ការស្វែងរកចម្លើយចំពោះសំណួរខាងវិញ្ញាណ
សំណួរដ៏ស្មោះរបស់យើងអំពីដំណឹងល្អ អាចផ្ដល់ឱកាសដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទឲ្យជួយយើងរីកចម្រើន ។
ខ្ញុំដឹងថាវាអាចជារឿងគួរឲ្យភ្ញាក់ផ្អើល ប៉ុន្ដែខ្ញុំនៅចាំគ្រាដែលយើងរៀននៅសាលា ថាមានភពចំនួនប្រាំបួនក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ។ មានភពមួយគឺជា ភពភ្លុយតុង ជាភពដែលបានដាក់ឈ្មោះដោយក្មេងស្រីអាយុ ១១ ឆ្នាំ ឈ្មោះថា វ៉េនេថៀ ប៊ឺនី មកពីទីក្រុងអកស៍ហ្វឺត ប្រទេសអង់គ្លេស បន្ទាប់ពីរុករកភពនេះឃើញនៅឆ្នាំ១៩៣០ ។ ហើយរហូតដល់ឆ្នាំ១៩៩២ ភពភ្លុយតុង ត្រូវបានគេជឿថាជាភពមួយដែលនៅឆ្ងាយជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ ។ អំឡុងពេលនេះ យើងនឹងឃើញរូបគំរូនៃភពនៅក្នុងប្រព័ន្ធព្រះអាទិត្យដែលធ្វើពីក្រដាសដាក់តាំងក្នុងថ្នាក់ និងការតាំងពិពណ៌វិទ្យាសាស្ដ្រ ហើយរូបគំរូទាំងនោះបង្ហាញពីទីតាំងរបស់ភពភ្លុយតុងនៅលើគន្លង ។ អ្នកវិទ្យាសាស្ដ្រជាច្រើនបានជឿថានៅក្រៅគន្លងប្រព័ន្ធព្រះអាទិត្យគឺមាននូវលំហ ។
តែសំណួរអំពីដើមកំណើតនៃផ្កាយដុះកន្ទុយមួយប្រភេទនេះដែលតារាវិទូបានតាមដានជាទៀងទាត់ នៅតែបន្ដមាននៅក្នុងសហគមន៍វិទ្យាសាស្ដ្រ ។ ហើយសំណួរនោះនៅតែមានអស់ជាច្រើនទសវត្សរ៍ ពីមុនការរកឃើញតំបន់ដាច់ស្រយាលមួយទៀតក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ។ ដោយសារតែចំណេះដឹងពួកគេនៅមានកម្រិត នោះពួកអ្នកវិទ្យាសាស្ដ្របានប្រើការរុករកជាច្រើនទសវត្សរ៍នោះមកបង្កើតនូវបច្ចេកវិទ្យាកម្រិតខ្ពស់ដ៏សំខាន់មួយដែលជួយដល់ការសិក្សា និងរុករកបន្ថែមទៀត ។ ការរកឃើញចុងក្រោយរបស់ពួកគេ បានកំណត់ពីតំបន់នៃភពរបស់យើងឡើងវិញ ហើយជាលទ្ធផលទីតាំងរបស់ភ្លុយតុង ត្រូវបានផ្លាស់ទៅតំបន់លំហថ្មីនេះ ហើយប្រព័ន្ធព្រះអាទិត្យរបស់យើងគឺមានតែភពចំនួនប្រាំបីប៉ុណ្ណោះ ។
អ្នកវិទ្យាសាស្ដ្រអំពីភពដែលល្បីឈ្មោះម្នាក់ និងអ្នកអង្កេតមើលដ៏សំខាន់ទៅលើបេសកកម្មលំហ New Horizons បានធ្វើការរុករកយ៉ាងលម្អិតអំពីភពភ្លុយតុង បាននិយាយអំពីបទពិសោធន៍នេះថា ៖ « យើងគិតថា យើងបានយល់ដឹងអំពីភូមិសាស្ដ្រនៃប្រព័ន្ធព្រះអាទិត្យរបស់យើង ។ តាមពិត មិនដូច្នោះទេ ។ យើងបានគិតថា យើងបានយល់អំពីចំនួនភពនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ។ ប៉ុន្ដែយើងបានគិតខុសហើយ » ។
