សន្និសីទទូទៅ
អំណរ​នៃ​សេចក្តី​ប្រោសលោះ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


12:9

អំណរ​នៃ​សេចក្តី​ប្រោសលោះ

សេចក្តី​ស្រឡាញ់ និង​ព្រះចេស្ដា​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​សង្គ្រោះ​យើងម្នាក់ៗ​ពី​កំហុស ភាពទន់ខ្សោយ និង​អំពើបាប​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ប្រសើរ ។

ប្រមាណជា ១០ ឆ្នាំ​កន្លង​ទៅហើយ ខ្ញុំ​បានទទួល​ចំណាប់​អារម្មណ៍​ឲ្យ​គូរ​រូប​ព្រះអង្គ​សង្គ្រោះ ។ ទោះ​ខ្ញុំ​ជា​វិចិត្រករ​ក្ដី ក៏​ការណ៍​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការថប់​បារម្ភ​ដែរ ។ តើ ខ្ញុំ ត្រូវ​គូរ​រូប​ព្រះ​យេស៊ូវ​គ្រីស្ទ​បែបណា​ទើប​អាច​ផ្ដិតយក​វិញ្ញាណ​របស់​ទ្រង់​បាន ? តើ​ខ្ញុំ​ត្រូវ​ចាប់ផ្ដើម​ពី​ត្រង់ណា​ទៅ ? ហើយ​តើ​ខ្ញុំ​នឹង​រក​ពេល​ពី​ណា​បាន ?

ទោះជា​ខ្ញុំមាន​សំណួរ​ទាំងនេះ​ក្ដី ក៏​ខ្ញុំ​បាន​សម្រេចចិត្ត​ថា​នឹង​គូរ​រូប ហើយ​ទុកចិត្ត​ថា ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ ។ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​បន្ត​ឆ្ពោះទៅមុខ ហើយ ទុកចិត្ត លើ​ទ្រង់ ។ ខ្ញុំ​បាន​អធិស្ឋាន ជញ្ជឹងគិត ស្រាវជ្រាវ និង​គូរព្រាង ហើយ​ខ្ញុំ​បាន​ទទួល​ពរ​ឲ្យ​រកឃើញ​ជំនួយ និង​ធនធាន ។ ហើយ​អ្វី​ដែល​ជា​ផ្ទាំង​ពណ៌-ស​បាន​ចាប់ផ្ដើម​ចេញ​ជា​រូបរាង ។

រូប​គំនូរ​របស់​ព្រះអង្គសង្គ្រោះ កំពុង​លាបពណ៌<nb/>។

ដំណើរការ​នេះ​ពុំងាយ​ស្រួលឡើយ ។ ពេលខ្លះ​វាមើល​ទៅមិន​ដូច​ជាអ្វី​ដែល​ខ្ញុំបានសង្ឃឹម​ទុក​សោះ ។ ពេលខ្លះ​មានពេល​ដែល​ខ្ញុំ​ទទួល​បាន​ការបំផុស​គំនិត​ឲ្យ​គូរ​បាន​យ៉ាង​ស្អាត ។ ហើយ​ជាច្រើន​ដង ខ្ញុំ​ត្រូវ​ព្យាយាម​ម្តងហើយ​ម្តងទៀត ។

នៅពេល​ខ្ញុំ​គិតថា​គំនូរប្រេង​នៅ​ទីបំផុត​បានរួចរាល់ និង​ស្ងួត​អស់ហើយ ខ្ញុំ​បានចាប់ផ្តើម​លាប​ថ្នាំ​ឲ្យ​ភ្លឺ​រលោង​ពី​លើ​ដើម្បី​ការពារ​វា​ពី​ភាពកខ្វក់ និង​ធូលី ។ ពេល​ខ្ញុំបានធ្វើ​ដូច្នោះ ខ្ញុំ​បាន​សង្កេតឃើញ​ថា សក់​នៅក្នុង​គំនូរ​ចាប់ផ្តើម​ប្តូរ ខូចពណ៌ និង​រលាយ ។ ខ្ញុំ​ដឹង​ភ្លាម​ថា​ខ្ញុំ​លាប​ថ្នាំ​ឲ្យ​ភ្លឺ​រលោង​ឆាប់​ពេក​ហើយ​ផ្នែក​នោះ​នៅសើម​នៅឡើយ !

ខ្ញុំ​បានលុប​គំនូរ​ផ្នែក​នោះ​ចោល ។ ខ្ញុំ​បារម្ភ​យ៉ាង​ខ្លាំង ។ ខ្ញុំ​មាន​អារម្មណ៍​ហាក់​ដូច​ជា​ខ្ញុំ​ទើប​តែ​បំផ្លាញ​អ្វី​ដែល​ព្រះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ ។ ខ្ញុំ​យំ ហើយ​ឈឺចាប់​ក្នុង​ចិត្ត ។ ដោយភាព​អស់​សង្ឃឹម ខ្ញុំ​បាន​ធ្វើអ្វី​ដែល​មនុស្ស​ទូទៅ​នឹងធ្វើ​ក្នុង​ស្ថានភាព​បែបនេះ ៖ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ម្តាយ​របស់​ខ្ញុំ ។ គាត់​បាន​មាន​ប្រសាសន៍​ដោយ​ឈ្លាសវៃ និង​ដោយ​ចិត្ដ​ត្រជាក់​ថា « កូន​នឹង​មិន​បាន​មកវិញ​នូវ​អ្វី​ដែល​កូន​ធ្លាប់​មាន​ទេ ប៉ុន្តែ​កូន​ត្រូវ​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​ជាមួយ​នឹង​អ្វី​ដែល​កូន​កំពុង​មាន » ។

