សន្និសីទទូទៅ
មិន​ប៉ុន្មាន​ឆ្នាំ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


16:16

មិន​ប៉ុន្មាន​ឆ្នាំ

ប្រសិនបើ​យើង​ពុំ​ស្មោះត្រង់ ហើយ​គោរព​ប្រតិបត្តិទេ នោះ​យើង​អាច​ផ្លាស់ប្រែ​ពរជ័យ​ដែល​ព្រះប្រទាន​ឲ្យ​ដើម្បី​មាន​ភាព​ចម្រុងចម្រើន​នោះ ទៅ​ជា​បណ្ដាសា​នៃភាព​ឆ្មើងឆ្មៃដែល​បង្វែរ និង​រំខាន​យើង ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់ខ្ញុំ កាល​ខ្ញុំ​អង្គុយ​នៅលើ​វេទិកា​នា​ថ្ងៃនេះ ខ្ញុំ​បាន​សម្លឹង​មើល​មជ្ឈមណ្ឌល​សន្និសីទ​នេះ​ពេញទៅ​ដោយ​សមាជិក​ចំនួន​បីដង​ហើយ ដែល​ជាលើក​ដំបូង​ចាប់តាំងពី​ជំងឺ​កូវីដ ។ បងប្អូន​គឺជា​សិស្ស​ដ៏​លះបង់​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​បំណង​ចង់​រៀន​ពិតប្រាកដ ។ ខ្ញុំ​សូម​សរសើរ​បងប្អូន​ចំពោះ​ភាពស្មោះត្រង់​របស់បងប្អូន ។ ហើយ​ខ្ញុំ​ស្រឡាញ់​បងប្អូន ។

អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បម្រើ​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចាប់ពីខែ​វិច្ឆិកា ឆ្នាំ​១៩៨៥ ដល់​ខែ​ឧសភា ឆ្នាំ១៩៩៤ ។ ខ្ញុំ​មាន​អាយ ៣៣ឆ្នាំ ​នៅពេលប្រធាន​ប៊ែនសឹន​បាន​ក្លាយជា​ប្រធាន​នៃ​សាសនាចក្រ ហើយ​ខ្ញុំ​មាន​អាយ ៤២ឆ្នាំ​ នៅពេល​លោក​ទទួលមរណភាព ។ ការបង្រៀន និងទីបន្ទាល់​របស់​លោក​មាន​ឥទ្ធិពល​មកលើ​ខ្ញុំ​យ៉ាង​ខ្លាំង និង​ដ៏​មាន​អានុភាព ។

ចំនុច​សម្គាល់​មួយ​នៃ​ការងារ​បម្រើ​របស់​ប្រធាន​ប៊ែនសឹន គឺលោក​ផ្ដោត​ទៅលើ​គោលបំណង និង​សារៈសំខាន់​នៃ​ព្រះគម្ពីរមរមន ។ លោក​បាន​គូសបញ្ជាក់​ដដែលៗ​ថា ​« ព្រះគម្ពីរ​មរមន​គឺជា​មូលដ្ឋាន​នៃ​សាសនាចក្រ​របស់​យើង—ជា​មូលដ្ឋាន​នៃ​ទីបន្ទាល់​របស់​យើង ជាមូលដ្ឋាន​នៃ​គោលលទ្ធិ​របស់​យើង និង​ជា​មូលដ្ឋាន​សាក្សី​អំពីព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​របស់​យើង » ។ លោក​បាន​គូសបញ្ជាក់​ជាញឹកញាប់​​ផងដែរ​អំពី​ការបង្រៀន និងការព្រមាន​អំពី​អំពើបាប​នៃភាពឆ្មើងឆ្មៃ​ដែល​មាន​នៅក្នុង​សក្ខីបទ​អំពី​ព្រះយេស៊ូវគ្រីស្ទថ្ងៃចុងក្រោយ​នេះ​ ។

ការបង្រៀនជាក់លាក់មួយ​ដោយ​ប្រធានប៊ែនសឹន មានឥទ្ធិពល​យ៉ាង​ខ្លាំង​មកលើ​ខ្ញុំ ហើយ​បន្ដ​មានឥទ្ធិពល​មកលើ​ការសិក្សា​ព្រះគម្ពីរមរមន​របស់​ខ្ញុំ ។ លោក​បានថ្លែង​ថា ៖