អ្វីដែលខ្ញុំចាប់អារម្មណ៍ អំពីប្រវត្ដិនៃការរុករកក្នុងលំហនោះគឺភាពស្របគ្នាមួយចំនួន និងភាពខុសគ្នាសំខាន់ៗរវាងការព្យាយាមពង្រីកការពិសោធន៍ខាងវិទ្យាសាស្ដ្រ និងការធ្វើដំណើររបស់យើង ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ដើម្បីស្វែងរកចម្លើយចំពោះសំណួរខាងវិញ្ញាណ ។ ចំណុចជាក់លាក់មួយគឺរបៀបដែលយើងឆ្លើយតបទៅនឹងព្រំដែននៃការយល់ដឹងខាងវិញ្ញាណរបស់យើង និងការរៀបចំខ្លួនយើងសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួនបន្ទាប់ទៀត—និងកន្លែងដែលយើងបែរទៅរកជំនួយ ។
មួយបន្ទាត់ម្តងៗ
ការសួរសំណួរ និងការស្វែងរកអត្ថន័យគឺជាផ្នែកមួយនៃបទពិសោធន៍នៃជីវិតរមែងស្លាប់របស់យើងជាធម្មតាទេ ។ ជួនកាលការពុំមានចម្លើយពេញលេញអាចនាំយើងទៅកៀកនឹងការយល់ដឹង ហើយដែនកំណត់ទាំងនោះអាចធ្វើឲ្យមានអារម្មណ៍ធុញថប់ ឬលើសលប់ ។ វាអស្ចារ្យដែលផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌សម្រាប់យើងត្រូវបានរៀបចំឡើងដើម្បីជួយយើងរីកចម្រើន ទោះជាសមត្ថភាពរបស់យើងមានកម្រិត ហើយអាចសម្រេចនូវអ្វីដែលយើងពុំអាចសម្រេចបានដោយខ្លួនឯង ទោះជាយើងពុំមានចំណេះដឹងពេញលេញអំពីគ្រប់កិច្ចការទាំងអស់ ក្ដី ។ ផែនការរបស់ព្រះ គឺមានពេញដោយក្ដីមេត្តាចំពោះដែនកំណត់ជាមនុស្សរបស់យើង ផ្ដល់ព្រះអង្គសង្គ្រោះដល់យើងគឺ ព្រះយេស៊ូវគ្រីស្ទ ឲ្យធ្វើជាអ្នកគង្វាលល្អ ហើយបំផុសគំនិតយើងឲ្យប្រើសិទ្ធិជ្រើសរើស ដើម្បីជ្រើសរើសទ្រង់ ។
អែលឌើរ ឌៀរថើរ អេហ្វ អុជដូហ្វ បានបង្រៀនថា « ការសួរសំណួរពុំមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ » ផ្ទុយទៅវិញ « វាគឺជាចំណុចចាប់ផ្ដើមនៃការរីកចម្រើន » ។ ព្យាការីរបស់យើង ប្រធាន រ័សុល អិម ណិលសុន បានបង្រៀននៅក្នុងប្រសាសន៍អំពីការខិតខំផ្ទាល់ខ្លួនក្នុងនាមជាអ្នកស្វែងរកសេចក្ដីពិតថាយើងត្រូវតែមាន « បំណងប្រាថ្នាដ៏ជ្រាលជ្រៅ » ហើយ « ទូលសួរដោយចិត្ដស្មោះសរ[ និង ]ដោយស្មោះអស់ពីចិត្ដ ដោយមានសេចក្ដីជំនឿជឿដល់[ ព្រះយេស៊ូវ ]គ្រីស្ទ » ។ លោកបានបន្ដបង្រៀនថា « ‹ ដោយស្មោះអស់ពីចិត្ដ › មានន័យថាមនុស្សម្នាក់ ពិតជាចង់ ធ្វើតាមការណែនាំដ៏ទេវភាពដែលបានផ្ដល់ឲ្យ » ។
