ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការ​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​រៀន​អំពី​ទ្រង់


« មេរៀន​ទី ១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការ​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​រៀន​អំពី​ទ្រង់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

ព្រះអង្គ​សង្គ្រោះ​ញញឹម​ដាក់​ស្ត្រី​ម្នាក់​ក្នុង​ហ្វូង​មនុស្ស

មេរៀនទី ១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការ​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​រៀន​អំពី​ទ្រង់

សូម​ស្វាគមន៍​មកកាន់​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់ទ្រង់ ( សាសនា ២៥០ ) ។ គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មានប្រសាសន៍​អំពី​ព្រះអង្គសង្គ្រោះ​ថា « គ្មាន​នរណា​ផ្សេង​ទៀត​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ទៅលើអស់​ទាំង​មនុស្ស​ដែល​បាន​រស់នៅ ហើយ​នឹង​រស់នៅ​លើ​ផែនដី​នេះ​ឡើយ » ( « The Living Christ: The Testimony of the Apostles » ChurchofJesusChrist.org ) ។ វគ្គសិក្សា​នេះ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ដ៏​ពិសិដ្ឋ​ដើម្បី​រៀន​បន្ថែម​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ដូច្នេះ​អ្នក​អាច​បង្កើន​ឥទ្ធិពល​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​អ្នក ។

ឯកសារ​រៀបចំ​នៅក្នុង​វគ្គ​សិក្សា​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​អ្នក​ឲ្យ​ខិត​កាន់​តែជិត​ព្រះអង្គសង្គ្រោះ ដោយ​ការលើកកម្ពស់​ការសិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក និង​ការរៀបចំ​អ្នក​ឲ្យ​មាន​ការពិភាក្សា​ដែល​ស្អាង​គ្នា​ទៅវិញ​ទៅមក​ជាមួយ​គ្នា ។ វា​រួម​បញ្ចូល​បទគម្ពីរ​ដែល​ទាក់ទង​នឹង សេចក្តី​ថ្លែងការណ៍​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ​សាសនា​ចក្រ វីដេអូ​ដែលទាក់ទង និង​ការ​អញ្ជើញ​ឲ្យ​ពិចារណា និង​អនុវត្ត​អ្វី​ដែល​អ្នក​រៀន ។ មេរៀន​នីមួយៗ​មាន​ផ្នែក​ជម្រើស​មួយ​គឺ « ចង់​បាន​បន្ថែម​ទៀត​ទេ ? » ដែល​រួម​មាន​ធនធាន​បន្ថែម ដែល​អាច​ជួយ​អ្នក​រៀន​បន្ថែម និង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ផ្នែក​ទី ១

តើ​ការរៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​ខ្ញុំ​ដោយ​របៀបណា ?

សូម​ស្រមៃ​ថា​អ្នក​បាន​រស់​នៅ​ក្នុង​ប្រទេស​ប៉ាឡេស្ទីន ​អំឡុង​ពេល​នៃ​ការ​បម្រើ​របស់​ព្រះអម្ចាស់ ។ អ្នក​បាន​ឮ​រឿង​ដ៏អស្ចារ្យ​ជា​ច្រើន​អំពី​លោកគ្រូ​ម្នាក់​ឈ្មោះ​យេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត ហើយ​មាន​បំណង​ប្រាថ្នា​ចង់​ទៅ​ស្ដាប់​ទ្រង់​ដោយ​ផ្ទាល់ ។ ថ្ងៃ​ដែល​អ្នក​រកឃើញ​ទ្រង់ គឺ​ជា​ថ្ងៃ​ដែល​ព្រះយេស៊ូវ​កំពុង​បង្រៀន​មនុស្សមួយ​ក្រុម​ធំ ។ ទ្រង់​ប្រកាស​ពី​ភាព​ដ៏អស្ចារ្យ​របស់​យ៉ូហាន បាទីស្ទ ហើយ​ស្តីបន្ទោសបណ្តាជន​ចំពោះ​ការ​មិន​ជឿ​របស់​ពួកគេ ( សូម​មើល ម៉ាថាយ ១១:៧–២៤ ) ។ បន្ទាប់មក ទ្រង់​ប្រទាន​ការអញ្ជើញ​មួយ​ដែល​អាច​ផ្លាស់ប្តូរ​ជីវិត​បានយ៉ាងជាក់ ។