« ព្រះគម្ពីរ​មរមន … ត្រូវបាន​សរសេរ​ឡើង​សម្រាប់​ជំនាន់​របស់​យើង ។ ពួកសាសន៍​នីហ្វៃ​ពុំធ្លាប់​មាន​ព្រះគម្ពីរ​នេះ​ឡើយ ពួក​សាសន៍​លេមិន​ពី​ជំនាន់​បុរាណ​ក៏​គ្មាន​ដែរ ។ វា​គឺ​សម្រាប់​យើង ។ មរមន​បាន​សរសេរ​ជិត​ចុង​បញ្ចប់​នៃ​អារ្យធម៌​សាសន៍​នីហ្វៃ ។ នៅក្រោម​ការបំផុសគំនិត​របស់​ព្រះ ដែលទ្រង់​ទតឃើញ​គ្រប់​ការណ៍​ទាំងអស់​ចាប់តាំង​ពីដើម​ដំបូង​មក នោះ​[ មរមន ]​បាន​សង្ខេប​កំណត់ត្រា​ដែល​មាន​រាប់​សតវត្សរ៍ ជ្រើសរើស​ដំណើររឿង ពាក្យពេចន៍ និង​ហេតុការណ៍​ទាំងឡាយ ដែលនឹង​ជាប្រយោជន៍​ដ៏​ធំ​បំផុត​​សម្រាប់​យើង ។

ប្រធានប៊ែនសឹន​បន្តថា « អ្នកកត់ត្រា​ព្រះគម្ពីរ​មរមន​ម្នាក់ៗ បាន​ធ្វើ​ទីបន្ទាល់​ថា លោកកត់ត្រា​សម្រាប់​ជំនាន់​​នា​ពេល​អនាគត ។… ប្រសិនបើ​ពួកលោក​បាន​មើលឃើញ​ជំនាន់​របស់យើង ហើយ​ជ្រើសរើស​អ្វីៗទាំងនោះ ដែលមាន​សារៈសំខាន់​បំផុតសម្រាប់​ពួកយើង តើនោះ​មិនមែន​ជារបៀប​ដែល​ពួកយើង​គួរសិក្សា​ព្រះគម្ពីរ​មរមន​ទេឬអី ? យើង​គួរតែ​សួរ​ខ្លួនឯង​ជានិច្ច​ថា « ហេតុអ្វី​បានជា​ព្រះអម្ចាស់​បំផុសឲ្យ​មរមន…ដាក់បញ្ចូល​[ ដំណើររឿង​នេះ ]​នៅក្នុង​បញ្ជី​របស់​លោកដូច្នេះ ? តើ​មានមេរៀន​អ្វី​ខ្លះ ​ដែល​ខ្ញុំ​អាចរៀន​ចេញពី​​[ ការដាស់តឿន​នេះ ]​ដើម្បី​​ជួយ​ខ្ញុំ​រស់នៅ​ក្នុង​ជំនាន់នេះ និងសម័យកាល​នេះ ? › »

សេចក្ដីថ្លែង​របស់​ប្រធាន​ប៊ែនសឹន ​ជួយ​ពួកយើង​ឲ្យ​យល់​ថា​ព្រះគម្ពីរមរមន​ពុំ​មែន​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​​ដែល​មើល​ទៅ​អតីតកាលជា​ចម្បង​នោះទេ ។ ប៉ុន្តែ​គម្ពីរ​នេះ​មើលទៅ​អនាគត ហើយ​មាន​គោលការណ៍​សំខាន់ៗ ការព្រមាន និងមេរៀន​ដែល​ត្រូវ​ចំ​ស្ថានភាព និង​បញ្ហា​នៃ​ជំនាន់​របស់​យើង ។ ម្ល៉ោះហើយ ព្រះគម្ពីរ​មរមន​គឺ​ជា​គម្ពីរ​មួយ​អំពី​អនាគត​របស់​យើង និង​គ្រា​ដែល​យើង​រស់នៅ​ពេលនេះ និង​នៅពេល​ខាងមុខ ។

ខ្ញុំ​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះវិញ្ញាណបរិសុទ្ធ កាល​យើង​​គិតឥឡូវនេះ​ថា​មេរៀន​ដែលទាក់ទង​នឹង​យើង​សព្វថ្ងៃនេះ​គឺ​ចេញមកពី​គម្ពីរ​ហេលេមិន​នៅក្នុង​ព្រះគម្ពីរមរមន ។

ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន

កំណត់ត្រា​របស់​ហេលេមិន និង​កូនៗ​របស់​គាត់​ពិពណ៌នា​អំពី​ប្រជាជន​​មួយ​ដែល​រំពឹង​ចាំ​ការប្រសូត្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅពាក់កណ្ដាល​សតវត្សរ៍ដែល​បាន​រៀបរាប់ឡើងវិញ​នៅក្នុង​កំណត់ត្រា​ព្រះគម្ពីរ បានគូស​បង្ហាញ​ពី​ការផ្លាស់ប្រែចិត្តជឿ និង​សេចក្ដី​សុចរិត​របស់សាសន៍លេមិន និង​សេចក្ដីទុច្ចរិត ការក្បត់សាសនា និង​អំពើគួរខ្ពើមឆ្អើម​របស់​ពួកសាសន៍​នីហ្វៃ ។​

មាន​ការប្រៀបធៀប និង​ការផ្ទុយ​រវាង​ពួកសាសន៍​នីហ្វៃ និង​សាសន៍​លេមិន​នៅក្នុង​កំណត់ត្រា​បុរាណនេះ គឺ​ជា​ការណែនាំល្អបំផុត​ចំពោះ​ជំនាន់​របស់​យើង​សព្វថ្ងៃនេះ ។

« ​ពួក​សាសន៍​លេមិន បាន​ក្លាយ​ទៅ​ជា​ប្រជាជន​សុចរិត ដរាប​ដល់​សេចក្ដី​សុចរិត​របស់​គេ បាន​លើស​សេចក្ដី​សុចរិត​របស់​ពួក​សាសន៍​នីហ្វៃ ដោយសារ​ការរឹងប៉ឹង​របស់​គេ និង​ការ​ខ្ជាប់​ខ្ជួន​របស់​គេ​នៅ​ក្នុង​សេចក្ដី​ជំនឿ ។

« [ ហើយ​ ] មាន​សាសន៍​នីហ្វៃ​ជា​ច្រើន ដែល​បាន​ក្លាយ​ទៅ​ជា​រឹងទទឹង និង​មិន​ប្រែ​ចិត្ត ហើយ​អាក្រក់​ក្រៃលែង ដរាប​ដល់​ពួក​គេ​បាន​បដិសេធ​ព្រះ​បន្ទូល​នៃ​ព្រះ និង​ការ​ផ្សាយ និង​ការ​ព្យាករណ៍​ទាំង​អស់ ដែល​បាន​មក​នៅ​ក្នុង​ចំណោម​ពួក​គេ » ។

« ម្ល៉ោះ​ហើយ យើង​ឃើញ​ថា ពួក​សាសន៍​នីហ្វៃ​បាន​ចាប់​ផ្ដើម​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ ហើយ​ដុះ​ឡើង​ក្នុង​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ នៅ​ពេល​ដែល​ពួក​សាសន៍​លេមិន​បាន​ចាប់​ផ្ដើម​ដុះ​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​ចេះ​ដឹង​អំពី​ព្រះ​របស់​ពួក​គេ មែន​ហើយ ពួក​គេ​បាន​ចាប់​ផ្ដើម​រក្សា​ក្រឹត្យ​វិន័យ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​បាន​ដើរ​នៅ​ក្នុង​សេចក្ដី​ពិត និង​សេចក្ដី​ស្មោះត្រង់​ចំពោះ​ទ្រង់ ។

« ម្ល៉ោះ​ហើយ យើង​ឃើញ​ថា ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ទ្រង់​បាន​ចាប់​ផ្ដើម​ដកថយ​ពី​ពួក​សាសន៍​នីហ្វៃ ដោយ​សារ​អំពើ​ទុច្ចរិត និង​ភាព​រឹងរូស​នៃ​ចិត្ត​របស់​គេ ។

« ម្ល៉ោះ​ហើយ យើង​ឃើញ​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​ចាប់​ផ្ដើម​ស្រោច​ព្រះ​វិញ្ញាណ​ទ្រង់​ទៅ​លើ​ពួក​សាសន៍​លេមិន ដោយ​ព្រោះ​ភាព​ស្លូតបូត និង​ឆន្ទៈ​របស់​គេ​នៅ​ក្នុង​ការ​ជឿ​ដល់​ព្រះ​បន្ទូល​របស់​ទ្រង់ ។ »

