ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៤ ឯកសារ​គ្រូបង្រៀន ៖ ការស្វែងរកគោលបំណង និងសេចក្ដី​អំណរនៅក្នុង​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់


« មេរៀន​ទី ៤ ឯកសារ​គ្រូបង្រៀន ៖ ការស្វែងរកគោលបំណង និងសេចក្ដី​អំណរនៅក្នុង​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ៤ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ៤ ឯកសារ​គ្រូបង្រៀន

ការស្វែងរកគោលបំណង និងសេចក្ដី​អំណរនៅក្នុង​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់

« ក្រោម​ការ​ដឹកនាំ​របស់​ព្រះវរបិតា​ទ្រង់ [ ព្រះយេស៊ូវគ្រីស្ទ ]​គឺជា​ព្រះដ៏​បង្កបង្កើត​នៃ​ផែនដី » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ChurchofJesusChrist.org ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​បង្កើត​ផែនដី និង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ស្វែងរក​សេចក្តីអំណរ​កាន់​តែ​ខ្លាំង​នៅក្នុង​ការបង្ក​បង្កើត​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ទុកចិត្ត​លើ​ការរៀបចំ​របស់​សិស្ស​អ្នក ។ សូម​ពិចារណា​អំពី​របៀប ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សិក្សា​ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ។ បន្ទាប់មក សូម​បង្ហាញ​ជំនឿ​របស់​អ្នក​លើ​សិស្ស​របស់​អ្នក ដោយការ​គូរ​លើការ​រៀបចំ​របស់​ពួកគេ​អំឡុង​ពេល​រៀន​ក្នុង​ថ្នាក់ ។ ការធ្វើ​បែបនោះ​នឹង​បំផុស​គំនិត​សិស្ស​ឲ្យ​ទទួល​យក​ទំនួល​ខុសត្រូវ​កាន់តែ​ខ្លាំង សម្រាប់​ការរៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

ព្រះ​បាន​បង្កើត​ផែនដី ដើម្បី​នាំមក​នូវ​សេចក្តី​សង្រ្គោះ​របស់​យើង ។

ដើម្បី​ចាប់ផ្តើម​ថ្នាក់រៀន អ្នក​អាច​បង្ហាញ​រូបភាព​ដែល​ភ្ជាប់​មក​ជាមួយ ហើយ​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែក​រំលែក​នូវ គំនិត អារម្មណ៍ ឬ សំណួរ​ដែល​ពួកគេ​មាន ពេល​កំពុង​សម្លឹង​មើល​ដួងតារា​នាពេល​រាត្រី ។ ឬ​អ្នក​អាច​បង្ហាញ​រូបថត​ដែល​សិស្ស​បាន​យក​មក ឬ​ផ្ញើ​មក​អ្នក ។ សុំ​ឲ្យ​ពួកគេ​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​អ្វី ដែល​បំផុស​គំនិត​ពួកគេ​នៅក្នុង​រូបភាព​ទាំងនោះ ។

បុគ្គល​សម្លឹង​មើលទៅ​ដួង​តារា

សូម​រំឭក​សិស្ស​ថា ម៉ូសេ​មាន​ចក្ខុវិស័យ​ដ៏​អស្ចារ្យ​មួយ ដោយ​គាត់​បាន​ឃើញ​វិសាលភាព​ដ៏​ធំធេង​នៃ​ការបង្ក​បង្កើត​របស់​ព្រះ ។ ដើម្បី​ជួយសិស្ស​គិត​កាន់តែ​ស៊ីជម្រៅ​អំពី​ព្រះដ៏​បង្កបង្កើត និង​ការបង្ក​បង្កើត​របស់​ទ្រង់ សូម​អញ្ជើញ​ពួកគេ​ធ្វើ​ការ​ជាក្រុម​តូចៗ ហើយ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​សំណៅចែក​ដូចត​ទៅ ។

