ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៥ ឯកសារ​គ្រូបង្រៀន ៖ ការស្វែងរក​ការខិតខំ​ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ


« មេរៀនទី ២៥ ឯកសារ​គ្រូបង្រៀន ៖ ការស្វែងរក​ការខិតខំ​ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ » ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២៥ ឯកសារ​គ្រូបង្រៀន » ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀនទី ២៥ ឯកសារ​គ្រូបង្រៀន

ការខិតខំ​ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ

ការធ្វើជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ស្មោះត្រង់ គឺ​មានតម្លៃ​សម​នឹង​ការខិតខំ ពីព្រោះ « មាគ៌ា​របស់​ទ្រង់​គឺ​ជា​ផ្លូវ​ដែល​នាំ​ទៅ​រក​សុភមង្គល​ក្នុង​ជីវិត​នេះ និង​នៅក្នុង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅក្នុង​លោក​​ដែល​នឹង​មក​ដល់ » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ស្វែងយល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​តម្រូវ​ពី​ពួក​សិស្ស​របស់​ទ្រង់ ។ ពួកគេ​ក៏​នឹង​ពិចារណា​ផងដែរ​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ធ្វើ​ជាសិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​កាន់តែ​ប្តេជ្ញាចិត្ត និង​ស្មោះត្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់ ។

សូម​ពិចារណា​ពី​ការ​បង្ហាញ​រូបភាព​នៃ​ព្រះយេស៊ូវ​លាង​ជើង​ឲ្យ​ពួក​សាវករបស់​ទ្រង់ ហើយ​សួរ​ទៅ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ ប្រសិនបើ​ព្រះអង្គសង្គ្រោះ​លាង​ជើង​ពួកគេ​នោះ ។

ព្រះយេស៊ូវ​លាងជើង​របស់​ពេត្រុស

អ្នក​អាច​ដាក់​បង្ហាញ​សំណួរ​ខាងក្រោម​នេះ ហើយ​ស្នើសុំ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​សំណួរ​ទាំងនេះ​មួយ​សន្ទុះ ៖

  • តើ​ខ្ញុំ​អាច​រៀន​អ្វីខ្លះ​អំពី​គុណលក្ខណៈ​នៃ​ព្រះអង្គសង្រ្គោះ​ចេញពី​សកម្មភាព​របស់​ទ្រង់​ចំពោះ​ពួកសិស្ស​ទ្រង់ ? តើ​ខ្ញុំ​អាច​ធ្វើតាម​គុណសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ​ទាំងនេះ​ដោយ​របៀប​ណា ?

សូម​ពន្យល់​ថា ប្រភេទ​សំណួរ​ទាំងនេះ​គឺជា​សំណួរ​ដែល​យើង​អាច​សួរ​ខ្លួន​យើង កាល​ដែល​យើង​ខិតខំ​ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​ប្រសើរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សិស្ស​របស់​ព្រះគ្រីស្ទ​គឺជា​នរណា​ម្នាក់​ដែល​ធ្វើតាម​ព្រះ​អង្គសង្រ្គោះ និង​រស់នៅ​ស្របតាម​ការបង្រៀន​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤១:៥ ) ។ បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​លាង​ជើង​ឲ្យពួក​សាវក​របស់​ទ្រង់ ទ្រង់​បាន​បង្រៀន​ពួកគេ​បន្ថែម​ទៀត​អំពី​ភាព​ជា​សិស្ស ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល យ៉ូហាន ១៣:១៤–១៧, ៣៤–៣៥; ១៤:១៥- ហើយ​បំពេញ​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម ៖ សិស្ស​របស់​ព្រះគ្រីស្ទ …

សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ដែល​បាន​បំពេញ​រួច​របស់​ពួកគេ ដែល​អាច​រួម​បញ្ចូល​ឃ្លា​ដូច​ជា « បម្រើ​អ្នក​ដទៃ » « ស្រឡាញ់​អ្នក​ដទៃ » និង « រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ » ។ កាល​សិស្ស​ឆ្លើយតប អ្នក​អាច​សួរ​សំណួរ​តាមដាន ដូចជា ៖

  • តើ​នរណា​មក​ពី​បទគម្ពីរ ឬ​ជីវិត​របស់​អ្នក​ផ្ទាល់​ដែលធ្វើ​ជា​គំរូ​នៃ​ភាព​ជាសិស្ស​ប្រភេទ​នេះ ? តើ​គំរូ​របស់​គាត់ ឬ​នាង​បាន​ជះ​ឥទ្ធិពល​លើ​អ្នក​ដោយ​របៀប​ណា ?