ប្រហែលជា​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​សោកសៅ​បំផុត​ដែល​ពួកសាសន៍​នីហ្វៃ​ធ្លាក់​ទៅក្នុង​ការក្បត់សាសនា​គឺជា « អំពើ​ទុច្ចរិត​ទាំង​អស់​នេះ បាន​មក​ដល់​ពួក​គេ ក្នុង​រយៈ​ពេល​មិន​ច្រើន​ឆ្នាំ​ទេ » ។

ពួកសាសន៍​នីហ្វៃ​បាន​ងាកចេញ​ពី​ព្រះ

តើ​ពួកសាសន៍​សុចរិត​មួយ​អាច​ក្លាយ​ទៅជា​សាសន៍​ដែល​មាន​ចិត្តរឹងរូស និង​ទុច្ចរិត​នៅក្នុង​រយៈពេល​ដ៏​ខ្លី​មួយ​ដោយ​របៀបណា ? តើ​ប្រជាជន​អាច​ឆាប់​ភ្លេច​ព្រះ​ដែល​បាន​ប្រទានពរ​ដល់​ពួកគេ​យ៉ាង​បរិបូរណ៍​ដោយ​របៀបណា ?

គំរូ​អវិជ្ជមាន​របស់​ពួក​សាសន៍​នីហ្វៃ​បាន​បង្រៀន​យើង​នៅ​សព្វថ្ងៃនេះ​តាម​របៀប​ដ៏​មាន​អានុភាព និង​អស្ចារ្យ​មួយ ។

« ការ​ឆ្មើងឆ្មៃ​បាន​ចាប់ផ្ដើម​ចូល​ទៅក្នុង…ដួងចិត្ត​នៃ​ប្រជាជន​ដែល​ប្រកាស​ខ្លួន​ថា​នៅក្នុង​សាសនាចក្រ​នៃ​ព្រះ…ហើយនេះ​គឺមកពី​សម្បត្តិ​ទ្រព្យ​ដ៏​ច្រើន​លើសលប់​របស់​គេ និង​ការចម្រុងចម្រើន​របស់​គេ​នៅលើ​ដែនដី » ។

« ដួងចិត្ត​[ ពួកគេ ]​បាន​ភ្ជាប់​ទៅលើ​ទ្រព្យសម្បត្តិ និង​វត្ថុទាំងឡាយ​[ របស់​ពួកគេ ]​ដែល​ឥត​ប្រយោជន៍​នៃ​លោកិយ​នេះ » ដោយ​សារ​ការ​ឆ្មើងឆ្មៃ ដែល​[ ពួកគេ ]​បាន​ទុក​ឲ្យ​ចូល​ក្នុង​ចិត្ត​[ របស់​ពួកគេ ]​ដែល​បាន​លើក​[ ពួកគេ ]​ឡើង​ផុត​ពី​អ្វីៗ​ដែល​ល្អ ដោយ​ព្រោះ​ទ្រព្យសម្បត្តិ​ដ៏​ស្ដុកស្ដម្ភ​[ របស់​ពួកគេ ] ! »

សំឡេង​ពី​បុរាណ​ចេញ​មកពី​ធូលីដី​សុំ​អង្វរ​ឲ្យ​យើង​សព្វថ្ងៃនេះ​រៀន​មេរៀន​ដ៏​គ្មាន​ទីបញ្ចប់​នេះ​ថា ៖ ភាព​ចម្រុងចម្រើន ទ្រព្យសម្បត្តិ និង​ភាពងាយស្រួល បង្កើត​ជា​ល្បាយ​ដ៏​ខ្លាំងក្លា​មួយ ដែល​អាច​ដឹកនាំ​មនុស្ស​សុចរិត​ឲ្យ​ផឹក​នូវ​ថ្នាំពុល​ខាងវិញ្ញាណ​នៃ​ភាព​ឆ្មើងឆ្មៃ​បាន ។

ការ​អនុញ្ញាត​ឲ្យ​ភាព​ឆ្មើង​ឆ្មៃ​ចូល​ទៅ​ក្នុង​ដួងចិត្ត​របស់​យើង អាច​បណ្ដាល​ឲ្យ​យើង​ចំអក​ដល់​អ្វី​ដែល​ពិសិដ្ឋ​ ការមិនជឿ​ទៅលើ​ព្រះវិញ្ញាណ​នៃ​ការព្យាករណ៍ និង​វិវរណៈ ការ​ឈាន់ឈ្លី​បទបញ្ញត្តិ​របស់​ព្រះ​នៅក្រោម​ជើង បដិសេធ​ព្រះបន្ទូល​នៃ​ព្រះ ការបណ្ដេញ​ចេញ ការចំអក ហើយ​នឹង​ការ​ជេរប្រមាថ​ដល់​ពួក​ព្យាការី និង​ការភ្លេច​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង ព្រមទាំង « ពុំមានបំណងចង់​ឲ្យ​ព្រះអម្ចាស់​ជា​ព្រះ​[ របស់​យើង ]​ដែល​បាន​បង្កើត​[ យើង ] មកគ្រប់​គ្រង និង​អភិបាល​លើ​​[ ពួកយើង ] » ។