ការខិតខំផ្ទាល់ខ្លួនដើម្បីចម្រើននូវប្រាជ្ញាអាចនាំយើងឲ្យចេះពិនិត្យមើលសំណួរ ទោះជាស្មុគស្មាញ ឬស្រួលក្ដី ចេះថ្លឹងថ្លែងហេតុផល ស្វែងរក និងស្គាល់នូវលំនាំទាំងឡាយ បន្ទាប់មកបង្កើតបានជាដំណើររឿង បកស្រាយការយល់ដឹងរបស់យើង ហើយបំពេញចំណេះដឹងដែលយើងខ្វះខាត ។ នៅពេលយើងគិតអំពីការស្វែងរកចំណេះដឹងខាងវិញ្ញាណទោះជាដំណើរការដ៏ប្រុងប្រយ័ត្នទាំងនេះអាចនឹងមានប្រយោជន៍នៅពេលខ្លះក្ដី ក៏ការវាពុំគ្រប់គ្រាន់ដែរនៅពេលយើងស្វែងយល់នូវរឿងដែលទាក់ទងនឹងព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អរបស់ទ្រង់ទាំងទ្វេ សាសនាចក្ររបស់ទ្រង់ទាំងទ្វេ និងផែនការរបស់ទ្រង់ទាំងទ្វេមានសម្រាប់ពួកយើងដោយខ្លួនឯងនោះ ។
របៀបដែលព្រះជាព្រះវរបិតា និងព្រះរាជាបុត្រាទ្រង់ចែកចាយព្រះប្រាជ្ញាញាណទ្រង់ទាំងទ្វេមកកាន់យើង គឺផ្ដល់អាទិភាពលើការអញ្ជើញព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើជាគ្រូបង្រៀនផ្ទាល់ខ្លួនយើង ពេលយើងផ្ដោតលើព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិត ហើយស្វែងរកចម្លើយ និងអត្ថន័យរបស់ទ្រង់ទាំងទ្វេដោយស្មោះសរ ។ ទ្រង់ទាំងទ្វេអញ្ជើញយើងឲ្យរុករកសេចក្ដីពិតតាមរយៈការលះបង់ពេលវេលាដើម្បីសិក្សាព្រះគម្ពីរដ៏បរិសុទ្ធ និងការស្វែងរកសេចក្ដីពិតដែលបានបើកសម្ដែងនៅថ្ងៃចុងក្រោយសម្រាប់ជំនាន់យើង តាមរយៈការចែកចាយរបស់ពួកព្យាការី និងសាវកសម័យទំនើប ។ ទ្រង់ទាំងទ្វេសុំឲ្យយើងចំណាយពេលថ្វាយបង្គំជាទៀងទាត់នៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ ហើយលុតជង្គង់អធិស្ថាន « ដើម្បីទទួលព័ត៌មានពីស្ថានសួគ៌ » ។ ការសន្យារបស់ព្រះយេស៊ូវចំពោះអស់អ្នកមកស្ដាប់ទេសនកថានៅលើភ្នំរបស់ ទ្រង់គឺនៅតែពិតចំពោះយើងសព្វថ្ងៃនេះ ដូចជាពេលទ្រង់បម្រើនៅលើផែនដីដែរថា ៖ « ចូរសូមនោះតែងនឹងឲ្យមកអ្នក ចូររកនោះតែងនឹងឃើញ ចូរគោះនោះតែងនឹងបើកឲ្យអ្នក » ។ ព្រះអង្គសង្គ្រោះធានាដល់យើងថា « ព្រះវរបិតានៃអ្នកដែលទ្រង់គង់នៅស្ថានសួគ៌ទ្រង់[ នឹង ]ប្រទានរបស់ល្អ មកអស់អ្នកដែលសូមដល់ទ្រង់ » ។