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ធ្វើ​ស្វ័យ​វាយតម្លៃ ។ ស្វ័យ​វាយតម្លៃ​អាច​ជា​ឧបករណ៍​ដ៏​មាន​ប្រយោជន៍​សម្រាប់​ការលូតលាស់​ផ្ទាល់ខ្លួន ។ ទោះជាយ៉ាង​ណាក៏ដោយ ក្នុង​ករណីខ្លះ វា​អាច​នាំ​ឲ្យ​សិស្ស​មាន​អារម្មណ៍​ខុសឆ្គង ឬ​បាក់ទឹកចិត្ត ។ សូម​រំឭក​សិស្ស​កាល​ពួកគេ​បំពេញ​តាម​ស្វ័យ​វាយតម្លៃ ដូច​ខាងក្រោម ឲ្យ​មាន​ចិត្ត​អំណត់ និង​សប្បុរស​ចំពោះ​ខ្លួន​ពួកគេ ។ ព្រះអម្ចាស់ បាន​មាន​ព្រះបន្ទូល​ថា « យើង​នឹង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ភាព​កម្សោយ​របស់​អ្នក › ( គោលលិទ្ធិ និង​សេចក្តីសញ្ញា ៣៨:១៤ ) ។

អ្នក​អាច​បង្ហាញ ឬ​ផ្ដល់​ច្បាប់ចម្លង​ស្វ័យ​វាយតម្លៃ​ដូច​ខាងក្រោម​នេះ​ទៅ​ឲ្យ​សិស្ស ។

ស្វ័យ​វាយតម្លៃ​ភាព​ជាសិស្ស

ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២៥

សូម​ពិចារណា​សេចក្តី​ថ្លែងការណ៍​នីមួយៗ ហើយ​ដាក់​ពិន្ទុ​ខ្លួន​ឯង​ដោយ​ប្រើ​មាត្រដ្ឋាន​ខាងក្រោម ៖ ១ = មិន​យល់​ស្រប​សោះ​ឡើយ ២ = មិន​សូវ​យល់ស្រប ៣ = អព្យាក្រឹត ៤ = យល់​ស្រប​ខ្លះៗ និង ៥ = យល់ស្រប​យ៉ាងខ្លាំង ។

  1. ខ្ញុំ​ព្យាយាម​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ស្មោះស្ម័គ្រ ។

  2. ខ្ញុំ​ព្យាយាម​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះអង្គ​សង្រ្គោះ​រាល់​ថ្ងៃ ។

  3. ខ្ញុំ​ព្យាយាម​ស្រឡាញ់ និង​បម្រើ​មនុស្ស​នៅជុំ​វិញ​ខ្ញុំ ដូចជា​ព្រះគ្រីស្ទ​នឹង​ធ្វើ ។

  4. ខ្ញុំ​ព្យាយាម​លះបង់​ចោល​បំណងប្រាថ្នា​ខាងលោកិយ​ដើម្បី​ធ្វើ​តាម​ព្រះអង្គសង្រ្គោះ ។

ស្វ័យ​វាយតម្លៃ​ភាព​ជាសិស្ស

ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២៥

សំណៅចែក​អំពី​ស្វ័យ​វាយតម្លៃ​លើ​ភាពជា​សិស្ស

បន្ទាប់ពី​សិស្ស​មាន​ពេល​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចំណាយ​ពេល​ប៉ុន្មាន​នាទី​ដើម្បី​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​រៀន​ពី​ស្វ័យ​វាយតម្លៃ​នេះ ។

សូម​ចែកចាយ​ជាមួយ​សិស្ស​ថា ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​អ្នកគ្រប់គ្រង​ស្ដុកស្ដម្ភ​កំលោះ​ម្នាក់​ឲ្យ​ធ្វើ​ស្វ័យ​វាយតម្លៃ​ខ្លួន​របស់​គាត់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សង្ខេប​ដំណើររឿង​អ្នក​កំលោះ​រូប​នេះ ( សូមមើល ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) ឬ អ្នក​អាច​មើល « Christ and the Rich Young Ruler » ( ២:២៦ ) ។