ហេតុដូច្នេះហើយ ប្រសិនបើ​យើង​ពុំ​ស្មោះត្រង់ ហើយ​គោរព​ប្រតិបត្តិទេ នោះ​យើង​អាច​ផ្លាស់ប្រែ​ពរជ័យ​ដែល​ព្រះប្រទាន​ឲ្យ​ដើម្បី​មាន​ភាព​ចម្រុងចម្រើន​នោះ ទៅ​ជា​បណ្ដាសា​នៃភាព​ឆ្មើងឆ្មៃដែល​បង្វែរ និង​រំខាន​យើង​ពី​ភាព​ចម្រុង​ចម្រើន​ខាង​វិញ្ញាណ​ដ៏ពិត និង​សំខាន់​វិញ ។ យើង​ត្រូវតែ​ចាំយាម​ទប់ទល់​នឹង​អារម្មណ៍​ដែល​ជម្រុញ​ឲ្យ​មាន​ភាពឆ្មើងឆ្មៃ និង​បំភ្លើស​ឲ្យ​គិត​ថា​ខ្លួន​ឯង​សំខាន់ វាយ​តម្លៃ​ខុសឆ្គង​អំពី​ភាព​គ្រប់គ្រាន់​ផ្ទាល់ខ្លួនរបស់​យើង ហើយ​ស្វែងរក​សម្រាប់​តែ​ខ្លួនឯង មិន​បម្រើ​ដល់​អ្នកដទៃ ។

នៅពេល​យើង​ផ្ដោត​ទៅលើ​ខ្លួន​ឯង​ដោយ​អំនួត នោះ​យើង​ក៏​ត្រូវ​ទទួលរង​នូវ​ភាពខ្វាក់​ខាង​វិញ្ញាណ ហើយ​ខកខាន​នូវ​អ្វីៗ​ដែលកំពុង​កើតឡើង​នៅក្នុង​ខ្លួន និង​ជុំវិញ​យើង​យ៉ាង​ច្រើន ភាគច្រើន​ផងដែរ ។ យើង​មិន​អាច​មើល​ទៅ និង​ផ្ដោត​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ជា « សញ្ញា​សម្គាល់ » ​ទេ ប្រសិនបើ​យើង​មើលឃើញ​តែ​ខ្លួន​យើង​នោះ ។

សេចក្ដីខ្វាក់​ខាងវិញ្ញាណ​នោះ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​ងាកចេញ​ពី​ផ្លូវ​សុចរិត ធ្លាក់ចូល​ទៅ​ក្នុង​ផ្លូវហាមឃាត់ ហើយ​វង្វេង​បាត់ ។ នៅពេល​យើង « បែរងាក​ចេញ​ពី​ផ្លូវ​[ របស់​យើង ] » ដោយ​ងងឹតងងល់​ ហើយ​ដើរតាម​ផ្លូវ​បំផ្លិចបំផ្លាញ នោះ​យើង​មាន​ទំនោរ​ពឹងផ្អែក​ទៅលើ​ការយល់ដឹង​ផ្ទាល់ខ្លួន អួតអាង​ទៅលើ​កម្លាំង​ផ្ទាល់ខ្លួន​ ហើយ​ពឹង​ទៅលើ​ប្រាជ្ញា​របស់​យើង​ផ្ទាល់ ។

