ខ្ញុំនឹងមិនលួចមើលចម្លើយទេ
ចូអានណា មែ រេងហ្កា ទីក្រុង លីទី ប៉ែកខាងត្បូង ប្រទេស ហ្វីលីពីន
ក្នុងនាមជានិស្សិតថ្មីម្នាក់នៅក្នុងមហាវិទ្យាល័យ ខ្ញុំតែងខកចិត្តនឹងមិត្តរួមថ្នាក់ខ្ញុំជាញឹកញាប់ ។ ដោយសារពួកគេជាច្រើនលួចមើលចម្លើយពេលប្រឡង ។ អ្នកខ្លះលួចយកក្រដាសកត់ត្រារបស់ពួកគេចូលក្នុងថ្នាក់ ។ អ្នកខ្លះទៀតផ្ញើសារតាមទូរសព្ទទៅអ្នកផ្សេងទៀត ។ មួយចំនួនតូចដល់ថ្នាក់ចម្លងចម្លើយពីមិត្តរួមថ្នាក់គេទៀតផង ។
ពួកអ្នកដែលលួចមើលចម្លើយ តែងតែបានពិន្ទុខ្ពស់ជាងខ្ញុំ ។ ទោះយ៉ាងណា ខ្ញុំមិនត្រូវបានល្បួងឲ្យចូលរួមនឹងពួកគេនោះឡើយ ។ ខ្ញុំតែងតែចងចាំក្នុងគំនិត និង ដួងចិត្តរបស់ខ្ញុំថា ការបានពិន្ទុ ០ ដោយស្មោះត្រង់ គឺវាប្រសើរជាងបានពិន្ទុ ១០០ ដោយលួចមើលគេ ។
បើខ្ញុំលួចមើលចម្លើយ នោះខ្ញុំនឹងមិនបានធ្វើជាគំរូដល់ពួកគេនោះទេ ។ ខ្ញុំនឹងមិនរស់នៅក្នុងរបៀបមួយ ដែលខ្ញុំអាចចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយពួកគេនោះទេ ។ ខ្ញុំនឹងមិនបានបង្ហាញពួកគេថា សាសនាចក្រពិតនោះទេ ។
នៅរសៀលមួយ ខ្ញុំបានទៅការិយាល័យបេឡាធិការរបស់មហាវិទ្យាល័យ ដើម្បីសួរអំពីប្រាក់ដែលខ្ញុំនៅជំពាក់ថ្លៃសាលារបស់ខ្ញុំ ។ ខ្ញុំត្រូវតែបង់ថ្លៃសាលាទាំងអស់សិន ពីមុនពេលដែលខ្ញុំអាចប្រឡងបញ្ចប់នៅសប្ដាហ៍បន្ទាប់នោះ ។ ពេលខ្ញុំកំពុងដើរ ខ្ញុំព្រួយបារម្ភថាតើខ្ញុំទៅយកលុយដែលខ្ញុំត្រូវការនោះមកពីណា ។ សម្រាប់និសិត្សដែលផ្គង់ផ្គង់ខ្លួនឯងដូចជាខ្ញុំ ផ្នែកហរិញ្ញវត្ថុគឺតឹងតែងណាស់ ។
ពេលខ្ញុំទៅដល់ការិយាល័យ ខ្ញុំបានសួរបេឡាថាខ្ញុំនៅជំពាក់ប៉ុន្មានទៀត ។
គាត់បាននិយាយថា « អ្នកមិនបាច់បង់ទៀតទេ រហូតដល់អ្នករៀនចប់ » ។
ដោយភ្ញាក់ផ្អើល នោះខ្ញុំបានសួរថា បើនាងប្រាកដ ឬ បើនាងលេងកំប្លែងដាក់ខ្ញុំទេ ។
នាងបាននិយាយថា « មែនហើយ ខ្ញុំប្រាកដណាស់ ហើយខ្ញុំនិយាយពិតមែន » ។ « ទីប្រឹក្សាផ្នែកណែនាំបានដាក់ពាក្យស្មើសម្រាប់អ្នក ដើម្បីទទួលបានអាហារូបករណ៍ពីព្រឹទ្ធសភា ។ ឥឡូវនេះ អ្នកគឺជានិសិត្សអាហារូបករណ៍ » ។
ការដែលបានឮពាក្យទាំងនោះ ធ្វើឲ្យខ្ញុំសប្បាយរីករាយក្រៃលែង ។ ខ្ញុំបានអរគុណនាង ហើយបានរត់ទៅការិយាល័យរបស់ទីប្រឹក្សាផ្នែកណែនាំ ដើម្បីអរគុណដល់អ្នកដែលទទួលខុសត្រូវខាងនោះ ។
បន្ទាប់ពីខ្ញុំបានប្រាប់គាត់ថា ខ្ញុំមានអំណរគុណ និង រីករាយយ៉ាងណា នោះទីប្រឹក្សានោះបាននិយាយថា « ប្អូនមិនចាំបាច់អរគុណខ្ញុំទេ » ។ « ខ្ញុំគ្រាន់តែជាឧបករណ៍មួយប៉ុណ្ណោះ » ។
កាលដែលខ្ញុំបានចាកចេញ នោះខ្ញុំនឹកចាំពីបទគម្ពីរដែលខ្ញុំតែងតែចូលចិត្តចែកចាយ ៖ « មានពរហើយ អ្នកណាដែលឃើញថាមានចិត្តស្មោះត្រង់ចំពោះនាមយើង នៅថ្ងៃចុងក្រោយបង្អស់ ដ្បិតអ្នកនោះនឹងត្រូវបានតម្កើងឡើងឲ្យរស់នៅក្នុងនគរដែលរៀបចំឡើងសម្រាប់អ្នកនោះ ចាប់តាំងពីកំណើតលោកិយមក ។ ហើយមើលចុះ គឺយើង [ ព្រះយេស៊ូវគ្រីស្ទ ] នេះហើយដែលបាននិយាយ » ( អេធើរ ៤:១៩ ) ។
ដោយការធ្វើអ្វីត្រឹមត្រូវ នោះខ្ញុំបានបង្ហាញភាពស្មោះត្រង់របស់ខ្ញុំនៅក្នុងការរក្សាព្រះបញ្ញត្តិទាំងឡាយនៃព្រះវរបិតាសួគ៌របស់យើង — សូម្បីតែនៅក្នុងស្ថានភាពមួយដែលភាពមិនស្មោះត្រង់គឺជារឿងធម្មតាក៏ដោយ ។ ខ្ញុំដឹងថា ដោយការឈរយ៉ាងរឹងមាំនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ នោះទ្រង់នឹងមិនដែលចាកចេញពីខ្ញុំឡើយ ។
ខ្ញុំសប្បាយចិត្ត ដែលឥឡូវនេះ ខ្ញុំអាចសិក្សាដោយមិនបាច់បារម្ភពីការចំណាយប្រាក់ ។ ខ្ញុំក៏ត្រូវបានលើកទឹកចិត្តឲ្យបន្តធ្វើអ្វីដែលត្រឹមត្រូវផងដែរ មិនមែនព្រោះតែរង្វាន់ និង ពរជ័យដែលខ្ញុំអាចទទួលបានប៉ុណ្ណោះទេ តែដោយសារខ្ញុំស្រឡាញ់ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាអង្គដែលបានធ្វើជាគំរូដល់ខ្ញុំ ។