ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការដាក់​ទី​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ដែលជា​ព្រះអង្គសង្គ្រោះ និង​អ្នកដឹកនាំ​របស់​យើង​មុន​ជីវិត​លើផែនដី


« មេរៀនទី ៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការដាក់​ទី​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ដែលជា​ព្រះអង្គសង្គ្រោះ និង​អ្នកដឹកនាំ​របស់​យើង​មុន​ជីវិត​លើផែនដី » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

ព្រះយេស៊ូវ​បង្រៀន​នៅក្នុង​ក្រុមប្រឹក្សា​ដ៏ធំ​មហិមា

មេរៀន​ទី ៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការ​ដាក់ទី​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ព្រះអង្គសង្គ្រោះ និង​អ្នកដឹកនាំ​របស់​យើង​មុនជីវិត​លើផែនដី

បទពិសោធន៍​របស់​អ្នក​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ​បាន​ចាប់​ផ្តើម​ជា​យូរ​មក​ហើយ មុន​ពេល​អ្នក​បាន​ចាប់​កំណើត​មក ទោះបី​ជា​អ្នក​មិន​ចាំ​ក៏​ដោយ ។ ទំនាក់ទំនង និង​ចំណេះដឹង​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​អាច​នាំមក​នូវ​គោល​បំណង និង​អត្ថន័យ​ដល់​ជីវិត​របស់​អ្នក​នៅលើ​ផែនដី​នេះ ។ ជំពូក​ទី ២ នឹង​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​តួនាទី​ដ៏​សំខាន់​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ក្រុម​ប្រឹក្សា​ដ៏​ធំ​មហិមា​នៅ​ស្ថានសួគ៌ នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា នៅក្នុង​ការបង្ក​បង្កើត និង​នៅក្នុង​ដំណើររឿង​ផ្សេងៗទៀត​ដែលបាន​ចែកចាយ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ នៅពេល​អ្នក​សិក្សា​ឯកសារ​មកពី​មេរៀន​នេះ សូម​គិត​អំពី​របៀប​ដែល​សេចក្ដី​ពិត​ទាំងនេះ​អាច​ស្ថាបនា​ទំនុក​ចិត្ត​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

ផ្នែក​ទី ១

តើ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​អាច​នាំមក​នូវ​គោលបំណង និង​សេចក្ដី​សុខសាន្ត​ដល់​ជីវិត​របស់ខ្ញុំ​យ៉ាងដូចម្ដេច ?

តើ​អ្នកធ្លាប់​វង្វេង​នៅក្នុង​ព្រៃ ក្រុម​មនុស្ស​ច្រើន ឬ ក្នុង​ទីក្រុង​ធំ​ដែរ​ឬទេ ? តើ​អ្នក​មាន​បទពិសោធន៍​យ៉ាង​ដូចម្ដេច ?

អ្នក​ឡើង​ភ្នំ​ដែល​វង្វេង​ផ្លូវ

គឺ​ដូច​ជា​រូប​អ្នក​ដែរ ប្រហែល​ជា​បាន​វង្វេង​ក្នុង​ព្រៃ ឬ​ក្នុង​ទីក្រុង​ធំ​មួយ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍ ឬ​ថ្ងៃ​មួយ​នឹង​មាន​អារម្មណ៍​ថា​បាត់បង់​អត្ថន័យ និង​គោលបំណង​នៃ​ជីវិត​របស់​អ្នក ។ នៅពេល​អ្នក​ពិចារណា​អំពី​អារម្មណ៍​ទាំងនេះ សូម​សញ្ជឹង​គិត​ពី​ពាក្យ​ខាងក្រោម​នេះ​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

អែលឌើរ រ៉ូបឺត ឌី ហែល

ខ្ញុំ​តែងតែ​គិត​ពី​ភាព​អស់​សង្ឃឹម​របស់​បុត្រាបុត្រី​របស់​ព្រះ​ដែល​វង្វេង​នៅក្នុង​ទីងងឹត និង​ពិភពលោក​ដ៏​លំបាក ដោយ​ពុំ​ដឹង​ថា​ខ្លួន​ពួកគេ​ជា​នរណា ថា​តើ​ពួកគេបាន​មក​ពី​ណា ​ហេតុអ្វី​បាន​ជា​ពួកគេ​មក​លើ​ផែនដី​នេះ ឬ តើ​ពួកគេ​នឹង​ទៅ​ទីណា​បន្ទាប់​ពី​ជីវិត​លើផែនដី​នេះ ។