សាំយូអែល​ជា​សាសន៍​លេមិន បាន​សង្ខេប​យ៉ាង​ខ្លី​អំពី​ការ​ងាក​ចេញ​ពី​ព្រះ​របស់​សាសន៍​នីហ្វៃ​ថា « អ្នក​រាល់​គ្នា​បាន​ស្វែងរក​នៅ​ក្នុង​ថ្ងៃ​ទាំង​អស់​នៃ​ជីវិត​របស់​អ្នក នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ពុំ​អាច​យ​ក​បាន ហើយ​អ្នក​រាល់​គ្នា​បាន​ស្វែង​រក​សុភមង្គល ដោយ​ធ្វើ​អំពើ​ទុច្ចរិត ដែល​ជា​ការ​ផ្ទុយ​នឹង​ធម្មជាតិ​នៃ​សេចក្ដី​សុចរិត​នោះ ដែល​មាន​នៅ​ក្នុង​អ្នក​ត្រួតត្រា​ដ៏​មហិមា និង​ដ៏​គង់នៅ​អស់​កល្ប​ជានិច្ច​នៃ​យើង ។ »

ព្យាការី​មរមន​បាន​សង្កេត​ឃើញ​ថា « មនុស្ស​ភាគច្រើន​[ ស្ថិតនៅ​ក្នុង ]​ភាព​ឆ្មើងឆ្មៃ និង​សេចក្ដី​ទុច្ចរិត​នៅ​ឡើយ ឯ​មនុស្ស​ភាគតិច​[ ដើរ ]​យ៉ាង​ត្រង់​ត​ទៅ​ចំពោះ​ព្រះ » ។

សាសន៍​លេមិន​ងាក​ទៅ​រក​ព្រះ

នៅក្នុង​គម្ពីរ​ហេលមិន ការរីកចម្រើន​នៅក្នុង​សេចក្ដីសុចរិត​របស់​ពួក​សាសន៍​លេមិន គឺ​មាន​ភាពផ្ទុយ​ស្រឡះ​នឹង​ការធ្លាក់ចុះ​ខាង​វិញ្ញាណ​យ៉ាង​លឿន​របស់​ពួកសាសន៍​នីហ្វៃ ។

ពួកសាសន៍​លេមិន​បាន​ងាក​ទៅរក​ព្រះ ហើយ​ត្រូវបាន​នាំ​ទៅរក​ចំណេះដឹង​អំពី​សេចក្ដីពិត ដោយ​ការជឿ​ទៅលើ​ការ​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ និង​ពួកព្យាការី ហើយ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត​ពី​អំពើបាប ហើយ​ទទួល​បទពិសោធន៍​នៃ​ការ​ផ្លាស់ប្ដូរ​ដួងចិត្ត​ដ៏​ធំ​មួយ ។

« ហេតុ​ដូច្នេះ​ហើយ អស់​អ្នកណា​ដែល​បាន​ដល់​ថ្នាក់​នេះ អ្នក​រាល់​គ្នា​ក៏​បាន​ដឹង​ដោយ​ខ្លួន​ឯង​ថា គឺជា​ជន​រឹងប៉ឹង និង​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ និង​នៅ​ក្នុង​ការ​ដែល​នាំ​មក​ឲ្យ​គេ​នូវ​សេរីភាព » ។

« ពួក​គេ​ភាគច្រើន​ដើរ​តាម​គន្លង​នៃ​ករណីយកិច្ច [ របស់​សាសន៍លេមិន ] ហើយ​គេ​បាន​ដើរ​ដោយ​ប្រយ័ត្ន​ប្រយែង​នៅ​ចំពោះ​ព្រះ ហើយ​ពួក​គេ​ប្រតិបត្តិ​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ និង​ក្រឹត្យ​ក្រម​ទាំង​ឡាយ​របស់​ទ្រង់ និង​សេចក្ដី​យុត្តិធម៌​ទាំង​ឡាយ … ។

« …ពួក​គេ​ខ្នះខ្នែង​ព្យាយាម​ពុំ​ឈប់​ឈរ ដើម្បី​គេ​អាច​នាំ​បង​ប្អូន​របស់​គេ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ឲ្យ​ស្គាល់​សេចក្ដី​ពិត » ។

ជាលទ្ធផល « សេចក្ដី​សុចរិត​របស់​[ សាសន៍​លេមិន ]​បាន​លើស​សេចក្ដី​សុចរិត​របស់​ពួក​សាសន៍​នីហ្វៃ ដោយ​សារ​ការ​រឹងប៉ឹង​របស់​គេ និង​ការ​ខ្ជាប់ខ្ជួន​របស់​គេ​នៅ​ក្នុង​សេចក្ដី​ជំនឿ » ។