រូប​គំនូរ​របស់​ព្រះអង្គសង្គ្រោះ​បញ្ចប់​ជាស្ថាពរ

ហើយ​ខ្ញុំ​បាន​ទទួល​ទាន ដោយ គ្រីស្ទីន អិម យី

ដូច្នេះ ខ្ញុំ​បាន​អធិស្ឋាន ហើយ​អង្វរ​សូម​ជំនួយ ហើយ​បាន​គូរ​ពេញ​មួយ​យប់​ដើម្បី​ជួសជុល​ផ្នែកនោះ ។ ហើយ​ខ្ញុំ​ចាំ​ថា ពេល​ខ្ញុំ​មើល​រូប​គំនូរ​នោះ​នៅ​ពេល​ព្រឹក—វា​មើល​ទៅ​ល្អ​ជាង​មុន​ទៅ​ទៀត ។ តើ​វា​អាច​កើតឡើង​យ៉ាង​ម៉េច​បាន ? អ្វី​ដែល​ខ្ញុំ​គិត​ថា​ជា​កំហុស​ដែល​មិន​អាច​កែប្រែ​បាន គឺជា​ឱកាស​មួយ​ដែល​បើក​ឲ្យ​ព្រះហស្ត​ដ៏​មេត្តាករុណា​របស់​ទ្រង់​បាន​បង្ហាញ​ឡើង ។ ទ្រង់​មិន​ទាន់​បញ្ចប់​រូបគំនូរ​នោះ​ទេ ហើយ​ទ្រង់​ក៏​មិនទាន់​បញ្ចប់​ជាមួយ​ខ្ញុំ​ដែរ ។ អំណរ និង​ការធូរស្បើយ​យ៉ាងខ្លាំងក្លា​បាន​បំពេញ​ដួងចិត្ត​របស់​ខ្ញុំ ។ ខ្ញុំបាន​សរសើរតម្កើង​ព្រះអម្ចាស់​ចំពោះ​សេចក្តី​មេត្តា​ករុណា​របស់ទ្រង់ សម្រាប់​អព្ភូតហេតុ​នេះ​ដែល​មិន​គ្រាន់តែ​បានជួយ​ស្រោចស្រង់​រូបគំនូរ​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានបង្រៀន​ខ្ញុំ​បន្ថែមទៀត​អំពី​សេចក្តី​ស្រឡាញ់ និង​ព្រះចេស្ដា​របស់​ទ្រង់​ក្នុងការ​សង្គ្រោះ​យើងម្នាក់ៗ​ពី​កំហុស ភាពទន់ខ្សោយ និង​អំពើ​បាប​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​ប្រសើរ ។

ដូច​ជា​ជម្រៅ​នៃ​ការដឹងគុណ​របស់​ខ្ញុំ​ចំពោះ​ព្រះអង្គ​សង្គ្រោះ​បាន​កើនឡើង នៅពេល​ទ្រង់​បានជួយ​ខ្ញុំ​ដោយ​ក្តីមេត្តា​ក្នុង​ការជួស​ជុល​ផ្ទាំងគំនូរ « ដែលមិន​អាច​ជួសជុល​បាន »​ដែរ នោះ​សេចក្តី​ស្រឡាញ់ និង​ការដឹងគុណ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ចំពោះ​ព្រះអង្គ​សង្គ្រោះ​របស់ខ្ញុំ​កាន់តែ​ខ្លាំង ពេល​ខ្ញុំ​បានខិតខំ​ធ្វើការ ជាមួយ​ទ្រង់​លើ​ភាពទន់ខ្សោយ​របស់ខ្ញុំ ហើយ​ទទួល​ការអភ័យទោស​ចំពោះ​កំហុស​របស់ខ្ញុំ ។ ខ្ញុំ​នឹងមាន​អំណរគុណ​ជារៀង​រហូត​ចំពោះ​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ​ដែល​ខ្ញុំ​អាច​ផ្លាស់ប្ដូរ ហើយ​ស្អាតស្អំ ។ ខ្ញុំ​ថ្វាយ​ដួងចិត្ដ និង​ក្តីសង្ឃឹម​របស់​ខ្ញុំ​ចំពោះ​ទ្រង់ ដើម្បី​ទ្រង់​អាច​ធ្វើ​អ្វី​ក៏​ដោយ​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ និង​ប្រែក្លាយ​ជា ។

ការប្រែចិត្ត​អនុញ្ញាត​ឲ្យ​យើង​ទទួល​អារម្មណ៍​នូវ​សេចក្តីស្រឡាញ់​របស់​ព្រះ ហើយ​ស្គាល់ និង​ស្រឡាញ់​ទ្រង់​តាម​របៀប​ដែល​យើង​មិន​អាច​ដឹង​តាម​របៀប​ផ្សេង​ទៀត​បាន ។ ទ្រង់​មាន​បន្ទូល​អំពី​ស្ត្រី​ដែល​ចាក់​ប្រេង​លាប​ព្រះបាទា​របស់​ព្រះអង្គ​សង្គ្រោះ​ថា « បាប​នាង​ដែល​មាន​ច្រើន​ទាំង​ម៉្លេះ បាន​អត់​ទោស​ឲ្យ​នាង​ហើយ ដ្បិត​នាង​មាន​សេចក្តី​ស្រឡាញ់​ជា​ច្រើន ប៉ុន្តែ អ្នក​ណា​ដែល​គេ​អត់​ទោស​ឲ្យ​តិច នោះ​ក៏​ស្រឡាញ់​តិច » ។ នាង​ស្រឡាញ់​ព្រះយេស៊ូវ​ជាខ្លាំង ព្រោះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​នាង​ច្រើន​ណាស់ ។

មាន​ការធូរស្បើយ និង​សេចក្តី​សង្ឃឹម​បែបនេះ​ដោយ​ដឹងថា យើង​អាច​ព្យាយាម​ម្តងទៀត—ដូចដែល​អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន​ថា យើង​អាច​ទទួលបាន​ការផ្ដាច់បាប​ជាបន្ត​បន្ទាប់​តាមរយៈ​ការញែក​ជា​បរិសុទ្ធ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​យើង​ប្រែចិត្ត​ដោយ​ពិតប្រាកដ និង​ដោយស្មោះ ។

ព្រះចេស្ដា​ដ៏​ប្រោសលោះ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ពរជ័យ​ដែលបាន​សន្យា​ដ៏​មហិមា​បំផុត​មួយ​នៃ​សេចក្តីសញ្ញា​របស់​យើង ។ ចូរ​ពិចារណា​អំពី​ការណ៍​នេះ នៅពេល​បងប្អូន​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នានា ។ បើគ្មាន​វាទេ យើង​មិន​អាច​ត្រឡប់​ទៅកាន់​ទីវត្តមាន​នៃ​ព្រះវរបិតា​សួគ៌​របស់​យើង និង​អស់​អ្នក​ដែល​យើង​ស្រឡាញ់​បានឡើយ ។

ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​មាន​អំណាច​ក្នុង​ការសង្គ្រោះ ។ ក្នុងនាម​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដែល​ធួន​ជំនួស​អំពើបាប​នៃ​ពិភពលោក ហើយ​ថ្វាយ​ព្រះជន្ម​របស់​ទ្រង់​ផ្ទាល់ ហើយ​មានព្រះជន្ម​រស់ឡើង​វិញ នោះ​ទ្រង់​មាន​ព្រះចេស្ដា​នៃ​សេចក្ដី​ប្រោសលោះ និង​ការរស់ឡើង​វិញ ។ ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ជីវិត​អមតៈ​ដល់​មនុស្ស​ទាំងអស់ និង​ជីវិត​អស់កល្ប​ជានិច្ច​សម្រាប់​អ្នក​ដែល​ជ្រើសរើស​ទ្រង់ ។ ខ្ញុំ​ដឹងថា តាមរយៈ​ពលិកម្ម​ធួន​របស់ទ្រង់ យើង​អាច​ប្រែចិត្ត ហើយ​បាន​ជ្រះស្អាត និង​ទទួល​ការប្រោសលោះ​ដ៏ពិត ។ វា​គឺជា​អព្ភូតហេតុ​ដែល​ទ្រង់​ស្រឡាញ់​បងប្អូន និង​ខ្ញុំ​តាម​របៀបនេះ ។

ទ្រង់បាន​មាន​បន្ទូលថា « តើ​អ្នក​រាល់​គ្នា​មិន​ចង់​ត្រឡប់​មក​រក​យើង ហើយ​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​អ្នក ហើយ​ប្រែចិត្តជឿ​ដើម្បី​យើង​អាច​ប្រោស​អ្នក​ឲ្យ​បាន​ជា​ទេ​ឬ ? »​ ទ្រង់​អាច​ព្យាបាល « កន្លែង​ខូចបង់ » នៃ​ព្រលឹង​របស់​បងប្អូន—ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​ស្វិត គគ្រោត និង​កណ្ដោចកណ្ដែង​ដោយ​អំពើបាប និង​ទុក្ខព្រួយ ហើយ « ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង​[ របស់បងប្អូន ]​បាន​ដូច​ជា​សួនច្បារ​អេដែន » ។

ដូចជា​យើង​មិន​អាច​យល់​ពី​ទុក្ខ​ព្រួយ និង​ជម្រៅ​នៃ​ការរងទុក្ខ​របស់​ព្រះ​គ្រីស្ទ​នៅ​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើ​ឆ្កាង ដូច្នេះ​យើង​ក៏ « មិន​អាច​វាស់វែង​ដែនកំណត់ ឬ​យល់​ពី​ជម្រៅ​នៃ​ការអភ័យទោស​ដ៏​ទេវភាព​[ របស់​ទ្រង់ ] » សេចក្តីមេត្តា​ករុណា និង​សេចក្តីស្រឡាញ់​ដែរ ។

នៅពេល​ខ្លះ​បងប្អូន​អាច​នឹង​មាន​អារម្មណ៍​ថា វា​មិន​អាច​ទៅរួច​ទេ ដែល​ត្រូវ​បានប្រោសលោះ​នោះ ប្រហែលជា​បងប្អូន​ជា​ករណី​លើកលែង​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ដោយសារ​អ្វី​ដែល​បងប្អូន​កំពុង​ពុះពារ ឬ​ដោយសារ​អ្វី​ដែល​បងប្អូន​បាន​ធ្វើ ។ ប៉ុន្តែ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា បងប្អូន​មិន​ផុត​ពី​ព្រះហស្ដ​របស់​លោកចៅហ្វាយ​ឡើយ ។ ព្រះអង្គសង្រ្គោះ « បានយាង​ចុះ​ក្រោម​គ្រប់​ទាំងអស់ » ហើយ​ស្ថិត​នៅក្នុង​ទីកន្លែង​ដ៏​ទេវភាព​ដើម្បី​លើក​បងប្អូន​ឡើង ហើយ​យក​បងប្អូន​ចេញពី​អន្លង់ជ្រៅ​ដ៏​ងងឹត​បំផុត ហើយ​នាំ​បងប្អូន​ចូល​ទៅក្នុង « ពន្លឺ​អស្ចារ្យ​របស់​ទ្រង់ » ។ តាមរយៈ​ការរងទុក្ខ​របស់​ទ្រង់ ទ្រង់​បាន​បង្កើត​ផ្លូវ​សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ និង​អំពើបាប​ផ្ទាល់ខ្លួន​របស់​យើង ។ « ព្រះ​អង្គ​មាន គ្រប់​ព្រះចេស្ដា ដើម្បី​ជួយសង្គ្រោះ​មនុស្ស​គ្រប់ រូប ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ ហើយ​នាំ​មក​នូវ​ផល​ដែល​សម​នឹង​សេចក្ដី​ប្រែចិត្ត » ។

ដូច​ដែល​វា​ទាមទារ​ការខិតខំ និង​ការអង្វរ​ទូលសុំ​ជំនួយ​ពី​ស្ថានសួគ៌​ក្នុង​ការជួសជុល​រូប​គំនូរ​នោះ វា​ត្រូវការ​ការខិតខំ ភាពស្មោះត្រង់​នៃ​បេះដូង និង​ការបន្ទាបខ្លួន​ដើម្បី​នាំ « មក​នូវ​ផល​ដែល​សម​នឹង​សេចក្ដី​ប្រែចិត្ត » ។ ផលផ្លែ​ទាំងនេះ​រួម​មាន​ការអនុវត្ត​សេចក្តីជំនឿ និង​ការទុកចិត្ត​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការពលិកម្ម​ធួន​របស់​ទ្រង់ ការថ្វាយ​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​ដល់​ព្រះ ការសារភាព​អំពី​អំពើបាប ហើយនិង​ការលះបង់ចោល​អំពើបាប ការស្តារឡើងវិញ​នូវ​អ្វី​ដែល​ខូច ឲ្យ​អស់​ពី​លទ្ធភាព​របស់​យើង និង​ការព្យាយាម​រស់នៅ​ដោយ​សុចរិត ។

