២០១៩
« ដំណឹង​ពី​អំណរ​យ៉ាង​អស្ចារ្យ »
ខែ តុលា ឆ្នាំ ២០១៩


សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី

« ដំណឹង​ពី​អំណរ​យ៉ាង​អស្ចារ្យ »

អស់​រយៈ​ពេល​រាប់ពាន់​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ នៅ​ក្នុង​ដែន​ដី​ដ៏​សែន​ឆ្ងាយ​មួយ សេសារ​អូគូស្ទ​បាន​ចេញ​ព្រះ​រាជ​ឱង្ការ​ថា ប្រជាជន​របស់​ទ្រង់​ត្រូវ​ត្រឡប់​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន​វិញ ។ ក្នុង​ការគោរព​តាម នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ដើម្បី​ទៅកាន់​ទី​កន្លែង​ដែល​ពួកគេ​ត្រូវ​ចុះ​បញ្ជី ។ នៅ​ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ទាំង​នោះ​មាន​បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ថា យ៉ូសែប​ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​នឹង​ម៉ារា​ដែល​បាន​បម្រុង​ទុក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​គាត់​ដែល​មាន​គភ៌​នោះ ។

ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​បេថ្លេហិម​ជា​ទី​កន្លែង​ដែល​ពុំ​មាន​ទី​ស្នាក់​អាស្រ័យ​នៅ​ឡើយ ។ ដោយ​ពុំ​មាន​ជម្រើស​នោះ​យ៉ូសែប​បាន​រៀបចំ​ក្រោល​សត្វ​មួយ​កន្លែង​សម្រាប់​ពួកគេ​ស្នាក់​នៅ​ក្នុង​ចំណោម​សត្វ​ជា​ច្រើន ម៉ារា​បាន​ប្រសូត​បុត្រ​មួយ​អង្គ ហើយ​បាន​ដាក់​ទ្រង់​ផ្ទុំ​នៅ​ក្នុង​ស្នូក ។1 ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​ទន្ទឹង​រង់ចាំ​មើល នោះ​សញ្ញា​ទាំងឡាយ​លេចឡើង​នៅ​លើ​មេឃ​នៅ​យប់​ដែល​ទ្រង់​បាន​ប្រសូត​នោះ ។2 ទេវតា​បាន​ប្រាប់​ទៅ​អ្នក​គង្វាល​នៅ​ឯស្រែថា « ខ្ញុំ​មក​ប្រាប់​ដំណឹងល្អ​ដល់​អ្នក​រាល់​គ្នា ពី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សម្រាប់​បណ្តាជន​ទាំងអស់​គ្នា ។ ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្រ្គោះ​មួយ​អង្គ​ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។3

ដំណឹងល្អ ។ អំណរ​យ៉ាង​អស្ចារ្យ ។ បណ្តាជន​ទាំងអស់​គ្នា ។ ព្រះអង្គ​សង្រ្គោះ ។ ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ ។

មាន​មនុស្ស​ជា​ច្រើន​ដែល​រស់​នៅ​កន្លែង​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត​តែ​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​បាន​ដឹង​ពី​ការណ៍​ដែល​បាន​កើត​ឡើង​នោះ ។ នៅ​ក្នុង​សម័យ​របស់​យើង​គឺ​មាន​លក្ខណៈ​ដូច​គ្នា ។ មាន​មនុស្ស​ជា​ច្រើន​មមាញឹក​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ដោយ​មិន​បាន​គិត​ពិចារណា​អំពី​សារលិខិត​នៃ​រដូវ​នេះ ។ ប៉ុន្តែ​ចំពោះ​ពួក​យើង​ណា​ដែល​ជឿ ពួកយើង​ដឹង​ពី​អត្ថន័យ​ដ៏​អស្ចារ្យ​នៃ​រដូវកាល​នេះ ។ យើង​ស្គាល់​ពី​ជីវិត​របស់​យើង​កាន់​តែ​ប្រសើរ គ្រួសារ​របស់​យើង​កាន់តែ​រីករាយ​ជាង​មុន ហើយ​អនាគត​យើង​កាន់តែ​មាន​ពន្លឺ​ដោយ​ព្រោះតែ​ការចាប់ប្រសូត​នៃ​ព្រះរាជបុត្រា​មួយ​អង្គ​នោះ ។ ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ។ ទ្រង់​បាន​មាន​ព្រះជន្ម​រស់​នៅ ។ ទ្រង់​បាន​បង្រៀន ។ ទ្រង់​បាន​ធ្វើ​ជា​គំរូ​ដ៏​ឥតខ្ចោះ ។ ទ្រង់​បាន​ធ្វើ​ដង្វាយ​ធួន ។ ហើយ​បន្ទាប់​ពី​ទ្រង់​បាន​សុគត់​នៅ​លើ​ឈើរ​ឆ្កាង ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​ដោយ​បាន​នាំ​មក​នូវ​ឱកាស​នៃ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​កូន​ចៅ​របស់​ព្រះ ។