ការព្រមាន និង​ការសន្យា

មរ៉ូណៃ​បាន​ប្រកាស​ថា « មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ​ដល់​ខ្ញុំ​នូវ​ការណ៍​ដ៏​ធំ ហើយ​អស្ចារ្យ​ទាំង​ឡាយ​អំពី​អ្វី​ដែល​ត្រូវ​មក​ដល់​នៅ​ពេល​យ៉ាង​ខ្លី នៅ​ក្នុង​ថ្ងៃ​ដែល​ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​ចំណោម​ពួក​អ្នក ។

« មើល​ចុះ ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហាក់​បី​ដូច​ជា​អ្នក​រាល់​គ្នា​នៅ​ទី​នេះ ប៉ុន្តែ​អ្នក​រាល់​គ្នា​ពុំ​នៅ​ទី​នេះ​ទេ ។ ប៉ុន្តែ​មើលចុះ ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​បង្ហាញ​អ្នក​រាល់គ្នា​ដល់​ខ្ញុំ ហើយ​ខ្ញុំដឹង​នូវ​អ្វីៗ​ដែល​អ្នករាល់​គ្នា​ធ្វើ » ។

សូម​ចងចាំ​ថា​ព្រះគម្ពីរ​មរមន​សម្លឹងមើលទៅ​អនាគត ហើយ​មាន​គោលការណ៍​សំខាន់ៗ ការព្រមាន និងមេរៀន​ដែល​ត្រូវ​ចំ​ស្ថានភាព និង​បញ្ហា​របស់​ខ្ញុំ និង​មនុស្ស​ក្នុង​ជំនាន់​របស់​យើង​សព្វថ្ងៃ​នេះ ។

ការក្បត់សាសនា​អាច​កើត​ឡើង​ក្នុង​កម្រិត​មូលដ្ឋាន​ពីរ​គឺ—ជា​លក្ខណៈ​ស្ថាប័ន និង​បុគ្គល ។ នៅកម្រិត​ស្ថាប័ន សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នឹង​ពុំត្រូវ​វង្វេង​ដោយ​ព្រោះ​ការ​ក្បត់សាសនា ឬត្រូវ​ដកចេញ​ពីផែនដីឡើយ ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា ៖ « បទដ្ឋាន​នៃ​សេចក្តី​ពិត​ត្រូវបាន​បង្កើត​ឡើង គ្មាន​ដៃ​ដែល​មិន​បរិសុទ្ធ​អាច​បញ្ឈប់​ការងារ​មិន​ឲ្យ​រីកចម្រើន​បាន​ឡើយ ។… សេចក្ដី​ពិត​នៃ​ព្រះ​នឹង​ឆ្ពោះ​ទៅមុខ​ដោយ​ក្លៀវក្លា ថ្លៃថ្នូរ និង​ឯករាជ្យ​រហូត​ទាល់តែ​វា​បាន​ដល់​គ្រប់​ទាំងទ្វីប គ្រប់​តំបន់ គ្រប់​ប្រទេស និង បាន​ឮ​ដល់​គ្រប់​ត្រចៀក​រហូតដល់​គោលបំណង​នៃ​ព្រះ​នឹង​បាន​សម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​មហិមា​នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​សព្វគ្រប់​ហើយ » ។

នៅ​កម្រិត​ជា​លក្ខណៈបុគ្គល យើង​ម្នាក់ៗ​ត្រូវតែ « ប្រយ័ត្នពីសេចក្តីឆ្មើង​ឆ្មៃ ក្រែង​[ យើង ]​ក្លាយទៅ​ដូចជា​ពួកសាសន៍​នីហ្វៃ​ពីបុរាណ » ។

ខ្ញុំ​សូម​ផ្ដល់​យោបល់​ថា ប្រសិនបើ​អ្នក ឬ​ខ្ញុំ​ជឿ​ថា​យើង​រឹងប៉ឹង និងមាំមួន​គ្រប់គ្រាន់​ដើម្បី​ចៀសពី​ភាពល្ងង់ខ្លៅ​នៃ​ភាព​ឆ្មើងឆ្មៃ នោះ​ប្រហែលជា​យើង​កំពុងរងទុក្ខ​ដោយ​សារជំងឺ​ដែល​អាច​ស្លាប់​ខាង​វិញ្ញាណ​ហើយ ។ គ្រាន់តែ​ថ្លែង​ដោយ​សាមញ្ញ​ថា ប្រសិនបើ​អ្នក ឬ្​ខ្ញុំ​ពុំ​ជឿ​ថា​យើង​អាច​រងទុក្ខ​ជាមួយ និង​ដោយសារ​ភាពឆ្មើងឆ្មៃទេ នោះ​យើង​ងាយ​រងគ្រោះ និង​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​ខាងវិញ្ញាណ​ហើយ ។ ក្នុង​រយៈពេល​មិន​ច្រើន​ថ្ងៃ មិនច្រើន​សប្ដាហ៍ ខែ ឬ​ឆ្នាំ​ទេ នោះ​យើង​អាច​ត្រូវ​បាត់បង់​នូវ​មរតក​ពី​កំណើត​ខាងវិញ្ញាណ​របស់​យើង​សម្រាប់​អ្វី​ដែល​មិន​សូវ​សំខាន់ ។