យើង​មិន​ត្រូវ​ដើរ​វង្វេង​ឡើយ ។ ព្រះ​បាន​បើក​សម្តែង​សេចក្តី​ពិត​ដ៏អស់​កល្ប ដើម្បី​ឆ្លើយ​សំណួរ​ទាំងនេះ ។ …

… ផែនការ​នៃ​សេចក្តី​សង្គ្រោះ​គឺ​ជា​រតនៈសម្បត្តិ​មួយ​ដ៏​មហិមា​បំផុត​នៃ​ចំណេះ​ដឹង​ដែល​បាន​ប្រទាន​ដល់​មនុស្ស​លោក ដោយសារ​វា​ពន្យល់​ពី​គោលបំណង​ដ៏អស់​កល្ប​ជានិច្ច​នៃ​ជីវិត​នេះ ។ ( « The Plan of Salvation: A Sacred Treasure of Knowledge to Guide Us » Ensign ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ២៥–២៦ )

ព្រះវរបិតាសួគ៌​របស់​យើង​បានបង្ហាញ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់ទ្រង់នៅក្នុង​ក្រុមប្រឹក្សាដ៏​ធំ​មហិមា​នៅស្ថានសួគ៌ ។ នៅ​ទីនោះ យើង​បាន​រៀន​ថា ប្រសិនបើ​យើង​នឹង​ធ្វើ​តាម​ផែនការ​របស់​ទ្រង់ នោះ​យើង​អាច​បាន​ដូចជា​ទ្រង់ ត្រឡប់​ទៅកាន់​ទីវត្តមាន​របស់​ទ្រង់​វិញ ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​ជា « អំណោយ​ទាន​ដ៏​មហិមា​បំផុត នូវ​គ្រប់​អំណោយ​ទាន​ទាំងឡាយ​នៃ​ព្រះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៤:៧ ) ។

យើង​ក៏​បាន​រៀន​ផងដែរ​ថា ផែនការ​របស់​ព្រះវរបិតា​នឹង​ត្រូវការ​ព្រះអង្គសង្គ្រោះ​មួយអង្គ ដែល​នឹង​ធ្វើ​ឲ្យ​យើង​អាច​យក​ឈ្នះ​លើ​សេចក្ដីស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ។ ព្រះវរបិតាសួគ៌​បាន​ជ្រើសរើស​ព្រះយេស៊ូវ​ឲ្យ​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ​នោះ ( សូមមើល អ័ប្រាហាំ ៣:២៧ ) ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែងទី​បន្ទាល់ ៖

ប្រធាន ថូម៉ាស អេស ម៉នសុន

ផ្នែក​ដ៏​សំខាន់​នៃ​ផែនការ [ នៃ​សេចក្តី​សង្គ្រោះ ] គឺ​ព្រះអង្គសង្គ្រោះ​របស់​យើង​ដែល​ជា​ព្រះយេស៊ូវគ្រីស្ទ​ ។ បើ​គ្មាន​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​ទេ នោះ​មនុស្ស​ទាំងអស់​នឹង​ត្រូវ​វង្វេង ។ ( «The Perfect Path to Happiness» Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨០ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​ចំណេះដឹង​របស់​អ្នក​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​បាន​នាំមក​នូវ​អត្ថន័យ ឬ​គោលបំណង​ដល់​ជីវិត​របស់​អ្នក​ដោយរបៀបណា ? ប្រសិនបើ​អ្នក​មាន​អារម្មណ៍​មិន​ច្បាស់លាស់​អំពី​គោលបំណង​នៃ​ជីវិត​របស់អ្នក តើ​ការ​សិក្សា​ផែនការ​នៃ​សេចក្តី​សង្គ្រោះ និង​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ផែនការ​នេះ​អាចជួយ​អ្នក​ដោយ​របៀប​ណា ?