2:26
  • តើ​សារៈសំខាន់​នៃ​សំណួរ​នេះ « តើ​នៅ​ខ្វះ​អ្វី​ទៀត » គឺជា​អ្វី ? ( ម៉ាថាយ ១៩:២០ ) ។ ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ទាំងអស់​ឲ្យ​សួរ​សំណួរ​នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ាកុស ១០:២១ ដោយ​រកមើល​ពី​របៀប​ដែល​ម៉ាកុស​បាន​ពិពណ៌នា​ពី​អារម្មណ៍​របស់​ព្រះអង្គ​សង្រ្គោះ​អំពី​អ្នកគ្រប់គ្រង​ស្ដុកស្ដម្ភ​​កំលោះនោះ ។

  • តើ​ការ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្រ្គោះ​ជួយ​អ្នក​នៅពេល​អ្នក​ស្វែងរក​អ្វីមួយ​ដែល​អ្នក​ត្រូវការ​ផ្លាស់ប្តូរ​ដោយ​របៀប​ណា ?

  • តើ​វា​មាន​ន័យ​យ៉ាងណា ដែល​ថា « ឲ្យ​ផ្ទុក​ឈើ​ឆ្កាង​[ របស់​អ្នក ] » និង​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ចុះ ? ( អ្នក​អាច​មើល ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៥–២៦ [ នៅក្នុង​បទ​ជម្រើស​នានា​ចេញ​ពី​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប​ដោយ​យ៉ូសែប ស៊្មីធ ] និង សេចក្តី​ថ្លែងការណ៍​ដោយ​អែលឌើរ អូលីសេស សូរ៉េស មកពីផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) ។

បន្ទាប់មក អ្នក​អាច​ឲ្យ​សិស្ស​រំឭក​ឡើងវិញ សេចក្តីថ្លែងការណ៍​ដោយ អែលឌើរ លែរី អរ ឡ័ររ៉ែន នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ។ បន្ទាប់មក​សូម​ដាក់​បង្ហាញ​សំណួរ​ខាងក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​គំនិត​របស់​ពួកគេ​អំពី​សំណួរ​នេះ ដែល​ពួកគេ​បាន​រកឃើញ​ថា​វាទាក់ទង​បំផុត​នោះ ។

  • តើ​អ្វី​ដែល​រារាំង​អ្នក​មិន​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ?

  • តើ​អ្នក​អាច​បង្ហាញ​ព្រះអម្ចាស់​ពី​បំណងប្រាថ្នា​របស់​អ្នក​ដើម្បី​ផ្ទុក​ឈើឆ្កាង ហើយ​ធ្វើតាម​ទ្រង់ដោយ​របៀបណា ?

  • តើ​មាន​អ្វី​ផ្សេងទៀត​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​ត្រូវ​ពលិកម្ម​នៅ​ពេលនេះ​ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ឲ្យ​កាន់តែ​ប្រសើរ​ដែរ​ឬ​ទេ ?

ព្រះអម្ចាស់​ពង្រឹង​ពួក​សិស្ស​របស់​ទ្រង់ ។

អ្នក​អាច​បង្ហាញ​សេចក្តី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ពរជ័យទាំងឡាយ​ដែល​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ស្ម័គ្រចិត្ត​ខិតខំ​ធ្វើ​ជា​សិស្ស​នេះ ៖

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

មនុស្ស​ជា​ច្រើន​គិត​ថា​តម្លៃ​នៃ​ភាព​ជា​សិស្ស​គឺ​មាន​តម្លៃ​ថ្លៃ​យ៉ាងខ្លាំង និង​ជា​បន្ទុក​ដ៏​ធ្ងន់ ។ សម្រាប់​មនុស្ស​មួយចំនួន វា​ទាក់ទង​នឹង​ការលះបង់​ជាច្រើន ។ ប៉ុន្តែ​ឈើ​ឆ្កាង​មិន​ធ្ងន់​ដូច​ជា​សភាព​ខាងក្រៅនោះ​ទេ ។ តាម​រយៈ​ការគោរព​ប្រតិបត្តិ យើង​ទទួល​បាន​កម្លាំង​កាន់​តែ​ខ្លាំង​ដើម្បី​លើក​ផ្ទុក​ឈើឆ្កាង​នេះ ។