ដើម្បី​ប្រែចិត្ត និង​ផ្លាស់ប្តូរ​ពិតប្រាកដ ដំបូង​យើង​ត្រូវតែ « បរិវត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​យើង » ។ បុគ្គល​ម្នាក់​មិនឃើញ​ពី​សេចក្ដីត្រូវការ​នៃ​ការទទួល​ទាន​ថ្នាំពេទ្យ​ឡើយ លុះត្រាតែ​ពួកគេ​យល់​ថា ពួកគេ​ឈឺ ។ ប្រហែលជា​មាន​ពេលខ្លះ យើង​មិនព្រម​ពិនិត្យមើល​ចិត្ដ និង​គំនិត​ខ្លួនឯង ហើយ​ឃើញពី​អ្វីដែល​ត្រូវការ​ការព្យាបាល និង​ជួសជុល​ពិតប្រាកដ​ឡើយ ។

នៅក្នុង​ការនិពន្ធ​របស់ ស៊ី អេស ល្វីស អាស្លាន​បាន​ពោល​ពាក្យ​ទាំងនេះ​ទៅកាន់​បុរស​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជាប់​ជំពាក់​នឹង​របស់​របរ​ផ្ទាល់ខ្លួន ៖ « ឱ ! [ មនុស្សលោក ]​អើយ តើ​អ្នក​មាន​ប្រាជ្ញា​អ្វីម្ល៉េះ​ដើម្បី​រារាំង​ខ្លួនឯង​[ ពី ]​អ្វីៗ​ដែល​អាច​ហុច​ផល​ល្អ​ដល់​អ្នក​ទៅវិញ​នោះ ! » ។

តើបងប្អូន និង​ខ្ញុំ​អាច​រារាំង​ខ្លួន​ឯង​ពី​អ្វី​ដែល​អាច​នឹង​ផ្តល់​ផល​ល្អ​ដល់​យើង​នៅឯណា ?

ចូរ​កុំ​ឲ្យ​យើង​រារាំង​ខ្លួន​ពី​អំពើ​ល្អ​ដែល​ព្រះ​សព្វ​ព្រះទ័យ​នឹង​ប្រទាន​ពរ​ដល់​យើង​ឡើយ ។ ពី​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​បាន ។ ពី​ពន្លឺ និង​ចំណេះដឹង ដែល​ទ្រង់​សព្វព្រះទ័យ​នឹង​ប្រទាន​ដល់​យើង ។ ពី​ការព្យាបាល​ដែល​ទ្រង់​បាន​ញាណដឹង​យ៉ាង​ស្រេចបាច់ ថា​យើង​ត្រូវការ​យ៉ាងខ្លាំង ។ ពី​ទំនាក់​ទំនង​នៃ​សេចក្ដីសញ្ញា​ដ៏ជ្រាល​ជ្រៅ​ដែល​ទ្រង់​មាន​ព្រះរាជ​បំណង​ប្រទាន​ដល់​បុត្រាបុត្រី​របស់​ទ្រង់​គ្រប់រូប ។

ខ្ញុំ​សូមអធិស្ឋាន​ថា យើង​ទុក « គ្រឿង​សស្ត្រាវុធ »​ ដែល​យើង​បាន​លើក​ឡើង​ដោយ​មាន​មនសិការ ឬ​ដោយ​គ្មាន​មនសិការ​ដើម្បី​រារាំង​ខ្លួនឯង​ពី​ពរជ័យ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មួយ​អន្លើសិន ។ អាវុធ​នៃ​ភាព​ឆ្មើងឆ្មៃ ភាព​អាត្មានិយម ភាព​ភ័យខ្លាច សេចក្ដី​ស្អប់ សេចក្ដី​មើលងាយ ភាព​ក្រអឺត ការវិនិច្ឆ័យ​មិន​សុចរិត សេចក្ដី​ច្រណែន—អ្វីៗ​ដែល​រារាំង​យើង​ពី​ព្រះ​ជា​ទីស្រឡាញ់​ដោយអស់ពី​ដួងចិត្ត​របស់យើង និង​ការរក្សា​សេចក្ដី​សញ្ញាទាំងអស់របស់​យើង​ជាមួយ​នឹង​ទ្រង់ ។

នៅ​ពេល​យើង​រស់នៅ​តាម​សេចក្ដីសញ្ញា នោះ​ព្រះអម្ចាស់​អាច​ប្រទាន​ជំនួយ និង​អំណាច​ដែល​យើង​ត្រូវការ​ដើម្បី​ស្គាល់ ហើយ​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​យើង រួមទាំង​មេរោគ​នៃ​អំនួត​ខាងវិញ្ញាណ ។ ព្យាការី​របស់​យើង​បាន​មាន​ប្រសាសន៍​ថា ៖

« ការប្រែចិត្ត​គឺជា​ច្រកទ្វារ​ទៅកាន់​បរិសុទ្ធភាព ហើយ​បរិសុទ្ធភាព​នាំ​មក​នូវ​កម្លាំង » ។

« ហើយ​យើង​នឹង​ត្រូវការ​ព្រះចេស្តា​របស់​ទ្រង់​សម្រាប់​ថ្ងៃ​ខាង​មុខ​កាន់​តែ​ខ្លាំង » ។

ដូចជា​ផ្ទាំង​គំនូរ​របស់​ខ្ញុំ​ដែរ ព្រះអម្ចាស់​មិន​បាន​បញ្ចប់​ជាមួយ​យើង នៅពេល​យើង​ធ្វើ​កំហុស ឬ​ក៏​ទ្រង់​បាន​គេចចេញ នៅពេល​យើង​ចុះខ្សោយ​ឡើយ ។ សេចក្ដី​ត្រូវការ​របស់​យើង​ដើម្បី​ទទួល​ការព្យាបាល និង​ជំនួយ​មិន​មែន​ជា​បន្ទុក​ចំពោះ​ទ្រង់​ទេ ប៉ុន្តែ​វា​គឺជា​ហេតុផល​តែ​មួយ​គត់​ដែល​ទ្រង់​បាន​យាង​មក ។ ព្រះអង្គសង្គ្រោះ​ផ្ទាល់​បាន​មាន​ព្រះបន្ទូល ៖

