ្វីដែលខ្ញុំជឿ » ។
ស្វាមីវ័យក្មេងនោះបន្ថែមថា « មុនពេលចេញបេសកកម្ម គេបានសុំឲ្យខ្ញុំលេងកីឡាវាយកូនបាល់នៅមហាវិទ្យាល័យ ។ ជាការសម្រេចចិត្តដ៏លំបាក ខ្ញុំបានទុកឱកាសនោះមួយឡែក ហើយបានចេញទៅបម្រើព្រះអម្ចាស់ ។ ខ្ញុំនឹងមិនដោះដូរការបម្រើពីរឆ្នាំនោះជាមួយនឹងអ្វីផ្សេងឡើយ ។
គាត់បាននិយាយថា « ពេលត្រលប់មកផ្ទះវិញ ខ្ញុំរំពឹងថានឹងមានការផ្លាស់ប្តូរដ៏លំបាកមួយ តែខ្ញុំបែរជាឃើញថា ខ្ញុំរឹងមាំ រហ័សរហួន និងមានសុខភាពល្អជាងមុន ។ ខ្ញុំគប់កូនបាល់បានខ្លាំងជាងមុនពេលខ្ញុំចេញបេសកកម្មទៅទៀត ។ គេបានផ្ដល់ឱកាសឲ្យខ្ញុំលេងច្រើនជាងមុន រួមទាំងសាលាក្នុងក្តីស្រមៃខ្ញុំផង ។ គាត់បានបន្តថា « ហើយសំខាន់បំផុតនោះ ខ្ញុំពឹងផ្អែកលើព្រះអម្ចាស់ជាងពេលណាៗទាំងអស់ » ។
គាត់បានបញ្ចប់ថា « ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ខ្ញុំបានបង្រៀនគេថា ព្រះវរបិតាសួគ៌សន្យាប្រទានអំណាចក្នុងការអធិស្ឋានរបស់យើង ប៉ុន្តែពេលខ្លះខ្ញុំភ្លេចខ្លួនឯង » ។
កំណប់ទ្រព្យនៃបរិសុទ្ធភាពថ្វាយព្រះអម្ចាស់របស់អ្នកផ្សព្វផ្សាយសាសនាគឺជាពរជ័យដ៏ពេញលេញបរិបូរណ៍ ។ ជារឿយៗ ហិរញ្ញវត្ថុ ពេលវេលា និងកាលៈទេសៈផ្សេងទៀតវាមិនងាយស្រួលនោះទេ ។ ប៉ុន្តែនៅពេលអ្នកផ្សព្វផ្សាយសាសនាគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋានថ្វាយបរិសុទ្ធភាពចំពោះព្រះអម្ចាស់ នោះអ្វីៗអាចដំណើរការទៅតាមពេលវេលា និងរបៀបរបស់ព្រះអម្ចាស់ ។
ឥឡូវនេះ អ្នកផ្សព្វផ្សាយសាសនារៀមច្បងម្នាក់អាយុ ៤៨ឆ្នាំចែកចាយថា « ឪពុកខ្ញុំចង់ឲ្យខ្ញុំទទួលការអប់រំនៅមហាវិទ្យាល័យ មិនបាច់ទៅបេសកកម្មនោះទេ ។ មិនយូរប៉ុន្មាន គាត់គាំងបេះដូង ទទួលមរណភាពនៅអាយុ៤៧ឆ្នាំ ។ ខ្ញុំមានអារម្មណ៍ថាខុស ។ តើខ្ញុំអាចស្តារទំនាក់ទំនងជាមួយនឹងឪពុករបស់ខ្ញុំដោយរបៀបណា ?