វិធីសាស្ដ្របង្រៀនរបស់ព្រះអម្ចាស់គឺ « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ យើងអាចនឹងតម្រូវឲ្យ « សង្ឃឹមដល់ព្រះយេហូវ៉ា » នៅចន្លោះពេលដែលយើងយល់ដឹងបច្ចុប្បន្ននេះ និងពេលដែលនឹងប្រទានឲ្យ ។ ចន្លោះពេលដ៏ពិសិដ្ឋនេះអាចជាកន្លែងដែលកើតមានការរីកចម្រើនខាងវិញ្ញាណរបស់យើងដ៏អស្ចារ្យ—ជាកន្លែងដែលយើង « ទ្រាំដោយសេចក្ដីអត់ធ្មត់ » ក្នុងការស្វែងរកនិងទទួលកម្លាំងឡើងវិញ ដើម្បីបន្ដរក្សាការសន្យាដ៏ពិសិដ្ឋដែលយើងបានធ្វើចំពោះព្រះតាមរយៈសេចក្ដីសញ្ញា ។
ទំនាក់ទំនងនៃសេចក្ដីសញ្ញារបស់យើងជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ជាសញ្ញានៃភាពជារាស្ត្ររបស់យើងនៅក្នុងនគររបស់ព្រះ ។ ហើយដើម្បីរស់នៅទីនោះតម្រូវឲ្យយើងសម្របជីវិតទៅតាមគោលការណ៍ដ៏ទេវភាព ហើយខិតខំប្រឹងប្រែងដើម្បីរីកចម្រើនខាងវិញ្ញាណ ។
ការគោរពប្រតិបត្តិ
គោលការណ៍សំខាន់មួយដែលបានបង្រៀននៅពេញព្រះគម្ពីរមរមនគឺថានៅពេលបុត្រាបុត្រីរបស់ព្រះជ្រើសរើសបង្ហាញការគោរពប្រតិបត្ដិ និងរក្សាសេចក្ដីសញ្ញារបស់ពួកគេ នោះពួកគេទទួលបានការណែនាំ និងការដឹកនាំខាងវិញ្ញាណជាបន្ដបន្ទាប់ ។ ព្រះអម្ចាស់បានប្រាប់យើងថា តាមរយៈការគោរពប្រតិបត្ដិ និងការឧស្សាហ៍ព្យាយាមរបស់យើង នោះយើងអាចទទួលបាននូវចំណេះដឹង និងបញ្ញា ។ ក្រឹត្យវិន័យ និងបទបញ្ញាត្ដិទាំងឡាយរបស់ព្រះពុំបង្កើតឡើងដើម្បីធ្វើជាឧបសគ្គនៅក្នុងជីវិតយើងឡើយ ប៉ុន្ដែវាជាច្រកផ្លូវដ៏មានអានុភាពទៅកាន់វិវរណៈផ្ទាល់ខ្លួន និងការអប់រំខាងវិញ្ញាណ ។ ប្រធាន ណិលសុន បានបង្រៀនសេចក្ដីពិតដ៏សំខាន់នោះថា « វិវរណៈមកពីព្រះគឺតែងតែស្របគ្នានឹងច្បាប់ដ៏អស់កល្បរបស់ទ្រង់ជានិច្ច » ហើយលើសពីនោះ « វានឹងពុំផ្ទុយនឹងគោលលទ្ធិរបស់ទ្រង់ដែរ » ។ ការមានឆន្ទៈការគោរពតាមបទបញ្ញតិ្ដរបស់ព្រះ ទោះជាបងប្អូនពុំមានចំណេះពេញលេញអំពីហេតុផលរបស់ទ្រង់ក្ដីនោះបងប្អូនបានដាក់ខ្លួននៅជាមួយពួកព្យាការីរបស់ទ្រង់ ។ គម្ពីរម៉ូសេ ជំពូក ៥ បង្រៀនយើងអំពីការទំនាក់ទំនាក់ជាក់លាក់មួយរវាងលោកអ័ដាម និងទេវតានៃព្រះអម្ចាស់ ។