« មើលចុះ យើង​បាន​មកឯ​លោកិយ ដើម្បី​នាំ​សេចក្ដី​ប្រោសលោះ​មក​ដល់​ពិភពលោក គឺ​ដើម្បី​សង្គ្រោះ​មនុស្សលោក​ពី​បាប » ។

« ដៃ​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​យើង​សន្ធឹង​ទៅ​រក​អ្នក ហើយ​អស់​អ្នកណា​ដែល​មក អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ទទួល ហើយ​មាន​ពរ​ហើយ​ដល់​អ្នក​ណា​ដែល​មក​រក​យើង » ។

ដូច្នេះ​ចូរ​មក—មក​អ្នក​ដែល​ព្រួយ ស្គមស្គាំង និង​សោកសៅ​អើយ មក ហើយ​ទុក​ការងារ​របស់​អ្នក ហើយ​រក​ទីសម្រាក​ក្នុង​ទ្រង់​ដែល​ស្រឡាញ់​អ្នក​បំផុត ។ ចូរ​ទទួល​នឹម​ទ្រង់ ដ្បិត​ទ្រង់​ទន់ភ្លន់ និង​មាន​ចិត្ត​សុភាព ។

ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្រ្គោះ​ទតឃើញ​បងប្អូន ។ ទ្រង់​ទាំងទ្វេ​ស្គាល់​ដួងចិត្ត​បងប្អូន ។ ទ្រង់​ទាំងទ្វេ​ខ្វល់​ព្រះទ័យ​នូវ​អ្វី​ដែល​បងប្អូន​ព្រួយបារម្ភ​ដល់ ដោយ​រួមទាំង​អស់​អ្នក​ដែល​បងប្អូន​ស្រឡាញ់​ផងដែរ ។

ព្រះអង្គសង្រ្គោះ​អាច​ប្រោសលោះ​អ្វី​ដែល​បាត់បង់ រួម​ទាំង​ទំនាក់ទំនង​ដែល​ប្រេះឆា និង​បាក់បែក​ផងដែរ ។ ទ្រង់​បាន​បង្កើត​មាគ៌ា​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ធ្លាក់ចុះ​ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ—ដើម្បី​ផ្លុំ​ខ្យល់​ជីវិត​ចូលទៅ​ក្នុង​អ្វី​ដែល​ស្លាប់ និង​អស់សង្ឃឹម ។

ប្រសិន​បើ​បងប្អូន​កំពុង​ពុះពារ​នឹង​ស្ថានភាព​មួយ​ដែល​បងប្អូន​គិត​ថា បងប្អូន​គួរ​តែបាន​យកឈ្នះ​វា​រួចហើយ​មកដល់​បច្ចុប្បន្ន​នេះ​នោះ សូម​កុំ​ចុះចាញ់​ឡើយ ។ ចូរ​អត់ធ្មត់​ជាមួយ​នឹង​ខ្លួនឯង រក្សា​សេចក្ដី​សញ្ញា​របស់​បងប្អូន ប្រែចិត្ត​ជាញឹកញាប់ ស្វែងរក​ជំនួយ​ពី​ថ្នាក់ដឹកនាំ​របស់​បងប្អូន ប្រសិន​បើ​ចាំបាច់ ហើយ​ទៅ​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​បងប្អូន​អាច​ធ្វើ​ទៅ​បាន ។ សូម​ស្តាប់​តាម និង​យកចិត្ត​ទុកដាក់​ចំពោះ​ការបំផុសគំនិត​ដែល​ទ្រង់​បញ្ជូន​ទៅ​ឲ្យ​បងប្អូន ។ ទ្រង់​នឹង​មិន​បោះបង់​ទំនាក់​ទំនង​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​បងប្អូន​ឡើយ ។

ជីវិត​របស់​ខ្ញុំ​ធ្លាប់​មាន​ទំនាក់ទំនង​ដ៏​ពិបាក និង​ស្មុគស្មាញ​ដែល​ខ្ញុំ​ជួប ហើយ​បាន​ខិតខំ​កែលម្អ​ដោយស្មោះ ។ ពេលខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ឆ្លងកាត់​ការបរាជ័យ​ជាច្រើន ។ ខ្ញុំ​បាន​ងឿងឆ្ងល់​ថា « តើ​ខ្ញុំ​មិន​បាន​ដោះស្រាយ​រឿង​នោះ​កាល​ពីមុន​ទេឬអី ? តើ​ខ្ញុំ​ពិត​ជា​មិន​បាន​យកឈ្នះ​ភាពទន់ខ្សោយ​របស់​ខ្ញុំ​ទេឬអី ? » ខ្ញុំ​បាន​រៀន​ម្ដងហើយ​ម្ដងទៀតថា ខ្ញុំ​មិន​ចាំបាច់​ត្រូវ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នោះទេ ផ្ទុយ​ទៅវិញ ជារឿយៗ​មាន​រឿង​ជាច្រើន​ដែល​ត្រូវធ្វើ និង​ការព្យាបាល​ជាច្រើន​ដែល​ត្រូវការ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀន ៖ « ប្រាកដ​ណាស់ ព្រះអម្ចាស់​ញញឹម​ទៅរក​នរណា​ម្នាក់​ដែល​មកឯ​ទីជំនុំ​ជម្រះ​ដោយ​ភាពស័ក្ដិសម ជា​អ្នក​ដែល​តាំងចិត្ត​ធ្វើការ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ជំនួស​ភាពទន់ខ្សោយ​ឲ្យ​ទៅ​ភាពរឹងមាំ​វិញ ។ ការប្រែចិត្ត​ដ៏​ពិត ការផ្លាស់ប្ដូរ​ដ៏​ពិត​អាច​តម្រូវ​ឲ្យ​មាន​ការល្បួង​ច្រើន​ដង ប៉ុន្ដែ​មាន​អ្វីមួយ​ដែល​បាន​បន្សុទ្ធ និង​បរិសុទ្ធ​នៅក្នុង​ការខិតខំ​បែប​នោះ ។ ការអភ័យទោស និង​ការព្យាបាល​របស់​ព្រះ​កើត​មាន​ដោយ​ធម្មជាតិ​ចំពោះ​ព្រលឹង​បែប​នោះ » ។