ព្រះយេស៊ូវ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​មើល ម៉ាថាយ ១១:២៨–៣០និង​សញ្ជឹង​គិត​ពី​របៀប​ដែល​ការទទួល​យក​ការអញ្ជើញ​នេះ​បាន​ផ្លាស់ប្ដូរ ឬ​អាច​នឹង​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក ។

ព្រះយេស៊ូវគ្រីស្ទ​បាន​បន្ត​ការអញ្ជើញ​ស្រដៀង​គ្នា​នេះ​នៅ​ជំនាន់​របស់​យើង ។ បន្ទាប់​ពី​បាន​ថ្លែង​ទីបន្ទាល់​អំពី​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន ដែល​ទ្រង់​បាន​ចំណាយ​ដើម្បី​ធួន​សម្រាប់​អំពើបាប​របស់​យើង ដើម្បី​យើង​អាច​ប្រែចិត្ត ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា « ចូរ​រៀន​អំពី​យើង ហើយ​ស្តាប់​តាម​ព្រះបន្ទូល​ទាំងឡាយ​របស់​យើង​ចុះ ចូរ​ដើរ​ក្នុង​ភាព​ស្លូតបូត​នៃ​ព្រះវិញ្ញាណ​របស់​យើង នោះ​អ្នក​នឹង​បាន​សេចក្ដី​សុខសាន្ត​ក្នុង​យើង » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:២៣ ) ។

ចូរ​មក​ឯខ្ញុំ ដោយ អេវ៉ា ធីម៉ូធី

យោង​តាម​ការអញ្ជើញ​នេះ អែលឌើរ គីម ប៊ី ក្លាក​នៃ​ពួក​ចិតសិប​នាក់​បាន​បង្រៀន ៖

អែលឌើរ គីម ប៊ី ក្លាក

ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី « រៀន​អំពី​យើង » មាន​អត្ថន័យ​ពីរ​ទាក់ទង​គ្នា​ដែល​ឆ្លើយ​តប​ក្នុង​របៀប​ដ៏​ល្អ​មួយ​ចំពោះមាគ៌ា​របស់​ព្រះអម្ចាស់ ដើម្បី​រៀនសូត្រ​ឲ្យបាន​ជ្រៅជ្រះ ។

អត្ថន័យ​ទីមួយ​នៃ « រៀន​អំពី​យើង » គឺ ៖ រៀន​ ស្គាល់ យើង ។

… ដើម្បី​ស្គាល់​ទ្រង់​គឺ​ត្រូវ​កើត​ពី​ទ្រង់​ខាង​វិញ្ញាណ មាន​បទពិសោធន៍​នៃ​ការ​ផ្លាស់ប្ដូរ​ដួងចិត្ត​ដ៏​ធំ និងការក្លាយ​ជា​បុត្រា​បុត្រី​របស់​ទ្រង់ ។ …

អត្ថន័យ​ទីពី​នៃ« រៀន​អំពី​យើង » គឺ ៖ រៀន ពី យើង ។

… នៅពេល​យើង​ជ្រមុជ​ខ្លួន​យើង​ទៅ​ក្នុង​បទគម្ពីរ នោះ​យើង​រៀន​មក​ពី​គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ។ … យើង​ត្រូវ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​បំពេញ​ចំណែក​របស់​យើង ប៉ុន្តែ​នៅពេល​យើង​ធ្វើ​ដូច្នោះ … ទ្រង់​សន្យា​ថា​នឹងតម្កើង​សមត្ថភាព​របស់​យើង​សម្រាប់​សកម្មភាព​សុចរិត ហើយ​ជួយ​យើង​ឲ្យក្លាយ​កាន់​តែ​ដូច​ទ្រង់ ។ ( « រៀន​អំពី​យើង » [ សុន្ទរកថា​ទៅកាន់​គ្រូបង្រៀន​សាសនា​ ស៊ី.អ៊ី.អេស. នៅ​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៨ ] ChurchofJesusChrist.org;ការ​សង្កត់​ន័យ​ត្រូវ​បាន​បន្ថែម )

