ព័ត៌មានក្នុងស្រុក
សម្របថ្នាក់សិក្ខាសាលាឲ្យត្រូវនឹងកម្មវិធីសិក្សា និងកាលវិភាគ ចូរមកតាមខ្ញុំ នៅឆ្នាំ ២០២០
ដោយមានការប្រកាសផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងកម្មវិធីសិក្សាថ្នាក់សិក្ខាសាលានៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅជុំវិញពិភពលោក នោះគណៈប្រធានទីមួយបានចេញលិខិតមួយនៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ ដោយប្រាប់លម្អិតពីការផ្លាស់ប្តូរនានាដែលនឹងសម្របថ្នាក់សិក្ខាសាលាឲ្យត្រូវនឹងកម្មវិធីសិក្សា និងកាលវិភាគ ចូរមកតាមខ្ញុំ ។
លិខិតនោះបានចែងថា « ការធ្វើការផ្លាស់ប្តូរនេះនឹងពង្រីកយុទ្ធសាស្ត្រនៃការសិក្សាដំណឹងល្អដែលផ្តោតលើគេហដ្ឋាន និងការគាំទ្រពីសាសនាចក្រ តាមរយៈការសិក្សារួមតែមួយទាំងនៅគេហដ្ឋាន នៅថ្នាក់សាលាថ្ងៃអាទិត្យ និងនៅថ្នាក់សិក្ខាសាលា ។ យើងសូមលើកទឹកចិត្តដល់យុវវ័យទាំងអស់ឲ្យចូលរួមក្នុងថ្នាក់សិក្ខាសាលាឲ្យបានពេញលេញ ពេលពួកគេព្យាយាមបង្កើនសេចក្តីស្រឡាញ់របស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយធ្វើឲ្យពួកគេប្រែចិត្តជឿកាន់តែខ្លាំងលើដំណឹងល្អដែលបានស្តារឡើងវិញ » ។
នៅក្នុង វីដេអូ ដែលបានចេញផ្សាយនៅថ្ងៃដដែលនោះនៅលើគេហទំព័រថ្នាក់សិក្ខាសាលា អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អែលឌើរ គីម ប៊ី ក្លាក អភិបាលនៃប្រព័ន្ធអប់រំសាសនាចក្រ ស៊ីស្ទើរ បូនី អេច ខ័រឌុន ប្រធានយុវនារីទូទៅ និង ឆាដ អេច វែប អ្នកគ្រប់គ្រងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា បានពិភាក្សាគ្នាពីការផ្លាស់ប្តូរ និងពីសារៈសំខាន់របស់វាសម្រាប់សិស្ស និងគ្រូបង្រៀនថ្នាក់សិក្ខាសាលា ។
អែលឌើរហូឡិនបានមានប្រសាសន៍នៅក្នុងវីដេអូនោះថា « នៅខែមករាឆ្នាំ ២០២០ យើងនឹងផ្លាស់ប្តូរពីកាលវិភាគសិក្សាពេញមួយឆ្នាំរបស់សាលារៀន ទៅជាកាលវិភាគប្រចាំឆ្នាំរបស់សាលារៀនវិញ ធ្វើដូច្នោះយើងអាចសម្របកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាឲ្យត្រូវនឹងកម្មវិធីចូរមកតាមខ្ញុំ ។ យើងនឹងធ្វើកិច្ចការនោះពាក់កណ្តាលសិនក្នុងរដូវក្តៅឆ្នាំ ២០១៩ នេះ ។ ក្នុងខែមិថុនាឆ្នាំនេះ យើងនឹងប្តូរ ហើយចាប់ផ្តើមសិក្សាព្រះគម្ពីរសញ្ញាថ្មី » ។