រាល់ថ្ងៃ​គឺជា​ថ្ងៃ​ថ្មី​ពោរពេញ​ដោយ​សេចក្ដី​សង្ឃឹម និង​ឱកាស ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ ។ រាល់ថ្ងៃ​ដែល​បងប្អូន និង​ខ្ញុំ​អាច​ស្គាល់ ដូចដែល​នាង​អេវ៉ា​បានប្រកាស​ថា « អំណរ​នៃ​សេចក្តី​ប្រោសលោះ » ជា​អំណរ​នៃ​ការ​ជា​សះស្បើយ អំណរ​នៃ​ការទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​ឥត​ងាករេ​របស់​ព្រះ​ចំពោះ​បងប្អូន ។

ខ្ញុំ​ដឹង​ថា ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​បងប្អូន ។ ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះអង្គ​សង្គ្រោះ និង​ជាព្រះ​ប្រោសលោះ​របស់​មនុស្ស​លោក​ទាំងអស់ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ។ តាមរយៈ​ពលិកម្ម​ធួន​របស់​ទ្រង់ ចំណង​នៃ​អំពើបាប និង​សេចក្ដីស្លាប់​ត្រូវ​បាន​កាត់ផ្ដាច់​ជារៀងរហូត ដើម្បី​យើង​អាច​មានសេរីភាពដើម្បី​ជ្រើសរើស​យក​ការព្យាបាល ការប្រោសលោះ និង​ជីវិត​អស់កល្បជានិច្ច​ជាមួយ​នឹង​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ ហើយ​ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​នៃ​អ្វីៗ​ទាំងនេះ​នៅក្នុង​ព្រះនាម​នៃ​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល ម៉ាថាយ ១៩:២៦ ។

  2. « ពេលយើង​ចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះ នោះ​យើង​ពុំ​នៅ​លើ​ដី​អព្យាក្រឹត​ទៀតឡើយ ។ ព្រះ​នឹង​មិន​បោះបង់​ចោល​ទំនាក់​ទំនង​របស់​ទ្រង់​ជា​មួយ​អស់​អ្នក​ដែល​បាន​បង្កើត​ចំណងមិត្តភាព​បែប​នោះ​ជា​មួយទ្រង់​ឡើយ ។ តាមពិត អស់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ អាច​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​សេចក្តីមេត្តាករុណា​ដ៏​ពិសេស​មួយ ។ ក្នុង​ភាសា​ហេព្រើរ សេចក្ដីស្រឡាញ់​ក្នុង​សេចក្ដី​សញ្ញា​នោះ​គឺ​ត្រូវបាន​ហៅថា hesedחֶסֶד ) » ( រ័សុល អិម ណិលសុន « សេចក្តីសញ្ញាដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណា ខែតុលា ឆ្នាំ២០២២ ទំព័រ ៥ ) ។

  3. « នៅពេល​បងប្អូន និង​ខ្ញុំ​ចូលនៅលើ​ផ្លូវ​នោះ យើង​ក៏​មាន​គន្លង​នៃ​ជីវិត​ថ្មី ។ ដោយហេតុនេះ យើង​បង្កើត​ទំនាក់ទំនង​ជាមួយ​ព្រះ ដែល​ទុក​ឲ្យ​ទ្រង់​ប្រទានពរ និង​ផ្លាស់ប្តូរ​យើង ។ ផ្លូវ​នៃ​សេចក្តី​សញ្ញា​នេះ​នាំយើង​ទៅរក​ទ្រង់​វិញ ។ ប្រសិនបើ​យើង​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​យើង សេចក្តីសញ្ញា​នោះ​នឹង​ដឹកនាំ​យើង​ឲ្យ​ទៅ​កាន់តែ​ជិត​ទ្រង់ ។ សេចក្តី​សញ្ញា​ទាំងអស់​គឺ​ក្នុង​គោលបំណង​ចងភ្ជាប់ ។ សេចក្តីសញ្ញា​ទាំងនោះ​បង្កើត​ទំនាក់ទំនង​មួយ​ដែល​ចងភ្ជាប់​ដល់​អស់កល្បអស់កាល​ជានិច្ច » ( រ័សុល អិម ណិលសុន « សេចក្តីសញ្ញាដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » ទំព័រ ៥ ) ។

  4. សូមមើល អាលម៉ា ២៦:៣៥–៣៦ ។

  5. សូមមើល អាលម៉ា ២២:១៨ ៖ « ទូលបង្គំ​នឹង​បោះបង់​ចោល​អស់​ទាំងអំពើ​បាប​របស់​ទូល​បង្គំ​ដើម្បី​ឲ្យ​បាន​ស្គាល់​ទ្រង់ » ។

  6. លូកា ៧:៤៧; សូមមើល​ផងដែរ ខទី ៣៧–៥០ ។

  7. អែលឌើរ ដេវីឌ អេ បែដណា បាន​មាន​ប្រសាសន៍​អំពី​ពិធី​សាក្រាម៉ង់​ថា ៖

    « នៅពេល​យើង​រៀបចំ​ខ្លួន​ដោយ​យកចិត្ត​ទុកដាក់ និង​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​ដ៏​បរិសុទ្ធ​នេះ​ដោយ​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប នោះ​ការសន្យា​នឹង​មាន​ចំពោះ​យើង​ថា យើង​អាច​មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​គង់នៅ​ជាមួយ​យើង ជានិច្ច ។ ហើយ​តាមរយៈ​ការញែក​ជា​បរិសុទ្ធ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង នោះ​យើង​អាច​ទទួល​ការផ្ដាច់​បាប​របស់​យើង ជានិច្ច » ( « Always Retain a Remission of Your Sins » Liahona ខែឧសភា ឆ្នាំ២០១៦ ទំព័រ ៦១–៦២ ) ។