ផ្នែក​ទី ២

ហេតុអ្វី​បាន​ជា​យើង​ទទួល​យក​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ក្នុងជីវិត​មុន​ជីវិតលើ​ផែនដីនេះ ?

ព្រះគម្ពីរ​មុក្ដាដ៏​មាន​តម្លៃ​មហិមា​បាន​ផ្តល់នូវ​ដំណើររឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នៃ ការរៀន​សូត្រ​របស់​អ័ប្រាហាំ​អំពីភព និង ផ្កាយនានា ។ អ័ប្រាហាំ​បាន​ឃើញ​ថា តារា​ដែល​គ្រប់​គ្រង និង​ភ្លឺ​បំផុត​ត្រូវ​បាន​គេ​ហៅ​ថា កូឡុប ហើយ​នៅ​ជិត​វត្តមាន​របស់​ព្រះ​បំផុត ( សូមមើល អ័ប្រាហាំ ៣:២–១៧ ) ។

អ័ប្រាហាំ​ក៏​បាន​រៀន​ដែរ​ថា គឺ​ដូចជា​ផ្កាយ​ដែល​វា​មាន​ភាព​ខុសគ្នា នោះ​កូន​វិញ្ញាណ​របស់​ព្រះ ក៏​មាន​ភាពខុសគ្នា​ដូច​នោះ​ដែរ ។ វិញ្ញាណ​ខ្លះ « មាន​បញ្ញា » ជាង​វិញ្ញាណ​ខ្លះ​ទៀត រីឯ​ព្រះ​អម្ចាស់ « មាន​បញ្ញា​ជាង​ពួកគេ​ទាំង​អស់ » ( អ័ប្រាហាំ ៣:១៨–១៩ ) ។ ( កំណត់ចំណាំ បញ្ញា​នៅក្នង​វគ្គបទគម្ពីរ​នេះ​គឺ​សំដៅទៅ​លើ​ពន្លឺ និង​សេចក្ដី​ពិត​ដែលបុគ្គល​ម្នាក់​បាន​ទទួល [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២៨, ៣៦ ] ) ។

នៅក្នុង​បរិបទ​នេះ កូឡុប​តំណាង​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល អ័ប្រាហាំ ៣:៣, ១៦ ) តើ​នោះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ទ្រង់ ?

ការពិព៌ណនា​អំពី​កូឡុប
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន អ័ប្រាហាំ ៣:២២–២៤ ហើយ​រកមើល​អ្វី​ដែល​យើង​អាច​រៀន​អំពី​ទំនាក់​ទំនង​របស់​យើង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ជីវិត​មុន​ជីវិត​លើផែនដីនេះ ។ ( កំណត់​ចំណាំ បញ្ញាទាំងឡាយ នៅក្នុង​វគ្គបទគម្ពីរ​នេះ​សំដៅ​ទៅលើ​កូន​វិញ្ញាណ​នៃ​ព្រះវរបិតាសួគ៌ ) ។

ក្រុមប្រឹក្សា​ដ៏​ធំមហិមា

អ័ប្រាហាំ​បាន​រៀន​ថា ភាព​ជិត​ស្និទ្ធ​របស់​កូឡុប​ទៅ​នឹង​ព្រះ​បាន​ធ្វើ​ឲ្យ​វា​ក្លាយជា « [ ផ្កាយ ] ដ៏​អស្ចារ្យ​ជាងគេ​បំផុត … ពីព្រោះ​វា​នៅ​ជិត [ ទ្រង់ ] ជាង​គេ » ( អ័ប្រាហាំ ៣:១៦ ) ។ ​​​វា​គឺ​ដូច​គ្នា​ផង​ដែរ​ចំពោះ​យើង​ដែល​ជា​បុត្រាបុត្រី​របស់​ព្រះ ។ បញ្ញា ពន្លឺ និង​សិរីល្អ​របស់​យើង​នឹង​អាស្រ័យ​លើភាព​ជិតស្និទ្ធ​របស់​យើង​ចំពោះ​ព្រះដ៏បង្ក​បង្កើត គឺ​ព្រះយេស៊ូវគ្រីស្ទ ដែល « នៅ​យ៉ាង​ជិត​នឹង​បល្ល័ង្ក​នៃ​ព្រះជាងគេ » ហើយ​គឺ « ចាត់ … ឲ្យ​ត្រួតត្រា​លើ​អស់​ទាំង​តារា​ទាំងនោះ ដែល​នៅ​ក្នុង​លំដាប់​ដូចគ្នា » ( អ័ប្រាហាំ ៣:២, ៣ ) ។