ខណៈដែលការសិក្សាក្នុងថ្នាក់សិក្ខាសាលានឹងបន្តផ្តោតទៅលើព្រះគម្ពីរ នោះថ្នាក់ដឹកនាំសាសនាចក្របានពន្យល់ថា កម្មវិធីនេះនឹងផ្តោតទៅលើគោលលទ្ធិកាន់តែច្រើន ហើយនឹងជួយពង្រឹង ការពារ និងរៀបចំពួកយុវវ័យសម្រាប់បេសកកម្ម អាពាហ៍ពិពាហ៍ និងការបម្រើនៅក្នុងសាសនាចក្រ ។
អែលឌើរហូឡិនបានមានប្រសាសន៍ថា « យើងគិតថា នេះគឺជាការអភិវឌ្ឍន៍មួយដ៏អស្ចារ្យនៅគ្រានេះ ជាពេលដែលយុវវ័យរបស់យើងត្រូវការកម្លាំងកាន់តែខ្លាំងឡើង ។ យើងគិតថា វាជាការសម្របមួយដ៏អស្ចារ្យ . . . ជាមួយអ្វីទាំងអស់ទៀតដែលសាសនាចក្រកំពុងធ្វើ ។ ហើយយើងជឿថា វានឹងមានទំនាក់ទំនងយ៉ាងអស្ចារ្យជាមួយនឹង . . . ការគាំទ្រពីសាសនាចក្រ — ហើយឥឡូវនេះយើងបន្ថែមថា ការសិក្សាដំណឹងល្អដែលគាំទ្រពីថ្នាក់សិក្ខាសាលា — ការសិក្សាដំណឹងល្អដែលផ្តោតលើគេហដ្ឋាន » ។
ការស្តារឡើងជាបន្តបន្ទាប់
ការពន្យល់ពីមូលហេតុដែលការផ្លាស់ប្តូរនេះត្រូវបានអនុវត្តចាប់ផ្តើមពីឆ្នាំនេះ និងឆ្នាំក្រោយ នោះអែលឌើរក្លាកបានមានប្រសាសន៍ថា « ខ្ញុំគិតថា នេះគឺដោយសារព្យាការីរបស់ព្រះអម្ចាស់បានឈរនៅឯវេទិកាក្នុងសន្និសីទទូទៅ ហើយថ្លែងថា ‹ យើងត្រូវការការណែនាំដំណឹងល្អដែលផ្តោតលើគេហដ្ឋាន និងការគាំទ្រពីសាសនាចក្រ ។ ប្រាកដណាស់ យើងត្រូវការសាសនាចក្រដែលផ្តោតនៅលើគេហដ្ឋាន › ។ ហើយដោយសារលោកមានប្រសាសន៍ដូច្នោះ នោះវាបានផ្លាស់ប្តូរអ្វីៗទាំងអស់ » ។
អែលឌើរក្លាកបានពន្យល់ថា ជាជាងបារម្ភពីភាពលម្អិតនៃការផ្លាស់ប្តូរដ៏បំផុសគំនិតមុនវាកើតឡើង នោះការណែនាំរបស់ប្រធានណិលសុនអនុញ្ញាតឲ្យពួកគេនិយាយថា « យើងកំពុងធ្វើកិច្ចការនេះ ហើយបន្ទាប់មកយើងនឹងស្វែងយល់ពីរបៀបដើម្បីធ្វើឲ្យវាកើតឡើង » ។
ដូចអែលឌើរហូឡិនបានពន្យល់ នេះក៏ជាគំរូមួយនៃរបៀបដែលការស្តារឡើងវិញនៃសាសនាចក្ររបស់ទ្រង់កំពុងបន្តមាន ។
អែលឌើរហូឡិនបានមានប្រសាសន៍ថា « ចំពោះខ្ញុំ ធាតុដ៏រំភើបបំផុតនោះគឺប្រវត្តិទាំងអស់ដែលទាក់ទងនឹងកិច្ចការនេះ ។ ហើយនោះគឺជាអ្វីដែលការស្តារឡើងវិញកំពុងបន្តកើតឡើង ។ . . . ការស្តារឡើងវិញ វិវរណៈ ការដឹកនាំរបស់ព្យាការីគឺកំពុងមានភាពរស់រវើក និងល្អយ៉ាងខ្លាំង ហើយនោះគឺជាការគ្រប់ដណ្តប់លើការអភិវឌ្ឍន៍មួយចំនួនដែលយើងធ្លាប់មាន សូម្បីតែការអភិវឌ្ឍន៍នៅក្នុងរយៈពេលពីរបីខែចុងក្រោយនេះក្តី » ។