    « នៅក្នុង​ដំណើរការ​នៃ​ការមករក​ព្រះអង្គ​សង្គ្រោះ និង​ការកើត​ជាថ្មី​ខាងវិញ្ញាណ ការទទួល និង​ការញែក​ជា​បរិសុទ្ធ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​យើង បង្កើត​ជាលទ្ធភាព​នៃ ការសម្អាត​ជាបន្ត​បន្ទាប់ នូវ​អំពើបាប​ពី​ព្រលឹង​របស់យើង ។ ពរជ័យ​ប្រកបដោយ​អំណរ​នេះ គឺ​សំខាន់​ណាស់ ដោយសារតែ ‹ គ្មាន​អ្វី​ដែល​មិនស្អាត​អាច​អាស្រ័យ​នៅជាមួយ​នឹង​ព្រះបាន​ឡើយ › [ នីហ្វៃទី១ ១០:២០ ] » ( «Always Retain a Remission of Your Sins » ទំព័រ ៦១ ) ។

    សូមមើល ដេវីឌ អេ បែដណា សិក្ខាសាលា​សម្រាប់​ថ្នាក់ដឹកនាំ បេសកកម្ម​ថ្មី ខែមិថុនា ឆ្នាំ២០២៣ ៖ « ហើយ​តាមរយៈ​ការញែក​ជា​បរិសុទ្ធ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ជា​ដៃ​គូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង នោះយើង​អាចទទួល​ការផ្ដាច់បាប​របស់​យើង​ជានិច្ច ។ ដូច្នេះ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ឱកាស​ទីពីរ និង​ទីបី និង​ទីបួន និង​គ្មាន​ទីបញ្ចប់​ដើម្បី​រក្សា​ទុក​ការផ្ដាច់បាប​របស់​យើង » ( នៅក្នុង រ៉ាឆែល ស្ទឺហ្សឺ ហ្គីបសុន « Teach to Build Faith in Jesus Christ, Elder Bednar Instructs » Church News ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅលើ​គេហទំព័រ thechurchnews.com ) ។

  8. « ព្យាការី យ៉ូសែប ស្ម៊ីធ បាន​សង្ខេប​យ៉ាងច្បាស់​ពី​តួនាទី​សំខាន់​នៃ​ពិធីបរិសុទ្ធ​បព្វជិតភាព​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ ‹ ការ​ត្រូវបាន​កើត​ជាថ្មី កើត​មាន​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ​តាមរយៈ​ពិធីបរិសុទ្ធ › [ Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ២០០៧ ) ទំព័រ ៩៥ ] ។ សេចក្ដីថ្លែង​ដ៏​ឈ្លាសវៃ​នេះ គូស​បញ្ជាក់​អំពី​តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​នៅក្នុង​ដំណើរការ​នៃ​ការកើត​ជាថ្មី​ខាងវិញ្ញាណ ។ …

    « ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ គឺ​សំខាន់​នៅក្នុង​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ និង​នៅក្នុង​ដំណើរការ​នៃ​ការមក​រកទ្រង់ ហើយ​ស្វែងរក​ការកើត​ជាថ្មីខាង​វិញ្ញាណ ។ …

    « ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និង​ភាព​តម្កើង​ឡើង ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះអម្ចាស់ គឺ​មាន​ន័យ​ច្រើនជាង​ទម្លាប់ ឬ​ពិធី​ជា​និមិត្តសញ្ញា ។ តែ​វា​បង្កើត​ជា​ច្រក​ផ្លូវ​ដែល​មាន​ការ​អនុញ្ញាត ដែល​តាមច្រក​ផ្លូវ​នោះ ពរជ័យ និង​អំណាច​នានា​នៃ​ស្ថានសួគ៌ អាច​ចាក់​ស្រោច​មក​ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ ។ …

    « ពិធីបរិសុទ្ធ​ដែល​បាន​ទទួល និង​គោរព​ដោយ​សេចក្ដីសុចរិត គឺ​សំខាន់​ក្នុង​ការទទួល​បាន​អំណាច​នៃ​ព្រះ និង​ទទួល​គ្រប់​ពរ​ជ័យ​ដែល​មាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ » ( ដេវីឌ អេ បែដណា « Always Retain a Remission of Your Sins » ទំព័រ ៥៩–៦០ ) ។

  9. សូមមើល យ៉ូហាន ១០:១៧–១៨; នីហ្វៃទី៣ ៩:២២ ។

  10. សូមមើល ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១៦; យ៉ាកុប ៦:៩; ម៉ូសេ ១:៣៩ ។

  11. សូមមើល អាលម៉ា ១២:៣៣–៣៤ ។

  12. សូមមើល យ៉ូហាន ៣:១៦ ។

  13. នីហ្វៃទី៣ ៩:១៣ ។

  14. « ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​មក​រក​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​អាច​ព្យាបាល​បងប្អូន … ពី​អំពើបាប​ពេល​បងប្អូន​ប្រែចិត្ត ។ ទ្រង់​នឹង​ព្យាបាល​បងប្អូន​ពី​ភាពសោកសៅ និង​ការភ័យ​ខ្លាច ។ ទ្រង់​នឹង​ព្យាបាល​បងប្អូន​ពី​របួស​នៃ​ពិភពលោក​នេះ » ( រ័សុល អិម ណិលសុន « ចម្លើយ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១២៧ ) ។

  15. អេសាយ ៥១:៣ សូមមើល​ផងដែរ អេសាយ ៥៨:១០–១២; អេសេគាល ៣៦:៣៣–៣៦ ។

  16. ជេម អ៊ី ថាល់មេហ្គ Jesus the Christ ( ឆ្នាំ១៩១៦ ) ទំព័រ ២៦៥ ។

  17. សូមមើល រ័សុល អិម ណិលសុន « សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » ទំព័រ ៥–៧ សូមមើល​ផងដែរ​កំណត់​ចំណាំ ២, ៣ នៅក្នុង​សារលិខិត​នេះ ។

  18. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:៦; សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២២:៧–៩ ។