វិធី​ដ៏​សំខាន់​មួយ​ដើម្បី​រៀន​អំពី​ព្រះអង្គសង្គ្រោះ​គឺសិក្សា និង​រស់នៅ​តាម​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ។ « ពាក្យ ដំណឹងល្អ មាន​ន័យ​ថា ‹ សេចក្ដី​ល្អ​ដែល​ត្រូវ​ដឹង › » ( Bible Dictionary « Gospels ») ។ ដូច្នេះ តើ​អ្វី​ទៅ​ជា​សេចក្ដី​ល្អ​ដែល​ត្រូវ​ដឹង​នៃ​ដំណឹង​ល្អ ?

នៅ​ជិត​ចុងបញ្ចប់​នៃ​ការបម្រើ​របស់​ទ្រង់ទៅ​កាន់ពួក​សាសន៍​លេមិន និង​សាសន៍​នីហ្វៃ នៅក្នុង​ដែនដី​បរិបូរណ៍ ព្រះអង្គសង្គ្រោះ​បាន​ពន្យល់​ដោយ​ពាក្យសាមញ្ញ និង​ច្បាស់លាស់​អំពី​អត្ថន័យ និង​គោលបំណង​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃទី ៣ ២៧:១៣–១៦, ២០–២១ ហើយ​រកមើល​មូលហេតុ​ដែល​ដំណឹង​ល្អ គឺជា​សេចក្ដី​ល្អ​ដែល​ត្រូវ​ដឹង ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ដំណឹងល្អ » គឺមានន័យថា សេចក្តីស្លាប់ និង​ស្ថាន​នរក​អាច​ត្រូវបាន​រួចផុត កំហុស និង​អំពើបាប​អាច​ត្រូវ​បាន​យកឈ្នះ មានក្តីសង្ឃឹម មានជំនួយ រាល់បញ្ហា​ត្រូវបាន​ដោះស្រាយ ហើយ​បច្ចាមិត្ត​ត្រូវ​ចុះចាញ់ ។ ដំណឹងល្អ​គឺថា ផ្នូរ​របស់​ មនុស្ស​គ្រប់​គ្នា អាច​នៅ​ទទេ​នៅ​ថ្ងៃ​មួយ ថាព្រលឹង​របស់ ​ មនុស្ស​គ្រប់​គ្នា អាច​បាន​បរិសុទ្ធ​ម្ដងទៀត ថាបុត្រ គ្រប់​រូប របស់​ព្រះ​អាច​ត្រឡប់​ទៅកាន់​ព្រះវរបិតា​ម្ដងទៀត ដែល​ទ្រង់​ជា​អ្នក​ប្រទាន​ជីវិត​ដល់​ពួកគេ ។ ( « Missionary Work and the Atonement » Ensign ខែ មិនា ឆ្នាំ ២០០១ ទំព័រ ៨–១០ )

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​គិត​អំពី​ការយល់​ដឹង និង​ទីបន្ទាល់​បច្ចុប្បន្ន​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ តើ​គោលដៅ​អ្វី​ខ្លះ​ដែល​អ្នក​ចង់​កំណត់​ដើម្បី​រៀន​បន្ថែម​អំពី​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់ ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្កើន​ឥទ្ធិពល​របស់​ទ្រង់​ក្នុង​ជីវិត​របស់​អ្នក ? សូម​ពិចារណា​សរសេរ​គោលដៅ​របស់​អ្នក​ចុះ ហើយ​ពិនិត្យ​មើល​វា​ឡើងវិញឲ្យ​បាន​ទៀងទាត់​នៅ​សប្តាហ៍​ខាង​មុខនេះ ។

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​បង្កើន​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​រៀន​អំពី​ព្រះអង្គសង្គ្រោះ និង​ដំណឹង​ល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់​ដោយ​របៀបណា ?

យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ពោរពេញទៅ​ចំណេះដឹង​ខាង​លោកិយ ។ ចំណេះដឹង​ខាង​លោកិយ​ផ្តោត​លើ​រឿងខាង​លោកិយ ដែល​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រឿងខាងសាសនា ឬរឿង​ខាង​វិញ្ញាណនោះ​ទេ ។ ឧទាហរណ៍ ការរៀន​បែប​វិទ្យាសាស្ត្រ​បង្កើត​ចំណេះដឹង​ខាង​លោកិយ ។ ចំណេះដឹង​នេះ​មាន​សារៈសំខាន់ ហើយ​បាន​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​បច្ចេកវិទ្យា ឱសថ កសិកម្ម ការដឹកជញ្ជូន និង​ទំនាក់ទំនង ។ រួម​ជាមួយ​នឹង​ការរៀន​សូត្រខាង​លោកិយ​នេះ គឺមាន​របៀប​ខាង​វិញ្ញាណ​ដ៏​ស៊ី​ជម្រៅ​ជាងនេះមួយ ដើម្បី​រៀន​សេចក្តីពិត ។

អែលឌើរ ប៉ុល វី ចនសុន​នៃ​ពួកចិត​សិបនាក់​បាន​បែងចែក​រវាង​ការរៀន​ខាង​វិញ្ញាណ និង​វិទ្យាសាស្រ្ត​តាម​វិធី​នេះ ៖

អែលឌើរ ប៉ុល វី ចនសុន

ការ​រៀន​សូត្រ​អំពីរឿង​ខាងវិញ្ញាណ … តម្រូវ​ឲ្យ​មាន​ការ​ចាប់ផ្ដើម​មួយ​ដែលខុស​គ្នា​ពី​ការ​រៀន​សូត្រ​អំពីរឿង​ផ្នែក​វិទ្យាសាស្ត្រ ។ វិធីសាស្ត្រ និង​ប្រាជ្ញា​ផ្នែក​វិទ្យាសាស្ត្រ​គឺ​មាន​ប្រយោជន៍​ណាស់ ប៉ុន្តែ​វា​តែ​ម៉្យាង​ពុំ​អាច​នាំ​មក​នូវ​ចំណេះដឹង​ខាង​វិញ្ញាណ​បាន​ឡើយ ។ ការ​រៀនសូត្រ​រឿង​ខាង​វិញ្ញាណ​តម្រូវឲ្យមាន​ប្រាជ្ញា ប៉ុន្តែ​វា​ពុំ​ទាន់​គ្រប់​គ្រាន់​ទេ ។ យើង​រៀន​សូត្រ​រឿង​ខាង​វិញ្ញាណ​តែ​តាម​រយៈ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ ។ ( « A Pattern for Learning Spiritual Things » [ ការចាក់ផ្សាយ​តាម​ប្រព័ន្ធ​ផ្កាយរណប​នៃ​ថ្នាក់សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​របស់​សាសនា នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២ ] ChurchofJesusChrist.org )

យុវមជ្ឈិមវ័យ​អាន​សៀវភៅ

ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ព្យាការី យ៉ូសែប ស៊្មីធ​អំពី​ការរៀនសូត្រ​ខាងវិញ្ញាណ​ថា ៖ « ហើយ​ដូច​ជា​មនុស្ស​ពុំមាន​សេចក្តី​ជំនឿ​ទាំងអស់​គ្នា នោះ​ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​ស្វែងរក ហើយ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក នូវ​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ មែន​ហើយ ចូរអ្នក​រាល់​គ្នា​ស្វែងរក​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​ចេញ​ពីសៀវភៅ​ដ៏​ល្អៗ​បំផុត ចូរស្វែងរក ការរៀនសូត្រ គឺ​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្តីជំនឿផង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ ) ។

យើង​ភាគច្រើន​ដឹង​ពី​របៀប​រៀន​ដោយសារ ការសិក្សា ។ ប៉ុន្តែ​តើ​យើង​រៀន​ដោយសារ សេចក្ដីជំនឿដោយ​របៀប​ណា ? ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ថា ៖