ដោយគិតពីបទពិសោធន៍ផ្ទាល់របស់លោក អែលឌើរហូឡិនបានមានប្រសាសន៍ថា « ខ្ញុំស្រឡាញ់ថ្នាក់សិក្ខាសាលា ខ្ញុំស្រឡាញ់ថ្នាក់នេះពេញមួយជីវិតខ្ញុំ » ។
លោកបានពន្យល់ថា ថ្នាក់សិក្ខាសាលាគឺជាឧបករណ៍ដ៏មានតម្លៃសម្រាប់យុវវ័យក្នុងសាសនាចក្រ ដោយសារថ្នាក់នេះនាំពួកគេឲ្យសិក្សាបទដ្ឋានព្រះគម្ពីរ ហើយជួយពួកគេឲ្យស្គាល់ព្រះអង្គសង្គ្រោះកាន់តែច្បាស់ និងផ្តោតលើការបង្រៀនរបស់ទ្រង់ ។
អែលឌើរក្លាកមានប្រសាសន៍ថា « យើងដឹងថា ពួកយុវវ័យរបស់យើងត្រូវតែប្រែចិត្តជឿកាន់តែខ្លាំងឡើងថែមទៀតលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ពួកគេត្រូវតែមានបទពិសោធន៍ខាងវិញ្ញាណផ្ទាល់ខ្លួនជាមួយព្រះគម្ពីរ ។ ហើយយើងទទួលអារម្មណ៍ថា តាមរយៈការសិក្សាឲ្យកាន់តែស៊ីជម្រៅ នោះយើងនឹងអាចជួយពួកគេឲ្យមានបទពិសោធន៍នោះបាន ។ ដូច្នេះ ខ្ញុំគិតថា នោះគឺជាអត្ថប្រយោជន៍មួយផ្សេងទៀតពីការផ្លាស់ប្តូរនេះ » ។
ស៊ីស្ទើរខ័រដុនបានសង្កត់ធ្ងន់ថា ការផ្តល់ឱកាសកាន់តែច្រើនដល់ពួកយុវវ័យឲ្យយកអ្វីដែលពួកគេរៀនក្នុងថ្នាក់សិក្ខាសាលា ទៅគេហដ្ឋានរបស់ពួកគេ ហើយប្រើវាដើម្បីបង្រៀន និងថ្លែងទីបន្ទាល់ដល់ក្រុមគ្រួសារពួកគេនឹង « ពង្រីកព្រលឹងរបស់ពួកគេ » ហើយពង្រឹងទីបន្ទាល់របស់ពួកគេ ។ គាត់បានមានប្រសាសន៍ថា « មានអ្វីមួយផ្លាស់ប្តូរ ពេលយុវវ័យម្នាក់ស្តាប់ឮខ្លួនឯងនិយាយអំពីព្រះគ្រីស្ទ » ។
យុទ្ធសាស្ត្រដ៏សាមញ្ញ
ថ្នាក់ដឹកនាំរបស់សាសនាចក្របានពន្យល់ថា ការសម្របឲ្យត្រូវគ្នាថ្មីនេះនឹងនាំមកនូវការផ្លាស់ប្តូរជាច្រើន ប៉ុន្តែពួកលោកបានសម្គាល់ឃើញថា តាមរយៈការបើកដួងចិត្តទទួលការផ្លាស់ប្តូរ និងមានឆន្ទៈរៀនសូត្រ នោះកម្មវិធី និងកាលវិភាគថ្មីនេះនឹងមានប្រសិទ្ធភាពដល់ថ្នាក់សិក្ខាសាលានៅទូទាំងពិភពលោក ។
ថ្នាក់ដឹកនាំសាសនាចក្របានពន្យល់ថា ជាជាងសិក្សាព្រះគម្ពីរផ្សេងៗគ្នាសម្រាប់ថ្នាក់សាលាថ្ងៃអាទិត្យ ថ្នាក់សិក្ខាសាលា និងការសិក្សាផ្ទាល់របស់ពួកគេ នោះការផ្លាស់ប្តូរទាំងនេះនឹងអនុញ្ញាតឲ្យយុវវ័យចំណាយពេលកាន់តែច្រើន ដើម្បីយល់ និងអនុវត្តការបង្រៀនរបស់ព្រះគ្រីស្ទពីគម្ពីរតែមួយ ។