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ។

ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព​នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សម្រាក​ដល់​ព្រលឹង ។

ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ( ម៉ាថាយ ១១: ២៨–៣០ ) ។ ( ជេមស៍ អ៊ី ហ្វោស្ដ៍ « Discipleship » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ២២ )

អ្នក​អាច​ស្នើសុំ​ឲ្យ​សិស្ស​ធ្វើការ​ជាមួយ​ដៃគូ ឬ​ជាក្រុម​តូចៗ ហើយ​ឲ្យ​ពួកគេ​ពិនិត្យ​មើល​ឡើងវិញ រ៉ូម ៨:១៦–១៨, ២៨, ៣៥, ៣៨–៣៩ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​សេចក្តីពិត​ដែល​អាច​ជួយ​ពួកគេ កាល​ដែល​ពួកគេ​ប្រឈម​នឹង​ឧបសគ្គ​ទាំងឡាយ​នៃ​ភាព​ជា​សិស្ស​នេះ ។ ( សិស្ស​អាច​នឹង​រកឃើញ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ប្រសិនបើ​យើង​ជា​ពួក​សិស្ស​ដែល​មាន​ចិត្ត​ស្មោះត្រង់ នោះ​យើង​អាច​ក្លាយ​ជា​អ្នក​ទទួល​មរតក និង​បានរុងរឿង ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​យើង​ស្រឡាញ់​ព្រះ នោះ​អ្វីៗ​ទាំងអស់​នឹង​ដំណើរការ​ទៅ​ជាមួយ​គ្នា សម្រាប់​ការល្អ​របស់​យើង ) ។

កាល​សិស្ស​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​បាន​រកឃើញ សូម​ពិចារណា​សួរ​សំណួរ​ដូច​តទៅ​នេះ ៖

  • តើ​ការជឿ​ថា​យើង​អាច​ក្លាយ​ជា​អ្នក​ទទួល​មរតក​រួម​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ឲ្យ​បន្ត​ធ្វើ​ជា​សិស្ស​ដែល​ស្មោះ​ត្រង់​ដោយ​របៀប​ណា ? ( អ្នក​អាច​រំឭក នីហ្វៃទី ២ ៩:១៨ ។ វា​អាច​ជា​ការ​សំខាន់​ក្នុង​ការចង្អុល​បង្ហាញ​ថា អ្នក​ទទួល​មរតក​រួមគ្នា​ទទួល​បាន​មរតក​ស្មើៗ​គ្នា​ជាមួយ​អ្នក​ផ្សេង​ទៀត​ដែរ [ សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦:៥០, ៥៥–៥៩; ៨៤:៣៨ ] ) ។

  • តើ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក​បាន​ជួយ​ដល់​អ្នក​យ៉ាង​ដូចម្ដេច នៅពេល​ផ្លូវ​នៃ​ភាព​ជាសិស្ស​មាន​ការ​លំបាក ?

ដើម្បី​បញ្ចប់​ថ្នាក់ អ្នក​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​នៃ​ភាព​ជាសិស្ស​ដែល​អ្នក​បាន​ពិភាក្សា​ជា​ថ្នាក់ ។ ឬ​អ្នក​អាច​មើល « Living the Gospel Joyful » ( ១:៤០ ) ជាមួយ​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​នៅ​ក្នុង​គណៈប្រធាន​ទីមួយ​នាពេល​នោះ ។

1:40

សម្រាប់​ពេល​ក្រោយ

ដើម្បី​លើកទឹកចិត្ត​សិស្ស​ឲ្យ​អាន​ឯកសារ​រៀបចំ​នេះ​សម្រាប់​ថ្នាក់បន្ទាប់ សូម​ពិចារណា​ផ្ញើសារ​ខ្លីៗ​ទៅ​ពួកគេ​អំពី​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ដូចខាងក្រោម ៖ ដើម្បី​បង្កើន​ការសិក្សា​របស់​អ្នក​ពី ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ២៦ អ្នក​អាច​មើល « Christlike Attributes » ( ២:៥៣ ) ។

2:54