  19. ពេត្រុស ទី១ ២:៩; សូមមើល​ផងដែរ អាលម៉ា ២៦:១៦–១៧ ។

  20. អាលម៉ា ១២:១៥; បាន​គូស​បញ្ជាក់​បន្ថែម ។

  21. សូមមើល អាលម៉ា ៣៤:១៧ ។

  22. សូមមើល កូរិនថូស ទី២ ៧:១០; នីហ្វៃទី៣ ៩:១៥–២២ ។

  23. សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:៤៣; ៦៤:៧ ។

  24. សូមមើល ម៉ូសាយ ២៧:៣២–៣៧; អាលម៉ា ២៦:៣០ ។

  25. សូម​មើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១:៣២ ។

  26. សូមមើល អាលម៉ា ២៤:៨–១០ ។

  27. សូមមើល រ៉ូប៊ឺត អិល មិល្លិត Becoming New: A Doctrinal Commentary on the Writings of Paul ( ឆ្នាំ២០២២ ) ទំព័រ ២៦ ។

  28. ស៊ី អេស ល្វីស The Magician’s Nephew ( ឆ្នាំ១៩៥៥ ) ទំព័រ ១៨៥ ។

  29. សូមមើល ម៉ូសាយ ៤:៦–៩ ។

  30. សូមមើល អាលម៉ា ១២:៩–១០; ២៦:២២; នីហ្វៃទី៣ ២៦:៩ ។

  31. « ផ្លូវ​នៃ​សេចក្តី​សញ្ញា​គឺ​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ » ( រ័សុល អិម ណិលសុន « សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » ទំព័រ ១១ សូមមើល​ផងដែរ​កំណត់ចំណាំ ២, ៣, នៅក្នុង​សារលិខិត​នេះ ) ។

  32. សូមមើល អាលម៉ា ២៤:១៧–១៩ ។

  33. សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៧:១០ ។

  34. សូម​មើល យ៉ាកុប ៤:១៣ ។ « អ្នកទាំងឡាយ​ដែល​ពុំ​មើល​ឃើញ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួននឹង​ពុំ​រីកចម្រើន​ទេ ។ ការ​ដឹង​ពី​ភាព​ទន់ខ្សោយ​របស់​បងប្អូនគឺ​ជា​ពរជ័យ​មួយ ​​វា​នឹង​ជួយ​បងប្អូន​បន្ដ​មានភាព​រាបសារ ហើយ​បន្ដ​ងាក​ទៅ​រក​ព្រះអង្គសង្គ្រោះ ។ ព្រះវិញ្ញាណ​ពុំ​គ្រាន់តែ​លួងលោម​ចិត្ត​បងប្អូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​ជា​ភ្នាក់ងារ​ដែល​ដង្វាយធួន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ធម្មជាតិ​ក្នុង​ខ្លួន​បងប្អូន​ដែរ ។ បន្ទាប់​មក​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ » ( « My Peace I Leave with You » លីអាហូណា ខែឧសភា ឆ្នាំ២០១៧ ទំព័រ ១៦ ) ។

  35. រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៦៨ ។

  36. « អ្វីៗ​គ្រប់យ៉ាង​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​តាមរយៈ​ការណែនាំ និង​តាមរយៈ​ព្រះវិញ្ញាណ នឹង​បង្កើន​ការយល់​ដឹង​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​ទាំងឡាយ​របស់ទ្រង់​ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ តាមរយៈ​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព ។ បន្ទាប់​មក នៅពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ព្រះចេស្ដា​នៃ​ការព្យាបាល ព្រះចេស្ដា​នៃ​ការពង្រឹង របស់​ទ្រង់ មក​ដល់​យើង ។ ហើយ​យើង​នឹង​ត្រូវការ​ព្រះចេស្តា​របស់​ទ្រង់​សម្រាប់​ថ្ងៃ​ខាង​មុខ​កាន់​តែ​ខ្លាំង » ( រ័សុល អិម ណិលសុន « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៩៣–៩៤ ) ។

  37. នីហ្វៃទី៣ ៩:២១ ។

  38. នីហ្វៃទី៣ ៩:១៤ ។

  39. សូមមើល Erik Dewar « Come Find His Rest » ( ចម្រៀង ឆ្នាំ២០២៤ ); សូមមើល​ផងដែរ ម៉ាថាយ ១១:២៨–៣០. ។

  40. សូមមើល ចោទិយកថា ៣០:២០; យ៉ូហាន ១១:២៥; អេធើរ ៣:១៤; គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦, ១៣ ។

  41. « បង​ប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​នេះ​ជា​ការសន្យា​របស់​ខ្ញុំ ។ គ្មាន​អ្វី​នឹង​ជួយ​បងប្អូន ច្រើនជាង ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​តាម​ដែល​កាលៈទេសៈ​របស់​បងប្អូន​អនុញ្ញាត​ឲ្យ ដើម្បី​កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច​នោះទេ ។ គ្មាន​អ្វី​ដែល​នឹង​ការពារ​បងប្អូន ពេល​ដែល​បងប្អូន​ជួប​នឹង​ភាពងងឹត​នៃ​ពិភពលោក ជាង នេះ​នោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​ពង្រឹង​ទីបន្ទាល់​បងប្អូន​អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ឬ​ជួយ​បងប្អូន​ឲ្យ​យល់​ពី​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ ជាងនេះ​នោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​បងប្អូន​ធូរស្រាល​ក្នុង​អំឡុង​ពេល​ឈឺចាប់ ជាង នេះនោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​បើក​ស្ថានសួគ៌ ជាងនេះនោះ​ទេ ។ គ្មាន​ទាល់តែ​សោះ ! » ( រ័សុល អិម ណិលសុន « រីករាយ​នៅក្នុង​អំណោយទាន​នៃ​កូនសោ​បព្វជិតភាព » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១២២ ) ។

  42. សូមមើល រ័សុល អិម ណិលសុន « សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » ទំព័រ ៥ ។

  43. សូមមើល រ័សុល អិម ណិលសុន « ចម្លើយ​គឺ​ព្រះយេស៊ូវ​ជានិច្ច » ទំព័រ ១២៧ សូមមើល​ផងដែរ​កំណត់​ចំណាំ ១៤ នៅក្នុង​សារលិខិត​នេះ ។

  44. ឌី ថត គ្រីស្តូហ្វឺសិន « The Divine Gift of Repentance » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ ៣៩ ។

  45. ម៉ូសេ ៥:១១ ។

  46. សូមមើល នីហ្វៃ​ទី​២ ២:២៦–២៨