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​ការ​ដឹង​ពី​ភាព​អស្ចារ្យ​មុន​ជីវិត​លើផែនដី​របស់​ព្រះយេស៊ូវគ្រីស្ទ​បំផុស​គំនិត​អ្នក​ឲ្យ​ដាក់ទី​ទុកចិត្ត​លើ​ទ្រង់ ហើយ​ចូល​ទៅ​ជិត​ទ្រង់​ជាងមុន​យ៉ាង​ដូច​ម្ដេច ?

ផ្នែក​ទី ៣

តើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ខ្ញុំ​យកឈ្នះ​លើ​ឥទ្ធិពល​អាក្រក់​ជុំវិញ​ខ្ញុំ​ដោយ​របៀបណា ?

ពេលខ្លះ អ្នក​អាច​នឹង​មាន​អារម្មណ៍​ក្តុកក្តួល​ដោយសារ​ការប្រឆាំង​របស់​សាតាំង នៅពេល​អ្នក​ខិតខំ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ចងចាំ​ថានេះ​មិនមែន​ជាលើក​ទីមួយ​ទេ​ដែល​អ្នក​បាន​ឃើញ ឬ​ជួប​ប្រទះ​នឹង​ឥទ្ធិពល​អាក្រក់​របស់​សាតាំង ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន ម៉ូសាយ ៤:១–៤ ហើយ​រកមើល​ភាពខុស​គ្នា​រវាង​សាតាំង និង​ព្រះអង្គសង្គ្រោះ ។

ការ​បះបោរ​របស់​សាតាំង​បាន​ចាប់​ផ្ដើម​នូវ​អ្វី​ដែល​បាន​ហៅ​នៅ​ក្នុង​សៀវភៅ​វិវរណៈថា ចម្បាំង​នៅលើ​មេឃ ( សូមមើល វិវរណៈ ១២:៧ ) ។ មានការ​ប្រយុទ្ធគ្នា​រវាង​អ្នក​ដែលឈរ​នៅ​ខាង​ព្រះវរបិតាសួគ៌​និង​ព្រះយេស៊ូវគ្រីស្ទ និង​អ្នក​ដែល​បាន​ប្រឆាំង​នឹង​ទ្រង់ ហើយ​បាន​ជ្រើស​រើស​ដើរ​តាម​សាតាំង ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន វិវរណៈ ១២:៧–១១ ហើយ​ពិចារណា​ពីការ​កត់​សម្គាល់​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ពី​របៀប​ដែល​អ្នក​យក​ឈ្នះ​លើ​សាតាំង និង​អ្នក​ដែល​ដើរ​តាម​វា​នៅក្នុង​ជីវិត​មុន​ជីវិត​លើផែនដីនេះ ។ (កំណត់​ចំណាំ អ័ដាម​ត្រូវ​បាន​ហៅ​ថា មីកែល​ក្នុង​ជីវិត​មុន​ជីវិត​លើផែនដី [ សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « មីកែល » ChurchofJesusChrist.org ] ) ។ តើ​អ្វី​ដែល​អ្នក​បាន​កត់​សម្គាល់ ឬ​បានគិត​ពេល​អ្នក​អាន អាច​អនុវត្ត​ចំពោះ​ការបន្ត​ប្រយុទ្ធ​របស់​អ្នក​ជាមួយ​សាតាំង​នៅលើ​ផែនដី​នេះ​យ៉ាង​ដូចម្ដេច ?