ម៉ូសេ​រៀន​សេចក្ដី​ពិត​ដ៏​សំខាន់ៗ​អំពី​ការបង្ក​បង្កើត

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ៤

សូម​អាន​សាច់រឿង​ដូច​តទៅ​នេះ ៖

  • ក្រិតឆិន ចូលចិត្ត​វិទ្យាសាស្ត្រ ។ ចេញពីការ​សិក្សា​របស់​នាង នាង​បាន​រៀន​ច្រើន​អំពី របៀប ដែល​ពិភព​ធម្មជាតិ​ដំណើរការ ប៉ុន្តែ​នាង​មិន​បាន​រក​ឃើញ​ចម្លើយ​ដែល​ពេញចិត្ត​ចំពោះ មូលហេតុ ដែល​ពិភព​លោក​កើតមាន​នោះទេ ។ នាង​មាន​សំណួរ​ជាច្រើន​អំពី​គោលបំណង​សម្រាប់​ផែនដី និង​ជីវិត​របស់​យើង ។

  • តើ​នរណា​ម្នាក់​អាច​ប្រឈមមុខ​នឹង​បញ្ហា​អ្វីខ្លះ ប្រសិនបើ​ពួកគេ​មិន​យល់​ពី មូលហេតុ ដែល​ផែនដី​ត្រូវ​បាន​បង្កើត​ឡើង ?

សូម​អាន​ជាមួយ​គ្នា​ក្នុង ម៉ូសាយ ១:២៧–៣៩ហើយ​រក​មើល​សេចក្ដីពិត​ដែល​អាច​បង្កើន​ទស្សនៈ​របស់​ក្រិតឆិន អំពីការបង្ក​បង្កើត ។ បន្ទាប់មក សុំ​ឲ្យ​សមាជិក​ក្រុម​នីមួយៗ​ជ្រើសរើស​ចំណុច​មួយ​ខាងក្រោម ហើយ​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​រៀបចំ​ចម្លើយ ។ បន្ទាប់មក ម្នាក់ៗ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹង​ក្រុម ។

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​លក្ខណៈ​របស់​ព្រះដ៏​បង្កបង្កើត ចេញពី​ការបង្ក​បង្កើត ? តើ​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ឥទ្ធិពល​យ៉ាងណា ដោយ​ដឹង​ថា​ទ្រង់​បាន​បង្កើត​វត្ថុសព្វ​សារពើ ?

  • តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​បែបណា ពេល​អ្នក​ពិចារណា​ថា « យើង​ជា​មូលហេតុ​ដែល [ ព្រះ ] បាន​បង្កើត​សកលលោក​នេះ » ? ( អ្នក​អាច​រំឭក​ឡើងវិញ​នូវ សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​សកម្មភាព​អ្វីខ្លះ​ដែល​អ្នក​បាន​ធ្វើ ឬ​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​ឈានដល់​សក្តានុពល​របស់​ពួកគេ ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ? ( អ្នក​អាច​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​កត់ត្រា​អ្វី ដែល​ពួកគេ​អាច​នឹង​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ សម្រាប់​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ) ។

  • តើ​ចំណេះដឹង​ប្រភេទ​ណា​ដែល​យើង​អាច​ទទួល​បាន​ពី​វិទ្យាសាស្ត្រ ? តើ​ចំណេះដឹង​ប្រភេទណា​ដែល​យើង​អាច​ទទួល​បាន​ពី​ព្រះគម្ពីរ ? ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ការ​ចំណេះដឹង​ទាំងពីរ​ទម្រង់ ? ( អ្នក​អាច​រំឭក​ឡើងវិញ​នូវ​សេចក្ដី​ថ្លែងការណ៍​របស់ ប្រធាន រ័សុល អិម ណិលសុន និង ប្រធាន ដាល្លិន អេក អូក នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។