គាត់បន្តថា « ក្រោយមក បន្ទាប់ពីខ្ញុំសម្រេចចិត្តបម្រើបេសកកម្ម ខ្ញុំបានឃើញឪពុកខ្ញុំក្នុងសុបិន ។ ដោយភាពសុខសាន្ត និងស្កប់ចិត្ត គាត់រីករាយដែលខ្ញុំបានបម្រើ » ។
អ្នកផ្សព្វផ្សាយសាសនារៀមច្បងរូបនេះបន្តថា « ដូចដែលផ្នែក គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨ បង្រៀន នោះខ្ញុំជឿថា ឪពុកខ្ញុំអាចបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅក្នុងពិភពវិញ្ញាណ ។ ខ្ញុំស្រមៃរូបភាពឪពុកខ្ញុំកំពុងជួយដល់ជីតាទួតរបស់យើង ដែលបានចាកចេញពីអាល្លឺម៉ង់ក្នុងវ័យ១៧ឆ្នាំ ដែលបាត់ខ្លួនទៅ ឥឡូវបានរកឃើញវិញ » ។
ភរិយារបស់គាត់បន្ថែមថា « ក្នុងចំណោមបងប្អូនប្រុសទាំងប្រាំនាក់ក្នុងគ្រួសារប្តីខ្ញុំ អ្នកទាំងបួនដែលបានបម្រើបេសកកម្មគឺជាអ្នកដែលមានបរិញ្ញាបត្រមហាវិទ្យាល័យ » ។
បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ក្នុងជីវិតប្រចាំថ្ងៃ គឺដូចជាអ្នកត្រឡប់ពីផ្សព្វផ្សាយសាសនាវ័យក្មេង ដែលបានរៀនទុកឲ្យព្រះឈ្នះនៅក្នុងជីវិតគាត់ ។ ពីមុននោះ នៅពេលនរណាម្នាក់ស្នើសុំឲ្យប្រសិទ្ធពរអ្នកឈឺខ្លាំង អ្នកផ្សព្វផ្សាយសាសនារូបនេះបាននិយាយថា « ខ្ញុំមានជំនឿ ខ្ញុំនឹងប្រសិទ្ធពរគាត់ឲ្យបានជាឡើងវិញ » ។ ប៉ុន្តែ អ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាគាត់និយាយថា « ខ្ញុំបានរៀននៅពេលនោះថាឲ្យអធិស្ឋាន ពុំមែនតាមអ្វីដែលខ្ញុំចង់បាននោះទេ ប៉ុន្តែសម្រាប់អ្វីដែលព្រះអម្ចាស់ជ្រាបថាបុគ្គលនោះត្រូវការវិញ » ។ ខ្ញុំបានប្រសិទ្ធពរឲ្យបងប្រុសនោះឲ្យមានភាពសុខសាន្ត និងការលួងលោម ។ បន្ទាប់មក គាត់ក៏បានទទួលមរណភាពទៅដោយស្ងប់សុខ » ។
បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ក្នុងជីវិតប្រចាំថ្ងៃ មានអារម្មណ៍ ដូចជាផ្កាភ្លើងឆ្លងកាត់វាំងននដើម្បីភ្ជាប់ លួងលោម ហើយពង្រឹង ។ អ្នកគ្រប់គ្រងនៅសាកលវិទ្យាល័យធំមួយនិយាយថា គាត់មានអារម្មណ៍ថា បុគ្គលដែលគាត់ស្គាល់តែឈ្មោះ បានអធិស្ឋានសម្រាប់គាត់ ។ បុគ្គលទាំងនោះបានលះបង់ជីវិតដើម្បីសាកលវិទ្យាល័យ ហើយបន្តយកចិត្តទុកដាក់ចំពោះបេសកកម្ម និងនិស្សិត ។