ដោយសម្គាល់ពីភាពញឹកញាប់ដែលគាត់បានឮពួកយុវវ័យសួរថា តើចំណុចណាមួយនៃការសិក្សាដែលពួកគេគួរតែផ្តល់អាទិភាព ? នោះស៊ីស្ទើរខ័រដុនបានថ្លែងថា « ពរជ័យមួយដែលខ្ញុំគិត គឺវាជាក់ស្តែងណាស់ ពរជ័យនោះគឺភាពសាមញ្ញ » ។ ថ្នាក់ដឹកនាំបានពន្យល់ថា ការធ្វើឲ្យការសិក្សាដំណឹងល្អមានភាពសាមញ្ញ អាចនាំទៅរកការយល់ដឹងស៊ីជម្រៅ និងធ្វើឲ្យមានការប្រែចិត្តជឿកាន់តែខ្លាំងឡើងលើព្រះអង្គសង្គ្រោះ ។
ដោយបានពន្យល់ថា យុទ្ធសាស្ត្រថ្មីនេះនឹងពង្រីកចំណេះចំណានខាងគោលលទ្ធិ និងធ្វើឲ្យមានការរៀនសូត្រកាន់តែខ្លាំងឡើងនៅក្នុងថ្នាក់រៀន និងនៅគេហដ្ឋាន នោះបងប្រុសវែបបានមានប្រសាសន៍ថា លើសពីនេះទៀត ខណៈដែលកម្មវិធីសិក្សាចាស់របស់ថ្នាក់សិក្ខាសាលាប្រើយុទ្ធសាស្ត្រតាមប្រធានបទ ឬរៀនព្រះគម្ពីរតាមលំដាប់លំដោយ នោះយុទ្ធសាស្ត្រថ្មីនេះនឹងបង្កើតការបញ្ចូលគ្នានៃការបង្រៀន និងការសិក្សាតាមប្រធានបទ និងតាមលំដាប់លំដោយនោះ ។
បងប្រុសវែបបានមានប្រសាសន៍ថា ការដាក់បញ្ចូលគ្នាតាមប្រធានបទ និងតាមលំដាប់លំដោយនេះនឹង « ជួយពួកគេឲ្យនៅតែចូលចិត្តព្រះគម្ពីរ ហើយតោងជាប់ទៅនឹងអ្វីដែលព្រះគម្ពីរបង្រៀន ប៉ុន្តែតាមរបៀបមួយដែលទាក់ទងទៅនឹងពួកគេ ហើយ…នោះគឺមានតម្លៃខ្លាំងបំផុតនៅគ្រានេះក្នុងជីវិតរបស់ពួកគេ » ។
អែលឌើរក្លាកបានបន្ថែមថា « យើងចង់ . . . ផ្តល់ឱកាសឲ្យសិស្សមុជចូលកាន់តែជ្រៅ ហើយពិតជាយល់គោលលទ្ធិនៃដំណឹងល្អ . . . យើងក៏ចង់ឲ្យពួកគេអាចមើលឃើញ អំណាចដែលកើតមកពីការដាក់បញ្ចូលនូវព្រះគម្ពីរផ្សេងៗជាមួយគ្នានេះផងដែរ ។ ដូច្នេះ ខណៈដែលយើងកំពុងសិក្សាព្រះគម្ពីរមរមន នោះយើងអាចទទួលបានការយល់ដឹងមកពីព្រះគម្ពីរសញ្ញាថ្មីផងដែរ » ។
អែលឌើរក្លាកបានពន្យល់ថា មានអំណាចនៅក្នុងការយល់ពីរបៀបដែលព្រះគម្ពីរលាយបញ្ចូលគ្នា និងគាំទ្រគ្នាទៅវិញទៅមក តាមរយៈគោលលទ្ធិនៃព្រះគ្រីស្ទ ហើយពេលសិស្សយល់ពីគោលការណ៍នៃដំណឹងល្អ នោះពួកគេអាចរស់នៅតាមអ្វីៗទាំងនោះ ។ លោកបានមានប្រសាសន៍ថា ហើយនៅពេលពួកគេរៀនដើម្បីរស់នៅតាមគោលលទ្ធិ និងគោលការណ៍ទាំងនោះដោយពិតប្រាកដ នោះពួកគេអាច « ក្លាយជាមនុស្សដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកគេប្រែក្លាយ » ។