បន្ទាប់ពីព្រះអម្ចាស់បានប្រទានដល់លោកអ័ដាម និងនាងអេវ៉ា « នូវព្រះបញ្ញត្តិទាំងឡាយថា ពួកគេគប្បីថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់ពួកគេ ហើយគប្បីយកកូនសត្វច្បងនៃហ្វូងចៀមរបស់គេមកថ្វាយជាយញ្ញបូជាទាំងឡាយដល់ព្រះអម្ចាស់ » បទគម្ពីរចែងទៀតថា « អ័ដាមបាន គោរពតាម ព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ » ។ យើងអានបន្ដថា « ហើយជាច្រើនថ្ងៃកន្លងមក នោះមានទេវតាមួយពីព្រះអម្ចាស់បានលេចមកឲ្យលោកអ័ដាមឃើញ ដោយសួរថា ៖ ហេតុអ្វីបានជាអ្នកថ្វាយយញ្ញបូជាទាំងឡាយដល់ព្រះអម្ចាស់ ? ហើយអ័ដាមបានទូលតបទៅលោកថា ៖ ខ្ញុំមិនដឹងទេ លើកលែងតែព្រះអម្ចាស់ទ្រង់បញ្ជាខ្ញុំប៉ុណ្ណោះ » ។
ការគោរពប្រតិបត្ដិរបស់អ័ដាម ដើរមុន ចំណេះដឹងរបស់លោក ហើយ បានរៀបចំ លោកដើម្បីទទួលនូវ ចំណេះដឹងដ៏ពិសិដ្ឋ ដែលលោកបានទន្ទឹងរង់ចាំនៅក្នុង និមិត្ដសញ្ញាពិសិដ្ឋ នៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដូចគ្នានេះដែរ ការគោរពប្រតិបត្ដិដ៏រាបទាបរបស់យើង នឹងត្រួសត្រាយផ្លូវការយល់ដឹងខាងវិញ្ញាណរបស់យើងអំពីផ្លូវនៃព្រះ និងគោលបំណងដ៏ទេវភាពរបស់ទ្រង់សម្រាប់យើងម្នាក់ៗ ។ ការលើកកម្ពស់ដល់ការគោរពប្រតិបត្ដិរបស់យើងនាំយើងឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ពីព្រោះការគោរពប្រតិបត្ដិដល់ក្រឹត្យវិន័យ និងបទបញ្ញត្ដិរបស់ទ្រង់គឺជាការឈោងទៅរកទ្រង់ដោយមានប្រសិទ្ធភាព ។
បន្ថែមពីនេះ ភាពស្មោះត្រង់របស់យើងចំពោះចំណេះដឹង និងប្រាជ្ញាដែលយើងបាន ទទួលរួចហើយ តាមរយៈការតោងជាប់គោលការណ៍ដំណឹងល្អ នឹងសេចក្ដីសញ្ញាដ៏ពិសិដ្ឋគឺជាការរៀបចំខ្លួនដ៏សំខាន់ដើម្បីយើងត្រៀមរួចរាល់ក្នុងការទទួល និងមានទំនាក់ទំនងមកពីព្រះវិញ្ញាណបរិសុទ្ធ ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ គឺជាប្រភពនៃរាល់សេចក្ដីពិត ហើយទ្រង់ទាំងទ្វេប្រទានប្រាជ្ញាដោយសទ្ធា ។ ផងដែរ ការដឹងថាយើងពុំមានចំណេះដឹងផ្ទាល់ខ្លួនណាឡើយ បើមិនពឹងផ្អែកលើព្រះទេនោះ អាចជួយយើងដឹងថាយើងគួរបែរទៅរកនរណា និងកន្លែងណាដើម្បីដាក់ទីទុកចិត្ដរបស់យើងមុនបង្អស់ ។
ការជឿទុកចិត្ដដ៏ជ្រាលជ្រៅ
ដំណើររឿងក្នុងព្រះគម្ពីរសញ្ញាចាស់អំពីណាម៉ាន់ ជាមេទ័ពដែលបានទទួលការព្យាបាលពីជំងឺឃ្លង់មកពីព្យាការីអេលីសេ គឺជាដំណើររឿងមួយដែលខ្ញុំចូលចិត្ដ ។ ដំណើររឿងនេះបង្ហាញពីរបៀបដែលសេចក្ដីជំនឿដ៏រឹងមាំរបស់ « ក្មេងបម្រើ » ម្នាក់បានផ្លាស់ប្ដូរដំណើរជីវិតរបស់បុរសម្នាក់ ហើយសម្រាប់ពួកអ្នកជឿទាំងអស់ ការណ៍នេះបានបង្ហាញអំពីទំហំនៃសេចក្ដីមេត្ដាករុណានៃព្រះដល់អស់អ្នកដែលដាក់ទីទុកចិត្ដលើទ្រង់ និងព្យាការីរបស់ទ្រង់ ។ ទោះបីយើងមិនស្គាល់ឈ្មោះនាងក្ដី ក៏ក្មេងស្រីម្នាក់នេះបានជួយបង្កើននូវការយល់ដឹងរបស់យើងដែរ ។ ហើយជំនឿរបស់ណាម៉ាន់ទៅលើទីបន្ទាល់របស់នាង បានបំផុសគំនិតលោកឲ្យអំពាវនាវសុំការព្យាបាលពីអ្នកបម្រើដ៏ជម្រើសរបស់ព្រះ ។