បុណ្យ​គ្រីស្ទម៉ាស​ត្រូវ​បាន​ប្រារព្វ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​មិន​បាន​ធ្វើ​ទេ ។ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ថ្ងៃ​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា « ពិធី​ដ៏​ធំ » នៅ​ប្រទេស​ខ្លះ​ទៀត​អ្នក​ប្រារព្វ​ពិធី​នោះ​បាន​តុបតែង​ដើម​ចេក និង​ដើម​ស្វាយ ។ នៅ​ប្រទេស​ខ្លះ​ទៀត​អ្នក​ចូលរួម​រីករាយ​ជួបជុំ​គ្នា​ដើម្បី​ប្រារព្វ​ពិធី​ដោយ​មាន​អ្នក​ពាក់​មួក ​« តា​ណូអែល » ញ៉ាំ​នំ​និង​ជូន​អំណោយ​ជាដើម ។ នៅ​ក្នុង​ផ្នែក​ដទៃ​ទៀត​នៃ​ពិភពលោក គ្រីស្ទម៉ាស​ត្រូវ​បាន​គ្របដណ្តប់​ដោយ​សកម្មភាព​ពាណិជ្ជកម្ម​ដោយ​មាន​មនុស្ស​ប្រជ្រៀត​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ​យ៉ាង​ប្រញាប់​ប្រញាល់​ដើម្បី​ទិញ​ឥវ៉ាន់​ជា​បន្ដ​បន្ទាប់ ។ អំណោយ​អាច​ជា​ផ្នែក​មួយ​ដ៏​អស្ចារ្យ​នៃ​បុណ្យ​គ្រីស្ទម៉ាស ។ ទោះ​បី​ជា​យ៉ាង​នោះ​ក្តី បើសិន​យើង​មិន​បាន​ប្រុងប្រយ័ត្ន​វា​អាច​បង្វែរ​ចំណាប់​អារម្មណ៍​របស់​យើង​ពី​សារលិខិត​នៃ​រដូវកាល​នេះ​បាន ។ យើង​មិន​អាច​ឲ្យ​ការណ៍​នេះ​កើត​ឡើង​បាន​ឡើយ ។

យើង​បាន​រៀន​ថា អំណោយ​ដ៏​ល្អ​បំផុត​នោះ​រំឭក​យើង​អំពី​ព្រះអង្គសង្រ្គោះ​–​អំណោយ​ទាំង​នោះ​គឺ​ចេញ​ពី​ចិត្ត និង ជារឿយៗ​វា​ជា​ការលះបង់ ។ នៅ​ពេល​ខ្ញុំ​បាន​ត្រឡប់​ពី​ការបម្រើ​បេសកកម្ម​របស់​ខ្ញុំ​នៅ​ហុងកុង​វិញ​ខ្ញុំ​រវល់​នឹង​ការសិក្សា និង​ការងារ​ដោយ​ខ្ញុំ​មិន​បាន​កត់​សម្គាល់​ពី​ការរៀបចំ​ដែល​ឪពុកម្តាយ​របស់​ខ្ញុំ​បាន​ធ្វើ​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​ឡើយ ។ ពេល​វេលា​នៃ​ការបើក​អំណោយ​បាន​មក​ដល់ ខ្ញុំ​បាន​មាន​ការភ្ញាក់ផ្អើល​មួយ​យ៉ាង​ខ្លាំង​ — ​មាន​អំណោយ​សឹង​តែ​ទាំងអស់​គឺ​សម្រាប់​ខ្ញុំ ។

ឪពុកម្តាយ​របស់​ខ្ញុំ​បាន​ញញឹម​នៅ​ពេល​ខ្ញុំ​បើក​អំណោយ​របស់​ខ្ញុំ ហើយ​ពួកគាត់​ហាក់​ដូច​ជា​រីករាយ​ក្នុង​ការមាន​អំណោយ​តែ​បន្តិចបន្ទួច​សម្រាប់​ខ្លួន​ពួកគាត់ ។ ខ្ញុំ​បាន​រាបសារ​ចំពោះ​ការលះបង់​របស់​ពួកគាត់ ។ ពួកគាត់​បាន​ផ្តល់​ឲ្យ​ជា​ច្រើន​ដើម្បី​ខ្ញុំ​អាច​នឹង​មាន​សម្លៀក​បំពាក់​ទៅ​រៀន និង​ទៅ​ធ្វើការ ។ សណ្ដាន​ចិត្ត​ល្អ​របស់​ពួកគាត់​បាន​រំឭក​ខ្ញុំ​អំពី​ហេតុផល​នៃ​រដូវការ​នេះ ។