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មានប្រសាសន៍​អំពី​ជម្លោះ​នេះ​ថា ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

សង្គ្រាម​នោះ​ជូរចត់ ឃោរឃៅ និង​មិន​ចេះ​ចប់​ឡើយ ។ វាគឺជា​សង្រ្គាម​រវាង​សេចក្ដីពិត និង​កំហុសឆ្គង រវាង​សិទ្ធិសេរីភាព និង​ការបង្ខំ រវាង​អ្នកដើរតាម​ព្រះគ្រីស្ទ និង​អ្នកដែល​បាន​បដិសេធ​ទ្រង់ ។ …

…​ វា​កើតឡើងក្នុង​ជីវិត​យើង​ផ្ទាល់ កើតឡើង​គ្រប់ពេល នៅ​ផ្ទះរបស់​យើង នៅ​កន្លែង​ការងារ​របស់យើង នៅក្នុង​ការទំនាក់ទំនង​នៅ​សាលារៀន​របស់​យើង ។ … យើង​គ្រប់​គ្នា​គឺ​ពាក់ព័ន្ធ​ជាមួយ​សង្គ្រាម​នោះ—ទាំង​កូនក្មេង យុវវ័យ ឬ​មជ្ឈឹមវ័យ យើង​ម្នាក់ៗ ។ ( « An Unending Conflict, a Victory Assured » Ensign ខែ មិថុនា ឆ្នាំ ២០០៧ ទំព័រ ៦ និង ៩ )

បងប្រុស អាម៉េឌ អេស ខ័របីត នៃ​គណៈប្រធាន​យុវជន​ទូទៅ​បាន​ផ្ដល់​សារលិខិត​នៃ​សេចក្ដីសង្ឃឹម​ក្នុង​ការបន្ត​ប្រយុទ្ធ​ជាមួយ​សេចក្ដី​អាក្រក់ ៖

បងប្រុស អាម៉េឌ អេស ខ័របីត

សាតាំង​បានប្រើ​ល្បិចបោក​បញ្ឆោត​បុត្រាបុត្រី​ខាងវិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌​មួយភាគបី ដោយ​អនុញ្ញាត​ឲ្យ​វា​ឈ្នះ​លើ​ព្រះ ។ ប៉ុន្តែ​មិនមែន​បងប្អូន​ទេ ! សាវក​យ៉ូហាន​បាន​មើល​ឃើញថា បងប្អូន​ឈ្នះ​សាតាំង « ដោយ​សារ​សេចក្តី​បន្ទាល់ [ របស់​បងប្អូន ] » [ វិវរណៈ ១២:១១ ] ។ …

… ការ​ដឹងថា​បងប្អូន​ទាំងអស់​គ្នា​អាច​យកឈ្នះលើ​សាតាំង​តាមរយៈ​ទីបន្ទាល់​របស់​បងប្អូន​ពីមុន​មក នឹង​ជួយ​បងប្អូនឲ្យ​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​នៅ​ថ្ងៃនេះ និង​ជារៀង​រហូតទៅ—ដើម្បី​អញ្ជើញ​អ្នកដទៃ​ឲ្យមក​ហើយ​ឃើញ មក​ហើយ​ជួយ និង​មក​ហើយធ្វើ​ជាកម្មសិទ្ធិ កាល​សង្គ្រាម​ដដែល​នោះ ដែល​ច្បាំង​ដើម្បី​វាយយក​ព្រលឹង​នៃ​បុត្រា​បុត្រី​របស់​ព្រះ កើតឡើង​យ៉ាង​ក្ដៅ​គគុក ។ ( « You Can Gather Israel! » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៦១ )

រូបតំណាង ការធ្វើ​សកម្មភាព

ធ្វើសកម្មភាព

សូម​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​របៀប​ដែល​ការពង្រឹង​សេចក្តី​ជំនឿ​របស់អ្នក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​អាច​ជួយ​អ្នក​យកឈ្នះ​លើ​សាតាំង និង « ទប់ទល់ » រាល់​ការល្បួង​របស់​វា ( អាល់ម៉ា ៣៧:៣៣ ) ។ អ្នកក៏​អាច​ស្វែងរក​សកម្មភាព​ដែល​អ្នក​បានធ្វើ ( ឬអាចធ្វើ ) ដើម្បី​ជួយអ្នក​យក​ឈ្នះ​លើ​ឥទ្ធិពល​របស់​សាតាំង​នៅក្នុង​ជីវិត​របស់​អ្នក ។