ការឆ្លើយតបដំបូងរបស់ណាម៉ាន់ទៅនឹងការណែនាំរបស់ព្យាការីអេលីសេ ថាឲ្យលោកលាងសម្អាតខ្លួននៅទន្លេយ័រដាន់ គឺបង្ហាញពីការសង្ស័យ និងការខឹងសម្បា ។ ប៉ុន្ដែការអញ្ជើញឲ្យលោក គោរពប្រតិបត្ដិ តាមដំបូន្មានរបស់ព្យាការីបានអនុញ្ញាតឲ្យលោកជាសះស្បើយ ហើយឲ្យលោកយល់ដឹងដ៏អស្ចារ្យថាព្រះគឺមានពិត ។
យើងអាចនឹងគិតថា ការអំពាវនាវខាងវិញ្ញាណមួយចំនួនរបស់យើងនឹងទទួលចម្លើយដ៏សមស្រប ហើយនឹងពុំមានការលំបាកខ្លាំងដល់យើងនោះទេ ។ ឬ ដូចណាម៉ាន់ដែរ យើងអាចនឹងគិតថាតម្រូវការផ្សេងៗអាចនឹងលំបាកជាង ហើយអាចឲ្យយើងមានអារម្មណ៍ស្មុគស្មាញ និងពិបាក ។ ឬ ស្រដៀងគ្នានឹងការសន្និដ្ឋានមុនៗរបស់តារាវិទូអំពីប្រព័ន្ធព្រះអាទិត្យរបស់យើងដែរ នៅក្នុងការស្វែងរក សេចក្ដីពិតខាងវិញ្ញាណ យើងអាចឈានទៅរកការបកស្រាយមួយដែលមិនសូវពិត បើសិនយើងពឹងផ្អែកតែលើការយល់ដឹងដែលមានដែនកំណត់របស់យើងតែមួយមុខនោះ ហើយជាលទ្ធផលនឹងនាំយើងចាកឆ្ងាយពីផ្លូវនៃសេចក្ដីសញ្ញាទាំងអចេតនា និងសោកសៅ ។ ហើយលើសជាងនេះ សំណួរខ្លះនឹងបន្ដនៅមានរហូតដល់ព្រះ ជាអង្គ « មានគ្រប់ព្រះចេស្ដា » និង « មានគ្រប់ទាំងប្រាជ្ញា និងគ្រប់ទាំងយោបល់ » ជាអង្គ « ជ្រាបនូវគ្រប់ការណ៍ » នៅក្នុងសេចក្ដីមេត្ដាករុណារបស់ទ្រង់ ផ្ដល់នូវការបំភ្លឺតាមរយៈការជឿរបស់យើងលើព្រះនាមទ្រង់ ។
ការរំឭកដ៏សំខាន់មួយចេញពីដំណើររឿងរបស់ណាម៉ាន់ គឺថាការមិនព្រមគោរពប្រតិបត្ដិតាមក្រឹត្យវិន័យ និងបទបញ្ញត្ដិទាំងឡាយរបស់ព្រះអាចពន្យារការរីកចម្រើនរបស់យើង ។ យើងមានពរដែលមានព្រះយេស៊ូវគ្រីស្ទ ជាអង្គព្យាបាលរបស់យើង ។ ការគោរពប្រតិបត្ដិរបស់យើងចំពោះក្រឹត្យវិន័យ និងបទបញ្ញត្ដិរបស់ទ្រង់អាចបើកផ្លូវឲ្យព្រះអង្គសង្គ្រោះប្រទានចំណេះដឹង និងការព្យាបាលដែលទ្រង់ជ្រាបថាយើងត្រូវការទៅតាមផែនការព្យាបាលដែលទ្រង់មានសម្រាប់យើង ។