ម៉ូសេ​រៀន​សេចក្ដី​ពិត​ដ៏​សំខាន់ៗ​អំពី​ការបង្ក​បង្កើត

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ៤

សំណៅ​ចែក​របស់​គ្រូបង្រៀន

កំណត់ចំណាំ អ្នក​អាច​ជ្រើសរើស​ឲ្យ​ក្រុម​តូចៗ​រាយការណ៍​ទៅ​ថ្នាក់ ។ ឬ​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា ការពិភាក្សា​ជាក្រុម​បាន​គ្របដណ្តាប់​ប្រធាន​បទ​គ្រប់គ្រាន់​ហើយ អ្នក​អាច​ជ្រើសរើស​បន្ត​ទៅផ្នែក​បន្ទាប់​នៃ​មេរៀន ។

អ្នក​អាច​បញ្ចប់​ផ្នែក​នេះ​ដោយ​សង្កត់ធ្ងន់ ឬ​ថ្លែង​ទីបន្ទាល់​ថា នៅ​ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​វត្ថុសព្វ​សារពើរ ។ អ្នក​អាច​ថ្លែង​ទីបន្ទាល់​ផងដែរ​ថា ការបង្កើត​ផែនដី​គឺជា​ផ្នែក​មួយ​ដ៏​ចាំបាច់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ដើម្បី​នាំ​មក​នូវ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​បុត្រាបុត្រី​ទ្រង់ ។

ព្រះ​ដាក់​អ្វីៗ​ទាំងអស់​នៅលើ​ផែនដី ដើម្បី​ជា​ប្រយោជន៍ និង​ភាពរីករាយ​របស់​យើង ។

អ្នក​អាច​ចាប់ផ្តើម​ផ្នែក​នេះ​នៃ​ការពិភាក្សា​ក្នុង​ថ្នាក់​ដោយសួរ ៖

  • តើ​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់​អ្វីខ្លះ ដែល​អ្នក​មាន​អារម្មណ៍​ថា​មានអំណរ​គុណ​បំផុត ? តើ​អ្នក​បាន​សម្តែង​ការដឹង​គុណ​របស់​អ្នក​ចំពោះ​ព្រះ សម្រាប់​ការបង្កើត​ទាំងនេះ​ដោយ​របៀប​ណា ?

បន្ទាប់មក អ្នក​អាច​រំឭក​សិស្សថា ព្រះ​បាន​សម្រាក​នៅ​ថ្ងៃទី​ប្រាំពីរ ហើយទ្រង់​បានឃើញថា « របស់​ទាំង​ប៉ុន្មាន​ដែល [ ទ្រង់ ] បាន​ធ្វើ … នោះ​សុទ្ធ​តែ​ល្អ » ( ម៉ូសេ ៣:២ ) ។ បន្ទាប់មក ទ្រង់ « បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី ៧ ហើយ​ញែក​ថ្ងៃ​នោះ​ទុក​ជា​ថ្ងៃ​បរិសុទ្ធ » ( ម៉ូសេ ៣:៣ ) ។ ហើយ​នៅ​សម័យ​ទំនើប​នេះ ព្រះអង្គសង្គ្រោះ​រំឭក​យើង​ថា នៅពេល​យើង​គោរព​ថ្ងៃ​ឈប់​សម្រាក « ផលបរិបូរ​នៃ​ផែនដី » នឹង​ក្លាយ​ជា​របស់​យើង ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩-១៦ ) ។

សូម​អាន​ជាមួយ​គ្នា​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩:១៦–២០ ហើយ​អញ្ជើញ​សិស្ស​រក​ពាក្យ ឬ ឃ្លា​ដែល​ពិពណ៌នា​ពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ឲ្យ​យើង​ដក​ពិសោធន៍​ការបង្ក​បង្កើត​របស់​ទ្រង់ ។ បន្ទាប់ពី​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ពាក្យ និង​ឃ្លា​ទាំង​នោះ​ហើយ ( ជា​ពិសេស​ពាក្យ​និង​ឃ្លា​នៅក្នុង ខទី ២០ ) វា​អាច​មាន​ប្រយោជន៍​ដើម្បី​បង្ហាញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់​គឺ​សម្រាប់​ជា​ប្រយោជន៍ និង​ភាព​រីករាយ​របស់​យើង ហើយ​មិន​ត្រូវ​ប្រើ​ខុស​ក្នុង​គោល​បំណង​ទុច្ចរិត​ឡើយ ។