ដំណឹងល្អ ។ អំណរ​យ៉ាង​អស្ចារ្យ ។ បណ្តាជន​ទាំងអស់​គ្នា ។ ព្រះអង្គ​សង្រ្គោះ ។ ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ ។

មាន​ពេល​មួយ​ព្រះយេស៊ូវ​បាន​បង្រៀន​ថា ៖ « ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ។4 រាល់​បុណ្យ​គ្រីស្ទម៉ាស​ផ្តល់​ឱកាស​ឲ្យ​ពួកយើង​ដើម្បី​នាំ​ពន្លឺ​របស់​ទ្រង់​មក​កាន់​ពិភពលោក ។ វា​គឺ​ជា​ការពិត​ថា​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​សាសនា​គ្រីស្ទាន​មិនមែន​ជា​សាសនា​ដែល​មាន​ប្រជាប្រិយភាព​ទេ ។ ដោយ​ការធ្វើតាម​ការបង្រៀន​របស់​ទ្រង់ យើង​ធ្វើ​ឲ្យ​ពន្លឺ​ទ្រង់​ភ្លឺ​ឡើង — ​ក្នុង​ជីវិត​របស់​យើង និង​ជីវិត​មនុស្ស​ដទៃ​ទៀត ។

ជា​ថ្មី​ម្តង​ទៀត​នៅ​ឆ្នាំ​នេះ​សាសនាចក្រ​បាន​ផ្តួចផ្តើម​នូវ​ការអញ្ជើញ​មួយ​ទៅ​ទូទាំង​ពិភពលោក​ឲ្យ « បំភ្លឺ​ពិភពលោក » ។ ចាប់​ផ្តើម​ថ្ងៃ​ទី ១ ធ្នូ ហើយ​បន្ត​រហូត​ដល់​ថ្ងៃ​បុណ្យគ្រីស្ទម៉ាស អ្នក​អាច​ទទួល​បាន​ការបំផុសគំនិត​ពី​របៀប​ដើម្បី​បំភ្លឺ​ផ្លូវ​ដល់​អ្នក​ដទៃ​ទៀត​ដោយ​ការចូល​មើល​ទៅ​ក្នុង​គេហទំព័រ​ប្រទេស​របស់​អ្នក ( ឧទាហរណ៍.lds.org.kh សម្រាប់​ភាសា​ខ្មែរ ) ។ នៅ​ក្នុង​ខែ​នោះ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​នឹង​ប្រាប់​មនុស្ស​អំពី​ការណ៍​នេះ ហើយ​អ្នក​ក៏​អាច​ធ្វើ​ដូច្នោះ​ដែរ ។ សូម​ណែនាំ​ពួកគេ​អំពី​គេហទំព័រ​នេះ ដូច្នេះ​ពួកគេ​អាច​រៀន​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ នោះ​យើង​អាច​ចូលរួម​ជាមួយ​នឹង​មនុស្ស​ដទៃ​ជា​ច្រើន​ទៀត​ដែល​ពួកគេ​ធ្វើ​ល្អ​ក្នុង​ឱកាស​ដ៏​ពិសេស​មួយ​នេះ ។

ខណៈ​ពេល​ដែល​រដូវ​គ្រីស្ទម៉ាស​ជិត​ចូល​មក​ដល់​ចូរ​យើង​កុំ​ធ្វើ​ជា​មនុស្ស​ដ៏​រវល់ ដែល​មិន​បាន​គិត​ពិចារណា​អំពី​សារលិខិត​សម្រាប់​ពេល​ដ៏​ពិសេស​ក្នុង​ឆ្នាំ​នេះ ។ ជំនួស​មក​វិញ សូម​ឲ្យ​យើង​ចងចាំ​ទ្រង់ និង អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង ។ នៅ​ពេល​យើង​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​រក​បាន​នូវ​អំណរ​ក្នុង​ការបម្រើ​និង​ទទួល​បាន​នូវ​អារម្មណ៍​ដ៏​ពិសេស​ដែល​កើត​ចេញ​ពី​ការបម្រើ​នោះ ។

ចំណាំ

  1. សូម​មើល លូកា ២:១៦ ។

  2. សូម​មើល ម៉ាថាយ ២:១–២ ។

  3. លូកា ២:១០–១១ ។

  4. យ៉ូហាន ៨:១២ ។