អែលឌើរ រីឆាដ ជី ស្កត បានបង្រៀនថា « ជីវិតនេះជាបទពិសោធន៍មួយដែលត្រូវទុកចិត្តខ្លាំង—គឺជាការទុកចិត្តទៅលើព្រះយេស៊ូវគ្រីស្ទ ទុកចិត្តលើការបង្រៀនរបស់ទ្រង់ ទុកចិត្តលើសមត្ថភាពយើង ដូចដែលបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីគោរពប្រតិបត្តិដល់ការបង្រៀនទាំងនោះ ដើម្បីបានសុភមង្គលនាពេលឥឡូវនេះ និងនៅជីវិតដ៏ពោរពេញដោយគោលបំណង ជាជីវិតដ៏នៅអស់កល្បជានិច្ចដ៏រីករាយបំផុត ។ ការទុកចិត្តមានន័យថា ការគោរពប្រតិបត្តិដោយស្ម័គ្រចិត្ត ទោះពុំដឹងពីទីបញ្ចប់តាំងពីដំបូងមកក្ដី ( សូមមើល សុភាសិត ៣:៥–៧ ) ។ ដើម្បីបង្កើតផលផ្លែ ការទុកចិត្តរបស់បងប្អូនចំពោះព្រះអម្ចាស់ ត្រូវតែមានឥទ្ធិពលខ្លាំងក្លា និងឋិតថេរ ជាងទំនុកចិត្តទៅលើអារម្មណ៍ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងប្អូនផ្ទាល់ » ។
អែលឌើរ ស្កត បន្តថា « ដើម្បីអនុវត្តសេចក្តីជំនឿ គឺត្រូវទុកចិត្តថាព្រះអម្ចាស់ជ្រាបពីអ្វីដែលទ្រង់កំពុងធ្វើជាមួយបងប្អូន ហើយថាទ្រង់អាចសម្រេចវាបានសម្រាប់សេចក្តីល្អអស់កល្បជានិច្ចរបស់បងប្អូន ទោះបីជាបងប្អូនពុំយល់ពីរបៀបដែលទ្រង់អាចធ្វើវាបានក្ដី » ។
ថ្លែងទីបន្ទាល់បញ្ចប់
បងប្អូនជាទីស្រឡាញ់ ខ្ញុំសូមធ្វើបន្ទាល់ថាសំណួរដ៏ស្មោះរបស់យើងទាក់ទងនឹងដំណឹងល្អ អាចផ្ដល់ឱកាសដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទឲ្យជួយយើងរីកចម្រើន ។ ការខិតខំផ្ទាល់ខ្លួនដើម្បីស្វែងរកចម្លើយពីព្រះអម្ចាស់ចំពោះសំណួរខាងវិញ្ញាណរបស់ខ្ញុំ—ទាំងអតីតកាល និងបច្ចុប្បន្នកាល—បានអនុញ្ញាតឲ្យខ្ញុំប្រើប្រាស់ចន្លោះពេលនៃការយល់ដឹងរបស់ខ្ញុំនិងព្រះ ដើម្បីអនុវត្ដការគោរពប្រតិបត្ដិចំពោះទ្រង់ និងបង្ហាញភាពស្មោះត្រង់ចំពោះចំណេះដឹងខាងវិញ្ញាណដែលខ្ញុំកំពុងតែមាន ។
ខ្ញុំសូមធ្វើទីបន្ទាល់ថា ការដាក់ទីទុកចិត្ដលើព្រះវរបិតាសួគ៌ និងពួកព្យាការី ដែលទ្រង់បានបញ្ជូនមកនឹងជួយបងប្អូនលើកតម្កើងខាងវិញ្ញាណ និងជំរុញបងប្អូនឆ្ពោះទៅរកចំណេះដឹងដ៏គ្មានទីបំផុតរបស់ព្រះ ។ បងប្អូននឹងនៅទីខ្ពស់ជាងមុនពីព្រោះតែបងប្អូននឹងផ្លាស់ប្ដូរ ។ ព្រះទ្រង់ជ្រាបថាកាលណាបងប្អូននៅកាន់តែខ្ពស់ នោះបងប្អូននឹងកាន់តែអាចមើលឆ្ងាយជាងមុន ។ ព្រះអង្គសង្គ្រោះអញ្ជើញបងប្អូនឲ្យឡើងទៅកាន់តែខ្ពស់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។