ទោះជា​យ៉ាងណា ប្រសិនបើ​អ្នក ឬ​ខ្ញុំ​ជឿ​ថា​យើង​អាច​រងទុក្ខ​ជាមួយ និង​ដោយសារ​ភាព​ឆ្មើងឆ្មៃ នោះ​យើង​នឹង​ធ្វើ​នូវ​រឿង​តូចៗ​សាមញ្ញៗ​ដោយ​ខ្ជាប់ខ្ជួន ដែល​នឹង​ការពារ និង​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ « ជា​កូន​ក្មេង ងាយ​ប្រដៅ ស្លូតបូត ទាប​រាបសា អត់ឱន ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទទួល​នូវ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​អម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អ​[ ចំពោះ​យើង ] » ។ « មាន​ពរ​ហើយ​ដល់​ពួក​អ្នក​ណា ដែល​បាន​បន្ទាប​ខ្លួន​ដោយ​ពុំ​បាច់​គេ​បង្ខំ » ។

នៅពេល​យើង​ធ្វើ​តាម​ការទូន្មាន​របស់​ប្រធាន​ប៊ែនសឹន ហើយ​សួរ​ខ្លួន​យើង​ថា​ហេតុអ្វី​ព្រះអម្ចាស់​បំផុសគំនិត​ដល់​មរមន​ឲ្យ​ដាក់​បញ្ចូល​ការសង្ខេប​របស់​លោក​អំពី​ព្រះគម្ពីរ​ហេលេមិន​នូវ​ដំណើររឿង ការព្រមាន​ដាស់​តឿន និង​ការព្រមាន​ដែល​លោក​បាន​ធ្វើនោះ ។ ខ្ញុំ​សូម​សន្យា​ថា យើង​នឹង​យល់ដឹង​អំពី​ការ​អនុវត្ត​នូវ​ការ​បង្រៀន​ទាំងនេះ​នៅក្នុង​ស្ថានភាព​ជាក់លាក់​ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ និង​ក្រុមគ្រួសារ​របស់​យើង​នា​បច្ចុប្បន្ន​នេះ ។ នៅពេល​យើង​សិក្សា និង​ពិចារណា​អំពិ​កំណត់ត្រា​ដ៏​បំផុសគំនិត​នេះ នោះ​យើង​នឹង​ទទួលបាន​ពរ​ឲ្យ​មានភ្នែក​ដែល​អាច​មើលឃើញ ត្រចៀក​អាច​ស្ដាប់ឮ គំនិតនិង​ដួងចិត្ត​ដែល​អាច​យល់ដឹង មេរៀន​ដែល​យើង​គួរតែ​រៀន​ដើម្បី « ចូរ​ប្រយ័ត្ន​អំពី​សេចក្ដី​ឆ្មើងឆ្មៃ ខ្លាចក្រែង​[ យើង​ធ្លាក់ ]​ទៅ​ក្នុង​សេចក្ដី​ល្បួង » ។

ខ្ញុំ​ធ្វើជា​សាក្សី​ដោយ​អំណរ​ថា ព្រះ​ដែល​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​គឺជា​ព្រះបិតា​របស់​យើង ។ ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រា​សំណប់តែមួយ​គត់​របស់​ព្រះ ។ ទ្រង់គឺជាព្រះអង្គសង្រ្គោះយើង។ ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ដើរដោយ​រាបសា​នៃ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ នោះ​យើង​នឹង​ចៀសផុត ហើយ​យកឈ្នះ​លើ​ភាព​ឆ្មើង​ឆ្មៃ ហើយ​មាន​ភាព​សុខសាន្ដ​នៅក្នុង​ទ្រង់ ។ ខ្ញុំ​ធ្វើជា​សាក្សី​នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។