ប្រធាន រ័សុល អិម ណិលសុន

យើង​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​យើង​ព្យាយាម​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ « តែងតែ​ចងចាំ​ទ្រង់​ជានិច្ច » [ ម៉រូណៃ ៤:៣ ] ។ បន្ថែម​ពីលើនោះ សេចក្ដីជំនឿ​របស់​យើង​ចម្រើនឡើង​គ្រប់ពេល ដែល​យើង អនុវត្ត សេចក្ដីជំនឿ​របស់​យើង​ទៅ​លើ​ទ្រង់ ។ នោះ​គឺជា​អត្ថន័យ​នៃ​ការ​រៀនសូត្រ​ដោយសារ​សេចក្ដីជំនឿ ។

ឧទាហរណ៍ ៖ រាល់​ពេល​ដែល​យើង​មាន​ជំនឿ​ដើម្បី​គោរព​តាមក្រឹត្យ​វិន័យ​របស់​ទ្រង់ — ទោះ​ជា​ពេល​ដែល​គំនិត​លោកិយ​មិន​ឲ្យ​តម្លៃ​យើង — ឬ​រាល់​ពេល​ដែល​យើង​មិន​ព្រម​ធ្វើ​តាម​ការកម្សាន្ដ ឬ​ជំនឿ​ដែល​ធ្វើឡើង​ដើម្បី​បំបាក់​សេចក្ដីសញ្ញា នោះ​យើង​កំពុង អនុវត្ត សេចក្ដីជំនឿ​របស់​យើង ដែល​នឹង​នាំ​ឲ្យ ចម្រើន សេចក្ដី​ជំនឿ​របស់​យើង​ហើយ ។

បន្ថែម​ពីលើនេះ មានរឿង​មួយចំនួន​ដែល​ស្ថាបនា​សេចក្ដីជំនឿ​ច្រើនជាង​ការ​ជ្រមុជ​ខ្លួន​ទៅ​ក្នុង​ព្រះគម្ពីរមរមន​ជា​ទៀងទាត់ ។ គ្មាន​គម្ពីរ​ណា​ផ្សេងទៀត​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ព្រះចេស្ដា និង​ភាព​ច្បាស់លាស់​ដូច្នេះទេ ។ …

ប្រាកដ​ណាស់ សុវត្ថិភាព​ចុងក្រោយ​របស់​យើង​នឹងកើត​មាន នៅពេល​យើង​ទឹម​ខ្លួន​យើង​ទៅ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ! ជីវិត ដែលគ្មាន ព្រះ​គឺជា​ជីវិត​ដែល​មានពេញដោយ​ភាព​ភ័យខ្លាច ។ ជីវិត​ដែលមានព្រះ​គឺជា​ជីវិត​ដែល​មានពេញ​ដោយ​ភាព​សុខសាន្ដ ។ នេះ​គឺ​ដោយសារ​តែ​ពរជ័យ​ខាង​វិញ្ញាណ​កើតមានដល់​ជន​ស្មោះត្រង់ ។ ការទទួល​វិវរណៈ​ផ្ទាល់ខ្លួន គឺ​ជា​ពរជ័យ​ដ៏​ធំ​បំផុត​មួយ​នៃ​ពរជ័យ​ទាំងនោះ ។ ( « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៥ )

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​គិត​អំពី​មនុស្ស​នៅក្នុង​ព្រះគម្ពីរ ឬ​មនុស្ស​ដែល​អ្នក​ស្គាល់ ដែល​ជា​គំរូ​នៃគោលការណ៍​នៃ​ការរៀន​សូត្រ​ដោយ​សេចក្តីជំនឿ ។ សូម​រាយ​ឧទាហរណ៍​មួយ​ចំនួន ដើម្បីអ្នក​ត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុងការ​ចែក​ចាយ​នៅ​ក្នុងថ្នាក់ ។ អ្នក​ក៏​អាច​កត់ត្រា​នូវអ្វី​ដែល​អ្នក​បាន​រៀន​ដោយសារ​ការអនុវត្ត​សេចក្តី​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ​ផងដែរ ។