ដើម្បី​ជួយ​សិស្ស​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​សេចក្តីពិត​នេះ អ្នក​អាច​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ក្នុង​ការ​ឆ្លៀត​ពេល​ទៀងទាត់​ដើម្បី​ស្វែងរក​សេចក្ដី​អំណរ​នៅក្នុង​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់ ? ( អ្នក​អាច​តាមដាន​ការអញ្ជើញ​ឲ្យ « ធ្វើ​សកម្មភាព » នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។ តើ​អ្វី​ដែល​អ្នក​អាច​ផ្លាស់​ប្តូរ​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក ដើម្បី​ធានា​ថា​អ្នក​មាន​ពេល​ទៀងទាត់​ដើម្បី​រីករាយ​នឹង​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់ ? ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​ឲ្យ​សិស្ស​មាន​ពេល​កត់ត្រា​គំនិត និងអារម្មណ៍​របស់​ពួកគេ ) ។

  • តើ​អ្នក​បាន​ទទួល​ប្រយោជន៍​ពី​របស់​ល្អ​ដែល​មក​ពី​ផែនដី​ដោយ​របៀប​ណា ? តើ​អ្នក​អាច​បង្ហាញ​ព្រះអម្ចាស់​បន្ថែម​ទៀត​នូវ​អំណរគុណ​របស់​អ្នក​ចំពោះ​របស់​ទាំងនោះ​ដោយ​របៀប​ណា ?

  • ហេតុអ្វី​បានជា​អ្នក​គិតថា​រូបកាយ​របស់​យើង​អាច​ត្រូវ​បាន​ហៅថា​ជា​ការបង្ក​បង្កើត​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ ? ( សូម​មើល សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។ តើ​វិធី​មួយ​ចំនួន​ណា​ខ្លះ​ដែល​យើង​អាច​គោរព​ភាពបរិសុទ្ធ​នៃ​រូបកាយ​របស់​យើង និង​របស់​មនុស្ស​ដទៃ ? តើអ្វី​ដែល​បាន​ជួយ​អ្នក​ឲ្យ​មាន​អំណរគុណ​កាន់​តែ​ខ្លាំង​សម្រាប់​រូប​កាយ​របស់​អ្នក ?

អ្នក​អាច​បង្ហាញ​សិស្ស​នូវ​វីដេអូ « Our Home » ( ១:៣៤ ) ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ក្លាយជា​អ្នកគ្រប់គ្រង​ផ្ទះ​របស់​យើង ដែល​ជា​ផែនដី​ឲ្យ​បាន​ប្រសើរ​ជាង​មុន ។

1:34

សូម​ផ្តល់​ពេល​ពីរបី​នាទី​នៅ​ចុងបញ្ចប់​នៃ​ថ្នាក់ ដើម្បី​ថ្លែង​ទីបន្ទាល់ និង​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះដ៏​បង្កបង្កើត​ចំពោះ​យើង​ម្នាក់ៗ ។

សម្រាប់​ពេល​ក្រោយ

សូម​ពិចារណា​ផ្ញើ​សារ​ដូច​ខាង​ក្រោម​ទៅ​សិស្ស​មុន​ថ្នាក់​បន្ទាប់ ៖ តើ​អ្នក​ចង់​មាន​អារម្មណ៍​ថា​មាន​ថាមពល និង​ការការពារ​បន្ថែម​ទៀត​ក្នុង​ជីវិត​របស់​អ្នក​ដែរ​ឬ​ទេ ? នៅពេល​អ្នក​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ៥សូម​រកមើល​ពរជ័យ​ដែល​បានសន្យា​ចំពោះ​អ្នក​ទាំងឡាយ​ណាដែល​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ​ដោយ​ស្មោះត្រង់​ជាមួយ​ព្រះអម្ចាស់ ។