ស្ត្រីម្នាក់ខំប្រឹងអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ ក្រោយពីស្វាមីមិនស្មោះត្រង់របស់គាត់បានចាកចោលគាត់ និងកូនៗ ។ ខ្ញុំពិតជាកោតសរសើរគាត់ និងអ្នកផ្សេងទៀតដូចជាគាត់ខ្លាំងណាស់ ។ ថ្ងៃមួយ ពេលកំពុងបត់ខោអាវ គាត់ដាក់ដៃលើគំនរខោអាវ ដោយដកដង្ហើមធំថា « តើមានប្រយោជន៍អីទៅ ? » គាត់បានឮសំឡេងដ៍ទន់ភ្លន់អះអាងដល់គាត់ថា « សេចក្តីសញ្ញារបស់អ្នកគឺនៅនឹងយើង » ។
ស្ត្រីម្នាក់ទៀតប្រាថ្នាមានទំនាក់ទំនងល្អជាមួយប៉ារបស់គាត់ អស់រយៈពេល៥០ឆ្នាំ ។ គាត់បាននិយាយថា « ខ្ញុំធំដឹងក្តីដោយមានពួកបងប្រុស និងប៉ា ហើយខ្ញុំ—ជាកូនស្រីតែម្នាក់ ។ អ្វីដែលខ្ញុំចង់បាននោះគឺធ្វើជាកូន ‹ ល្អ › សម្រាប់ប៉ាខ្ញុំ ។
« ក្រោយមក ម្តាយខ្ញុំបានស្លាប់ ! គាត់គឺជាមនុស្សតែម្នាក់គត់ដែលអាចភ្ជាប់ប៉ាខ្ញុំ និងខ្ញុំបាន ។
ស្ត្រីនោះបាននិយាយថា « ថ្ងៃមួយ ខ្ញុំបានឮសំឡេងមួយនិយាយថា ‹ សូមអញ្ជើញប៉ាអ្នក ហើយនាំគាត់ទៅព្រះវិហារបរិសុទ្ធជាមួយអ្នក › » ។ នោះជាការចាប់ផ្តើមនៃការណាត់ជួបពីរដងក្នុងមួយខែដើម្បីទៅដំណាក់របស់ព្រះអម្ចាស់ជាមួយនឹងប៉ាខ្ញុំ ។ ខ្ញុំបានប្រាប់ប៉ាថា ខ្ញុំស្រឡាញ់គាត់ ។ គាត់បានប្រាប់ខ្ញុំថា គាត់ក៏ស្រឡាញ់ខ្ញុំដែរ ។
« ការចំណាយពេលនៅក្នុងដំណាក់របស់ព្រះអម្ចាស់បានព្យាបាលពួកយើង ។ ម្តាយខ្ញុំមិនអាចជួយពួកយើងបានពេលនៅលើផែនដី ។ ទាល់តែគាត់ទៅឯម្ខាងទៀតនៃវាំងនន ទើបគាត់អាចជួយជួសជុលអ្វីដែលខូចខាតបាន ។ ព្រះវិហារបរិសុទ្ធបានបំពេញដំណើរជីវិតរបស់យើងឲ្យមានភាពពេញលេញជាគ្រួសារដ៏អស់កល្បមួយ » ។
ឪពុកនិយាយថា « ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធគឺជាបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ និងកូនស្រីតែម្នាក់របស់ខ្ញុំ ។ ឥឡូវនេះ យើងចូលរួមជាមួយគ្នា ហើយមានអារម្មណ៍ថាសេចក្តីស្រឡាញ់របស់យើងត្រូវបានពង្រឹង » ។
បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ក្នុងជីវិតប្រចាំថ្ងៃ រួមមាននូវគ្រាដ៏ទន់ភ្លន់ នៅពេលមនុស្សជាទីស្រឡាញ់បានស្លាប់ ។ កាលពីដើមឆ្នាំនេះ ម្តាយជាទីស្រឡាញ់ខ្ញុំ ជីន ហ្គង បានទទួលមរណៈភាពមុនថ្ងៃកំណើតគម្រប់ ៩៨ ឆ្នាំរបស់គាត់ ។
ប្រសិនបើបងប្អូនសួរម្តាយខ្ញុំថា « តើលោកយាយចង់ញាំការ៉េម rocky road ការ៉េមសូកូឡាសលាយខ្ញី ឬក៏ការ៉េមស្ត្របឺរីឬទេ » ? ម៉ាក់នឹងនិយាយថា « ចាស ខ្ញុំអាចសុំភ្លក់គ្រប់មុខបានទេ » ? តើនរណាអាចនិយាយថា ទេ ចំពោះម៉ាក់ ជាពិសេសនៅពេលគាត់ចូលចិត្តគ្រប់រសជាតិនៃជីវិតនោះ ?
ខ្ញុំធ្លាប់សួរម៉ាក់ថា តើការសម្រេចចិត្តណាមួយដែលធ្វើឲ្យមានឥទ្ធិពលដល់ជីវិតម៉ាក់ជាងគេ ។
គាត់បាននិយាយថា « ការជ្រមុជទឹកជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងការផ្លាស់ពីរដ្ឋហាវ៉ៃទៅដីគោក ជាកន្លែងដែលម៉ាក់បានជួបប៉ារបស់កូន » ។
គាត់បានជ្រមុជទឹកចូលរួមក្នុងសាសនាចក្រនៅអាយុ ១៥ឆ្នាំ ជាសមាជិកតែម្នាក់គត់នៃគ្រួសារធំរបស់យើង ម្ដាយខ្ញុំមានជំនឿលើសេចក្ដីសញ្ញា និងទុកចិត្តលើព្រះអម្ចាស់ ដែលបានប្រទានពរដល់ជីវិតគាត់ និងគ្រួសាររបស់យើងគ្រប់ជំនាន់ ។ ខ្ញុំនឹកម៉ាក់ខ្ញុំ ក៏ដូចជាបងប្អូននឹកសមាជិកក្នុងគ្រួសាររបស់បងប្អូនដែរ ។ ប៉ុន្តែខ្ញុំដឹងថា ម៉ាក់ខ្ញុំមិនទាន់ទៅណាទេ ។ គ្រាន់តែគាត់មិននៅទីនេះប៉ុណ្ណោះ ។ ខ្ញុំគោរពគាត់ និងអស់អ្នកដែលបានចែកឋានទៅដោយធ្វើជាគំរូដ៏ក្លាហាននៃបរិសុទ្ធភាពថ្វាយព្រះអម្ចាស់ ។
ជាការពិតណាស់ បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ក្នុងជីវិតប្រចាំថ្ងៃរួមមានទាំងការមករកព្រះអម្ចាស់ក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ជាញឹកញាប់ ។ នេះគឺជាការពិត ទោះយើងជាសមាជិកសាសនាចក្រ ឬមិត្តភក្តិក្ដី ។
មិត្តភក្តិបីនាក់បានមកចូលរួមពិធីសម្ពោធបើកព្រះវិហារបរិសុទ្ធបាំងកក ប្រទេសថៃ ។
មានម្នាក់បាននិយាយថា « កន្លែងនេះជាកន្លែងព្យាបាលដ៏អស្ចារ្យ » ។
នៅកន្លែងអាងជ្រមុជទឹក ម្នាក់ទៀតបាននិយាយថា « ពេលខ្ញុំមកទីនេះ ខ្ញុំចង់លាងសម្អាតឲ្យស្អាតហើយឈប់ធ្វើបាបទៀត » ។
អ្នកទីបី បាននិយាយថា « តើអ្នកអាចមានអារម្មណ៍ពីព្រះចេស្តាខាងវិញ្ញាណឬទេ ? »
ជាមួយនឹងពាក្យពិសិដ្ឋប្រាំបួនពាក្យ ព្រះវិហារបរិសុទ្ធរបស់យើងអញ្ជើញ និងប្រកាសថា ៖
« បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ ។
បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ធ្វើឲ្យការរស់នៅប្រចាំថ្ងៃពិសិដ្ឋ ។ វាធ្វើឲ្យយើងខិតកាន់តែជិត និងរីករាយចំពោះព្រះអម្ចាស់ និងចំពោះគ្នាទៅវិញទៅមក ហើយរៀបចំយើងដើម្បីរស់នៅជាមួយនឹងព្រះ ជាព្រះវរបិតារបស់យើង និងព្រះយេស៊ូវគ្រីស្ទ ព្រមទាំងមនុស្សជាទីស្រលាញ់របស់យើង ។
ក៏ដូចជាមិត្តរបស់ខ្ញុំដែរ បងប្អូនអាចឆ្ងល់ថា តើព្រះវរបិតាសួគ៌ស្រឡាញ់បងប្អូនឬទេ ។ ចម្លើយនោះគឺលាន់ខ្ទររំពងថា ស្រឡាញ់ ! យើងអាចទទួលអារម្មណ៍នៃក្តីស្រលាញ់របស់ទ្រង់ នៅពេលយើងធ្វើឲ្យបរិសទ្ធភាពថ្វាយដល់ព្រះអម្ចាស់ប្រចាំថ្ងៃរបស់យើង រីករាយជារៀងរហូត ។ សូមឲ្យធ្វើការណ៍នេះនៅជាដរាប ខ្ញុំសូមអធិស្ឋានក្នុងព្រះនាមដ៏ពិសិដ្ឋ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។